ឆ្នាំ ២០១០-២០១៩
ចង​ចាំ​ទ្រង់​ជានិច្ច
ខែ មេសា 2016


12:6

ចង​ចាំ​ទ្រង់​ជានិច្ច

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសា ហើយ​អធិស្ឋាន​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច—នៅ​គ្រប់ពេល គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង​ដែល​យើង​នៅ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ កាល​ខ្ញុំ​បាន​បម្រើ​នៅ​តំបន់​អាស៊ី ពេល​ខ្លះ​មាន​អ្នក​សួរ​ខ្ញុំ​ថា « អែលឌើរ ហ្គង តើ​មាន​ប្រជាជន​ប៉ុន្មាន​នាក់​រស់នៅ​ក្នុង​តំបន់​អាស៊ី​របស់​សាសនាចក្រ ? »

ខ្ញុំ​បាន​និយាយ​ថា « ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក—គឺ ៣.៦ កោដ​នាក់ » ។

មាន​ម្នាក់​បាន​សួរ​ថា « តើ​វា​ពិបាក​ដើម្បី​ចាំ​ឈ្មោះ​របស់​ពួកគេ​ទាំងអស់​ឬទេ ? »

ការ​ចងចាំ—និង​ការ​ភ្លេច—គឺជា​ចំណែក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ។ ឧទាហរណ៍ បន្ទាប់​ពី​ភរិយា​របស់​ខ្ញុំ​បាន​ខំរក​ទូរសព្ទ​ថ្មី​របស់​គាត់​គ្រប់កន្លែង​ហើយ​នៅតែ​មិន​ឃើញ នោះ​គាត់​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រើ​ទូរសព្ទ​មួយ​ទៀត​ហៅ​ចូល​ទូរសព្ទ​ដែល​បាត់​នោះ ។ ពេល​គាត់​បាន​ស្ដាប់​ឮ​សំឡេង​ទូរសព្ទ​រោទិ៍​ឡើង ភរិយា​ខ្ញុំ​បាន​គិត​ថា « តើ​នរណា​កំពុង​ទូរសព្ទ​មក​ខ្ញុំ ? ខ្ញុំ​មិន​ធ្លាប់​ឲ្យ​លេខ​នោះ​ទៅ​នរណា​ម្នាក់​ផង ! »

ការ​ចងចាំ—និង​ការ​ភ្លេច—​គឺ​ជា​ចំណែក​នៃ​ដំណើរ​ដ៏​អស់កល្បជានិច្ច​របស់​យើង​ផងដែរ ។ ពេលវេលា សិទ្ធិ​ជ្រើសរើស និងការ​ចងចាំ ជួយ​យើង​រៀន រីកចម្រើន ហើយ​បង្កើន​សេចក្ដីជំនឿ ។

នៅក្នុង​ទំនុក​នៃ ទំនុកតម្កើង​មួយ ៖

យើង​នឹង​ច្រៀង​សរសើរ​ព្រះនាម​នៃ​ទ្រង់

និង​ថ្វាយ​បង្គំ​ទ្រង់ ។ …

ពួក​បរិសុទ្ធ​សូម​ធ្វើ​បន្ទាល់​ថា​

អ្នក​ចងចាំ​ដល់​ទ្រង់ ។

ជា​រៀងរាល់​សប្ដាហ៍ នៅក្នុងការ​ទទួល​ទាន​សាក្រាម៉ង់ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ចងចាំ​ទ្រង់​ជានិច្ច ។ ការមើលទៅ​សេចក្ដី​យោង​បទ​គម្ពីរចំនួន​ជិត ៤០០ រក​ពាក្យចងចាំនេះ គឺជា​របៀប​ប្រាំ​មួយយ៉ាង​ដែល​យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច ។

ទីមួយ យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច​ដោយ​ការ​មានទំនុក​ចិត្ត​ទៅលើ​សេចក្ដីសញ្ញា ការ​សន្យា និង​ការ​អះអាង​របស់​ទ្រង់ ។

