ថ្ងៃស្អែកព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង
ចូរបន្ដស្រឡាញ់ ។ ចូរបន្ដព្យាយាម ។ ចូរបន្ដទុកចិត្ត ។ ចូរបន្ដជឿ ។ ចូរបន្ដរីកចម្រើន ។ ស្ថានសួគ៌កំពុងលើកទឹកចិត្តបងប្អូននៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតតទៅ ។
បងប្អូនប្រុសស្រី តើបងប្អូនដឹងទេ--តើបងប្អូនយល់ឬទេ--ថាពួកយើងស្រឡាញ់បងប្អូនប៉ុណ្ណានោះ ? អស់រយៈពេលដប់ម៉ោងបងប្អូនបានសំឡឹងមើលមកមុខអ្នកឡើងនិយាយនៅវេទិកានេះតាមលំដាប់លំដោយ ប៉ុន្តែក្នុងរយៈពេលដប់ម៉ោងដូចគ្នានោះ ពួកយើងបានអង្គុយនៅខាងក្រោយវេទិកានេះសំឡឹងមើលទៅបងប្អូនដែរ ។ បងប្អូនធ្វើឲ្យពួកយើងរីករាយដល់ដួងព្រលឹងរបស់ពួកយើង មិនថាវត្តមានបងប្អូនចំនួន ២១០០០ នាក់នៅទីនេះក្នុងមជ្ឈមណ្ឌលសន្និសីទ ឬបងប្អូនជាច្រើននៅតាមសាលាប្រជុំ និងរោងជំនុំ ឬនៅក្នុងផ្ទះរាប់លាននៅជុំវិញពិភពលោកនោះទេ ប្រហែលជាបានមកជុំគ្នាមើលសន្និសីទតាមអេក្រក់កុំព្យូទ័រជាគ្រួសារហើយ ។ បងប្អូននៅទីនេះ បងប្អូនមានវត្តមាន ពីមួយម៉ោងទៅមួយម៉ោងស្លៀកពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យ ហើយខិតខំដោយអស់ពីសមត្ថភាពបងប្អូន ។ បងប្អូនច្រៀង ហើយបងប្អូនអធិស្ឋាន ។ បងប្អូនស្ដាប់ ហើយបងប្អូនជឿ ។ បងប្អូនគឺជាអព្ភូតហេតុនៃសាសនាចក្រនេះ ។ ពួកយើងស្រឡាញ់បងប្អូន ។
ឱ នេះជាសន្និសីទដ៏អស្ចារ្យមួយទៀតដែលយើងមាន ។ យើងត្រូវបានប្រទានពរជាពិសេសដោយមានវត្តមានរបស់ប្រធាន ថូម៉ាស អេស ម៉នសុន និងសារលិខិតរបស់ពួកព្យាការី ។ លោកប្រធាន ពួកយើងស្រឡាញ់ប្រធាន ពួកយើងអធិស្ឋានសម្រាប់ប្រធាន ពួកយើងអរគុណប្រធាន ហើយលើសពីនោះ ពួកយើងគាំទ្រប្រធាន ។ យើងមានអំណរគុណដែលយើងបានរៀនពីលោក និងទីប្រឹក្សាដ៏អស្ចារ្យរបស់លោក និងថ្នាក់ដឹកនាំដ៏ឆ្នើមជាច្រើនផ្សេងទៀតទាំងបុរស និងស្ត្រី ។ ពួកយើងបានស្ដាប់តន្ត្រីដ៏ពិរោះអស្ចារ្យ ។ ពួកយើងបានទទួលការអធិស្ឋាន និងការអង្វរជាបន្ទាន់ ។ ព្រះវិញ្ញាណនៃព្រះអម្ចាស់ពិតជាបានគង់នៅទីនេះយ៉ាងបរិបូរណ៍ ។ ឱ នេះជាចុងសប្ដាហ៍ដ៏បំផុសគំនិតតាមគ្រប់ទិដ្ឋភាព ។
