ផ្នែកដ៏លំបាកបំផុត នៃការធ្វើជា អ្នកផ្សព្វផ្សាយសាសនា
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
ពេលខ្លះ ឧបសគ្គដ៏ធំបំផុតនៅក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនាគឺពុំមែនជាកិច្ចការផ្សព្វផ្សាយសាសនាឡើយ ។
រូបគំនូរដោយ ហ៊ីឌើរ ឡែនឌីស
មានគ្រាមួយនោះអ្នកផ្សព្វផ្សាយសាសនាបានប្រាប់ខ្ញុំថា « នៅពេលមនុស្សបាននិយាយថាបេសកកម្មប្រហែលជាលំបាក នោះខ្ញុំបានសន្មត់ថា ខ្ញុំនឹងមានការលំបាក ឬ ជួបប្រទះនឹងស្ថានភាពរស់នៅដ៏លំបាកលំបិន ឬ មានការលំបាកជាមួយនឹងភាសា ។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ផ្នែកដ៏លំបាកបំផុតនោះគឺជាអ្វីដែលនៅក្នុងខួរក្បាលខ្ញុំជាប់ជានិច្ច—ដូចជាអារម្មណ៍បាក់ទឹកចិត្ត ឬ មានភាពស្មុគស្មាញជាមួយដៃគូ ឬ ពុំចូលចិត្តនិយាយជាមួយមនុស្សប្លែកមុខ—គឺទាក់ទងជាមួយនឹងភាពមួយថ្ងៃកាត់មួយថ្ងៃកោរ ការបដិសេធ ការផ្លាស់ប្តូរ » ។
ដើម្បីរៀបចំខ្លួនទៅបម្រើបេសកកម្ម អ្នកអាច ហើយគប្បី អាន ប្រកាសដំណឹងល្អរបស់យើង សិក្សាព្រះគម្ពីរ និង រៀនពីរបៀបចម្អិនអាហារ ព្រមទាំងការបោកគក់ ។ ប៉ុន្តែអ្នកគួរតែស្វែងរកនូវបទពិសោធន៍នៃជំនាញ ផ្លូវចិត្ត សង្គម និង ជំនាញផ្សេងៗទៀត ក្នុងពេលឥឡូវនេះផងដែរ ដែលអ្នកនឹងត្រូវការក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ នេះគឺជាបញ្ជីមួយចំនួននៃជំនាញទាំងនេះ ។ អ្នកអាចគូសជំនាញនេះ មួយ ឬ ពីរដើម្បីចាប់ផ្តើមអនុវត្តវាចាប់ពីឥឡូវនេះ ។
ជំនាញនៃការបន្ទាបខ្លួនដោយគ្មានអារម្មណ៍អៀនខ្មាស
ស៊ិស្ទើរ ជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅក្នុងរដ្ឋ អាឡាបាម៉ា ស.រ.អា. បានប្រាប់ខ្ញុំថា « ខ្ញុំបានគិតថា នៅពេលពួកគេបានញែកខ្ញុំចេញ នោះខ្ញុំនឹងទទួលអំណាចដ៏អស្ចារ្យ ។ ដូច្នេះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ដែលឃើញថា នៅពេលខ្ញុំទៅតំបន់បេសកកម្ម នោះខ្ញុំនៅតែជារូបខ្ញុំដដែល ។ ខ្ញុំនៅតែមានអារម្មណ៍ទន់ខ្សោយ ភ័យខ្លាច និង គ្មានសមត្ថភាព ។ ហើយអារម្មណ៍ទាំងនោះពិតជាមិនរសាយបាត់ទៅឡើយ ។ ខ្ញុំបានរៀនពីរបៀបដើម្បីទប់ទល់ជាមួយអារម្មណ៍នៃការខ្វះសមត្ថភាពក្នុងការធ្វើការរបស់ព្រះអម្ចាស់ » ។
