ឆ្នាំ ២០១០-២០១៩
តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀប​ណា?
ខែ មេសា ឆ្នាំ ២០១៧


15:25

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀប​ណា ?

ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រមាន ព្រះវិញ្ញាណ​បរិសុទ្ធ​លួង​លោម​ចិត្ត ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់ ។

នា​ល្ងាច​ថ្ងៃ​ចន្ទ​ថ្មីៗ​នេះ ភរិយា​ខ្ញុំ ឡេសា និង​ខ្ញុំ​បាន​ទៅ​លេងគ្រួសារ​វ័យ​ក្មេង​មួយ​ដែលជា​អ្នក​ជិតខាងយើង ។ កាល​យើង​នៅ​ទី​នោះ គ្រួសារ​នោះ​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​រួម​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ដោយ​ប្រាប់​យើង​ថា កូន​ប្រុស​ពួកគេ​អាយុ​ប្រាំ​បួន​ឆ្នាំ​បាន​រៀបចំ​មេរៀន ។ ប្រាកដ​ណាស់ យើង​បាន​ចូល​រួម !

បន្ទាប់​ពី​ចម្រៀង​បើក ការ​អធិស្ឋាន និង​កិច្ចការ​គ្រួសារ នោះ​ក្មេង​ប្រុស​អាយុ​ប្រាំ​បួន​ឆ្នាំ​នោះ​បាន​ចាប់​ផ្ដើម​ដោយ​អាន​សំណួរ​ដ៏​ស៊ីជម្រៅ​មួយ​មាន​ក្នុង​មេរៀន​ដែល​គាត់​បាន​សរសេរ​ដោយ​ដៃ​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀប​ណា ? » សំណួរ​នេះ​បាន​ចាប់​ផ្ដើម​ការ​ពិភាក្សា​ជា​គ្រួសារ​ដ៏​មាន​ន័យ​មួយ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ចែកចាយ​គំនិត និង​ទស្សនៈ​នានា ។ ខ្ញុំ​បាន​ស្ងើច​សរសើរ​ចំពោះ​ការ​រៀបចំ​មេរៀន​របស់​គ្រូ​បង្រៀន​យើង និង​សំណួរ​ដ៏​ល្អ​បំផុត​របស់​គាត់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត ។

មេរៀន​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដែល​សរសេរ​ដោយ​ដៃ

ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​បន្ត​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយបងប្អូន​​តាម​របៀបណា ? »—ពិសេស​ជា​សំណួរ​មួយ​ដែល​ទាក់​ទង​នឹង​កុមារ​ដែល​ឈាន​ចូល​អាយុ​ប្រាំបី​ឆ្នាំ ហើយ​កំពុង​រៀបចំ​ខ្លួន​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក និង​សម្រាប់​កុមារ​ដែល​ទើប​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្មីៗ ។ វា​ជា​រឿង​ទាក់ទង​គ្នា​នឹង​អ្នក​ផ្លាស់ប្រែ​ចិត្ត​ជឿ​ថ្មីៗ​រាប់ពាន់​នាក់​ផងដែរ ។

ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ ជា​ពិសេស​កុមារ​ឲ្យ​ពិចារណា​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀប​ណា ? » ពេល​ខ្ញុំ​បាន​ពិចារណា​សំណួរ​នេះ ខ្ញុំ​បាន​នឹក​ឃើញ​ភ្លាម​ពី​បទពិសោធន៍​មួយ​កាល​ពីខ្ញុំ​នៅ​ក្មេង ។ នេះ​គឺជា​ដំណើរ​រឿង​មួយ​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​អែលឌើរ រ៉ូបឺត ឌី ហែល នៅ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី ខ្ញុំ​ត្រូវ​បាន​ហៅ​មក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ដែល​លោក​បានសរសេរ​អត្ថបទ​មួយ​អំពី​ជីវប្រវត្តិ​ខ្ញុំ ហើយ​វា​ត្រូវ​បាន​បោះពុម្ព​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ។ បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ឮ​រឿង​នេះ​ហើយ ប៉ុន្តែ​ភាគ​ច្រើន​ពុំ​ឮ​នៅ​ឡើយ​ទេ ។