ឥឡូវខ្ញុំអាចមើលឃើញថាមានបញ្ហាមួយចំនួន ។ ទីមួយ គឺដោយសារខ្ញុំជាអ្នកឡើងនិយាយចុងក្រោយ ហើយអ្នកនឹងត្រូវអង្គុយចាំស្ដាប់ខ្ញុំរហូតដល់ចប់សន្និសីទទូទៅ ទើបអាចចេញទៅញ៉ាំការ៉េមបាន ។ បញ្ហាមួយទៀត គឺការបង្ហាញរូបថតនេះដែលខ្ញុំបានឃើញថ្មីៗនេះនៅលើអ៊ិនធើរណិត ។
ខ្ញុំសុំទោសចំពោះកុមារទាំងអស់ដែលត្រូវអង្គុយពួននៅក្រោមកៅអី ប៉ុន្តែការពិតគឺថាគ្មានពួកយើងណាម្នាក់ចង់ឲ្យថ្ងៃស្អែក ឬថ្ងៃខានស្អែក បំផ្លាញអារម្មណ៍ល្អៗដែលយើងមាននៅចុងសប្ដាហ៍នេះទេ ។ យើងចង់កាន់ខ្ជាប់ទៅនឹងចំណាប់អារម្មណ៍ខាងវិញ្ញាណដែលយើងមាន និងការបង្រៀនដ៏បំផុសគំនិតនានាដែលយើងបានស្ដាប់ឮ ។ ប៉ុន្តែវាមិនអាចចៀសរួចទេ បន្ទាប់ពីគ្រាខាងវិញ្ញាណនៅក្នុងជីវិតរបស់យើង យើងចាំបាច់ត្រូវត្រឡប់ទៅស្ថានភាពខាងលោកិយ ដែលយើងនឹងប្រឈមមុខនឹងស្ថានភាពដែលពេលខ្លះពុំសូវល្អម្ដងទៀតនោះ ។
អ្នកនិពន្ធគម្ពីរហេព្រើរបានព្រមានយើងអំពីរឿងនេះ នៅពេលលោកបានសរសេរថា « ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ » ។ ការតតាំងជាខ្លាំងបន្ទាប់ពីត្រូវបានបំភ្លឺនោះ អាចកើតមានតាមរបៀបជាច្រើន ហើយវាអាចកើតមានចំពោះយើងទាំងអស់គ្នា ។ ប្រាកដណាស់ គ្រប់អ្នកផ្សព្វផ្សាយសាសនា ដែលធ្លាប់បម្រើបេសកកម្មមិនយូរប៉ុន្មានបានដឹងថា ជីវិតនៅក្នុងបេសកកម្ម នឹងមិនមានបរិយាកាសដ៏ល្អដូចនៅក្នុងមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាទេ ។ អារម្មណ៍នោះមានដូចគ្នាចំពោះយើងទាំងអស់គ្នាពេលចាកចេញពីការប្រជុំដ៏ផ្អែមល្ហែមមួយនៅក្នុងព្រះវិហារបរិសុទ្ធ ឬបន្ទាប់ពីបញ្ចប់ការប្រជុំសាក្រាម៉ង់ខាងវិញ្ញាណដ៏ពិសេសមួយ ។
សូមចងចាំថា នៅពេលម៉ូសេចុះមកពីភ្នំស៊ីណាយបន្ទាប់ពីបទពិសោធន៍ដ៏អស្ចារ្យរបស់លោក លោកបានឃើញថា ប្រជាជនរបស់លោក « បានបង្ខូចចិត្តពួកគេ » ហើយបាន « បានប្រញាប់នឹងងាកបែរចេញ » ។ ពួកគេនៅជើងភ្នំនោះ ជាប់រវល់នឹងការធ្វើរូបកូនគោមាសដើម្បីថ្វាយបង្គំ ខណៈដែលព្រះយេហូវ៉ាទើបតែបានប្រាប់ដល់ម៉ូសេនៅលើកំពូលភ្នំថា « កុំឲ្យមានព្រះឯណាទៀតនៅចំពោះយើងឲ្យសោះ » និង « កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ » ។ ម៉ូសេ ពុំ សប្បាយចិត្តនឹងប្រជាជនអ៊ីស្រាអែលរបស់លោកដែលធ្វើដំណើរនៅថ្ងៃនោះទេ !
