« បញ្ហាក្នុងការប្ដូរផ្ទះ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
គ្រឹះ ដ៏មាំមួន
យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយកសាងជីវិតរបស់ពួកគេនៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៥:១២ ) ។
បញ្ហាក្នុងការប្ដូរផ្ទះ
គ្រួសាររបស់ខ្ញុំប្ដូរផ្ទះច្រើនដងណាស់តាំងពីខ្ញុំធំដឹងក្ដីឡើង ។ ការសម្របទៅនឹងទីកន្លែងថ្មីគឺពិបាក ប៉ុន្តែពេលខ្ញុំរៀនដល់ថ្នាក់ទីប្រាំបួននៅវិទ្យាល័យ ខ្ញុំពេញចិត្តនឹងកន្លែងដែលយើងរស់នៅ ។ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរ នៅពេលលោកតារបស់ខ្ញុំបានស្លាប់ ហើយឪពុកម្ដាយរបស់ខ្ញុំបានសម្រេចចិត្តប្ដូរទៅនៅជិតលោកយាយរបស់ខ្ញុំជាងមុន ។ ខ្ញុំខ្លាចការប្ដូរផ្ទះ ម្ដងទៀត ។ ខ្ញុំបានខិតខំចូលរួមនៅសាលា និងរាប់អានមិត្តភក្ដិឡើងច្រើន ។
ខ្ញុំបានតូចចិត្ត ហើយបានប្រកែកជាមួយនឹងឪពុកម្ដាយខ្ញុំអំពីការប្ដូរផ្ទះនេះ ។ ឪពុកម្ដាយខ្ញុំលើកទឹកចិត្តឲ្យខ្ញុំអធិស្ឋានអំពីរឿងនេះ ។ ខ្ញុំបានព្យាយាមហើយ ប៉ុន្តែមិនទទួលបានចម្លើយសោះ ។ ទោះបីជាខ្ញុំខកចិត្តក៏ដោយ ក៏ខ្ញុំបានសម្រេចចិត្តអធិស្ឋានម្ដងទៀតដែរ ។ មុនពេលខ្ញុំចាប់ផ្ដើមអធិស្ឋាន ខ្ញុំបានឮសំឡេងដ៏ច្បាស់មួយនៅក្នុងគំនិតរបស់ខ្ញុំថា « រ៉ាជែល កូនមិនបានទទួលចម្លើយ ដោយសារកូនមិនចង់បានចម្លើយ » ។ ខ្ញុំបានស្រឡាំងកាំង ។ មួយរយៈក្រោយមក ខ្ញុំចាប់ផ្តើមអធិស្ឋានខុសពីពេលមុន ។ ខ្ញុំបានអធិស្ឋានដោយអស់ពីចិត្តទៅកាន់ព្រះវរបិតាសួគ៌ ហើយបានទូលសួរពីអ្វីដែលទ្រង់តម្រូវឲ្យខ្ញុំធ្វើ ។
អារម្មណ៍ដែលខ្ញុំបានទទួលគឺគ្រួសាររបស់ខ្ញុំត្រូវប្ដូរផ្ទះ ។ បន្ទាប់ពីការបន្ទាបខ្លួនរបស់ខ្ញុំ និងការទទួលយកអ្វីដែលព្រះវរបិតាសួគ៌បានសព្វព្រះទ័យ ខ្ញុំមានអារម្មណ៍សុខសាន្ដ ។ វាមិនងាយស្រួលជានិច្ចនោះទេ ប៉ុន្តែខ្ញុំដឹងថា យើងនៅកន្លែងដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងនៅ ។ បទពិសោធន៍នេះបានជួយខ្ញុំឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ និងក្លាយកាន់តែដូចជាបុគ្គលដែលទ្រង់ត្រូវការឲ្យខ្ញុំប្រែក្លាយ ។
រ៉ាជែល អេច រដ្ឋវ៉ាស៊ីនតោន ស. រ. អា.