« ស្រលាញ់ការរៀនសូត្រ ស្រឡាញ់ការចែកចាយ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
ស្រលាញ់ការរៀនសូត្រ ស្រឡាញ់ការចែកចាយ
សម្រាប់ លៀម អិន មកពីប្រទេសដាណឺម៉ាក ដំណឹងល្អគឺជាផ្នែកមួយ នៃជីវិតដ៏សប្បាយ និងពេញលេញ ។
សាលា ឬការកម្សាន្ដ ? ការងារ ឬភាពសប្បាយរីករាយ ? ប្រហែលជាមានសំណួរល្អជាងនេះ ៖ ហេតុអ្វីបានជាត្រូវជ្រើសរើសយកតែមួយនេះ ? នៅពេលដែលគាត់អាចធ្វើបាន លៀម អិន ដែលមាន អាយុ ១៤ ឆ្នាំ មកពីប្រទេសដាណឺម៉ាកព្យាយាមស្វែងរកតុល្យភាពដ៏ល្អមួយ ។
គាត់និយាយថា ៖ « ខ្ញុំចូលចិត្តលេងតន្ត្រី » ។ « ខ្ញុំលេងហ្គីតា ស្គរ ខ្ទង់ខាងក្រោម ព្យាណូ និងអូគូឡេឡេ ។ ខ្ញុំគិតថាការលេងតន្ត្រីគឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ ។ ខ្ញុំក៏ចូលចិត្តលេងឲ្យអ្នកដទៃស្តាប់ដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តផងដែរ » ។
នៅពេលដែលគាត់ធុញនឹងតន្ត្រី អ្នកអាចឃើញ លៀម លេងបាល់ទាត់ បាល់បោះ ឬលេងអុកជាមួយមិត្តភក្តិរបស់គាត់ ។ គាត់និយាយថា ៖ « ខ្ញុំក៏ចូលចិត្តវិទ្យាសាស្ត្រ និងតារាវិទូផងដែរ » ។ « វាអស្ចារ្យណាស់ដែលមើលឃើញអ្វីៗទាំងអស់មានទំនាក់ទំនងគ្នាដូច្នោះ ។ ព្រះបានបង្កើតវាទាំងអស់នោះ ហើយវាអស្ចារ្យណាស់ » ។
ក្រៅពីការកម្សាន្ដរបស់គាត់ លៀម រកពេលដើម្បីខិតខំធ្វើការមិនថាដើរចែកកាសែតនៅជុំវិញតំបន់ជិតខាងរបស់គាត់ ឬការសិក្សាសម្រាប់សាលារៀននោះទេ ។
លៀម កំពុងរៀនធ្វើឲ្យមានតុល្យភាពនូវអ្វីដែលគាត់ត្រូវការ និងអ្វីដែលគាត់ចង់ធ្វើ ។ គាត់អាចជារវល់ ប៉ុន្តែមានរឿងមួយដែលគាត់ទុកពេលសម្រាប់ធ្វើរាល់ថ្ងៃ—គឺដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
គោលដៅប្រាំនាទី
លៀម និយាយថា ៖ « ថ្មីៗនេះខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងអានព្រះគម្ពីរមរមនយ៉ាងហោចណាស់មួយជំពូក—គ្រាន់តែមួយជំពូកប៉ុណ្ណោះ—ជារៀងរាល់ថ្ងៃ » ។ « វាចំណាយពេលប្រហែលជាប្រាំនាទី ។ ប៉ុន្តែវាផ្តល់ឲ្យខ្ញុំនូវការជំរុញបន្ថែម ដូច្នេះខ្ញុំសុខចិត្តទទួលយកសំនូមពរនោះ » ។
ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃបានជួយ លៀម ច្រើនជាងអ្វីដែលគាត់បានគិតទៅទៀត ។ « ពេលខ្លះនៅពេលខ្ញុំមានថ្ងៃមិនល្អ ការអានពីអ្វីដែលលួងលោមអាចធ្វើឲ្យខ្ញុំត្រលប់ទៅមានអារម្មណ៍ល្អវិញបាន ។ ប៉ុន្តែប្រសិនបើវាជាថ្ងៃដ៏ល្អវិញ វាក៏អាចរំឭកខ្ញុំឲ្យមានអំណរគុណផងដែរថាអ្វីៗកំពុងដំណើរការបានល្អ ។ ខ្ញុំរីករាយណាស់ដែលខ្ញុំអាចនៅជាប់នឹងគោលដៅរបស់ខ្ញុំបាន » ។
« នរណាមិនចង់បានអំណរ ? »
លៀម មានអំណរគុណចំពោះការគាំទ្រនៅពេលដែលគាត់ព្យាយាមកំណត់ពេលវេលាសម្រាប់ដំណឹងល្អ ។ « បងប្អូនបង្កើតរបស់ខ្ញុំ និងខ្ញុំគឺជាសមាជិកតែម្នាក់គត់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅសាលារបស់យើង ដូច្នេះមិត្តសំឡាញ់របស់ខ្ញុំជាច្រើនមិនមែនជាសមាជិកទេ ។ ប៉ុន្តែខ្ញុំគិតថាមានសហគមន៍ដ៏ល្អមួយនៅក្នុងសាសនាចក្រក្នុងប្រទេសដាណឺម៉ាក ។ មនុស្សគ្រប់គ្នាស្គាល់គ្នាយ៉ាងហោចណាស់បន្តិច ហើយវាល្អណាស់នៅពេលដែលយើងទាំងអស់គ្នាមកជួបជុំគ្នា » ។
