« អ្វីដែល អាក ចូលចិត្តរៀន » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២២ ។
អ្វីដែល អាក ចូលចិត្តរៀន
ប្រទេសថ្មី វប្បធម៌ថ្មី មិត្តភក្ដិថ្មី … គ្មានបញ្ហា !
អាក ចូលចិត្តម្ហូបហឹរ ។ នេះជារឿងដ៏ថ្មីមួយ ដែលគាត់ទើបតែដឹងពីខ្លួនឯង ។ កាលនៅប្រទេសហ្វីលីពីន ជាកន្លែងដែលគាត់បានធំដឹងក្តីឡើង អាហារមានរសជាតិមិនសូវជាហឹរប៉ុន្មានទេ ។
តែបន្ទាប់មក ប៉ារបស់គាត់បានទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី ។
នៅពេលនោះ អាក បានជួបមិត្តភក្ដិនៅព្រះវិហារ ដែលមកពីគ្រប់មជ្ឈដ្ឋាន ហើយរួមមានទាំងអ្នកមកពីប្រទេសឥណ្ឌាពីរបីនាក់ផងដែរ ។
« ពួកគេពិតជាញ៉ាំម្ហូបហឹរៗណាស់ ! » អាក ស៊ី អាយុ ១៤ ឆ្នាំ និយាយពីមិត្តភក្ដិថ្មីៗរបស់គាត់ ។ « ម្ហូបនេះហឹរខ្លាំងជាងម្ហូបខ្ញុំធ្លាប់ញ៉ាំនៅស្រុកខ្ញុំទៅទៀត » ។
ប៉ុន្តែ រឿងគួរឲ្យអស់សំណើច—អាក មិនដែលដឹងថាគាត់ពូកែញ៉ាំហឹរប៉ុណ្ណានោះទេ ។ ឥឡូវ គាត់រីករាយចង់សាកមុខម្ហូបថ្មីៗម្ដង ។
ប្រាកដណាស់ នោះមិនមែនជាវិធីតែមួយ ដែលមិត្តភក្ដិនៅព្រះវិហាររបស់ អាក បានផ្លាស់ប្ដូរជីវិតរបស់គាត់ឲ្យបានកាន់តែប្រសើរនោះទេ ។ « ខ្ញុំសប្បាយចិត្តដែលបានប្ដូរមករស់នៅប្រទេសម៉ាឡេស៊ី ប៉ុន្ដែទន្ទឹមនឹងនេះ ខ្ញុំក៏កើតទុក្ខផងដែរ ។ ខ្ញុំមានសុទ្ធតែមិត្តភក្ដិថ្មីៗ ហើយវាពិបាកនិយាយជាមួយមិត្តភក្ដិថ្មីៗណាស់ » ។
ប៉ុន្តែយុវវ័យក្នុងសាខាថ្មីរបស់គាត់បានជួយគាត់ឲ្យសម្របខ្លួនតាមការផ្លាស់ប្ដូរនោះ ។ លើសពីនោះទៀត ឥឡូវគាត់ដឹងកាន់តែច្រើនពីតំបន់ជាច្រើនផ្សេងៗទៀត ។ គាត់បាននិយាយថា « ខ្ញុំបានរៀនពីវប្បធម៌ផ្សេងៗគ្នាជាច្រើន » ។ « ម្ហូបខុសៗគ្នា ហើយខោអាវក៏ខុសគ្នាដែរ ។ ខោអាវរបស់ពួកគេមានគ្រប់ពណ៌ ហើយរបៀបដែលគេធ្វើវាគឺគួរឲ្យចាប់អារម្មណ៍ណាស់ ! »
ទោះយ៉ាងណា មានមិត្តភក្ដិមួយក្រុម ដែលជួយលើកទឹកចិត្តគាត់ជាងអ្នកណាទាំងអស់ អំឡុងពេល និងក្រោយពេលប្ដូរផ្ទះគឺ ៖ គ្រួសាររបស់គាត់ ។
ល្បែងកម្សាន្ដជាមួយមិត្តភក្ដិ
អាក ចូលចិត្តចំណាយពេលជាមួយគ្រួសាររបស់គាត់ ជាពិសេសពេលពួកគេលេងល្បែងជាកាត ។ ចំណូលចិត្តពិសេសរបស់គាត់គឺល្បែង អ៊ូណូ ។ មូលហេតុអ្វីទៅ ? គាត់និយាយទាំងសើចថា « ខ្ញុំឈ្នះរហូត » ។
គាត់ក៏ចូលចិត្តលេង ម៉ូណូផូលី ជាមួយឪពុកម្ដាយរបស់គាត់ និងប្អូនប្រុសរបស់គាត់ឈ្មោះ លីហ្វ ផងដែរ ។ ( ប្អូនស្រីរបស់គាត់នៅក្មេងពេកមិនទាន់ចេះលេងនៅឡើយទេ ) ។ ទោះជាយ៉ាងណា វាមិនត្រឹមតែជាការលេងល្បែង ដោយគ្រាន់តែបោះគ្រាប់ឡុកឡាក់ និងចាយលុយក្លែងក្លាយនោះទេ ។ « ឪពុកម្ដាយខ្ញុំបង្រៀនខ្ញុំពីយុទ្ធសាស្ត្រអាជីវកម្ម និងគោលការណ៍ចាយវាយនៅក្នុងល្បែងនោះ ។ វាពិតជាដំបូន្មានដ៏មានប្រយោជន៍ណាស់សម្រាប់ពេលអនាគត » ។
ប៉ារបស់គាត់គឺជាអ្នកអភិវឌ្ឍផ្នែកសុសវែរ ហើយម៉ាក់គាត់ធ្លាប់មានជំនួញផ្ទាល់ខ្លួននៅប្រទេសហ្វីលីពីន ។ ពួកគាត់ទាំងពីរមានជំនាញជាច្រើនដើម្បីផ្ទេរឲ្យទៅកូនៗ ។ ចំពោះ អាក វិញ គាត់ចង់រៀនគ្រប់យ៉ាងពីឪពុកម្ដាយគាត់តាមដែលអាចធ្វើទៅបាន ។ គាត់មានគោលដៅដ៏ធំសម្រាប់អាជីពការងាររបស់គាត់ ។
មុខវិជ្ជានៅសាលាដែលគាត់ពេញចិត្តជាងគេគឺជីវបច្ចេកវិទ្យា និងវិស្វកម្ម ។ អាក ចង់ក្លាយជាអ្នកជីវបច្ចេកទេសម្នាក់ ។ ជាមួយនឹងការដាក់គោលដៅដ៏ខ្ពស់របស់គាត់ គាត់ឆ្លៀតឪកាសរៀនអ្វីថ្មីៗតាមដែលគាត់អាចធ្វើទៅបាន ។
ប៉ុន្ដែការរៀនពីឪពុកម្ដាយរបស់គាត់ មិនមែនជាប្រភពនៃចំណេះដឹងដែល អាក ពេញចិត្តជានិច្ចនោះទេ ។ ការរកឃើញធនធានដ៏មានតម្លៃនេះបានកើតឡើងបន្តិចក្រោយមកនៅក្នុងជីវិតរបស់គាត់ ដូចជាចំណូលចិត្តញ៉ាំហឹររបស់គាត់ដែរ ។
ពីមនុស្សរឹងចចេសទៅជាសិស្ស
អាក ទទួលស្គាល់ខ្លួនឯងថា « ខ្ញុំធ្លាប់រឹងចចេសណាស់ ។ ខ្ញុំមិនសូវខ្វល់ពីការរៀនពីឪពុកម្តាយរបស់ខ្ញុំទេ » ។
គាត់ព្យាយាមរៀនតែខ្លួនឯង ឬរៀនពីមិត្តរបស់គាត់ និងគ្រូដែលនៅសាលាប៉ុណ្ណោះ ។ បន្ទាប់មកគាត់បានអានរឿងមួយនៅក្នុងព្រះគម្ពីរមរមន ដែលធ្វើឲ្យមានភាពខុសប្លែកយ៉ាងខ្លាំងក្នុងទស្សនៈរបស់គាត់ចំពោះរឿងទាំងឡាយ ។
