ឆ្នាំ​២០១៦
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖ ដួងចិត្ត​ដែល​មាន​ការយល់​ដឹង
June 2016


អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ៖ ដួងចិត្ត​ដែល​មាន​ការ​យល់​ដឹង

Elder Stevenson with African children

រូបថត​រចនា​លម្អ​ដែល​បាន​សិទ្ធិ​អនុញ្ញាត​ព័ត៌មាន​នៃ គ្រីស្ទីន ម៉ហ្វី Deseret News និង សារ៉ា ជេន វេវើ Church News

កាល​អែលឌើរ ហ្គែរី ស្ទីវ៉ែនសុន អាយុ​ប្រហែល​ជា ១១ ឆ្នាំ ឪពុក​របស់​លោក​បាន​នាំ​លោក​ទៅ​ឡើង​ភ្នំ ។ លោក​ចាំ​ថា « ខ្ញុំ​បាន​លោត​ពី​ថ្ម​មួយ​ទៅ​ថ្ម​មួយ​ទៀត នៅ​មុខ​ឪពុក​ខ្ញុំ ។ ខ្ញុំ​ចង់​ឡើង​ទៅ​លើ​ថ្ម​ធំ​មួយ ហើយ​មើល​ចុះ​មក​ក្រោម ។ ពេល​ខ្ញុំ​កំពុង​ឡើង​ទៅ​កំពូល​ដុំ​ថ្ម​នោះ គាត់​បាន​ចាប់​ខ្សែ​ក្រវ៉ាត់​ខ្ញុំ ហើយ​ទាញ​ខ្ញុំ​ចុះ​ក្រោម​វិញ ។

‹ តើ​មាន​រឿង​អ្វី ? › ខ្ញុំ​បាន​និយាយ ហើយ​គាត់​បាន​ឆ្លើយ​ថា ‹ កុំ​ឡើង​ទៅ​លើ​ថ្ម​នោះ​អី ។ ចូរ​យើង​ដើរ​ទៅមុខ​ទៀត › ។ មួយ​សន្ទុះ​ក្រោយ​មក នៅពេល​យើង​មើល​ចុះ​ទៅ​ក្រោម​ពី​លើ​ផ្លូវ​ដ៏​ខ្ពស់​នោះ យើង​បាន​ឃើញ​សត្វ​ពស់​នៅលើ​កំពូល​ថ្ម​នោះ កំពុង​ដេក​ហាល​ថ្ងៃ ។

ឪពុក​ខ្ញុំ​បាន​ពន្យល់​ថា « ‹ នោះ​ហើយ​ជា​មូលហេតុ​ដែល​ប៉ា​ទាញ​កូន​ចុះ​មក​វិញ › ។

ក្រោយ​មក​នៅពេល​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​រង់ចាំ​ខ្ញុំ​ឲ្យ​សួរសំណួរ ៖ ‹ តើ​ប៉ា​បាន​ដឹង​ថា​សត្វពស់​នៅទីនោះ​ដោយ​របៀបណា ? › គាត់​បាន​និយាយ​ថា ‹ ចាំ​ប៉ា​បង្រៀន​កូន​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ យើង​បាន​មាន​មេរៀន​មួយ​ដោយ​ពុំ​បាន​ព្រៀង​ទុក​អំពី​តួនាទី​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​នៅក្នុង​ជីវិត​របស់​យើង ៖ អ្នក​ការពារ ព្រះ​ដ៏​ជា​ជំនួយ និង ជា​អង្គ​ដែល​ថ្លែង​ទីបន្ទាល់ ។ ឪពុក​របស់​ខ្ញុំ​បាន​ចែកចាយ​ថា ‹ នៅក្នុង​ករណី​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ការពារ​កូន​តាមរយៈ​ប៉ា ។ ទ្រង់​បាន​ព្រមាន​ប៉ា​ឲ្យ​ទាញ​កូន​ចុះ​មក​វិញ › » ។

បទពិសោធន៍​នេះ ទោះបី​ជា​វា​សាមញ្ញ​ក្តី វា​បាន​ជួយ​អែលឌើរ ស្ទីវ៉ែនសុន យល់​ថា​នៅពេល​បាន​ទទួល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះពួកគេ​គប្បី​ទទួល​យក ហើយ​ធ្វើ​តាម ។ វា​ជា​មេរៀន​មួយ​ក្នុងចំណោមមេរៀន​ជា​ច្រើន​ដែល​លោក​បាន​រៀន​ពី​ឪពុក​របស់​ខ្លួន ។

ម្តាយ​ដ៏​ឆ្នើម អ្នក​ប្រៀនប្រដៅ​ដ៏​អស្ចារ្យ

young Elder Stevenson with his mother

រូបថត​រចនាលម្អ​ដែល​បាន​សិទ្ធិ​អនុញ្ញាត​នៃ​គ្រួសារ​របស់​ស្ទីវ៉ែនសុន លើកលែង​តែ​បាន​កត់សម្គាល់ ខាង​ឆ្វេង ៖ ផ្កា © tukkata/iStock/Thinkstock ខាង​ស្តាំ ៖ រូបថត​ព្រះវិហារ​បរិសុទ្ធ លូហ្គែន យូថាហ៍ ដោយ​ចារវី ឌីជីថល

យោង​តាម​អែលឌើរ ស្ទីវ៉ែនសុន ម្តាយ​របស់​លោក​គឺ​ជា​គំរូ​នៃ​ភាពល្អ​សុទ្ធសាធ ៖ « ក្តី​រំពឹង​ចង់​បាន​របស់​គាត់​បាន​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ ។ ស្ទើរតែ​គ្រប់​ទង្វើ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ គឺ​ផ្ទុយ​ទៅ​នឹង​គំនិត​ខ្ញុំ​ថា ‹ ខ្ញុំ​ពុំ​ចង់​ធ្វើ​ឲ្យ​ម្តាយ​ខ្ញុំ​អាក់អន់​ចិត្ត​ឡើយ › » ។