មិនថាអ្នកមកក្នុងបេសកកម្មដោយមានជោគជ័យពីមុនៗច្រើនប៉ុណ្ណានោះទេ ប្រសិនបើអ្នកបន្ទាបខ្លួន ងាយនឹងប្រដៅ និង មានឆន្ទៈព្យាយាម និង ធ្វើការ នោះព្រះអម្ចាស់អាចជួយអ្នកបាន ។ ប៉ុន្តែ ជំនាញក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនារបស់អ្នកនឹងរីកចម្រើនបាននៅពេលអ្នកអនុវត្ត សួរសំណួរ ទទួលជំនួយ និង បន្តព្យាយាមតែប៉ុណ្ណោះ ។ ប្រសិនបើអ្នកជឿថាមនុស្សទូទៅជាមនុស្សពូកែ ( ឬ អន់ ) ចំពោះកិច្ចការផ្សព្វផ្សាយសាសនា ភាសា ទីបន្ទាល់ ឬ ការទាក់ទង នោះអ្នកនឹងមានការលំបាកហើយ ។
មានគ្រាមួយអ្នកផ្សព្វផ្សាយសាសនាម្នាក់បាននិយាយប្រាប់ខ្ញុំថា « ខ្ញុំបានរៀនថា វាគឺជាកិច្ចការរបស់ព្រះអម្ចាស់ មិនមែនជាកិច្ចការខ្ញុំទេ ។ ហើយវាមិនជាថ្វីទេ ប្រសិនបើខ្ញុំមានអារម្មណ៍ខ្វះសមត្ថភាពចំពោះកិច្ចការនេះ ដោយសារខ្ញុំ គឺ មានភាពខ្វះសមត្ថភាព ។ ខ្ញុំនឹងគ្មានសមត្ថភាពដើម្បីធ្វើនូវអ្វីដែលព្រះអាចធ្វើបានឡើយ ។ មានកិច្ចការជាច្រើនដែលខ្ញុំអាចធ្វើដើម្បីកែលម្អ ប៉ុន្តែខ្ញុំពុំចាំបាច់ត្រូវស្វែងរកវាទាំងអស់ដោយខ្លួនឯងឡើយ ។ ខ្ញុំអាចទុកចិត្តលើទ្រង់បាន » ។
ចូរព្យាយាមធ្វើកិច្ចការថ្មីៗ និង លំបាកៗ ។ នោះអ្នកនឹងគ្មានអារម្មណ៍ថាខ្វះសមត្ថភាពទៀតឡើយ ។ ឧទាហរណ៍ ៖
-
ចូរព្យាយាមធ្វើកិច្ចការដែលលើសពីអ្វីដែលអ្នកអាចធ្វើបាន ដូចជាការងារថ្មី កម្មវិធីសិក្សាបន្ថែម ឬ ចូលរៀនថ្នាក់ថ្មីផ្សេងទៀត ។ សួរសំណួរ ទទួលជំនួយ វិភាគកំហុសឆ្គង ហើយបន្តព្យាយាម ។ ចូរយកកិច្ចការដែលអ្នកត្រូវតែអនុវត្ត ហើយធ្វើកិច្ចការនោះ ដូច្នេះអ្នករៀនទុកចិត្តខ្លួនឯងថាអ្នក និង ពង្រីកនូវកិច្ចការនោះ ។
-
ចូរឆ្លើយតបទៅនឹងគំនិតដែលផុសចេញមកនៅក្នុងគំនិតអ្នក ដែលវាប្រាប់អ្នកថា មនុស្សទូទៅកើតមកមានទេពកោសល្យប្រាជ្ញា ឬ ជំនាញសង្គមស្រាប់ ឬ ថាពួកគេគ្មានអ្វីៗទាំងនេះឡើយ ។ អត្តពលករ តន្ត្រីករ អ្នកប្រាជ្ញ ដ៏អស្ចារ្យបំផុតនៅលើពិភពលោកនេះ—និង អ្នកផ្សព្វផ្សាយសាសនា—ធ្លាប់មានបទពិសោធន៍បរាជ័យជាច្រើនលើកច្រើនគ្រា ហើយបានហាត់សមអស់ពេលជាច្រើនម៉ោង នៅក្នុងជីវិតពួកគេដើម្បីទទួលបានជោគជ័យ ។