កាល​ខ្ញុំ​អាយុ​ប្រហែល​១១ ឆ្នាំ លោក​ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ឡើង​ភ្នំ​នៅ​ជិត​ផ្ទះ​របស់​យើង នៅ​ថ្ងៃ​មួយ​ដ៏​ក្ដៅ​ហែង ។ កាល​លោក​ឪពុក​ខ្ញុំ​ឡើង​លើ​ផ្លូវ​ចោត ខ្ញុំ​បាន​លោត​ពី​ថ្ម​ធំ​មួយ​ទៅ​ថ្ម​ធំ​មួយ​ទៀត​ដែល​មាន​នៅ​តាម​ដង​ផ្លូវ​នោះ ។ ដោយ​ចង់​តោង​ឡើង​ថ្ម​ដ៏​ធំ​មួយ ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រវេស​ប្រវាស​តោង​ផ្នែក​ខាង​លើ​នេះ​ថ្ម​នោះ ។ កាល​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​កាល​លោក​ឪពុក​ខ្ញុំ​បាន​ចាប់​ខ្សែ​ក្រវ៉ាត់​ខ្ញុំ ហើយ​ទាញ​ខ្ញុំ​ចុះ​ក្រោម​ភ្លាម ដោយ​ពោល​ថា « កុំ​ឡើង​ទៅ​លើ​ថ្ម​នោះ​អី ។ ចូរ​យើង​បន្ត​ដើរ​តាម​ផ្លូវ​នេះ​វិញ » ។

ប៉ុន្មាន​នាទី​ក្រោយ​មក​ទៀត កាល​យើង​បាន​មើលតាម​ផ្លូវ​នោះ​ពី​លើ​ចុះ​មក​ក្រោម យើង​មាន​ការ​ភ្ញាក់​ផ្អើល​កាល​យើង​បាន​ឃើញ​ពស់​កន្ទុយ​កណ្ដឹង​ធំ​មួយ​កំពុង​ហាល​ថ្ងៃ​នៅ​លើ​ថ្ម​ដែល​ខ្ញុំ​បាន​ចង់​តោង​ឡើង​នោះ ។

ក្រោយ​មក​កាល​យើង​បាន​បើក​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ដឹង​ថា​លោក​ឪពុក​ខ្ញុំ​កំពុង​រង់ចាំ​ឲ្យ​ខ្ញុំ​សួរ​ថា « តើ​លោក​ពុក​បាន​ដឹង​ថា ពស់​នៅ​ទី​នោះ​បាន​យ៉ាង​ដូចម្ដេច ? » ដូច្នេះ​ខ្ញុំ​បាន​សួរ ហើយ​សំណួរ​ខ្ញុំ​បាន​នាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង ។ ខ្ញុំ​ពុំ​ភ្លេច​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ថ្ងៃ​នោះ​ឡើយ ។

តើ​បងប្អូន​អាច​មើល​ឃើញ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ដែរ​ទេ ? ខ្ញុំ​មាន​អំណរ​គុណ​ជា​រៀង​រហូត​ថា លោក​ឪពុក​ខ្ញុំ​បាន​ស្ដាប់​សំឡេង​ដ៏​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ។

អ្វី​ដែល​យើង​ដឹង អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ

ពី​មុន​យើង​ពិចារណាបន្ថែម​ទៀតលើ​សំណួរ​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​​ជួយ​បងប្អូន​តាម​របៀបណា ? »​ ចូរ​យើង​រំឭក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មាន​សេចក្ដី​ពិត​អស់​កល្ប​ជាច្រើន​ដែល​យើង​គួរ​មើល ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​គូស​បញ្ជាក់​តែ​បី​ប៉ុណ្ណោះ ។

ទីមួយ ព្រះវិញ្ញាណបរិសុទ្ធ​គឺ​ជា​សមាជិកទីបីក្នុងក្រុមព្រះ ។ យើង​រៀន​សេចក្ដី​ពិត​នេះ​នៅ​ក្នុង​មាត្រា​ទីមួយ​នៃ​សេចក្ដី​ជំនឿ​ថា « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច និង​ដល់​ព្រះរាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

ទីពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​នៃ​វិញ្ញាណ មួយ​អង្គ ដូច​ដែល​បាន​ពិពណ៌នា​ក្នុង​បទគម្ពីរ​សម័យ​ទំនើប​ថា « ព្រះវរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ដែល​ជាក់​ស្ដែង​ដូចជា​រូបកាយ​មនុស្ស ព្រះរាជបុត្រា​ដ៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ឡើយ តែមាន​រូប​ជា​វិញ្ញាណ​វិញ ។ បើ​ពុំ​នោះ​ទេ ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​សណ្ឋិត​នៅក្នុង​យើង​បាន​ឡើយ » ។ នេះ​មាន​ន័យ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​រូបកាយ​ជា​វិញ្ញាណ ពុំ​ដូចជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលមាន​ព្រះកាយ​នោះ​ទេ ។ សេចក្ដី​ពិត​នេះ​បញ្ជាក់​ពី​ឈ្មោះ​ផ្សេង​ទៀត​ដែល​បាន​ផ្ដល់​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដែល​យើង​ស្គាល់ រួម​មាន ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវិញ្ញាណ​នៃ​​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដីសន្យា និង​ព្រះ​ដ៏​ជា​ជំនួយ ។

ទីបី អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កើត​មាន​ដោយ​ការ​ដាក់​ដៃ​លើ ។ ពិធី​បរិសុទ្ធ​នេះ​ដែល​ទទួល​បាន​បន្ទាប់ពី​បុណ្យ​ជ្រមុជទឹក ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​ធ្វើជា​​ជា​ដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នេះ ពួក​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដែល​សក្ដិសម​ដាក់​ដៃ​លើ​ក្បាល​របស់​បុគ្គល​ម្នាក់ ហៅ​ឈ្មោះ​គាត់ ថ្លែង​ពី​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ពួកគាត់  និង​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បញ្ជាក់​គាត់​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​បន្លឺ​ឃ្លា​ដ៏​សំខាន់​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀប​ណា ?

ជាមួយ​នឹង​ការ​រំឭក​ដ៏​សាមញ្ញ​នៃ​សេចក្ដី​ពិត​សំខាន់​ទាំង​បីនោះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​យើង​ត្រឡប់​ទៅ​សំណួរ​ទី​មួយ​របស់​យើង​វិញ ៖ « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​​ជួយ​បងប្អូន​តាម​របៀបណា ? » ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រមាន

ដូច​ដែល​ខ្ញុំ​បាន​រៀបរាប់​ពី​បទពិសោធន៍​ខ្ញុំ​កាល​ពី​ក្មេង ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បងប្អូន​ដោយ​ការ​ព្រមាន​បងប្អូន​ជា​មុន​ពី​គ្រោះថ្នាក់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ ខ្ញុំ​បាន​រៀន​ជា​ថ្មី​អំពី​តួនាទី​ព្រមាន​ដ៏សំខាន់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​កាល​ខ្ញុំ​បម្រើ​ក្នុង​គណៈប្រធាន​តំបន់​នៅ​ប្រទេស​ជប៉ុន ។

អំឡុង​ពេល​នេះ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​នឹង​ប្រធាន​រៀឌ តាតេអូកា ជា​ប្រធាន​បេសកកម្ម​សេនដៃ ប្រទេស ជប៉ុន ។ ជា​ផ្នែក​មួយ​នៃ​ទម្លាប់​បេសកកម្ម​ជា​ធម្មតា​របស់​គាត់ ប្រធាន តាតេអូកា បាន​គ្រោង​ការ​ប្រជុំ​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​បេសកកម្ម​នៅ​ភាគ​ខាង​ត្បូង​បេសកកម្ម​របស់​គាត់ ។ ពីរ​បី​ថ្ងៃ​ពីមុន​ការ​ប្រជុំ​នោះ ប្រធាន តាតេអូកា មាន​អារម្មណ៍​មួយ ជា​អារម្មណ៍​ក្នុង​ចិត្ត​គាត់ ដើម្បី​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាចក្រ​ទាំងអស់​នៃ​តំបន់​ភាគ​ខាង​ត្បូង​នោះ​មក​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ ជំនួស​ឲ្យ​ការ​មាន​ថ្នាក់​ដឹកនាំ​ជា​អែលឌើរ និង​ស៊ិស្ទើរ​តែ​មួយ​ចំនួន​តូច​នោះ ។

