ចេញមកពីតំបន់បេសកកម្ម
មនុស្សម្នាក់ដែលស្រែក អំពាវនាវ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ មិសសួរី ស.រ.អា. ។
គាត់មើលទៅដូចជាមនុស្សម្នាក់ដែលមិនគួរឲ្យចង់និយាយជាមួយឡើយ ។ ថ្វីបើខ្ញុំមានអារម្មណ៍មួយភ័យខ្លាចក្តី ប៉ុន្តែអារម្មណ៍មួយទៀតគឺពិតជាចង់និយាយជាមួយគាត់ណាស់ ។
រចនាលម្អរូបថតដោយ ដេវីត ស្តូកឃើរ
ខ្ញុំមានឱកាសបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងទីក្រុង កាតានៀ ប្រទេស អ៊ីតាលី ។ មានគ្រាមួយនោះក្នុងបេសកកម្ម យើងមានការលំបាកក្នុងការផ្សព្វផ្សាយណាស់ ។ យើងបរាជ័យពេញមួយសប្តាហ៍ ហើយរាល់ថ្ងៃវាគឺជាការសាកល្បងដល់យើងថាប្រសិនបើយើងនឹងបន្តមានឥរិយាបថវិជ្ជមាន បន្តញញឹម ហើយបន្តព្យាយាមខំធ្វើការដែរឬអត់ ។
នាល្ងាចមួយយើងបានប្តេជ្ញាចិត្តដើម្បីផ្លាស់ប្តូរលទ្ធផលនៃកិច្ចការរបស់យើង ។ យើងបានទៅតំបន់ជុំវិញនោះ ហើយនិយាយជាមួយមនុស្សនៅក្នុងសួនឧទ្យានក្បែរផ្ទះរបស់យើង ហើយយើងបានជួបបុរសម្នាក់អង្គុយនៅលើកៅអីវែង ឈ្ងោកមុខចុះ ហើយកំពុងជក់បារី ។ គាត់ស្លៀកពាក់ខោអាវខ្មៅពីក្បាលរហូតដល់ចុងជើង ហើយពាក់មួកដែលជាប់នឹងអាវនោះ ។ គាត់មើលទៅដូចជាមនុស្សម្នាក់ដែលមិនគួរឲ្យចង់និយាយជាមួយឡើយ ។ ខ្ញុំបានមើលគាត់ ដៃគូខ្ញុំបានមើលគាត់ យើងបានមើលគ្នាទៅវិញទៅមក ហើយបានមើលត្រឡប់ទៅគាត់វិញ ។
អែលឌើរ ហ្វាលី បានសួរខ្ញុំថា « តើយើងធ្លាប់និយាយជាមួយគាត់ពីមុនដែរឬទេ ? »
ខ្ញុំបានឆ្លើយថា « ខ្ញុំគិតថា យើងធ្លាប់បាននិយាយជាមួយគាត់ហើយ ដោយសារខ្ញុំគិតថា ខ្ញុំពិតជាស្គាល់គាត់ » ។
អែលឌើរ ហ្វាលី បាននិយាយថា « មែនហើយ ខ្ញុំក៏គិតអញ្ចឹងដែរ » ។
ដូច្នេះយើងក៏ចាប់ផ្ដើមដើរទៅរកគាត់ ។ ខ្ញុំមានអារម្មណ៍មួយភ័យខ្លាច ដោយសារថា តាមធម្មតាគាត់មិនមែនជាមនុស្សម្នាក់ដែលខ្ញុំនឹងនិយាយជាមួយឡើយ ប៉ុន្តែអារម្មណ៍មួយទៀតគឺថាខ្ញុំពិតជាចង់និយាយជាមួយគាត់ណាស់ ។
យើងបានសួរគាត់ « សាយ័ន្តសួស្តី តើអ្នកសុខសប្បាយទេ ? » ។
គាត់បានងើយមើលយើងដោយរង្វង់ភែ្នកពណ៌ខ្មៅ ហាក់ដូចជាការនិយាយថា « នរណាគេរំខានការដេកពួនរបស់ខ្ញុំ ! ? » ក្រោយមកគាត់បាននិយាយដ៏ស្រទន់ថា « សាយ័ន្តសួស្តី » ។ យើងបានណែនាំខ្លួនយើងថាជាពួកអ្នកផ្សព្វផ្សាយសាសនា ហើយគាត់បានប្រាប់យើងភ្លាមថា គាត់ជាអ្នកបដិសេធព្រះ ហើយពុំជឿលើអ្វីទាំងអស់ ។ យើងបានសួរគាត់អំពីមូលហេតុ ដែលខ្ញុំគិតថាបានធ្វើឲ្យគាត់ភ្ញាក់ផ្អើល ។
