ឆ្នាំ ២០១០-២០១៩
ជំនាន់​ទប់ទល់​នឹង​អំពើបាប
ខែ មេសា ឆ្នាំ ២០១៧


11:23

ជំនាន់​ទប់ទល់​នឹង​អំពើបាប

នៅពេល​បងប្អូន​បង្រៀន ដឹកនាំ ហើយ​ស្រឡាញ់​កុមារ​តូចៗ នោះ​បងប្អូន​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ដើម្បីនឹង​ជួយ​បងប្អូន​បង្កើត និង​ការ​ពារ​ដល់​កូនចៅ​ទប់ទល់​នឹង​អំពើបាប​ដោយ​អង់អាច ។

កាល​ពី​មួយ​ឆ្នាំ​កន្លះ​កន្លង​ទៅ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​តម្រូវការ​ដើម្បី « បង្រៀន ហើយ​ជួយ​បង្កើត​នូវ​ជំនាន់​ទប់ទល់​នឹង​អំពើបាប » ។ ឃ្លា​នោះ—« ជំនាន់​ទប់ទល់​នឹង​អំពើបាប »—បាន​ទៅ​ប៉ះ​ចំ​សសៃ​ខាង​វិញ្ញាណ​នៅក្នុង​ខ្លួន​ខ្ញុំ ។

យើង​គោរព​ដល់​កុមារ​តូចៗ​ដែល​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​បរិសុទ្ធ ហើយ​គោរព​ប្រតិបត្តិ ។ ខ្ញុំ​បាន​ឃើញ​អំពី​ភាព​រឹងមាំ​របស់​កុមារ​តូចៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ។ ពួកគេ​ឈរ​យ៉ាង​រឹងមាំ « ខ្ជាប់ខ្ជួន ហើយ​នឹងនរ » នៅក្នុង​ស្ថានភាព និង​បរិស្ថាន​ដែល​លំបាក​ផ្សេងៗ​គ្នា ។ កុមារ​តូចៗ​ទាំងនេះ​យល់​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​ខ្លួន ពួកគេ​បាន​ដឹង​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ពួកគេ ហើយ​ព្យាយាម​គោរព​តាម​ព្រះទ័យ​របស់​ទ្រង់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កុមារ​តូចៗ​ដែល​កំពុង​ពុះពារ​ឈរ « ខ្ជាប់ខ្ជួន ហើយ​នឹងនរ » ហើយ​មាន​គំនិត​ទន់ភ្លន់​ទាំងនេះ កំពុង​តែ​ត្រូវ​បាន​រង​របួស ។ ពួកគេ​ត្រូវ​បាន​វាយ​ប្រហារ​ពី​គ្រប់​កន្លែង​ដោយ « ព្រួញ​ភ្លើង​ទាំងឡាយ​របស់​មារសត្រូវ »  ហើយ​កំពុង​ត្រូវ​ការ​នូវ​ការការពារ និងការ​គាំទ្រ ។ ពួកគេ​គឺជា​ការ​ជម្រុញ​ទឹកចិត្ត​ដ៏​លើសលុប​សម្រាប់​យើង ដើម្បី​ចូលរួម ហើយ​ធ្វើ​សង្គ្រាម​ទាស់​នឹង​អំពើ​បាប នៅក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​នាំ​កូនៗ​របស់​យើង​ទៅ​រក​ព្រះគ្រីស្ទ ។

សូម​ស្ដាប់​ប្រសាសន៍​របស់​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ជិត ៤៣ ឆ្នាំ​មក​ហើយ ៖

« ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ចូលរួម​នៅក្នុង​ការ​តស៊ូ​ដ៏​ធំ​មួយ ។ យើង​នៅក្នុង​សង្គ្រាម ។ យើង​បាន​ចូលរួម​នៅក្នុង​បុព្វហេតុ​នៃ​ព្រះគ្រីស្ទ ដើម្បី​ច្បាំង​ទាស់​នឹង​លូស៊ីហ្វើរ ។ …

« សង្គ្រាម​ដ៏​ធំ​ដែល​រាលដាល​ពេញ​ទិសទី ហើយ​ជា​អកុសល​វា​កំពុង​តែ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង និង​ខ្លះ​ស្លាប់ វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ។ …

