ការដកបទពិសោធន៍នៃ ការផ្លាស់ប្ដូរ ដួងចិត្ត
យើងឃើញក្តីអំណរក្នុងកិច្ចខិតខំដោយខ្ជាប់ខ្ជួននៃបទពិសោធន៍ផ្លាស់ប្តូរដួងចិត្ត នៅពេលយើងឱបក្រសោបដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់យើង ។
រ៉ូសម៉ារី កូនច្បងរបស់យើង គឺជាទារកដ៏ស្រស់ស្អាតម្នាក់ ពេលម្តាយរបស់ខ្ញុំបានសួរសុខទុក្ខពួកយើង ដែលគាត់មកពីភូមិរបស់គាត់នៅភាគកណ្តាលនៃប្រទេស ស៊ីមបាបវ៉េ ។ ក្នុងនាមជាឪពុកម្តាយថ្មីថ្មោង ភរិយារបស់ខ្ញុំ ណាអ៊ូមី និង រូបខ្ញុំមានក្តីរំភើបជាខ្លាំងចំពោះការសួរសុខទុក្ខរបស់ម្តាយខ្ញុំ ។ យើងមានចិត្តចង់រៀនអ្វីៗគ្រប់យ៉ាងខ្លាំង ដែលយើងចាំបាច់ត្រូវដឹងអំពីការចិញ្ចឹមបីបាច់កូន ។
ពេលមកដល់ផ្ទះ ម្តាយរបស់ខ្ញុំបានបង្ហាញខ្សែកក្រណាត់មួយជុំ ។ គាត់បានពន្យល់ថា ក្រណាត់រុំនេះគឺជាវត្ថុមន្តគាថាស័ក្ដិសិទ្ធិ ។ គាត់បានហុចខ្សែកនោះឲ្យទៅ ណាអ៊ូមី ដើម្បីពាក់ឲ្យរ៉ូសម៉ារី ។ ដោយយល់ពីអារម្មណ៍ស្ទាក់ស្ទើររបស់ ណាអ៊ូមី ភ្លាមនោះម្តាយរបស់ខ្ញុំនិយាយថា ៖ « តាំងពីម៉ែនៅក្មេង ម្តាយរបស់ម៉ែ និង ជីដូនម៉ែបានឲ្យវត្ថុមន្តគាថាស័ក្ដិសិទ្ធិនេះដល់ម៉ែ វាបានការពារម៉ែ និង កូនៗព្រមទាំងស្វាមីរបស់ឯងផងដែរ ។ វត្ថុស័ក្ដិសិទ្ធិនេះនឹងការពារកូនស្រីរបស់ឯងពីជំងឺ និង ពីការធ្វើអំពើផ្សេងៗដែលអាចធ្លាក់មកលើវា ហើយវានឹងឈ្នះលើបញ្ហាលំបាកនានាក្នុងជីវិត ។ វានឹងត្រូវពាក់ខ្សែកនេះរហូតដល់វាអាយុប្រាំឆ្នាំ » ។
កាលនោះខ្ញុំកំពុងបម្រើជាប្រធានសាខា ហើយភ្លាមនោះខ្ញុំបានគិតថា « តើសមាជិកក្នុងវួដរបស់ខ្ញុំនឹងគិតយ៉ាងដូចម្តេច នៅពេលពួកគេឃើញខ្សែក ‹ មន្តគាថា › នេះពាក់នៅលើ-ករបស់កូនយើងនោះ » ? ក្រោយមកខ្ញុំបានគិតថា « ប្រហែលជាយើងអាចគ្របបាំងវា ដូច្នេះគេនឹងមិនអាចឃើញឡើយ » ។ ខ្ញុំបានក្រឡេកមើលណាអ៊ូមី នាងបានបង្ហាញអាការៈដល់ខ្ញុំថា យើងមិនគួរទទួលយកអំណោយនេះឡើយ ។ ខ្ញុំបានសុំឲ្យម្តាយខ្ញុំ ថាប្រសិនបើគាត់អាចធ្វើខ្សែកនោះឲ្យតូចជាង គឺស្តើងជាងនេះ ដែលវាមិនសូវជាអាចមើលឃើញ ។ គាត់បានឆ្លើយថា ខ្សែកនេះពុំអាចធ្វើវាតូចជាងនេះបានឡើយ ហើយថាវត្ថុស័ក្តិសិទ្ធនេះ នឹងស័ក្តិសិទ្ធខ្លាំងបំផុតតាមទំហំដែលគាត់បានធ្វើនោះ ។