ទាំង​ឪពុក និង ម្តាយ​របស់​លោក​បាន​ពង្រឹង​គោលការណ៍​ដំណឹង​ល្អ អំឡុង​ពេល​រាត្រី​ជួប​ជុំ​គ្រួសារ និង សកម្មភាព ឬ ការជួបជុំ​ផ្សេងៗ​ទៀត​របស់​គ្រួសារ ។ « ពួកលោក​បាន​បោះ​យុថ្កា​នៃ​ការបង្រៀន​ដំណឹង​ល្អ​នៅក្នុង​គេហដ្ឋាន​របស់យើង ។ លោក​បាន​មាន​ប្រសាសន៍​ថា វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​របស់​យើង ។

អ្នក​ទូន្មាន​ដ៏សំខាន់​ផ្សេងៗ​ទៀត​ក៏​បាន​ដឹកនាំ​លោក​ផងដែរ ។ « ខ្ញុំ​ចាំ​កាល​ពី​ការប្រជុំ​បំពាក់បំប៉ន​មុនៗ​របស់​ខ្ញុំ​ក្នុង​នាម​ជា អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ដែល​មាន​ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ផ្តល់​យោបល់​ឲ្យ​យើង​ធ្វើ​បញ្ជី​នៃ​មនុស្ស ២០ នាក់​ដែល​ជះ​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ជីវិត​របស់​យើង ។ ខ្ញុំ​គិត​ថា​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការធ្វើ​កិច្ចការ​នេះ ។ វា​ជា​ការបំផុស​គំនិត​ដើម្បី​គិត​ពី​មនុស្ស​ល្អៗ​ទាំងអស់ ដែល​បាន​ត្រៀម​ខ្លួន​ជួយ​ខ្ញុំ​ជាពិសេស​កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ » ។

បាន​រឹងមាំ​ដោយសារ​គ្រួសារ និង មិត្តភក្តិ

ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​កើត​នៅ​ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៩៥៥ ហើយ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​ទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ ស. រ. អា. ។ ឪពុក​ម្ដាយ​របស់​លោក អ៊ីវ៉ាន និង ជេន ហល ស្ទីវ៉ែនសុន មាន​កូន​បួន​នាក់ ។ ហ្គែរី ជា​កូន​ទីពីរ និង ជា​កូន​ប្រុស​ច្បង ។

« ខ្ញុំ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​ជាមួយ​បងប្អូនប្រុស​ស្រី​របស់​ខ្ញុំ ។ បងស្រី​របស់​ខ្ញុំ ដេប៊ី រំពឹង​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ ។ ប្អូនៗបង្កើត​របស់​ខ្ញុំ មើរីលី និង ដួងរំពឹង​ថា​ខ្ញុំ​នឹង​ធ្វើ​ជា​គំរូ​ដល់ពួកគេ ។ យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា​មាន​ការទទួលខុសត្រូវ​រស់នៅ​ដោយ​សុចរិត ហើយ​ចូលរួម​នៅ​ក្នុង​សកម្មភាព​នានា​របស់​សាសនាចក្រ » ។ សាច់ញាតិ​គ្រួសារ​របស់​លោក​ក៏​រំពឹង​ចង់​បាន​ខ្ពស់​ពី​លោក​ផងដែរ ៖ « ឧទាហរណ៍ នៅពេល​បងប្រុស​ជីដូន​មួយ​ច្បង​របស់​ខ្ញុំ​បាន​ចេញ​បម្រើ​បេសកកម្ម នោះ​គាត់​បាន​ចុះ​ហត្ថលេខា​លើ​ក្រដាស​ប្រាក់ ២ ដុលា្លរ ហើយ​ហុច​វា​ឲ្យ​ទៅ​ប្អូនប្រុស​ជីដូន​មួយ​បន្ទាប់​ទៀត ឲ្យ​ត្រៀម​ខ្លួន​បម្រើ ។ ក្រដាស​ប្រាក់ ២ ដុលា្លរ​នោះ​បាន​ហុច​បន្ត​ដល់​បងប្អូន​ជីដូន​មួយ​ចំនួន ១៦ នាក់ ដែល​បាន​បម្រើ​បេសកកម្ម​នៅ​ទូទាំង​ពិភពលោក ដោយ​រំឭក​គ្នា​ថា​ពួកគេ​រួមសាមគ្គី​គ្នា​នៅក្នុង​ការបម្រើ​ព្រះអម្ចាស់ » ។

មិត្តភក្ដិ​អ្នក​កាន់​បព្វជិតភាព​ក៏​ជះ​ឥទ្ធិពល​ល្អ​ដល់​គាត់​ផងដែរ ។ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​រៀន​កាល​ពី​ក្មេង​នូវ​អត្ថន័យ​នៃ​ការទាក់ទង​ជាមួយ​កូរ៉ុម ពុំមែន​គ្រាន់តែ​ទាក់ទង​ពួកគេ​នៅ​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់ទង​ពួកគេ​ក្នុង​នាម​ជា​អ្នក​ភូមិផង​របង​ជាមួយ និង នៅក្នុង​សាលា​រៀន​ផងដែរ ។ ការណ៍​នេះ​បាន​ផ្តល់​នូវ​ការស្គាល់​គ្នា ភាព​ជា​ការរាប់អាន​គ្នា ភាព​ជា​បងប្អូន​នឹង​គ្នា ព្រមទាំង​ការបម្រើ » ។ គាត់​បាន​ចាំ​យ៉ាង​ច្បាស់​ពី​ការរួម​ធ្វើ​ដំណើរ​ជាមួយ​សមាជិក​កូរ៉ុម​ម្នាក់ ទៅ​ប្រមូល​ដង្វាយ​តម​អាហារ​ពី​បងស្រី​ម្នាក់​នៅក្នុង​វួដ ដែល​មាន​ជំងឺ​សម្រាក​នៅ​ផ្ទះ គាត់​ពិការ​ភ្នែក ហើយ​ពុំ​សូវ​មាន​ប្រាក់​ចំណូល​ច្រើន​ទេ ។ គាត់​បាន​រំឭក​ថា « ទោះបី​ជា​ស្ថានភាព​គ្រួសារ​គាត់​បែប​ណា​ក៏​ដោយ គាត់​តែងតែ​មាន​ប្រាក់កាក់​ថ្វាយ​ជា​ដង្វាយ​តម​អាហារ​ជានិច្ច » ។