« ឥឡូវ គ្មាន​នរណា​ម្នាក់​អាច​នៅ​អព្យាក្រិត​ក្នុង​សង្គ្រាម​នេះ​បាន​ទេ » ។

សព្វ​ថ្ងៃ​នេះ នៅ​តែ​សង្គ្រាម ហើយ​វា​កាន់​តែ​ខ្លាំង​ផងដែរ ។ យើង​ទាំង​អស់គ្នា​ត្រូវ​ចូល​សមរភូមិ ហើយ​កូនៗ​របស់​យើង ស្ថិត​នៅ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ទ័ព​មារសត្រូវ ។ ដូច្នេះ យើង​មាន​តម្រូវ​ការ​ចាំបាច់​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ខាង​វិញ្ញាណ​របស់​យើង ។

ការពង្រឹង​កូនចៅ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​ទប់ទល់​នឹង​អំពើបាប គឺ​ជា​កិច្ចការ និង​ពរជ័យ​មួយ​សម្រាប់​ឪពុក​ម្ដាយ ជីដូនជីតា សមាជិក​គ្រួសារ គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ ។ យើង​ម្នាក់ៗ​មាន​ការ​ទទួលខុសត្រូវ​ដើម្បី​ជួយ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ឪពុក​ម្ដាយ​យ៉ាងច្បាស់​លាស់​ឲ្យ​បង្រៀន​កូនៗ​របស់​ពួកគេ​ឲ្យ « គោលលទ្ធិ​អំពី​ការប្រែចិត្ត សេចក្តីជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ព្រម​ទាំង​អំពី​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » និង « ឲ្យ​អធិស្ឋាន និង ឲ្យ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​ព្រះអម្ចាស់ » ។

របៀប​ដើម្បី « ឲ្យ​ចិញ្ចឹម​កូនចៅ [ របស់​យើង ] នៅ​ក្នុង​ពន្លឺ និង សេចក្ដីពិត » អាច​ជា​សំណួរ​ដ៏​ពិបាក​មួយ ពីព្រោះ​វា​មាន​លក្ខណៈ​ផ្សេងៗ​គ្នា​សម្រាប់​គ្រួសារ​នីមួយៗ និង​កូន​ម្នាក់ៗ ប៉ុន្តែ​ព្រះវរបិតាសួគ៌ បាន​ប្រទាន​ការណែនាំ​ជា​សាកល​ដែល​នឹង​ជួយ​ដល់​យើង ។ ព្រះវិញ្ញាណ​នឹង​បំផុស​គំនិត​យើង​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដែល​យើង​អាច​ការពារ​កូនចៅ​របស់​យើង​ខាង​វិញ្ញាណ​បាន ។

ដើម្បី​ចាប់​ផ្ដើម ការ​មាន​ទស្សនវិស័យ​អំពី​សារៈសំខាន់​នៃ​ការ​ទទួលខុសត្រូវ​នេះ គឺជា​ការ​ចាំ​បាច់​ណាស់ ។ យើង​ត្រូវ​តែ​យល់​ពី​អត្តសញ្ញាណ​ដ៏​ទេវភាព និង​គោលបំណង​របស់​យើង—និង​របស់​ពួកគេ—ពីមុន​យើង​អាច​ជួយ​កូនចៅ​របស់​យើង​មើល​ឃើញ​ថា​ពួកគេ​ជា​នរណា ហើយ​ហេតុអ្វី​ក៏​ពួកគេ​មក​នៅ​ទីនេះ ។ យើង​ត្រូវ​តែ​ជួយ​ពួកគេ​ឲ្យ​ដឹង​ដោយ​គ្មាន​ចម្ងល់​ថា​ពួកគេ​ជា​បុត្រា និង​បុត្រី​របស់​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់ ហើយ​ថា​ទ្រង់​មាន​ការ​រំពឹង​ទុក​ដ៏​ទេវភាព​ពី​ពួកគេ ។

