តើយើងដឹងអ្វីខ្លះអំពី ជីវិតបន្ទាប់ពីសេចក្តីស្លាប់ ?
« បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ ? » មែនហើយរស់ឡើងវិញ ! ប៉ុន្តែរឿងនោះវាយ៉ាងដូចម្តេចវិញ ?
នៅក្នុងសម័យកាលទាំងអស់ មនុស្សរាប់មិនអស់បានសួរសំណួរដែលត្រូវបានចោទសួរដោយយ៉ូប ៖ « បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ ? » ( យ៉ូប ១៤:១៤ ) ។ ចម្លើយឆ្លើយថា « មែនហើយរស់ឡើងវិញ ! » ចំពោះសំណួរនេះគឺជាឯកសិទ្ធិដ៏អស្ចារ្យមួយនៃអស់អ្នកដែលមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
ប៉ុន្តែមនុស្សជាច្រើននៅជុំវិញខ្លួនយើងដែលបានចែកឋានពីជីវិតនេះទៅ « ដោយគ្មានព្រះក្នុងលោកីយ៍នេះដែរ » ( អេភេសូរ ២:១២ ) ហើយត្រូវបង្ហាញនូវភាពខុសគ្នារវាងសេចក្តីពិត និង ជំនឿផ្សេងៗទាក់ទងនឹងសេចក្តីស្លាប់ ។ សម្រាប់មូលហេតុមួយនោះគឺមានភស្តុតាងដោយផ្ទាល់ភ្នែក ឬ មាន« សេចក្តីពិតជាអកុសល » ដែលថាសេចក្តីស្លាប់គឺរឿងទូទៅ និង ពិតប្រាកដ—នោះពួកគេពុំធ្លាប់ឃើញមាននរណាម្នាក់បានរស់ឡើងវិញឡើយ ។ បន្ទាប់មកមានរបាយការណ៍ជាច្រើនអំពីបទពិសោធន៍ហៀបនឹងស្លាប់ជាមួយនឹងអារម្មណ៍ដ៏អស្ចារ្យយ៉ាងជាក់ច្បាស់រវាងពួកគេ ។ ហើយក្រោយមកមានសេចក្តីពិតដែលថា វប្បធម៌របស់មនុស្សទូទាំងពិភពលោកទាំងមូល តែងតែមានការយល់ឃើញអំពីលក្ខណៈមួយចំនួនអំពីជីវិតបន្ទាប់ពីជីវិតនេះ ជាអារម្មណ៍មួយដែលតម្រូវឲ្យមានការពន្យល់បកស្រាយ ។
ប៉ុន្តែការធានាអះអាងថាជីវិតរបស់យើងនឹងពុំបញ្ចប់ត្រឹមសេចក្តីស្លាប់នេះគឺមកពីព្រះ ដែលបានបើកសម្តែងតាំងពីដើមដំបូងមកតាមរយៈសាក្សីជាច្រើនរូប រួមមានទាំងព្យាការី សាវក និង សំខាន់បំផុតនោះគឺព្រះវិញ្ញាណបរិសុទ្ធ ។
តាំងពីដំបូងឡើយ
ផែនការនៃសេចក្តីសង្គ្រោះបានបង្រៀនលើកដំបូងគេនៅលើផែនដីនេះដល់អ័ដាម និង អេវ៉ា ដែលជាឪពុកម្តាយដើមរបស់យើង ។ ពួកគេបានរៀនអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង របៀបដើម្បីត្រឡប់ទៅវត្តមានរបស់ព្រះវរបិតាសួគ៌វិញ—ហើយពួកគេបានយល់ថា ការត្រឡប់ទៅវិញ មានន័យថាយើងធ្លាប់រស់នៅជាមួយនឹងទ្រង់កាលពីមុន ។ ដូច្នេះ តាំងពីដំបូងឡើយ អ័ដាម និង អេវ៉ាបានដឹងយ៉ាងជាក់ច្បាស់ថាជីវិតនេះពុំមែនបញ្ចប់ត្រឹមនេះឡើយ ។ ពួកគេបានដឹង—ហើយបានបង្រៀនកូនៗរបស់ខ្លួន—ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះពួកគេត្រូវបានរស់ឡើងវិញបន្ទាប់ពីជីវិតនេះ ហើយប្រសិនបើពួកគេគោរពប្រតិបត្តិតាម នោះពួកគេទទួលជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ៥:១០–១២ ) ។
