ទ្រង់នឹងលើកអ្នកដាក់លើស្មាទ្រង់ ហើយនាំអ្នកទៅផ្ទះ
ដូចជាអ្នកគង្វាលចៀមល្អបានរកឃើញចៀមដែលបាត់ដែរ ប្រសិនបើបងប្អូនគ្រាន់តែបង្វែរដួងចិត្តទៅរកព្រះអង្គសង្គ្រោះនៃលោកិយនេះ នោះទ្រង់នឹងស្វែងរកបងប្អូនឲ្យឃើញ ។
អនុស្សាវរីយ៍មួយកាលពីក្មេងដែលខ្ញុំនៅចាំមិនភ្លេច ចាប់ផ្ដើមជាមួយនឹងសំឡេងសារ៉ែនអាសន្ននៃការវាយឆ្មក់ពីអាកាសពីចម្ងាយដែលបានធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេក ។ មិនយូរប៉ុន្មាន ក៏មានសំឡេងមួយទៀត ជាសូរសន្ធឹកកង្ហារ បានឮកាន់តែខ្លាំងឡើងៗរហូតធ្វើឲ្យផ្ទៃមេឃទាំងមូលរញ្ជួយ ។ ដោយទទួលការបង្រៀនយ៉ាងល្អពីម្ដាយយើង នោះយើងក៏ទាញយកកាបូបដែលបានត្រៀមទុករត់ឡើងទៅទីជម្រកពីគ្រាប់បែកនៅលើភ្នំ ។ កាលយើងរត់ទាំងប្រញាប់ប្រញាល់នៅក្រោមមេឃងងឹតស្លុប នោះមានភ្លើងសញ្ញាពណ៌បៃតង និងពណ៌-សទម្លាក់ចុះពីលើមេឃមកដើម្បីកំណត់ពីកន្លែងត្រូវទម្លាក់គ្រាប់បែក ។ ប៉ុន្តែគួរឲ្យចម្លែកណាស់ មនុស្សគ្រប់គ្នាបែរជាហៅភ្លើងទាំងនេះថាដើមគ្រីស្ទម៉ាស់ទៅវិញ ។
កាលនោះខ្ញុំមានអាយុបួនឆ្នាំ ហើយខ្ញុំបានឃើញពិភពលោកមួយដែលមានសង្គ្រាម ។
ឌ្រេស្តិន
នៅមិនឆ្ងាយពីផ្ទះខ្ញុំប៉ុន្មាន មានទីក្រុងមួយឈ្មោះ ឌ្រេស្តិន ។ មនុស្សដែលរស់នៅទីនោះប្រហែលជាបានឃើញលើសពីអ្វីដែលខ្ញុំបានឃើញរាប់ពាន់ដងទៅទៀត ។ គ្រឿងផ្ទុះរាប់ពាន់តោនត្រូវបានទម្លាក់នៅក្នុងទីក្រុងឌ្រេស្តិនដែលបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយបំផ្លាញទីក្រុងនោះច្រើនជាង៩០ ភាគរយ ហើយបន្សល់ទុកនៅតែគំនរបាក់បែក និងផេះ ។
តែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ ទីក្រុងដែលធ្លាប់ហៅថាជា « ទីក្រុងដ៏ប្រណិត » លែងមានទៀតហើយ ។ អេរីក ខាសនើរ ជាអ្នកនិពន្ធអាល្លឺម៉ង់ម្នាក់បានសរសេរពីការបំផ្លិចបំផ្លាញនេះថា « ទីក្រុងដ៏ស្រស់ស្អាតនេះបានសង់ឡើងមួយពាន់ឆ្នាំហើយ ប៉ុន្តែត្រូវបំផ្លាញចោលទាំងស្រុងតែក្នុងពេលមួយយប់ » ។ កាលពីក្មេងខ្ញុំធ្លាប់គិតថា ការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលប្រជាជនខ្លួនឯងបានផ្ដើមឡើងនឹងគ្មានថ្ងៃបញ្ចប់ឡើយ ។ ពិភពលោកនៅជុំវិញយើងហាក់ដូចជាគ្មានក្ដីសង្ឃឹម និងអនាគតសោះ ។
