ឆ្នាំ ២០១០-២០១៩
ឪពុក
ខែ មេសា 2016


15:59

ឪពុក

នា​ថ្ងៃនេះ​ខ្ញុំ​ចង់​ផ្ដោត​ទៅលើ​សេចក្ដីល្អ ដែល​បុរស​អាច​ធ្វើ​នៅក្នុង​តួនាទី​ជា​បុរស​ដ៏​ខ្ពស់​បំផុត--ជា​ស្វាមី និង​ឪពុក ។

ខ្ញុំ​និយាយ​ថ្ងៃ​នេះ​ជំនួស​ឲ្យ​ឪពុក​ទាំងឡាយ ។ ឪពុក​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ហើយ​ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ដល់​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​ដើម្បី​បំពេញ​ការ​ហៅ​នោះ​ឲ្យ​ល្អ ។ ដើម្បី​សរសើរ និង​លើក​ទឹកចិត្ត​ដល់​ភាព​ជា​ឪពុក ឪពុក​ទាំងឡាយ គឺ​មិនត្រូវ​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការខ្មាសអៀន ឬ​មិន​សំខាន់​ឡើយ ។ ខ្ញុំ​ចង់​ផ្ដោត​ជា​សាមញ្ញ​នៅ​ថ្ងៃនេះ​ទៅលើ​សេចក្ដីល្អ ដែល​បុរស​អាច​ធ្វើ​នៅក្នុង​តួនាទី​ជា​បុរស​ដ៏​ខ្ពស់​បំផុត--ជា​ស្វាមី និង​ឪពុក ។

ដាវីឌ ប្លែងខិនហន ជា​អ្នក​និពន្ធ​អំពី Fatherless America ( អាមេរិក​ដែល​គ្មាន​ឪពុក) បាន​សង្កេត​ឃើញ​ថា ៖ « សព្វ​ថ្ងៃនេះ សង្គម​អាមេរិក គឺ​ត្រូវ​បាន​បំបែក ហើយ​មាន​យោបល់​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​អំពី​ភាព​ជា​ឪពុក ។ មនុស្ស​ខ្លះ​មិន​ទាំង​ចងចាំ​វា​ផង ។ អ្នក​ខ្លះ​អាច​នឹង​អាក់អន់​ចិត្ត​អំពី​រឿង​នេះ ។ អ្នកខ្លះ​ទៀត រួមទាំង​គ្រួសារ​អ្នក​ចេះ​ដឹង​ជាច្រើន បាន​បដិសេធ ឬ​មិន​ចូលចិត្ត ។ អ្នកដទៃ​ជាច្រើន​ទៀត មិន​ជំទាស់​នឹង​វា ក៏​មិន​តាំងចិត្ត​ចំពោះ​រឿង​នេះ ។ មនុស្ស​ជាច្រើន​ចង់​ឲ្យ​យើង​ធ្វើ​សកម្មភាព ប៉ុន្តែ​ជឿ​ថា សង្គម​របស់​យើង​នឹង​មិន​អាច​ធ្វើ ឬ​នឹង​ធ្វើ​បាន​ទេ » ។

យើង​ជឿ​ទៅ​លើការ​ធ្វើ​ជា​ឪពុក ។
ឪពុក​ធ្វើ​ជា​អធិបតី​ដោយ​សេចក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ។

ក្នុង​នាម​ជា​សាសនាចក្រ យើង​ជឿ​លើ​ការ​ធ្វើជា​ឪពុក ។ យើង​ជឿ​លើ « ឧត្ដមគតិ​របស់​បុរស​ដែល​ដាក់​គ្រួសារ​របស់​គាត់​ជា​រឿង​ចម្បង » ។ យើង​ជឿ​ថា « តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង ។ » យើង​ជឿ​ទៅលើ​ភាព​បំពេញ​ឲ្យ​គ្នា​នៅក្នុង​កាតព្វកិច្ច​គ្រួសារ​ថា « ឪពុក និង ម្តាយ​មាន​កាតព្វកិច្ច ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា » ។ យើង​ជឿ​ថា ពួក​គេ​សំខាន់ ឪពុក​គឺ​សំខាន់ ហើយ​មិន​អាច​ជំនួស​បាន​ទេ ។

ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​បំពេញ​ឲ្យ​គ្នា ។
ឪពុក​មិន​អាច​មាន​​អ្វី​ជំនួស​បាន​ទេ ។

មនុស្ស​មួយ​ចំនួន​មើល​ឃើញ​សេចក្ដីល្អ​នៃ​ភាព​ជា​ឪពុក​នៅក្នុង​ទំនាក់ទំនង​សង្គម ថា​ជា​កាតព្វកិច្ច​របស់​បុរស​មាន​ចំពោះ​កូនចៅ​ពួកគេ ដែល​ជំរុញ​ពួកគេ​ឲ្យ​ធ្វើជា​ពលរដ្ឋ​ល្អ ហើយ​គិត​អំពី​តម្រូវការ​របស់​អ្នក​ដទៃ ដែល​ផ្លាស់ប្ដូរ​ទស្សន​ពី​បុរាណ​ថា « មាន​តែ​ម្ដាយ​ទេ​ដែល​ទទួល​ខុសត្រូវ​ចំពោះកូនចៅ មក​គិតថា​ទាំង​ឪពុក​និង​ម្ដាយ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​កូនចៅ​របស់​ពួកគេ ។ … សរុប​សេចក្ដី​ទៅ កត្តា​សំខាន់​របស់​បុរស គឺ​ធ្វើ​ជា​ឪពុក ។ កត្តា​សំខាន់​របស់​កូន​គឺ​ដើម្បី​មានឪពុក ។ កត្តា​សំខាន់​ក្នុង​សង្គម​គឺ​បង្កើត​ឲ្យ​មាន​ឪពុក » ។ ខណៈ​ដែល​ការ​ពិចារណា​ទាំងនេះ គឺ​ជា​ការ​ពិត និង​សំខាន់ នោះ​យើង​ដឹងថា​ភាពជា​ឪពុក​គឺ​មាន​ន័យ​ច្រើន​ជាង​គំនិត​ខាង​សង្គម ឬ ផលិតផល​នៃ​ការវិវត្តន៍ ។ តួនាទី​របស់​ឪពុក​គឺ​មាន​ពីដើម​ដំបូង​ដ៏​ទេវភាព ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ ហើយ​នៅក្នុង​ស្ថានភាព​ជីវិត​រមែង​ស្លាប់​នេះ គឺ​លោក​ឪពុក​អ័ដាម ។

គំរូ​ដ៏​ឥតខ្ចោះ និង​ទេវភាព​អំពី​ភាព​ជា​ឪពុក គឺ​ព្រះវរបិតា​សួគ៌​របស់​យើង ។ លក្ខណៈ និង​គុណសម្បត្តិ​របស់​ទ្រង់ មាន​នូវ​សេចក្ដីល្អ និង​សេចក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ​យ៉ាង​បរិបូរ ។ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់ គឺ​ការ​រីកចម្រើន សុភមង្គល និង​ជីវិត​អស់កល្ប​ជានិច្ច​របស់​កូនចៅ​ទ្រង់ ។ ឪពុក​នៅក្នុង​ពិភពលោក​ធ្លាក់​ចុះ​នេះ គ្មាន​ជា​អ្វី​ទាំងអស់ បើ​ប្រៀប​ទៅ​នឹង​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​នៅ​ស្ថាន​ដ៏​ខ្ពស់ ប៉ុន្តែ​ពួកគេ​កំពុង​ព្យាយាម​ដើម្បី​ធ្វើ​តាម​ទ្រង់ ហើយ​ពួកគេ​កំពុង​ធ្វើកិច្ចការ​របស់​ទ្រង់​ដោយ​អស់​ពី​សមត្ថភាព ។ ពួកគេ​ត្រូវ​បាន​គោរព​ដោយ​ការ​ទុកចិត្ត​ដ៏​អស្ចារ្យ និង​ស្រគត់ស្រគំ ។

ចំពោះ​បុរស​ទាំងឡាយ ភាព​ជា​ឪពុក​បង្ហាញ​ដល់​យើង​នូវភាព​ទន់ខ្សោយ​របស់​យើង ហើយ​បង្ហាញ​ពី​តម្រូវការ​ដែល​យើង​ត្រូវ​កែលម្អ ។ ភាព​ជា​ឪពុក​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ប៉ុន្តែ​វា​គឺ​ជា​ប្រភព​មួយ​នៃ​ភាព​ស្កប់ស្កល់ និង​អំណរ​ដែល​ពុំ​អាច​ប្រៀប​ផ្ទឹម​បាន ។ ជា​ថ្មី​ម្ដងទៀត គំរូ​ដ៏​អស្ចារ្យ​បំផុត​នោះ គឺ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ដែល​ស្រឡាញ់​យើង​ជា​កូនចៅ​វិញ្ញាណ​របស់​ទ្រង់​យ៉ាង​ខ្លាំង ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះបុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ទ្រង់​ដើម្បី​សេចក្ដីសង្គ្រោះ និង​ភាព​លើក​តម្កើង​របស់​យើង ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ » ។ ឪពុក​ទាំងឡាយ​បង្ហាញ​សេចក្ដីស្រឡាញ់​នោះ នៅពេល​ពួកគាត់​ដាក់​ជីវិត​របស់​គាត់​ប្រចាំ​ថ្ងៃ ធ្វើការ​នៅក្នុង​ការ​បម្រើ និង​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​ពួកគាត់ ។