ទ្រឹស្តីក្នុងលោកនេះផ្តល់យោបល់ថា ជំនឿលើជីវិតបន្ទាប់ពីជីវិតនេះគឺជាជំនឿឯករាជ្យ ដែលមានទំហំលើសពីតម្រូវការផ្នែកចិត្តសាស្ត្រទូទៅមួយចំនួន ។ ប៉ុន្តែគំនិតដែលដឹងឮពីជីវិតបន្ទាប់ពីសេចក្តីស្លាប់ ដោយផ្ទុយទៅវិញ បង្កើតជាការចងចាំអំពីបុព្វការីជន ឬ ការចងចាំជាសង្គម ( ប្រសិនបើមិនមែនជាការចងចាំនៃជីវិតមុនឆាកជីវិតនេះ ) អំពីអ្វីដែលទាក់ទងនឹងការចាប់ផ្តើមពីដំបូង ហើយបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ មានគ្រាមួយនោះប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) បានមានប្រសាសន៍អំពីសណ្តាប់នៃប្រពៃណីសាសនាទូទៅដែលអនុវត្តលើជំនឿទូទៅដូចជាជីវិតបន្ទាប់ពីសេចក្តីស្លាប់នេះផងដែរ ៖ « ដោយពុំសង្ស័យអ្វីពីចំណេះដឹង [ នេះ ] … ដែលមានតាំងពីពូជពង្សរបស់អ័ដាមទៅដល់គ្រប់ដែនដីទាំងអស់ ហើយបន្ត … រហូតដល់ណូអេ … ទៅដល់អ្នកដែលស្នងតំណែងពីលោក ដោយផ្សព្វផ្សាយគ្រប់ប្រជាជាតិ និង ប្រទេសទាំងអស់ » ( « Discourse » Deseret News ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ១៨៧៣ ទំព័រ ៣៦ ) ។
ហេតុដូច្នោះហើយ គំនិតអំពីជីវិតបន្ទាប់ពីជីវិតនេះគឺជារឿងទូទៅមួយ ដោយសារប្រភពដើមរបស់វាកើតឡើងតំណាលគ្នានឹងប្រភពនៃពូជមនុស្ស ។
សេចក្ដីដ៏ច្បាស់ និង ពិសេសៗ
ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងអាចជួយនាំមកនូវសេចក្តីសង្ឃឹមដល់អស់ទាំងមនុស្ស ដែលរស់នៅដោយគ្មានព្រះនៅក្នុងលោកិយ៍នេះ ដោយថ្លែងទីបន្ទាល់ដ៏មានទំនុកចិត្តរបស់អ្នកអំពីសេចក្តីពិតនៃជីវិតរបស់យើង ៖ សេចក្តីស្លាប់ពុំមែនជាទីបញ្ចប់ទេ ។ ក្រៅពីនោះ យើងអាចឆ្លើយនឹងសំណួរជាច្រើនអំពីជីវិតបន្ទាប់ពីសេចក្តីស្លាប់ ដោយសារសេចក្ដីពិតដ៏ច្បាស់ និង ពិសេសៗនៃដំណឹងល្អដែលបានស្តារឡើងវិញបានបើកសម្តែងហើយ ។ នេះគឺជាចម្លើយខ្លីៗចំពោះសំណួរមួយចំនួនបែបនោះ ។
តើមានអ្វីនឹងកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ ?
នៅពេលស្លាប់ វិញ្ញាណរបស់យើងនឹងបែកចេញពីរូបកាយរបស់យើង ហើយចូលទៅក្នុងពិភពវិញ្ញាណ ( សូមមើល យ៉ាកុប ២:២៦; អាលម៉ា ៤០:១១ ) ។
តើវិញ្ញាណរបស់យើងនឹងទៅជាយ៉ាងណា ?
តួវិញ្ញាណរបស់យើងមានលក្ខណៈដូចជាវិញ្ញាណដែលយើងមានមុនឆាកជីវិតនេះ ៖ រូបកាយមនុស្សពេញវ័យក្នុងសភាពដ៏ល្អឥតខ្ចោះ ( សូមមើល អេធើរ ៣:១៦; Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១៣១–៣២ ) ។ បន្ទាប់ពីស្លាប់ វិញ្ញាណរបស់យើងនឹងមានលក្ខណៈ ចំណង់ និង ក្តីប្រាថ្នាដូចរូបកាយរមែងស្លាប់របស់យើងនៅលើផែនដីនេះដែរ ( សូមមើល អាលម៉ា ៣៤:៣៤ ) ។
តើវិញ្ញាណគឺជាអ្វី ?
វិញ្ញាណគឺជាធាតុម្យ៉ាងដែល « ហ្មត់ ឬសុទ្ធសាធជាង » ( គ. និង ស. ១៣១:៧ ) ។
តើពិភពវិញ្ញាណមានលក្ខណៈបែបណា ?
មានស្ថានភាព ឬ ការបែងចែកដ៏ធំពីរនៅក្នុងចំណោមវិញ្ញាណ ដែលនៅក្នុងពិភពវិញ្ញាណ ៖ ស្ថានបរមសុខ និង ស្ថានឃុំព្រលឹង ។ វិញ្ញាណនៃពួកសុចរិតនឹងទៅស្ថានបរមសុខ ដែលជា « ស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ត ជាកន្លែងដែលគេនឹងបានសម្រាកពីអស់ទាំងកង្វល់ពីអស់ទាំងការបារម្ភ និង ពីទុក្ខព្រួយ » ( អាលម៉ា ៤០:១២ ) ។ វិញ្ញាណនៃអស់អ្នកដែលពុំទាន់ទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅឡើយ គឺត្រូវបាននិយាយថារស់នៅក្នុងស្ថានឃុំព្រលឹង ។ ( សូមមើល ពេត្រុសទី ១ ៣:១៨–២០ ) ។ ពួកគេនៅតែអាចជ្រើសរើសដើម្បីធ្វើល្អ ឬ អាក្រក់ និង ទទួលយក ឬ បដិសេធដំណឹងល្អ ។ វិញ្ញាណនានានៅក្នុងស្ថានបរមសុខអាចផ្សាយដំណឹងល្អ ដល់ពួកគេ ( សូមមើល គ. និង ស. ១៣៨ ) ។ អស់ទាំងអ្នកណាដែលមានវិញ្ញាណបែកពីរូបកាយអស់ពេលយ៉ាងយូរបានចាត់ទុកការបែកនេះថាជា « ការជាប់ឃុំឃាំង » ( គ. និង ស. ៤៥:១៧; ១៣៨:៥០ ) ។
តើស្ថានសួគ៌ជាអ្វី ?
ជាទូទៅស្ថានសួគ៌ត្រូវបានពន្យល់ថា ជាកន្លែងដែលព្រះគង់នៅ និង មនុស្សសុចរិតអាចនៅទីនោះផងដែរ ។ នៅក្នុងន័យនេះ គឺវាខុសពីស្ថានបរមសុខនៃពិភពវិញ្ញាណ ។
តើស្ថាននរកជាអ្វី ?
នៅក្នុងព្រះគម្ពីរ ស្ថាននរក អាចសំដៅលើកន្លែងពីរយ៉ាង (១) « ជាទីបណ្តោះអាសន្តនៅពិភពវិញ្ញាណ សម្រាប់ពួកអ្នកដែលមិនបានគោរពតាមកាលរស់នៅលើផែនដី ឬ (២) ជាកន្លែងដ៏អចិន្ត្រៃដល់អស់អ្នកណាដែលមិនត្រូវបានប្រោសលោះដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ស្ថាននរក » scriptures.lds.org ) ។ ការយល់ដឹងជាទូទៅ វាគឺជាលក្ខខណ្ឌខាងវិញ្ញាណមួយដែលរងការឈឺចាប់ដោយអស់អ្នកដែលបានបដិសេធដំណឹងល្អ ។ យ៉ូសែប ស៊្មីធបានបង្រៀន ៖ « ទុក្ខលំបាកដ៏ធំនៃវិញ្ញាណដែលបានចាកចេញទៅ… គឺការដឹងថា ពួកគេពុំទទួលបានសិរីរុងរឿង ដែលមនុស្សដទៃរីករាយ ហើយថាពួកគេអាចមានក្តីរីករាយចំពោះខ្លួនពួកគេ ហើយពួកគេគឺជាអ្នកចោទប្រកាន់ខ្លួនឯង » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២២៤ ) ។
តើអ្វីទៅជាដំណើររស់ឡើងវិញ ?
