ដើម្បី​កម្លាំង​នៃ​យុវជន
ការជ្រើសរើស​ព្រះវិហារ​បរិសុទ្ធ
ខែមករា ឆ្នាំ២០២៥


សំឡេង​យុវវ័យ

ការជ្រើសរើស​ព្រះវិហារ​បរិសុទ្ធ

អាយរីស អរ អាយុ ១៨ ឆ្នាំ កោះសាល កាប់វែរ

ចូលចិត្ត​សរសេរ​សំបុត្រ​ដោយ​ដៃ បង្កើត​វត្ថុ​សិល្បៈ និង​ការធ្វើម្ហូប ។

យុវនារី

ព្រះវិហារ​បរិសុទ្ធ​ដែល​នៅជិត​ខ្ញុំ​បំផុត​គឺ​នៅ​លើ​កោះ​មួយ​ផ្សេង​ទៀត ។ ដើម្បី​ទៅ​ដល់​ទី​នោះ យើង​ត្រូវតែ​ជិះ​យន្តហោះ ៤៥ នាទី ឬ​ជិះ​ទូក ១២ ម៉ោង ។ ខ្ញុំ​មិន​ដែល​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ពី​មុន​មក​ទេ ហើយ​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​សាលា​របស់​ខ្ញុំ ម្តាយ​ខ្ញុំ​បាន​ដាក់​ផែនការ​ឲ្យ​យើង​ទៅ ។ គាត់​បាន​សន្សំ​ប្រាក់​អស់​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គ្រួសារ​ខ្ញុំ​អាច​ទៅ​ជាមួយ​គ្នា ។

ប៉ុន្តែ​គួរអោយ​ស្ដាយ យើង​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី​សាលា​ចាប់​ផ្ដើម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ ។ វា​តែងតែ​សំខាន់​សម្រាប់​ខ្ញុំ​ក្នុង​ការមាន​ពិន្ទុ​ជា​មធ្យម​ល្អ ( GPA ) នៅ​សាលា ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​អាហារូបករណ៍​សម្រាប់​មហាវិទ្យាល័យ ។ ខ្ញុំ​បាន​គិត​ថា​នឹង​មិន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ព្រោះ​ការអវត្តមាន​ពី​សាលា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ GPA ចុងក្រោយ​របស់​ខ្ញុំ ។ ពេលនោះ​ម៉ាក់​ខ្ញុំ​ថា « ហេតុអ្វី​កូន​មិន​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ? »

ខ្ញុំ​ស្ទាក់ស្ទើរ​បន្តិច ដោយសារ​ខ្ញុំ​ភ័យខ្លាច ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន ។ ព្រះវរបិតាសួគ៌​បាន​ដឹកនាំ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ជ្រើសរើស​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពេញ​មួយ​សប្តាហ៍​ដែល​យើង​នៅ​ទីនោះ យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​រៀង​រាល់​ថ្ងៃ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ! ការធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ខ្ញុំ​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ខ្លាំង​ណាស់ ។

នៅ​ទីបំផុត ខ្ញុំ​អាច​បញ្ចប់​ការសិក្សា​ដោយ​មាន GPA ល្អ ។ ការរក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​អំឡុង​ពេល​នោះ ។ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​បាន​គង់​នៅ​ជាមួយ​ខ្ញុំ ដោយ​ផ្តល់​កម្លាំង​ដល់​ខ្ញុំ ។ ព្រះអម្ចាស់​ដឹង​ពី​ការខិតខំ​របស់​យើង ហើយ​នៅពេល​យើង​ដាក់​អ្វីៗ​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់ នោះ​យើង​អាច​ទុកចិត្ត​ថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ ។

ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់ ដែល​បងស្រី​របស់​ខ្ញុំ​មាន​ភាពក្លាហាន​ក្នុង​ការអញ្ជើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ផ្ទះ​របស់​យើង ។ គាត់ និង​ខ្ញុំ​ជា​មនុស្ស​ដំបូង​ក្នុង​គ្រួសារ​របស់​យើង​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក—ខ្ញុំ​មាន​អាយុ ១៣ ឆ្នាំ ហើយ​គាត់​មាន​អាយុ ១៥ ឆ្នាំ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ ខ្ញុំ​ពុំធ្លាប់​មាន​វត្តមាន​នៃ​ឪពុក​លើ​ផែនដី​របស់​ខ្ញុំ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​វា​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា យើង​មាន​ព្រះវរបិតាសួគ៌ ហើយ​ថា​ខ្ញុំ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​រូបភាព​របស់​ទ្រង់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ដឹង​ថា​នៅក្នុង​គ្រា​ដ៏​លំបាក​បំផុត ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ ។