« ឈោងទៅរក ហើយរកមើលពីចំណុចល្អ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ជំនួយ ជីវិត
ឈោងទៅរក ហើយរកមើលពី ចំណុចល្អ
យើងទាំងអស់គ្នាខុសពីគ្នាមែន តែយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ហើយវាអស្ចារ្យណាស់ !
សូមស្រមៃថា យើងកំពុងរស់នៅក្នុងពិភពលោកមួយ ដែលរាល់គំនូរនីមួយៗលាបតែពណ៌ខៀវសុទ្ធ គ្រប់ម្ហូបអាហារមានរសជាតិដូចៗគ្នា ហើយរាល់បទចម្រៀងនីមួយៗមានណោតភ្លេងតែមួយប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថាប្អូនៗគិតយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំវិញគិតថា វាសោះកក្រោះ បំផុត !
ភាពខុសគ្នានៃសិល្បៈ រសជាតិ និងតន្ត្រីធ្វើឲ្យពិភពលោកនេះកាន់តែទាក់ទាញ និងស្រស់ស្អាតជាទីបំផុត ។ ដូចគ្នានេះដែរ មនុស្សទាំងអស់មានប្រវត្តិ ជំនឿ រូបរាង សញ្ជាតិ ជនជាតិ និងបទពិសោធន៍ខុសប្លែកពីគ្នា ដែលធ្វើឲ្យពិភពលោកនេះអស្ចារ្យ ។
កាលនៅក្មេងខ្ញុំបានរស់នៅប្រទេសអារ៉ាប់អស់រយៈពេលជាច្រើនឆ្នាំ អារ៉ាប់ជាផ្នែកមួយដ៏ធំនៃសាសនាអ៊ីស្លាមនៅក្នុងពិភពលោកនេះ ។ កាលនោះមានពេលមួយ ខ្ញុំបានចូលរៀននៅសាលារៀនឯកជននៅប្រទេសអង់គ្លេសផងដែរ ។ ពេលរស់នៅទាំងក្នុងប្រទេសអារ៉ាប់ និងប្រទេសអង់គ្លេស ខ្ញុំបានជួបមនុស្សខុសគ្នាជាច្រើន ។ ដំបូងឡើយ វាអាចមានការលំបាកក្នុងការនៅជុំវិញមនុស្សផ្សេងទៀតដែលខុសពីខ្លួនខ្ញុំ ។ ប៉ុន្តែនៅទីបំផុត តាមរយៈបទពិសោធន៍នេះខ្ញុំបានរៀនថា ភាពខុសគ្នាភាគច្រើនគឺល្អ ហើយអស្ចារ្យណាស់ ! ជីវិតខ្ញុំបានចម្រើនឡើងហួសពីការស្មាន ដោយសារការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សដែលមានវប្បធម៌ និងជំនឿផ្សេងៗគ្នាមកពីផ្នែកជាច្រើននៃពិភពលោកនេះ ។
ទាំងនេះជាបទពិសោធន៍មួយចំនួនដែលខ្ញុំបានរៀន ដែលអាចជួយប្អូនៗឲ្យគោរព និងយល់ពីមនុស្សដែលខុសពីប្អូនៗបាន ។
ស្វែងរកចំណុចល្អៗ
ពេលខ្លះ សេចក្ដីល្អនៅក្នុងមនុស្សម្នាក់ៗប្រហែលមិនអាចមើលឃើញជាក់ស្ដែងភ្លាមៗនោះទេ ប៉ុន្ដែវាអស្ចារ្យណាស់ដែលយើងអាចរកឃើញចំណុចល្អបាន នៅពេលយើងស្វែងរកវាដោយសេចក្ដីស្រឡាញ់ និងចិត្តអាណិតអាសូរ ។ កាលដែលប្អូនៗធ្វើដូច្នោះ ដួងចិត្តរបស់ប្អូនៗនឹងបានបើក ដើម្បីរៀនពីអ្នកដទៃទៀត ។