ប្រហែល​ជា​កិច្ចការ​មួយ​ដ៏​សំខាន់​បំផុត​របស់​ឪពុក គឺ​ដើម្បី​បង្វែរ​ចិត្ត​កូនៗ​របស់​គាត់​ទៅរក​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។ ឪពុក​មួយ​រូប​អាច​បង្ហាញ​ពី​អត្ថន័យ​នៃ​ភក្ដី​ភាពចំពោះ​ព្រះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​តាម​គំរូ​ក៏​ដូចជា​ពាក្យ​សម្ដី​របស់​គាត់ ដែល​ឪពុក​នឹង​ផ្ដល់​ដល់​កូន​របស់​គាត់​នូវ​កត្តា​សំខាន់​ដើម្បី​បានភាព​សុខសាន្ដ​នៅក្នុង​ជីវិត​នេះ និង​ជីវិត​អស់កល្ប​ជានិច្ច​នៅ​បរលោកនាយ ។ជា​ឪពុក​ម្នាក់​ដែល​អាន​បទគម្ពីរ​ដល់​កូន ហើយ​ឲ្យ​កូនៗ​របស់​គាត់​ស្គាល់​សំឡេង​របស់​ព្រះអម្ចាស់ ។

ឪពុក​កំពុង​អាន​ព្រះគម្ពីរ

យើង​ឃើញ​នៅក្នុង​បទគម្ពីរ​នូវ​ការគូសបញ្ជាក់​ដដែលៗ​មួយ​អំពី​កាតព្វកិច្ច​របស់​ឪពុក​ម្ដាយ​ដើម្បី​បង្រៀន​ដល់​កូនចៅ ៖

« ហើយ​ជា​ថ្មី​ទៀត ដរាប​ណា​ឪពុក​ម្ដាយ​មាន​កូនចៅ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​ណា​មួយ​ដែល​បាន​រៀបចំ​ឡើង​ក្ដី ដែល​ពុំ​បាន​បង្រៀន​កូនចៅ​ឲ្យ​យល់​នូវ​គោលលទ្ធិ​អំពី​ការ​ប្រែចិត្ត សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ​ការ​ដាក់​ដៃ​លើ កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​អំពើ​បាប​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ឪពុក​ម្ដាយ​វិញ ។ …

« ហើយ​ពួកគេ​ក៏​ត្រូវ​បង្រៀន​កូនចៅ​របស់​ខ្លួន ឲ្យ​អធិស្ឋាន និង ឲ្យ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់​ផងដែរ » ។

នៅក្នុង​ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​ទៅលើ​កាតព្វកិច្ច​នៃ​ការ​បង្រៀន​កូនចៅ​របស់​ពួកគេ ។ ទ្រង់​មាន​បន្ទូល​ជា​ពិសេស​ចំពោះ​មនុស្ស​ម្នាក់​ថា « អ្នក​ពុំ​បាន​បង្រៀន​កូនចៅ​របស់​ខ្លួន​ពី​ពន្លឺ និង​សេចក្ដីពិត​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នោះ​ឡើយ ហើយ​អា​កំណាច​នោះ វា​មាន​អំណាច​នៅ​លើ​អ្នក​នៅ​ឡើយ និង​នេះ​ហើយ​ជា​ហេតុ​នៃ​សេចក្ដីវេទនា​របស់​អ្នក » ។

ឪពុក​ទាំងឡាយ​ត្រូវ​បង្រៀន​ក្រឹត្យវិន័យ និង​កិច្ចការ​របស់​ព្រះជា​ថ្មី​ម្ដងទៀត​ដល់​ជំនាន់​នីមួយៗ ។ ដូច​ដែល​ទំនុកតម្កើង​បាន​ថ្លែង ៖

« ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យវិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​របស់​យើង ប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ ៖

« ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់ គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅ [ ជា ] ពួក​អ្នក​ដែល​នឹង​កើត​ឡើង ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត ៖

« សម្រាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយ គឺ​កាន់​តាម​អស់​ទាំង​សេចក្តី​បង្គាប់​របស់​ទ្រង់​វិញ » ។

ឪពុក និង កូនស្រី​កំពុង​រាំ

ច្បាស់​ណាស់​ថា ការ​បង្រៀន​ដំណឹងល្អ​គឺ​ជា​កាតព្វកិច្ច​ចែក​រំលែក​រវាង​ឪពុក និង​ម្ដាយ ប៉ុន្តែ​ព្រះអម្ចាស់​ប្រាប់​ច្បាស់​ថា ទ្រង់​រំពឹង​ឲ្យ​ឪពុក​ទាំងឡាយ​ដឹកនាំ​ក្នុងការ​ធ្វើ​ឲ្យ​ការ​បង្រៀន​នេះ​គឺ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ ។ ( ហើយ​ចូរ​ចងចាំ​ថា ការ​សន្ទនា​ក្រៅ​ផ្លូវការ ការ​ធ្វើការ និងការ​លេង​ជាមួយ​គ្នា និង​ការ​ស្ដាប់​គឺជា​ធាតុ​ដ៏​សំខាន់​នៃ​ការ​បង្រៀន ) ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​ឪពុក​ជួយ​កែទម្រង់​កូនៗ​របស់​ពួកគេ ហើយ​កូនៗ​ចង់​បាន និង​ត្រូវការ​គំរូ​មួយ ។

ឪពុក និង​កូន​ធ្វើការ​ជាមួយ​គ្នា

ខ្លួន​ខ្ញុំ​ផ្ទាល់ មាន​ពរ​ណាស់​ដែល​មាន​ឪពុក​ជា​គំរូ​ម្នាក់ ។ ខ្ញុំ​ចាំ​ថា កាល​ខ្ញុំ​នៅ​ក្មេង​ប្រហែល​ជា​អាយុ ១២ ឆ្នាំ ឪពុក​របស់​ខ្ញុំ​បាន​ក្លាយជា​បេក្ខជន​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​ក្រុង​នៅ​សហគមន៍​ដ៏​តូច​របស់​យើង ។ គាត់​ពុំ​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​ធំ​មួយ​ទេ--អ្វី​ដែល​ខ្ញុំ​ចាំ​គឺ​ថា ឪពុក​ខ្ញុំ​មាន​បងប្រុស​ខ្ញុំ និង​ខ្ញុំ​ដើរ​ចែក​ក្រដាស​តាម​ផ្ទះ ហើយ​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យ ប៉ុល គ្រីស្ដូហ្វើរសុន ។ មាន​មជ្ឈិមវ័យ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ចែក​ក្រដាស​ទៅ​ឲ្យ​បាន​និយាយ​ថា ប៉ុល គឺ​ជា​មនុស្ស​ល្អ ហើយ​ស្មោះត្រង់ ហើយ​ថា​ពួកគេ​នឹង​គ្មាន​ការ​ជំទាស់​នឹង​បោះឆ្នោត​ឲ្យ​គាត់​ទេ ។ ដួងចិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ បាន​មាន​ពេញ​ដោយ​មោទនភាព​ទៅលើ​ឪពុក​របស់​ខ្ញុំ ។ វា​បាន​ផ្ដល់​ដល់​ខ្ញុំ​នូវ​ទំនុកចិត្ត និង​បំណងប្រាថ្នា​មួយ​ដើម្បី​ធ្វើតាម​គំរូ​របស់​គាត់ ។ គាត់​ពុំ​ល្អ​ឥតខ្ចោះ​នោះ​ទេ--គ្មាន​នរណា​ល្អ​ឥតខ្ចោះ​ឡើយ--ប៉ុន្តែ​គាត់​គឺជា​គំរូ​ដ៏​ល្អ ទៀងត្រង់ និង​បំផុសគំនិត​ចំពោះ​កូន​ប្រុស​ម្នាក់ ។

ការ​លត់ដំ និង​ការ​កែតម្រូវ​គឺ​ជា​ចំណែក​នៃ​ការ​បង្រៀន ។ ដូច​ប៉ុល​បាន​ថ្លែង​ថា « ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ » ។ ប៉ុន្តែ​នៅក្នុង​ការ​លត់ដំ ឪពុក​ត្រូវ​អនុវត្ត​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ជាពិសេស បើ​មិន​ដូច្នោះ​ទេ វា​អាច​នឹង​មាន​ជា​ការ​បំពាន ដែល​មិន​អាច​ដោះ​សារ​បាន​ឡើយ ។ នៅពេល​ឪពុក​ផ្ដល់​ការ​កែតម្រូវ ការ​លើក​ទឹកចិត្ត​របស់​គាត់ គឺ​ត្រូវ​តែ​ជា​សេចក្ដី​ស្រឡាញ់ និង​ការដឹកនាំ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« ដោយ​ស្ដី​បន្ទោស​សមពេលសម​ហេតុ ដោយ​ការ​តឹងរឹង កាល​ណា​បាន​បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ទាប់មក​ដោយ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង​ចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដីបន្ទោស ក្រែង​អ្នក​នោះ​រាប់​អ្នក​ថា ជាខ្មាំង​សត្រូវ​របស់​គេ

« ប្រយោជន៍​ឲ្យ​គេ​អាច​ដឹង​ថា​សេចក្ដីស្មោះស្ម័គ្រ​របស់​អ្នក​គឺ​ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដីស្លាប់ » ។

ការលត់ដំ​នៅក្នុង​លំនាំ​របស់​ព្រះ គឺ​មិន​មែន​អំពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ ដោយសារ​វា​ជា​ការ​ជួយ​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់​នៅ​តាមផ្លូវ​នៃ​ការ​ធ្វើជា​ម្ចាស់​លើ​ខ្លួន​ឯង ។

ឪពុក​នៅ​កន្លែង​ធ្វើការ
ការ​ផ្គត់ផ្គង់​ជីវិត​រស់នៅ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « គ្រប់​កូន​ក្មេង​ទាំងអស់​មាន​សិទ្ធិ​ពឹង​ពាក់​ទៅលើ​ឪពុក​ម្ដាយ​របស់​ខ្លួន​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​រហូត​ដល់​ពួកគេ​មាន​អាយុ​គ្រប់ » ។ ការ​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​គឺជា​សកម្មភាព​ពិសិដ្ឋ ។ ការ​ផ្គត់ផ្គង់​គ្រួសារ​មួយ ទោះជា​ទូទៅ​វា​តម្រូវការ​ពេល​វេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ក្ដី ក៏​វា​ស្រប​ទៅនឹង​ភាពជា​ឪពុក--វា​សំខាន់​ណាស់​ក្នុងការ​ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប ។ « ការ​ងារ និង​គ្រួសារ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​ត្រួតលើ​គ្នា » ។ ប្រាកដ​ណាស់ រឿង​នេះ​ពុំ​មែន​ធ្វើ​ឲ្យ​សមហេតុ​ផល​ថា​បុរស​ម្នាក់​អាច​មិន​ខ្វល់​អំពី​គ្រួសារ​គាត់​ដោយ​សារតែ​អាជីព​នោះ​ទេ ឬ ម្យ៉ាង​ទៀត​ថា បុរស​ម្នាក់​នឹង​មិន​តម្រូវ​ចិត្ត​ផ្ទាល់ខ្លួន ដើម្បី​បង្វែរ​ការ​ទទួលខុស​ត្រូវ​របស់​គាត់​ទៅ​ដល់​អ្នកដទៃ​ឡើយ ។ នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ស្ដេច​បេនយ៉ាមីន ៖

