សំណួរ និង ចម្លើយ
« តើខ្ញុំអាចទទួលបានទីបន្ទាល់កាន់តែរឹងមាំអំពី យ៉ូសែប ស្ម៊ីធ និងការស្តារឡើងវិញយ៉ាងដូចម្ដេច ? »
« អ្វីដែលខ្ញុំបានធ្វើដើម្បីពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីការស្ដារឡើងវិញគឺត្រូវអានដំណើររឿងនៃការនិមិត្តដំបូងជារៀងរាល់យប់មុនពេលចូលគេង ។ នៅពេលដែលខ្ញុំអានអំពីយ៉ូសែបដែលត្រូវបានដោះលែង ហើយឈរនៅក្នុងវត្តមានរបស់ព្រះ ខ្ញុំមានអារម្មណ៍ខិតជិតទៅពន្លឺនៃព្រះ ហើយវាជួយខ្ញុំឲ្យដឹងថាទ្រង់នៅទីនោះ » ។
អ៊ីវ ធី អាយុ ១៦ ឆ្នាំ ទីក្រុងឆលី ចក្រភពអង់គ្លេស
« ពេលខ្ញុំដឹងថា ខ្ញុំមិនមានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ ខ្ញុំបានចាប់ផ្ដើមអាន ពួកបរិសុទ្ធ ។ ខ្ញុំបានដឹងថា បទពិសោធន៍របស់យ៉ូសែបមានឥទ្ធិពល និងអស្ចារ្យប៉ុណ្ណា ។ ខ្ញុំក៏ទទួលអារម្មណ៍ថា ព្រះវិញ្ញាណគង់ជាមួយខ្ញុំផងដែរ ពេលខ្ញុំបានអធិស្ឋានអំពីព្រះគម្ពីរមរមន ។ ខ្ញុំបានចាប់ផ្តើមជួយពួកអ្នកផ្សព្វផ្សាយសាសនា ហើយឥឡូវនេះខ្ញុំមិនអាចឈប់ថ្លែងទីបន្ទាល់ដល់មនុស្សអំពី យ៉ូសែប ស្ម៊ីធ និងការស្តារឡើងវិញបានទេ » ។
អាប៊ីស អិន អាយុ ១៨ ឆ្នាំ នីក្រូស អរិនថល ប្រទេសហ្វីលីពីន
« ព្យាការីបានប្រាប់យើងឲ្យសិក្សាអំពីជីវិតរបស់ព្រះគ្រីស្ទ ដើម្បីជួយយើងឲ្យទទួលបានទីបន្ទាល់អំពីទ្រង់ និងដង្វាយធួនរបស់ទ្រង់ ។ វាស្រដៀងគ្នានឹង យ៉ូសែប ស្ម៊ីធ ផងដែរ ។ នៅពេលខ្ញុំសិក្សាអំពីជីវិតរបស់លោក ខ្ញុំអាចទទួលបានទីបន្ទាល់កាន់តែរឹងមាំអំពីការស្តារឡើងវិញ និងអំពីយ៉ូសែប ថាជាព្យាការីទីមួយនៃគ្រាកាន់កាប់ត្រួតត្រារបស់យើង ។ ខ្ញុំក៏អាចយល់កាន់តែច្បាស់ពីមូលហេតុដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវតែស្ដារឡើងវិញផងដែរ » ។
អាស៊ើរ ដបុលយូ អាយុ ១៧ ឆ្នាំ រដ្ឋលូស៊ីអាណា ស.រ.អា.
« ធ្វើអ្វីដែលយ៉ូសែបបានធ្វើ ហើយទូលសួរដល់ព្រះ ! សូមអត់ធ្មត់ ចម្លើយនឹងមកដល់ » ។
អានណា ដបុលយូ អាយុ ១៧ ឆ្នាំ រដ្ឋខូឡូរ៉ាដូ ស.រ.អា.
« ការអធិស្ឋានគឺជាវិធីសាមញ្ញបំផុតដើម្បីទទួលបានទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ និងការស្តារឡើងវិញ ។ ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋាននេះសម្រាប់ខ្ញុំ និងសម្រាប់អ្នកដទៃជាច្រើន—ព្រះអង្គនឹងធ្វើដូចគ្នាសម្រាប់បងប្អូនដែរ ។ សូមសិក្សាពីទីបន្ទាល់ដ៏មានឥទ្ធិពលរបស់សាក្សីនៅក្នុងព្រះគម្ពីរមរមនផងដែរ » ។
អែនឌ្រូ អិន អាយុ ១៨ ឆ្នាំ រដ្ឋវ៉ាស៊ីនតោន ស.រ.អា.