« បទពិសោធន៍នៃការវះកាត់បេះដូងចំហរ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។
បទពិសោធន៍នៃការវះកាត់បេះដូងចំហរ
ខ្ញុំពិតជាងប់ងុលនឹងកីឡាអត្តពលកម្មណាស់ ជាពិសេសកីឡាបាល់បោះ ។ ខ្ញុំចូលចិត្តការប្រកួតប្រជែងណាស់ ។ ហើយនេះជាផ្នែកមួយនៃមូលហេតុដែលខ្ញុំត្រូវប្រឈមមុខនឹងការវះកាត់បេះដូងចំហរយៈពេលប្រាំបីម៉ោងនៅពេលមានអាយុ ១៤ ឆ្នាំ ។
ខ្ញុំមានបព្ហាសន្ទះបេះដូងពីកំណើត ។ ដំបូងគ្រូពេទ្យបាននិយាយថាខ្ញុំប្រហែលជាត្រូវការការវះកាត់នៅពេលខ្ញុំចាស់—ប្រហែលជាក្រោយពីខ្ញុំចូលនិវត្តន៍ ។ ប៉ុន្តែមួយរយៈក្រោយមក បញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ភាគច្រើនដោយសារតែខ្ញុំលេងកីឡាខ្លាំងពេក ។
ក្នុងអំឡុងពេលទៅជួបជាមួយនឹងពេទ្យនៅរដូវស្លឹកឈើជ្រុះ គ្រូពេទ្យបាននិយាយថា ខ្ញុំប្រហែលជាត្រូវការការវះកាត់នៅឆ្នាំក្រោយ ឬពីរឆ្នាំទៀត ។ នៅពេលនោះ ខ្ញុំត្រូវប្រកួតការរត់ប្រណាំង cross-country នៅសាលា ។ ប៉ុន្តែជំនួសឲ្យមានអារម្មណ៍ល្អនៅពេលរត់ នោះសុខភាពបែរជាកាន់តែយ៉ាប់ទៅវិញ ។ នេះគឺជាពេលខ្ញុំដឹងថាមានអ្វីមួយខុសប្រក្រតីពិតប្រាកដណាស់ ។
យើងបានទៅជួបគ្រូពេទ្យម្តងទៀតនៅខែមិនា ។ អំឡុងពេលទៅជួបពេទ្យ ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែធ្វើការវះកាត់ឲ្យកាន់តែឆាប់ជាងអ្វីដែលយើងបានគ្រោងទុក ។ ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ខាងវិញ្ញាណដ៏កក់ក្ដៅនៅក្នុងចិត្ត ។ វិវរណៈផ្ទាល់ខ្លួននោះបាននាំឲ្យខ្ញុំមានការលួងលោមចិត្តមួយចំនួន ។ ភ្លាមនោះខ្ញុំបានឮខ្លួនឯងនិយាយថា ខ្ញុំចង់ធ្វើការវះកាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ដំបូងឪពុកម្តាយរបស់ខ្ញុំមានការភ័យខ្លាចបន្តិច ប៉ុន្តែខ្ញុំបានប្រាប់ពួកគាត់ថា « ខ្ញុំមានអារម្មណ៍សុខសាន្ត ។ តើយើងធ្វើការវះកាត់នេះនៅពេលណាដែរ » ? យើងបានដាក់ថ្ងៃសម្រាប់ធ្វើការវះកាត់នៅខែមេសា ។
នៅគ្រាលំបាកទាំងនោះ ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទតែងតែនៅទីនោះជាមួយខ្ញុំ ។ ខ្ញុំអាចអធិស្ឋានជានិច្ចដល់ព្រះវរបិតាសួគ៌ ហើយការណ៍នោះបានជួយខ្ញុំ ។
ខ្ញុំមានសេចក្តីជំនឿថាអ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ ប៉ុន្តែថ្ងៃនៃការវះកាត់នៅតែគួរឲ្យខ្លាចដដែល ។ វាធ្វើឲ្យខ្ញុំភ័យខ្លាចនៅពេលដើរចូលទៅក្នុងបន្ទប់នោះ ។ ខ្ញុំចាំថាខ្ញុំញ័រដៃញ័រជើង ។ ពេទ្យចាក់ថ្នាំស្ពឹករបស់ខ្ញុំពិតជាបានជួយខ្ញុំនៅពេលនោះ ។ ខ្ញុំសូមអរគុណចំពោះមនុស្សទាំងអស់ដែលបានជួយខ្ញុំក្នុងបទពិសោធន៍ទាំងមូលនោះ ។ ខ្ញុំក៏មានជំនួយមកពីស្ថានសួគ៌ផងដែរ ។ ឧទាហរណ៍ វួដទាំងមូលរបស់ខ្ញុំបានធ្វើការតមអាហារសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាមានអារម្មណ៍ពីអំណាចនៃការតមអាហារ និងការអធិស្ឋាន ។
សព្វថ្ងៃនេះបេះដូងរបស់ខ្ញុំដើរបានល្អណាស់ ។ ប្រសិនបើខ្ញុំមិនបានវះកាត់នៅថ្ងៃនោះទេ ខ្ញុំអាចស្លាប់ក្នុងរយៈពេលពីរឆ្នាំ ។ ឥឡូវនេះខ្ញុំមានការរំពឹងទុកនូវជីវិតពេញលេញមួយ ។
បទពិសោធន៍ទាំងមូលនេះបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំ ។ ខ្ញុំមើលឃើញមនុស្សគ្រប់គ្នាតាមរបៀបផ្សេងនៅពេលពួកគេឆ្លងកាត់ការសាកល្បងរបស់ពួកគេ ។ ខ្ញុំមានអារម្មណ៍អាណិតអាសូរកាន់តែខ្លាំងចំពោះពួកគេ ។ ជួនកាលខ្ញុំនឹងមើលឃើញនរណាម្នាក់ ហើយដឹងថាពួកគេកំពុងដោះស្រាយនឹងអ្វីដែលពិបាក ហើយបន្ទាប់មកខ្ញុំទៅជួយដល់ពួកគេ ។
ចំពោះខ្ញុំការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពិតជាមានន័យថា ធ្វើជាគំរូមួយដល់អ្នកដទៃ ហើយប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដូចជាទ្រង់នឹងធ្វើដែរ ។ យើងទាំងអស់គ្នានឹងជួបរឿងទាំងនេះដូចគ្នា ។ ព្រះគឺជាព្រះបិតារបស់យើង ហើយយើងគឺជាបុត្រា និងបុត្រីរបស់ទ្រង់ ។ មនុស្សគ្រប់គ្នាមានគោលបំណង និងតម្លៃ ។ មានរឿងអវិជ្ជមានជាច្រើន ដូច្នេះខ្ញុំព្យាយាមជួយមនុស្សឲ្យញញឹម និងមានភាពវិជ្ជមាន ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ខ្ញុំអាចទទួលបានការណែនាំផ្ទាល់ខ្លួនមកពីព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ។ ទ្រង់អាចធ្វើឲ្យខ្ញុំកាន់តែរឹងមាំក្នុងនាមជាមនុស្សម្នាក់ ហើយផ្តល់ឲ្យខ្ញុំនូវភាពអត់ធន់ ។ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទ ( សូមមើល ភីលីព ៤:១៣ ) ។