« ការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទដោយសាមញ្ញ និងដោយមានឥទ្ធិពល » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
ការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទដោយសាមញ្ញ និងដោយមានឥទ្ធិពល
ក្មួយមានវិធីរាប់មិនអស់ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ ចែកចាយជំនឿរបស់ក្មួយ ហើយអញ្ជើញអ្នកដទៃឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
ថ្ងៃមួយក្នុងអំឡុងឆ្នាំសិក្សានៅវិទ្យាល័យរបស់ខ្ញុំ មិត្តរបស់ខ្ញុំឈ្មោះ ណេដ្រា បានសួរខ្ញុំថា « រ៉ូស ម៉េចឯងមិនទៅរៀនថ្នាក់សិក្ខាសាលាអ៊ីចឹង ? »
នៅពេលនោះឪពុកម្ដាយខ្ញុំមិនទាន់បានចូលរួមក្នុងព្រះវិហារទេ ។ ខ្ញុំបានចូលរួមក្នុងព្រះវិហារតែម្តងម្កាលជាមួយនឹងមិត្តភក្តិរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំមិនបានចូលរួមនៅក្នុងថ្នាក់សិក្ខាសាលាទេ ។ ថ្ងៃបន្ទាប់ខ្ញុំបានចូលរួមថ្នាក់សិក្ខាសាលានៅម៉ោង ៦:៣០ ព្រឹក ។ បន្ទាប់ពីនោះខ្ញុំបានទៅជារៀងរាល់ថ្ងៃសូម្បីតែនៅពេលព្រឹកត្រជាក់ទាំងធ្លាក់ទឹកកកក៏ដោយ ។
អ្វីៗដែលខ្ញុំបានរៀននៅក្នុងថ្នាក់សិក្ខាសាលាបានប៉ះពាល់ដល់បេះដូងរបស់ខ្ញុំ ។ ទីបន្ទាល់របស់ខ្ញុំបានរីកចម្រើននៅពេលខ្ញុំបានរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ការណ៍នេះបានរៀបចំខ្ញុំឲ្យទៅបម្រើបេសកកម្មរបស់ខ្ញុំនៅប្រទេសអង់គ្លេស និងដើម្បីបន្តនៅក្នុងជីវិតនៃការបម្រើដល់ព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់ ។
ការអញ្ជើញរបស់ ណេដ្រា ដើម្បីឲ្យខ្ញុំចូលរួមថ្នាក់សិក្ខាសាលាជួយខ្ញុំឲ្យមើលឃើញតាមរបៀបផ្ទាល់ខ្លួនមួយថា មានឱកាសរាប់មិនអស់សម្រាប់ក្មួយដើម្បីជួយអ្នកដទៃឲ្យមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ តាមវិធីសាមញ្ញតែមានឥទ្ធិពល នោះក្មួយអាចបង្ហាញសេចក្ដីស្រឡាញ់របស់ក្មួយ ចែកចាយជំនឿរបស់ក្មួយ ហើយអញ្ជើញអ្នកទាំងឡាយដែលនៅជុំវិញខ្លួនឲ្យទទួលអំណរ និងសេចក្ដីសុខដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់នាំមក ។
មកស្គាល់ព្រះអង្គសង្គ្រោះ
ដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ជាដំបូងក្មួយត្រូវដឹងថាទ្រង់ជានរណា ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះបុត្រានៃព្រះ ហើយទ្រង់ជាអង្គតែម្នាក់គត់ដែលអាចជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃពិភពលោកនេះ ។
មានតែទ្រង់ប៉ុណ្ណោះដែលអាចរស់នៅជីវិតដ៏ល្អឥតខ្ចោះ ពលិកម្មសម្រាប់អំពើបាបរបស់អ្នក រង « ការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាងរបស់អ្នក » ( អាល់ម៉ា ៧:១១ ) ហើយបន្ទាប់មកដាក់ជីវិតរបស់ទ្រង់ចុះ ហើយយកវាមកវិញ ។ ដោយសារព្រះយេស៊ូវគ្រីស្ទ បុត្រាបុត្រីទាំងអស់របស់ព្រះនឹងរស់ឡើងវិញម្ដងទៀត ហើយអាចទទួលបានពរដ៏ពិសិដ្ឋ និងរុងរឿងបំផុតរបស់ទ្រង់ ។
នៅពេលដែលក្មួយៗយល់ថាព្រះអង្គសង្គ្រោះជានរណា—ហើយជោគវាសនាដ៏អស់កល្បជានិច្ចរបស់ក្មួយអាចជាអ្វីដោយសារទ្រង់—នោះក្មួយនឹងចង់រស់នៅជីវិតរបស់ក្មួយទៅតាមរបៀបមួយដែលគាប់ព្រះហឫទ័យរបស់ទ្រង់ ។ ហើយវាពិតជាធ្វើឲ្យទ្រង់ពេញព្រះទ័យនៅពេលក្មួយប្រកាសដំណឹងល្អរបស់ទ្រង់តាមពាក្យសម្តី និងតាមទង្វើទៅដល់អ្នកទាំងឡាយដែលក្មួយប្រាស្រ័យទាក់ទងជាមួយជារៀងរាល់ថ្ងៃ ។
ឈោងទៅជួយដោយសេចក្តីស្រឡាញ់
នៅពេលក្មួយមកស្គាល់ និងស្រឡាញ់ព្រះអង្គសង្គ្រោះ នោះក្មួយនឹងមានបំណងចង់ធ្វើតាមទ្រង់ និងការបង្រៀនរបស់ទ្រង់កាន់តែខ្លាំងរួមទាំងព្រះបញ្ញត្តិរបស់ទ្រង់ឲ្យ « ស្រឡាញ់គ្នាទៅវិញទៅមក » ( យ៉ូហាន ១៣:៣៤ ) ។
ពេលអាំម៉ូន ទៅជួបពួកសាសន៍លេមិនដើម្បីផ្សាយដំណឹងល្អនោះលោកបានស្នើសុំធ្វើជាអ្នកបម្រើរបស់ស្ដេចឡាម៉ូណៃ ។ អាំម៉ូន បានបង្ហាញសេចក្តីស្រឡាញ់ និងការលះបង់ដ៏ពិតប្រាកដនៅពេលដែលលោកបានការពារចៀមរបស់ស្ដេច ។ ទង្វើរបស់ អាំម៉ូន បានបន្ទន់ចិត្តរបស់ស្ដេចឡាម៉ូណៃ ។ នៅពេល អាំម៉ូន បានបង្រៀនដំណឹងល្អ ព្រះវិញ្ញាណបានយកឈ្នះលើស្ដេចឡាម៉ូណៃ ហើយស្ដេចឡាម៉ូណៃបានប្រែចិត្តជឿ ( សូមមើល អាលម៉ា ១៧-១៩ ) ។
ការធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទមានន័យថាស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង ( សូមមើល ម៉ាថាយ ២២:៣៦-៤០ ) ។ ប្រសិនបើពួកគេអាចមានអារម្មណ៍ថាក្មួយស្រឡាញ់ និងយកចិត្តទុកដាក់លើពួកគេ នោះពួកគេទំនងជានឹងមានឆន្ទៈកាន់តែខ្លាំងដើម្បីឲ្យក្មួយចែកចាយរឿងទាំងនោះដែលក្មួយដឹងថាជាការពិត ។
ស្វែងរកសេចក្តីក្លាហានដើម្បីចែកចាយ
តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអង្គសង្គ្រោះបានស្ដារបព្វជិតភាពឡើងវិញនៅលើផែនដីដោយមានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងអស់ដែលចាំបាច់សម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ។ នៅពេលដែលសារដ៏រុងរឿងនៃការស្តារឡើងវិញប៉ះដល់ដួងចិត្តក្មួយ នោះក្មួយនឹងចង់ស្រែកពីលើដំបូលផ្ទះ ! ក្មួយគួរតែចូលរួមយ៉ាងសកម្មនៅក្នុងការចែកចាយ ចំណេះដឹងដ៏មានតម្លៃនៃដំណឹងល្អដែលបានស្តារឡើងវិញជាមួយមនុស្សគ្រប់គ្នា ។ ខ្ញុំចូលចិត្តធ្វើដូច្នេះណាស់ !
អ្នកខ្លះប្រហែលជាព្រួយបារម្ភថាអ្នកផ្សេងទៀតនឹងមិនចាប់អារម្មណ៍ ឬនឹងបដិសេធនូវអ្វីដែលពួកគេចែកចាយនោះ ។ មែនហើយ រឿងនោះអាចកើតមានឡើង ។ បន្ទាប់ពី អ័ប៊ីស បានរត់ចេញពីផ្ទះមួយទៅផ្ទះមួយប្រាប់មនុស្សថា អំណាចរបស់ព្រះបានសន្ថិតលើស្តេចឡាម៉ូណៃ និងគ្រួសាររបស់ទ្រង់ មានអ្នកខ្លះជឿ ប៉ុន្តែអ្នកខ្លះទៀតបានជ្រើសរើសមិនស្តាប់ទេ ( សូមមើល អាល់ម៉ា១៩:១៧-៣១ ) ។
មិនថាពួកគេទទួលយក ឬមិនទទួលយកនោះទេ អំណោយដ៏អស្ចារ្យបំផុតដែលក្មួយអាចផ្ដល់ឲ្យមិត្ត ឬសមាជិកគ្រួសារ—ឬសូម្បីតែសត្រូវក៏ដោយ—គឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ អធិស្ឋានដើម្បីភាពក្លាហាន ហើយបន្ទាប់មកនៅពេលដែលមានឳកាសសមរម្យ នោះសូមចែកចាយនូវអ្វីដែលក្មួយដឹងថាជាការពិត ។
ផ្តល់នូវការអញ្ជើញដ៏ស្មោះ