កាល​គាត់​បាន​ប្រកាស​ពី​បំណង​របស់​គាត់ មាន​គេ​រំឭក​គាត់​ថា ការ​ប្រជុំ​ជាក់​លាក់​នេះ​គឺ​ពុំ​មែន​រៀបចំ​ឡើង​សម្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ទេ ប៉ុន្តែ​សម្រាប់​តែ​ពួក​ថ្នាក់​ដឹកនាំ​បេសកកម្ម​ប៉ុណ្ណោះ ។ ប៉ុន្តែ ដោយ​ទុក​ការ​ព្រមព្រៀង​គ្នា​មួយ​អន្លើរ​សិន ដើម្បី​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​គាត់​បាន​ទទួល នោះ​គាត់​បាន​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​ដែល​កំពុង​បម្រើ​នៅ​ទីក្រុង​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន រួម​ទាំង​ទីក្រុង​ហ្វុគុស៊ីម៉ា​ឲ្យ​មក​ការ​ប្រជុំ​នោះ​ដែរ ។ នៅ​ថ្ងៃ​ដែល​បាន​កំណត់​គឺ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រមូល​ផ្ដុំ​គ្នា​សម្រាប់ការ​ប្រជុំ​បេសកកម្ម​ដ៏​ធំ​នៅ​ទីក្រុង​ដី​គោក​ឈ្មោះ​កូរីយ៉ាម៉ា ។

អំឡុង​ការ​ប្រជុំ​នេះ មាន​ការ​រញ្ជួយ​ដី និង​ព្យុះ​ស៊ូណាម៉ិមួយ​កម្រិត ៩.០ រ៉ិចទ័រ បាន​បោក​បក់​លើ​ភូមិភាគ​នៃ​ទីតាំង​របស់​បេសកកម្ម ​សេនដៃ ប្រទេស ជប៉ុន ។ ជា​អកុសល ទីក្រុង​នៅ​តាម​ឆ្នេរ​សមុទ្រ​ជាច្រើន—រួម​ទាំង​តំបន់ដែល​មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ—ត្រូវ​បាន​បំផ្លិច​បំផ្លាញ ហើយ​រង​ការ​បាត់បង់​ជីវិត​យ៉ាង​ច្រើន ។ ហើយ​ទីក្រុង​ហ្វុគុស៊ីម៉ា​បាន​រង​នូវ​ការ​ខូចខាត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ជា​បន្ត​បន្ទាប់ ។

ទោះ​បី ជា​សាលាប្រជុំ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នោះ បាន​រង​ការ​ខូច​ខាត​ដោយ​ការ​រញ្ជួយ​ដី​នោះ​ក្ដី ក៏​ប្រធាន និង​ស៊ិស្ទើរ តាតេអូកា និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងអស់​បាន​ប្រមូល​ផ្ដុំ​គ្នា​ដោយ​សុវត្ថិភាព​ដែរ តាមរយៈ​ការ​ធ្វើ​តាម​ការ​បំផុស​គំនិត​មក​ពី ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួក​គេ​ស្ថិត​នៅ​តំបន់​មាន​សុវត្ថិភាព​តែ ប៉ុន្មាន​គីឡូម៉ែត្រ​ពីការ​បំផ្លិច​បំផ្លាញ​ដោយ​ព្យុះ​ស៊ូណាម៉ិ និង​ការ​ឆ្លង​រោគ​ពី​ថាមពល​នុយក្លេអ៊ែរប៉ុណ្ណោះ ។

កាល​បងប្អូន​ស្ដាប់​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ—ជា​ញឹក​ញាប់ ជា​អារម្មណ៍​ស្ងប់ស្ងាត់ និង​រហៀងៗ—បងប្អូន​អាច​ត្រូវ​បាន​ដក​ចេញ​ពី​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​ដោយ​ពុំ​បាន​ដឹង​ជា​មុន ។

បងប្អូន​ប្រុស​ស្រី ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ដោយ​ព្រមាន​បងប្អូន ដូច​ទ្រង់​បាន​ព្រមាន​ដល់​លោក​ឪពុក​ខ្ញុំ និង​ប្រធាន​តាតេអូកា​ដែរ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​លួង​លោម​ចិត្ត

ដើម្បី​បន្ត​ឆ្លើយ​នឹង​សំណួរ​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀបណា ? » ឥឡូវ​ចូរ​យើង​រៀន​បន្ថែម​ទៀត​ពី​តួនាទី​របស់​ទ្រង់​ដែល្ជា​ព្រះ​ដ៏​ជា​ជំនួយ ។ ព្រឹត្តិការណ៍​ដែល​ពុំ​បាន​រំពឹង​ទុក​នានា​នៅ​ក្នុង​ជីវិត​យើង​បណ្ដាល​ឲ្យ​មាន​ភាព សោក​សៅ ការ​ឈឺចាប់ និង​ការ​ខក​ចិត្ត ។ ប៉ុន្តែ​ក្នុង​ចំណោម​នៃ​ការ​សាកល្បង​ទាំងនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​បម្រើ​យើង​ក្នុង​តួនាទី​ដ៏​សំខាន់​មួយ​របស់​ទ្រង់—គឺ​ជាព្រះ​ដ៏​ជា​ជំនួយ ដែល​តាម​ពិត ជា​ព្រះនាម​មួយ​របស់​ទ្រង់ ។ ពាក្យ​អះអាង​ដ៏​សុខសាន្ត​ទាំងនេះ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ពិពណ៌នា​ពី​តួនាទី​ដ៏​ពិសិដ្ឋ​នេះ​ថា « ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ » ។

ដើម្បី​បង្ហាញ​ពី​រឿង​នេះ បន្ថែម​ទៀត ខ្ញុំ​សូម​ចែកចាយ​ដំណើរ​រឿង​អំពី​គ្រួសារ​មួយ មាន​កូន​ប្រុស​ប្រាំ​នាក់​ដែល​ផ្លាស់​មក​ពី​រដ្ឋ​ឡូស អាន់ជើលេស​ កាលីហ្វូញ៉ា ស.រ.អា. មក​កាន់​សហគមន៍​ដ៏​តូច​មួយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ កូនប្រុស​ច្បង​ពីរ​នាក់​បាន​ចាប់​ផ្ដើម​កីឡា​នៅ​វិទ្យាល័យ ហើយ​សេព​គប់​មិត្ត​ភក្ដិ អ្នក​ដឹកនាំ និង​គ្រូ​បង្វឹក—ដែល​ភាគច្រើន​ជា​សមាជិក​ស្មោះត្រង់​របស់​សាសនាចក្រ ។ ទំនាក់ទំនង​ទាំងនេះ​បាន​ជួយ​ដឹកនាំ​ទៅ​រក​បុណ្យ​ជ្រមុជទឹក​របស់ហ្វឺណាន់ដូ ជា​កូន​ច្បង និង​ប្អូន​ប្រុស​បន្ទាប់គាត់ ។

ក្រោយ​មក ហ្វឺ​ណាន់​ដូ បាន​ចេញ​ឆ្ងាយ​ពីគ្រួសារ​ទៅ​បន្ត​ការ​អប់រំ​របស់​គាត់ ហើយ​លេង​បាល់​ឱប​សម្រាប់​សាកលវិទ្យាល័យ ។ គាត់​បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​កំណាន់​ចិត្ត​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​ឈ្មោះ ប៊េលី ។ កាល​ហ្វឺណាន់ដូ និង​ប៊េលី​បាន​បញ្ចប់​ការ​សិក្សា ពួកគេ​រង់ចាំ​យ៉ាង​អន្ទះសារ​ដល់​កំណើត​កូន​ដំបូង​របស់​ពួកគេ—ដែល​ជា​កូនស្រី ។ ប៉ុន្តែ​ក្នុង​ដំណើរ​នេះ គ្រួសារ​ពួកគេ​បាន​ជួយ​ផ្លាស់​ហ្វឺណាន់ដូ និង​ប៊េលី​ត្រឡប់​មក​ផ្ទះ​វិញ ប៊េលី និង​ប្អូន​ស្រី​នាង​កំពុង​បើក​រថយន្ត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ ហើយ​បាន​ជួប​នឹង​គ្រោះថ្នាក់​មួយ​ដ៏​រន្ធត់​ដែល​បណ្ដាល​ឲ្យ​រថយន្ត​ជាច្រើន​ត្រូវ​ខូច​ខាត ។ ប៊េលី និង​កូន​ក្នុង​ផ្ទៃ​របស់​នាង​បាន​បាត់​បង់​ជីវិត ។

