ដើម្បី​កម្លាំង​នៃ​យុវជន
ទ្រាំ​គ្រប់​ទាំងអស់
ខែ កក្កដា ឆ្នាំ ២០២៤


« ទ្រាំ​គ្រប់​ទាំងអស់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។

ទ្រាំ​គ្រប់​ទាំងអស់

សេចក្ដី​លំបាក​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ប៉ុន្ដែ​តើ​ប្អូន​ធ្វើ​អ្វី​ខ្លះ​នៅពេល​សេចក្តី​លំបាក​លបចូល​ក្នុង​ជីវិត​របស់​ប្អូន​ដោយ​មិនឲ្យ​ដឹងជាមុន​នោះ ?

បុរស​ម្នាក់​រត់​កាត់តាម​ព្រៃ

រចនា​រូបភាព​ដោយ ប៉ូលីណា វើត

នៅពេល​ព្រឹក​ព្រលឹម​មួយ​ដែល​ខ្ញុំ​ប្រាកដ​ណាស់​ថា​ខ្ញុំ​នឹង​ស្លាប់​ជាច្រើន​ដង ។ ការគួបផ្សំ​នឹងការឃើញ​ឈាម​ទាំងនោះ—ឈាមរបស់​ខ្ញុំ ដែល​ជោគជាំ​នៅលើ​ផ្លូវលំ ហើយ​ការដឹងពី​ភាពសាហាវ​ព្រៃផ្សៃ​របស់​សត្វ​ខ្លា​ឃ្មុំ​ដែល​កំពុង​វាយប្រហារ​មកលើ​ខ្ញុំ​គ្រប់​ទិស​ដោយ​ធ្មេញ និង​ក្រញ៉ាំ​របស់​វា ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​លើសលប់ និង​អស់​សង្ឃឹម ។

ព្រឹក​ដ៏​ល្អ​ឥត​ខ្ចោះ

ភាពខុសគ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ពីរ​ម៉ោង​មុន​នេះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​រត់​យ៉ាង​រីករាយ​តាម​ផ្លូវ​ជនបទ​នៅ​ថ្ងៃ​ដ៏​ស្រស់​ស្អាត​បំផុត​មួយ ដែល​ខ្ញុំ​បាន​ឃើញ​នារដូវ​ក្តៅ​នោះ​នៅ​ក្នុង​ខ្ពង់រាប​នៃ​ទី​ក្រុង​វីយ៉ូមីង ភាគ​ខាង​លិច​នៃ​សហ​រដ្ឋ​អាមេរិក ។ ផ្ទៃមេឃ​ពណ៌​ខៀវ​ខ្ចី ផ្កា​ព្រៃ​គ្រប​ដណ្តប់​នៅតាម​ជើង​ភ្នំ ហើយ​ខ្យល់​នាពេល​ព្រឹក​ព្រលឹម​គឺ​គួរ​ឲ្យ​ស្រស់ស្រាយ​ណាស់ ។ វា​ជា​ថ្ងៃ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​ការ​រត់​ចម្ងាយ ១៥ ម៉ាយ ( ២៤ គីឡូ​ម៉ែត្រ ) នៅ​លើ​ភ្នំ ។

នេះ​គឺ​ជា​ការ​រត់​ហ្វឹកហ្វឺន​បែប​បុរាណ​មួយ ។ ខ្ញុំ​បាន​ព្យាយាម​ដើម្បី​ប្រមូល​កម្លាំង និង​ការ​ស៊ូទ្រាំ​របស់​ខ្ញុំ​សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុន​ដែល​នៅ​តែ​ពីរ​ខែទៀត​ប៉ុណ្ណោះ ។ អ្នក​រត់​ប្រណាំង​បង្កើន​កម្លាំង​ដោយ​ធ្វើ​ការ​រត់​ចម្ងាយ​ខ្លី​ដដែលៗ ។ ការណ៍​នេះ​បង្កើត​នូវ​ការ​ស៊ូទ្រាំ​ដែល​ជួយ​ពង្រឹង​ដល់​ភាពអត់ធន់ ។

ខ្ញុំ​មិន​បាន​ដឹង​ថា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ខ្ញុំ​នឹង​ត្រូវការ​រាល់​ភាពអត់ធន់ និង​កម្លាំងដែល​ខ្ញុំ​មាន ដោយសារ​ខ្ញុំ​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ការវាយ​ប្រហារ​ភ្លាមៗ​មួយ