« អ្នក​រាល់គ្នា​នឹង​ពុំ​ទ្រាំ​ឲ្យ​កូនចៅ​របស់​អ្នក​អត់​ឃ្លាន ឬ​គ្មាន​សម្លៀក​បំពាក់​បិទ​បាំង​កាយ​ឡើយ ហើយ​អ្នករាល់គ្នា​ក៏​ពុំ​ទ្រាំ​ឲ្យ​កូនចៅ​អ្នក​រំលង​ក្រឹត្យវិន័យ​ទាំងឡាយ​នៃ​ព្រះ ហើយ​ឈ្លោះ​ប្រកែក​គ្នា​ទៅវិញ​ទៅមក ។ …

« ប៉ុន្តែ​អ្នក​រាល់គ្នា​នឹង​បង្រៀន​កូន​ចៅ​អ្នកឲ្យ​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​ដែល​ពិត ហើយ​ម៉ឺងម៉ាត់ អ្នករាល់គ្នា​នឹង​បង្រៀន​កូនចៅ​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​ឲ្យ​បម្រើ​គ្នា​ទៅវិញ​ទៅមក » ។

យើង​ទទួល​ស្គាល់​នូវ​ឈឺចាប់​របស់​បុរស​ដែល​ពុំ​អាច​រក​វិធី និង​មធ្យោបាយ​ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​គ្រប់គ្រាន់ ។ មិន​ថា​នៅពេល​ណា​ទេ វា​ពុំ​គួរជា​ការ​ខ្មាស​អៀនឡើយ សម្រាប់​អ្នក​ដែល​ខិតខំ​អស់​ពី​សមត្ថភាព​ហើយ តែ​នៅតែ​មិន​អាច​បំពេញ​គ្រប់​កាតព្វកិច្ច និង​មុខងារ​ជា​ឪពុក​បាន​នោះ ។ « ពិការភាព មរណភាព ឬ កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវ​សម្រប​ទៅ​តាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ ។ ញាតិ​សន្តាន ក្រុម​គ្រួសារ គួរតែ​ជួយ​គាំទ្រ នៅ​ពេល​មាន​សេចក្តី​ត្រូវការ » ។

ឪពុក​ម្ដាយ​ជា​ទីស្រឡាញ់
ឪពុក​ម្ដាយ​កំពុង​រាំ

ការ​ស្រឡាញ់​ម្ដាយ​របស់​កូនៗ--និង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ--គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​ពីរ​យ៉ាង​ដែល​ឪពុក​មួយ​រូប​អាច​ធ្វើ​ដើម្បី​កូន ។ រឿង​នេះ​បញ្ជាក់ និង​ជួយ​ពង្រឹង​ដល់​អាពាហ៍ពិពាហ៍ ដែល​ជា​គ្រឹះ​នៃ​ជីវិត​គ្រួសារ និង​សុវត្ថិភាព ។

ឪពុក​ជាមួយ​នឹង​កូនប្រុស​ជា​យុវវ័យ

បុរស​ខ្លះ​គឺ​ជា​ឪពុក​ទោល ឪពុក​ចិញ្ចឹម ឬ​ឪពុក​ចុង ។ ពួកគាត់​ជាច្រើន​នាក់​បាន​ព្យាយាម​យ៉ាង​ខ្លាំង ហើយ​ខិតខំ​អស់​ពី​សមត្ថភាព​នៅក្នុង​តួនាទី​ដ៏​លំបាក ។ យើង​គោរព​ដល់​អ្នក​ទាំងឡាយ​ដែល​ធ្វើ​អ្វីៗ​ទាំងអស់​ក្នុង​សេចក្ដីស្រឡាញ់ អត់ធ្មត់ និង​ការលះបង់​ខ្លួន​ឯង​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ ។ គួរ​តែ​កត់សម្គាល់​ថា ព្រះអង្គ​ផ្ទាល់ បាន​ទុកចិត្ត​ប្រគល់​ព្រះរាជ​បុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ទ្រង់​ទៅ​ដល់​ឪពុក​ចិញ្ចឹម​ម្នាក់ ។ ប្រាកដ​ណាស់ ការ​សរសើរ​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ទៅ​យ៉ូសែប​ចំពោះ​ការពិត​ដែល​ថា នៅពេល​ព្រះយេស៊ូវ​ចម្រើន​វ័យ នោះ​ទ្រង់ « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ។

