សំឡេងយុវវ័យ
ការលំបាករបស់ខ្ញុំជាមួយនឹងរូបរាងខ្លួនឯង
ប៉ូលីណា អិម អាយុ ១៨ ឆ្នាំ ទីក្រុងផូដឡាស៊ី ប្រទេសប៉ូឡូញ
ចូលចិត្តលេងវីយូឡុង លេងព្យាណូ និងអានប្រលោមលោក ។
នៅអនុវិទ្យាល័យ ខ្ញុំមានការលំបាកជាខ្លាំងជាមួយនឹងរូបរាងខ្លួនឯង ហើយព្យាយាមឲ្យចុះចំណោមនឹងគេ ។ ខ្ញុំបានព្យាយាមហាត់ប្រាណដើម្បីឲ្យបានរាងជាក់លាក់មួយ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តនឹងរូបភាពនៅក្នុងកញ្ចក់នោះទេ ។
បន្ទាប់មក បងស្រីខ្ញុំបានទទួលពររបស់លោកអយ្យកោរបស់គាត់ ហើយខ្ញុំបានចាប់ផ្ដើមគិតពីការទទួលបានពររបស់លោកអយ្យកោរបស់ខ្ញុំផងដែរ ។ ខ្ញុំមានអាយុ ១២ ឆ្នាំ ហើយដំបូងខ្ញុំបានគិតថាខ្ញុំប្រហែលជានៅក្មេងពេក ។ ប៉ុន្តែខ្ញុំបានអធិស្ឋាន ហើយបាននិយាយជាមួយប៊ីស្សពរបស់ខ្ញុំ ហើយមានអារម្មណ៍ថាត្រឹមត្រូវ ។
ពររបស់លោកអយ្យកោរបស់ខ្ញុំបានរំឭកខ្ញុំថា ព្រះវរបិតាសួគ៌បានដឹងពីខ្ញុំ ហើយថាទ្រង់ជ្រាបដឹងពីការលំបាកដែលខ្ញុំឆ្លងកាត់ ។ ទ្រង់ស្គាល់ឈ្មោះខ្ញុំផ្ទាល់ ។ ទ្រង់គង់នៅទីនោះដើម្បីជួយខ្ញុំ ប្រសិនបើខ្ញុំគ្រាន់តែមានឆន្ទៈទូលសូមជំនួយពីទ្រង់ ។
ពេលខ្លះបងប្អូនអាចមើលមកខ្លួនឯង ហើយគិតថា បងប្អូនមិនល្អគ្រប់គ្រាន់តាមបទដ្ឋានពិភពលោកទេ ។ ប៉ុន្តែខ្ញុំបានរៀនដោយខ្លួនឯងថា ទស្សនៈរបស់ព្រះចំពោះខ្ញុំគឺសំខាន់ជាងអ្នកផ្សេងទៀត ។ ហើយបើខ្ញុំដឹងថា ព្រះទតឃើញខ្ញុំថាជាបុត្រីរបស់ទ្រង់ នោះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ ។