គេហដ្ឋានរបស់យើង ក្រុមគ្រួសាររបស់យើង
គំរូនៃសេចក្តីស្រឡាញ់របស់ឪពុកខ្ញុំ
ឪពុករបស់ខ្ញុំបានបង្ហាញខ្ញុំពីរបៀបឲ្យស្រឡាញ់កូនដែលវង្វេងផ្លូវរបស់ខ្ញុំ ។
ខ្ញុំបានចូលរួមក្នុងសាសនាចក្រ បន្ទាប់ពីទទួលយកការអញ្ជើញរបស់មិត្តពីរនាក់ឲ្យចូលរៀនថ្នាក់សិក្ខាសាលា ។ ឪពុកម្ដាយរបស់ខ្ញុំគ្រាំទ្រខ្ញុំជានិច្ចចំពោះការសម្រេចចិត្តរបស់ខ្ញុំទទួលបុណ្យជ្រមុជទឹក បម្រើបេសកកម្ម និង រៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណា ខ្ញុំចាំថា ការឈឺចាប់ដែលខ្ញុំបានទទួល ( ហើយខ្ញុំគិតថា ឪពុកម្ដាយរបស់ខ្ញុំក៏បានទទួលវាដែរ ) ដោយដឹងថាពួកគាត់កំពុងរង់ចាំដោយអំណត់នៅក្នុងបន្ទប់ទទួលភ្ញៀវនៃព្រះវិហារបរិសុទ្ធប្រូវ៉ូ យូថាហ៍ ខណៈដែលកូនក្រមុំរបស់ខ្ញុំ និង ខ្ញុំកំពុងត្រូវបានផ្សារភ្ជាប់ ។
ក្រោយមកពួកយើងមានកូនបួននាក់ ហើយខ្ញុំចាំពីសេចក្តីអំណរដោយដឹងថា ពួកគេម្នាក់ៗត្រូវបានផ្សារភ្ជាប់នឹងពួកខ្ញុំ ដោយសារពួកគេបានកើតមកនៅក្នុងសេចក្តីសញ្ញា ។ កូនៗរបស់យើងគឺជាចៅដំបូង ហើយទោះបីជាឪពុកម្តាយ និង បងប្អូនបង្កើតរបស់ខ្ញុំពុំចូលសាសនាចក្រក្តី ពួកគេបានរស់នៅយ៉ាងជិតស្និទ្ធជាមួយកូនរបស់ខ្ញុំគ្រប់គ្នា ។ អស់រយៈពេលជាច្រើនមកហើយ យើងបានរស់នៅក្បែរគ្នា ហើយឪពុកម្តាយរបស់ខ្ញុំបានឃើញកូនៗរបស់យើងចូលសកម្មភាពនៅសាលារៀន និង សកម្មភាពកីឡានានា ។ ពួកគាត់បានចូលរួមគ្រប់ពិធីបុណ្យជ្រមុជទឹករបស់កូនៗពួកខ្ញុំ ។
ប៉ុន្តែ ដល់ពេលកូនៗរបស់ពួកខ្ញុំពេញវ័យ នោះការចាត់តាំងនៃការងាររបស់ខ្ញុំបានឲ្យគ្រួសាររបស់យើងប្តូរទីលំនៅទៅរដ្ឋមួយផ្សេងទៀត ។ ប៉ុន្តែសូម្បីតែនៅក្នុងអំឡុងឆ្នាំទាំងនោះ ឪពុកម្ដាយរបស់ខ្ញុំបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយកូនៗរបស់យើង តាមរយៈការមកសួរសុខទុក្ខ និង សរសេរសំបុត្រមកលេងជាញឹកញាប់ ។
នៅពេលឪពុកម្តាយរបស់ខ្ញុំមានអាយុកាន់តែច្រើន ម្តាយរបស់ខ្ញុំបានមានជំងឺភ្លេចភ្លាំងស្មារតីមុនអាយុដែលគួរកើត ។ ឪពុករបស់ខ្ញុំបានសម្រេចចិត្តធ្វើជាអ្នកថែទាំម្តាយរបស់ខ្ញុំយ៉ាងស្មោះត្រង់ បើទោះបីជាជំងឺរបស់គាត់តម្រូវ ឲ្យគេមើលថែទាំគាត់ពេញម៉ោងក្តី ។ សូម្បីតែប៉ុន្មានឆ្នាំចុងក្រោយនេះ ឪពុករបស់ខ្ញុំបានទាក់ទងមកខ្ញុំជារៀងរាល់សប្តាហ៍ ហើយមានពេលខ្លះជារាល់ថ្ងៃ តាមរយៈការទូរសព្ទ និង សំបុត្រ ។ ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធជានិច្ចជាមួយឪពុកម្តាយខ្ញុំទាំងពីរ ប៉ុន្តែអំឡុងពេល ១០ឆ្នាំចុងក្រោយនេះនៃជីវិតរបស់ឪពុកខ្ញុំ យើងបានប្រែកាន់តែស្និទ្ធស្នាលខ្លាំងឡើង ។ ក្រោយមក ខ្ញុំបានដឹងថា គាត់ក៏បានជោគជ័យក្នុងការបង្កើតនូវភាពស្និទ្ធស្នាលជាមួយបងប្អូនបង្កើតទាំងបីនាក់របស់ខ្ញុំ ដូចជារូបខ្ញុំផងដែរ—បើទោះបីជាបានផ្តល់នូវចំណាប់អារម្មណ៍ និង សេចក្តីជំនឿផ្សេងៗគ្នាដែលយើងបានជ្រើសរើស នៅពេលពួកយើងទាំងអស់គ្នាកាន់តែចាស់ទៅៗក្តី ។