ទីពីរ ការ​យល់​ពី​គោលលទ្ធិ​នៃ​ការ​ប្រែចិត្ត គឺ​សំខាន់​ណាស់​ដើម្បី​ធ្វើ​ជា​អ្នក​ទប់ទល់​នឹង​អំពើបាប ។ ការ​ធ្វើ​ជា​អ្នក​ទប់ទល់​នឹង​អំពើបាប ពុំ​មាន​ន័យ​ថា​ត្រូវ​គ្មាន​អំពើបាប​សោះ​នោះ​ទេ ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​ប្រែចិត្ត ការ​យកចិត្ត​ទុកដាក់ និង​មាន​ភាព​សក្ដិសម​ជា​បន្ដបន្ទាប់ ។ ប្រហែល​ជា​ការ​ធ្វើ​ជា​អ្នក​ទប់ទល់​នឹង​អំពើបាប​កើត​ចេញ​ជា​ពរជ័យ​មួយ​មកពី​ការ​ទប់ទល់​អំពើបាប​ដដែលៗ ។ ដូចជា​យ៉ាកុប​បាន​និយាយ​ថា « តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ » ។

ពួកកង​ទ័ព​កម្លោះ « មាន​ចិត្ត​ក្លាហាន​អង់អាច​ជា​អតិបរមា … ប៉ុន្តែ មើលចុះ នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ—ពួកគេ​ជា​មនុស្ស …ស្មោះត្រង់​គ្រប់​ពេល​វេលា ទោះ​នៅ​ក្នុង​កិច្ចការ​ណា​ក៏​ដោយ ដែល​ពួកគេ​ទទួល​ផ្ទុក ។ មែនហើយ…​ពួកគេ​ត្រូវបាន​បង្ហាត់​ឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ឲ្យ​ដើរ​ដោយ​ស្មោះត្រង់​នៅ​ចំពោះ​ទ្រង់ » ។ យុវជន​ទាំងនេះ​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ដោយ​មាន​គុណធម៌​ដូចជា​ព្រះគ្រីស្ទ ធ្វើជា​អាវុធ​ទាស់​នឹង​មារសត្រូវ​របស់​ពួកគេ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​រំឭក​យើង​ថា « យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន​ជា​ប្រចាំ ។ ក្នុង​ជីវិត​យើង​រាល់​ថ្ងៃ យើង​ត្រូវការ​ភាពក្លាហាន—​ពុំ​មែន​គ្រាន់តែ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ញឹកញាប់ នៅ​ពេល​យើង​ធ្វើ​ការ​សម្រេចចិត្ត ឬ ឆ្លើយតប​ចំពោះ​ស្ថានភាព​នៅ​ជុំ​វិញ​ខ្លួន​យើង » ។

កូនៗ​របស់​យើង​ពាក់​អាវ​ក្រោះ​ខាង​វិញ្ញាណ នៅពេល​ពួកគេ​បង្កើត​គំរូ​នៃ​ភាពជា​សិស្ស​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ ។ ប្រហែល​ជា​យើង​គិត​ខុស​ពី​សមត្ថភាព​របស់​កុមារ​តូច ដែល​អាច​មាន​គោលគំនិត​នៃ​ភាព​ជា​សិស្ស​ប្រចាំ​ថ្ងៃ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​ប្រឹក្សា​ដល់​យើង​ឲ្យ « ចាប់​ផ្ដើម​តាំង​ពីក្មេង ហើយ​ឲ្យ​ខ្ជាប់​ខ្ជួន » ។ ដូច្នេះ​គន្លឹះ​ទីបី​ដើម្បី​ជួយ​កុមារ​តូចៗ​ក្លាយជា​អ្នក​ទប់ទល់​នឹង​អំពើ​បាប គឺ​ត្រូវ​ចាប់​ផ្ដើម​តាំង​ពី​វ័យ​ក្មេង​ឲ្យ​ចេះ​ស្រឡាញ់​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ—ចេញ​មក​ពី​ព្រះគម្ពីរ មាត្រា​នៃ​សេចក្តីជំនឿ កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ចម្រៀង​កុមារ ទំនុកតម្កើង និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង—ដែល​នឹង​ដឹកនាំ​កុមារ​តូចៗ​ទៅរក​ព្រះអង្គសង្គ្រោះ ។