« មែនហើយ ដោយសារ ម្តាយ ឪពុក បងស្រី និង ក្អួយស្រីខ្ញុំស្លាប់ក្នុងរយៈពេលតែមួយខែ ហើយខ្ញុំរស់នៅក្នុងក្តីរន្ធត់យ៉ាងខ្លាំងក្នុងជីវិតឯកោបែបនេះដោយសារតែរឿងនោះ ។ សាសនាមិនបានជួយអ្វីដល់ខ្ញុំឡើយ តែធ្វើឲ្យមានរឿងកាន់តែអាក្រក់ចំពោះខ្ញុំ » ។
យើងបានសួរគាត់ ថាតើគាត់ដឹងថាមនុស្សជាទីស្រឡាញ់របស់គាត់ទាំងនោះនៅទីណាទេ ។
គាត់និយាយថា « សពរបស់ពួកគេ ត្រូវបានបញ្ចុះក្នុងទីបញ្ចុះសពទីក្រុង កាតានៀ ពួកគេនៅទីនោះយូរហើយ » ។
យើងបានពន្យល់គាត់ពីពិភពវិញ្ញាណ និង ដំណើររស់ឡើងវិញ ។ យើងបានប្រាប់គាត់ថា សព្វថ្ងៃនេះ យើងម្នាក់ៗមានវិញ្ញាណ និង រូបកាយ ហើយថាសេចក្តីស្លាប់គឺជាការបែកចេញបណ្ដោះអាសន្នរវាងវិញ្ញាណ និង រូបកាយ ។ យើងបានប្រាប់គាត់ថា សមាជិកគ្រួសារគាត់កំពុងរង់ចាំគាត់ រហូតដល់ពួកគេគ្រប់រូបអាចត្រូវបានរួមគ្នាជាថ្មីឡើងវិញជាមួយរូបកាយពួកគេ ហើយរស់នៅជាមួយគ្នាជារៀងរហូតអស់កល្បជានិច្ច ។
គាត់បានមើលមុខពួកយើង ដោយស្រឡាំងកាំង ហើយបាននិយាយថា « ខ្ញុំពុំដែលយល់ពីរឿងទាំងនេះទេ ។ តើអ្នកអាចនិយាយរឿងទាំងនោះម្តងទៀតបានទេ ? »
ដូច្នេះយើងបាននិយាយរឿងគ្រប់យ៉ាងម្តងទៀត ។ ក្រោយមកគាត់បានញាក់ចិញ្ចើមដោយងឿងឆ្ងល់ហើយនិយាយថា « ឈប់សិន តើខ្ញុំមានវិញ្ញាណ និង រូបកាយឬ ? ហើយគ្រួសាររបស់ខ្ញុំកំពុងតែរង់ចាំខ្ញុំ ហើយកំពុងរៀនឥឡូវនេះឬ ? »
យើងអានខគម្ពីរមួយចំនួនចេញពី អាលម៉ា ៤០ ឲ្យគាត់ស្តាប់ ព្រមទាំងជំពូកផ្សេងទៀតៗ ហើយគាត់បានមើលមុខយើង ហើយសួរថា « បើអញ្ចឹងមែន ហេតុអ្វីបានជាខ្ញុំពុំដែលធ្លាប់ឮរឿងនេះពីមុន ? »
ខ្ញុំពុំដែលគិតសោះថាខ្ញុំជួបមនុស្សដែលពិតជាបន្ទាបខ្លួននៅក្នុងជីវិតរបស់ខ្ញុំឡើយ ។ បុរសម្នាក់នេះបានរង្វេងផ្លូវ ភ័ន្តច្រឡំយ៉ាងខ្លាំង ឯកោអស់ពេលជាយូរយារណាស់មកហើយ ។ គាត់បានស្តាប់អ្វីគ្រប់យ៉ាងដែលយើងបាននិយាយ ដោយប្រាប់ពួកយើងថាគាត់បានយល់តិចតួចពីរឿងនោះ ដោយសាររឿងទាំងនោះគាត់ពុំធ្លាប់ឮពីមុនឡើយ ប៉ុន្តែគាត់ចូលចិត្តរឿងទាំងនោះ ។
យើងបានបង្រៀនគាត់អំពីរបៀបដែលយើងអាចទទួលចម្លើយតាមរយៈការអធិស្ឋាន ។ គាត់ពុំបានអធិស្ឋានអស់ជាង ៣០ ឆ្នាំហើយ ហើយពេលចុងក្រោយគេដែលគាត់បានសូត្រការអធិស្ឋាននៅក្នុងព្រះវិហារនោះគឺតាំងពីគាត់នៅក្មេងម៉្លេះ ។ បន្ទាប់មកយើងបាននិយាយគ្នាអំពីចម្លើយមកពីព្រះវិញ្ញាណ គាត់បានសួរយើងថាតើអារម្មណ៍ពីព្រះវិញ្ញាណជាអារម្មណ៍បែបណា ។ ដោយសារអារម្មណ៍នោះវាផ្សេងៗពីគ្នាចំពោះមនុស្សម្នាក់ៗ នោះយើងទាំងពីរនាក់បានចែកចាយពីអារម្មណ៍នោះដែលពួកយើងមានរៀងៗខ្លួន ។ ខ្ញុំបានប្រាប់គាត់ថា ចំពោះខ្ញុំអារម្មណ៍នោះគឺដូចជាការឱបពីម្តាយរបស់អ្នក ក្រោយពីអ្នកមិនដែលជួបគាត់អស់កាលដ៏យូរ ។ ខ្ញុំទទួលអារម្មណ៍បំផុសគំនិតឲ្យសន្យានឹងគាត់ថា គាត់អាច ហើយនឹងមានអារម្មណ៍ដូចគ្នានេះ ជាអារម្មណ៍ដូចម្តាយគាត់ឱបគាត់ដែលម្តាយគាត់បានចាកចេញពីជីវិតគាត់អស់ពេលជាយូរមកហើយ ។