ក្រឡេក​មើលក្រោយ​វិញ ខ្ញុំ​គួរតែ​បានមើលឃើញ​សញ្ញា​ខ្លះៗ ។ ទោះជា​យ៉ាងណា ព្រះ​អម្ចាស់​ប្រាប់​យើង​ថា ទ្រង់​នឹង « សម្តែង​ឲ្យ [ យើង ] ដឹង​ការ​ដែល​ត្រូវ​មក » តាម​រយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( យ៉ូហាន ១៦:១៣ ) ។ ដូច​ដែល​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា « ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បងប្អូន​បាន​ដោយ​ការព្រមាន​បងប្អូន​ជា​មុន​អំពី​គ្រោះ​ថ្នាក់​ខាង​រាង​កាយ និង​ខាង​វិញ្ញាណ » ។ ហើយ​ទ្រង់​ពិតជា​បាន​ជួយ​យើង​មែន ។

ខ្ញុំ​គ្រាន់​តែ​រត់​បាន​ពីរ​បី​នាទី ខ្ញុំ​បាន​សម្លឹង​មើល​ចុះក្រោម ហើយ​បាន​ឃើញ​អ្វី​មួយ ។ បេះដូង​ខ្ញុំ​លោត​យ៉ាងខ្លាំង​នៅពេល​ខ្ញុំ​បាន​ឃើញ​យ៉ាងច្បាស់​នូវ​ស្នាម​ដានជើង​សត្វ​ខ្លា​ឃ្មុំ​នៅលើ​ដី​នៅ​ខាងមុខ​ខ្ញុំ ។ វា​គឺ​ជា​ការ​ព្រមាន​មួយ​យ៉ាង​ច្បាស់ ។ ដោយ​ល្ងង់ខ្លៅ ខ្ញុំ​បាន​គិត​ថា​សត្វ​ខ្លា​ឃ្មុំ​ពិត​ជា​បាន​ឆ្លង​កាត់​ផ្លូវ​នេះ ប៉ុន្តែ​នៅពេល​ឥឡូវ​នេះ​ខ្ញុំ​នឹង​មាន​សុវត្ថិភាព​ហើយ ។ មិន​ចាំបាច់​បារម្ភ​ទេ​មែនទេ ? ដូច្នេះ​ខ្ញុំ​ក៏​បាន​បន្ត​រត់​ទៅមុខទៀត ។

មិន​ដល់​មួយ​ម៉ោង​ផង ខ្ញុំ​បាន​រត់​ឡើងលើ​ទួល​តូច​មួយ ហើយ​បាន​រត់​ចុះ​ទួល​មួយ​ចូលទៅ​ក្នុង​ព្រៃ​ដែលគេ​បាន​ឈូស​ឆាយ​មួយ​កន្លែង ។ នៅ​ពេល​ដែល​ខ្ញុំ​រត់​ជុំវិញ​ទួល​ខាង​ក្រោម​នោះ ខ្ញុំ​បាន​ឮ​សំឡេង​ឈើ​បាក់​យ៉ាង​ខ្លាំង ដែល​វា​ធ្វើ​ឲ្យ​សក់​នៅ​ខាង​ក្រោយ​ក​របស់​ខ្ញុំ​បះ​ឡើង ។ រំពេច​នោះ​ខ្ញុំ​ឈប់ ហើយ​សម្លឹង​មើល​ទៅ​ខាង​ឆ្វេងដៃ​របស់​ខ្ញុំ​យឺតៗ ។ បន្ទាប់​មក​ខ្ញុំ​បាន​ភាំង​ដោយ​ភាព​ភិតភ័យខ្លាច ។ សំឡេង​ដែល​ខ្ញុំ​បាន​ដឹង​យ៉ាង​លឿន​ថា​ជា​ការបាក់​មែកឈើ​នោះ​កំពុង​រត់​មករក​ខ្ញុំ​ដោយ​មាន​ល្បឿន​យ៉ាង​លឿន ។ បន្ទាប់​មក​ខ្ញុំ​មើល​ឃើញ​រូបភាព​មួយ​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ—សត្វ​ខ្លា​ឃ្មុំ​ធំ​ដ៏​កាចសាហាវ​មួយ​កំពុង​បោល​មករក​ខ្ញុំ !