ព្រះអម្ចាស់​ចងចាំ​សេចក្ដីសញ្ញា​ដ៏អស់កល្ប​របស់​ទ្រង់—ចាប់​តាំង​ពី​ជំនាន់​របស់​អ័ដាម​រហូត​ដល់​កូនចៅ​របស់​អ័ដាម « នឹង​ឱប​ក្រសោប​យក​សេចក្ដីពិត ហើយ​សម្លឹង​មើល​ទៅ​លើ គ្រា​នោះ​ស៊ីយ៉ូន​នឹង​សម្លឹង​មើល​ចុះ​ក្រោម ហើយ​អស់​ទាំង​ផ្ទៃ​មេឃ​នឹង​ញ័រ​ដោយ​សប្បាយ​រីករាយ ហើយ​ផែនដី​នឹង​ញ័ររន្ធត់​ដោយ​អំណរ » ។

ព្រះអម្ចាស់​ចងចាំ​ការ​សន្យា​របស់​ទ្រង់ រួមទាំង​ការ​សន្យា​ដើម្បី​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់​តាម​រយៈ​ព្រះគម្ពីរ​មរមន ៖ ជា​សក្ខីបទ​មួយ​ទៀត​អំពី ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​សន្យា​នានា​ដែល​បាន​ផ្ដល់​ឲ្យ​សមាជិក​គ្រប់រូប និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​ចងចាំ​អំពី​តម្លៃ​នៃ​ព្រលឹង ។

ព្រះអម្ចាស់​ចងចាំ និង​អះអាង​ដល់​ប្រជាជាតិ និង​ប្រជាជន​ទាំងឡាយ ។ នៅ​ក្នុងថ្ងៃ​នៃ​ការ​រំជើបរំជួល និង​ចលាចល​ទាំង​នេះ « អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះនាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ » ជា​អង្គ​ដឹកនាំ « ពេល​អនាគត ក៏​ដូច​ជា​ទ្រង់​បាន​ធ្វើ​ពី​អតីតកាល » ។ នៅក្នុង « គ្រា​ដ៏​ចលាចល​ទាំងនេះ » យើង « ចាំ​ចុះ​ថា​មិន​មែន​ជា​កិច្ចការ​នៃ​ព្រះ​ទេ​ដែល​ស្មុគស្មាញ ប៉ុន្តែ​ជា​កិច្ចការ​នៃ​មនុស្ស​លោក​ទេតើ » ។

ទីពីរ យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច​ដោយ​ការ​ទទួល​ស្គាល់​ព្រះហស្ត​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​ប្រកប​ដោយ​ការ​ដឹង​គុណ ។

ព្រះហស្ត​របស់​ទ្រង់​នៅក្នុង​ជីវិត​យើង ជា​ញឹកញាប់​គឺ​ងាយ​ស្រួល​ដើម្បី​ស្គាល់​នៅ​ពេល​ចងចាំ​ពី​របៀប​ដែល​រឿង​កើត​ឡើង​ហើយ​នោះ ។ ដូច​អ្នក​ទស្សនវិជ្ជា​គ្រីស្ទាន​ឈ្មោះ សូរិន ខើរកឺហ្គាត បាន​និយាយ ៖ « ជីវិត​ត្រូវ​តែ​យល់​អំពី​អតីតកាល ។ ប៉ុន្តែ … ជីវិត​ត្រូវ​តែ រស់នៅ​ក្នុង​បច្ចុប្បន្ន​កាល » ។

ម្ដាយ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ថ្មីៗ​នេះ​បាន​ប្រារព្ធ​ខួប ៩០ វស្សា​របស់​គាត់ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ដោយ​ការ​ដឹងគុណ​ចំពោះ​ពរជ័យ​របស់​ព្រះអម្ចាស់​ក្នុង​គ្រប់​ព្រឹត្តការណ៍​ធំៗ​នីមួយៗ​នៅក្នុង​ជីវិត​គាត់ ។ ពង្សប្រវត្តិ ទំនៀមទម្លាប់​គ្រួសារ និង​ចំណង​គ្រួសារ​ជួយ​យើង​ចង​ចាំ​យ៉ាង​រីករាយ​អំពី​រឿង​អតីតកាល ខណៈ​ដែល​វា​បាន​ផ្ដល់​ជា​លំនាំ និង​សេចក្ដី​សង្ឃឹម​នា​ពេល​អនាគត ។ ខ្សែ​ស្រឡាយ​នៃ​សិទ្ធិអំណាច​បព្វជិតភាព និង​ពរជ័យ​អយ្យកោ ធ្វើជា​សាក្សី​អំពី​ព្រះហស្ត​របស់​ព្រះ​នៅ​គ្រប់​ជំនាន់ ។

តើ​បងប្អូន​ធ្លាប់​គិត​អំពី​ខ្លួនឯង ទុក​ជា​សៀវភៅ​នៃការ​ចងចាំ​អំពី​ការ​រស់នៅ​របស់​បងប្អូន—ដែល​ឆ្លុះ​បញ្ចាំង​អំពីអ្វីៗ និង​របៀប​ដែល​បងប្អូន​ជ្រើសរើស​ដើម្បី​ចងចាំ​នោះ​ឬ​ទេ ?

ឧទាហរណ៍ កាល​ខ្ញុំនៅ​ក្មេង ខ្ញុំ​ពិតជា​ចង់​លេង​បាល់​បោះ​ប្រចាំ​សាលា ។ ខ្ញុំ​ហាត់​ហើយ​ហាត់​ទៀត ។ នៅ​ថ្ងៃមួយ​គ្រូបង្វឹក​បាន​ចាត់​ឲ្យ​កីឡាករ​កម្ពស់ ១.៩៣ ម៉ែត្រ ឈរ​ខ្សែ​កណ្ដាល ហើយ កីឡាករ​ពូកែៗ​កម្ពស់ ១.៨៨ ម៉ែត្រ នៅ​ខាង​មុខ ហើយ​និយាយ​មក​ខ្ញុំ​ថា « ខ្ញុំ​អាច​ដាក់​អ្នក​នៅក្នុង​ក្រុម ប៉ុន្តែ​អ្នក​នឹង​ទំនង​ជា​មិន​បាន​លេង​ទេ » ។ ខ្ញុំ​ចាំ​អំពី​ការលើក​ទឹកចិត្ត​ដ៏​ល្អ​របស់​គាត់​ថា « ហេតុអ្វី​ក៏​ប្អូន​មិន​សាក​លេង​បាល់​ទាត់​វិញ​ទៅ ? ប្អូន​នឹង​ធ្វើបាន​ល្អ » ។ គ្រួសារ​របស់ខ្ញុំ​បាន​ស្រែក​អបអរ នៅពេល​ខ្ញុំ​បាន​ទាត់​ចូល​គោលដៅ​ជា​លើក​ដំបូង​របស់​ខ្ញុំ ។

យើង​អាច​ចងចាំ​អំពី​អ្នក​ទាំងឡាយ​ដែល​បាន​ផ្ដល់​ឱកាស​ដល់​យើង​ម្ដង ហើយ​ម្ដងទៀត ដោយ​ភាព​ស្មោះត្រង់ ចិត្តល្អ អត់ធ្មត់ និង​ការលើក​ទឹកចិត្ត ។ ហើយ​យើង​អាច​ប្រែក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អ្នកដទៃ​ចងចាំ នៅពេល​ពួកគេ​ត្រូវការ​ជំនួយ​បំផុត​នោះ ។ ការ​ចងចាំ​អំពី​ជំនួយ​របស់​អ្នក​ដទៃ និង​ឥទ្ធិពល​ដឹកនាំ​របស់​ព្រះវិញ្ញាណ​ដោយការ​ដឹងគុណ គឺ​ជា​របៀប​មួយ​ដែល​យើង​ចងចាំ​អំពី​ទ្រង់ ។ វា​គឺ​ជា​របៀប​មួយ​ដែល​យើង​រាប់​ពរជ័យ​ជាច្រើន​របស់​យើង ហើយ​មើល​ឃើញ​ពី​អ្វី​ដែលព្រះ​បាន​ធ្វើ ។១០

ទីបី យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច ដោយ​ការ​ទុកចិត្ត នៅពេល​ព្រះអម្ចាស់​អះអាង​នឹង​យើង​ថា « អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ។១១

នៅពេល​យើង​ប្រែចិត្ត​ពេញលេញ រួមទាំង​សារភាព និង​លះបង់​អំពើបាប​របស់​យើង នោះ​យើង​ទូលសួរ​ដូច អេណុស នៅពេល​កំហុស​របស់​យើង​ត្រូវ​បាន​ដក​ចេញ​ថា « ឱ​ព្រះអម្ចាស់​អើយ ចុះ​តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ? » រួច​ហើយ​ស្ដាប់​ចម្លើយថា « ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ » ១២ហើយ​ការ​អញ្ជើញ​របស់​ទ្រង់​គឺ​ថា « ចូរ​រំឭក​ពី​ខ្ញុំ​ចុះ » ។១៣