ហ្វើរណានដូ និង​ប៊េលី

ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ឈឺចាប់​ដ៏​ជ្រាល​ជ្រៅ​របស់​ហ្វឺណាន់ដូ ព្រមទាំង​ឪពុក​ម្ដាយ និង​សាច់​ញាត់​របស់​ប៊េលី​ដែរ ភាព​សុខសាន្ត និង​ការ​លួង​លោម​ចិត្ត​បាន​កើត​ឡើង​ចំពោះ​ពួកគេ​ភ្លាម​ៗ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​តួនាទី​របស់​ទ្រង់​ជា​ព្រះ​ដ៏​ជា​ជំនួយ​ពិត​ជា​បាន​គាំទ្រ​ហ្វឺណាន់ដូ​ឲ្យ​ឆ្លង​កាត់​ការ​រងទុក្ខ​ដែល​ពុំ​អាច​ថ្លែង​បាន​នេះ ។ ព្រះវិញ្ញាណ​បាន​ភ្ជាប់​ភាព​សុខ​សាន្ត​អចិន្ត្រៃយ៍​មួយ​ដែល​បាន​ដឹកនាំ​ហ្វឺណាន់ដូ​ទៅ​រក​ឥរិយាបថ​នៃ​ការ​អភ័យទោស និង​ក្ដីស្រឡាញ់​ចំពោះ​អ្នក​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​ដ៏​រន្ធត់​នេះ ។

ឪពុកម្ដាយ​ប៊េលី​បាន​ទូរសព្ទ​ប្រាប់​ប្អូន​ប្រុស​នាង​ដែល​កំពុង​បម្រើ​បេសកកម្ម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ពេល​កើត​មាន​គ្រោះថ្នាក់​នោះ ។ គាត់​បាន​ពិពណ៌នា​នៅ​ក្នុង​សំបុត្រ​មួយ​ពី​អារម្មណ៍​គាត់ ពេល​ស្ដាប់​ឮ​ដំណឹងដ៏​អណោច​អធម​អំពី​បងស្រី​ជា​ទីស្រឡាញ់​របស់​គាត់​ថា « ការ​បាន​ស្ដាប់​ឮ​សំឡេង​ដ៏​ស្ងប់​របស់​ប៉ាម៉ាក់​នៅ​គ្រា​ដ៏​សោក​សៅ​នេះ វា​ជា​រឿង​អស្ចារ្យ​ណាស់ ។ កូន​រក​ពាក្យ​អ្វី​នឹង​ថ្លែង​ពុំ​បាន​ឡើយ ។ … អ្វី​ដែល​កូន​អាច​គិត​ឃើញ​គឺ​ថា បងស្រី​កូន​លែង​នៅ​ទៀត​ហើយ​ពេល​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ។ … ខ្ញុំ​បាន​ទទួល​ការ​លួង​លោម​ចិត្ត​ពី​ទីបន្ទាល់​ដ៏​រឹង​មាំ​របស់​ប៉ាម៉ាក់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ផែនការ​ទ្រង់ ។ វិញ្ញាណ​ដ៏​ផ្អែម​ល្ហែម​ដូច​គ្នា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​កាល​ខ្ញុំ​សិក្សា ហើយ​បង្រៀន​ដំណឹងល្អ​បាន​បំពេញ​ដួង​ចិត្ត​ខ្ញុំ ។ បន្ទាប់​មក​ខ្ញុំ​បាន​លួង​លោម​ចិត្ត ហើយ​បាន​រំឭក​ពី​រឿង​ដែល​ខ្ញុំ​ដឹង » ។

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ដោយ​លួង​លោម​ចិត្ត​បងប្អូន ដូច​ទ្រង់​បាន​លួង​លោម​ហ្វឺណាន់ដូ និង​គ្រួសារ​របស់​ប៊េលី​ដែរ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់

ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ថ្លែង​ទីបន្ទាល់ និង​សាក្សី​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ព្រមទាំង​អំពី​សេចក្ដី​ពិត​ទាំងអស់​ផងដែរ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា « ប៉ុន្តែ​កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះវរបិតា … នោះ​ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ » ។

