« គន្លឹះទាំងបួនរបស់នីហ្វៃដើម្បីយល់ពីគម្ពីរអេសាយ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ចូរមកតាមខ្ញុំ
អេសាយ
គន្លឹះទាំងបួន របស់នីហ្វៃ ដើម្បីយល់ពី គម្ពីរអេសាយ
តើអានគម្ពីរអេសាយមិនយល់មែនទេ ? នីហ្វៃនៅទីនេះដើម្បីជួយ !
វាច្បាស់ណាស់ថា ការសរសេររបស់ព្យាការីអេសាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺមានសារៈសំខាន់ ដោយសារការសរសេរទាំងនោះត្រូវបានដកស្រង់ឡើងជាញឹកញាប់ណាស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរមរមនផងដែរ ។ ព្រះអង្គសង្គ្រោះផ្ទាល់បានមានព្រះបន្ទូលថា « ពាក្យពេចន៍របស់អេសាយជាពាក្យដ៏មហិមា » ( នីហ្វៃទី៣ ២៣:១ ) ។
ទោះយ៉ាងណាក៏ដោយ ហេតុអ្វីវាចាំបាច់ពិបាកយល់យ៉ាងនេះ ?
សូមកុំបាក់ទឹកចិត្តឡើយ ! នីហ្វៃបានដឹងពីបញ្ហារបស់យើង ។ លោកបានទទួលស្គាល់ថា « លោកអេសាយបាននិយាយពីការណ៍ជាច្រើនដែលពិបាក … យល់បាន » ( នីហ្វៃទី២ ២៥:១ ) ។ យើងមានអំណរគុណណាស់ ដែលនីហ្វៃបានផ្ដល់ឲ្យយើងនូវគន្លឹះទាំងបួននេះ ដែលអាចជួយយើងឲ្យយល់ពីអត្ថន័យនៃពាក្យសម្ដីរបស់លោកអេសាយបាន ។
គន្លឹះទីមួយ ៖ រស់នៅក្នុងថ្ងៃចុងក្រោយ
នីហ្វៃបានសរសេរថា អស់អ្នកដែលរស់នៅក្នុង « ថ្ងៃចុងក្រោយបង្អស់ » នឹងអាច « យល់ » ពាក្យសម្ដីរបស់អេសាយបាន ( នីហ្វៃទី២ ២៥:៨ ) ។ ប្រហែលនោះមកពីប្រជាជននៅក្នុងថ្ងៃចុងក្រោយនឹងមានទស្សនវិស័យមួយ ដែលប្រជាជននៅក្នុងជំនាន់អេសាយមិនមាន ។ ប្រជាជនជំនាន់មុនប្រហែលជាមិនយល់ពីរបៀបដែលមនុស្សអាច « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់ » នោះទេ ( អេសាយ ៥:២០ ) ប៉ុន្ដែយើងឃើញរឿងនេះកើតឡើងនៅជុំវិញខ្លួនយើងនាសព្វថ្ងៃនេះ ។
ប្រជាជនជំនាន់មុនប្រហែលជាមិនយល់ផងដែរពីអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល នៅពេលទ្រង់មានបន្ទូលថា « យើងនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការណ៍អស្ចារ្យ ហើយចម្លែក » ( អេសាយ ២៩:១៤ ) ។
ព្យាការីសម័យទំនើបបានប្រាប់យើងបែបនេះថា « ការណ៍អស្ចារ្យ ហើយចម្លែក » សំដៅលើការលេចចេញមកនៃព្រះគម្ពីរមរមន និងការស្ដារឡើងវិញជាបន្តបន្ទាប់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប្អូនៗមានពរជ័យដើម្បីរស់នៅក្នុងជំនាន់មួយ នៅពេលដែលប្អូនៗអាចធ្វើជាសាក្សីនៃការបំពេញពាក្យព្យាករជាច្រើនរបស់ព្យាការីអេសាយ ។