ជំនាញនៃការប្រឈមមុខនឹងការបដិសេធ ( និង ការពិតជាក់ស្តែង ) ដែលអាចសម្រេចបាន
ការបដិសេធ និង ការខកចិត្តគឺជាបទពិសោធន៍ដែលមានរាល់ថ្ងៃនៅក្នុងបេសកកម្ម ។ ចូរអនុវត្តទទួល និង ប្រឈមមុខនឹងការបដិសេធនានា ដូច្នោះអ្នកត្រៀមខ្លួនបានកាន់តែប្រសើរចំពោះអារម្មណ៍បែបនោះ ។
-
ដាក់ពាក្យធ្វើការងារ ធ្វើការសម្ភាសការងារ ហើយធ្វើការក្រៅម៉ោង ឬ ពេញម៉ោង ។
-
ចូរសាកល្បងធ្វើការ ឬ លេងជាក្រុម ។
-
ចូរសុំគេដើម្បីណាត់ដើរលេងជាគូ ឬ ទៅសកម្មភាពនានា ។
-
ប្រសិនបើកិច្ចការនានាមិនរលូនទៅមុខទេ ចូរកត់ចំណាំពីគំនិត និង ទង្វើនានាដែលជួយអ្នកដោះស្រាយបញ្ហាទាំងនោះ និង មានអារម្មណ៍ប្រសើរឡើង ។
-
រៀនពីឧបសគ្គ និងព្យាយាមម្ដងទៀត ។
ជំនាញគ្រប់គ្រងការជំរុញទឹកចិត្ត
យើងទាំងអស់គ្នាត្រូវស្វែងយល់ពីរបៀបលើកទឹកចិត្តខ្លួនឯង នៅពេលយើងធុញទ្រាន់ ហើយរម្ងាប់អារម្មណ៍ខ្លួននៅពេលយើងមានអារម្មណ៍តានតឹងចិត្តជាខ្លាំងនោះ ។
-
ប្រសិនបើ មានស្ថានភាពធុញទ្រាន់ ឬ គ្មានភាពរីកចម្រើន ចូរព្យាយាមស្វែងរកអ្វីដែលធ្វើឲ្យកើតមានអារម្មណ៍នោះ និង របៀបដោះស្រាយវា ធ្វើវាទៅជាល្បែងកម្សាន្ត ដោយមិនចាំបាច់ព្រួយបារម្ភយ៉ាងហួសហេតុ ឬ ដោយស្វែងយល់ពីអ្វីដែលអ្នកអាចរៀនឡើយ ។
-
ចូរកត់ចំណាំនៅពេលអ្នកមានភាពតានតឹងចិត្តខ្លាំង ហើយរៀនពីកិច្ចការនានាដែលអ្នកនៅតែអាចធ្វើនៅក្នុងបេសកកម្ម ដើម្បីរម្ងាប់អារម្មណ៍ ( ជជែកវែកញែកជាមួយនរណាម្នាក់ សម្រាក សរសេរសំបុត្រ ច្រៀង ដើរកម្សាន្ត ) ។ ចូរពិចារណាពីស្ថានភាពនោះ វិភាគបែងចែកបញ្ហាជាផ្នែកតូចៗ រកជំនួយពីមនុស្សដទៃ បោះជំហានទៅមុខបន្តិចម្តងៗ អធិស្ឋាន និង និយាយលួងលោមពីអារម្មណ៍អវិជ្ជាមានអំពីខ្លួនឯងនោះ ។
ជំនាញគ្រប់គ្រងភាពខុសប្លែកគ្នា
ដៃគូ ថ្នាក់ដឹកនាំ សមាជិក និង សាសនាគន់ការី នឹងក្លាយជាមនុស្សអស្ចារ្យ ប៉ុន្តែក៏នឹងតម្រូវឲ្យអ្នកមានការអត់ធ្មត់ជាច្រើនផងដែរ ។
ចូរអនុវត្តជាមួយបងប្អូនបង្កើត និង មិត្តភក្ដិដើម្បី ៖
-