ដើម្បី​ពិពណ៌នា​អំពី​តួនាទី​ដ៏​មាន​តម្លៃ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សាក្សី ខ្ញុំ​នឹង​បន្ត​ដំណើរ​រឿង​របស់​ហ្វឺណាន់ដូ និង​ប៊េលី ។ ប្រសិន​បើ​បងប្អូន​នៅ​ចាំ ខ្ញុំ​បាន​ចែក​ចាយ​ថា ហ្វឺណាន់ដូ និង​ប្អូន​ប្រុស​គាត់​បាន​ជ្រមុជទឹក ប៉ុន្តែ​ឪពុកម្ដាយ​គាត់ និង​ប្អូន​ប្រុស​បី​នាក់​ទៀត​ពុំ​ជ្រមុជទឹក​ទេ ។ ហើយ​ទោះ​ជា​ទទួល​បាន​ការ​អញ្ជើញ​ជា​ច្រើន​ដង​ឲ្យ​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី ក៏​គ្រួសារ​នេះ​បាន​បដិសេធ​គ្រប់​ពេល ។

នៅ​គ្រា​នៃ​មរណភាព​របស់​ប៊េលី និង​ចៅ​ស្រី​ គ្រួសារ​របស់​ហ្វឺណាន់ដូ​មាន​ការ​ខូច​ចិត្ត​យ៉ាង​ខ្លាំង ។ មិន​ដូចជា​ហ្វឺណាន់ដូ និង​គ្រួសារ​របស់​ប៊េលី​ទេ ពួកគាត់​រក​ពុំ​ឃើញ​ការ​លួង​លោម​ចិត្ត និងភាព​សុខសាន្ត​ឡើយ ។ ពួកគាត់​មិន​យល់​ថាតើ​កូន​ប្រុស​របស់​ពួកគាត់ ព្រមទាំង​គ្រួសារ​របស់​ប៊េលី​អាច​ទ្រាំទ្រ​នឹង​បន្ទុក​ដ៏​ធ្ងន់​របស់​ពួកគេ​តាម​របៀប​ណា​ឡើយ ។

នៅ​ទីបំផុត​ពួកគាត់​បាន​យល់​ពី អ្វី​ដែល​កូន​ប្រុស​ពួកគាត់​មាន និង​អ្វី​ដែល​ពួកគាត់​គ្មាន គឺ​ជា​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នេះ​ត្រូវ​តែ​ជា​ប្រភព​នៃ​ភាពសុខសាន្ត និង​ការ​លួង​លោម​ចិត្ត​របស់​គាត់ ។ បន្ទាប់​ពី​ការ​យល់​ដឹង​នេះ ពួកគាត់​បាន​អញ្ជើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​ដំណឹងល្អដល់​គ្រួសារ​ពួកគាត់ ។ ជាលទ្ធផល ពួកគាត់​បាន​ទទួល​សាក្សី និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ដែល​បាន​នាំ​យក​ភាព​សុខសាន្ត​ដ៏​ផ្អែម​ល្ហែម និង​ការ​លួង​លោម​ដ៏​ស្ងប់​ចិត្ត​ដែល​ពួកគាត់​ស្វែង​រក​ជា​យូរ​មក​ឲ្យ​ពួកគាត់ ។

ពិធីបុណជ្រមុជទឹក​របស់​គ្រួសារ ហ្វើរណានដូ

ក្រោយ​ពី​ប៊េលី និង​ចៅស្រី​ពួកគាត់​ស្លាប់​បាន​ពីរ​ខែ ឪពុក​ម្ដាយ​របស់​ហ្វឺណាន់ដូ និង​ប្អូន​ប្រុស​គាត់​ពីរ​នាក់​ទៀត​បាន​ជ្រមុជទឹក ហើយ​បាន​បញ្ជាក់ ព្រមទាំង​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្អូន​ប្រុស​ពៅ​របស់​ហ្វឺណាន់ដូ កំពុង​រង់ចាំ​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់ ពេល​គាត់​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ ពួកគេ​ម្នាក់ៗ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ថ្លែង​សាក្សី​អំពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​នៃ​ដំណឹងល្អ ដោយ​ដឹកនាំ​ពួកគេ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ជ្រមុជទឹក ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

បងប្អូន​ប្រុស​ស្រី ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​បងប្អូន​ដោយ​ថ្លែងទីបន្ទាល់​ទៅ​កាន់​បងប្អូន ដូច​ទ្រង់​បាន​ធ្វើ​ដល់​គ្រួសារ​របស់​ហ្វឺណាន់ដូ​ដែរ ។

