ដើម្បី​កម្លាំង​នៃ​យុវជន
ពី​ការជំពុបដួល​ទៅជា​ជោគជ័យ
ខែ កក្កដា ឆ្នាំ ២០២៤


« ពី​ការជំពុបដួល​ទៅជា​ជោគជ័យ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។

ពី​ការជំពុបដួល ទៅជា​ជោគជ័យ

ប្អូន​មិន​គួរ​បោះបង់​ចោល​ឡើយ សូម្បី​តែ​នៅពេល​ប្អូន​ដួល​ក៏​ដោយ ។ ជឿ​ខ្ញុំទៅ ។

អ្នក​រត់​ប្រណាំង​រត់​ឆ្លង​កាត់​ខ្សែ​បន្ទាត់​បញ្ចប់

រូបថត​ពី​ការប្រកួត​ពានរង្វាន់​ជើងឯក Toyota USATF Outdoor ឆ្នាំ ២០២៣ នៅ ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៣ មកពី USATF

នៅ​ឆ្នាំ ២០២២ ខ្ញុំ​បាន​រត់​ប្រណាំង meter steeplechase ​​ដែល​មាន​ចម្ងាយ ៣០០០ ម៉ែត្រ នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ សហរដ្ឋ​អាមេរិក ។ ការ​ប្រកួត​នេះ​មាន​ប្រហែល​ប្រាំ​ពីរ​ជុំ​កន្លះ​នៅ​ជុំវិញ​ផ្លូវ​សម្រាប់​រត់ ហើយ​មាន​របាំង​ឈើ​ចំនួន​ប្រាំ​ក្នុង​មួយ​ជុំៗ ដែល​អ្នករត់​ត្រូវ​លោតរំលង រួម​ទាំង​របាំង​មួយទៀត​នៅមុន​រណ្តៅ​ទឹក ។

ខ្ញុំ​រត់​បាន​ពីរ​ជុំ​ក្នុង​ការ​ប្រកួត​នៅ​ពេល​ដែល​បុរស​នៅ​មុខ​ខ្ញុំ​បាន​ជំពប់​ដួល ហើយ​ខ្ញុំ​ស្ទើរ​តែ​រត់​ជាន់លើ​គាត់ ។ គាត់​បាន​លោត​ផុត​របាំង តែ​ខ្ញុំ​មិន​បាន​លោតផុត​ទេ—ខ្ញុំ​បាន​ដួល ។

ខ្ញុំ​បាន​ក្រោក​ឡើង​យឺតៗ​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ស្រងាកចិត្ត ។ ខ្ញុំ​បាន​គិត​ថា « តើ​ខ្ញុំ​បញ្ឈប់​ការរត់ ហើយ​គ្រាន់​តែ​ដើរចេញ​ពី​ផ្លូវរត់​នោះ​ឬ ? ប៉ុន្តែ​ខ្ញុំ​បាន​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជា​មុន​មកថា ខ្ញុំ​នឹង​បន្ត​ប្រសិន​បើ​ខ្ញុំ​ដួល ដូច្នេះ​ខ្ញុំ​បាន​ចាប់​ផ្តើម​រត់​ម្តង​ទៀត ។ ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន ទោះបី​ជា​ខ្ញុំ​មិន​បាន​ឈ្នះ​ក៏​ដោយ ។

ខ្ញុំ​ចំណាយ​ពេល​ពីរ​ជុំ​ទំរាំ​ខ្ញុំ​តាមទាន់​បុរស​ដែល​នៅ​ខាង​ក្រោយ​នៃ​ក្រុម​រត់​ខាង​មុខ ។ មិន​យូរ​ប៉ុន្មាន​នៅសល់​​បី​ជុំទៀត ហើយ​បន្ទាប់​មក​ពីរ​ជុំទៀត ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​អាចជាប់​ក្នុង​ចំណាត់ថ្នាក់​បី​នាក់​កំពូល​បាន ។ ប៉ុន្តែ​ខ្ញុំ​នឿយ​ហត់​ខ្លាំង​ណាស់ ហើយ​មាន​បុរស​ពីរ​បី​នាក់​បាន​រត់​ហួស​ខ្ញុំ​នៅពេល​សល់​ពាក់​កណ្តាល​ជុំ​ទៀត ។ ខ្ញុំ​ស្ថិត​នៅ​លំដាប់​ទី​បួន ប៉ុន្តែ​បន្ទាប់​មក​ខ្ញុំ​បាន​លោត​ទឹក​ចុង​ក្រោយ​បាន​ល្អ ។ ហើយ​ខ្ញុំ​បាន​គិត​ថា « អូ៎ ខ្ញុំ​អាច​ឈ្នះ​ការប្រណាំង​នេះ​បាន » ។

