ឆ្នាំ ២០១០-២០១៩
ពោល​ពាក្យ​សរសើរ​ដល់​អ្នក​ទាំងឡាយ​ដែល​ការពារ
ខែ មេសា 2016


ពោល​ពាក្យ​សរសើរ​ដល់​អ្នក​ទាំងឡាយ​ដែល​ការពារ

នៅ​ពេល​យើង​ព្យាយាម​ចង់​បាន​ក្ដី​ស្រឡាញ់​របស់​ព្រះសង្គ្រោះ នោះ​ទ្រង់​ប្រាកដ​ជា​នឹង​ប្រទានពរ ហើយ​ចម្រើន​ដល់​កិច្ចខិតខំ​ដ៏​សុចរិត​របស់​យើង​ក្នុង​ការពារ​អាពាហ៍ពិពាហ៍ ព្រមទាំង​ពង្រឹង​គ្រួសារ​របស់​យើង ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហ្វ្រែងហ្វើត អាល្លឺម៉ង់ ជា​ពេល ដែល​ខ្ញុំ​បាន​ឃើញ​ស្វាមីភរិយា​ចំណាស់​មួយ​គូ​កាន់ដៃ​គា្ន ។ ភាពទន់ភ្លន់ និង ក្ដីស្រឡាញ់​នៃ​ការមើលថែ​ដែល​ពួកគាត់​បង្ហាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ខ្ញុំ​រំជួលចិត្ត ។

ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​ហេតុអ្វី​បាន​ជា​រូបភាព​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ខ្ញុំ​យ៉ាង​នេះ ។ ប្រហែលជា​ភាពផ្អែមល្ហែម​នៃ​ក្ដីស្រឡាញ់​ដែល​បុគ្គល​ពីរ​រូប​នេះ​មាន​ចំពោះ​គ្នា—គឺ​ជា​និមិត្តរូប​ដ៏​មាន​អានុភាព​នៃ​ការតស៊ូ និង ការតាំងចិត្ត ។ ច្បាស់​ណាស់​ថា គូស្វាមី​ភរិយា​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​យូរ​មក​ហើយ រីឯ​ក្ដី​ស្រឡាញ់​របស់​ពួកគាត់​ចំពោះ​គ្នា​នៅ​តែ​មាន​ភាព​រស់​រវើក ហើយ​រឹងមាំ ។

សង្គម​នៃ​ការ​ប្រើ​ហើយ​បោះ​ចោល

ខ្ញុំ​គិត​ថា​មូលហេតុ​មួយ​ទៀត​ដែល​រូបភាព​ដ៏​ទន់ភ្លន់​នេះ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​នោះ គឺ​ជា​ភាពផ្ទុយគ្នា​ដែល​បង្ហាញ​ដល់​ផ្នត់គំនិត​មួយ​ចំនួន​នា​បច្ចុប្បន្ន​នេះ ។ ក្នុង​សង្គម​ភាគ​ច្រើន​ជុំ​វិញ​ពិភពលោក អ្វី​គ្រប់​យ៉ាង​ហាក់​ដូចជា​ប្រើ​ហើយ​បោះ​ចោល ។ ពេល​អ្វី​មួយ​ចាប់ផ្ដើម​ខូច ឬ មិន​អាច​ប្រើការ​បាន—ឬ​យើង​ធុញទ្រាន់​នឹង​ប្រើ​វា—នោះ​យើង​បោះ​វា​ចោល ហើយ​ប្រើ​របស់​ថ្មី​ជំនួស​វិញ​ជា​របស់​ថ្មី​ជាង ឬ ចែងចាំង​ជាង ។

យើង​ធ្វើ​ដូចនេះ​ជាមួយ​នឹង​ទូរសព្ទ​ដៃ សម្លៀកបំពាក់ រថយន្ត—សូម្បី​តែ​ជាមួយ​នឹង​ទំនាក់ទំនង ។

ខណៈ​ដែល​អាច​នឹង​មាន​តម្លៃ​ដែល​ទាញ​ជីវិត​យើង​ចេញ​ពី​សម្ភារ​នានា​ដែល​យើង​មិន​ត្រូវការ កាល​វា​ក្លាយ​ជា​រឿង​នៃ​សារៈសំខាន់​ដ៏​អស់កល្ប—ដែល​ជា​អាពាហ៍ពិពាហ៍ ក្រុម​គ្រួសារ និង តម្លៃ​របស់​យើង—នោះ​ផ្នត់គំនិត​នៃ​ការដាក់​របស់​ទំនើប​ជំនួស​ឲ្យ​របស់​ចាស់ អាច​នាំ​ឲ្យ​មាន​វិប្បដិសារី​ដ៏​ធ្ងន់ធ្ងរ ។

ខ្ញុំ​មាន​អំណរគុណ​ព្រោះ​ខ្ញុំ​ជា​សមាជិក​ក្នុង​សាសនាចក្រ ដែល​ឲ្យ​តម្លៃ​លើ​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ។ សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​អ្នក​មាន​អាពាហ៍ពិពាហ៍ និង ក្រុម​គ្រួសារ​ដ៏​សុខដុម ។ ខ្ញុំ​ជឿ​ថា​ការណ៍​នេះ​ត្រឹមត្រូវ​ជា​ផ្នែក​នៃ​សេចក្ដីពិត​ដ៏​អស្ចារ្យ ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ថា​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​ត្រូវ​តែ​នៅ​អស់កល្ប​ជានិច្ច ។ ក្រុម​គ្រួសារ​មិន​គ្រាន់តែ​ជា​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​ដំណើការ​ទៅ​ដោយ​រលូន​លើ​ផែនដី​នេះ និង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា របៀប នៃ​ស្ថានសួគ៌ ។ វា​គឺ​ជា​និមិត្តរូប​មួយ​នៃ​លំនាំ​សេឡេស្ទាល ឲ្យ​បាន​ដូច​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ព្រះ ។

ប៉ុន្តែ​ទំនាក់ទំនង​ដ៏​រឹងមាំ​នៃ​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ពុំ​កើត​ឡើង​ដោយ​ព្រោះ​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​នោះ​ទេ ។ ទំនាក់ទំនង​នេះ​តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​ឥត​ឈប់ឈរ និង មាន​ឆន្ទៈ ។ គោលលទ្ធិ​នៃ​ក្រុមគ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ត្រូវ​តែ​បំផុស​យើង​ឲ្យ​ខិតខំ​ការពារ ហើយ​ចម្រើន​ដល់​ចំណង​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​របស់​យើង ។ ខ្ញុំ​សូម​សរសើរ ហើយ​អបអរ​ដល់​អ្នក​ដែល​បាន​ការពារ ហើយ​ចិញ្ចឹមបីបាច់​ទំនាក់ទំនង​ដ៏​ចាំបាច់ និង​អស់កល្ប​ជានិច្ច​ទាំងនេះ ។

ថ្ងៃ​នេះ ខ្ញុំ​សូម​ពោល​ពាក្យ​សរសើរ​ដល់​អ្នក​ទាំងឡាយ​ដែល​ការពារ ។

ការការពារ​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង

អស់​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ពិធី​បរិសុទ្ធ​ផ្សារភ្ជាប់​សម្រាប់​ស្វាមីភរិយា​ជា​ច្រើន​គូ​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម និង​ក្ដីស្រឡាញ់ ។ ខ្ញុំ​មិន​ដែល​ជួប​គូ​ស្វាមីភរិយា​ដែល​គិត​ថា ពួក​គេ​នឹង​ត្រូវ​បែក​គ្នា ឬ​មាន​ដួង​ចិត្ត​ខ្ទេច​ខ្ទាំ នៅ​ពេល​ពួកគេ​សម្លឹង​មើល​មុខ​គ្នា​នៅ​ឯ​អាសនា​ឡើយ ។

ជា​អកុសល មាន​ដៃ​គូ​ខ្លះ​បាន​បែក​គ្នា ។

កាល​វេលា​កន្លង​ផុត​ទៅ ទំនាក់ទំនង​ដ៏​ផ្អែមផ្លែម​ធ្លាប់​មាន​បាន​ផ្លាស់ប្តូរ មាន​គូ​ស្វាមីភរិយា​មួយ​ចំនួន​ឈប់​គិត​អំពី​សុភមង្គល​របស់​គ្នា ហើយ​ចាប់ផ្ដើម​រក​ចាប់​កំហុស​រឿង​តូចតាច ។ ក្នុង​ស្ថានភាព​បែប​នេះ មនុស្ស​មួយ​ចំនួន​ត្រូវបាន​ល្បួង​ឲ្យ​គិត​ថា​ស្វាមី ឬ​ភរិយា​របស់​ខ្លួន​មិន​ឆ្លាត​មិន​គួរ​ឲ្យ​ស្រឡាញ់ ឬ មិន​នៅ​ក្មេង ។ ហើយ​ចំណុច​នេះ ធ្វើ​ឲ្យ​ពួកគេ​ចាប់ផ្ដើម​មាន​គំនិត​រកមើល​ទំនាក់ទំនង​ថ្មី​មួយ​ទៀត ។

បងប្អូន​ប្រុស​អើយ បើ​ការពិពណ៌នា​នេះ​មាន​ក្នុង​ខ្លួន​បងប្អូន ខ្ញុំ​សូម​ព្រមាន​ថា បងប្អូន​កំពុង​ដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅ​រក​អាពាហ៍ពិពាហ៍ គេហដ្ឋាន និង​ដួងចិត្ត​ដែល​ខ្ទេចខ្ទាំ​ហើយ ។ ខ្ញុំ​សូម​អង្វចិត្ត​បងប្អូន​ឲ្យ​ឈប់​ឥឡូវ​នេះ ងាក​ក្រោយ ហើយ​ត្រឡប់​ទៅ​រក​មាគ៌ា​នៃ​សេចក្ដី​ថ្លៃថ្នូរ និង សេចក្ដី​សញ្ញា​ដ៏​ស្មោះត្រង់​វិញ ។ ប្រាកដ​ណាស់ គោលការណ៍​ដូចគ្នា​នេះ​ក៏​អនុវត្ត​ចំពោះ​បងប្អូន​ស្រី​ជា​ទីស្រឡាញ់​របស់​យើង​ដែរ ។

ឥឡូវនេះ​ខ្ញុំ​សូម​ថ្លែង​ទៅ​កាន់​បងប្អូន​នៅ​លីវ​ដែល​ធ្វើតាម​ការបំភាន់​ដែល​ប្រាប់​ថា ជា​ដំបូង​ពួកគេ​ត្រូវ​ស្វែងរក « នារី​គ្រប់​លក្ខណ៍ » ពី​មុន​ពួកគេ​រៀបការ ។

បងប្អូនប្រុស​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​រំឭក​បងប្អូន​ថា បើ​មាន​នារី​គ្រប់​លក្ខណ៍​មែន​នោះ តើ​បងប្អូន​គិត​ថា នាង​នឹង​ចាប់​អារម្មណ៍​លើ​បងប្អូន​ដែរ​ទេ ?

ក្នុង​ផែនការ​សុភមង្គល​របស់​ព្រះ យើង​មិន​តម្រូវ​ឲ្យ​ស្វែងរក​នរណា​ម្នាក់​ដែល​គ្រប់​លក្ខណ៍​ដើម្បី​យើង​អាច​ខិតខំ​រួមគ្នា​ពេញ​មួយ​ជីវិត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ស្នេហា ដ៏​យូរ​អង្វែង និង​ឥតខ្ចោះ​នោះ​ទេ ។ នោះ​គឺជា​គោលដៅ ។

បងប្អូន​ប្រុស​អស់​អ្នក​ដែល​ការពារ​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​យល់​ថា ការបន្ត​ខ្ជាប់ខ្ជួន​នេះ​ចំណាយ​ពេល​វេលា ការអត់ធ្មត់ មិន​តែ​ប៉ុណ្ណោះ​គឺ​ពរជ័យ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ វា​តម្រូវ​ឲ្យ​បងប្អូន​អត់ធ្មត់ ចិត្តល្អ មិន​រហ័ស​ខឹង មិន​រក​ប្រយោជន៍​ផ្ទាល់ខ្លួន ងាយ​ចុះចូល មិន​គិត​ដល់​ការអាក្រក់ អរសប្បាយ​ក្នុង​សេចក្ដីពិត ។ និយាយ​ម្យ៉ាង​ទៀត វា​តម្រូវ​ឲ្យ​មាន​សេចក្ដីសប្បុរស ដែល​ជា​ក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។

រឿង​ទាំងអស់​នឹង​មិន​កើតឡើង​ភ្លាមៗ​នោះ​ទេ ។ អាពាហ៍ពិពាហ៍​រុងរឿង​កើត​ឡើង​បន្តិចម្ដងៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពេញ​មួយ​ជីវិត ។

ហើយ​នោះ​គឺ​ជា​ដំណឹង​ដ៏​ល្អ ។

ទោះជា​ទំនាក់ទំនង​របស់​អ្នក​គួរ​ឲ្យ​ធុញទ្រាន់​ពេល​ឥឡូវ​នេះ​យ៉ាង​ណា​ក្ដី បើ​អ្នក​បន្ថែម​សន្តានចិត្ត​ល្អ ការអាណិតអាសូរ ការស្ដាប់ ការលះបង់ ការយោគយល់ និង ការមិន​គិត​ពី​ខ្លួន នៅ​ទីបំផុត​ភាពចុះសម្រុង​គ្នា​នឹង​ចាប់ផ្ដើម​ធំធាត់​ឡើង ។

បើ​មាន​អារម្មណ៍​ថា​វា​យូរ​ពេក ចូរ​ចងចាំ​ថា អាពាហ៍​ពិពាហ៍​ដ៏​មាន​សុភមង្គ​គឺជា​មធ្យោបាយ​ដឹក​នាំ​ទៅរក​សុភមង្គល​ជា និរន្តរ៍ ! ដូច្នេះ « ចូរកុំ​ណាយ​ចិត្ត​នឹង​ធ្វើការ​ល្អ​ឡើយ ដ្បិត​អ្នក​រាល់គ្នា​កំពុង​តែ​ដាក់​គ្រឹះ​នៃ [ អាពាហ៍ពិពាហ៍ ] ដ៏​រុងរឿង ។ ហើយ​ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង » ។

វា​អាច​ជា​កិច្ចការ​រីកចម្រើន​យ៉ាង​យឺត ប៉ុន្តែ​វា​មិន​ចាំបាច់​ត្រូវ​ជា​កិច្ចការ​គួរ​ធុញទ្រាន់​នោះ​ទេ ។ តាម​ពិត ក្នុង​ភាពប្រថុយប្រថាន​នៃ​ការថ្លែង​ជាក់លាក់ តើ​ការលែងលះ​គ្នា​ងាយ​នឹង​កើត​ឡើង​ដែរ​ទេ នៅ​ពេល​ស្វាមី និង ភរិយា​រីករាយ​ជាមួយ​គ្នា​នោះ ។

ដូច្នេះ ចូរ​រីករាយ​ឡើង !

ហើយ​បងប្អូន​ប្រុស ចូរ​ធ្វើ​ឲ្យ​ភរិយា​បងប្អូន​ភ្ញាក់ផ្អើល​ដោយ​ធ្វើ​អ្វី​មួយ​ឲ្យ​នាង​សប្បាយ​ចិត្ត ។

អ្នក​ទាំងឡាយ​ដែល​ការពារ​ចំណង​អាពាហ៍ពិពាហ៍​ជ្រើសរើស​យក​សុភមង្គល ។ ទោះវា​ជា​ការពិត​ដែល​ថា​ភាពតានតឹង​រ៉ាំរ៉ៃ​ត្រូវការ​ការព្យាបាល​ដ៏​ជំនាញ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​ចូលចិត្ត​គំនិត​វាងវៃ​មួយ​ដោយ អ័ប្រាហាំ លីនខុន​ថា ៖ « មនុស្ស​ភាគ​ច្រើន​រីករាយ​នៅ​ពេល​ពួកគេ​ធ្វើ​ឲ្យ​ខ្លួន​ពួកគេ​រីករាយ » ។ វា​ត្រូវ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បទគម្ពីរ​ថា ៖ « ចូរ​រក នោះ​តែង​នឹង​ឃើញ » ។

បើ​យើង​រកមើល​ភាព​ខ្វះចន្លោះ​របស់​ស្វាមីភរិយា ឬ ភាពមួហ្មង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​នោះ​យើង​ប្រាកដ​ជា​នឹង​រក​វា​ឃើញ ព្រោះ​មនុស្ស​គ្រប់​រូប​មាន​វា​មួយ​ចំនួន ។ ផ្ទុយទៅវិញ បើ​យើង​រកមើល​ភាពល្អ នោះ​យើង​នឹង​រកឃើញ​វា ព្រោះ​មនុស្ស​គ្រប់​រូប​ក៏​មាន​គុណសម្បត្តិ​ល្អ​ជា​ច្រើន​ដែរ ។

អ្នក​ទាំងឡាយ​ដែល​ការពារ​ចំណង​អាពាហ៍ពិពាហ៍ ប្រឈមមុខ​នឹង​គុណវិបត្តិ ហើយ​ស្វែងរក​ភាពល្អ​ក្នុង​ស្វាមីភរិយា​ខ្លួន ។ ពួកគេ​អបអរ​ដោយ​ទង្វើ​នៃ​អណរគុណ​ចំពោះ​ការស្រឡាញ់​ដ៏​បំផុស​នៃ​សេចក្ដី​សប្បុរស ។ អ្នក​ទាំងឡាយ​ដែល​ការពារ​ចំណង​អាពាហ៍ពិពាហ៍ ក៏​ការពារ​ជំនាន់​អនាគត ។

បងប្អូន​ប្រុស​ចូរ​ចងចាំ​អំពី​មូលហេតុ​ដែល​បងប្អូន​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ។

ចូរ​ខិតខំ​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​កាន់តែ​រឹងមាំ ហើយ​មាន​សុភមង្គល ។

មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ព្រលឹង​ទាំងឡាយ​ដ៏​បរិសុទ្ធ និង​រីករាយ​ដែល​ជា​អ្នក​ការពារ​ចំណង​អាពាហ៍ពិពាហ៍​របស់​ខ្លួន ។

ការកាពារ​ក្រុម​គ្រួសារ​របស់​យើង

នៅ​ថ្ងៃ​នេះ ខ្ញុំ​ក៏​សូម​សរសើរ​ដល់​បងប្អូន​ទាំងឡាយ ដែល​ការពារ​ទំនាក់ទំនង​ក្នុង​គ្រួសារ​របស់​ខ្លួន​ដែរ ។ គ្រប់​គ្រួសារ​ត្រូវការ​ការ​ការពារ ។

ជា​រឿង​អស្ចារ្យ​ដែល​សាសនាចក្រ​ត្រូវ​គេ​ស្គាល់​ថា​រឹងមាំ​ខាង​ក្រុមគ្រួសារ យើង​អាច​មាន​អារម្មណ៍​ថា​ការណ៍​នេះ​ត្រូវ​អនុវត្ត​ចំពោះ​គ្រប់​ក្រុមគ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ប៉ុន្តែ​ភាពពិត​គឺ​គ្មាន​ក្រុមគ្រួសារ​ណា​ល្អ​ឥតខ្ចោះ​នោះ​ទេ ។

គ្រប់​ក្រុមគ្រួសារ​តែង​មាន​គ្រា​មិន​សប្បាយ​ចិត្ត ។

ឧទាហរណ៍​នៅ​ពេល​ឪពុកម្ដាយ​អ្នក​សុំ​ឲ្យ​អ្នក​ថតរូប « selfie » ពួកគេ ឬ ពេល​ម្ដាយមីង​ដ៏​ចចេស​របស់​អ្នក​ទទូច​ថា​អ្នក​នៅ​លីវ​ដោយសារ​អ្នក​រើស​ពេក ឬ​ពេល​បងថ្លៃ​ដ៏​រឹងរូស​របស់​អ្នក​គិត​ថា​ទស្សន​នយោបាយ​របស់​គាត់​គឺ​ជា​ទស្សន​ត្រឹមត្រូវ ឬ​ពេល​ឪពុក​អ្នក​រៀបចំ​រូប​គំនូរ​គ្រួសារ​ដោយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​តែង​ខ្លួន​ដូច​តួអង្គ​ក្នុង​ភាពយន្ត​ដែល​គាត់​ចូលចិត្ត ។

ហើយ​អ្នក​ត្រូវ​បង្ខំ​ឲ្យ​តែងខ្លួន​ដូច ឈូបាកា ( តួអង្គ​រោម​ច្រើន​ក្នុង​រឿង ស្តារវ៉ ) ។

ក្រុម​គ្រួសារ​គឺ​ដូចនោះ​ឯង ។

យើង​អាច​មាន ឌី.អិន.អេ ដូចគ្នា ប៉ុន្តែ​យើង​មិនមែន​ជា​មនុស្ស​ដូចគ្នា​ឡើយ ។ យើង​មាន​វិញ្ញាណ​មួយ​ផ្សេង​ពី​គ្នា ។ យើង​ទទួល​ឥទ្ធិពល​តាម​របៀប​ខុសៗគ្នា​ដោយ​បទពិសោធន៍​របស់​យើង ។ យើង​ម្នាក់ៗ​ទទួល​លទ្ធផល​ចុងក្រោយ​ខុសៗ​គ្នា ។

ប្រសើរជាង​ការប៉ុនប៉ង​បង្ខំ​នរណាម្នាក់​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​យើង​ចង់​បាន យើង​អាច​ជ្រើសរើស​ត្រេកអរ​នឹង​ភាពខុសប្លែក​ទាំងនេះ ហើយ​អរគុណ​ពួកគេ​ដែល​បន្ថែម​ភាពបរិបូរ និង ការភ្ញាក់ផ្អើល​ឥត​ឈប់ឈរ​ទៅ​ក្នុង​ជីវិត​របស់​ពួក​យើង ។

ប៉ុន្តែ​ពេលខ្លះ​សមាជិក​ក្នុង​គ្រួសារ​យើង​ធ្វើ​ការ​ជ្រើស​រើស ឬ​ធ្វើ​រឿង​ដែល​មិន​បាន​គិត​នាំ​ឲ្យ​មាន​ការ​ឈឺចាប់ ឬ​រឿង​អសីលធម៌ ។ តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ក្នុង​ករណី​នេះ ?

មិន​មែន​មាន​តែ​ដំណោះស្រាយ​មួយ​ប៉ុណ្ណោះ​ក្នុង​គ្រប់​ស្ថានភាព​នោះ​ទេ ។ អ្នក​ទាំងឡាយ​ដែល​ការពារ​ក្រុមគ្រួសារ​របស់​ខ្លួន​មាន​ភាពជោគជ័យ ព្រោះ​ពួកគេ​ប្រឹក្សា​ជាមួយ​ស្វាមីភរិយា និង​គ្រួសារ​ខ្លួន ព្យាយាម​ស្គាល់​ព្រះបំណង​របស់​ព្រះអម្ចាស់ ហើយ​ស្ដាប់​តាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​ដឹង​ថា​អ្វី​ដែល​ត្រូវ​សម្រាប់​គ្រួសារ​មួយ អាច​នឹង​មិន​ត្រឹមត្រូវ​សម្រាប់​គ្រួសារ​មួយ​ទៀត ។

យ៉ាងណាក៏ដោយ មាន​អ្វី​មួយ​ដែល​ត្រឹមត្រូវ​ក្នុង​គ្រប់​ករណី​ទាំងអស់ ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន​យើង​រៀន​អំពី​មនុស្ស ដែល​បាន​រកឃើញ​គន្លឹះ​នាំ​ទៅ​រក​សុភមង្គល ។ អស់​ពេល​ជា​ច្រើន​ជំនាន់ « គ្មាន​ការទាស់ទែង​គ្នា. … ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ។ តើ​ពួកគេ​ធ្វើ​បាន​តាម​របៀប​ណា ? « ដោយ​ព្រោះ​មក​ពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ។

ទោះជា​បញ្ហ​ណា​ក៏​ដោយ​ដែល​គ្រួសារ​អ្នក​ជួប​ប្រទះ ទោះជា​អ្វី​ក៏​ដោយ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ នោះ​ការចាប់ផ្ដើម និង​ទីបញ្ចប់​នៃ​ដំណោះស្រាយ​នេះ​គឺ​សេចក្ដីសប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។ បើ​គ្មាន​ក្ដី​ស្រឡាញ់​នេះ​ទេ ទោះជា​គ្រួសារ​ល្អ​ឥតខ្ចោះ​ក៏​ដោយ​ក៏​នៅ​តែ​មាន​បញ្ហា ។ តែ​បើ​មាន​ក្ដី​ស្រឡាញ់​នេះ​វិញ ទោះជា​គ្រួសារ​ជួប​ឧបសគ្គ​ធំ​យ៉ាង​ណា​ក៏​ដោយ​ក៏​នឹង​ទទួល​ជោគជ័យ​ដែរ ។

« សេចក្ដីសប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ » ។

វា​ជា​ការពិត​ចំពោះ​ការការពារ​ចំណង​អាពាហ៍ពិពាហ៍ ! វា​ជា​ការពិត​ចំពោះ​ការការពារ​ក្រុម​គ្រួសារ !