ការ​បង្កើត​ទម្លាប់​អធិស្ឋាន​ដោយ​ខ្ជាប់​ខ្ជួន ការ​សិក្សា​ព្រះគម្ពីរ រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​ការ​ថ្វាយបង្គំ​ថ្ងៃ​ឈប់​សម្រាក​នាំ​ទៅ​រក​ភាព​ពេញលេញ ភាព​ខ្ជាប់​ខ្ជួននៅក្នុង​ខ្លួន និង​មាន​តម្លៃ​សីលធម៌​រឹងមាំ—​ឬ​និយាយ​ម្យ៉ាង​ទៀត​ថា សេចក្ដីសុចរិត​ខាង​វិញ្ញាណ ។ នៅ​ក្នុងពិភពលោក​សព្វថ្ងៃ​នេះ ដែល​សេចក្ដីសុចរិត​បាន​បាត់​រូបរាង កូនចៅ​របស់​យើង​ត្រូវ​យល់​ពីអ្វី​ជា​សេចក្ដីសុចរិត​ពិត ហើយ​ហេតុអ្វី​វា​សំខាន់​ម្ល៉េះ—ជា​ពិសេស​នៅពេល​យើង​រៀបចំ​ពួកគេ​ឲ្យ​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នៅ​ឯ​ពិធី​បុណ្យជ្រមុជទឹក និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដូច​ដែល​សៀវភៅ​ប្រកាស​ដំណឹងល្អ​របស់​យើង​បាន​បង្រៀន « ការ​រក្សា​ការ​តាំង​ចិត្ត រៀបចំ​មនុស្ស [ រួមទាំង​មនុស្ស​វ័យ​ក្មេង​ទាំងអស់ ] ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ​របស់​ពួកគេ » ។ 

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​រក្សា​សេចក្តី​សញ្ញា នោះ យើង​និយាយ​អំពី​គោលបំណង​នៃ​ដួងចិត្ត និង ព្រលឹង​របស់​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ » ។ មាន​អំណាច​អស្ចារ្យ​នៅក្នុង​ការ​ចុះ និង​ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង ។ មារសត្រូវ​ដឹង​ពី​រឿង​នេះ ដូច្នេះ​វា​បាន​ធ្វើ​ឲ្យគោល​គំនិត​នៃ​ការ​ធ្វើ​សេចក្ដីសញ្ញា​មាន​ភាព​ស្មុគស្មាញ ។ ការ​ជួយ​កុមារ​តូចៗ​ឲ្យ​យល់ ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ គឺជា​គន្លឹះ​មួយ​ទៀត​នៅក្នុង​ការ​បង្កើត​ជំនាន់​ទប់ទល់​នឹង​អំពើបាប ។

តើ​យើង​រៀបចំ​កូនចៅ​របស់​យើង​ដើម្បី​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ នៅពេល​ពួកគេ​ចូល ហើយ​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​យ៉ាង​ដូចម្ដេច ? ការ​បង្រៀន​កុមារ​តូចៗ​ឲ្យ​រក្សា​ការ​សន្យា​សាមញ្ញៗ​នៅពេល​ពួកគេ​នៅក្មេង នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​រក្សា​សេចក្ដីសញ្ញា​បរិសុទ្ធ​ក្នុង​ជីវិតនា​ពេល​អនាគត ។

ខ្ញុំ​សូម​ចែកចាយ​ពី​គំរូ​សាមញ្ញ​មួយ ៖ នៅក្នុង​រាត្រីជួបជុំក្រុមគ្រួសារ ឪពុក​ម្នាក់​បាន​សួរ​ថា « តើ​យើង​អាចចុះ​សម្រុង​គ្នា​ក្នុង​គ្រួសារ​ដោយ​របៀប​ណា ? » លីហ្សី អាយុ ប្រាំ​ឆ្នាំ បាន​រអ៊ូរទាំ​ថា បងប្រុស​របស់​នាង ខេវិន ញេះញ៉ោះ​នាង​ច្រើន​ណាស់ ហើយ​ធ្វើ​ឲ្យ​នាង​មិន​ចូលចិត្ត ។ ខេវិន បាន​សារភាព​ដោយ​ស្ទាក់ស្ទើរ​ថា លីហ្សី និយាយ​ត្រូវ​ហើយ ។ ម្ដាយ​របស់​ខេវិន បាន​សួរ​គាត់​ពី​អ្វី​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ត្រូវ​នឹង​ប្អូន​ស្រី​កាន់តែ​ល្អ ។ ខេវិន បាន​គិត ហើ​យ​បាន​សម្រេច​ចិត្ត​ថា គាត់​សន្យា​នឹង​លេហ្សី​ថា គាត់​នឹង​ឈប់​ញ៉េះញ៉ោះ​នាង​ពេញ​មួយ​ថ្ងៃ ។