នៅ​ពេល​ដែល​ខ្ញុំ​រត់ ៥០ ម៉ែត្រ​ចុង​ក្រោយ នោះ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​នឹង​ឈ្នះ ។ វា​ជា​ថ្ងៃ​ដ៏​ពិសេស​ណាស់ ។ ខ្ញុំ​បាន​គិត​ថា « អស្ចារ្យណាស់ តើ​ខ្ញុំ​ពិត​ជា​ឈ្នះ​ការប្រកួត​នេះ​នៅ​ពេល​នេះ​មែន​ទេ ? » ហើយ​ខ្ញុំ​បាន​ឈ្នះ​មែន ។ ខ្ញុំ​បាន​ឈ្នះ​ការ​ប្រកួត​បន្ទាប់​ពី​ការដួល ។

ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា​មាន​មេរៀន​មួយ​ចំនួន​ដែល​យើង​អាច​រៀន ពី​អ្វី​ដែល​បាន​កើត​ឡើង ។

១. ចូរ​អត់ធ្មត់​នឹង​ខ្លួនឯង

ពេល​ខ្ញុំ​ដួល ខ្ញុំ​ចង់​រត់តាម​ឲ្យ​ទាន់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​គ្រប់គ្រង​ល្បឿន​ខ្លួន​ឯង ដើម្បី​ខ្ញុំ​មិន​បាក់​កម្លាំង ។ មាន​ព្រះគម្ពីរ​មួយ​ដែល​និយាយ​ថា « ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ » ( ហេព្រើរ ១២:១ ) ។ នៅក្នុង​ជីវិត ប្អូន​មិនចាំបាច់​ទទួល​បាន​ជោគជ័យ​ភ្លាម​ឡើយ ។ ពេល​ខ្លះ​វា​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ ។

២. បន្ត​ទៅ​មុខ

វា​ជា​រឿង​ធម្មតា​ដែល​មាន​អារម្មណ៍​ថា​ប្អូន​ចង់​បោះបង់​ចោល​ពេល​ខ្លះ ។ នៅពេលខ្ញុំ​ដួល ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​ឈ្នះ​បាន​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បន្ត​ប្រកួត​តទៅទៀត ។ មាន​សង្ឃឹម​ជានិច្ច​នៅពេល​ដែល​ប្អូន​ដួលចុះ—ប្អូន​គ្រាន់តែ​ត្រូវ​ក្រោកឡើង​ហើយ​ព្យាយាម​ម្តង​ទៀត ។ ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ប្អូន​តាម​រយៈ​ឧបសគ្គ​នានា​ដែល​ប្អូន​មាន ។ សូម​តោង​ឲ្យ​ជាប់​ទៅនឹង​អ្វី​ដែល​ប្អូន​ដឹង​ថា​ពិត ហើយ​ឈោង​ទៅ និង​សុំ​ជំនួយ​ពី​អ្នក​ដទៃ ។ នៅ​ទីបំផុត​អ្វីៗ​នឹង​កាន់​តែ​ប្រសើរ​ឡើង ។

៣. ពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​មិន​បាន​ធានា​ថា​នឹង​ឈ្នះ​ការ​ប្រកួត​ទេ​បន្ទាប់​ពី​ខ្ញុំ​បាន​ដួល​នោះទេ ។ ប៉ុន្ដែ​ពេល​យើង​ដួល​នៅក្នុង​ដំណឹងល្អ នៅពេល​យើង​ធ្វើ​កំហុស ឬ​អំពើ​បាប នោះ​យើង​អាច​មក​រក​ព្រះ​គ្រីស្ទ​ជានិច្ច ដោយ​ប្រែចិត្ត​ដោយ​ស្មោះ ហើយ​បាន​អភ័យទោស ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យក្រោក​ឡើង​វិញ ។ យើង​មាន​សក្តានុពល​ដ៏​អស្ចារ្យ—សក្តានុពល​ដើម្បី​ប្រែ​កា្លយ​ឲ្យ​ប្រសើរ​ជាង​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។ ទោះបី​ជា​យើង​ធ្លាក់​ចុះ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ប្រសិន​បើ​យើង​បន្ត​ប្រែ​ចិត្ត ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះ​សង្រ្គោះ នោះ​ទ្រង់ សន្យា​ថា យើង​អាច​ឈ្នះ​ការ​ប្រកួត​នៃ​ជីវិត​បាន ។