ជា​អកុសល ដោយសារ​តែការ​ស្លាប់ ការ​បំបរបង់ ឬ​ការ​លែងលះ នោះមាន​កុមារ​មួយ​ចំនួន​គ្មាន​ឪពុក​រស់នៅ​ជាមួយ​ពួកគេ ។ កុមារ​មួយ​ចំនួន​អាច​មាន​ឪពុក​ដែល​មាន​វត្តមាន​ខាង​រូបកាយ ប៉ុន្តែ​អវត្តមាន​ខាងសតិ​អារម្មណ៍ ឬ​មិន​យកចិត្ត​ទុក​ដាក់ ឬ​មិន​ផ្ដល់ការ​ផ្គត់ផ្គង់ ។ យើង​សូម​អំពាវនាវ​ដល់​ឪពុក​គ្រប់រូប​ធ្វើ​ឲ្យបាន​ល្អ​ប្រសើរ ហើយ​ធ្វើ​ជា​មនុស្ស​កាន់តែ​ល្អ​ប្រសើរ ។ យើង​សូម​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​កម្សាន្ត​ទាំងឡាយ សូម​ចាក់​បង្ហាញ​អំពី​ឪពុក​ដែល​មាន​ការ​លះបង់ និង​មាន​សមត្ថភាព ដែល​ពិតជា​ស្រឡាញ់​ភរិយា​របស់​ពួកគេ ហើយ​ដឹកនាំ​កូនចៅ​របស់​ពួកគេ​ប្រកប​ដោយ​បញ្ញា ជំនួស​ឲ្យ​ការ​ចាក់បង្ហាញ​ជាញឹកញាប់​នូវ​រឿង​ដែល​ធ្វើ​ឲ្យ​ភាន់​ច្រឡំ និង​ល្ងិត​ល្ងង់ ឬ​ចាក់​បង្ហាញ​រឿង​ឪពុក « ដែល​ជា​មនុស្ស​បង្ក​បញ្ហា » នោះ​វិញ ។

ចំពោះ​កូនៗ​ដែល​ស្ថិត​ក្នុងគ្រួសារ​ដែល​មាន​បញ្ហា យើង​សូម​និយាយ​ទៅ​អ្នក​ថា អ្នក​ពុំ​មែន​ឥត​មាន​តម្លៃ​ដោយ​សារ​រឿង​នោះ​ឡើយ ។ ជួនកាល បញ្ហា​នានា គឺ​ជា​សញ្ញា​អំពី​ការ​ទុកចិត្ត​របស់​ព្រះ​អម្ចាស់​ទៅ​លើ​អ្នក ។ ទ្រង់​អាច​ជួយ​អ្នក​បាន ទាំង​ដោយ​ផ្ទាល់ និង​តាមរយៈ​អ្នក​ដទៃ ដើម្បី​ប្រឈម​មុខ​នឹង​អ្វី​ដែល​អ្នក​ជួប​ប្រទះ ។ អ្នក​អាច​ក្លាយ​ទៅជា​ជំនាន់​មួយ ប្រហែល​ជា​ជំនាន់​ដំបូង​ក្នុង​គ្រួសារ​អ្នក ដែល​ពិត​ជា​មាន​លំនាំ​ទេវភាព ដែល​ព្រះ​បាន​តែងតាំង​សម្រាប់​ក្រុមគ្រួសារ ហើយ​ប្រទានពរ​ដល់​ជំនាន់​ក្រោយៗ​របស់​អ្នក ។

ចំពោះ​យុវជន ការ​ទទួលស្គាល់​តួនាទី​ដែល​អ្នក​នឹង​មាន ក្នុង​នាមជា​អ្នក​ផ្គត់ផ្គង់ និង​អ្នក​ការពារ នោះ​យើង​សូម​និយាយ​ទៅ​អ្នក​ថា ចូរ​រៀបចំ​ពី​ពេល​ឥឡូវនេះ ដោយ​ការ​ឧស្សាហ៍​ព្យាយាម​នៅក្នុងការ​សិក្សា ហើយ​រៀបចំ​សម្រាប់​ការ​បំពាក់បំប៉ន​បន្ទាប់ពី​វិទ្យាល័យ ។ ការ​អប់រំ ទោះជា​នៅ​សាកល​វិទ្យាល័យ សាលា​បច្ចេកទេស ការ​ហ្វឹកហ្វឺន ឬ​កម្មវិធី​ស្រដៀង​គ្នា​នេះ គឺ​ជា​គន្លឹះ​ដើម្បី​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ដែល​អ្នក​នឹង​ត្រូវការ​ចាំបាច់ ។ សូម​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ទាំងឡាយ​ដើម្បី​ទំនាក់ទំនង​នឹង​មនុស្ស​គ្រប់វ័យ រួម​ទាំង​កុមារ​តូចៗ ហើយ​រៀន​អំពី​របៀប​ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ និង​រីករាយ ។ នោះ​មាន​ន័យថា ត្រូវ​និយាយ​ទល់មុខ​ជាមួយ​នឹង​មនុស្ស​ដទៃ ហើយ​ពេល​ខ្លះ​ធ្វើ​កិច្ចការ​ជាមួយ​គ្នា កុំ​គ្រាន់​តែ​ខំ​ដុះ​ខាត់​ជំនាញ​ផ្ញើ​សារ​របស់​អ្នក​ឡើយ ។ សូម​រស់នៅ​ក្នុង​ជីវិត​ដែល​អ្នក​នឹង​ក្លាយ​ជា​បុរស ដែល​នឹង​នាំ​មក​នូវ​បរិសុទ្ធភាព​មក​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក និង​កូនៗ​របស់​អ្នក ។

ចំពោះ​ជំនាន់​កំពុង​ពេញ​វ័យ​ទាំងអស់ យើង​សូម​និយាយថា មិន​ថា​អ្នក​ដាក់​ឋានៈ​ឪពុក​របស់​អ្នក​នៅ​កម្រិត​ណា​ទេ ល្អ-ល្អ​ប្រសើរ-ល្អបំផុត ( ហើយ​ខ្ញុំ​ទស្សទាយ​ថា​កម្រិត​នឹង​ខិតទៅ​កាន់តែ​ខ្ពស់ នៅពេល​អ្នក​កាន់តែ​ធំ និង​កាន់តែ​ឈ្លាសវៃ​នោះ ) សូម​សន្យា​ក្នុង​ចិត្ត​ថា គោរព​ដល់​គាត់ និង​ម្ដាយ​របស់​អ្នក​តាមរយៈ​ជីវិត​របស់​អ្នក​ផ្ទាល់ ។ សូម​ចងចាំ​អំពី​សេចក្ដីសង្ឃឹម​ដ៏​ខ្លាំង​ដែល​ឪពុក​ម្នាក់​បាន​បង្ហាញ​តាមរយៈ​យ៉ូហាន ៖ « គ្មាន​សេចក្តី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរសប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា​ពួកកូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្តិ​តាម​សេចក្តី​ពិត » ។ សេចក្ដីសុចរិត​របស់​អ្នក​គឺ​ជា​កិត្តិយស​ដ៏​ធំបំផុត​ដែល​ឪពុក​គ្រប់រូប​អាច​ទទួល​បាន ។

ចំពោះ​បងប្អូន​ប្រុស​របស់​ខ្ញុំ ដែល​ជា​ឪពុក​នៅក្នុង​សាសនាចក្រ​នេះ ខ្ញុំសូម​និយាយ​ថា ខ្ញុំ​ដឹង​ថា​អ្នក​ចង់​ក្លាយជា​ឪពុក​កាន់តែ​ល្អ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចង់​បាន​ដូចគ្នា​ដែរ ។ ទោះជា​យ៉ាង​ណា មិនថា​យើង​មាន​លក្ខខណ្ឌ​យ៉ាង​ណា​ទេ ចូរ​យើង​ឆ្ពោះ​ទៅមុខ ។ ចូរ​យើង​កុំ​ជឿ​ទៅលើ​ការយល់ឃើញ​ដ៏​ហួសហេតុ​នៃ​បុគ្គលនិយម និង​ស្វ័យភាព​នៅ​ក្នុង​វប្បធម៌​សព្វ​ថ្ងៃ​នេះ​ឡើយ ចូរ​គិត​ដំបូង​គេ​អំពី​សុភមង្គល និង​សុខុមាលភាព​របស់​អ្នក​ដទៃ ។ មិន​ថា​យើង​ខ្វះ​សមត្ថភាព​យ៉ាង​ណា​ទេ ព្រះវរបិតាសួគ៌​យើង​នឹង​តម្កើង​យើង​ឡើង ហើយ​បណ្ដាល​ឲ្យ​កិច្ចខិតខំ​ដ៏​សាមញ្ញ​របស់​យើង​ទទួល​បាន​ផ្លែផ្កា ។ មាន​រឿង​មួយ​នៅក្នុងNew Era ដែល​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។ អ្នក​និពន្ធ​បាន​រៀបរាប់​ដូច​ខាង​ក្រោម ៖

« កាល​ខ្ញុំ​នៅ​ក្មេង គ្រួសារ​តូច​របស់​យើង​បាន​រស់នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​ដេក​តែ​មួយ​ស្ថិត​នៅ​ជាន់​ទី​ពីរ ។ ខ្ញុំ​បាន​ដេក​នៅលើ​សាឡុង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ …

« ឪពុក​របស់​ខ្ញុំ ជា​ជាង​ដែក បាន​ចេញ​ទៅ​ធ្វើការ​រាល់​ថ្ងៃ​ពី​ព្រឹក​ព្រលឹម ។ រាល់​ព្រឹក​គាត់​នឹង… ដណ្ដប់​ភួយ​ឲ្យ​ខ្ញុំ ហើយ​ឈប់​មួយ​សន្ទុះ ។ ខ្ញុំ​ហាក់​ដូចជា​ដឹង​ខ្លួន​ខ្លះៗ​អាច​មាន​អារម្មណ៍​ដឹង​ថា​ឪពុក​របស់​ខ្ញុំ​កំពុង​ឈរ​នៅ​ជិត​សាឡុង​កំពុង​មើល​មក​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​ដឹង​ខ្លួន ខ្ញុំ​បាន​ខ្មាស​ដែល​គាត់​ឈរ​នៅ​ទីនោះ ។ ខ្ញុំ​ព្យាយាម​ធ្វើ​ជា​នៅ​ដេក​លក់ ។ … ខ្ញុំ​បាន​ដឹង​ថា នៅពេល​គាត់​ឈរ​នៅ​ជិត​គ្រែ​របស់​ខ្ញុំ នោះ​គាត់​កំពុង​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត កម្លាំង និង​ការ​យកចិត្ត​ទុក​ដាក់​របស់​គាត់—សម្រាប់​ខ្ញុំ ។

« ឪពុក​របស់​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​ខ្ញុំ​រាល់​ព្រឹក ។ គាត់​បាន​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​ដ៏​ល្អ​មួយ ដែល​ខ្ញុំ​នឹង​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​នឹង​រៀន និង​រៀបចំ​ខ្លួន​សម្រាប់​ពេល​អនាគត ។ ដោយ​សារ​តែ​គាត់​មិន​អាច​នៅ​ជាមួយ​ខ្ញុំ​ពេញ​មួយ​ថ្ងៃ នោះ​គាត់​បាន​អធិស្ឋាន​ឲ្យ​គ្រូបង្រៀន និង​មិត្តភក្ដិ​របស់​ខ្ញុំ ដែល​ខ្ញុំ​នឹង​នៅ​ជាមួយ​ពួកគេ​នា​ថ្ងៃ​នោះ ។ …

« ពី​ដំបូង​ឡើយ ខ្ញុំ​មិន​បាន​យល់​ច្បាស់​អំពី​អ្វី​ដែល​ឪពុក​ខ្ញុំ​បាន​ធ្វើ​រាល់​ព្រឹក​ពេល​គាត់​អធិស្ឋាន​សម្រាប់​ខ្ញុំ​នោះ​ទេ ។ ប៉ុន្តែ​ពេល​ខ្ញុំ​កាន់តែ​ធំ ខ្ញុំ​បាន​ដឹង​ពីក្ដីស្រឡាញ់ និង​ចំណាប់​អារម្មណ៍​របស់​គាត់​ចំពោះ​ខ្ញុំ និង​អ្វីៗ​ដែល​ខ្ញុំ​ធ្វើ ។ វា​ជា​អនុស្សារីយ៍​ដ៏​ល្អ​មួយ​របស់​ខ្ញុំ ។ រហូត​ដល់​ពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​ខ្ញុំ​បាន​រៀបការ មាន​កូនផ្ទាល់​ខ្លួន ហើយ​ទៅ​បន្ទប់​របស់​ពួកគេ​ពេល​ពួកគេ​កំពុង​ដេក អធិស្ឋាន​សម្រាប់​ពួកគេ នោះ​ទើប​ខ្ញុំ​បាន​យល់​ពេញលេញ​អំពី​អារម្មណ៍​របស់​ឪពុក​ខ្ញុំ​មាន​ចំពោះខ្ញុំ » ។

អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ទៅ​កូនប្រុស​របស់​គាត់ ៖

« មើល​ចុះ​ឪពុក​ចង់​និយាយ​នឹង​កូន​ថា គឺ​ជា [ ព្រះគ្រីស្ទ ] នេះ​ហើយ​ដែល​ពិត​ជា​នឹង​យាង​មក… មែនហើយ​ទ្រង់​នឹង​យាង​មក ដើម្បី​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​ដំណឹង​ដ៏​រីករាយ អំពី​សេចក្ដីសង្គ្រោះ ។

« ហើយ​ឥឡូវ​នេះ ឱកូន​ប្រុស​របស់​ឪពុក​អើយ នេះ​ហើយ​ជា​ការងារ​បម្រើ​ដែល​កូន​ត្រូវ​បាន​ហៅ គឺ​ដើម្បី​ប្រកាស​ប្រាប់​ដំណឹងល្អ​ដ៏​រីករាយ​ទាំងនេះ​ដល់​ប្រជាជន​នេះ ដើម្បី​ប្រុង​ប្រៀប​ចិត្ត​គំនិត​របស់​គេ … ដើម្បី​ឲ្យ​គេ​រៀបចំ​ចិត្ត​គំនិត​នៃ​កូនចៅ​របស់​គេ​ឲ្យ​ស្ដាប់​តាម​ព្រះបន្ទូល​នៅពេល​ដែល​ទ្រង់​នឹង​យាងមក » ។

នោះ​គឺជា​ការ​បម្រើ​របស់​ឪពុក​សព្វថ្ងៃនេះ ។ សូម​ព្រះប្រទានពរ ហើយ​ធ្វើ​ឲ្យ​ឪពុក​ទាំង​ឡាយ​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​នេះ​បាន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។