នៅពេល​យើង​ប្រែចិត្ត ហើយ​អ្នកដឹកនាំ​បព្វជិតភាព​ប្រកាស​ថា​យើង​សក្ដិសម នោះយើង​មិន​ចាំបាច់​បន្ដ​សារភាព​អំពើ​បាន​ពី​អតីតកាល​ដដែលៗ​នោះ​ទេ ។ ដើម្បី​មាន​ភាព​សក្ដិសម​ពុំ​មាន​ន័យ​ថា​ត្រូវ​ឲ្យ​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​អញ្ជើញ​យើង​ឲ្យ​មាន​សន្ដិភាព​ដោយ​ភាព​រាបសា​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ដើម្បី​បាន​ប្រែក្លាយ​ជា​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ​នា​ថ្ងៃ​មួយ១៤ ដោយ​មិន​បារម្ភ មួរម៉ៅ ឬ​មិន​សប្បាយ​ចិត្តជាប់​ជានិច្ច​នៅក្នុង​ភាព​មិនល្អ​ឥតខ្ចោះ​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នោះ​ទេ ។ សូមចាំ​ថា ទ្រង់​ដឹង​អ្វី​ៗ​ទាំងអស់​ដែល​យើង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ទៀត​ដឹង​អំពី​យើង—ហើយ​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង ។

ពេល​ខ្លះ​ជីវិត​សាកល្បង​ចំពោះ​ការ​ទុក​ចិត្ត​របស់​យើង​ទៅលើ​សេច​ក្ដីមេត្តា សេចក្ដីយុត្តិធម៌ និង​ការ​ជុំនំជំរះ​របស់​ព្រះគ្រីស្ទ និង​ទៅលើ​ការ​អញ្ជើញ​ដ៏​ប្រោសលោះ​របស់​ទ្រង់​ដើម្បី​អនុញ្ញាត​ឲ្យ​ដង្វាយធួន​របស់​ទ្រង់​ព្យាបាល​យើង នៅពេល​យើង​អភ័យ​ទោស​ដល់​អ្នកដទៃ និង​ខ្លួន​យើង ។

មាន​យុវនារី​ម្នាក់​ក្នុង​ប្រទេស​ផ្សេង​ទៀត​បាន​ដាក់ពាក្យ​ធ្វើ​ការ​ជា​អ្នក​កាសែត ប៉ុន្តែ​ចាង​ហ្វាង​កាសែត​ដែល​ចាត់​ការងារ​នោះ គ្មាន​ក្ដី​ករុណា​សោះ ។ គាត់​បាន​និយាយ​ទៅ​នាង​ថា « បើ​ខ្ញុំ​ចុះ​ហត្ថលេខា នោះ​ខ្ញុំ​សន្យា​ថា​អ្នក​ឯង​ច្បាស់​ជា​មិន​អាច​ធ្វើជា​អ្នក​កាសែត​បាន​ទេ ប៉ុន្តែ​នឹង​ធ្វើជា​អ្នក​ជីក​លូ​មិនខាន​ទេ » ។ នាង​គឺជា​ស្ត្រី​តែ​ម្នាក់​ដែល​ជីក​លូ​នៅក្នុង​ក្រុម​បុរស​មួយ​ក្រុម ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ត្រី​រូបនេះ​បាន​ក្លាយជា​ចាង​ហ្វាង​កាសែត ។ ថ្ងៃ​មួយ មាន​បុរស​ម្នាក់​មក​រក​នាង​សុំ​ហត្ថលេខា​របស់​នាង​ដើម្បី​រក​ការ​ងារ ។

នាង​បាន​សួរ​ថា « តើ​អ្នក​នៅ​ចាំ​ខ្ញុំ​ទេ ? » គាត់​មិន​ចាំ​ទេ ។

នាង​បាន​និយាយ​ថា « អ្នក​មិន​ចាំ​ខ្ញុំ តែ​ខ្ញុំ​ចាំ​អ្នក ។ ជាមួយ​នឹង​ហត្ថលេខា​របស់​អ្នក នោះ​អ្នក​សន្យា​ថា​ខ្ញុំ​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​កាសែត​បាន​ទេ ។ ជាមួយ​នឹង​ហត្ថលេខា​របស់​អ្នក អ្នក​បាន​បញ្ជូន​ខ្ញុំ​ទៅ​ធ្វើជា​អ្នក​ជីកលូ ជា​ស្ត្រី​តែ​ម្នាក់​គត់​នៅក្នុង​ក្រុម​បុរស​មួយ​ក្រុម » ។