អំណោយ​ទាន​មួយ​ដែល​តម្រូវ​ឲ្យ​ធ្វើការ

Elder Stevenson as a young missionary in Japan

បន្ទាប់​ពី​ចប់​វិទ្យាល័យ ហើយ​បាន​ចូល​រៀន​មួយ​រយៈ​នៅ​សាកលវិទ្យាល័យ​យូថាហ៍​ស្តេត អែលឌើរ ស្ទីវ៉ែនសុន​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​បេសកកម្ម ហ្វូគូកា ប្រទេស ជប៉ុន ។ « ខ្ញុំ​មាន​អារម្មណ៍​ជ្រួលច្របល់​អំពី​ការរៀន​ភាសា​ជប៉ុន ។ កង្វល់​របស់​ខ្ញុំ​បាន​បន្ត​កើន​ឡើង​នៅក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ ប្រហែល​ជា​ប្រាំមួយ​សប្តាហ៍​ក្រោយ​មក ដោយ​ការអធិស្ឋាន​ស្មោះសរ និង ការព្យាយាម​សិក្សា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​ខ្ញុំ ឲ្យ​រៀន​ចេះ​ភាសា​ជប៉ុន ប៉ុន្តែ​ពុំ​មែន​ដោយ​ការខ្ជិល​ច្រអូស​ឡើយ ។ ការណ៍​នេះ​បាន​បង្រៀន​ខ្ញុំ​ថា​អំណោយទាន​ខាង​ភាសា​គឺ​ដូចជា​សេចក្តី​ជំនឿ និង ការងារ ព្រមទាំង​គោលការណ៍​ដទៃ​ទៀត​នៃ​ដំណឹងល្អ ។ បន្ទាប់​ពី​អ្នក​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ពរជ័យ » ។

បន្ទាប់​ពី​បេសកកម្ម​របស់​លោក​មក អែលឌើរ ស្ទីវ៉ែនសុន បាន​បង្កើន​ក្តី​ស្រឡាញ់​ចំពោះ​ប្រវត្តិសាសនាចក្រ ការសិក្សា​ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា ព្រម​ទាំង​ស្រាវជ្រាវ​រក​ទិនានុប្បវត្តិ​ប្រវត្តិសាស្រ្ត និង ពង្សប្រវត្តិ ។ លោក​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ យ៉ូសែប ស្ម៊ីធ និង គ្រួសារ​របស់​លោក គ្រួសារ វិតមើរ អូលីវើរ ខៅឌើរី និង ម៉ាទិន ហារីស ។ លោក​បាន​ស្រាវជ្រាវ​ការបកប្រែ និង ការបោះពុម្ព​ព្រះគម្ពីរ​មរមន​យ៉ាង​ច្រើន ។

ជា​ថ្មី​ម្តង​ទៀត លោក​បាន​រៀន​ថា​សេចក្តីជំនឿ និង ការខិតខំ​ធ្វើ​ការ​គឺ​ដើរ​ទន្ទឹម​គ្នា ។ លោក​បាន​ទូន្មាន​ថា « គ្រប់​ចម្លើយ​ទាំងអស់​ចំពោះ​សំណួរ​នៃ​ដំណឹង​ល្អ​ពុំ​កើត​ឡើង​ភ្លាមៗ​ឡើយ ។ ព្រះអម្ចាស់​បាន​រពឹង​ចង់​ឲ្យ​យើង​អាន សិក្សា ពិចារណា ហើយ​អធិស្ឋាន ។ ហើយ​នៅពេល​យើង​ធ្វើ​ការណ៍​នេះ​ដោយ​សេចក្តី​ជំនឿ និង បំណង​ប្រាថ្នា​សុចរិត នោះ​យូរៗ​ទៅ​សាក្សី​ដ៏​ផ្អែមល្អែម​នឹង​កើត​មាន​ឡើង » ។

ពេញ​មួយ​ជីវិត​របស់​ខ្លួន លោក​ធ្លាប់​មាន​អារម្មណ៍​ទទួល​បាន​ពរជ័យ​យ៉ាង​ពិសេស នៅពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​សាលា​ថ្ងៃ​អាទិត្យ​ដល់​យុវវ័យ គោលលទ្ធិ​នៃ​ដំណឹង​ល្អ និង ថ្នាក់​យុវជន ។ ការហៅ​បម្រើ​ទាំង​នោះ​បាន​បណ្តាល​ឲ្យ​លោក​ថ្លែង​ទីបន្ទាល់​ពី​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​របស់​ខ្លួន​ចំពោះ​សេចក្តីពិត​នៃ​ព្រះគម្ពីរ ជំនឿ​បាន​កើន​ឡើង​តាមរយៈ​ការសិក្សា​អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