នៅឆ្នាំមុន ខ្ញុំមានឱកាសត្រឡប់ទីក្រុងឌ្រេស្តិនវិញ ។ ក្រោយពីសង្គ្រាមចិតសិបឆ្នាំ ទីក្រុងនេះបានក្លាយជា « ទីក្រុងដ៏ប្រណិត »ជាថ្មីម្ដងទៀត ។ គំនរបាក់បែកត្រូវបានសម្អាត ហើយទីក្រុងនេះត្រូវបានស្ដារមុខមាត់ថ្មី ហើយកាន់តែល្អប្រណិតជាងមុនទៅទៀត ។
អំឡុងពេលខ្ញុំទៅទស្សនា ខ្ញុំបានឃើញព្រះវិហារ Lutheran លូធើររ៉ាន ហ្វ្រោអ៊ិនខេឆើរ ដ៏ស្រស់ស្អាត ជាព្រះវិហាររបស់ស្ត្រីមានឡើងវិញ ។ ដោយសង់ឡើងនៅទសវត្សរ៍ ១៧០០ វាបានក្លាយជាវត្ថុដ៏ប្រណិតមួយរបស់ទីក្រុងឌ្រេស្តិន ប៉ុន្តែសង្គ្រាមបានបំផ្លាញវា ។ វានៅជាគំនរបាក់បែកដូច្នេះអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ពេលដែលគេគិតថា ហ្វ្រោអ៊ិនខេឆើរត្រូវសង់ឡើងជាថ្មី ។
កំទេចថ្មមកពីព្រះវិហារដែលបានបំផ្លាញនោះ បានស្ដារឡើងវិញ ហើយរៀបចំទុក ហើយនៅពេលណាអាចធ្វើទៅបាន នឹងត្រូវប្រើសម្រាប់ការសាងសង់ ។ សព្វថ្ងៃនេះ បងប្អូនអាចមើលឃើញថ្មដែលត្រូវភ្លើងឆេះរោលឡើងខ្មៅនៅជញ្ជាំងខាងក្រៅ ។ « ស្លាកស្នាម »ទាំងនេះគឺជាការរំឭកចាំពីប្រវត្តិសាស្ត្រសង្គ្រាមនៃអគារនេះ ព្រមទាំងជាវិមាននៃក្ដីសង្ឃឹមផងដែរ—ជានិមិត្តរូបដ៏អស្ចារ្យមួយនៃសមត្ថភាពរបស់មនុស្សក្នុងការបង្កើតជីវិតថ្មីចេញពីផេះផង់ ។
កាលខ្ញុំសញ្ជឹងគិតពីប្រវត្តិរបស់ទីក្រុងឌ្រេស្តិនហើយស្ញប់ស្ញែងពីភាពប៉ិនប្រសប់ និងការតាំងចិត្តនៃអ្នកដែលបានស្ដារឡើងវិញនូវអ្វីដែលបានបំផ្លាញចោលទាំងស្រុង នោះខ្ញុំទទួលអារម្មណ៍ពីព្រះចេស្ដាដ៏ផ្អែមល្ហែមនៃព្រះវិញ្ញាណបរិសុទ្ធ ។ ប្រាកដណាស់ ខ្ញុំបានគិតថា បើមនុស្សអាចសង់អគារដ៏អស្ចារ្យមួយចេញពីភាពហិនហោច កម្ទេចថ្ម និងបំណែកសេសសល់នៃទីក្រុងដ៏ខ្ទេចខ្ទាំមួយបាន តើព្រះវរបិតាយើងដែលមានមហិទ្ធិឫទ្ធិអាចជួយកូនចៅទ្រង់ដែលបានធ្លាក់ ជួបបញ្ហា ឬដើរវង្វេងច្រើនជាងនេះប៉ុណ្ណាទៅ ?
