« តើមានដែនកំណត់ទេថា ជាញឹកញាប់ខ្ញុំអាចប្រែចិត្តបានប៉ុន្មានដង ? » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
ចំគោលដៅ
តើមានដែនកំណត់ទេថា ជាញឹកញាប់ខ្ញុំអាចប្រែចិត្តបានប៉ុន្មានដង ?
នៅពេលអ្នកមានបំណងប្រាថ្នាដ៏ពិតដើម្បីប្រែចិត្ត នោះវាអាចជារឿងលំបាកបើសិនជាអ្នកប្រព្រឹត្តអំពើបាបម្ដងទៀត ។ ប៉ុន្តែដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទដ៏និរន្ដរ នោះសេចក្ដីមេត្តាករុណា និងព្រះគុណរបស់ព្រះក៏និរន្ដរផងដែរ ហើយអ្នកនៅតែអាចប្រែចិត្ត និងមានភាពស័ក្ដិសមបាន ។ សូមចងចាំថា « ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ » ដូច្នេះហើយ « នៅពេលយើងជ្រើសរើសប្រែចិត្ត… យើងជ្រើសរើស … ទទួលបានអំណរ » ។១
អ្នកតែងតែអាចប្រែចិត្តបានជានិច្ច ទោះបីជាអ្នកបានធ្វើកំហុសដដែលៗក៏ដោយ ។ ព្រះអម្ចាស់មានព្រះបន្ទូលថា « ដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង » ( ម៉ូសាយ ២៦:៣០ ) ។ សូមធ្វើជារាស្ត្រម្នាក់ក្នុងចំណោម « រាស្ត្ររបស់ទ្រង់ » ហើយត្រឡប់ទៅរកព្រះអម្ចាស់វិញ នៅពេលណាដែលអ្នកវង្វេងផ្លូវ ។ ហើយសូមនិយាយជាមួយឪពុកម្ដាយ និងប៊ីស្សពរបស់អ្នកផងដែរ ។ ជំនួយ និងការគាំទ្ររបស់ពួកគាត់អាចពង្រឹងដល់អ្នកបាន ។
ប្រសិនបើអ្នកពិបាកយកឈ្នះលើអំពើបាប នោះសូមកុំបោះបង់ចោលឡើយ ។ សាតាំងចង់ឲ្យអ្នកជឿថា អ្នកទ័លច្រក ឬអ្នកលែងមានឱកាសទៀតហើយ ។ ប៉ុន្ដែវាមិនពិតនោះទេ ។ សូមបន្ដខិតខំ ។ ព្រះអម្ចាស់តែងតែទទួលអ្នកដែលប្រែចិត្តដោយស្មោះជានិច្ច ។