ដើម្បី​កម្លាំង​នៃ​យុវជន
របៀប ៧ យ៉ាង​ដើម្បី​មើល​ទៅ​ព្រះគ្រីស្ទ
ខែមករា ឆ្នាំ២០២៥


បាវចនា​យុវវ័យ ឆ្នាំ២០២៥

របៀប ៧ យ៉ាង​ដើម្បី មើល​ទៅ​ព្រះគ្រីស្ទ

សូម​សាកល្បង​ទម្លាប់​ទាំងនេះ​ដើម្បី​តម្រង់​ចក្ខុវិស័យ​របស់​អ្នក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។

ការអនុវត្ត​បាវចនា​យុវវ័យ​ឆ្នាំ​នេះ—« មើល​ទៅ​ព្រះគ្រីស្ទ »—បង្ហាញ​ពី​ឧបសគ្គ​បន្តិច​ផងដែរ ។ តើ​យើង​មើល​ទៅ​ឯ​នរណា​ម្នាក់​ដែល​មិន​មាន​វត្តមាន​ខាងរាងកាយ​ដោយផ្ទាល់​តាម​របៀបណា ? ចាប់ផ្តើម​ពី​ទម្លាប់​ទាំង​ប្រាំពីរ​នេះ ។

ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​អគារ​ខ្ពស់ៗ

១. ចាំ​ថា​ទ្រង់​មិន​លាក់​ព្រះកាយ​ទេ

មែនហើយ ប្អូនៗ​ត្រូវតែ​រកមើល​ទ្រង់ ។ ប៉ុន្តែ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រកឃើញ​ទ្រង់ ។ វា​មិន​មែន​ជា​ល្បែង​បិទពួន​ទេ ។ ព្រះអម្ចាស់​មាន​ព្រះទ័យ​អន្ទះសា​ប្រទាន​ពរ​ដល់​ប្អូនៗ—តាមពិត វា​ធ្វើ​ឲ្យ​ទ្រង់​មាន​ព្រះទ័យ​រីករាយ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤១:១ ) ។ ទ្រង់​មិន​ស្វែងរក​ហេតុផល​ដើម្បី​ដកហូត​ភាពស័ក្តិសម​របស់​ប្អូនៗ​ឡើយ ។ ផ្ទុយ​ទៅវិញ ៖ ទ្រង់​តែងតែ​ព្យាយាម​ប្រទានពរ​ដល់​ប្អូនៗ​ជានិច្ច ។ ដូច​ដែល​អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ទាំង​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ទេ [ ព្រះអង្គ​សង្គ្រោះ ] មិន​ដាក់​របាំង​ផ្លូវ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ដក​យក​វា​ចេញ​វិញ ។ ទ្រង់​មិន​បណ្ដេញ​បងប្អូន​ចេញ​ឡើយ ប៉ុន្តែ​ទ្រង់​ស្វាគមន៍​បងប្អូន​ឲ្យ​ចូល​មកវិញ ។ ការងារបម្រើ​ទាំងស្រុង​របស់​ទ្រង់​គឺជា​ការប្រកាស​ដ៏​រស់រវើក​មួយ​អំពី​ព្រះរាជ​បំណង​នេះ » ។

យុវនារី

២. ទទួលស្គាល់​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ប្អូនៗ

ព្រះអម្ចាស់​ពេញព្រះទ័យ​ពេល​យើង « ទទួល​ស្គាល់​ព្រះហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំងអស់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:២១ ) ។ ដូច្នេះ សូម​ប្រាកដ​ថា​ប្អូនៗ​ទទួលស្គាល់​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ប្អូនៗ ! សូម​អរគុណ​ទ្រង់ ពេល​អ្វីៗ​ដំណើរការ​ល្អ​សម្រាប់​ប្អូនៗ ហើយ​ស្វែងរក​សេចក្ដី​សុខសាន្ត និង​ការយល់ដឹង នៅពេល​ដែល​អ្វីៗ​មិន​ដំណើរការ​ល្អ ។

រូបបេះដូង

៣. មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ប្អូនៗ​មាន

ទន្ទឹម​នឹង​ការទទួលស្គាល់​ឥទ្ធិពល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ប្អូនៗ វា​ក៏​សំខាន់​ផងដែរ​ក្នុង​ការមាន​អារម្មណ៍—និង​បង្ហាញ—ការដឹងគុណ ។ ប្អូនៗ​ប្រហែល​ជា​មិន​បាន « ឃើញ » ព្រះអង្គ​សង្គ្រោះ​នឹង​ភ្នែកផ្ទាល់​ទេ តែ​ប្អូនៗ​អាច​មើលឃើញ​ពរជ័យ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ប្អូនៗ ! អែលឌើរ ហ្គែរី ប៊ី សាប៊ីន នៃ​ពួក​ចិតសិប​នាក់ បាន​មាន​ប្រសាសន៍​ថា « យើង​នឹង​គ្មាន​អំណរ​ទេ បើ​យើង​មិន​ចេះ​ដឹងគុណ​នោះ » ។ សូម​អរព្រះគុណ​ព្រះអម្ចាស់​រាល់​ថ្ងៃ​សម្រាប់​ពរជ័យ​របស់​ប្អូនៗ ។ ពេល​ប្អូនៗ​មាន​អារម្មណ៍​ធ្លាក់​ចុះ សូម​ធ្វើតាម​ដំបូន្មាន​ក្នុង​ទំនុកតម្កើង​ចាស់ ៖ « ចូរ​រាប់​ព្រះ​ពរ​ទ្រង់​ផ្តល់​រាប់​មួយ​ម្តង​មួយ​ម្តង នោះ​នឹង​នឹក​អរ​ឡើង​ដោយ​ឃើញ​ព្រះ​គុណ​ព្រះ​អង្គ » ។

យុវជន​កំពុង​អធិស្ឋាន

៤. អធិស្ឋាន​ជារៀង​រាល់ថ្ងៃ

ប្អូនៗ​នឹង​អាច « ឃើញ » ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់​ពេញ​មួយ​ថ្ងៃ ប្រសិន​បើ​ប្អូនៗ​ចាប់ផ្តើម​ដោយ​ការនិយាយ​ជាមួយ​ព្រះវរបិតាសួគ៌ ។ ទូល​សូម​ទ្រង់​ជួយ​ប្អូនៗ​ឲ្យ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ហើយ​កត់សម្គាល់​អំពី​ឥទ្ធិពល​របស់​ទ្រង់​ក្នុង​ជីវិត​របស់​ប្អូនៗ ។ ប្អូនៗ​អាច​អធិស្ឋាន​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​ប្អូនៗ​ចង់​អធិស្ឋាន​អំឡុង​ពេល​ថ្ងៃ ។ ហើយ​មុន​ពេល​ចូល​ដំណេក សូម​អធិស្ឋាន​ម្តង​ទៀត​ដើម្បី​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​ថា​អ្វីៗ​បាន​ដំណើរការ​ទៅ​យ៉ាង​ណា ។ ទ្រង់​មិន​ដែល​ធុញទ្រាន់​ក្នុង​ការឮ​ពី​ប្អូនៗ​ទេ !

យុវនារី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

៥. ទន្ទេញ​បទគម្ពីរ និង​ទំនុកតម្កើង

វិធី​មួយ​ដើម្បី​រក្សា​គំនិត​របស់​ប្អូនៗ​ឲ្យ​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ចាំ​ពាក្យ​នៃ​បទគម្ពីរ ឬ​ទំនុកបទ​នៃ​ចម្រៀង​លើកស្ទួយ​មួយ​ដែល​ប្អូនៗ​ចូលចិត្ត ។ សូម​ហាត់​ចងចាំ​វា ពេល​ប្អូនៗ​មាន​អារម្មណ៍​ថា​គំនិត​អវិជ្ជមាន​កំពុង​ជ្រាប​ចូល​ក្នុង​ខួរក្បាល​របស់​ប្អូនៗ ។ ជាញឹកញាប់​គ្រាន់តែ​ការនឹកឃើញ ( និង​ច្រៀង​ដោយ​ស្ងៀមស្ងាត់ ) នូវ​ចំណងជើង​នៃ​ទំនុកតម្កើង​មួយ ប្រហែលជា​គ្រប់គ្រាន់​ដើម្បី​បង្វែរ​គំនិត​របស់​ប្អូនៗ ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ « ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច » ។ « សូម​ទុក​ចិត្ត​ទ្រង់ » ។

ព្រះយេស៊ូវ​គ្រីស្ទ

៦. មើល​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ

សូម​ស្វែងរក​រូបគំនូរ​សិល្បៈ​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ប្អូនៗ​ចូលចិត្ត បន្ទាប់​មក​ដាក់​វា​នៅ​កន្លែង​ដែល​ប្អូនៗ​នឹង​ឃើញ​វា​ជា​ញឹកញាប់ ។ កន្លែង​មួយ​ចំនួន​អាច​រួមមាន​ជញ្ជាំង​បន្ទប់​គេង កញ្ចក់​បន្ទប់​ទឹក ទូនៅ​សាលា​របស់​ប្អូនៗ ឬ​ដាក់​វា​ជា​ផ្ទៃ​ខាង​ក្រោយ​នៅ​លើ​កុំព្យូទ័រ ឬ​អេក្រង់​ដើម​នៃ​ទូរសព្ទ​របស់​ប្អូនៗ​ជាដើម ។

ផែនដី

៧. មើល​ពិភពលោក​ជុំវិញ​ប្អូនៗ

វា​ស្រស់ស្អាត ! ហើយ​ព្រះអង្គ​សង្គ្រោះ​បាន​បង្កើត​វា​សម្រាប់​ប្អូនៗ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៤:៩ ) ! យើង​មិន​ដឹង​ពី​មូលហេតុ​ដែល​​ផែនដី ត្រូវតែ ​ស្រស់ស្អាត​នោះ​ទេ ។ ប្រហែល​ជា​យើង​អាច​ប្រើ​ជីវិត​រមែង​ស្លាប់​នៅក្នុង​ពិភព​មួយ​ដែល​រាបស្មើ រាង​ការ៉េ និង​មាន​ពណ៌​ប្រផេះ ។ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​សង្គ្រោះ​បាន​បង្កើត​ពិភពលោក​មួយ « សម្រាប់​ផល​ប្រយោជន៍ និង​ការប្រើប្រាស់​របស់​មនុស្ស ទាំង​ដើម្បី​ផ្គាប់​ភ្នែក និង​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​អរ​សប្បាយ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:១៨ ) ។ និយាយ​ម្យ៉ាង​ទៀត គឺ​ផែនដី​ស្រស់​ស្អាតណាស់​ព្រោះ​អ្វី​ដែល​ស្រស់ស្អាត​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ។ ប្រសិន​បើ​ប្អូនៗ​ចង់​ចងចាំ​ព្រះអង្គ​សង្គ្រោះ នោះ​គ្រាន់តែ​មើល​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ ។