ឆ្នាំ​២០១៦
ជើង​ឯក​នៃ​ថ្ងៃ​ឈប់​សម្រាក
June 2016


ជើង​ឯក​នៃ ថ្ងៃ​ឈប់​សម្រាក

អ្នក​និពន្ធ​រស់នៅ​រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។

ខ្ញុំ​មិន​ធ្លាប់​គិត​សោះ​ថា ជម្រើស​របស់​យើង​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ នឹង​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជាច្រើន ។

rugby team

រចនាលំអ​រូបថត​របស់​ក្រុម​បាល់​ឱប​ស្ត្រី ( ប៊ី.វ៉ាយ.យូ. ) និង ប៉ុល មែយើរ

នៅពេល​គ្រូបង្វឹក​បាល់​ឱប​របស់​ខ្ញុំ​បាន​ប្រាប់​ក្រុម​របស់​យើង​ថា ការប្រកួត​កីឡា​វគ្គ​ចុង​ក្រោយ​ថ្នាក់​ជាតិ​របស់​យើង​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ អ្វី​ដែល​ខ្ញុំ​អាច​គិត​នោះ​គឺ​ថា « ហេតុអី​ទើប​តែ​ប្រាប់​ពេល​នេះ ? »

ក្រុម​របស់​ខ្ញុំ គឺ​ក្រុម​បាល់​ឱប​ស្ត្រី​របស់​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់​ឆ្នាំ ២០១០ បាន​រៀបចំ​ខ្លួន​សម្រាប់​ការប្រកួត​ជើង​ឯក​ពេញ​មួយ​រដូវ​កាល​នោះ ។ យើង​បាន​ទន្ទឹង​រង់ចាំ​លេង​ជាមួយ​ក្រុម​ដែល​បាន​ឈ្នះ​យើង​កាល​ពី​ការប្រកួត​ឆ្នាំ​មុន ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា​យើង​អាច​ឈ្នះ​បាន—យើង​មាន​កីឡាករ​ដ៏​ខ្លាំង​ពូកែ​មួយ​ចំនួន​នៅក្នុង​ប្រទេស ។ យើង​ចង់​បង្ហាញ​ខ្លួន​យើង​ទៅ​កាន់​ក្រុម​បាល់​ឱប​ពិភពលោក ដោយ​យក​ជ័យ​ជា​ជើង​ឯក​ថ្នាក់​ជាតិ ប៉ុន្តែ​ព្រះវរបិតាសួគ៌​មាន​ផ្លូវ​មួយ​ផ្សេង​ទៀត​សម្រាប់​យើង ។

ការនៅ​បន្ត​កាន់ខ្ជាប់​នូវ​បទដ្ឋាន​របស់​យើង

មន្ត្រី​នៃ​ការប្រកួត​កីឡា​នោះ​បាន​បញ្ជាក់​ដល់​យើង​ថា​ការប្រកួត​របស់​យើង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ និង ថ្ងៃសៅរ៍ ប៉ុន្តែ​ដោយសារ​តែ​កំហុស​មួយ នោះ​ការប្រកួត​បែរ​ទៅ​ជា​ដាក់​នៅ ថ្ងៃ​សៅរ៏ និង ថ្ងៃ​អាទិត្យ​ទៅវិញ ។ យើង​ពុំ​បាន​ដឹង​ពី​កំហុស​នោះ​ឡើយ រហូត​សល់​តែ​ប្រាំ​ថ្ងៃ​ពីមុន​ការប្រកួត​នោះ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង សាន់ហ្វត រដ្ឋ ហ្លូរីដា ស.រ.អា. ។ ដោយសារ​បាល់​ឱប​ស្ត្រី​ពុំ​មែន​ជា​ក្រុមកីឡា​ផ្លូវការ​មួយ​របស់​ក្រុម ប៊ី.វ៉ាយ.យូ. នៅ​គ្រានោះ ដូច្នេះ​យើង​ជា​អ្នក​សម្រេច​ចិត្ត​ថា​លេង ឬ មិន​លេង​វា ។ យើង​បាន​ជ្រើស​ពុំ​លេង​វា​ឡើយ ។ វា​គឺ​ជា​ការសម្រេច​ចិត្ត​ដ៏​ឯកច្ឆន្ទ​មួយ ហើយ​គ្មាន​នរណា​ម្នាក់​ត្អូញត្អែរ​ឡើយ ។

