ដើម្បី​កម្លាំង​នៃ​យុវជន
តើ​អ្វីទៅ​ជា​ភាពពេញលេញ​នៃ​ដំណឹងល្អ ?
ខែមករា ឆ្នាំ២០២៥


ចំ​គោលដៅ

តើ​អ្វីទៅ​ជា ភាពពេញលេញ នៃ​ដំណឹងល្អ ?

ព្រះ​យេស៊ូវ​គ្រីស្ទ​គង់នៅក្នុង​សួនច្បារ​គែតសេម៉ានី

Jesus in Gethsemane [ ព្រះយេស៊ូវ​គង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី ] ដោយ ឌេន ប៊ើរ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ភាពពេញលេញ​នៃ​ដំណឹងល្អ​គឺជា « សេចក្ដីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច » ដែល​ទ្រង់​បាន « ចាត់​ឲ្យ​ចេញ​ទៅ​ដល់​កូន​ចៅ​មនុស្ស » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦:២ ) ។ វា​រួម​បញ្ចូល គ្រប់យ៉ាង ដែល​ចាំបាច់​សម្រាប់​កូនចៅ​របស់​ព្រះ ដើម្បី​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ហើយ​ទទួល​បាន​សេចក្ដីសង្គ្រោះ និង​ភាព​តម្កើង​ឡើង ។

ដំណឹងល្អ​គឺជា « ដំណឹង​ដ៏​ល្អ » អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​ជា « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ ដែល​ធ្វើ​ទៅ​បាន​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណឹងល្អ​មាន​រួម​ទាំង​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ឬ​ក្រឹត្យវិន័យ សេចក្ដីសញ្ញា និង​ពិធី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​ត្រូវការ ដើម្បី​ឲ្យ​មនុស្ស​លោក​ចូល​ទៅ​ឯ​វត្តមាន​ព្រះ​វិញ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ដំណឹងល្អ » ) ។ ការណ៍​ជា​ច្រើន​ទាំងនេះ​ត្រូវ​បាន​បាត់បង់ ។ ប៉ុន្តែ​ឥឡូវ​នេះ តាមរយៈ​វិវរណៈ​ទៅ​កាន់​ព្យាការី ដោយ​ចាប់ផ្ដើម​ពី យ៉ូសែប ស្ម៊ីធ នោះ​ព្រះអម្ចាស់​កំពុង​ស្ដារ​ឡើងវិញ​នូវ ភាពពេញលេញ នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

ជាមួយ​នឹង​ការស្ដារ​ឡើងវិញ​នូវ ភាពពេញលេញ នៃ​ដំណឹងល្អ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ « អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រកទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ និង​ដើម្បី​ទទួល​បាន​អំណរ​ដ៏​ខ្ជាប់ខ្ជួន » ( « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ » បណ្ណាល័យ​ដំណឹងល្អ ) ។