ចូរមកតាមខ្ញុំ
ការយល់អំពី ដំណើររឿងការនិមិត្តដំបូង របស់ យ៉ូសែប ស្ម៊ីធ
តើមានអ្វីខុសគ្នាក្នុងដំណើររឿងទាំងបួននៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ? ហេតុអ្វីបានជាដំណើររឿងទាំងនេះខុសគ្នា ? ហើយតើដំណើររឿងទាំងនេះអាចបង្រៀនយើងអ្វីខ្លះ ?
តើក្មួយៗធ្លាប់ព្យាយាមប្រាប់នរណាម្នាក់អំពីបទពិសោធន៍ខាងវិញ្ញាណដែរឬទេ ? តើក្មួយៗបានបញ្ចូលព័ត៌មានលម្អិតអ្វីខ្លះ ? តើក្មួយៗមិនបានបញ្ចូលព័ត៌មានលម្អិតអ្វីខ្លះ ? តើក្មួយៗគិតថា ក្មួយៗនឹងប្រាប់រឿងនេះខុសគ្នាដែរឬទេ ប្រសិនបើក្មួយៗប្រាប់វាទៅមិត្តភក្តិម្នាក់ នៅក្នុងការប្រជុំសាក្រាម៉ង់ ឬទៅនរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
សំណួរទាំងនេះគឺសំខាន់ នៅពេលគិតអំពីរបៀបដែល យ៉ូសែប ស្ម៊ីធ បានពន្យល់ពីការនិមិត្តអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលលោកបានមាននៅទីក្រុង ញូវ យ៉ក ក្នុងឆ្នាំ១៨២០ ។ យ៉ូសែបបានចែកចាយបទពិសោធន៍នេះជាច្រើនដង ។ ថ្ងៃនេះ យើងមានដំណើររឿងផ្ទាល់ខ្លួនបួនរបស់យ៉ូសែប ៖
-
ប្រវត្តិផ្ទាល់ខ្លួនមួយដែលយ៉ូសែបបានសរសេរនៅកៀកនឹងរដូវក្តៅ ឆ្នាំ១៨៣២ ។ យ៉ូសែបបានពន្យល់ថា លោកបានទៅព្រៃដើម្បីអធិស្ឋាន ដោយព្រោះលោកច្របូកច្របល់អំពីរឿងខាងវិញ្ញាណ ។ លោកក៏ចង់បានការអភ័យទោសដល់អំពើបាបរបស់លោកផងដែរ ។
-
ទិនានុប្បវត្តិ ឆ្នាំ១៨៣៥ របស់យ៉ូសែប ។ លោកអាចារ្យម្នាក់ឈ្មោះ រ៉ូប៊ឺត ម៉ាធ្យូស៍ បានមកកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ គាត់ចង់និយាយជាមួយយ៉ូសែបអំពីរឿងសាសនា ដូច្នេះយ៉ូសែបបានប្រាប់គាត់អំពីការនិមិត្តរបស់លោក ។ វ៉រិន ផារីស ដែលកំពុងរក្សាទិនានុប្បវត្តិរបស់យ៉ូសែប បានសរសេរនូវអ្វីដែលយ៉ូសែបបាននិយាយ ។
-
ប្រវត្ដិសាស្ដ្រសាសនាចក្រជាផ្លូវការដែលយ៉ូសែបបានចាប់ផ្តើមនៅឆ្នាំ១៨៣៨ ។ លោកបាននិយាយអំពីការនិមិត្តដំបូង ជាផ្នែកមួយនៃរបៀបដែលសាសនាចក្រត្រូវបានស្តារឡើងវិញ ។ ដំណើររឿងនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងគម្ពីរ មុក្តាដ៏មានតម្លៃមហិមា ។
-
សំបុត្រមួយដែលយ៉ូសែបបានសរសេរនៅឆ្នាំ១៨៤២ ។ អ្នកកាសែតម្នាក់ឈ្មោះ យ៉ូហាន វែនវើស បានសុំឲ្យយ៉ូសែបពន្យល់ពីរបៀបដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានកើតឡើង ។ យ៉ូសែបបានឆ្លើយតបនៅក្នុងលិខិតមួយ ហើយបានបញ្ចូលព័ត៌មានអំពីការនិមិត្តដំបូង ។
ដំណើររឿងនីមួយៗត្រូវបានធ្វើឡើងនៅពេលផ្សេងគ្នា សម្រាប់អ្នកស្ដាប់ផ្សេងៗគ្នា ។ យ៉ូសែបមានគោលបំណងផ្សេងគ្នាសម្រាប់ក្រុមអ្នកស្ដាប់នីមួយៗ ។ ប៉ុន្តែពេលយើងអានវាជាមួយគ្នា យើងទទួលបានរូបភាពដ៏សម្បូរបែប និងច្បាស់ជាងមុន អំពីបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ ។
តើមានអ្វីខុសគ្នា ?
ដំណើររឿងទាំងអស់នេះមានព័ត៌មានលម្អិតខុសគ្នាមួយចំនួន ។ នៅក្នុងដំណើររឿងឆ្នាំ១៨៣២ យ៉ូសែបផ្តោតលើបំណងប្រាថ្នារបស់លោកក្នុងការទទួលបានការអភ័យទោសដល់អំពើបាបរបស់លោក ។ លោកមិនបាននិយាយជាពិសេសអំពីការចង់ដឹងថា ព្រះវិហារមួយណាជាព្រះវិហារពិតនោះទេ ។ លោកនិយាយអំពីរបៀបដែល « ព្រះអម្ចាស់ » បង្ហាញព្រះកាយដល់លោក—លោកមិនបានកំណត់អត្តសញ្ញាណព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយឡែកពីគ្នានោះទេ ។
ដំណើររឿងឆ្នាំ១៨៣៥ និងឆ្នាំ១៨៣៨ លើកឡើងអំពីកម្លាំងអាក្រក់មួយ ដែលព្យាយាមរារាំងយ៉ូសែបមិនឲ្យអធិស្ឋាន ។ ដំណើររឿងឆ្នាំ១៨៣៥ របស់យ៉ូសែបនិយាយថា មានតួអង្គពីរ ព្រមទាំងពួកទេវតាផងបានយាងមកជួបលោក ។ ដំណើររឿងឆ្នាំ១៨៣៨ និងឆ្នាំ១៨៤២ ក៏បានលើកឡើងអំពីតួអង្គពីរផងដែរ ដែលមួយអង្គក្នុងចំណោមនោះត្រូវបានកំណត់អត្តសញ្ញាណយ៉ាងជាក់លាក់ថាជាព្រះយេស៊ូវគ្រីស្ទ ។ ដំណើររឿងទាំងពីរនេះគូសបញ្ជាក់ពីការស្វែងរកសាសនាចក្រពិតរបស់ យ៉ូសែប ។
ហេតុអ្វីបានជាមានភាពខុសគ្នា ?
មានហេតុផលមួយចំនួនសម្រាប់ភាពខុសគ្នានៅក្នុងដំណើររឿងទាំងនេះ ។
ធម្មជាតិនៃការចងចាំ
ពេលខ្លះយើងគិតថា ការចងចាំរបស់យើងតែងតែនៅដដែល ។ ប៉ុន្តែនោះមិនមែនជារបៀបដែលការចងចាំដំណើរការឡើយ ។ យើងចងចាំរឿងផ្សេងៗគ្នា ពេលយើងកាន់តែចាស់ទៅ ។ អ្វីដែលបានកើតឡើងពីមុនអាចមានអត្ថន័យផ្សេង ដោយសារតែមានបទពិសោធន៍ជីវិតបន្ថែម ។ ការចងចាំជាស្នូលនៅតែមាន ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនអាចផ្លាស់ប្ដូរ ។ នោះមិនមែនមានន័យថា ការចងចាំរបស់យើងមិនពិត ឬមិនត្រឹមត្រូវនោះទេ គ្រាន់តែផ្នែកនោះលេចធ្លោជាងនៅពេលផ្សេងៗគ្នា ។
គោលបំណងខុសគ្នា
យ៉ូសែបមានហេតុផលជាច្រើនក្នុងការប្រាប់ពីរឿងរបស់លោក ។ នៅឆ្នាំ១៨៣២ លោកបានកត់ត្រាដំណើររឿងផ្ទាល់ខ្លួនមួយ ដូច្នេះលោកបានផ្តោតខ្លាំងជាងទៅលើអ្វីដែលការនិមិត្តដំបូងមានន័យចំពោះលោកផ្ទាល់ ។ នៅឆ្នាំ១៨៣៨ និងឆ្នាំ១៨៤២ លោកបាននិយាយអំពីការនិមិត្តដំបូង ជាផ្នែកមួយនៃរបៀបដែលសាសនាចក្របានកើតឡើង ។ ដូច្នេះលោកបានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់លោកក្នុងការដឹងថា ព្រះវិហារមួយណាពិត ។
អ្នកស្ដាប់ផ្សេងគ្នា
រ៉ូប៊ឺត ម៉ាធ្យូស៍ និង យ៉ូហាន វែនវើស មិនមែនជាសមាជិកនៃសាសនាចក្រទេ ។ យ៉ូសែបចាំបាច់ត្រូវពិពណ៌នារឿងរ៉ាវខុសគ្នាដល់ពួកគេ ។ លោកបានប្រាប់អំពីដំណើររឿងឆ្នាំ១៨៣៨ ដោយផ្ដោតទៅកាន់សមាជិកសាសនាចក្រជាង ។ លោកប្រហែលជាបានគិតថា ដំណើររឿងឆ្នាំ១៨៣២ របស់លោកនឹងត្រូវបានអានដោយមិត្តភក្តិជិតស្និទ្ធ និងសមាជិកគ្រួសារប៉ុណ្ណោះ ។
តើអ្វីដែលដូចគ្នា ?