អំឡុងការបម្រើខាងលោកិយរបស់ទ្រង់ ព្រះយេស៊ូវបាននាំពេត្រុស យ៉ាកុប និងយ៉ូហាន ឡើងទៅលើភ្នំប្រែរូប ជាកន្លែងដែលបទគម្ពីរប្រាប់ថា « ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ » ។ ស្ថានសួគ៌បានបើកចំហរ ពួកព្យាការីពីបុរាណបានលេចមក ហើយព្រះជាព្រះបិតាបានមានបន្ទូល ។
បន្ទាប់ពីបទពិសោធន៍សេឡេស្ទាលដូច្នេះ តើព្រះយេស៊ូវរកឃើញអ្វីខ្លះពេលចុះមកពីលើភ្នំវិញ ? មែនហើយ ដំបូងឡើយ ទ្រង់បានរកឃើញនូវការឈ្លោះប្រកែកគ្នារវាងពួកសិស្ស និងពួកសត្រូវរបស់ទ្រង់ ស្ដីពីការប្រសិទ្ធពរដល់ក្មេងប្រុសម្នាក់តែពុំមានប្រសិទ្ធភាព ។ បន្ទាប់មកទ្រង់បានព្យាយាមបញ្ចុះបញ្ចូលពួកសាវកដប់ពីរនាក់—តែពុំបានទទួលជោគជ័យ—មិនយូរប៉ុន្មានទ្រង់បានត្រូវគេនាំយកទៅកាន់អ្នកច្បាប់ក្នុងស្រុកដែលនឹងធ្វើគុតទ្រង់ ។ រួចហើយមានមនុស្សម្នាក់រំឭកដល់ទ្រង់ថាពន្ធរបស់ទ្រង់ ផុតកំណត់ហើយ ដែលទ្រង់ត្រូវបង់ដោយផ្ទាល់ ។ បន្ទាប់មកទ្រង់បានស្ដីបន្ទោសដល់ពួកបងប្អូនប្រុសមួយចំនួន ដោយសារពួកគេបានទាស់ទែងគ្នា អំពីអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌របស់ទ្រង់ ។ អ្វីៗទាំងអស់នេះ បាននាំឲ្យទ្រង់មានបន្ទូលថា « ឱដំណមនុស្សដែលមិនជឿអើយ … តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ? » ទ្រង់មានហេតុដើម្បីសួរសំណួរនោះជាញឹកញាប់ អំឡុងការបម្រើរបស់ទ្រង់ ។ វាពុំគួរឲ្យងឿងឆ្ងល់ទេ ដែលទ្រង់ចង់គង់នៅលើកំពូលភ្នំដើម្បីអធិស្ឋានតែឯងនោះ !
ដោយដឹងថាយើង ទាំងអស់គ្នា ត្រូវចុះពីបទពិសោធន៍កំពូលមកជួបនឹងស្ថានភាពល្អ និងអាក្រក់នៃជីវិតតាមធម្មតានោះ សូមឲ្យខ្ញុំផ្ដល់នូវការលើកទឹកចិត្តនេះ កាលសន្និសីទទូទៅនេះចូលដល់ទីបញ្ចប់ ។
ទីមួយ ប្រសិនបើនៅថ្ងៃខាងមុខបងប្អូនមិនត្រឹមតែមើលឃើញនូវដែនកំណត់នៅក្នុងជីវិតមនុស្សនៅជុំវិញទេ ប៉ុន្តែថែមទាំងរកឃើញនូវធាតុនានាក្នុងជីវិតផ្ទាល់ខ្លួនរបស់បងប្អូន ដែលពុំទាន់បានត្រូវតាមសារលិខិតដែលបងប្អូនបានស្ដាប់ឮនាចុងសប្ដាហ៍នេះ ចូរកុំបាក់ទឹកចិត្តខាងវិញ្ញាណ ហើយចូរកុំចុះចាញ់ឡើយ ។ ដំណឹងល្អ សាសនាចក្រ និងការជួបជុំពាក់កណ្ដាលឆ្នាំដ៏អស្ចារ្យទាំងនេះ មានបំណងដើម្បីផ្ដល់សេចក្ដីសង្ឃឹម និងការបំផុសគំនិត ។ វាពុំមានបំណងដើម្បីបំបាក់ទឹកចិត្តនោះទេ ។ មានតែមារសត្រូវ ដែលជាសត្រូវរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ ដែលនឹងព្យាយាមបញ្ចុះបញ្ចូលយើងថា បទដ្ឋានដែលបានចែងនៅក្នុងសន្និសីទទូទៅ គឺពុំពិតប្រាកដទេ ថាមនុស្សពុំកែលម្អពិតប្រាកដទេ ថាគ្មាននរណាម្នាក់បានរីកចម្រើនពិតប្រាកដទេ ។ ចុះហេតុអ្វីក៏លូស៊ីហ្វើរបញ្ចុះបញ្ចូលយើងដូច្នោះ ? ដោយសារតែវាដឹងថា វា ពុំអាចកែលម្អថាវា នឹងមិន រីកចម្រើន ថាក្នុងភាពអស់កល្បវា មិនអាចមានពន្លឺនាថ្ងៃស្អែកទេ ។ វាគឺជាតួអង្គដ៏វេទនាមួយដែលបានចងដោយការដាក់កំហិតដ៏អស់កល្ប ហើយវាចង់ឲ្យបងប្អូនវេទនាដូចវាដែរ ។ មែនហើយ ចូរកុំចាញ់ការល្បួងវាឡើយ ។ ដោយមានអំណោយទាននៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និង កម្លាំងពីស្ថានសួគ៌ដើម្បីជួយយើង យើងអាចកែលម្អ ហើយរឿងអស្ចារ្យអំពីដំណឹងល្អនោះគឺថាយើងទទួលបានរង្វាន់ចំពោះ ការព្យាយាម ទោះជាយើងមិនបានជោគជ័យជានិច្ចក្ដី ។
នៅពេលមានចម្រូងចម្រះមួយក្នុងសាសនាចក្រពីជំនាន់មុន ទាក់ទងនឹងនរណាដែលសមនឹងទទួលពរជ័យពីស្ថានសួគ៌ ហើយនរណាមិនសក្ដិសម នោះព្រះអម្ចាស់បានប្រកាសដល់ព្យាការី យ៉ូសែប ស្ម៊ីធថា « ដ្បិតយើងប្រាប់អ្នកជាប្រាកដថា [ អំណោយទានរបស់ព្រះ ] ត្រូវបានប្រទានឲ្យអ្នក ដើម្បីជាប្រយោជន៍ដល់អស់អ្នកណា ដែលស្រឡាញ់យើង ហើយកាន់តាមគ្រប់បញ្ញត្តិទាំងអស់របស់យើង ហើយនឹងដល់ [ អ្នកណា ] ដែលស្វែងរកផង… » ។ បងប្អូន យើងទាំងអស់គ្នាពិតជាមានអំណរគុណណាស់ចំពោះការផ្ដល់បន្ថែមថា « ដែលស្វែងរកផង … » ! នោះជាការលួងលោមមួយ ដោយសារពេលខ្លះនោះជាអ្វីដែលយើងទាំងអស់គ្នាអាចផ្ដល់ឲ្យ ! យើងមានការលួងលោមចិត្តខ្លះៗដោយសារតែភាពពិតថា ប្រសិនបើព្រះប្រទានរង្វាន់ចំពោះតែអ្នកដែលស្មោះត្រង់ដ៏ឥតខ្ចោះ នោះទ្រង់នឹងពុំមានឈ្មោះច្រើនក្នុងបញ្ជីដើម្បីប្រទានរង្វាន់ឲ្យនោះទេ ។
សូមចងចាំនៅថ្ងៃស្អែក និងថ្ងៃខាងមុខថាព្រះអម្ចាស់ប្រទានពរដល់អ្នកទាំងឡាយណាដែល ចង់ កែលម្អ ដែលទទួលស្គាល់ថាគេត្រូវការបទបញ្ញត្តិ ហើយព្យាយាម រក្សាវា ដែលរីករាយនឹងគុណធម៌ដូចព្រះគ្រីស្ទ ហើយ ខិតខំ អស់ពីសមត្ថភាពដើម្បីទទួលបានវា ។ ប្រសិនបើអ្នកជំពប់ដួលពេលកំពុងព្យាយាមនោះ កាលមនុស្សគ្រប់រូបជំពប់ដួលដែរ ព្រះអង្គសង្គ្រោះគង់នៅចាំជួយអ្នកបន្ដដើរទៅមុខទៀត ។ ប្រសិនបើអ្នកដួល ចូរសូមឲ្យទ្រង់ជួយ ។ សូមស្រែករកជំនួយដូចជាអាលម៉ា « ឱព្រះយេស៊ូវអើយ … សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង » ។ទ្រង់នឹងជួយបងប្អូនងើបឡើងវិញ ។ ទ្រង់នឹងជួយបងប្អូនប្រែចិត្ត ជួសជុល កែតម្រូវអ្វីដែលអ្នកត្រូវកែ ហើយបន្ដដើរទៅមុខ ។ មិនយូរប៉ុន្មានអ្នកនឹងទទួលបានជ័យជំនះដែលអ្នកស្វែងរកនោះ ។
ព្រះអម្ចាស់បានប្រកាសថា « ដរាបណាអ្នកមានបំណងចង់បានពីយើង នោះនឹងបានសម្រេចដល់អ្នក » ។
« …ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះ ដែលនាំឲ្យធ្វើល្អ—មែនហើយ គឺឲ្យធ្វើដោយយុត្តិធម៌ ឲ្យដើរដោយទាបរាបសា ឲ្យវិនិច្ឆ័យដោយសុចរិត ។ …
« … [ បន្ទាប់មក ] គ្រប់ទាំងអស់ដែលអ្នកមានបំណងចង់បានពីយើង [ នៅក្នុង ] សេចក្ដីសុចរិត … នោះអ្នកតែងនឹងបានទទួល » ។
ខ្ញុំស្រឡាញ់គោលលទ្ធិនោះណាស់ ! វាប្រាប់ជាថ្មីទៀតថា យើងនឹងត្រូវបានប្រទានពរចំពោះបំណងប្រាថ្នាដើម្បីធ្វើល្អរបស់យើង ខណៈដែលយើងពិតជាព្យាយាមនោះ ។ ហើយវារំឭកយើងថា ដើម្បីសក្ដិសមចំពោះពរជ័យទាំងនោះ យើងត្រូវតែប្រាកដថា យើងមិនរារាំងអ្នកដទៃមិនឲ្យទទួលវា ៖ យើងត្រូវប្រព្រឹត្តនឹងអ្នកដទៃដោយយុត្តិធម៌ មិនត្រូវអយុត្តិធម៌ មិនត្រូវលំអៀងឡើយ យើងត្រូវដើរដោយរាបសា ពុំក្អេងក្អាងឡើយ ពុំអំនួត យើងត្រូវវិនិច្ឆ័យដោយសុចរិត ពុំគិតសុចរិតតែខ្លួនឯង ពុំទុច្ចរិតឡើយ ។
បងប្អូនប្រុសស្រី បទបញ្ញត្តិដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ច គឺត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង របស់យើង—នោះជាបទបញ្ញត្តិដ៏ធំបំផុតដំបូងគេ ។ ប៉ុន្តែសេចក្ដីពិតដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ចនោះគឺថា ព្រះស្រឡាញ់យើង