ទុក​ភាពឆ្មើងឆ្មៃ​ចោល

សត្រូវ​ស្លាប់រស់​នៃ​សេចក្ដី​សប្បុរស​គឺ​ភាពឆ្មើងឆ្មៃ ។ ភាពឆ្មើងឆ្មៃ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​មាន​បញ្ហា ។ ភាពឆ្មើងឆ្មៃ​គឺ​ការរហ័ស​ខឹង ចិត្ត​អាក្រក់ និង ការច្រណែន ។ ភាពឆ្មើងឆ្មៃ​លើក​បំប៉ោង​ខ្លួនឯង ហើយ​ច្រានចោល​គុណធម៌​ពី​មនុស្ស​ដទៃ ។ ភាពឆ្មើងឆ្មៃ​គឺ​អាត្មានិយម ហើយ​ងាយ​បង្ក​ហេតុ ។ ភាពឆ្មើងឆ្មៃ​បង្កើត​ឲ្យ​មាន​ចេតនា​អាក្រក់​នៅ​កន្លែង​ដែល​គ្មាន​ចេតនា​អាក្រក់ ហើយ​លាក់​ភាពទន់ខ្សោយ​ខ្លួន​ក្នុងការ​ដោះសារ​ដ៏​ឆ្លាត​វៃ ។ ភាពឆ្មើងឆ្មៃ​មើល​ឃើញ​តែ​រឿង​អាក្រក់ ទុទិដ្ឋិនិយម ហើយ​គ្មាន​ការអត់ធ្មត់ ។ ប្រាកដ​ណាស់ បើ​គ្មាន​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ទេ នោះ​ភាពឆ្មើងឆ្មៃ​ជា​លក្ខណៈសម្បត្តិ​របស់​សាតាំង ។

ភាពឆ្មើងឆ្មៃ​អាច​ជា​បរាជ័យ​ទូទៅ​របស់​មនុស្ស ។ ប៉ុន្តែ​វា​មិន​មែន​ជា​ផ្នែក​នៃ​មរដក​ខាង​វិញ្ញាណ​យើង​ឡើយ ហើយ​ក៏​គ្មាន​កន្លែង​នៅ​ក្នុង​ចំណោម​អ្នក​កាន់​បព្វជិតភាព​នៃ​ព្រះ​ដែរ ។

បងប្អូនប្រុស​អើយ ជីវិត​គឺ​ខ្លី​ណាស់ ។ វិប្បដិសារៈ​អាច​គង់វង្ស​យូរ​អង្វែង—ដែល​លទ្ធផល​របស់​វា​ខ្លះ​អាច​ប៉ះពាល់​យើង​ពេញ​មួយ​ភាពអស់កល្ប ។

របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​ភរិយា ឬ​កូនៗ ឬ​ឪពុកម្ដាយ ឬ​សាច់ញាតិ​អាច​ជះឥទ្ធិពល​ដល់​ជំនាន់​ជា​ច្រើន ។ តើ​អ្នក​ចង់​បន្សល់​ទុក​កេរដំណែល​អ្វី​ខ្លះ​ដល់​ពូជពង្ស​របស់​អ្នក ? ជា​ភាពគ្រោតគ្រាត ការ​សងសឹក កំហឹង ភាព​ភ័យ​ខ្លាច ឬ​ភាព​ឯកោ ? ឬ​ជា​ក្ដី​ស្រឡាញ់ ភាពរាបសា ការអត់ទោស ការអាណិតអាសូរ និង ភាពរីកចម្រើន​ខាង​វិញ្ញាណ និង​សាមគ្គីភាព ?