វាមិនសំខាន់ថាតើជីវិតយើងហិចហោចដល់កម្រិតណានោះទេ ។ វាមិនសំខាន់ថាតើអំពើបាបយើងមានពណ៌ក្រហមឆ្អៅ ភាពជូរចត់ ឯកោ ដួងចិត្តយើងខ្ទេចខ្ទាំ ដល់កម្រិតណានោះឡើយ ។ សូម្បីតែជនទាំងឡាយដែលអស់សង្ឃឹម ដែលរស់នៅក្នុងភាពអស់សង្ឃឹម ដែលបានបាត់អស់នូវទំនុកចិត្ត បោះបង់សច្ចៈធម៌ ឬងាកចេញពីព្រះក៏អាចសាងខ្លួនជាថ្មីបានដែរ ។ គ្មានជីវិតដ៏ខ្ទេចខ្ទាំណាដែលមិនអាចសាងឡើងជាថ្មីបានឡើយ លើកលែងតែពួកកូនអន្តរធានប៉ុណ្ណោះ ។
ដំណឹងដ៏រីករាយនៃដំណឹងល្អគឺថា ដោយសារតែផែនការនៃសុភមង្គលដ៏នៅអស់កល្បជានិច្ចដែលព្រះវរបិតាសួគ៌បានប្រទានឲ្យ និងតាមរយៈការលះបង់ដ៏គ្មានទីបញ្ចប់នៃព្រះយេស៊ូវគ្រីស្ទ យើងមិនត្រឹមតែអាចបានប្រោសឲ្យរួចពីស្ថានភាពធ្លាក់របស់យើង ហើយស្ដារទៅរកភាពបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចរីកចម្រើនលើសពីការស្រមើសម្រៃខាងសីលធម៌ទៅទៀត ហើយក្លាយជាអ្នកគ្រងមរតកនៃ ជីវិតដ៏នៅអស់កល្បជានិច្ច និងជាអ្នកទទួលសិរីល្អដ៏អស្ចារ្យរបស់ព្រះ ។
រឿងប្រៀបប្រដូចអំពីចៀមដែលវង្វេង
នៅក្នុងការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ពួកអ្នកដឹកនាំខាងសាសនានៅជំនាន់ទ្រង់មិនអនុញ្ញាតឲ្យព្រះយេស៊ូវគង់នៅជាមួយនឹងមនុស្សដែលពួកគេចាត់ថាជា « ពួកមានបាប »ឡើយ ។
ប្រហែលចំពោះពួកគេវាហាក់ដូចជាទ្រង់កំពុងតែអនុញ្ញាតឲ្យ ឬលើកទោសឲ្យឥរិយបថដ៏មានបាប ។ ប្រហែលជាពួកគេជឿថា វិធីល្អបំផុតដើម្បីជួយពួកអ្នកមានបាបឲ្យប្រែចិត្តគឺដោយការដាក់ទោស ប្រមាថ និងបំបាក់មុខពួកគេ ។
កាលព្រះអង្គសង្គ្រោះត្រាស់យល់ពីអ្វីដែលពួកផារិស៊ី និងពួកអាចារ្យកំពុងគិត ទ្រង់និទានពីរឿងមួយ ៖
« ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀមមួយរយ តែបាត់មួយ តើមិនទុកចៀមកៅសិបប្រាំបួនឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀមមួយដែលបាត់ ទាល់តែឃើញទេឬអី ?
« កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ »
ជាយូរយារមកហើយ រឿងប្រៀបប្រដូចនេះត្រូវបានយល់ថា ជាបទបញ្ញត្តិមួយឲ្យយើងនាំចៀមវង្វេងនោះត្រឡប់មកវិញ ហើយជួយជនដែលវង្វេងផ្លូវ ។ កាលការគិតបែបនេះគឺជារឿងដ៏សមរម្យ ហើយល្អ ខ្ញុំងឿងឆ្ងល់ថាមានអ្វីលើសពីនេះទៀតទេ ។
តើវាអាចទៅរួចដែរទេថា ព្រះរាជបំណងដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគឺដើម្បីបង្រៀនអំពីកិច្ចការនៃអ្នកគង្វាលល្អ ?
តើវាអាចទៅរួចដែរទេថា ទ្រង់កំពុងថ្លែងទីបន្ទាល់ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះកូនចៅដ៏ចចេសរឹងរូស ?
តើវាអាចទៅរួចដែរទេថា សារលិខិតរបស់ព្រះអង្គសង្គ្រោះគឺថា ព្រះជ្រាបជាមុនយ៉ាងច្បាស់ពីជនដែលវង្វេងផ្លូវ—ហើយថាទ្រង់នឹងស្វែងរកពួកគេ ថាទ្រង់នឹងជួយពួកគេ ហើយថាទ្រង់នឹងសង្គ្រោះពួកគេ ?