នៅក្នុងអាលម៉ាជំពូក ៣៦ និង ៣៧ អាលម៉ាបានផ្ដល់ដំបូន្មានទៅកូនប្រុសរបស់គាត់ ហេលេមិន ។ អាលម៉ាបង្រៀនហេលេមិនអំពីរឿងគ្រប់យ៉ាង តាំងពីដំណើររឿងការប្រែចិត្តជឿដ៏អស្ចារ្យផ្ទាល់ខ្លួនរបស់អាលម៉ា ( ដែលបានរួមបញ្ចូលទាំងការសន្លប់រយៈពេលបីថ្ងៃ បន្ទាប់ពីទេវតាបានប្រាប់លោកថា លោកបានជ្រើសរើសផ្លូវខុស [ សូមមើល អាលម៉ា ៣៦:៦–១០ ] ) រហូតដល់រឿងគ្រោះថ្នាក់នៃបក្សព័ន្ធសម្ងាត់ ។
នៅពាក់កណ្ដាលនៃរឿងនេះ ខគម្ពីរមួយហាក់ដូចជាសំខាន់ចំពោះ អាក ៖« ឱកូនប្រុសរបស់ឪពុកអើយ ចូរចងចាំ ហើយឲ្យចេះមានប្រាជ្ញា នៅក្នុងយុវវ័យរបស់កូនចុះ មែនហើយ ចូររៀននៅក្នុងយុវវ័យរបស់កូនឲ្យចេះកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( អាលម៉ា ៣៧:៣៥ ) ។
មានអ្វីម៉្យាងពីក្នុងពាក្យទាំងនោះបានបំភ្លឺដល់គំនិតរបស់ អាក ។ គាត់បាននិយាយថា « ឪពុកម្ដាយរបស់ខ្ញុំអាចបង្រៀន ខ្ញុំ នូវប្រាជ្ញាផងដែរ » ។ ក្នុងពេលមួយរំពេច គាត់បានដឹងថា គាត់មានព័ត៌មានដ៏សម្បូរបែបនៅចំពោះមុខគាត់ ។ « ឥឡូវខ្ញុំចង់រៀនពីពួកគាត់ ។ ពួកគាត់ស្រឡាញ់ខ្ញុំ ហើយអាចជួយខ្ញុំឲ្យរៀបចំខ្លួនសម្រាប់អនាគតរបស់ខ្ញុំបាន » ។
ហើយប្រាជ្ញារបស់ពួកគាត់ជ្រៅជ្រះជាងគន្លឹះជំនួញដែលបានចែករំលែកនៅពេលលេងល្បែងលើក្ដារទៅទៀត ។
ប្រាជ្ញារបស់ម៉ាក់ និងប៉ា
មេរៀនដ៏មានតម្លៃមួយដែលឪពុកម្ដាយរបស់ អាក បានបង្រៀនគាត់ គឺកុំបណ្ដោយឲ្យឥទ្ធិពលអាក្រក់ៗនៅជុំវិញគាត់ទាញគាត់ទៅរកផ្លូវខុសឲ្យសោះ ។ « នៅសាលារបស់ខ្ញុំ មានមិត្តជាច្រើនចង់ឲ្យខ្ញុំសាកញ៉ាំកាហ្វេ តែ និងបារីជាដើម » ។
នេះគឺជាប្រធានបទសន្ទនានៅផ្ទះជាទូទៅ ។ គាត់និយាយលេងថា « ខ្ញុំមានការសន្ទនាជាច្រើនជាមួយឪពុកម្ដាយខ្ញុំអំពីរឿងនេះ ។ ពួកគាត់និយាយដដែលៗច្រើនដងណាស់ » ។
ទោះយ៉ាងណា រាល់ការនិយាយច្រំដែលៗទាំងនោះហាក់ដូចជាទទួលបានផល ។ រាល់លើកដែលគេសុំ អាក ឲ្យធ្វើអ្វីប្រឆាំងទៅនឹងជំនឿរបស់គាត់ នោះ អាក មានកម្លាំងចិត្តមកពីអ្វីដែលឪពុកម្ដាយគាត់បានបង្រៀនគាត់ ។
