សំឡេងយុវវ័យ
កល្យាណមិត្តដ៏ពិត
ចូអែល អេ អាយុ ១៩ ឆ្នាំ ទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី
ចូលចិត្តធ្វើវត្ថុសិល្បៈ ការសរសេរកូដកម្មវិធីក្នុងកុំព្យូទ័រ និងរៀនជំនាញថ្មីៗ ដូចជាការចម្អិនអាហារជាដើម ។
ខ្ញុំមានមិត្តភក្តិមួយចំនួនដែលបានក្បត់ទំនុកចិត្តរបស់ខ្ញុំ នៅចន្លោះថ្នាក់ទីប្រាំពីរ និងទីប្រាំបួន ។ ដំបូងខ្ញុំមិនបានដឹងថា ពួកគេកំពុងសើចចំអកខ្ញុំទេ ប៉ុន្តែនៅពេលដែលខ្ញុំបានដឹង ខ្ញុំភ្ញាក់ផ្អើលណាស់ ហើយមិនអាចយល់បានទេថាខ្ញុំបានធ្វើអ្វីខុស ។
ខ្ញុំបានគិតថា ប្រសិនបើខ្ញុំធ្វើអ្វីដែលព្រះគ្រីស្ទនឹងធ្វើ នោះអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើង ។ ដូច្នេះខ្ញុំបានបន្តធ្វើជាមនុស្សល្អ ដោយជួយមិត្តរួមថ្នាក់របស់ខ្ញុំក្នុងកិច្ចការសាលារបស់ពួកគេ ហើយពឹងផ្អែកលើព្រះ ដោយទុកចិត្តថាថ្ងៃណាមួយខ្ញុំនឹងធ្វើជាមិត្តដ៏ល្អម្នាក់ ។ ដំបូងឡើយ វាហាក់ដូចជាមិនមានការផ្លាស់ប្ដូរច្រើនទេ ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានចាប់ផ្ដើមវិទ្យាល័យ មិត្តរួមថ្នាក់របស់ខ្ញុំគឺជាមនុស្សល្អជាងមុន ។
សំខាន់ជាងនេះទៀត ក្នុងអំឡុងឆ្នាំទាំងនោះ ពេលខ្ញុំកំពុងស្វែងរកមិត្តភក្តិ ខ្ញុំបានរកឃើញថា មិត្តល្អបំផុតរបស់ខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះ ខ្ញុំមិនត្រឹមតែមានមិត្តភក្តិថ្មីនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏បានបង្កើតមិត្តល្អបំផុតដែលខ្ញុំអាចមានផងដែរ ។