ដោយអស់ពីព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និងព្រះចេស្ដា របស់ទ្រង់ ។ សេចក្ដីស្រឡាញ់នោះ គឺជាគោលការណ៍គ្រឹះនៃភាពអស់កល្បជានិច្ច ហើយវាគួរតែជាគោលការណ៍គ្រឹះនៃជីវិតប្រចាំថ្ងៃរបស់យើង ។ ប្រាកដណាស់ វាមានតែតាមរយៈការអះអាងដែលដុតឆេះនៅក្នុងព្រលឹងរបស់យើងប៉ុណ្ណោះ ដែលយើងអាចមានទំនុកចិត្តបន្ដព្យាយាមកែលម្អ ហើយបន្ដស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើង ហើយបន្ដលាតសន្ធឹងព្រះគុណនោះទៅដល់អ្នកជិតខាងយើង ។
ប្រធាន ចច ឃ្យូ. ខានុន បានបង្រៀនថា ៖ « មិនថាមានការសាកល្បងធ្ងន់ធ្ងរប៉ុណ្ណា ភាពស្មុគស្មាញជម្រៅណា ការរងទុក្ខមហិមាប៉ុណ្ណាទេ [ ព្រះ ] នឹងពុំបោះបង់ចោលយើងឡើយ ។ ទ្រង់មិនដែល ហើយទ្រង់នឹងពុំបោះបង់យើងដែរ ។ ទ្រង់មិនអាចបោះបង់យើងបានទេ ។ វាពុំមែនជាលក្ខណៈរបស់ទ្រង់ [ ដើម្បីធ្វើដូច្នោះឡើយ ] ។ … ទ្រង់នឹងគង់នៅជិតនឹងយើង [ ជានិច្ច ] ។ យើងអាចនឹងដើរឆ្លងកាត់ឡភ្លើង យើងអាចនឹងដើរឆ្លងកាត់ទឹកដ៏ជ្រៅ ប៉ុន្តែយើងមិនត្រូវបានបំបរបង់ឬ ធ្វើឲ្យសន្ធប់ឡើយ ។ យើងនឹងងើបចេញពីការសាកល្បង និងការលំបាកទាំងអស់នេះ ហើយកាន់តែបរិសុទ្ធ និង ល្អប្រសើរដោយសារវា » ។
ឥឡូវ ដោយមានការលះបង់ដ៏អស្ចារ្យរោទិ៍ឡើងមកពីស្ថានសួគ៌យ៉ាងខ្ជាប់ខ្ជួនបំផុតនៅក្នុងជីវិតយើង ដែលបានបើកបង្ហាញយ៉ាងបរិសុទ្ធ និង ឥតខ្ចោះបំផុតនៅក្នុងព្រះជន្ម ការសុគត និងដង្វាយធួនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចគេចផុតពីលទ្ធផលនៃអំពើបាប និងភាពល្ងង់ខ្លៅ—នៃជីវិតរបស់យើង ឬរបស់អ្នកដទៃ—ក្នុងគ្រប់ទម្រង់ដែលវាអាចកើតមានមកដល់យើងក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ។ ប្រសិនបើយើងថ្វាយដួងចិត្តរបស់យើងដល់ព្រះ ប្រសិនបើយើងស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើយើងខិតខំដោយអស់ពីសមត្ថភាពរបស់យើងដើម្បីរស់នៅតាមដំណឹងល្អ នោះថ្ងៃស្អែក— និងគ្រប់ថ្ងៃផ្សេងទាំងអស់—នឹងជាថ្ងៃដ៏អស្ចារ្យបំផុត ទោះជាយើងមិនបានទទួលស្គាល់ជានិច្ចកាលក្ដី ។ ហេតុអ្វី ? ដោយសារព្រះវរបិតាសួគ៌របស់យើងចង់ឲ្យវាដូច្នោះ ! ទ្រង់ចង់ប្រទានពរដល់យើង ។ ជីវិតដ៏ជារង្វាន់ ដ៏បរិបូរណ៍ និងអស់កល្បជានិច្ច គឺជាគោលបំណងដ៏ជាក់លាក់នៃផែនការដ៏ប្រកបដោយក្ដីមេត្តាករុណារបស់ទ្រង់ចំពោះកូនចៅរបស់ទ្រង់ ! វាគឺជាផែនការមួយដែលផ្អែកទៅលើសេចក្ដីពិតថា « គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ » ។ ដូច្នេះចូរស្រឡាញ់ ។ ចូរបន្ដព្យាយាម ។ ចូរបន្ដទុកចិត្ត ។ ចូរបន្ដជឿ ។ ចូរបន្ដរីកចម្រើន ។ ស្ថានសួគ៌កំពុងលើកទឹកចិត្តបងប្អូននៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតតទៅ ។
