កាគិតពិចារណា
ជយោ !
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ អូរីហ្គិន ស.រ.អា. ។
ក្មេងអាយុបួនឆ្នាំម្នាក់បានជួយខ្ញុំឲ្យមានអំណរគុណពិធីសាក្រាម៉ង់ ក្នុងរបៀបមួយ ថ្មីស្រឡាង ។
រូបគំនូរ ដោយ ខារ៉ូលីន វីបប៊ើត
ចិត្តរបស់ខ្ញុំបានផ្តោតចិត្តទុកដាក់លើព្រះអង្គសង្គ្រោះ នៅពេលក្រុមជំនុំបានច្រៀងទំនុកតម្កើងសាក្រាម៉ង់ចប់ ប៉ុន្តែនៅពេលខ្ញុំបានចាប់ផ្តើមបិទសៀវភៅទំនុកតម្កើង នោះតន្ត្រីនៅតែបន្តលេងទៅមុខ ។ ក្រុមជំនុំនៅថ្ងៃនោះមានមនុស្សចូលរួមច្រើនដែលធ្វើឲ្យអ្នកលេងព្យាណូលេងទំនុកតម្កើងបន្ថែមពីរវគ្គទៀត ដើម្បីឲ្យពួកសង្ឃបញ្ចប់ការកាច់នំបុ័ង ។ ខ្ញុំមានអំណរគុណចំពោះម៉ោងបន្ថែមនោះ ។ វាធ្វើឲ្យខ្ញុំមានពេលបន្ថែមទៀត ដើម្បីស្មឹងស្មាតដោយគារវភាពពីមុនការអធិស្ឋានសាក្រាម៉ង់ ។
អំឡុងពេលអធិស្ឋាន ខ្ញុំផ្ទៀងតាមពាក្យដែលពួកសង្ឃសូត្រយ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេប្រសិទ្ធិពរនូវបដិរូបនៃការពលិកម្មរបស់ព្រះគ្រីស្ទសម្រាប់ពួកយើង ។ នៅពេលការអធិស្ឋានត្រូវបានបញ្ចប់ ហើយនាគ្រាដែលក្រុមជំនុំបានបន្លឺសម្លេងថាអាម៉ែន នោះក្មេងប្រុសអាយុបួនឆ្នាំម្នាក់ដែលអង្គុយនៅពីក្រោយខ្ញុំពីរជួរ បានស្រែកបន្ទរពេលក្រុមជំនុំស្រែក « អាម៉ែន » នោះ ។
វាបានបន្លឺឡើងថា « ជយោ ! » ។
សំឡេងស្រែករបស់ក្មេងប្រុសនោះបានឮខ្លាំងល្មម ដែលធ្វើឲ្យក្មេងៗមួយចំនួននៅជិតនេះសើចកក្អើក ។ ខ្ញុំសារភាពថា សំឡេងនោះបានធ្វើឲ្យខ្ញុំញញឹមទាំងមានចម្ងល់ ។
« ជយោ ? » ខ្ញុំបានគិត ។ វាជាការឆ្លើយតបយ៉ាងចម្លែកចំពោះការអធិស្ឋានសាក្រាម៉ង់ ។ វាពិតជាការឆ្លើយតបមួយដែលខ្ញុំពុំធ្លាប់ឮពីមុនសោះ ហើយទំនងជានឹងពុំឮម្តងទៀតឡើយ ។ បន្ទាប់មកយើងបានបញ្ចប់ការអធិស្ឋានរបស់យើងដោយពោលថា « អាម៉ែន » ។
ប្រហែលជាក្មេងប្រុសនោះមានអារម្មណ៍នៃសេចក្តីពិតជាជាងរូបខ្ញុំ ។
ជយោ គឺជាពាក្យដែលបង្ហាញពីក្តីរំភើបចិត្ត ។ វាជាការស្រែកប្រកាសចំពោះក្តីអំណរ ជាទូទៅគឺសម្រាប់ជ័យជំនះ ។ ពេលខ្លះ ពាក្យនេះគេស្រែក ដើម្បីបង្ហាញពីការយល់ព្រមចំពោះនរណាម្នាក់ដែលបានបញ្ចប់កិច្ចការលំបាកបានយ៉ាងល្អ ។១
រំពេចនោះ ខ្ញុំចូលចិត្តគំនិតនោះ ។ មែនហើយ ខ្ញុំបានគិតថា ជយោ ដែលព្រះយេស៊ូវគ្រីស្ទបានឈ្នះលើសេចក្តីស្លាប់ ប្រយោជន៍ឲ្យយើងទាំងអស់គ្នាអាចរស់ឡើងវិញ ! ជយោ ដោយសារដង្វាយធួនរបស់ទ្រង់ នោះទ្រង់អាចអភ័យទោសចំពោះអំពើបាបរបស់យើង ! កាន់តែពិសេសជាងនេះទៀតនោះ ទ្រង់អាចអភ័យទោសដល់អំពើបាប របស់ខ្ញុំ ! ជយោ ដោយសារតាមរយៈព្រះគុណទ្រង់ នោះខ្ញុំអាចត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់ខ្ញុំ ហើយរីករាយនឹងសេចក្តីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច ! មែនហើយ ! ជយោ !
នៅពេលខ្ញុំបានស្រែកនូវពាក្យសរសើរនៃការថ្លែងអំណរគុណទាំងនេះចំពោះព្រះវបិតាសួគ៌របស់ខ្ញុំ នោះព្រះវិញ្ញាណបរិសុទ្ធបានចូលមកយ៉ាងពេញក្នុងដួងចិត្តខ្ញុំ ដោយក្តីអំណរដែលស្ទើរតែធ្វើឲ្យខ្ញុំយំ ។ ក្មេងតូចនោះបានដឹកនាំខ្ញុំនៅថ្ងៃនោះ ( សូមមើល អេសាយ ១១:៦ ) ហើយខ្ញុំបានត្រេកអរដោយទស្សនវិស័យដ៏ស្រស់ត្រកាល ចំពោះពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ខ្ញុំ ។