បើដូច្នេះមែនតើចៀមនោះត្រូវធ្វើអ្វីខ្លះដើម្បីសក្ដិសមនឹងជំនួយដ៏ទេវភាពនេះ ?
តើចៀមនោះត្រូវដឹងពីរបៀបប្រើឧបករណ៍គណនាកូអរដោនេនៃរយៈទទឹងដ៏ស្មុគស្មាញដែរទេ ? តើវាត្រូវចេះប្រើ ជី. ភី. អេស. ដើម្បីកំណត់ទីតាំងដែរទេ ? តើវាត្រូវមានជំនាញបង្កើតកម្មវិធីទូរសព្ទមួយដើម្បីហៅទៅសុំជំនួយដែរទេ ? តើចៀមនោះត្រូវការការអនុម័តពីអ្នកឧបត្ថម្ភម្នាក់ពីមុនអ្នកគង្វាលល្អនឹងទៅជួយសង្គ្រោះដែរទេ ?
វាមិនដូច្នេះទេ ! ចៀមនោះមានភាពសក្ដិសមនៃការសង្គ្រោះពីព្រះ ដោយសារអ្នកគង្វាលល្អស្រឡាញ់វា ។
ចំពោះខ្ញុំ រឿងប្រៀបប្រដូចនៃចៀមវង្វេងគឺជាសារមួយដ៏សំខាន់បំផុតនៅក្នុងបទគម្ពីរ ។
ព្រះអង្គសង្គ្រោះយើង ដែលជាអ្នកគង្វាលល្អស្គាល់ ហើយស្រឡាញ់យើង ។ ទ្រង់ស្គាល់ ហើយស្រឡាញ់បងប្អូន ។
ទ្រង់ជ្រាបពីពេលបងប្អូនបានវង្វេង ហើយទ្រង់ជ្រាបថាបងប្អូននៅទីណា ។ ទ្រង់ជ្រាបពីការឈឺចាប់របស់បងប្អូន ។ ការទូលអង្វរដ៏ស្ងៀមស្ងាត់ ។ ការភ័យខ្លាច ។ ទឹកភ្នែករបស់បងប្អូន ។
វាមិនសំខាន់ថាតើបងប្អូនបានវង្វេងដោយរបៀបណានោះទេ—មិនថាដោយសារតែការជ្រើសរើសដែលខ្វះការពិចារណា ឬដោយសារកាលៈទេសៈដែលបងប្អូនមិនអាចគ្រប់គ្រងបាននោះទេ ។
អ្វីដែលសំខាន់គឺថា បងប្អូនគឺជាកូនចៅរបស់ទ្រង់ ។ ហើយទ្រង់ស្រឡាញ់បងប្អូន ។ ទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ។
ដោយសារទ្រង់ស្រឡាញ់ នោះទ្រង់នឹងស្វែងរកបងប្អូន ។ ទ្រង់នឹងដាក់បងប្អូននៅលើស្មាទ្រង់ដោយអំណរ ។ ហើយនៅពេលទ្រង់នាំបងប្អូនត្រឡប់មកផ្ទះ នោះទ្រង់នឹងមានបន្ទូលទៅមនុស្សគ្រប់គ្នាថា « សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ » ។
តើយើងត្រូវធ្វើអ្វីខ្លះ ?
ប៉ុន្តែបងប្អូនអាចគិតថា តើខ្ញុំត្រូវធ្វើអ្វី ? ប្រាកដណាស់ ខ្ញុំត្រូវធ្វើច្រើនជាងការគ្រាន់តែរង់ចាំដើម្បីបានសង្គ្រោះ ។
កាលព្រះវរបិតាយើងមានព្រះរាជបំណងឲ្យកូនចៅទាំងអស់ត្រឡប់មកទ្រង់វិញ ទ្រង់នឹងមិនបង្ខំនរណាម្នាក់ឲ្យទៅស្ថានសួគ៌ឡើយ ។ ព្រះនឹងមិនសង្គ្រោះយើងផ្ទុយនឹងឆន្ទៈយើងនោះទេ ។
ដូច្នេះតើយើងត្រូវធ្វើអ្វីខ្លះ ?