យើង​ទាំងអស់​គ្នា​ត្រូវ​ចងចាំ​ថា « ការប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ » ។

ចូរ​មាន​ក្ដី​មេត្តាករុណា​សម្រាប់​ទំនាក់ទំនង​អ្នក សម្រាប់​ព្រលឹង​អ្នក ដើម្បី « សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជំរះ​វិញ » ។

ទុក​ភាពឆ្មើងឆ្មៃ​ចោល

ការនិយាយ​សុំទោស​ដ៏​ស្មោះ​ទៅ​កាន់​កូនៗ ភរិយា ក្រុមគ្រួសារ ឬ មិត្តភក្ដិ​របស់​អ្នក ពុំ​មែន​ជា​ទីសម្គាល់​នៃ​ភាពទន់ខ្សោយ​ទេ តែ​ជា​ភាពខ្លាំង​វិញ ។ តើ​ការឈ្នះចាញ់​សំខាន់​ជាង​ការបង្កើត​បរិយាកាស​នៃ​ការចិញ្ចឹម​បីបាច់ ការព្យាបាល និង​ក្ដីស្រឡាញ់​ឬ ?

ចូរ​បង្កើត​ទំនាក់ទំនង ហើយ​កុំ​ធ្វើ​ឲ្យ​វា​ទន់ខ្សោយ​ឡើយ ។

ទោះជា​អ្នក​ត្រូវ​ក៏​ដោយ—អាច​ជា​ពិសេស​នៅ​ពេល​អ្នក​គ្មាន​កំហុស​នេះ​ឯង—ចូរ​ឲ្យ​ក្ដីស្រឡាញ់​យក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ ។

បើ​អ្នក​ធ្វើ​ដូចនេះ ទោះជា​មាន​ភាពលំបាក​យ៉ាង​ណា​ដែល​អ្នក​ប្រឈមមុខ​ក្ដី​ក៏​នឹង​រលាយ​បាត់​ទៅ​ដែរ ហើយ​ដោយសារ​ក្ដី​ស្រឡាញ់​នៃ​ព្រះ​មាន​ក្នុង​ចិត្ត​អ្នក នោះ​វិវាទ​នឹង​បញ្ចប់​ទៅ ។ គោលការណ៍​នៃ​ការការពារ​ទំនាក់​ទំនង​នេះ​អនុវត្ត​ចំពោះ​យើង​ទាំងអស់​គ្នា ទោះជា​យើង​បានរៀបការ​ បាន​លែងលះ ជា​ស្ត្រី​មេម៉ាយ ឬ នៅ​លីវ​ក្ដី ។ យើង​ទាំងអស់គ្នា​អាច​ធ្វើ​ជា​អ្នកការពារ​ក្រុម​គ្រួសារ​ដ៏​រឹងមាំ ។

សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​បំផុត

បងប្អូនប្រុស ចូរ​យើង​ធ្វើតាម​គំរូ​នៃ​ទ្រង់​ដែល​ការពារ​យើង ដោយខិតខំ​ការពារ​ដល់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​យើង ដូច​រឿង​គ្រប់​យ៉ាង​ដែរ ។ ព្រះអង្គ​សង្គ្រោះ​បាន​លោះ « ព្រលឹង​យើង​ដោយ​ស្នេហ៍ » ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ចៅហ្វាយ​របស់​យើង ។ ការងារ​ទ្រង់​គឺ​ជា​ការងារ​យើង ។ វា​ជា​ការងារ​នៃ​ការសង្គ្រោះ ហើយ​វា​ចាប់ផ្ដើម​ក្នុង​គេហដ្ឋាន​របស់​យើង ។

សេចក្ដី​ស្រឡាញ់​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ គឺ​ការមិន​គិត​ពី​ខ្លួន ហើយ​ស្វែងរក​សុខុមាលភាព​សម្រាប់​មនុស្ស​ដទៃ ។ នោះ​គឺ​ជា​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​យើង ។

នៅ​ពេល​យើង​ព្យាយាម​ចង់​បាន​ក្ដី​ស្រឡាញ់​របស់​ព្រះសង្គ្រោះ នោះ​ទ្រង់​ប្រាកដ​ជា​នឹង​ប្រទានពរ ហើយ​ចម្រើន​ដល់​កិច្ចខិតខំ​ដ៏​សុចរិត​របស់​យើង​ក្នុង​ការពារ​អាពាហ៍ពិពាហ៍ ព្រមទាំង​ពង្រឹង​គ្រួសារ​របស់​យើង ។

សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​អ្នក​ក្នុង​កិច្ចខិតខំ​មិន​ចេះ​នឿយ​ហត់ និង​សុចរិត​របស់​អ្នក​ដើម្បី​បាន​រាប់​ចូល​ក្នុង​ចំណោម​អ្នក​ទាំងឡាយ​ដែល​ការពារ ។ នេះ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។