វាមានប្រយោជន៍ក្នុងការចងចាំថា មនុស្សអាចប្រព្រឹត្តក្នុងរបៀបមួយដែលប្អូនៗមិនយល់ ដោយសារពួកគេបានទទួលរងការឈឺចាប់ដោយរបៀបណាមួយ ។ មនុស្សស្ទើរតែទាំងអស់មានអារម្មណ៍រងការឈឺចាប់ ឬកំពុងពុះពារនឹងបញ្ហាអ្វីមួយ ។ ប្រហែលជាប្អូនៗក៏មានអារម្មណ៍បែបនេះផងដែរ ។ នៅពេលប្អូនៗយល់ពីរឿងនេះ នោះវាងាយស្រួលជាងមុនដើម្បីស្វែងរកចំណុចល្អរបស់អ្នកដទៃ ដោយសារប្អូនៗអាចយល់បានប្រសើរជាងមុនពីមូលហេតុដែលពួកគេក្លាយជាមនុស្សបែបនោះ ។ បន្ទាប់មកប្អូនៗអាចស្វែងរករបៀបនានាដើម្បីជួយ និងផ្ដល់ពរជ័យដល់ពួកគេបាន ។
ស្ដាប់យ៉ាងយកចិត្តទុកដាក់
មធ្យោបាយដែលនាំទៅរកការគោរព និងការយល់ពីគ្នា ចាប់ផ្ដើមនៅពេលយើងស្ដាប់—ស្ដាប់ដោយយកចិត្តទុកដាក់—ពេលអ្នកដទៃនិយាយ ។ ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាញឹកញាប់យើងឆាប់ចែកចាយដំណឹងល្អណាស់ ហើយនោះគឺជារឿងល្អមួយ ។ ដោយសារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាអំណោយដ៏រុងរឿង និងអស់កល្បបំផុតដែលយើងអាចចែកចាយ ។ ប៉ុន្តែពេលខ្លះយើងចែកចាយជំនឿរបស់យើងជាមួយអ្នកដទៃ មុនពេលយើងយល់ពីពួកគេ ។ យើងត្រូវតែស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់ ហើយរៀនពីពួកគេ ។ យើងអាចពង្រីកការយល់ដឹងរបស់យើង—ហើយមានអំណរគុណសម្រាប់—មនុស្សទាំងអស់ដែលយើងបានជួប ។
ស្វែងរកគំនិត ឬជំនឿដែលដូចគ្នា
អំឡុងពេលទៅលេងនៅឈូងសមុទ្រអារ៉ាប់នាពេលថ្មីៗនេះ ខ្ញុំបានជួបមនុស្សជាច្រើនដែលខុសពីខ្ញុំខ្លាំងណាស់ ។ ប៉ុន្ដែនៅពេលខ្ញុំបានស្គាល់ពួកគេ ខ្ញុំឃើញថា គោលជំនឿរបស់យើងមិនខុសគ្នាខ្លាំងនោះទេ ។ ខ្ញុំមានអារម្មណ៍អស្ចារ្យនឹងភាពស្រដៀងគ្នារបស់យើង ។
រឿងមួយដែលយើងមានដូចគ្នា គឺបំណងប្រាថ្នាដើម្បីជួយដល់ជនភៀសខ្លួន ដែលត្រូវបានផ្លាស់ទីលំនៅ និងឈឺចាប់ដោយសារសង្គ្រាម ។ ការរកឃើញចំណុចដូចគ្នានេះគឺអស្ចារ្យណាស់ ។ ខ្ញុំមានអំណរចំពោះរឿងនេះ ហើយមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ដ៏ខ្លាំងចំពោះមនុស្សដែលខ្ញុំបានជួប ។
កាលយើងបានរកឃើញចំណុចដូចគ្នានៃជំនឿ និងគំនិតហើយ យើងអាចនិយាយអំពីភាពខុសគ្នារបស់យើង ក៏ដូចជាតម្លៃរួមរបស់យើង ជាមួយនឹងចំណាប់អារម្មណ៍ដ៏ពិតប្រាកដមួយដើម្បីរៀនសូត្រពីគ្នាផងដែរ ។ បទពិសោធន៍នេះបានរំឭកខ្ញុំថា មនុស្សល្អមាននៅគ្រប់ទីកន្លែង ហើយកំពុងព្យាយាមធ្វើអំពើល្អទៅតាមជំនឿរបស់ពួកគេ ។