ការអញ្ជើញរបស់ទ្រង់គឺសាមញ្ញ ៖
« ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក »
នេះជារបៀបដែលយើងបង្ហាញទ្រង់ថាយើងចង់បានការសង្គ្រោះ ។
វាតម្រូវឲ្យមានសេចក្ដីជំនឿបន្តិច ។ ប៉ុន្តែពុំមែនជាភាពអស់សង្ឃឹមទេ ។ ប្រសិនបើបងប្អូនមិនអាចបង្កើតសេចក្ដីជំនឿនៅពេលនេះបាន សូមចាប់ផ្ដើមដោយសេចក្ដីសង្ឃឹម ។
ប្រសិនបើបងប្អូនមិនដឹងថាព្រះគង់នៅទីនោះ បងប្អូនអាចសង្ឃឹមថាទ្រង់គង់នៅទីនោះ ។ បងប្អូនអាចមានចិត្តជឿ ។ នោះវាល្មមគ្រប់គ្រាន់ហើយដើម្បីចាប់ផ្ដើម ។
បន្ទាប់មក ដោយធ្វើតាមសេចក្ដីសង្ឃឹមនោះ សូមទូលទៅព្រះវរបិតាសួគ៌ ។ ព្រះនឹងបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់មក ហើយកិច្ចការនៃការសង្គ្រោះ និងការផ្លាស់ប្តូររបស់ទ្រង់នឹងចាប់ផ្ដើម ។
ក្រោយមក បងប្អូននឹងស្គាល់ពីព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិត ។ បងប្អូននឹងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។ ហើយបំណងដើម្បីដើរនៅក្នុងពន្លឺនិងតាមផ្លូវរបស់ទ្រង់នឹងភ្លឺឡើងជាមួយនឹងគ្រប់ជំហាននៃសេចក្ដីជំនឿដែលបងប្អូនដើរ ។
យើងហៅជំហាននៃសេចក្ដីជំនឿទាំងនេះថា « ការគោរពប្រតិបត្តិ » ។
ពាក្យនេះមិនសូវពេញនិយមទេ នាសព្វថ្ងៃនេះ ។ ប៉ុន្តែការគោរពប្រតិបត្តិគឺជាគំនិតមួយដ៏មានតម្លៃនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដោយសារយើងដឹងថា « តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ » ។
កាលយើងកើនឡើងក្នុងសេចក្ដីជំនឿ យើងក៏ត្រូវតែកើនឡើងក្នុងភាព ស្មោះត្រង់ដែរ ។ ខ្ញុំបានដកស្រង់រួចមកហើយពីអ្នកនិពន្ធជនជាតិអាល្លឺម៉ង់ម្នាក់ដែលបានទួញសោកនឹងការបំផ្លិចបំផ្លាញទីក្រុងឌ្រេស្តិន ។ គាត់ក៏បានសរសេរឃ្លានេះផងដែរ « Es gibt nichts Gutes, ausser: Man tut es » ។ ចំពោះអ្នកដែលមិនចេះភាសាសេឡេស្ទាល វាមានន័យថា « គ្មានរឿងល្អកើតឡើងឡើយ បើអ្នកមិនធ្វើវានោះ » ។