រៀនថ្លែងអំណរគុណដល់មនុស្សដទៃ ដោយសួររកមូលហេតុដែលពួកគេធ្វើនូវកិច្ចការរបស់ខ្លួន ។
-
ទទួលយកការទទួលខុសត្រូវ និង ការសុំអភ័យទោសដោយស្មោះសរ នៅពេលអ្នកធ្វើឲ្យនរណាម្នាក់មានការឈឺចាប់ បើទោះបីជាអ្នកគ្មានចេតនាធ្វើទុក្ខទោសដល់គេក៏ដោយ ។
-
ចូររកមើលហេតុផលនៃចិត្តមេត្តាចំពោះអាកប្បកិរិយារបស់មនុស្សម្នាក់ទៀត ។ សូមកុំចងគំនុំនឹងនរណាម្នាក់ឡើយ ។
-
ចូរលើកយកបញ្ហានោះមកជជែកវែកញែក ហើយសុំជំនួយដោះស្រាយ ជាជាងត្អូញត្អែរ ឬ រញុំាំរញ៉ូវក្នុងចិត្ត ។
-
នៅពេលមានជម្លោះកើតឡើង ចូរប្រើសំឡេងស្រទន់ ហើយបង្ហាញការគោរពរបស់យើងចំពោះអារម្មណ៍របស់អ្នកដទៃ ។
-
ធ្វើជាមិត្តជាមួយនឹងអ្នកដែលមានចរិតលក្ខណៈខុសពីអ្នក ។ ចូរមានភាពវិជ្ជមាន ហើយចង់ដឹងចង់យល់ពីចំណូលចិត្តរបស់ពួកគេ ។
ជំនាញនៃការសន្ទនា
ទោះបីជាអ្នកមិនសូវចេះមាត់ក ( អឹមអៀន ) ឬ រាក់ទាក់ ( រួសរាយ ) ក្តី នោះអ្នកអាចរៀនជំនាញទំនាក់ទំនងល្អ ដែលអ្នកនឹងត្រូវការនៅក្នុងបេសកកម្ម និង ពេញមួយជីវិតអ្នក ។
ប្រសិនបើអ្នកជាមនុស្សអៀនខ្មាសខ្លាំង ៖
-
ដាក់គោលដៅជជែកជាមួយមនុស្សថ្មីៗ ( ជាពិសេសមនុស្សដែលពុំធ្លាប់ស្គាល់ ) រយៈពេលប្រាំនាទីរៀងរាល់សប្តាហ៍ ។
-
ញញឹម ចូរមានចិត្តចង់ដឹងចង់យល់ពីមនុស្សទូទៅ ហើយរៀនសួរសំណួរល្អៗដែលជួយឲ្យមនុស្សផ្សេងទៀតចង់និយាយ ។
-
ស្វែងរកវិធីនានាចាប់ផ្តើមការសន្ទនាមួយ ហើយបញ្ចប់ការសន្ទនាដោយសមរម្យ ។
-
កត់សម្គាល់ពីពេលដែលមនុស្សដទៃកំពុងព្យាយាមចាប់ផ្តើមការសន្ទនា ដូច្នេះអ្នកអាចបើកការសន្ទនា ហើយឆ្លើយតប ។
ប្រសិនបើអ្នកជាមនុស្សរួសរាយរាក់ទាក់ ៖
-
ចូរធ្វើឲ្យមនុស្សដទៃទៀតនិយាយដោយសេរី តាមរយៈការសួរសំណួរ ។
-
អនុវត្តធ្វើជាអ្នកពូកែស្តាប់ ។
-
រកមើលសញ្ញាដែលអ្នកស្តាប់របស់អ្នកធុញទ្រាន់ ។ ផ្តល់ឱកាសដល់មនុស្សដទៃទៀតនិយាយ ។
ជំនាញដែលធ្វើឲ្យរូបរាងកាយមានសុខភាពល្អ
ក្នុងនាមជាប្រធានបេសកកម្ម ស្វាមីរបស់ខ្ញុំបាននិយាយជាមួយអ្នកផ្សាយសាសនាម្នាក់ដែលក្រៀមក្រំចិត្ត និង មានការលំបាក ។ ស្វាមីរបស់ខ្ញុំបានមានអារម្មណ៍បំផុសគំនិតឲ្យសួរគាត់ថា « អែលឌើរ តើអ្នកបរិភោគអ្វីសម្រាប់ជាអាហារពេលព្រឹក ?