មេរៀនមួយទៀតដែលគាត់ពិចារណាយ៉ាងដិតដល់ គឺរបៀបស្លៀកពាក់ ។ ទេ អាក មិនត្រូវការដំបូន្មានស្លៀកពាក់ពីឪពុកម្ដាយរបស់គាត់ដើម្បីស្លៀកពាក់ឲ្យឡូយនៅសាលារៀននោះទេ ។ ការពិតទៅ គាត់ពូកែណាស់ក្នុងរឿងនោះ ។ អាក បាននិយាយថា « ខ្ញុំធ្លាប់ស្លៀកពាក់ខោអាវឡូយៗណាស់ ។ ខ្ញុំព្យាយាមដើម្បីទាក់ទាញមនុស្សស្រី » ។
ប៉ុន្តែ ឪពុកម្ដាយរបស់គាត់បានជួយគាត់ឲ្យមើលឃើញថា មានផលវិបាកដែលមិនបានរំពឹងទុកក្នុងការស្លៀកពាក់បែបនោះផងដែរ ។ អាក ពន្យល់ថា « ខោអាវដែលយើងស្លៀកពាក់អាចជះឥទ្ធិពលទៅលើរបៀបដែលអ្នកដទៃគិតពីយើង » ។ នៅពេលគាត់គិតឲ្យដិតដល់ទៅ អាក បានដឹងថាគាត់មិនចូលចិត្តរបៀបដែលមនុស្សដទៃគិតចំពោះគាត់នៅពេលគាត់ស្លៀកពាក់ដូចកាលពីមុននោះទេ ។
ឥឡូវគាត់ជ្រើសរើសស្លៀកពាក់សមរម្យ—ដែលគាត់ហៅថា សម្លៀកបំពាក់—« មិនទាន់សម័យ » ។ គាត់ចូលចិត្តរូបរាងថ្មីរបស់គាត់ ហើយមានអារម្មណ៍ខាងវិញ្ញាណប្រសើរឡើងពីរបៀបដែលគាត់ស្លៀកពាក់ ។ ( ក្រៅពីនោះ អាក យល់ថា ភាពមិនទាន់សម័យគឺឡូយណាស់ ! ជាការពិតដែលមិនអាចប្រកែកបាន ) ។
ការរៀនសូត្រពេញមួយជីវិត
អាក ពេញចិត្តកន្លែងដែលគាត់រស់នៅ គាត់ស្រឡាញ់គ្រួសាររបស់គាត់ ហើយគាត់ចូលចិត្តរៀនពីឪពុកម្ដាយរបស់គាត់ ។
គាត់ក៏ចូលចិត្តរៀនដំណឹងល្អផងដែរ ។
អាក និយាយថា « ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ខ្ញុំជឿលើព្យាការីនៅរស់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន ហើយថាតាមរយៈយ៉ូសែប ស្ម៊ីធ នោះព្រះយេស៊ូវគ្រីស្ទបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ ។ ខ្ញុំជឿថា ដំណឹងល្អអាចជួយយើងពេញមួយជីវិតយើងបាន និងជួយយើងឲ្យឆ្លងកាត់គ្រប់ឧបសគ្គ ឬការសាកល្បងដែលយើងជួបប្រទះ » ។
មិនថារឿងអស្ចារ្យប៉ុណ្ណាដែល អាក នឹងរៀននៅថ្ងៃអនាគតនោះទេ គាត់បានរៀនមេរៀនមួយចំនួនដែលសំខាន់ជាងអ្វីៗទាំងអស់រួចអស់ហើយ ។ មេរៀនដែលសំខាន់បំផុតនោះគឺ ៖ ការចំណាយពេលជាមួយគ្រួសារបន្ថែម គ្រឿង ជាច្រើនទៅក្នុងជីវិត !