គន្លឹះទីពីរ ៖ មានវិញ្ញាណនៃការព្យាករ
នីហ្វៃបាននិយាយថា ពាក្យសម្ដីរបស់លោកអេសាយអាច « ច្បាស់ដល់អ្នកណាដែលពោរពេញទៅដោយវិញ្ញាណនៃការព្យាករ » ( នីហ្វៃទី២ ២៥:៤ ) ។ នោះប្រហែលជាស្តាប់ទៅគួរឲ្យខ្លាចនៅពេលដំបូង ប៉ុន្តែនេះមិនមែនមានន័យថា មានតែពួកព្យាការីដែលអាចយល់ពីពាក្យសម្ដីអេសាយបាននោះទេ ។ ហើយព្រះគម្ពីរបង្រៀនថា « ការធ្វើបន្ទាល់ពីព្រះយេស៊ូវ នោះហើយជាវិញ្ញាណនៃសេចក្ដីទំនាយ » ( វិវរណៈ ១៩:១០ ) ។ ឬនិយាយម៉្យាងទៀតថា ប្រសិនបើប្អូនៗជឿលើព្រះយេស៊ូវគ្រីស្ទ នោះប្អូនៗបានចាប់ផ្ដើមធ្វើនូវអ្វីដែលជួយប្អូនៗឲ្យយល់ពីអេសាយរួចទៅហើយ !
ការសរសេររបស់អេសាយធ្វើទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូម្បីតែឈ្មោះរបស់លោក ក៏ថ្លែងទីបន្ទាល់ពីព្រះអង្គសង្រ្គោះផងដែរ ! ឈ្មោះរបស់អេសាយមានន័យថា « ព្រះអម្ចាស់គឺជាសេចក្ដីសង្គ្រោះ » ឬ « ព្រះយេស៊ូវជួយសង្គ្រោះ » ។
គន្លឹះទីបី ៖ យល់ពីកំណាព្យ និងនិមិត្តសញ្ញា
នីហ្វៃបានពន្យល់ថា ពាក្យសម្ដីរបស់អេសាយពិបាកសម្រាប់អស់អ្នកដែលមិនដឹងពី « របៀបព្យាករនៅក្នុងចំណោមពួកសាសន៍យូដា » ( នីហ្វៃទី២ ២៥:១ ) ។ ពាក្យសម្ដីរបស់អេសាយងាយស្រួលយល់ជាង នៅពេលយើងស្វែងយល់បន្ថែមទៀតពីទំនៀមទម្លាប់នៃការសរសេររបស់ប្រទេសប៉ែកខាងកើតនៅជំនាន់របស់អេសាយ ដូចជាកំណាព្យ និងនិមិត្តសញ្ញាជាដើម ។ ជាញឹកញាប់ លោកអេសាយបានប្រើនិមិត្តសញ្ញាផ្សេងគ្នាជាច្រើននៅក្នុងការសរសេររបស់លោក ។
ជាឧទាហរណ៍ អេសាយបានសរសេរអំពីអស់អ្នកដែល « ខ្ពស់ ហើយតម្កើងឡើង » ប្រៀបប្រដូចទៅនឹង « ដើមតាត្រៅ នៅភ្នំល្បាណូន » និង « ដើមម៉ៃសាក់ នៅស្រុកបាសាន [ សាសន៍ស៊ីរី ] » ( នីហ្វៃទី២ ១២:១៣ ) ។ ដើមតាត្រៅ និងដើមម៉ៃសាក់គឺជាឈើខ្លឹម ។ អេសាយបានប្រើកំណាព្យដើម្បីនិយាយថា មនុស្សឆ្មើងឆ្មៃ និងមានឫកខ្ពស់ ប្រៀបដូចជាដើមឈើខ្ពស់ៗ ដោយសារពួកគេបានពង្រឹងចិត្តរបស់គេ ហើយគិតថាខ្លួនគេប្រសើរជាងអ្នកដទៃទៀត ។ ការអានគម្ពីរអេសាយដូចជាកំណាព្យ អាចជួយប្អូនៗឲ្យយល់ពីអ្វីដែលលោកបានបង្រៀនកាន់តែច្បាស់ឡើង ។