ដំណើររស់ឡើងវិញគឺជាការផ្គុំគ្នាជាថ្មីនៃវិញ្ញាណ និង រូបកាយដ៏ល្អឥតខ្ចោះ ក្នុងស្ថានភាពអមតៈ ( សូមមើល អាលម៉ា ១១:៤៣ ) ។
តើនរណានឹងបានរស់ឡើងវិញ ?
មនុស្សទាំងអស់ដែលបានរស់នៅលើផែនដីនឹងបានរស់ឡើងវិញ ( សូមមើល កូរិនថូសទី ១ ១៥:២២; អាលម៉ា ១១:៤៤ ) ។
តើយើងនឹងរស់ឡើងវិញនៅពេលណា ?
មនុស្សនឹងរស់ឡើងវិញនៅក្នុងពេលផ្សេងៗគ្នា ។ ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនាំឲ្យមានដំណើររស់ឡើងវិញទីមួយ ឬ ដំណើររស់ឡើងវិញនៃមនុស្សសុចរិត ។ មនុស្សសុចរិតមួយចំនួនបានរស់ឡើងវិញហើយចាប់តាំងពីគ្រានោះមក ។ បន្ទាប់ពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នោះមនុស្សសុចរិតជាច្រើនទៀតនឹងរស់ឡើងវិញ ។ ក្នុងអំឡុងសហស្សវត្សរ៍ នោះមនុស្សល្អដទៃទៀតនឹងរស់ឡើងវិញ ។ បន្ទាប់ពីសហស្សវត្សរ៍ នោះមនុស្សទុចរិតនឹងរស់ឡើងវិញ ។ ( សូមមើល គ. និង ស. ៧៦:៣២–១១២; ៨៨:៩៧–១០១ ) ។
តើរូបកាយដែលបានរស់ឡើងវិញមានសភាពយ៉ាងណា ?
រូបកាយដែលរស់ឡើងវិញមានសភាពជាសាច់ និង ឆ្អឹង ( សូមមើល លូកា ២៤:៣៩ ) អមតៈ ( សូមមើល អាលម៉ា ១១:៤៥ ) ល្អឥតខ្ចោះ ( សូមមើល អាលម៉ា ១១:៤៣ ) មានសិរីរុងរឿង និង ស្រស់ស្អាត ។ « គ្មានអ្វីដែលស្រស់ស្អាតជាងពេលមើលទៅបុរស ឬស្ត្រីដែលបានរស់ឡើងវិញនោះទេ » ( ប្រធាន ឡូរែនសូ ស្នូ [ ឆ្នាំ ១៨១៤–១៩០១ ] The Teachings of Lorenzo Snow បានរៀបចំបោះពុម្ពដោយ ស៊ីនឌី ជេ វិល្លាម [ ឆ្នាំ ១៩៩៦ ] ទំព័រ ៩៩ ) ។
តើអ្វីខ្លះកើតឡើង បន្ទាប់ពីយើងបានរស់ឡើងវិញ ?
បន្ទាប់ពីមនុស្សទាំងអស់បានរស់ឡើងវិញ និង ពេលសហស្សវត្សរ៍បានបញ្ចប់ នោះយើងនឹងត្រូវបាននាំទៅក្នុងវត្តមាននៃព្រះដើម្បីជំនុំជំរះស្របតាមពាក្យសម្តី ទង្វើ គំនិត និង បំណងប្រាថ្នា ( សូមមើល វិវរណៈ ២០:១២; អាលម៉ា ១២:១៤; គ. និង ស. ១៣៧:៩ ) ។ ព្រះយេស៊ូវគ្រីស្ទនឹងធ្វើជាចៅក្រមរបស់យើង ( សូមមើល យ៉ូហាន ៥:២២, ២៧–២៩; រ៉ូម ១៤:១០ ) ។
តើមានអ្វីខ្លះកើតឡើង បន្ទាប់ពីសេចក្តីជំនុំជំរះចុងក្រោយ ?