នាង​បាន​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ប្រព្រឹត្ត​ទៅ​បុរស​នោះ​ឲ្យ​ល្អ​ជាង​គាត់​ប្រព្រឹត្ត​ដាក់​ខ្ញុំ—ប៉ុន្តែ​ខ្ញុំ​ពុំ​មាន​កម្លាំង​នោះ​សោះ » ។ ពេល​ខ្លះ​កម្លាំង​នោះ គឺ​ពុំ​មាន​នៅក្នុង​ខ្លួន​យើង​ទេ ប៉ុន្ដែ​វា​អាច​រក​បាន​នៅក្នុង​ការ​ចងចាំ​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅពេល​ទំនុកចិត្ត​ត្រូវ​បាន​ក្បត់ ក្ដីសុបិន្ត​ត្រូវ​បាន​បំផ្លាញ ដួងចិត្ត​ខ្ទេចខ្ទាំ​ម្ដងហើយ​ម្ដងទៀត នៅពេល​យើង​ចង់​បាន​យុត្តិធម៌ ហើយ​ត្រូវការ​ក្ដីមេត្តា នៅពេល​យើង​ក្ដាប់ដៃ ហើយ​សម្រក់​ទឹកភ្នែក នៅពេល​យើង​ត្រូវការ​ដើម្បី​ដឹង​ថា​ត្រូវ​តោង​កាន់​អ្វី ហើយ​អ្វី​ត្រូវ​ប្រលែង​ចោល នោះ​យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច ។ ជីវិត​មិន​អាក្រក់​ដូចជា​យើង​អាច​ឃើញ​ពេលខ្លះ​នោះ​ទេ ។ សេចក្ដី​មេត្តាករុណា​ដ៏​និរន្ដរ៍​របស់​ទ្រង់ អាច​ជួយ​យើង​ស្វែងរក​ផ្លូវ សេចក្ដីពិត និង​ជីវិត​របស់​យើង ។១៥

នៅពេល​យើង​ចងចាំ​ព្រះបន្ទូល និង​គំរូ​ទ្រង់ នោះ​យើង​នឹង​មិន​ផ្ដល់ ឬ​ទទួល​យក​ការ​អាក់អន់ចិត្ត​ទេ ។

ឪពុក​មិត្ត​របស់​ខ្ញុំ ធ្វើការ​ជា​យន្ដការី ។ ការងារ​ដោយ​ស្មោះត្រង់​របស់​គាត់ បង្ហាញ​ឲ្យ​ឃើញ​ទាំង​ពេល​គាត់​លាង​ដៃ​ដោយ​យកចិត្ត​ទុក​ដាក់ ។ នៅ​ថ្ងៃមួយ មាន​មនុស្ស​ម្នាក់​នៅ​ ព្រះវិហារ​បរិសុទ្ធ​បាន​ប្រាប់​ឪពុក​មិត្ត​ខ្ញុំ​ថា គាត់​គួរ​លាង​ដៃ​ឲ្យ​ស្អាត​មុន​ពេល​ទៅ​បម្រើ​នៅ​ទីនោះ ។ ដោយ​មិន​បាន​អាក់អន់​ចិត្ត បុរស​ដ៏​ល្អ​នេះ បាន​ចាប់​ផ្ដើម​លាង​ចាន​ឲ្យ​គ្រួសារ​គាត់​ដោយ​ដៃ​ដែល​មាន​ទឹក​សាប៊ូ​លាង​បន្ថែម​ទៀត​មុនពេល​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ គាត់​ជា​គំរូ​នៃ​អ្នក​ទាំងឡាយ​ដែល « នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា » ហើយ « ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ » ដោយ​ដៃ​ស្អាត​បំផុត និង​ដួងចិត្ត​បរិសុទ្ធ​បំផុត ។១៦

ប្រសិន​បើ​យើង​មាន​អារម្មណ៍​មិនល្អ ចងគំនុំ ឬ​អាក់អន់​ចិត្ត ឬ​ប្រសិន​បើ​យើង​ចាំបាច់​ត្រូវ​សុំ​ការ​អភ័យ​ទោស​ពី​អ្នក​ដទៃ ឥឡូវ​នេះ គឺ​ជា​ពេល​ត្រូវ​ធ្វើ​ហើយ ។

ទីបួន ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចងចាំ​ថា ទ្រង់​ស្វាគមន៍​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជានិច្ច ។