ការ៉េម ។
តើអ្នកបរិភោគអ្វីសម្រាប់ជាអាហារពេលថ្ងៃត្រង់ ?
ដំឡូងចៀន ។
តើអ្នកបរិភោគអ្វីសម្រាប់ជាអាហារពេលល្ងាច ?
ដំឡូងចៀន និង ការ៉េម ។
តើអ្នកបរិភោគតែដំឡូងចៀន និង ការ៉េមនេះអស់រយៈពេលប៉ុន្មានហើយ ?
ប្រហែលជាមួយខែ ។
នេះជាការចាត់តាំងមួយសម្រាប់អ្នក ៖ ទៅផ្ទះ ហើយបរិភោគអាហារដែលមានពណ៌បៃតង—ប៉ុន្តែមិនមែនជាការ៉េមរសជាតិម៉ុងតុលឡើយ ។
របបអាហារ និង ការហាត់ប្រាណពិតជាជះឥទ្ធិពលលើអារម្មណ៍របស់យើងអំពីជីវិតខ្លួន ។ ចូរចាប់ផ្ដើមឥឡូវនេះដើម្បី ៖
-
រៀនអំពីអាហារដែលមានជីវជាតិល្អ ។ បរិភោគអាហារដែលធ្វើឲ្យមានសុខភាពល្អ ។ ប្រសិនបើអ្នកហូបរើសបន្តិច ចូរសាកល្បងអាហារថ្មីៗ ។
-
ហាត់ប្រាណ ។ ការហាត់ប្រាណទៀងទាត់ជួយឲ្យមនុស្សគ្រប់គ្នាគ្រប់គ្រងលើភាពតានតឹងផ្លូវចិត្ត និង ការបាក់ទឹកចិត្តបានកាន់តែប្រសើរ ។ ចូរចាប់ផ្តើមការធ្វើលំហាត់ប្រាណបន្តិចម្ដងៗ ហើយបង្កើនវាឡើងដោយសន្សឹមៗ ដូចជាការដើរពេលយប់ ( ប្រហែលជាដើរជាមួយមិត្តភក្តិ ឬ ហាត់ដោយស្តាប់តន្ត្រី ) រត់នៅ មួយកន្លែងពេលកំពុងមើលការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ឬ ការអង្គុយងើបចុះឡើង និង អាវ៉ង់ជាដើម ។
-
រៀនថែទាំរបស់ទ្រព្យ សម្លៀកបំពាក់ ប្រាក់កាក់ និង ពេលវេលារបស់អ្នកឲ្យបានល្អ ។
-
ចូរគ្រប់គ្រងការដេកពួន ។ ប្រសិនបើអ្នកមានការពិបាកដេក ឬ ភ្ញាក់ពីដេក ចូរសុំឲ្យគេផ្តល់យោបល់ដល់អ្នក ។ ចូរចូលដេក និង ភ្ញាក់ពីដេក ឲ្យទៀងម៉ោងដែលអ្នកអាចប្រើវាបានក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។
ជំនាញនៃការមានភាពវិជ្ជមាន
-
បង្កើនភាពសប្បាយរីករាយ ។ សើចចំអន់ឲ្យខ្លួនឯង ប៉ុន្តែកុំសើចចំអន់ដាក់គេឡើយ ។ កុំហ្មត់ចត់ពេកដែលធ្វើឲ្យអ្នកមានការតានតឹងចិត្ត ។