កាល​នៅ​សាកលវិទ្យាល័យ យូថាហ៍ ស្តេត អែលឌើរ ស្ទីវ៉ែនសុន​បាន​ត្រឡប់​ទៅ​រៀន​ការគ្រប់គ្រង​អាជីវកម្ម និង ទីផ្សារ ។ លោក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅក្នុង​បណ្ណាល័យ ។ « គ្រប់​ពេល​ខ្ញុំ​បាន​ចូល​ក្នុង​បណ្ណាល័យ នោះ​មាន​សញ្ញា​មួយ​ដាក់​សម្រាប់​ស្វាគមន៍ … ដែល​សរសេរ​ថា ‹ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង › [សុភាសិត ៤:៧] » ។ ខគម្ពីរ​នេះ​បាន​ប្រែ​កាន់តែ​ឆ្លាក់​ជាប់​ដួងចិត្ត​របស់​លោក ហើយ​ជាច្រើន​ឆ្នាំ​ក្រោយ​មក ខគម្ពីរ​នោះ​បាន​ក្លាយ​ជា​បាវចនា​នៃ​សុន្ទរកថា​នៃ​ការប្រជុំធម្មនិដ្ឋាន​មួយ​ដែល​បាន​និយាយ​នៅឯ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។

លោក​បាន​ពន្យល់​នៅក្នុង​សុន្ទរកថា​នោះ​ថា « ការយល់​ដឹង​នេះ​កើត​ឡើង​តាមរយៈការ​ពឹង​ផ្អែក​លើ​ការសិក្សា និង ការអធិស្ឋាន​រួម​គ្នា ។ នៅពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​ទំហំ​នៃ​ការយល់​ដឹង​កើត​ឡើង​ពី​ទ្រង់​ទៅក្នុង​ដួងចិត្ត​របស់​យើង » ។

ស្នេហា​កើត​ចេញ​ពី​ថ្នាក់​វិទ្យាស្ថាន

អំឡុងពេល​រៀន​ថ្នាក់​ព្រះគម្ពីរ​សញ្ញា​ចាស់​នៅក្នុង​ថ្នាក់​វិទ្យាស្ថាន​សាសនា លោក​បាន​ជួប​ជាមួយ ឡេសា ជិន ហ៊ីងលី ដែល​ប្តូរ​មក​ពី​រដ្ឋ កាលីហ្វូញ៉ា មក​រស់នៅ​រដ្ឋ អៃដាហូ ហើយ​ក៏​ជា​សិស្ស​នៅ​សាកលវិទ្យាល័យ​យូថាហ៍ ស្តេត ។ គាត់​និយាយ​ទាំង​ញញឹម​ថា « គ្រូបង្រៀន​បាន​សុំ​ឲ្យ​ឡេសា​ដើរតួ​ជា​នាង​អេវ៉ា ហើយ​ឲ្យ​ខ្ញុំ​ដើរតួ​ជា​សាតាំង​ទៅ​ល្បួង​នាង ។ ជា​លទ្ធផល វា​ចំណាយ​ពេល​អស់​យូរ​ក្រែល​ដែល​ទំរាំ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​នាង​ឲ្យ​ដើរ​លេង​ជាមួយ​ខ្ញុំ » ។ ពួកគេ​បាន​ដើរលេង​ជាគូ​ជាង​មួយ​ឆ្នាំ ហើយ​ក្រោយ​មក​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អៃដាហូ ហ្វល អៃដាហូ ក្នុង​ឆ្នាំ ១៩៧៩ ។

អែលឌើរ ស្ទីវ៉ែនសុន​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ពេល​និយាយ​ពី​ឡេសា ។ លោក​បាន​និយាយ​អំពី​នាង​ថា​ជា « ពន្លឺ​ក្នុង​ជីវិត និង ជា​ជីវិត​របស់​ខ្ញុំ » ។ ស៊ិស្ទើរ ស្ទីវ៉ែនសុន​បាន​បញ្ចប់​ការសិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ​អប់រំ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ស្រុក បាន​បង្រៀន​នៅ​សាលា​កាល​ពួកគេ​ទើប​តែ​បាន​រៀបការ​រួច ហើយ​នៅតែ​បន្ត​ចំណាយ​ពេលវេលា និង ទេពកោសល្យ​របស់​ខ្លួន​រួម​ចំណែក​ជួយ​សាលា​រៀន ក្រុមប្រឹក្សា អង្គការ និង សកម្មភាព​នានា​របស់​រដ្ឋ និង សហគមន៍ ។ ទោះ​ជា​យ៉ាង​ណា​ក្តី អែលឌើរ ស្ទីវ៉ែនសុន​បាន​ចាត់​ទុក​ថា​អំណោយ​ទាន​របស់​នាង​ក្នុង​នាម​មេផ្ទះ​ម្នាក់ គឺ​ជា​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​របស់​នាង​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ៖ « នាង​មាន​សមត្ថភាព​បង្កើត​ផ្ទះ​មួយ​ដែល​ផ្តោត​លើ​ដំណឹង​ល្អ បង្តើត​បរិយាកាស​នៃ​សុវត្ថិភាព និង ការស្វាគមន៍​ដែល​មាន​ព្រះវិញ្ញាណ​គង់​នៅ » ។ សមត្ថភាព​នេះ រួមជាមួយ​នឹង​ការយល់ដឹង​យ៉ាង​ច្បាស់​ថា ក្តីអំណរ​ពិត​កើត​មាន​ឡើង​តាមរយៈ​ការបម្រើ​មនុស្ស​ដទៃ បាន​ប្រទានពរ​ដល់​ជីវិត​នៃ​ស្វាមី គ្រួសារ​របស់​នាង ព្រមទាំង​អ្នក​នៅ​ជុំវិញ​នាង ។