ជាថ្មីម្តងទៀត ណាអ៊ូមីបានមើលមកខ្ញុំដោយបង្ហាញយ៉ាងជាក់ច្បាស់ពីការពុំយល់ព្រមរបស់នាង ។ ខ្ញុំបានបែរទៅម្តាយរបស់ខ្ញុំ ហើយបានពន្យល់គាត់ថា ក្នុងនាមជាប្រធានសាខានៅក្នុងក្រុមជំនុំក្នុងតំបន់របស់ពួកយើង ខ្ញុំពុំមានអារម្មណ៍ល្អដើម្បីពាក់ខ្សែកនេះឲ្យកូនរបស់យើងឡើយ ។ ម្តាយរបស់ខ្ញុំបានឆ្លើយដោយការព្រមានថា ៖ គាត់បានប្រាប់យើងថា ប្រសិនបើគ្មានខ្សែកនោះទេ កូនរបស់យើងនឹងស្លាប់ ។
គ្រាមួយនៃវិបត្តិដ៏គួរឲ្យភ័យខ្លាច
ពីរបីសប្តាហ៍បន្ទាប់ពីព្រឹត្តិការណ៍នេះ កូនស្រី រ៉ូសម៉ារីរបស់យើងបានឈឺយ៉ាងធ្ងន់។ យើងគ្មានប្រាក់យកនាងទៅជួបវេជ្ជបណ្ឌិតឡើយ ។ វាគឺជាពេលយប់ ហើយនៅគ្រានោះខ្ញុំបានចាប់ផ្តើមគិតអំពីអ្វីដែលម្តាយរបស់ខ្ញុំបានមានប្រសាសន៍នៅក្នុងការប្រមានរបស់គាត់ ។ ខ្ញុំបានចាប់ផ្ដើមប្រាថ្នាថាខ្ញុំគួរទទួលយកខ្សែកនោះ ។ ខ្ញុំចង់យកវាមកពាក់លើ-ករបស់រ៉ូសម៉ារី ។ នៅក្នុងគ្រាដ៏ភ័យរន្ធត់នោះ ខ្ញុំបានឮសំឡេងតូចរហៀងជំរុញខ្ញុំឲ្យអនុវត្តសេចក្តីជំនឿរបស់ខ្លួនលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ភ្លាមនោះខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យរបស់ខ្ញុំយ៉ាងស្អាត ។ ខ្ញុំបានបីកូនតូចរបស់ខ្ញុំ ហើយបានប្រសិទ្ធិពរបព្វជិតភាពដល់នាង ។ ខ្ញុំមានអារម្មណ៍សុខសាន្ត និង លួងលោមចិត្ត ហើយខ្ញុំមានអារម្មណ៍ថា ភរិយារបស់ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ ។ មួយរំពេចនោះ ទាំងណាអ៊ូមី និង កូនតូច រ៉ូសម៉ារីបានគេងលង់លក់យ៉ាងស្រួល ។ កូនស្រីរ៉ូសម៉ារីរបស់យើងបានជាសះស្បើយ ។ នៅថ្ងៃបន្ទាប់មកនាងបានជាបន្តិចម្តងៗ និង មានសុខភាពល្អឡើងវិញសន្សឹមៗ ។ នេះពិតជាអព្ភូតហេតុដ៏អស្ចារ្យអ្វីម៉្លេះ ! ព្រះអម្ចាស់បានឈោងព្រះហស្តមកជួយខ្ញុំ ហើយពង្រឹងសេចក្តីជំនឿរបស់ខ្ញុំលើទ្រង់ ដោយសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ទ្រង់ ។