បន្ទាប់ពីសេចក្តីជំនុំជំរះចុងក្រោយ យើងនឹងទទួលនូវរង្វាន់ដ៏អស់កល្បមួយដូចតទៅ ៖
នគរសេឡេស្ទាល ៖ ដំណាក់នៃព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង អស់អ្នកដែលសក្តិសមនឹងទទួលបានជីវិតអស់កល្បជានិច្ច ដោយការធ្វើ និង រក្សាគ្រប់សេចក្តីសញ្ញាទាំងអស់នៃដំណឹងល្អ ( សូមមើល គ. និង ស. ៧៦:៥០–៧០ ) ។
នគរទេរេសស្ទ្រាល ៖ ជាផ្ទះនៃអស់ទាំងមនុស្សល្អដែលពុំទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែបានទទួលវានៅក្នុងពិភពវិញ្ញាណ ឬ អស់អ្នកដែលគ្មានក្តីក្លាហាននៅក្នុងទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិត ( សូមមើល គ. និង ស. ៧៦:៧១–៨០ ) ។
នគរទេឡេស្ទាល ៖ ជាផ្ទះនៃអស់ទាំងមនុស្សដែលទុច្ចរិត និង ពុំទទួលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាអស់អ្នកដែលពុំទាន់រស់ឡើងវិញឡើយរហូតក្រោយពីសហស្សវត្សរ៍ ( សូមមើល គ. និង ស. ៧៦:៨១-៨៩ ) ។
ការដាក់ទោសមិនចេះចប់មិនចេះហើយ ៖ ជាស្ថានភាពចុងក្រោយនៃកូនហិនវិនាស ព្រមទាំងសាតាំង និង ពួកទេវតារបស់វា ( សូមមើល គ. និង ស. ៧៦:៣១–៤៩ ) ។
តើមនុស្សនឹងធ្វើអ្វីខ្លះនៅក្នុងនគរសេឡេស្ទាល ?
អស់អ្នកដែលគ្រងមរតកកម្រិតខ្ពស់បំផុតនៃនគរសេឡេស្ទាល នឹងត្រូវបានតម្កើងឡើង ដែលមានន័យថាពួកគេនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ប្រែក្លាយដូចជាព្រះវរបិតាសួគ៌ ហើយទទួលនូវអ្វីៗទាំងអស់ដែលព្រះវរបិតាមាន ។ ដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌មានន័យថា តម្រូវឲ្យមានលក្ខណៈគ្រប់លក្ខណ៍របស់ទ្រង់ រួមមានសេចក្តីស្រឡាញ់ និង ការបម្រើ ។១ វាក៏មានន័យថា ចែករំលែកកិច្ចការ និង សិរីល្អរបស់ទ្រង់ដែល « ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ភាពតម្កើងឡើងរួមមានការផ្សារភ្ជាប់នៅក្នុងអាពាហ៍ពិពាហ៍សម្រាប់ភាពអស់កល្បជានិច្ច រស់នៅក្នុងគ្រួសារអស់កល្ប និង មានកូនចៅខាងវិញ្ញាណអស់កល្ប ។ ( សូមមើល គ. និង ស. ៧៦:៥៩, ៦២; ១៣០:២; ១៣២:១៩–២៣ ) ។
តើមនុស្សនឹងធ្វើអ្វីនៅក្នុងនគរផ្សេងទៀត ?
អស់អ្នកនៅក្នុងនគរផ្សេងទៀតនឹងក្លាយជាពួកទេវតាដែល « ជាអ្នកបម្រើខាងការបម្រើ ដើម្បីបម្រើដល់អស់អ្នកណាដែលសំណំ នឹងទម្ងន់នៃសិរីល្អដ៏ធំជាង និង ដ៏លើសលប់ និង ដ៏នៅអស់កល្បជានិច្ច » ( គ. និង ស. ១៣២:១៦ ) ។ ពួកគេនឹងពុំរៀបអាពាហ៍ពិពាហ៍ ឬ មានកូនខាងវិញ្ញាណឡើយ ( សូមមើល គ. និង ស. ១៣១:១–៤; ១៣២:១៦–១៧ ) ។