នៅក្នុងដំណើររឿងទាំងបួន ព័ត៌មានលម្អិតចម្បងគឺដូចគ្នា ។ យ៉ូសែបបានច្របូកច្របល់អំពីសេចក្ដីសង្គ្រោះរបស់លោកផ្ទាល់ និងសេចក្ដីសង្គ្រោះរបស់ពិភពលោកនេះ ។ លោកបានអាននៅក្នុង យ៉ូហាន ១:៥–៦ ថាលោកអាចទទួលចម្លើយចំពោះការអធិស្ឋានរបស់លោក ។ លោកបានចូលទៅក្នុងព្រៃ ហើយបានអធិស្ឋាន ។ តួអង្គស្ថានសួគ៌បង្ហាញព្រះកាយចំពោះលោក ។ ទ្រង់ទាំងទ្វេបានហៅលោកតាមឈ្មោះ ។ ទ្រង់ទាំងទ្វេបានមានបន្ទូលថា ព្រះវិហារទាំងឡាយនៅពេលនោះមិនបានបង្រៀនគោលលទ្ធិត្រឹមត្រូវទេ ។
អ្វីដែលដំណើររឿងនេះបង្រៀនខ្ញុំ
ខ្ញុំចូលចិត្តអានដំណើររៀងផ្សេងៗគ្នា ពីព្រោះវាជួយខ្ញុំឲ្យយល់ពីការនិមិត្តដំបូងកាន់តែប្រសើរឡើង ។ ខ្ញុំអាចមើលឃើញកាន់តែច្បាស់ពីមូលហេតុដែលយ៉ូសែបបានច្របូកច្របល់ ហើយចង់អធិស្ឋាន ។ ខ្ញុំអាចមានអារម្មណ៍ពីព្រះវិញ្ញាណកាន់តែខ្លាំង នៅពេលខ្ញុំបានអានថាការនិមិត្តដំបូងមានអត្ថន័យយ៉ាងណាចំពោះយ៉ូសែប នៅពេលផ្សេងៗគ្នាក្នុងជីវិតរបស់លោក ។ ដំណើររឿងទាំងនោះបញ្ចូលគ្នាជួយខ្ញុំឲ្យដឹងថា យ៉ូសែបកំពុងប្រាប់សេចក្ដីពិត ។ លោកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រៃពិសិដ្ឋ ។ ការណ៍នេះបង្កើនក្តីសង្ឃឹមរបស់ខ្ញុំថា ខ្ញុំក៏អាចទទួលបានចម្លើយចំពោះការអធិស្ឋានផងដែរ ។
ដំណើររឿង |
មូលហេតុដែលយ៉ូសែបបាននិយាយថាលោកបានអធិស្ឋាន |
តួអង្គដែលយ៉ូសែបបាននិយាយថាបានបង្ហាញខ្លួន |
---|---|---|
ឆ្នាំ១៨៣២ |
សម្រាប់ការអភ័យទោសដល់អំពើបាបរបស់លោក |
ព្រះអម្ចាស់ |
ឆ្នាំ១៨៣៥ |
ដើម្បីដឹងថាអ្នកណាត្រឹមត្រូវ ហើយអ្នកណាខុសក្នុងបញ្ហាសាសនា |
តួអង្គពីរ—អង្គទីមួយ បន្ទាប់មកមួយអង្គទៀត—ហើយនិងពួកទេវតា |
ឆ្នាំ១៨៣៨ |
ដើម្បីដឹងថាព្រះវិហារមួយណាជាព្រះវិហារពិតរបស់ព្រះគ្រីស្ទ |
ព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ |
ឆ្នាំ១៨៤២ |
ដើម្បីដឹងថាព្រះវិហារមួយណាជាព្រះវិហារពិតរបស់ព្រះគ្រីស្ទ |
« តួអង្គពីរដែលមានសិរីរុងរឿង » |