ការ​វាយ​ប្រហារ​របស់​សត្វ​ខ្លា​ឃ្មុំ

ការ​វាយ​ប្រហារ​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​កើត​ឡើង​បន្ទាប់​មក​គួរ​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ។ ជាក់​ស្តែង​នោះ​គឺ​ជា​សត្វ​ខ្លា​ឃ្មុំ​ដែល​កាច​ខ្លាំងមួយ ដែល​ខ្ញុំ​មានការ​ភ្ញាក់​ផ្អើល​នៅពេល​ខ្ញុំ​បាន​រត់ចុះ​ទៅ​ទីវាល​យ៉ាងលឿន ។ ប៉ុន្តែ​នៅគ្រា​នោះ​ពេល​ខ្ញុំ​គិត​ថា​សេចក្ដី​ស្លាប់​គឺ​ពិត​ជា​មកដល់ ពេលនោះក៏មាន​ការ​អធិស្ឋាន​ដ៏​ស្មោះ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។ បន្ទាប់មក​សេចក្តី​មេត្តា​ករុណា​នៃ​ស្ថានសួគ៌​បាន​មកដល់ ។

ដោយ​មិន​ដឹង​មូលហេតុ​អ្វី សត្វ​ខ្លា​ឃ្មុំ​នោះ​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​យ៉ាងខ្លាំង​របស់​វា ហើយ​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ។ នោះ​គឺជា​ដំណឹង​ដ៏ល្អ ! ដំណឹង​អាក្រក់​នោះ​គឺ​ថា​ខ្ញុំ​មាន​របួស​ធ្ងន់ ១៦ កន្លែង​មកពី​ធ្មេញ និង​ក្រញាំ​សត្វខ្លាឃ្មុំ ហើយ​នៅ​ម្នាក់ឯង​នៅក្នុង​ព្រៃ​ដោយ​មាន​ឈាម​ជោគជាំ និង​នៅ ១១​ម៉ៃល ( ១៨​គីឡូម៉ែត្រ ) ពី​ផ្លូវ​ដែល​នៅជិត​សួនច្បារ​ដែល​ជិត​បំផុត​ដោយ​មិន​ឃើញ​មាន​ជំនួយ​ឡើយ ។

ពេលវេលា​នៃ​ការសម្រេចចិត្ត

ភ្លាម​នោះ​ខ្ញុំ​បាន​ដឹងថា​ខ្លួន​ឯង​នៅ​ចំណុច​មួយ​នៃ​ការ​ធ្វើការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ប្រសិន​បើ​ប្អូនមិន​ទាន់​មាន​ពេល​បែប​នេះ​ទេ សូម​ធានា​ថា​ប្អូន​នឹង​ជួប​ពេល​បែបនោះ ។ សេចក្ដី​លំបាក​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ សំណាងល្អ​ការវាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ​មិនមែន—យ៉ាងហោចណាស់​សម្រាប់​ពួកយើង​ភាគច្រើន​នោះទេ ! ប៉ុន្តែ​នៅ​ពេល​ណា​មួយ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​លើសលប់​ដោយ​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ​ដែល​ប្អូន​កំពុង​ប្រឈម​មុខ ។ វា​ជា​អារម្មណ៍​មួយ​ដែល​គ្មាន​សង្ឃឹម ដែល​ព្រះ​អម្ចាស់​ធ្លាប់​បាន​ពិពណ៌នា​យ៉ាង​ច្បាស់​ថា​ជា « ចង្កា​មាត់​នៃ​ស្ថាន​នរក » នឹង « ហារ​ត្របាក់​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧ ) ។

នៅ​ក្នុង​វិបត្តិ​ទាំង​នេះ​នៃ​ផ្លូវ​ជីវិត​របស់​ប្អូន នោះ​ប្អូន​មាន​ការ​សម្រេច​ចិត្ត​មួយ​ដើម្បី​ធ្វើ ។ ប្អូន​អាច​បោះបង់​ចោល ដេកចុះ ហើយ​ស្លាប់ ឬ​ប្អូន​អាច​ប្រមូល​​នូវ​ភាព​ក្លាហាន និង​កម្លាំង​របស់​ប្អូន​ទាំង​អស់ ហើយ​ប្រយុទ្ធ​យ៉ាង​ក្លាហាន​ដោយ​ទុក​ចិត្ត​ថា ប្រសិន​បើ​ប្អូននឹង​ធ្វើ​ចំណែក​របស់​ប្អូន នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​ចំណែក​របស់ទ្រង់ ។ ព្រះអម្ចាស់​បាន​ពន្យល់​អំពី​គោល​បំណង​នៃ​ការ​ឈឺចាប់​នៃ​ជីវិត​ទៅកាន់ យ៉ូសែប ស្ម៊ីធ ខណៈពេល​ដែល​លោក​ត្រូវ​បាន​គេ​ដាក់​គុក​នៅឯ​គុក​លិបើធី ៖ « គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៧ ) ។

ហើយ​ការណ៍​ទាំងនោះ​ផ្ដល់​ប្រយោជន៍​ដល់​ប្អូន ។ ការណ៍​ទាំងនោះ​រៀបចំ និង​កែ​លម្អ​ប្អូន​នៅ​ពេល​ដែល​ប្អូន​កាន់​តែ​រីក​ចម្រើន​ខ្លាំងឡើង និង​ស្ថាបនា​នូវ​ភាព​អត់ធន់ ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូលប្រាប់ យ៉ូសែប—ហើយ​ប្រាប់​ប្អូន​ថា ៖ « កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » នៅក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​សាកល្បង និង​សេចក្តី​លំបាក ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៩ ) ។ ពេល​ប្អូន​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់​នៅក្នុង​ជីវិត—ទោះជា​កាន់​ដោយ​ក្រចក​ដៃ​របស់​ប្អូន​ក៏ដោយ—ប្អូន​ក៏​រកឃើញ​សូម្បីតែ​កម្លាំង​តិចតួច​របស់​ប្អូន​ក្តី ក៏​ខ្លាំងជាង​ដែរ​បើ​ប្រៀប​ទៅនឹង​កម្លាំង​របស់​ព្រះអម្ចាស់ ។ ដូចដែល​បាន​សន្យា ទ្រង់​គឺ​មាន « ​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ »​( នីហ្វៃទី២ ៣១:១៩ ) ។

ចូរកាន់​ឲ្យខ្ជាប់

មែនហើយ​នោះ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ជំនួស​ឲ្យ​ការ​បោះបង់​ចោល ខ្ញុំ​បាន​សម្រេច​ចិត្ត ក្រោក ឡើង ។ ខ្ញុំ​បាន​តាំង​ចិត្ត​ដើម្បី​រស់ ដែល​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ទៅ​ស្វែងរក​ជំនួយ ។ ដោយ​ជំពប់​ដួល​ចុះ​តាម​ផ្លូវ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ាយល៍ នៅទី​បំផុត​ខ្ញុំ​បាន​ឆ្លង​កាត់​ផ្លូវ​ជាមួយ​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​ព្រៃ​នៅ​ថ្ងៃ​នោះ​អស់​ជា​ច្រើន​ម៉ាយល៍ ។ នៅ​ទី​បំផុត​ការជួប​ដ៏​អស្ចារ្យ​នោះ​បាន​នាំ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ ការ​វះ​កាត់​សង្គ្រោះ​ជីវិត​បី​ដង និង​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ពរជ័យ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ « កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ » ។

ម៉ៃឃើល អេ ដុន នៅ​ក្នុង​មន្ទីរ​ពេទ្យ

អែលឌើរ ដុន បាន​រក​ឃើញ​ជំនួយ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​មាន​ការ​វះ​កាត់​សង្គ្រោះ​ជីវិត​បី​ដង ។

បទពិសោធន៍​នេះ​បាន​បង្កើន​នូវ​ឥទ្ធិពល​របស់​ខ្ញុំ ការ​តាំង​ចិត្ត និង​សេចក្តី​ជំនឿ​របស់​ខ្ញុំ ។ វា​ក៏​បាន​ពង្រឹង និង​រៀបចំ​ខ្ញុំ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ផ្សេង​ទៀត​នៅក្នុង​ជីវិត​ផងដែរ ។ ខ្ញុំ​ប្រាកដ​ថា​នៅ​ពេល​ប្អូន « [ ទ្រាំ ] គ្រប់ ទាំង​អស់ [ ជឿ ] ទាំងអស់ [ សង្ឃឹម ] ទាំងអស់ [ ទ្រាំទ្រ ] ទាំងអស់ » ( កូរិនថូស ទី១ ១៣:៧ ), នោះ​ប្អូន​នឹង​ស្ថាបនា​ភាព​ធន់ និង​កម្លាំង​ដែល​ប្អូន​ត្រូវការ​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា ។ ប្អូន​នឹង​មើល​ឃើញ​ព្រះ​ហស្ត​របស់​ព្រះ​អម្ចាស់​ធ្វើ​ឲ្យ​ប្អូន​ស្មើ​នឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​ប្អូន—ទោះបី​ជា​វា​ជា « ចង្ការមាត់​នៃ​ស្ថាន​នរក » ក៏​ដោយ ។