Stevenson family

អែលឌើរ និង ស៊ិស្ទើរ ស្ទីវ៉ែនសុន មាន​កូនប្រុស​បួន​នាក់ ។ លោក​មាន​ប្រសាសន៍​ថា « យើង​លេង​ជាមួយ​គ្នា​យ៉ាង​រីករាយ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ ។ កូនៗ​លេង​បាល់​បោះ បាល់​ឱប វាយ​កូន​បាល់ និង ធេននីស ។ យើង​ទាំងអស់​គ្នា​ចែករំលែក​ក្តីស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​ដោយ​លេង​សកម្មភាព​នៅ​ក្រៅ​ផ្ទះ​ដូច​ជា ជិះ​ម៉ូតូ​កង់​បួន ជិះ​យានយន្ត​បើក​លើ​ទឹកកក លេង​ស្គី លេង​ក្តារ​លើ​ទឹកកក និង កីឡា​លេង​លើ​ទឹក​ជាច្រើន​ផ្សេង​ទៀត ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ឡេសា​បាន​បង្រៀន​វប្បធម៌​មួយ​ចំនួន​ដល់​កូនប្រុស​របស់​យើង​ផងដែរ ដោយ​បង្កើត​ឲ្យ​មាន​ការចូលចិត្ត​តន្ត្រី និង សិល្បៈ​នៅក្នុង​ខ្លួន​ពួកគេ ។ ហើយ​ពង្រីក​អំណោយទាន​នៃ​ការបម្រើ​ដល់​មនុស្ស​ដទៃ​ទៀត​ជា​គ្រួសារ នោះ​វា​ជា​រឿង​ចាំបាច់​ថា នាង​ត្រូវការ ‹ កម្លាំង › ចូលរួម​ចំណែក​ពី​កូនៗ » ។

ការបង្កើត​ជំនួញ

មុខរបរ​ជំនួញ​របស់​អែលឌើរ ស្ទីវ៉ែនសុន​បាន​រីកចម្រើន​ឡើង​ដោយសារ​សេចក្តី​ស្រឡាញ់​របស់​លោក​ចំពោះ​ប្រជាជន​តំបន់​អាស៊ី ។ កាល​លោក​បាន​ត្រឡប់​ពី​បេសកកម្ម​របស់​ខ្លួន លោក និង មិត្តភក្ដិ​មួយ​ចំនួន​ទៀត​បាន​ចាប់ផ្តើម​នាំ​ចូល​វត្ថុ​អនុស្សាវរីយ៍​មក​ពី​ទ្វីប​អាស៊ី ។ ការណ៍​នេះ​បាន​បង្កើន​ដល់​ការលក់​ផលិតផល​កីឡា ។ ជាង​បី​ទសវត្សរ៍​ក្រោយ​មក ជំនួញ​ខ្នាត​តូច​របស់​ពួកគេ​បាន​រីកចម្រើ​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​មួយ​ដ៏​មាន​ជោគជ័យ​ដែល​បាន​ជួល​បុគ្គលិក​ជាង ២៥០០ នាក់​ឲ្យ​ធ្វើការ ។

បុគ្គលិក​ម្នាក់​បាន​ចងចាំ​ពី​អ្វី​ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​អែលឌើរ ស្ទីវ៉ែនសុន ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់ ៖ « យើង​កំពុង​ពិភាក្សា​គ្នា​ពី​ការសម្រេច​ចិត្ត​ផ្នែក​ជំនួញ​មួយ​ដ៏​ពិបាក ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​ត្រូវប្រាកដ​ថា​យើង​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ ។ លោក​បាន​ប្រាប់​ខ្ញុំ​ថា យើង​មិន​ត្រឹមតែ​ធ្វើ​កិច្ចការ​នោះ​ឲ្យ​ស្រប​តាម​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ » ។

អែលឌើរ ស្ទីវ៉ែនសុន ថ្លែង​ថា « ចូរ​ឲ្យ​អ្នក​ទទួល​យក និង អនុវត្ត​គោលការណ៍​ល្អ​នេះ​នៅក្នុង​ជំនួញ​គឺ​វា​ជា​ការណ៍​ល្អ​សម្រាប់​ជំនួញ ។ « ភាពថ្លៃថ្នូរ សម្ភី​ធ្វើការ ក្តី​អាណិត​អាសូរ ការប្រព្រឹត្តិ​នឹង​មនុស្ស​ដទៃ​ដោយ​ការគោរព—ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​តម្រូវ​ឲ្យ​មាន​ការទទួលខុសត្រូវ—គឺ​ពុំ​មែន​ជា​គោលការណ៍​ដែល​អ្នក​គ្រាន់តែ​និយាយ និង អនុវត្ត​នៅ​តែ​ថ្ងៃ​អាទិត្យ​ឡើយ ។ គោលការណ៍​ទាំងនោះ​ត្រូវតែ​អនុវត្ត​ជា​រៀងរាល់​ថ្ងៃ​នៅក្នុង​សប្តាហ៍ » ។

ពេល​មុខ​ជំនួញ​នោះ​បាន​រីកចម្រើន នោះ​វា​ក៏​តម្រូវ​ឲ្យ​លោក​ចំណាយ​ពេល​កាន់តែ​ច្រើន​ផងដែរ ៖ « ខ្ញុំ​គឺ​ជា​ប៊ីស្សព​វ័យ​ក្មេង ដែល​មាន​កូន​តូចៗ ព្រមទាំង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាស៊ី​ជា​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំៗ ។ ឪពុក​របស់​ខ្ញុំ​បាន​មក​ជួប​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា ‹ ប៉ា​សង្កេត​ឃើញ​ថា នៅពេល​កូន​នៅ​ជាមួយ​គ្រួសារ​កូន នោះ​កូន​ហាក់​បី​ដូចជា​ពុំនៅ ជាមួយ ពួកគេ​ឡើយ ។ ប៉ា​បារម្ភ​ថា វា​អាច​មាន​ន័យ​ថា ពេល​កូន​នៅ​កន្លែង​ធ្វើការ កូន​ពុំ​បាន​ផ្តោត​យកចិត្ត​ទុក​ដាក់​លើ​កិច្ចការ​នៅ​ទីនោះ​គ្រប់​ជ្រុងជ្រោយ​ឡើយ ហើយ​នៅពេល​កូន​បំពេញ​តួនាទី​របស់​កូន​ក្នុង​នាម​ជា​ប៊ីស្សព នោះ​កូន​អាច​បារម្ភ​អំពី​ការងារ ឬ គ្រួសារ​របស់​កូន ។ កូន​ត្រូវតែ​មាន​តុល្យភាព​ប្រសើរ​ជាង​នេះ​នៅក្នុង​ជីវិត » ។