នៅ​រាត្រី​នៃ​ថ្ងៃ​បន្ទាប់ ពេល​គ្រប់​គ្នា​មក​ជួប​ជុំគ្នា​ដើម្បី​អធិស្ឋាន​ជា​គ្រួសារ ឪពុក​ខេវិន​បាន​សួរ​ខេវិន​ថា តើ​គាត់​ធ្វើ​បាន​យ៉ាង​ណា​ដែរ​ពី​ការ​សន្យា​របស់​គាត់ ។ ចម្លើយ​របស់​ខេវិន​គឺថា « ប៉ា ខ្ញុំ​បាន​រក្សា​ការ​សន្យា​របស់​ខ្ញុំ​ហើយ ! » លេហ្សី​បាន​យល់​ស្រប​យ៉ាង​រីករាយ ហើយ​គ្រួសារ​ទាំងមូល​បាន​អបអរសាទរ​ដល់​ខេវិន ។

បន្ទាប់​មក​ម្ដាយ​របស់​ខេវិន​បាន​ផ្ដល់​យោបល់​ថា ប្រសិន​បើ​គាត់​អាច​រក្សា​ការសន្យា​ក្នុង​មួយ​ថ្ងៃ​បាន ហេតុអ្វី​ក៏​គាត់​មិន​ធ្វើ​វាឲ្យ​បាន​ពីរ​ថ្ងៃ ? ខេវិន បាន​យល់​ព្រម​សាកល្បង ។ ពីរ​ថ្ងៃ​បាន​កន្លង​ផុត ខេវិន បាន​ជោគជ័យ​ក្នុង​ការ​រក្សា​សន្យា​របស់​គាត់ ហើយ​លេហ្សី កាន់តែ​មាន​អំណរគុណ ! នៅពេល​ឪពុក​របស់​គាត់​បាន​សួរ​ថា ហេតុអ្វី​បាន​ជា​គាត់​រក្សា​ការ​សន្យា​បាន​ល្អ​យ៉ាង​នេះ ខេវិន តប​ថា « ខ្ញុំ​រក្សា​ការ​សន្យា​របស់​ខ្ញុំ​ដោយសារ​ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​នឹង​រក្សា​វា » ។

ជោគជ័យ​តូច​មួយ ដូចជា​ជោគជ័យ​ក្នុងការ​រក្សា​ការ​សន្យា នាំ​ទៅ​រក​សេចក្ដីសុចរិត ។ ការ​ហាត់​រក្សា​ការ​សន្យា​ដោយ​ខ្ជាប់​ខ្ជួន គឺ​ជា​ការ​រៀបចំ​ខាង​វិញ្ញាណ​ដើម្បី​កូនចៅ​ទទួល​យក​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជ​ទឹក​ដំបូង​របស់​ពួកគេ និង​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ពួកគេ​ធ្វើ​សេចក្ដីសញ្ញា​ថា​បម្រើ​ព្រះ និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ការ​សន្យា និង​សេចក្ដីសញ្ញា គឺ​ពុំ​ដាច់​ពី​គ្នា​នោះទេ ។

នៅក្នុង​គម្ពីរ​ដានីយ៉ែល យើង​រៀន​អំពី​សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បាន​បដិសេធ​មិន​គោរព​រូប​សំណាក​របស់​ស្ដេច​នេប៊ូគ្នេសា ។ ស្ដេច​បាន​ព្រមាន​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​បោះ​ទៅដុត​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​តាម ។ ពួកគេ​បាន​បដិសេធ ហើយ​និយាយ​ថា ៖

« បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ ។ …

« តែបើមិន​ជួយ​ទេ នោះសូម​ឲ្យ​ទ្រង់​ព្រះ​ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ » ។

« តែ​បើ​មិន​ជួយ​ទេ » ។ ចូរ​ពិចារណា​អំពី​ន័យ​នៃ​ពាក្យ​មួយឃ្លា​នេះ និង​របៀប​ដែល​ពួកគេ​និយាយ​ពី​ការ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។ យុវជន​ទាំង​បីនាក់​នេះ ពុំ​បាន​ផ្អែក​ការ​គោរព​ប្រតិបត្តិ​របស់​ពួកគេ​ទៅលើ​ការ​រំដោះ​ឲ្យ​រួច​នោះទេ ។ ទោះ​ជា​ពួកគេ​ពុំ​ជួយ​ឲ្យ​រួច​ក្ដី ក៏​ពួកគេ​នឹង​រក្សា​ការ​សន្យា​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់​ដែរ ដោយ​សារ​ពួកគេ​បាន​និយាយ​ថា​ពួកគេ​នឹង​រក្សា​តាម ។ ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង គឺ​ឯករាជ្យ​ពី​ស្ថានភាព​របស់​យើង​ជានិច្ច ។ យុវជន​ទាំង​បី​រូប​នេះ ក៏​ដូចជា​កងទ័ព​កម្លោះ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​ចំពោះ​កូនចៅ របស់​យើង​អំពី​ប្រឆាំង​នឹង​អំពើបាប ។

