ដើម្បី​កម្លាំង​នៃ​យុវជន
ភ្ជាប់
ខែ កក្កដា ឆ្នាំ ២០២៤


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៤ ។

ភ្ជាប់

រីណាតា ប៊ី

អាយុ ១២ ឆ្នាំ មកពី​ឡាប៉េ ប្រទេស​បូលីវី

យុវនារី

នៅ​សាលា​រៀន ខ្ញុំ​ត្រូវ​បាន​គេ​សម្លុត​ធ្វើ​បាប និង​ត្រូវ​គេ​គំរាម​តាម​អ៊ីនធឺណិត ។ ខ្ញុំ​បាន​ប្រាប់​ឪពុកម្ដាយ​របស់ខ្ញុំ​អំពី​អ្វី​ដែល​បាន​កើតឡើង ហើយ​ពួកគាត់​បាន​ជួយខ្ញុំ ។ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​បាន​អធិស្ឋាន​ទៅកាន់​ព្រះ​វរបិតា​សួគ៌ ដើម្បី​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជាមួយនឹង​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ថា​ខ្ញុំ​នឹង​មាន​ភាព​រឹង​មាំ​ដើម្បី​ប្រឈម​មុខ​ទៅនឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់ ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ហើយ​ឥឡូវ​នេះ​អ្វីៗ​កាន់​តែ​ប្រសើរ​ឡើង ។ ខ្ញុំ​កំពុង​រៀន​អភ័យ​ទោស​ដល់​អ្នក​ដែល​សម្លុត​ខ្ញុំ ហើយ​មិន​មាន​ការ​ខឹងសម្បារ ។

ខ្ញុំ​មាន​បទពិសោធន៍​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ជួយ​ខ្ញុំ ។ ខ្ញុំ​តែង​តែពោលពាក្យ​អធិស្ឋាន​នៅ​ពេល​ខ្ញុំ​មាន​ការ​សម្តែង​របាំ​បាឡេ ដោយសារ​ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ។ វា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ស្ងប់​ក្នុង​ការ​គិត​អំពី​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​ក៏​បាន​ហាត់​ព្យាណូ​រហូត​ដល់​ខ្ញុំ​អាច​លេង​នៅ​ព្រះវិហារ​បាន​ផងដែរ ។ ទោះបី​ជា​ខ្ញុំ​មិន​បាន​លេង​វា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ក៏ខ្ញុំ​បាន​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព ហើយ​បាន​ឃើញ​ពរ​មកពី​ព្រះ​អម្ចាស់ ។