« តើឯងមិនបានដឹង តើមិនបានឮទេឬអី ? » អេសាយបានសួរ ។
« [ ព្រះ ] រមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ ។ …
« … អស់អ្នកណាដែលសង្ឃឹមដល់ [ ទ្រង់ ] វិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រី ។ …
« ដ្បិត…ព្រះអម្ចាស់… ជាព្រះនឹងកាន់ដៃស្តាំ [ ពួកគេ ] ដោយពោលនឹង [ ពួកគេ ] ថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក » ។
បងប្អូនប្រុសស្រី សូមឲ្យព្រះបិតាសួគ៌ជាទីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ប្រទានពរយើងនៅថ្ងៃស្អែកឲ្យចងចាំអារម្មណ៍ដែលយើងមាននៅថ្ងៃនេះ ។ សូមឲ្យទ្រង់ប្រទានពរដល់យើងឲ្យព្យាយាមដោយអត់ធ្មត់ និងខ្ជាប់ខ្ជួនឆ្ពោះទៅកាន់បទដ្ឋានដែលយើងបានស្ដាប់ឮកាលវាប្រកាសនៅសន្និសីទចុងសប្ដាហ៍នេះ ដោយដឹងថាសេចក្ដីស្រឡាញ់ដ៏ទេវភាពរបស់ទ្រង់ និងជំនួយដ៏ជាប់លាប់របស់ទ្រង់ នឹងគង់នៅជាមួយយើង ទោះជាពេលយើងមានបញ្ហា—អូ៎ទេ ទ្រង់នឹងគង់នៅជាមួយយើងជាពិសេស នៅពេលយើងមានបញ្ហា ។
ប្រសិនបើបទដ្ឋានដំណឹងល្អមើលទៅហាក់ដូចជាខ្ពស់ ហើយការកែលម្អផ្ទាល់ខ្លួនដែលចាំបាច់ត្រូវធ្វើនៅថ្ងៃខាងមុខទៀត ហាក់ដូចជាមិនអាចសម្រេចបាន សូមចងចាំអំពីការលើកទឹកចិត្តរបស់យ៉ូស្វេទៅដល់ប្រជាជនរបស់លោកនៅពេលពួកគេប្រឈមមុខនឹងអនាគតដែលបំភ័យពួកគេ ។ លោកបានប្រាប់ថា « ញែកខ្លួនអ្នករាល់គ្នាចេញជាបរិសុទ្ធពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ាទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង » ខ្ញុំ ក៏សូមធ្វើការសន្យាដូចគ្នានេះដែរ ។ វាគឺជាការសន្យាក្នុងសន្និសីទទូទៅនេះ ។ វាគឺជាការសន្យារបស់សាសនាចក្រនេះ ។ វាគឺជាការសន្យារបស់ទ្រង់ដែលធ្វើកិច្ចការដ៏អស្ចារ្យទាំងឡាយ ដែលទ្រង់ផ្ទាល់គឺជា « ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា… ជាម្ចាស់នៃមេត្រីភាព » ។ ខ្ញុំថ្លែងជាសាក្សីពីទ្រង់ ។ ខ្ញុំជាសាក្សីទ្រង់ ។ ហើយចំពោះទ្រង់ សន្និសីទនេះឈរជាសក្ខីយបទមួយទៀតអំពីកិច្ចការជាបន្ដបន្ទាប់របស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយដ៏មហិមានេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។