គន្លឹះទីបួន ៖ ដឹងពីភូមិសាស្ត្រ
អេសាយដាក់ឈ្មោះ ១០៨ កន្លែងផ្សេងៗគ្នានៅក្នុងការសរសេររបស់លោក ។ រឿងនេះអាចធ្វើឲ្យមានការច្របូកច្របល់ដើម្បីតាមដាន ជាពិសេសបើប្អូនៗមិនដែលរស់នៅទីនោះផងនោះ ! គន្លឹះទីបួនរបស់នីហ្វៃគឺដឹងពី « ភូមិភាគជុំវិញ » ក្រុងយេរូសាឡិម ( នីហ្វៃទី២ ២៥:៦ ) ។
ក្រុងយេរូសាឡិមស្ថិតនៅកន្លែងដដែលជានិច្ចតាំងពីដើមមក ប៉ុន្តែពីបុរាណ វានៅចំកណ្ដាលរវាងប្រទេសមហាអំណាចបី ។ នៅទិសខាងកើតគឺបាប៊ីឡូន ជាមជ្ឈមណ្ឌលសិល្បៈ និងម៉ូដសម្លៀកបំពាក់ ។ នៅទិសខាងត្បូងគឺអាសស៊ើរ ជាប្រទេសដែលមានអំណាចយោធានៅក្នុងជំនាន់របស់អេសាយ ។ នៅទិសនិរតីគឺអេហ្ស៊ីប ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ។ គ្រាន់តែដឹងពីរឿងនេះច្រើន នោះវាអាចជួយយើងឲ្យតាមដានពីអ្នកដែលគំរាមវាយប្រហារលើសាសន៍អ៊ីស្រាអែល និងចាប់ពួកគេធ្វើជាទាសករបាន ។ ជានិមិត្តរូប បាប៊ីឡូនតំណាងឲ្យខាងលោកិយ អាសស៊ើរតំណាងឲ្យអំនួត ហើយអេហ្ស៊ីបតំណាងឲ្យទ្រព្យសម្បត្តិ ។
ពាក្យសម្ដីរបស់អេសាយគឺសម្រាប់ប្អូនៗ
អេសាយបានបង្រៀននូវរឿងជាច្រើន ដែលមានសារៈសំខាន់សម្រាប់យើងដើម្បីយល់ដឹង ។ លោកបានធ្វើទីបន្ទាល់ពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ការប្រមូលផ្ដុំគឺជារឿងដ៏សំខាន់បំផុតដែលកំពុងតែកើតឡើងនៅលើផែនដីសព្វថ្ងៃនេះ ។ … ហើយបើក្មួយៗជ្រើសរើសធ្វើ បើក្មួយៗចង់ធ្វើ នោះក្មួយៗអាចធ្វើជាចំណែកដ៏សំខាន់ក្នុងកិច្ចការនេះបាន » ( « សេចក្ដីសង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] ទំព័រ ៨ នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org; សូមមើល អេសាយ ៤៩:១៣–២៣ ) ។
អេសាយក៏បានធ្វើទីបន្ទាល់ពីការស្ថាបនានៃក្រុងស៊ីយ៉ូន ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ និងការសោយរាជ្យនៅសហស្សវត្សរ៍ផងដែរ ( ឧទាហរណ៍សូមមើល អេសាយ ៥១–៥២ ) ។ ជាមួយនឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ នោះព្រះវិញ្ញាណអាចធ្វើទីបន្ទាល់ចំពោះប្អូនៗអំពីសារៈសំខាន់នៃពាក្យសម្ដីរបស់អេសាយ និងរបៀបដែលពាក្យរបស់លោកអាចជួយ និងផ្ដល់ពរជ័យដល់ជីវិតប្អូនៗនៅសព្វថ្ងៃនេះបាន ។