បងប្អូន និងខ្ញុំអាចថ្លែងបានយ៉ាងល្អ បំផុតពីរឿងខាងវិញ្ញាណ ។ យើងអាចធ្វើឲ្យមនុស្សជាប់ចិត្តនឹងការបកស្រាយដ៏ប៉ិនប្រសប់របស់យើងពីប្រធានបទនានាខាងសាសនា ។ យើងអាចនិយាយសរសើរខ្លាំងហួសពីសាសនា ហើយ « លង់តែនៅក្នុងក្ដីសុបិននោះ » ។ ប៉ុន្តែប្រសិនបើសេចក្ដីជំនឿយើងមិនបានផ្លាស់ប្ដូរជីវិតយើង—ប្រសិនបើជំនឿយើងមិនជះឥទ្ធពិលដល់ការសម្រេចចិត្តប្រចាំថ្ងៃរបស់យើងទេ—នោះសាសនារបស់យើងគឺឥតប្រយោជន៍ ហើយប្រសិនបើមិនស្លាប់ នោះសេចក្ដីជំនឿយើងប្រាកដជាមិនល្អ ហើយកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការផុតរលត់ទៅបន្តិចម្តងៗជាក់ជាមិនខាន ។
ការគោរពប្រតិបត្តិគឺជាកម្លាំងគាំទ្រនៃសេចក្ដីជំនឿ ។ គឺតាមរយៈការគោរពប្រតិបត្តិនេះហើយទើបយើងប្រមូលផ្ដុំពន្លឺចូលមកក្នុងព្រលឹងយើង ។
ប៉ុន្តែពេលខ្លះ ខ្ញុំគិតថា យើងយល់ខុសពីការគោរពប្រតិបត្តិ ។ យើងអាចគិតថាការគោរពប្រតិបត្តិគឺជាគោលដៅមួយ ជាជាងមធ្យោបាយដើម្បី សម្រេចគោលដៅរបស់យើង ។ ឬយើងអាចប្រើនូវវិធីតឹងរឹងក្នុងការគោរពបទបញ្ញត្តិដើម្បីលត់ដំ ឬ បង្ខិតបង្ខំមនុស្សដែលយើងស្រឡាញ់ឲ្យគោរពតាម ដើម្បីឲ្យពួកគេក្លាយជាបរិសុទ្ធជាងនៅក្នុងកិច្ចការនៃសួគ៌ា ។
ពិតណាស់ មានពេលច្រើនដែលយើងត្រូវបានបង្គាប់យ៉ាងម៉ឺងម៉ាត់ឲ្យប្រែចិត្ត ។ ប្រាកដណាស់ មានមនុស្សខ្លះដែលអាចជួយទៅបានទាល់តែតាមរបៀបនេះ ។
ប៉ុន្តែប្រហែលជាមាននិមិត្តរូបផ្សេងមួយទៀតដែលអាចពន្យល់ពី ហេតុផលដែលយើងគោរពតាមព្រះបញ្ញត្តិ ។ ប្រហែលជាការគោរពប្រតិបត្តិពុំមែនដូចជាដំណើរការនៃការបត់ ការមួល ហើយលត់ដំព្រលឹងរបស់យើងឲ្យក្លាយទៅជាមនុស្សផ្សេងនោះទេ ។ ផ្ទុយទៅវិញ វាជាដំណើរការដែលយើងរកឃើញពីធាតុពិតនៅក្នុងខ្លួនយើងទៅវិញទេ ។
ព្រះដ៏មានមហិទ្ធិឫទ្ធិបានបង្កើតយើង ។ ទ្រង់ជាព្រះវរបិតាសួគ៌យើង ។ យើងពិតជាកូនចៅវិញ្ញាណរបស់ទ្រង់ ។ យើងត្រូវបានបង្កើតឡើងពីអ្វីដ៏បរិសុទ្ធនិងជាទេវភាពដ៏មានតម្លៃបំផុត ដូច្នេះហើយយើងមាននូវសារជាតិដ៏ទេវភាពនៅក្នុងខ្លួនយើង ។
ប៉ុន្តែគំនិត និងទង្វើយើងនៅលើផែនដីនេះបានរងឥទ្ធិពលអវិជ្ជមានពីអ្វីដែលពុករលួយ មិនបរិសុទ្ធ ហើយសៅហ្មង ។ ភាពសៅហ្មងនៃលោកិយនេះបានប្រឡាក់ព្រលឹងយើង ដោយធ្វើឲ្យយើងពិបាកស្គាល់ ហើយចងចាំនូវសិទ្ធិពីកំណើត និងគោលបំណងរបស់យើង ។