ខ្ញុំមានអំណរគុណ ប៉ុន្តែក៏មានអារម្មណ៍អៀនខ្មាសផងដែរ ។ កាលនោះខ្ញុំគឺជាអ្នកត្រឡប់ពីផ្សព្វផ្សាយសាសនា ហើយកំពុងបម្រើជាប្រធានសាខា ប៉ុន្តែខ្ញុំមានការខ្វាយខ្វល់ពីអ្វីដែលមនុស្សនឹងនិយាយជាជាងជឿលើព្រះ ( សូមមើល ម៉ូសាយ ៤:៩ ) ។ មែនហើយ ទោះបីជាម្តាយរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់ និង កោតសរសើរគាត់ជាខ្លាំង ក៏គាត់ពុំអាចដឹងកិច្ចការគ្រប់យ៉ាងឡើយ ។ ខ្ញុំចាំបាច់ក្លាយជាមនុស្សម្នាក់ដែលមិនមែនគ្រាន់តែជាអ្នកត្រឡប់ពីបេសកកម្មទេ មិនមែនគ្រាន់តែជាប្រធានសាខាទេ ខ្ញុំត្រូវតែផ្លាស់ប្តូរ ៖ ដើម្បីដកពិសោធន៍អ្វីដែលអាលម៉ាបានមាន ។
គ្រាមួយនៃការផ្លាស់ប្តូរដ៏ធំ
អាលម៉ាជាសង្ឃរបស់ស្តេចទុច្ចរិត ណូអេ ទំនងជាបានពិនិត្យមើលខ្លួនលោកយ៉ាងហ្មត់ចត់ នៅពេលព្យាការី អ័ប៊ីណាដៃ បានសួរសំណួរស្រាវជ្រាវនេះ ៖ « អ្នករាល់គ្នាពុំបានតាំងចិត្តរៀនឲ្យយល់ ហេតុដូច្នេះហើយអ្នករាល់គ្នាពុំមានប្រាជ្ញាទេ ។ ហេតុដូច្នេះហើយ តើអ្នករាល់គ្នាបង្រៀនអ្វីដល់ប្រជាជននេះ ? » ( ម៉ូសាយ ១២:២៧ ) ។ ដូចជាអាលម៉ាដែល ខ្ញុំត្រូវតែមាន « ការផ្លាស់ប្តូរដ៏ធំនៅក្នុងដួងចិត្ត [ របស់ខ្ញុំ ] ( អាលម៉ា ៥:១២ ) ។
ក្នុងនាមជាសង្ឃនៅក្នុងដំណាក់ស្តេចណូអេ នោះអាលម៉ាបានទម្លាប់ខ្លួនរស់នៅក្នុងជីវិតដែលមានអភ័យឯកសិទ្ធិ ។ លោកបានទទួលជំនួយសម្រាប់ការចិញ្ចឹមជីវិតខ្លួនតាមរយៈពន្ធរបស់ប្រជាជន ។ លោករីករាយនឹងតំណែងដែលមានអំណាច និង មានមុខមាត់ ។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោមអស់អ្នកដែល « លើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់ខ្លួន » ( ម៉ូសាយ ១១:៥ ) ។ ប៉ុន្តែនៅពេលអាលម៉ាបានរៀនអំពីការយាងមករបស់ព្រះអង្កសង្គ្រោះមកកាន់ពិភពលោក —អំពីការបង្រៀន ការរងទុក្ខ ការសុគត និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយថា ព្រះយេស៊ូវគ្រីស្ទគឺជា « ពន្លឺ ហើយជាជីវិតនៃពិភពលោក មែនហើយ ជាពន្លឺមួយដែលមិនចេះចប់មិនចេះហើយ គឺពុំអាចមានសេចក្តីស្លាប់ទៀតឡើយ » ( ម៉ូសាយ ១៦:៩ )—លោកបានត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរ ។ លោកថែមទាំងបានត្រៀមខ្លួនជាស្រេចដើម្បីស្លាប់ ប្រសិនបើចាំបាច់ ។