យើងបានសុំអធិស្ឋានជាមួយគាត់ ។ គាត់ពិតជាច្របូកច្របល់ ហើយបានសួរថា « អធិស្ឋានឥឡូវនេះមែនទេ ? នៅក្នុងសួនឧទ្យាននេះឬ ? »
ខ្ញុំបានប្រាប់គាត់ថា « យើងអាចអធិស្ឋាននៅគ្រប់ពេល គ្រប់ទីកន្លែងដែលយើងចង់ ។ ព្រះចង់ស្តាប់យើង ហើយជាពិសេសទ្រង់ពិតជាចង់ស្តាប់អ្នក ដោយសារទ្រង់ពុំដែលឮអ្នកអធិស្ឋានយូរមកហើយ » ។
គាត់ពុំធ្លាប់ឮការអធិស្ឋានពីមុនឡើយ ដែលពុំមែនជាការអធិស្ឋានសូត្រចាំនោះទេ ដូច្នេះគាត់មានចិត្តអន្ទះសារចង់អធិស្ឋានជាខ្លាំង ។ យើងបានឱនក្បាល ហើយដៃគូរបស់ខ្ញុំបានអធិស្ឋានសម្រាប់មិត្តភក្តិថ្មីរបស់យើង អាលហ្វីអូ ហើយបានទូលសុំពរជ័យ ជំនួយ និង ការលួងលោមចិត្តដល់គាត់ ។ គាត់បានសុំឲ្យអាលហ្វីអូទទួលចម្លើយដែលថាគ្រួសាររបស់គាត់មានសុខសុវត្ថិភាព ហើយថាពិតជាមានព្រះមែន ។ យើងបានអធិស្ឋានចប់ ហើយអាលហ្វីអូបានមើលមុខពួកយើងដោយបើកភ្នែកធំៗ ។
គាត់បាននិយាយថា « ខ្ញុំត្រូវតែប្រាប់អ្នកនូវអ្វីមួយ ។ ខ្ញុំពុំមែនជាមនុស្សម្នាក់ដែលកុហកឡើយ ជាពិសេសចំពោះរឿងបែបនេះ ។ ខ្ញុំមានអារម្មណ៍ថា ម្តាយខ្ញុំទើបតែឱបខ្ញុំយ៉ាងណែន ។ ខ្ញុំពុំធ្លាប់មានអារម្មណ៍ថានរណាម្នាក់ឱបខ្ញុំជាយូរយារណាស់មកហើយ ។ វាជាអារម្មណ៍ល្អណាស់ ។ ខ្ញុំចង់ដឹងថាតើខ្ញុំអាចមានអារម្មណ៍បែបនេះម្តងទៀតយ៉ាងដូចម្តេច ដោយសារខ្ញុំចង់មានអារម្មណ៍បែបនេះទៀត » ។
ថ្ងៃស្អែកឡើងយើងជួបគ្នាម្តងទៀត ។ អាលហ្វីអូ បានអង្គុយនៅក្បែរយើងនៅលើកៅអីដដែលនោះ ហើយបាននិយាយថា « អែលឌើរ ពេញមួយជីវិតហើយដែលខ្ញុំបានដើរដោយពាក់មួកជាប់អាវនេះ ហើយឈ្ងោកមុខសម្លឹងមើលតែដីទេ ។ ខ្ញុំមិនធ្លាប់ដើរងើយមុខទាល់តែសោះ ។ ចាប់តាំងពីការអធិស្ឋាននោះមក ខ្ញុំបានដើរដោយងើយមុខឡើង ហើយខ្ញុំអាចមើលអ្វីៗគ្រប់យ៉ាង ។ ពិភពលោកនេះស្រស់ត្រកាលណាស់ » ។
វាមិនមែនជារឿងភ្ញាក់ផ្អើលឡើយ យើងបានបន្តជួយអាលហ្វីអូ ឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ ទទួលពន្លឺបន្ថែម ព្រមទាំងមានជីវិតកាន់តែប្រសើរឡើង ។ បុរសម្នាក់មើលទៅគួរឲ្យខ្លាច អង្គុយលើកៅអី ដែលទំនងថាគាត់ស្អប់យើងគឺពិតជាមនុស្សម្នាក់ដែលស្រែកអំពាវនាវ សុំនូវសេចក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ម្តងទៀត ។