ការមានមិត្តភក្តិដែលមានបទដ្ឋានផ្សេងគ្នាពេលខ្លះអាចជាការពិបាក ។ លៀម ពន្យល់ថា « ប្រទេសដាណឺម៉ាកគឺជាប្រទេសមួយដែលយុវជនជាច្រើនផឹកគ្រឿងស្រវឹងតាំងពីក្មេង » ។ « វាអាចជាការលំបាកក្នុងនាមជាយុវវ័យដើម្បីនិយាយបដិសេធទៅនឹងរឿងបែបនោះ » ។ ប៉ុន្តែ លៀម ព្យាយាមបើកចំហអំពីអ្វីដែលគាត់ជឿ ដូច្នេះអ្នកផ្សេងទៀតអាចយល់កាន់តែច្បាស់អំពីជម្រើសរបស់គាត់ ។
« ពេលខ្លះនៅសាលារៀននៅពេលយើងមានថ្នាក់រៀនអំពីសាសនាគ្រីស្ទ គ្រូបង្រៀន ឬមិត្តភក្តិបានសួរខ្ញុំអំពីជំនឿរបស់ខ្ញុំ ។ លៀម និយាយថា ខ្ញុំបានព្យាយាមពន្យល់វាតាមដែលខ្ញុំអាចធ្វើបាន ។ « ខ្ញុំក៏បានអញ្ជើញមិត្តសំឡាញ់ម្នាក់របស់ខ្ញុំទៅកាន់ពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំផងដែរ ។ ខ្ញុំបានឲ្យគាត់ និងម្តាយរបស់គាត់នូវព្រះគម្ពីរមរមន ហើយបាននិយាយជាមួយពួកគាត់អំពីអ្វីមួយចំនួនដែលខ្ញុំជឿ ។ វាអាស្រ័យលើពួកគាត់ក្នុងការសម្រេចចិត្តអំពីអ្វីដែលពួកគាត់ធ្វើជាមួយវា ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីអញ្ជើញអ្នកដទៃឲ្យមានអារម្មណ៍មានអំណរដូចដែលខ្ញុំមាន ព្រោះអីតើនរណាដែលមិនចង់បានអំណរនោះ ? »
ចាប់ផ្តើមចេញពីមិត្តភាព
លៀម ដឹងថាការពន្យល់អំពីអ្វីដែលគាត់ជឿ ឬផ្តល់ឲ្យមិត្តភក្តិនូវព្រះគម្ពីរមរមនគឺមិនមែនជាវិធីតែមួយគត់ដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។ ពេលខ្លះការអញ្ជើញអ្នកដទៃឲ្យមានអារម្មណ៍អំណរនៃដំណឹងល្អចាប់ផ្ដើមដោយសាមញ្ញចេញពីមិត្តភាព និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ។
លៀម និយាយថា « ខ្ញុំពិតជាចូលចិត្តដំណើររឿងរបស់ អាំម៉ូននៅក្នុងព្រះគម្ពីរមរមនណាស់ » ។ « ខ្ញុំគិតថាវាអស្ចារ្យណាស់ដែលលោកមិនទៅដល់ស្ដេចឡាម៉ូណៃភ្លាមហើយនិយាយថា ៖ ‹ ទ្រង់នឹងស្ដាប់នូវអ្វីដែលខ្ញុំជឿ › ផ្ទុយទៅវិញលោកបានក្លាយជាមិត្តភក្ដិដោយស្ងៀមស្ងាត់ជាមួយនឹងទ្រង់រហូតដល់ស្ដេចសួរទៅ អាំម៉ូនថា ‹ តើអ្នកអាចធ្វើយ៉ាងនេះដោយរបៀបណា ? › »
លៀម និយាយថា « យើងអាចស្ថាបនាទំនាក់ទំនងជាមួយនឹងអ្នកដទៃបានផងដែរ » ។ « ប្រហែលជាគេនឹងមករកយើង ហើយសួរថាតើអ្វីទៅដែលផ្តល់កម្លាំងបន្ថែមដល់យើង » ។
ជាពរជ័យមួយសម្រាប់ជីវិត
លៀម ពិតជាមានអារម្មណ៍ថាការរស់នៅតាមដំណឹងល្អបានផ្ដល់កម្លាំងបន្ថែមដល់គាត់ ។ វាបានប្រទានពរដល់ជីវិតរបស់គាត់ច្រើនជាងអុក តន្ត្រី កីឡា ឬរឿងល្អផ្សេងៗទៀតដែលគាត់ចំណាយពេលទៅលើ ។
គាត់និយាយថា ៖ « ខ្ញុំមានអំណរគុណដែលមានដំណឹងល្អនៅក្នុងជីវិតរបស់ខ្ញុំ ព្រោះខ្ញុំគិតថាខ្ញុំនឹងមិនក្លាយជាមនុស្សដូចនេះទេបើមិនដោយសារដំណឹងល្អនោះ » ។ « ខ្ញុំមានអារម្មណ៍ថាព្រះអម្ចាស់ស្គាល់ខ្ញុំច្បាស់ជាងខ្ញុំស្គាល់ខ្លួនឯងទៅទៀត ។ ខ្ញុំដឹងថាព្រះ និងព្រះគ្រីស្ទមានព្រះជន្មរស់ ។ ទ្រង់ទាំងទ្វេរបង្ហាញផ្លូវដែលយើងគួរទៅ ហើយជួយយើងឲ្យបានប្រសើរជាងមុន » ។