ទោះមានការប្រឆាំង និង ការគំរាមកំហែងដល់អាយុជីវិតយ៉ាងគ្រោះថ្នាក់នៅជុំវិញលោកក្តី អាលម៉ាបានទូលអង្វរស្តេច ណូអេដោយក្លាហានឲ្យដោះលែងអ័ប៊ីណាដៃឲ្យចាកចេញដោយសុខសាន្ត ។ ទង្វើរបស់អាលម៉ាកើតចេញពីដួងចិត្តរបស់លោក លោកបានទទួលអារម្មណ៍ពីក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ មានចំពោះលោកតាមរយៈ អ័ប៊ីណាដៃដែលជាព្យាការីរបស់ព្រះអម្ចាស់ ។
នៅពេលម្តាយរបស់ខ្ញុំបានឲ្យខ្សែកការពារមកខ្ញុំដើម្បីពាក់ឲ្យកូនរបស់ខ្ញុំ នោះខ្ញុំផ្តោតកង្វល់របស់ខ្ញុំទៅលើរូបរាងខាងក្រៅខ្លួនទៅវិញ ។ ខ្ញុំបានព្រួយបារម្ភថាតើសមាជិកនៅសាខាខ្ញុំនឹងគិតយ៉ាងណាចំពោះខ្ញុំ ។ ច្បាស់ណាស់ខ្ញុំពុំទាន់មានបទពិសោធន៍នៃ « ការផ្លាស់ប្តូរចិត្តដ៏ធំ » ពេញលេញនោះនៅឡើយ ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានដឹងថា ភាពជោគជ័យ និង សុភមង្គលរបស់យើងគឺផ្អែកលើថាតើយើងមានឆន្ទៈខ្លាំងប៉ុណ្ណាដើម្បីទទួលយកដំណឹងល្អមកក្នុងដួងចិត្តរបស់ខ្ញុំ ។ ដើម្បីឲ្យយើងស្វែងរកសុភមង្គល ក្តីអំណរ និង ភាពសុខសាន្តពិត « ដំណឹងល្អដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទត្រូវតែចូលជ្រៅទៅក្នុងដួងចិត្ត [ របស់យើង ] … ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ » ។១
ឱកាសដើម្បីថ្លែងទីបន្ទាល់
ជាមួយនឹងការផ្លាស់ប្តូរនេះ ដោយសម្លឹងឆ្ពោះទៅរកព្រះអង្កសង្គ្រោះនៅក្នុងគ្រប់កិច្ចការ និង ទីកន្លែងទាំងអស់ធ្វើឲ្យយើងអាចឈោងទៅជួយដល់មនុស្សដទៃ ។ អាលម៉ាបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យ បានជួយដល់មនុស្សជាច្រើន ហើយរៀបចំសាសនាចក្រនៃព្រះគ្រីស្ទនៅក្នុងចំណោមប្រជាជនរបស់លោក ដែលបានរត់គេចពីស្តេចណូអេ ។
តើអ្នកអាចឃើញពីឱកាសដែលខ្ញុំបានខកខាន ដោយពុំបានចែកចាយដំណឹងល្អជាមួយម្តាយរបស់ខ្ញុំ ពេលគាត់បានឲ្យវត្ថុស័ក្តិសិទ្ធិនោះដល់យើង ដែលគាត់បានជឿថាវាការពារខ្លួនគាត់ និង កូនៗរបស់គាត់ជានិច្ចមកនោះដែរឬទេ ? ខ្ញុំអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់—គឺធ្វើដូចជាអាលម៉ា—ដែលបានផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ហើយ « កែប្រែចិត្តរបស់គេ មែនហើយលោកបានដាស់ពួកគេ ឲ្យភ្ញាក់ពីដំណេកដ៏លង់លក់ ហើយគេក៏បានភ្ញាក់ឡើងចំពោះព្រះ » ( អាលម៉ា ៥:៧ ) ។