ការទូន្មាន​នេះ​មាន​ឥទ្ធិពល​យ៉ាង​ធំធេង ។ អែលឌើរ ស្ទីវ៉ែនសុន មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​រៀន​ថា វា​ជា​កិច្ចការ​សំខាន់​ដើម្បី​រក្សា​លំនឹង​មួយ​នៃ​គ្រួសារ វិជ្ជាជីវៈ និង មុខងារ​ក្នុង​សាសនាចក្រ ហើយ​ចូរ​ប្រាកដ​ថា​អ្នក​ក៏​ថែទាំ​ខ្លួន​ឯង​ផងដែរ » ។

ត្រូវបាន​ហៅ​ឲ្យ​បម្រើ—ម្តងហើយ​ម្តង​ទៀត

អ្នក​ដឹកនាំ​ជំនួញ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​បាន​លើក​ទឹកចិត្ត​អែលឌើរ ស្ទីវ៉ែនសុន​ឲ្យ « រៀន រក​ប្រាក់​ចំណូល និង បម្រើ » ។ នៅ​ក្នុង​ឆ្នាំ ២០០៤ « ការបម្រើ » ដែល​ជា​ផ្នែក​មួយ​នៃ​ការទូន្មាន​នោះ​បាន​សាកល្បង​ដល់​អែលឌើរ ស្ទីវ៉ែនសុន និង ដៃគូ​ជំនួញ​​ដ៏​យូរ​អង្វែង​​របស់​លោក​គឺ​ ស្កត់ វ៉តធើរ​សុន ដែល​ពួកលោក​ទាំង​ពីរ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​បេសកកម្ម ។ ពួកលោក​មាន​អារម្មណ៍​ថា ពួកលោក​ចាំបាច់​ត្រូវ​ពន្យល់​ដល់​អ្នក​រួម​ភាគហ៊ុន និង អតិថិជន​ជាច្រើន​ពី​មូលហេតុ​ដែល​ពួកលោក​ត្រូវ​ចាកចេញ​ជា​បណ្តោះអាសន្ន​ពី​ក្រុមហ៊ុន​របស់​ខ្លួន ។ ពួកលោក​បាន​ទៅ​សួរសុខទុក្ខ​ពួកគេ​ម្នាក់​ម្តងៗ ។

លោក​មាន​ប្រសាសាន៍​ថា « ពេល​យើង​រៀបរាប់​ពី​ការហៅ​បម្រើ​របស់​យើង ថា​យើង​នឹង​បម្រើ​រយៈពេល​បី​ឆ្នាំ​ដោយ​ពុំ​បាន​ប្រាក់​កម្រៃ​អ្វី​ពី​សាសនាចក្រ នោះ​ពួកគេ​បាន​គោរព​ដល់​សេចក្តី​ល្អ​នៃ​ការហៅ​នោះ » ។ ពួកលោក​បាន​ទុក​ជំនួញ​នោះ​នៅក្នុង​ដៃ​របស់​ក្រុម​ប្រតិបត្តិ​ដ៏​ជាទីទុកចិត្ត ហើយ​វា​បាន​ចម្រើន​ឡើង ។

ក្នុង​នាម​ជា​ប្រធាន​បេសកកម្ម ណាហ្គោយ៉ា ប្រទេស​ជប៉ុន អែលឌើរ ស្ទីវ៉ែនសុន​បាន​ឃើញ​ថា សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ទ្វីប​អាស៊ី​បាន​កើន​ឡើង ។ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​ចាត់​ទុក​វា​ថា​ជា​ផ្ទះ​ទីពីរ​របស់​ខ្ញុំ » ។ សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​លោក​ចំពោះ​ភរិយា​ខ្លួន​ក៏​បាន​កើន​ឡើង នៅពេល​លោក​បាន​ឃើញ​ថា នាង​បាន​ទទួលយកវប្បធម៌​ក្នុង​មូលដ្ឋាន ជួយ​មនុស្ស​ដទៃ រួម​ទាំង​អ្នក​ផ្សព្វផ្សាយ​សាសនា និង សមាជិក ហើយ​បន្ត​ចិញ្ចឹម​កូនប្រុស​ពីរនាក់​របស់​ពួកគេ​ដែល​បាន​ទៅ​ជាមួយ​ពួកគេ ។ អ្នក​ប្រែចិត្តជឿ​មួយ​ចំនួន​បាន​ជ្រមុជទឹក ដោយសារ​កិច្ចខិតខំ​របស់​នាង​ក្នុង​ការធ្វើ​ជា​មិត្តភក្តិ​ជាមួយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​នាង ។

បន្ទាប់​ពី​បាន​បម្រើ​បេសកកម្ម​របស់​ខ្លួន ពួកគេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​បាន​តែ​ប្រាំ​ពីរ​ខែ​ប៉ុណ្ណោះ នោះ​អែលឌើរ ស្ទីវ៉ែនសុន​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិតសិប​នាក់​នៅក្នុង​ឆ្នាំ ២០០៨ ។

« ខ្ញុំ​ភ័យ​ស្រឡាំងកាំង និង មាន​ការបន្ទាប​ខ្លួន ។ ខ្ញុំ​បាន​គិត​ថា ‹ មាន​មនុស្ស​ជាច្រើន​ដែល​អាច​បម្រើ​បាន​ប្រសើរ​ជាង​ខ្ញុំ​ទៅ​ទៀត › ។ ប៉ុន្តែ​ខ្ញុំ​បាន​គិត​ពី​គ្រា​មុនៗ—កាល​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ក្រុមប្រឹក្សា​ជាន់ខ្ពស់ ប៊ីស្សព និង ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ស្តេក—នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ធ្វើ ។ ខ្ញុំ​បាន​រៀន​ថា ពីមុន​យើង​ត្រូវបាន​ហៅ​បម្រើ នោះ​យើង​អាច​នឹង ពុំ សក្តិសម​គ្រប់គ្រាន់​នឹង​ការហៅ​នោះ ប៉ុន្តែ​ពេល​ការហៅ​បម្រើ ចាប់ផ្តើម នោះ​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្តិ​នឹង​ការហៅ​បម្រើ​នោះ​ហើយ ។

« ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​បាន​ប្រាប់​យើង​នូវ​ចំណុច​ពីរ​យ៉ាង​ដែល​យើង​គប្បី​ធ្វើ នៅពេល​យើង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ ៖ ទីមួយ ‹ ចូរ​មាន​ចិត្ត​ស្មោះត្រង់ › ។ ទីពីរ ចូរឈរ​នៅក្នុង​តំណែង​ដែល​យើង​បាន​តែងតាំង ( សូមមើល គ. និង ស. ៨១:៥ ) ។ ចំពោះ​ខ្ញុំ​ការណ៍​នេះ​មាន​ន័យ​ថា ការបង្ហាញ​សេចក្តី​ជំនឿ រៀន​អ្វី​ដែល​ចាំបាច់ ហើយ​បន្ទាប់​មក​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​តម្កើង​ការហៅ​បម្រើ ។ ប្រសិនបើ​យើង​ធ្វើ​បែប​នេះ នោះ​ព្រះអម្ចាស់​នឹង​តម្កើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ » ។

ទៅ​ទ្វីប​អាស៊ី​សារ​ជាថ្មី​ម្តង​ទៀត

ក្នុង​នាម​ជា​ពួក​ចិតសិប អែលឌើរ ស្ទីវ៉ែនសុន​ត្រូវបាន​ចាត់តាំង​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​តំបន់ ហើយ​ក្រោយ​មក​ធ្វើ​ជា​ប្រធាន​តំបន់​អាស៊ី​ភាគ​ខាង​ជើង ។

នៅក្នុង​ខែ មិនា ឆ្នាំ ២០១១ មាន​គ្រោះ​រញ្ជួយ​ដី និង ស៊ូណាមី​បាន​បំផ្លាញ​ប្រទេស ជប៉ុន ។ ការរំញ្ជួយ​ដែល​មាន​កម្លាំង ៩ រិចទ័រ បាន​បង្កើត​ឲ្យ​មាន​ការរំញ្ជួយ​រលក​សមុទ្រ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ២០០០០ នាក់​បាន​ស្លាប់ មនុស្ស​រាប់រយ​ពាន់​ប្តូរ​ទី​លំនៅ ហើយ​ផ្ទះ ៥៥០០០០ ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ ។

Elder Stevenson visiting a disaster zone

លោក​បាន​ទៅ​មើល​តំបន់​ដែល​គ្រោះ​ធម្មជាតិ​នោះ​បាន​កើត​ឡើង​ជា​ច្រើន​ដង ។ លោក​បាន​រំឭក​ថា « នៅពេល​យើង​បាន​ជួប​មនុស្ស​ទាំងនោះ យើង​មាន​អារម្មណ៍​ក្តុកក្តួល​យ៉ាង​ខ្លាំង​ចំពោះ​ពួកគេ ។ « យើង​បាន​សង្កេត​ឃើញ​ក្នុង​គ្រា​ជាមួយ​គ្នា​នោះ​នូវ​សោកនាកម្ម និង ការបាត់បង់ លាយឡំ​ជាមួយ​នឹង​ក្តីសង្ឃឹម និង ការស្តារឡើងវិញ ។ យូរៗ​ទៅ​យើង​មាន​ការរំជួលចិត្ត នៅពេល​យើង​បាន​ឃើញ​ពី​ការព្យាបាល​ដោយ​សេចក្តីស្រឡាញ់​នៃ​ព្រះអង្គ​សង្គ្រោះ » ។

ក្រៅ​ពីនោះ លោក​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​របៀប​ដែល​សាសនាចក្រ​ជួយ​ដល់​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ ៖ « ដើម្បី​អាច​ឆ្លើយតប​ទៅ​នឹង​ភ័យអន្តរាយ ហើយ​ជួយ​រៀបចំ​ក្នុង​ការឆ្លើយតប—នោះ​គឺ​ជា​ការសម្តែង​ឲ្យ​ឃើញ​ពី​ការបំពេញ​ការទទួលខុសត្រូវ​មួយ​ដ៏​ទេវភាព​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ចំពោះ​ការខ្វល់ខ្វាយ​ដល់​ជន​ទ័លក្រ និង អ្នក​ខ្វះខាត » ។ លោក​បាន​រៀបរាប់​ថា វា​គឺ​ជា​ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ ដើម្បី​បម្រើ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ហើយ​ឃើញ​មនុស្ស​ដទៃ​ទៀត​បាន​ធ្វើ​កិច្ចការ​ដូចគ្នា​នេះ ៖ « យើង​បាន​រៀន​ពី​សេចក្តី​ល្អ​នៃ​មនុស្ស​ធម៌ » ។

កេរដំណែល​នៃ​ប៊ីស្សព

Presiding Bishopric in 2012

ការយល់ដឹង​របស់​លោក​អំពី​សេចក្តី​អាណិតអាសូរ​បាន​កើត​មាន​ក្នុង​ដួងចិត្ត​របស់​លោក​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ឆ្នាំ ២០១២ កាល​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប៊ីស្សព​ជា​អធិបតី ។ នៅក្នុង​មុខងារ​នោះ លោក​បាន​រៀបចំ​ក្រុមប្រឹក្សា​បណ្តាញ​សាសនាចក្រ​ដែល​បាន​ផ្តល់​ជំនួយ​ខាង​សុខុមាលភាព និង ឆ្លើយតប​ភ្លាមៗ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ព្រមទាំង​មនុស្ស​ដទៃ​ទៀត និង ជំនួយ​មនុស្ស​ធម៌ទៅកាន់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​នៅក្នុង « ទីកន្លែង​ដ៏​លំបាក​បំផុត ទីកន្លែង​ដ៏​ក្រីក្រ​បំផុត ទីកន្លែង​ដ៏​សង្កត់សង្កិន​បំផុត នៅជុំ​វិញ​ពិភពលោក » ។