យើង​រៀន​ដោយការ​សួរ និង​ការ​ស្រាវជ្រាវ ។ ប៉ុន្តែ​សូម​កុំ​ឈប់​រុករក​រហូត​ដល់​អ្នក​ទៅដល់​សិន—តាម​សម្ដី​របស់ ធី អេស. អ៊ីលីត—« ជា​កន្លែង​ដែល​អ្នក​ចាប់​ផ្ដើម ហើយ​ស្គាល់​កន្លែង​នោះ​ជា​លើក​ទីមួយ » ។១៧នៅពេល​អ្នក​ត្រៀម​ខ្លួន​ហើយ សូម​បើក​ដួងចិត្ត​របស់​អ្នក​សម្រាប់​ព្រះគម្ពីរ​មរមន​ជា​លើក​ទីមួយ​ជាថ្មី​ម្ដង​ទៀត ។ សូម​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះជា​លើក​ទីមួយ ជាថ្មី​ម្ដង​ទៀត ។

សូម​ទុក​ចិត្ត​ទៅលើ​ការ​ចងចាំ​ទន់​ខ្សោយ​ពី​ដំបូង​នោះ ។ ចូរ​ឲ្យ​វា​ពង្រីក​សេចក្ដី​ជំនឿ​របស់​អ្នក ។ ជា​មួយ​ព្រះ គ្មាន​អ្វី​ថា​មិន​អាច​ត្រឡប់​មក​វិញ​បានទេ ។

ទាំង​ព្យាការី​ជំនាន់​បុរាណ និង​សម័យ​ទំនើប​បាន​អង្វរ​ដល់​យើង​កុំ​ទុក​ឲ្យ​ភាពមិន​ល្អ​ឥតខ្ចោះ កំហុស ឬ​ភាព​ទន់ខ្សោយ​របស់​មនុស្ស​លោក—របស់​អ្នក​ដទៃ ឬ​របស់​យើង​ផ្ទាល់—បណ្ដាល​ឲ្យ​យើង​បាត់​បង់​សេចក្ដីពិត សេចក្ដីសញ្ញា និង​ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៅក្នុង​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​ឡើយ ។១៨ រឿង​នេះ​គឺ​សំខាន់​ជា​ពិសេស​នៅក្នុង​ព្រះវិហារ​មួយ ដែល​យើង​ម្នាក់ៗ​បាន​រីកចម្រើន​តាមរយៈ​ការ​ចូលរួម​របស់​យើង ទោះ​ជា​មិន​ល្អ​ឥតខ្ចោះ​ក្ដី ។ ព្យាការី​យ៉ូសែប បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពុំ​ដែល​ប្រាប់​អ្នក​ថា​ខ្ញុំ​ល្អ​ឥត​ខ្ចោះទេ ប៉ុន្តែ​គ្មាន​កំហុស​នៅក្នុង​វិវរណៈ​ដែល​ខ្ញុំ​បាន​បង្រៀន​សោះ​ឡើយ » ។១៩

ទីប្រាំ យើង​អាច​ចងចាំ​ទ្រង់​ជានិច្ច​នៅថ្ងៃ​ឈប់​សម្រាក​តាមរយៈ​ពិធីសាក្រាម៉ង់ ។ នៅ​ចុង​បញ្ចប់​នៃ​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ និង​ការ​ចាប់​ផ្ដើម​ការ​បម្រើ​នៅពេល​ទ្រង់​បាន​រស់​ឡើង​វិញ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​យក​នំប៉័ង និង​ស្រា ​មក ហើយ​សុំ​ឲ្យ​យើង​ចងចាំ​អំពី​រូបកាយ និង​លោហិត​របស់​ទ្រង់២០ « ដរាបណា​អ្នករាល់​គ្នា​ធ្វើ​ការ​នេះ​ដោយ​ញឹកញាប់ នោះ​អ្នក​រាល់​គ្នា​នឹងនឹក​ចាំ​ដល់​ពេល​នេះ​ដែល​ខ្ញុំ​កំពុង​តែ​នៅ​ជាមួយ​នឹង​អ្នក » ។២១

នៅក្នុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ យើង​ធ្វើ​បន្ទាល់​ដល់​ព្រះ​ជា​ព្រះវរបិតា​ថា យើង​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះរាជ​បុត្រា​របស់​ទ្រង់ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​ប្រយោជន៍​ឲ្យ​យើង​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​ពួក​យើង​ជា​ដរាប ។២២