នៅពេលខ្ញុំបានគិតពីគ្រាជាមួយម្តាយរបស់ខ្ញុំនោះ ខ្ញុំឆ្ងល់ថា តើអាចមានហេតុការណ៍អ្វីកើតឡើង ប្រសិនបើខ្ញុំបានឆ្លើយតបឲ្យកាន់តែដូចអាលម៉ានោះ ។ ម្តាយរបស់ខ្ញុំអាចភ្ញាក់ឡើងចំពោះព្រះ ហើយការផ្លាស់ប្តូររបស់គាត់អាចជះឥទ្ធិពលវិជ្ជមានលើបងប្អូនបង្កើតរបស់ខ្ញុំ ។ ការផ្លាស់ប្តូរនេះ អាចជះឥទ្ធិពលដ៏ធំធេងនៅក្នុងជីវិតកូនៗរបស់បងប្អូនបង្កើតរបស់ខ្ញុំ ហើយពូជពង្សរបស់ពួកគេផងដែរ ។
ការផ្លាស់ប្តូរដ៏ធំរបស់អាលម៉ា ពុំគ្រាន់តែបានទទួលដោយអស់អ្នកដែលលោកបានបង្រៀន និង អ្នកដែលលោកបានថ្លែងទីបន្ទាល់ប្រាប់ឡើយ ប៉ុន្តែថែមទាំងមានដល់កូនរបស់លោក ព្រមទាំងពូជពង្សរបស់លោកផងដែរ ។ កូនរបស់លោក គឺអាលម៉ា នៅពេលបង្រៀនប្រជាជននៅក្នុង និង ជុំវិញដែនដី សារ៉ាហិមឡា បានរំឭកប្រាប់អំពីទីបន្ទាល់របស់ឪពុកលោកអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ៖
« មើលចុះខ្ញុំអាចប្រាប់អ្នកថា—តើពុំមែនឪពុកខ្ញុំអាលម៉ាបានជឿដល់ពាក្យសម្តីដែលបានប្រកាសចេញពីមាត់របស់អ័ប៊ីណាដៃទេឬអី ? …
« ហើយដោយសារសេចក្តីជំនឿរបស់លោក ទើបមានការផ្លាស់ប្តូរដ៏ធំនៅក្នុងចិត្តលោក » ( អាលម៉ា ៥:១១–១២ ) ។
ចំពោះយុវជនដូចជាអាលម៉ា នេះគឺជាការផ្លាស់ប្តូរដ៏ធំនៃដួងចិត្ត ដែលបានចាប់ផ្តើមដោយការអញ្ជើញរបស់អ័ប៊ីណាដៃ ឲ្យអនុវត្តដួងចិត្តរបស់មនុស្សម្នាក់ ឲ្យយល់ពីព្រះបន្ទូលរបស់ព្រះ គឺជាគន្លឺះឆ្ពោះទៅរកសុភមង្គល និង ជោគជ័យនៅក្នុងការឈោងទៅជួយអ្នកដទៃ ៖ « ហើយមើលចុះ គាត់បានផ្សាយព្រះបន្ទូលទាំងនោះដល់ពួកអយ្យកោរបស់អ្នក ហើយការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើងនៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេបានបន្ទាបខ្លួន ហើយបានដាក់ទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ ។ ហើយមើលចុះពួកគេមានចិត្តស្មោះត្រង់រហូតដល់ទីបំផុត ហេតុដូច្នេះហើយទើបពួកគេបានសង្គ្រោះ » ( អាលម៉ា ៥:១៣ ) ។
បន្តធ្វើការផ្លាស់ប្តូរជាប់ជានិច្ច