តួនាទី​ជា​ប៊ីស្សព​មាន​សារៈសំខាន់​យ៉ាង​ពិសេស​ចំពោះ​អែលឌើរ ស្ទីវ៉ែនសុន ។ លោក​រំឭក​ថា « កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ឪពុក​របស់​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ប៊ីស្សព ។ វួដ​នោះ​មាន​ស្ត្រី​មេម៉ាយ​ជាច្រើន ហើយ​ឪពុក​របស់​ខ្ញុំ​យក​ខ្ញុំ​ទៅ​ជាមួយ​គាត់​ជានិច្ច​នៅពេល​គាត់​ទៅ​បម្រើ​ពួកគេ ។ គាត់​ឲ្យ​ខ្ញុំ​រើស​កំប៉ុង សម្អាត​ផ្ទះ ឬ ឲ្យ​ខ្ញុំ​យក​មិត្តភក្តិ​របស់​ខ្ញុំ​ទៅ​ជាមួយ​ដើម្បី​បោស​សំរាម ឬ ចូក​ព្រិល ។ នៅពេល​យើង​ចាកចេញ​ទៅ​វិញ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ចិត្ត​ជានិច្ច ។ ការចុះសួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ទាំង​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ផ្នែក​មួយ​ដែល​ប៊ីស្សព​ធ្វើ​នោះ​គឺ​បម្រើ​ដល់​មនុស្ស​ម្នាក់ៗ ។ ប៊ីស្សព​នៃ​សាសនាចក្រ​គឺ​ជា​វីរបុរសៈ​របស់​ខ្ញុំ » ។

ការសន្យា​មក​ពី​ព្យាការី

នៅថ្ងៃ​អង្គារ​ពីមុន​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៥ បន្ទាប់​ពី​ប៊ីស្សព ស្ទីវ៉ែនសុន បាន​ទទួល​ទូរសព្ទ​សុំ​ឲ្យ​គាត់​ជួប​ជាមួយ​ប្រធាន ថូម៉ាស អេស ម៉នសុន និង ទីប្រឹក្សា​របស់​លោក ។

« ប្រធាន ម៉នសុន [ បាន​ផ្តល់ ] ការហៅ​បម្រើ​ដល់​ខ្ញុំ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ លោក​បាន​សួរ​ខ្ញុំ​ប្រសិនបើ​ខ្ញុំ​យល់​ព្រម​ទទួល​ការហៅ​នោះ​ឬ​អត់ ។ …ខ្ញុំ​បាន​ឆ្លើយ​តប​ថា​យល់​ព្រម ។ ក្រោយ​មក … ប្រធាន​ម៉នសុន បាន​ថ្លែង​មក​ខ្ញុំ ដោយ​រៀបរាប់​ពី​របៀប​ដែល [ នៅពេល ] លោក​ត្រូវបាន​ហៅ​កាល​ពី​ច្រើន​ឆ្នាំ​មុន​ឲ្យ​ធ្វើ​ជា​សាវក …លោក​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​លោក​ខ្វះ​ចន្លោះ​ផងដែរ ។ លោក​បាន​បង្គាប់​ខ្ញុំ​ដោយ​ស្រទន់​ថា‹ ប៊ីស្សព ស្ទីវ៉ែនសុន ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ទ្រង់​បាន​ហៅ​មាន​គុណសម្បត្តិ​សម​នឹង​កិច្ចការ​នោះ › ។ ពាក្យ​លួងលោម​ទាំងនេះ​របស់​ព្យាការី​បាន​ក្លាយ​ជា​ប្រភព​នៃ​ភាពសុខសាន្ត [ ចាប់​តាំង​ពីនោះ​មក ] » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន​គឺ​ពិតជា​បុរស​ម្នាក់​ដែល​ឥត​មាន​ឧបាយកល​ឡើយ ។ ក្នុង​នាម​ជា​សាវក ក្នុង​នាម​លោក​ធ្វើ​ជា​គណៈប៊ីស្សព​ជា​អធីបត ព្រមទាំង​ក្នុង​នាម​ជា​ពួកចិតសិប​នាក់ និង ក្នុង​នាម​ជា​អ្វីៗ​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ពេញ​មួយ​ជីវិត​របស់​លោក នោះ​លោក​នឹង​បន្ត​ជួយ​ដល់​ជន​ទីទ័លក្រ និង ខ្វះខាត ។ លោក​នឹង​ធ្វើ​តាម​ខគម្ពីរ​ដែល​បាន​បង្គាប់​ថា « ចូរ​ជួយ​អ្នកទន់ខ្សោយ ចូរ​លើកដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ( គ. និង ស. ៨១:៥ ) ។ វា​ជា​ហៅ​បម្រើ​មួយ​ដ៏​លំបាក ប៉ុន្តែ​ជា​ការហៅ​មួយ​ដែល​សក្តិសម​យ៉ាង​ខ្លាំង​ចំពោះ​លោក​ដោយសារ​ដួងចិត្ត​ដែល​មាន​ការយល់​ដឹង​របស់​លោក ។

កំណត់​ចំណាំ

  1. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Lean Not unto Thine Own Understanding » ( ការប្រជុំធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៤ ខែ មករា ឆ្នាំ ២០១៤ ) ទំព័រ ២, ៣, speeches.byu.edu

  2. អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Plain and Precious Truths » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩២ ។

  3. ហ្គែរី អ៊ី ស្ទីវ៉ែនសុន សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ២០១៥ ។

  4. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Plain and Precious Truths » ទំព័រ ៩១ ។