ប៉ុន្តែរឿងទាំងនេះមិនអាចផ្លាស់ប្ដូរធាតុពិតរបស់យើងបានឡើយ ។ ចរិតដ៏ទេវភាពរបស់យើងនៅតែបន្ត ។ ហើយនៅគ្រាដែលយើងបង្វែរដួងចិត្តយើងទៅរកព្រះអង្គសង្គ្រោះ ហើយដើរនៅលើផ្លូវនៃភាពជាសិស្ស នោះរឿងដ៏អស្ចារ្យនឹងកើតឡើង ។ សេចក្ដីស្រឡាញ់នៃព្រះបំពេញដួងចិត្តយើង ពន្លឺនៃសេចក្ដីពិតបំពេញគំនិតយើង យើងចាប់ផ្ដើមបាត់បង់ក្ដីប្រាថ្នាដើម្បីធ្វើបាប ហើយនឹងមិនចង់ដើរនៅក្នុងសេចក្ដីងងឹតទៀតឡើយ ។
យើងនឹងមើលឃើញថា ការគោរពប្រតិបត្តិពុំមែនជាការដាក់ទណ្ឌកម្មទេ ប៉ុន្តែជាផ្លូវនៃសេរីភាពមួយឆ្ពោះទៅកាន់ជោគវាសនាដ៏ទេវភាពរបស់យើងវិញ ។ ហើយបន្តិចម្ដងៗ ការពុករលួយ ភាពសៅហ្មង និងការទួញសោកនៃផែនដីនេះនឹងរសាត់បាត់ទៅ ។ នៅទីបំផុត វិញ្ញាណដ៏អស់កល្ប ហើយមានតម្លៃបំផុតនៃតួអង្គសួគ៌ានៅក្នុងខ្លួនយើងនឹងបង្ហាញខ្លួនឡើង ហើយយើងនឹងក្លាយជាប្រភពនៃសេចក្ដីល្អ ។
បងប្អូនមានភាពសក្ដិសមនឹងទទួលបានការសង្គ្រោះ
បងប្អូនប្រុសស្រី និងមិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះជ្រាបពីធាតុពិតរបស់យើង—ហើយទ្រង់ជ្រាបថាយើងសក្ដិសមនឹងទទួលបានការសង្គ្រោះ ។
បងប្អូនអាចមានអារម្មណ៍ថា ជីវិតកំពុងជួបនឹងភាពហិនហោច ។ បងប្អូនអាចមានបាប ។ បងប្អូនអាចភ័យខ្លាច ខឹង ឈឺចាប់ ឬរងទុក្ខដោយភាពសង្ស័យ ។ ប៉ុន្តែដូចជាអ្នកគង្វាលចៀមល្អបានរកឃើញចៀមដែលបាត់ដែរ ប្រសិនបើបងប្អូនគ្រាន់តែបង្វែរដួងចិត្តទៅរកព្រះអង្គសង្គ្រោះនៃលោកិយនេះ នោះទ្រង់នឹងស្វែងរកបងប្អូនឲ្យឃើញ ។
ទ្រង់នឹងសង្គ្រោះបងប្អូន ។
ទ្រង់នឹងលើកបងប្អូនដាក់លើស្មារបស់ទ្រង់ ។
ទ្រង់នឹងនាំបងប្អូនទៅផ្ទះ ។
ប្រសិនបើដៃមនុស្សអាចធ្វើឲ្យកម្ទេចថ្ម និងការហិនហោចក្លាយទៅជាអគារថ្វាយបង្គំមួយដ៏ស្រស់ស្អាតបាន នោះយើងក៏អាចទុកចិត្ត និងជឿជាក់ថា ព្រះវរបិតាសួគ៌យើងអាច ហើយនឹងសាងយើងជាថ្មីបានដែរ ។ ផែនការរបស់ទ្រង់គឺដើម្បីសាងយើងឲ្យក្លាយជាអ្វីមួយដ៏អស្ចារ្យជាងយើងកាលពីមុន—គឺអស្ចារ្យរហូតដល់យើងនឹកស្មានមិនដល់ ។ ជាមួយនឹងជំហាននីមួយៗនៃសេចក្ដីជំនឿនៅលើផ្លូវនៃភាពជាសិស្ស យើងរីកចម្រើនទៅជាតួអង្គនៃសិរីល្អដ៏អស់កល្ប ហើយមានអំណរជានិរន្តរដែលត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងនេះ ។
នេះជាទីបន្ទាល់ ពរជ័យ និងការអធិស្ឋានដ៏រាបសារបស់ខ្ញុំ ក្នុងព្រះនាមដ៏ពិសិដ្ឋរបស់លោកចៅហ្វាយយើង នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។