ឪពុកម្ដាយ និង គ្រួសាររបស់ខ្ញុំបានរស់នៅផ្នែកម្ខាងទៀតនៃឈូងសមុទ្រសហរដ្ឋអំឡុងឆ្នាំនោះ ហើយពួកគាត់បានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួនពីរជើងមកសួរសុខទុក្ខយើង ទោះបីជាជំងឺភ្លេចភ្លាំងស្មារតីរបស់ម្តាយខ្ញុំបានឈានដល់កម្រិតធ្ងន់ធ្ងរ ដែលធ្វើឲ្យវាពិបាកក្នុងការធ្វើដំណើរតាមយន្តហោះដ៏វែងឆ្ងាយសម្រាប់ឪពុកខ្ញុំក្តី ។
នៅពេលដំណាលគ្នានោះ កូនៗរបស់ខ្ញុំទាំងអស់បានសម្រេចចិត្តឈប់ចូលរួមព្រះវិហារម្នាក់ម្តងៗ ។ ទីបំផុតមានកូនប្រុសពីរនាក់របស់ខ្ញុំត្រូវបានលុបឈ្មោះចេញពីកំណត់ត្រាសាសនាចក្រ ។ នេះគឺពិតជាឧបសគ្គដល់ជីវិតប្រពន្ធខ្ញុំ និង រូបខ្ញុំ ។ ហើយទោះបីជាគាត់ពុំមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយក្តី ឪពុករបស់ខ្ញុំមានការឈឺចាប់ និង ភាន់ភាំងចំពោះការសម្រេចចិត្តរបស់កូនៗពួកខ្ញុំផងដែរ ។ គាត់ជាមនុស្សកាន់សាសនាផ្ទាល់ខ្លួន ហើយបានចូលរួមនឹងពួកយើង ដើម្បីអធិស្ឋានក្នុងអំឡុងឆ្នាំទាំងនោះសម្រាប់ពួកគេ ។
នៅក្នុងឆ្នាំ ២០០៥ ឪពុករបស់ខ្ញុំបានចែកឋានទៅ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺមហារីក ហើយម្តាយរបស់ខ្ញុំបានចែកឋាន តាមក្រោយគាត់បីឆ្នាំបន្ទាប់ ។ ភរិយារបស់ខ្ញុំ និង ខ្ញុំមានក្តីរីករាយក្នុងការធ្វើពិធីជំនួសសម្រាប់ពួកគាត់នៅក្នុងការធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធបន្ទាប់ពីមរណភាពរបស់ពួកគាត់ ។
ខ្ញុំបានអធិស្ឋានជាយូរយារដើម្បីយល់ ពីរបៀបល្អបំផុតដើម្បីប្រាប់កូនៗរបស់យើងឥឡូវនេះថា ពួកគេពេញវ័យ ដែលមានកូនខ្លះមានស្វាមីភរិយា និង កូនផ្ទាល់ខ្លួន ដែលគ្មានគេណាម្នាក់ដែលជាពួកអិល. ឌី. អេស.នោះទេ ។ យើងមានភាពជិតស្និទ្ធជាមួយកូនៗទាំងបួននាក់របស់យើង ហើយយើងមានអំណរគុណថា ពួកគេបានទាក់ទងយើងដោយក្តីស្រឡាញ់ជានិច្ច ។
ទីបំផុតខ្ញុំបានទទួលចម្លើយយ៉ាងច្បាស់ ពីរបៀបដែលខ្ញុំត្រូវដឹកនាំខ្លួនរបស់ខ្ញុំ ពេញមួយជីវិតរបស់ខ្ញុំ ទាក់ទងនឹងកូនៗពេញវ័យរបស់ខ្ញុំ ។ ខ្ញុំត្រូវតែធ្វើតាមអ្វីដែលឪពុករបស់ខ្ញុំបានធ្វើជាមួយខ្ញុំ ។ បើទោះបីជាយើងរស់នៅផ្សេងគ្នា ហើយមានទស្សនវិស័យខាងសាសនាផ្សេងគ្នាក្តី ឪពុករបស់ខ្ញុំបានសម្រេចចិត្តមានទំនាក់ទំនងស្និទ្ធស្នាលជាមួយខ្ញុំគឺដូចជាឪពុក និង មិត្តភក្តិម្នាក់ ខណៈដែលខ្ញុំបានជួបនូវការឈឺចាប់ដោយឃើញកូនៗខ្លួន ជ្រើសរើសបែបផែននៃជីវិត និង ជំនឿផ្សេងពីខ្ញុំក្តី ។ ខ្ញុំបានដឹងថាខ្ញុំត្រូវធ្វើតាមគំរូរបស់ឪពុកខ្ញុំ ដែលបានបង្រៀនខ្ញុំពីរបៀបប្រព្រឹត្តិចំពោះកូនៗដែលមានជំនឿផ្សេង ៖ ដោយស្រឡាញ់ពួកគេអស់ពីដួងចិត្ត គឺដូចព្រះអង្គសង្គ្រោះស្រឡាញ់មនុស្សទូទៅផងដែរ ។