-
សួរអ្នកផ្សព្វផ្សាយសាសនាពីមុនៗឲ្យប្រាប់អ្នកនូវអ្វីដែលពិបាកសម្រាប់ពួកគេ និង របៀបដើម្បីដោះស្រាយវា ។ ចូរស្វែងរកយោបល់នានាដែលអ្នកអាចប្រើបាន ។
-
ចូរសរសេរខគម្ពីរ និង ទំនុកតម្កើងដែលលើកស្ទួយអ្នក ហើយធ្វើឲ្យអ្នកមានជំនឿ ។
-
និយាយប្រាប់ទៅកាន់គំនិតអវិជ្ជមានដែលមាននៅក្នុងចិត្តអ្នក ជាមួយនឹងអ្វីដែលវិជ្ជមាន ។ ប្រសិនបើគំនិតនោះ ជាការចំអកបញ្ឈឺចិត្ត រិះគន់ចំអក អាម៉ាស់ កំហឹង ឃោរឃៅ ឬ ធ្វើឲ្យអ្នកអស់សង្ឃឹម ឬ គ្មានប្រយោជន៍ វាមិនមែនមកពីព្រះអម្ចាស់ឡើយ ។ ព្រះសូរសៀងរបស់ទ្រង់នឹងធ្វើឲ្យមានសង្ឃឹម ជាការលើកទឹកចិត្ត និង មានក្តីអាណិតអាសូរជានិច្ច ជាពិសេសនៅពេលអ្នកកំពុងខិតខំព្យាយាម ។
ជំនាញដែលធ្វើឲ្យវិញ្ញាណល្អ
-
អធិស្ឋានដោយស្មោះ ។ យាងព្រះវរបិតាសួគ៌មកគង់ក្បែរអ្នក ហើយទូលទៅកាន់ទ្រង់ដោយបើកចំហអំពីបញ្ហាបំណងប្រាថ្នា និង អំណរគុណរបស់អ្នក ។ ចូរសាកល្បងអធិស្ឋានឲ្យឮៗ អធិស្ឋានដោយមានក្រដាស និង ខ្មៅដៃកត់នូវការបំផុសគំនិតនានា ឬ គ្រាន់តែអធិស្ឋានដើម្បីថ្លែងអំណរគុណ ។
-
ចូរសិក្សាព្រះគម្ពីរ ។ ចូរស្វែងរក និង រំពឹងរង់ចាំចម្លើយចំពោះកង្វល់របស់អ្នក ។
-
ចូរធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្នុងពេលឥឡូវនេះ ! ទៅ ហើយបម្រើជាមួយអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង សូមជជែកគ្នាអំពីប្រធានបទនៃដំណឹងល្អរៀងរាល់ថ្ងៃជាមួយមិត្តភក្តិរបស់អ្នក ។ ជជែកជាមួយមិត្តភក្តិរបស់អ្នក ចាត់ទុកពួកគេដូចជាសមាជិក ហើយថ្លែងទីបន្ទាល់យ៉ាងស្មោះត្រង់នៅព្រះវិហារ ។ អ្នកនឹងទទួលបាននូវក្តីរំភើបកាន់តែខ្លាំង អំពីកិច្ចការផ្សព្វផ្សាយសាសនា នៅពេលអ្នកបានធ្វើនូវកិច្ចការនេះ ។