សេចក្ដី​សង្ខេប

ឥឡូវ​នេះ ចូរ​យើង​សង្ខេប​មក​វិញ ។ យើង​បាន​ស្គាល់​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង​ចំនួន​បី​ដែល​នាំ​យើង​ទៅ​រក​ចំណេះដឹង​មួយ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សេចក្ដី​ពិត​ទាំង​នេះ​គឺ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ ក្រុម​ព្រះ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​តួអង្គ​នៃ​វិញ្ញាណ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កើត​មាន​តាមរយៈ​ការ​ដាក់​ដៃ​លើ ។ យើង​ក៏​ស្គាល់​ពី​ចម្លើយ​បី​ផង​ដែរ​ចំពោះ​សំណួរ​ថា « តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​តាម​របៀបណា ? » ព្រះវិញ្ញាណ​បរិសុទ្ធ​ព្រមាន ព្រះវិញ្ញាណ​បរិសុទ្ធ​លួង​លោម​ចិត្ត ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់ ។

ភាព​សក្ដិសម​ដើម្បី​រក្សា​អំណោយទាន​នេះ

ចំពោះ​បងប្អូន​ទាំងឡាយ​ណា​ដែល​កំពុង​រៀបចំ​ខ្លួន​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ​អស់​អ្នក​ដែល​ទើប​ទទួល​ថ្មីៗ ឬ​ទាំង​អស់​អ្នក​ដែល​បាន​ទទួល​យូរ​ហើយ វា​គឺជា​ការ​សំខាន់​សម្រាប់​សុវត្ថិភាព​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​យើង ដើម្បី​យើង​រក្សា​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ចាប់​ផ្ដើម​ធ្វើ​ដូច្នេះ​តាមរយៈ​ការ​ខិតខំ​គោរព​បទ​បញ្ញត្តិ ការ​មាន​អធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ការ​អាន​ព្រះគម្ពីរ និង​ការ​ស្វែង​រក​ទំនាក់​ទំនង​ការ​ស្រឡាញ់ និង​ការ​អភ័យទោស​ជាមួយ​គ្រួសារ និង​មនុស្ស​ជា​ទីស្រឡាញ់ ។ យើង​គួរ​រក្សា​គំនិត ទង្វើ និង​ពាក្យ​សម្ដី​យើង​ឲ្យ​មាន​គុណធម៌ ។ យើង​គួរ​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌​យើង​ក្នុង​ផ្ទះ​យើង នៅ​ព្រះវិហារ និង​ទីណា​ដែល​អាច​ធ្វើ​បាន ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​នៅ​ជិត​នឹង​ព្រះវិញ្ញាណ ហើយ​ព្រះវិញ្ញាណ​នឹង​គង់​នៅ​ជិត​បងប្អូន ។

ទី​បន្ទាល់

ឥឡូវ ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​ការ​អញ្ជើញ​មួយ និង​ទីបន្ទាល់​ដ៏​ពិត​របស់​ខ្ញុំ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រស់​នៅ​ដោយ​ពេញ​លេញ​តាម​ពាក្យ​ពេចន៍​ដែល​បាន​ច្រៀង​ជារឿយៗ​ដោយ​កុមារ ជា​ពាក្យ​ដែល​ខ្ញុំ​ប្រាកដ​ថា​ពួកគេ​ស្គាល់ ៖ « សូម​ស្ដាប់ សូម​ស្ដាប់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ខ្សឹប​ប្រាប់ ។ សូម​ស្តាប់ សូមស្តាប់​សំឡេង​តូច​រហៀង » ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ទាំង​ចាស់​ទាំង​ក្មេង ខ្ញុំ​សូម​ផ្ដល់​ជា​សាក្សី​អំពី​វត្តមាន​ដ៏​រុង​រឿង​របស់​តួអង្គ​នៃ​ព្រះ​ដែល​មាន​ក្នុង​ក្រុម​ព្រះ ៖ ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ឯកសិទ្ធិ​មួយ​ដែល​យើង​រីករាយ​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​រស់​នៅ​ក្នុង​គ្រា​នៃ​ពេល​ពេញ​កំណត់​នេះ​គឺជា​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ ហើយ​នឹងជួយ​បងប្អូន ។ ខ្ញុំ​ក៏​សូម​បន្ថែម​នូវ​សាក្សី​ពិសេស​របស់​ខ្ញុំ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់ថា​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​យើង និង​ពី​ព្រះ​ជា​ព្រះវរបិតា​សួគ៌​យើង​ផង​ដែរ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។