នៅពេលកំពុងបម្រើជាប្រធានបេសកកម្មនៅ ទីក្រុង តូរ៉ន់តូ ប្រទេសកាណាដា ខ្ញុំបានជួយដល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំជាច្រើននាក់ក្នុងការបង្រៀនដល់អ្នកជំនួញដ៏លេចធ្លោម្នាក់ ។ បន្ទាប់ពីមេរៀនរបស់យើង ខ្ញុំបានអញ្ជើញគាត់ឲ្យអធិស្ឋាន ហើយសួរព្រះវរបិតាសួគ៌ថាតើសារលិខិតរបស់យើងពិតឬទេ ។
គាត់បាននិយាយថា ៖ « ខ្ញុំមិនចេះអធិស្ឋានទេ » ។
ខ្ញុំបានប្រាប់គាត់ថាអ្វីដែលគាត់ត្រូវធ្វើគឺលុតជង្គង់ ហើយគ្រាន់តែទូលសុំឲ្យព្រះវរបិតាសួគ៌បញ្ជាក់នូវសេចក្ដីពិតដល់គាត់ ។
« អ្នកអាចធ្វើវាបាន ! » ខ្ញុំបានលើកទឹកចិត្តគាត់ ។
យើងបានលុតជង្គង់ជាមួយគ្នា ហើយបុរសនោះបានចាប់ផ្ដើមអធិស្ឋាន ។ នៅពេលដែលគាត់បញ្ចប់ គាត់បាននិយាយថា « តើមានអ្វីកំពុងកើតឡើងឬ ? ខ្ញុំមិនដែលមានអារម្មណ៍បែបនេះពីមុនមកនោះទេ » ។
ខ្ញុំបាននិយាយថា « នោះគឺជារបៀបដែលព្រះវរបិតាសួគ៌ឆ្លើយតបទៅនឹងការអធិស្ឋាន » ។ « អ្នកសួរ ហើយទ្រង់ឆ្លើយតប » ។
ខ្ញុំតែងតែបង្រៀនពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកទូទាំងពិភពលោកថាការប្រែចិត្តជឿចាប់ផ្ដើមដោយ អារម្មណ៍ ដែលគេទទួល ។ នៅពេលដែលក្មួយអញ្ជើញអ្នកដទៃឲ្យស្តាប់ដំណឹងល្អ សូមអញ្ជើញពួកគេឲ្យអធិស្ឋានផងដែរ ហើយទូលសុំឲ្យមាន អារម្មណ៍ អំពីសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេ ។ ប្រសិនបើពួកគេនឹងទូលសួរព្រះ ( សូមមើល យ៉ាកុប ១:៥ ) ដោយចិត្តស្មោះ ដោយមានចេតនា និងសេចក្តីជំនឿពិតប្រាកដលើព្រះគ្រីស្ទ នោះពួកគេអាចទទួលបានការបញ្ជាក់អំពីសេចក្ដីពិតដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល មរូណៃ ១០:៤–៥ ) ។ វាជាការណ៍ដ៏គួរឲ្យរំភើប និងរីករាយណាស់ ដើម្បីជួយអ្នកដទៃឲ្យរកឃើញសេចក្ដីពិត សម្រាប់ខ្លួនឯង ។
សូមចងចាំថាព្រលឹងទាំងអស់គឺមានតម្លៃ
ក្មួយមិនអាចដឹងថានឹងមានអ្វីកើតឡើងនៅពេលក្មួយជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទដោយសេចក្ដីស្រឡាញ់ ការចែកចាយ និងការអញ្ជើញនោះទេ ។ ឧទាហរណ៍ ពួកសាសន៍លេមិន ហាក់ដូចជាមនុស្សដែលមិនទំនងជានឹងទទួលយកដំណឹងល្អនោះទេ ប៉ុន្តែពួកគេបានក្លាយជាអ្នកប្រែចិត្តជឿយ៉ាងខ្លាំងដែលពួកគេ « ពុំបោះបង់ចោលសាសនាឡើយ » ( អាលម៉ា ២៣:៦–៧ ) ។
ក្មួយមិនគួររំពឹងលទ្ធផលនេះគ្រប់ពេលដែលក្មួយចែកចាយដំណឹងល្អនោះទេ ។ ប៉ុន្តែដោយសាមញ្ញ និងដោយមានឥទ្ធិពល នោះក្មួយអាចធ្វើជាសាក្សីអំពីសេចក្ដីពិត និងជួយណែនាំបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យបានច្រើនទៅកាន់ដំណឹងល្អដែលបានស្ដារឡើងវិញ ។
នៅពេលដែលក្មួយដឹងថាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ម្នាក់ៗមានតម្លៃប៉ុណ្ណាចំពោះទ្រង់ នោះក្មួយនឹងចង់ធ្វើអ្វីៗគ្រប់យ៉ាងដែលក្មួយអាចជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ហើយឈានជើងចូលទៅក្នុងពន្លឺនៃដំណឹងល្អរបស់ទ្រង់ ហើយដើរនៅលើផ្លូវទៅរកអមតៈភាព និងជីវិតដ៏អស់កល្បជានិច្ច ។
តើក្មួយអាចមានបទពិសោធន៍កាន់តែច្រើនអ្វីខ្លះនៅក្នុងជីវិត ?