តើ​គំរូ​ទាំងនេះ​អនុវត្ត​នៅក្នុង​គេហដ្ឋា​របស់​យើង និង​ក្រុមគ្រួសារ​យើង​យ៉ាង​ដូចម្ដេច ? « មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » យើង​ជួយ​កុមារ​តូចៗ​ទទួល​ជោគជ័យ​នៅក្នុងកិច្ចការ​តូចៗ ។ នៅពេល​ពួកគេ​រក្សា​ការ​សន្យា​របស់​ខ្លួន នោះពួកគេ​ជ្រួត​ជ្រាប​ដោយ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​ពួកគេ ។ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​បង្រៀនថា « រង្វាន់​ដ៏ធំ​បំផុត​នៃ​សុចរិតភាព គឺ​ភាព​ជា​ដៃគូ​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ បន្ទាប់មក​នឹងជា « ទំនុកចិត្ត​ដ៏​រឹងមាំ​នៅក្នុង​វត្តមាន​របស់​ព្រះ » ។ ចេញ​មក​ពី​ប្រភព​នៃ​សេចក្ដីសុចរិត នឹង​កើត​មាន​នូវ​ជំនាន់​ទប់ទល់​នឹង​អំពើបាប​ដោយ​មាន​អានុភាព ។

បងប្អូន​ប្រុសស្រី សូម​នៅ​កៀក​នឹង​កូន​ចៅ​របស់​បងប្អូន—នៅ​ឲ្យ​កៀក​ដើម្បី​ពួកគេ​មើល​ឃើញ​ពី​ឥរិយាបទ​សាសនា​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ហើយ​មើល​ពី​រក្សា​ការសន្យា និង​សេចក្ដីសញ្ញា​របស់​បងប្អូន ។ « កុមារ​តូចៗ​គឺ​ជា​អ្នក​ចម្លង​តាម​ដ៏​អស្ចារ្យ ដូច្នេះ​សូម​ឲ្យ​ពួកគេ​ចម្លង​នូវ​អ្វី​ដែល​អស្ចារ្យ » ។ ប្រាកដ​ណាស់ យើង​កំពុង​ជួយ​បង្រៀន និង​បង្កើត​ជំនាន់​ប្រឆាំង​នឹង​អំពើបាប​ថ្វាយ​ព្រះអម្ចាស់ ពី​ការ​សន្យា​មួយ​ទៅ​ការ​សន្យា​មួយ និង​ពី​សេចក្ដីសញ្ញា​មួយ​ទៅ​សេចក្ដីសញ្ញា​មួយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​នេះ ។ នៅពេល​បងប្អូន​បង្រៀន ដឹកនាំ ហើយ​ស្រឡាញ់​កុមារ​តូចៗ​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ នោះ​បងប្អូន​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ដើម្បី​នឹង​ជួយ​បងប្អូន​បង្កើត និង​ការពារ​ដល់​កូនចៅ​ទប់ទល់​នឹង​អំពើបាប​ដោយ​អង់អាច ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​កូនចៅ​របស់​ពួក​យើង​នឹង​ស្ដាប់​ឮ​ពាក្យ​សម្ដី​របស់​នីហ្វៃ​ថា « តើ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​ញ័រ​នៅ​ចំពោះ​អំពើបាប​ឬទេ ? » ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​នៃ​ពិភពលោក​—ដោយ​សារ​ទ្រង់​បាន​មានបន្ទូល​ថា​ទ្រង់​នឹង​ធ្វើ—ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង​ជាង​យើង​ជា​មនុស្ស​ជីវិត​រមែង​ស្លាប់​អាច​យល់​បាន—ដោយសារ​ទ្រង់​មាន​បន្ទូល​ថា​ទ្រង់​នឹង​ធ្វើ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។