យុវវ័យមួយចំនួនសព្វថ្ងៃនេះត្រូវបានជាប់ជំពាក់រវាងការជ្រើសរើសអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះ ឬ ផ្គាប់ចិត្តឪពុកម្តាយ ឬ អាណាព្យាបាលខ្លួន ដែលប្រហែលជាគ្មានអារម្មណ៍ស្រដៀងនឹងពួកគេអំពីភាពពិតពេញលេញនៃដំណឹងល្អ ។ នៅពេលប្រឈមមុខនឹងជម្រើសបែបនោះ សូមសួរខ្លួនឯងថា « តើការសម្រេចចិត្តនេះជួយខ្ញុំឲ្យទទួលអារម្មណ៍ថា ‹ កិច្ចការរបស់ខ្ញុំសុទ្ធសឹងជាកិច្ចការសុចរិតឬទេ › ( អាលម៉ា ៥:១៦ ) ហើយថាតើការសម្រេចចិត្តនេះធ្វើឲ្យខ្ញុំទទួលអារម្មណ៍ ‹ ច្រៀងនូវចម្រៀងនៃសេចក្តីស្រឡាញ់ដែលប្រោសលោះឬទេ ? › » ( អាលម៉ា ៥:២៦ ) ។
ដោយសារយើងគប្បីស្រឡាញ់ និង កោតសរសើរឪពុកម្តាយរបស់យើង នោះយើងត្រូវតែដឹងថា ជម្រើសរបស់យើងនឹងមានឥទ្ធិពលផ្ទាល់លើកូនៗ និង ពូជពង្សរបស់យើង ។ ចំពោះពួកយើងវាប្រហែលជាចាំបាច់ត្រូវងាកចេញពីស្ថានភាពសុខស្រួលរបស់ខ្លួន ដូចជាអាលម៉ាបានធ្វើ ដែលបានរត់ភៀសខ្លួនពីអ្នកបម្រើរបស់ស្តេចណូអេ ហើយបានបង្រៀនដំណឹងល្អនៅក្នុងស្ថានភាពមួយដ៏យ៉ាប់យឺន ។ លោកពុំគ្រាន់តែនាំឲ្យមានការផ្លាស់ប្តូរនៅក្នុងគ្រួសាររបស់លោកប៉ុណ្ណោះទេ ប៉ុន្តែដល់គ្រួសារដទៃទៀតផងដែរ ។ ដើម្បីដកបទពិសោធន៍នៃការផ្លាស់ប្តូរចិត្ត វាសំខាន់ថាយើងគិតអំពីអ្នកដទៃ ហើយ « រួមគ្នាតមអាហារ ហើយអធិស្ឋានឲ្យអស់ពីចិត្តដែរ ដើម្បីសុខុមាលភាពដល់ព្រលឹងនៃពួកអ្នកដែលពុំ [ ស្គាល់ ] ព្រះ » ( អាលម៉ា ៦:៦ ) ។
តើមានអ្វីកើតឡើងប្រសិនបើកូនតូចរ៉ូសម៉ារីរបស់យើងពុំមានជីវិតរស់ពីជំងឺរបស់នាងនោះ—បើទោះបីជាបន្ទាប់ពីខ្ញុំបានផ្តល់ការប្រសិទ្ធពរបព្វជិតភាពដល់នាងហើយនោះ ? ការក្រឿនរំឭករបស់ព្រះអម្ចាស់ គឺជាកម្លាំងមួយដ៏អស្ចារ្យដល់ខ្ញុំ ៖ « អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ » ។ ( ម៉ាថាយ ១០:៣៩ ) ។
យើងរកឃើញក្តីអំណរក្នុងកិច្ចខិតខំដោយខ្ជាប់ខ្ជួននៃបទពិសោធន៍ផ្លាស់ប្តូរដួងចិត្ត នៅពេលយើងឱបក្រសោបដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់យើង ។ ខ្ញុំមានអំណរគុណចំពោះចំណេះដឹងនេះ ហើយខ្ញុំស្គាល់ដួងចិត្តខ្ញុំថា ព្រះអង្គសង្គ្រោះរបស់យើងបានយាងទៅដោយ « រងការឈឺចាប់ និង ទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ » ( អាលម៉ា ៧:១១ ) ។ ខ្ញុំដឹងថា មាននូវសុវត្ថិភាព និង ការការពារនៅក្នុងការសម្លឹងមើលឆ្ពោះទៅកាន់ព្រះអម្ចាស់ ហើយធ្វើតាមព្រះឱវាទរបស់ទ្រង់ ។