ចេះសង្កេត
វិធីដ៏ល្អមួយដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺការចេះសង្កេតមើលអ្នកដទៃ និងស្វែងរករបៀបណាមួយដើម្បីចាប់ផ្ដើមការសន្ទនា ។ ឧទាហរណ៍ ប្រសិនបើប្អូនៗសម្គាល់ឃើញនរណាម្នាក់មានកង់ដ៏ឡូយមួយ សូមនិយាយថា « ខ្ញុំចូលចិត្តកង់របស់ឯងណាស់ ! » ហើយបន្ទាប់មកសួរពួកគេអំពីកង់នោះ ។
សំណួរសាមញ្ញមួយ ដូចជា « តើឯងសុខសប្បាយទេថ្ងៃនេះ ? » អាចជួយប្អូនៗឲ្យទាក់ទងនឹងនរណាម្នាក់បាន ។ ប្អូនៗប្រហែលមានអារម្មណ៍មិនសូវស្រួលនៅពេលដំបូង ។ វាត្រូវការការអនុវត្ត ប៉ុន្តែវាសប្បាយនៅពេលប្អូនៗមានបទពិសោធន៍ល្អៗក្នុងការប្រាស្រ័យទាក់ទងគ្នា ។
កុំផ្តោតតែទៅលើខ្លួនរបស់ប្អូន
ព្រះអង្គសង្គ្រោះបានជួបមនុស្សជាច្រើនមកពីវប្បធម៌ផ្សេងៗ ។ ទ្រង់ក៏បានឈោងទៅជួយមនុស្សដែលអ្នកដទៃបានជៀសវាងផងដែរ ។ ទ្រង់បានយាងចេញទៅជួបមនុស្សឈឺ និងមនុស្សដែលគេបណ្តេញចេញ ។ ទ្រង់បានមានបន្ទូលជាមួយពួកគេ ហើយទ្រង់បានព្យាបាលពួកគេ ។
ប្រសិនបើយើងធ្វើតាមភាពមិនអាត្មានិយមរបស់ទ្រង់ នោះពិភពលោកនេះនឹងក្លាយជាកន្លែងមួយដ៏ប្រសើរជាងនេះឆ្ងាយណាស់ ។ សូមជួយអ្នកដទៃតាមរបៀបធំដុំ ឬតូចតាច ។ សូមផ្ញើសារដែលល្អមួយ ចែកនំចំណី ដោយរួមបញ្ចូលទាំងមនុស្សដែលត្រូវអ្នកដទៃព្រងើយកន្តើយដាក់ផងដែរ ។ ទង្វើល្អទាំងនេះនឹងជួយប្អូនៗឲ្យទាក់ទងជាមួយនឹងមនុស្សទាំងឡាយដែលនៅជុំវិញប្អូនៗ ។ វាអស្ចារ្យណាស់ ដែលសកម្មភាពទាំងនេះក៏ធ្វើឲ្យយើងមានអារម្មណ៍ប្រសើរឡើងផងដែរ ។
កុំខកខានឲ្យសោះ
បទបញ្ញត្តិធំទីពីរគឺ « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៩ ) ។ សូមចងចាំថា យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ។ ទស្សនៈពិភពលោករបស់ខ្ញុំបានពង្រីក ហើយខ្ញុំក្លាយជាមនុស្សប្រសើរជាងមុន នៅពេលខ្ញុំជួបអ្នកដទៃទៀត—អ្នកជិតខាងរបស់ខ្ញុំ—ដែលខុសប្លែកពីខ្ញុំ ។ សូមកុំខកខាននូវអ្វីដែលប្អូនៗអាចរៀនពីអ្នកដទៃបានឲ្យសោះ ។
ប្រសិនបើប្អូនៗឈោងទៅរក ហើយរៀនស្រឡាញ់ និងគោរពភាពខុសគ្នានៃមនុស្សទាំងអស់ដែលនៅជុំវិញប្អូនៗ នោះប្អូនៗនឹងមានការភ្ញាក់ផ្អើលថា តើពិភពលោកនេះអាចមាន ភាពសុខសាន្ដ និងអស្ចារ្យខ្លាំងប៉ុណ្ណា ។