ដូច អាម៉ូលេក​បង្រៀន​ថា យើង​ចងចាំ​ទ្រង់​នៅពេល​យើង​អធិស្ឋាន​សម្រាប់​ចម្ការ​របស់​យើង ហ្វូង​សត្វ​របស់​យើង និង​គ្រួសារ​របស់​យើង និង​នៅពេល​យើង​ចងចាំ​ពី​អ្នក​ខ្វះខាត អ្នក​ឈឺ និង​អ្នក​រងទុក្ខ ។២៣

ចុង​បញ្ចប់ ទីប្រាំ​មួយ ព្រះអង្គសង្គ្រោះ​របស់​យើង​អញ្ជើញ​យើង​ឲ្យ​ចងចាំ​ទ្រង់​ជានិច្ច ដូច​ជា​ទ្រង់​ចងចាំ​យើង​ជានិច្ច​ដែរ ។

នៅ​ក្នុង​ពិភពលោក​ថ្មី ព្រះអង្គសង្គ្រោះ​ដែល​រស់​ឡើង​វិញ​របស់​យើង បាន​អញ្ជើញ​អ្នក​ទាំងឡាយ​ដែល​មាន​វត្តមាន​ចូល​មក ម្ដងម្នាក់ៗ ដើម្បី​ដាក់​ដៃ​របស់​ពួកគេ​នៅ​ចំហៀង​ទ្រង់ និង​ដើម្បី​ស្ទាប​ស្នាម​ដែក​គោល​នៅលើ​ព្រះហត្ថ និង​ព្រះបាទា​ទ្រង់ ។២៤

បទគម្ពីរ​ពិពណ៌នា​អំពីការ​រស់​ឡើង​វិញ​ថា​ជា « អវៈយវៈ​ទាំងអស់ និង​គ្រប់​សន្លាក់​ឆ្អឹង… នឹង​បាន​សាង​ទៅជា​រូបរាង​ត្រឹមត្រូវ និង​ល្អ​ឥតខ្ចោះ​ឡើង​វិញ » ហើយ « ទាំង​សក់​មួយ​សរសៃ​នៅលើ​ក្បាល ក៏ពុំ​បាត់​ដែរ » ។២៥ បើ​ដូច្នោះ សូម​ពិចារណា​អំពី​របៀប​ដែល​រូបកាយ​រស់ឡើង​វិញ និង​ល្អឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ នៅ​មាន​ស្នាម​នៅ​ចំហៀង និង​ស្នាម​ដែកគោល​នៅ​ព្រះហស្ត និង​ព្រះបាទា​ទ្រង់ ។២៦

ជួនកាល​នៅក្នុង​ប្រវត្តិសាស្ត្រ មនុស្ស​រមែង​ស្លាប់ ត្រូវបាន​សម្លាប់​ដោយ​ការ​ឆ្កាង ។ ប៉ុន្តែ​មាន​តែ​ព្រះអង្គសង្គ្រោះ​របស់​យើង ជា​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​ឱប​ក្រសោប​យើង​ខណៈ​ដែល​ត្រូវ​រក្សា​ស្នាម​នៃ​សេចក្ដីស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ទ្រង់ ។ មាន​តែ​ទ្រង់​បំពេញ​តាម​ការ​ព្យាករណ៍​នៃ​ការ​ត្រូវ​លើក​ឡើង​ទៅលើ​ឈើ​ឆ្កាង​ប៉ុណ្ណោះ ទើប​ទ្រង់​អាច​នាំ​យើង​ម្នាក់ៗ​ខិត​ទៅ​ជិត​ទ្រង់ ដោយ​នូវ​ព្រះនាម​ទ្រង់ ។២៧

ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ប្រកាស ៖

« គេ​នឹង​ភ្លេចបាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ ។

« មើល​យើង​បាន​ចារិក​អ្នក​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ » ។២៨

ទ្រង់​ថ្លែង​ទីបន្ទាល់ ៖ « យើង​ជា​អ្នក​ដែល​ត្រូវ​បាន​លើក​ឡើង ។ យើង​ជា​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង ។ យើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ។២៩

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រាបសារ ហើយអធិស្ឋាន​ថា យើង​នឹង​ចងចាំ​ទ្រង់ជានិច្ច—នៅ​គ្រប់ពេល គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង​យើង​នៅ ។៣០ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។