ការលេង​នៅ​ថ្ងៃ​អាទិត្យ​គឺ​ពុំ​មែន​ជា​ជម្រើស​មួយ​ឡើយ ។ សម្រាប់​ខ្ញុំ វា​មិន​ធ្លាប់​កើត​ឡើង​ឡើយ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ហើយ​គោរព​តាម​បទបញ្ញត្តិ​នោះ​ពេញ​មួយ​ជីវិត​ខ្ញុំ ។ ការគោរព​តាម​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌​យើង​គឺ​រិត​តែ​សំខាន់​ជាង​ការប្រកួត​កីឡា​បាល់​ឱប​នេះ​ទៅ​ទៀត ។

ប៉ុន្តែ​ការ​ដឹង​ថា​យើង​កំពុង​ធ្វើ​ទង្វើ​ត្រឹមត្រូវ ពុំ​បាន​ធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​ជាង​នោះ​ឡើយ ។ យើង​ស្រងាក​ចិត្ត​នៅពេល​យើង​ជិះ​យន្តហោះ​ទៅ​រដ្ឋ ហ្លូរីដា បើ​ទោះ​ជា​យើង​ឈ្នះ ឬ ចាញ់​ក្តី ថ្ងៃ​សៅរ៍​គឺ​ជា​ការប្រកួត​ចុងក្រោយ​របស់​យើង ។

បន្ទាប់​ពី​ទៅដល់​រដ្ឋ ហ្លូរីដា យើង​បាន​ទទួល​ទូរសព្ទ មួយ​មក​ពី​អ្នក​យក​ព័ត៌មាន New York Times ដែល​ចង់​ដឹង​ព័ត៌មាន​របស់​ពួកយើង ។ យើង​មាន​ការភ្ញាក់ផ្អើល​ណាស់ ។ យើង​ពុំ​ធ្លាប់​រំពឹង​ទុក​ថា​មាន​អ្នក​ខ្វល់ខ្វាយ​ពី​ជម្រើស​របស់​យើង ដើម្បី​គោរព​ថ្ងៃ​ឈប់​សម្រាក​នោះ​ឡើយ ទោះបី​ជា​ក្រុមហ៊ុន​កាសែត​តូច​មួយ​ក៏​ដោយ ។

ប្រសិនបើ​កាលវិភាគ​ប្រកួត​មិន​ខុស​ទេ នោះ​យើង​ប្រហែល​ជា​កំពុង​ប្រកួត​បាល់​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​នោះ​យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ អូលែនដូ ហ្លូរីដា​ដើម្បី​ធ្វើ​ពីធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​វិញ ។ បន្ទាប់​ពី​ធ្វើ​ពិធី​បរិសុទ្ធ​នោះ​រួច ប្រធាន​ព្រះវិហារ​បរិសុទ្ធ​បាន​និយាយ​មក​កាន់​ពួក​យើង ។ លោក​បាន​ទាញ​យក​អត្ថបទ​មួយ​ដែល​បាន​សរសេរ​អំពី​ពួកយើង ហើយ​អាន​នូវ​ការបញ្ចេញ​មតិ​របស់​អ្នក​អាន​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​លើ​អ៊ិនធើរណែត ក្នុង​ការគាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​យើង ។

ក្រោយ​មក​ទៀត​គ្រូបង្វឹក​របស់​យើង​បាន​អាន​ការបញ្ចេញ​មតិ​បន្ថែម​ទៀត​ដែល​គាត់​បាន​ទទួល ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង មនុស្ស​ដទៃ​ទៀត​បាន​ថ្លែង​អំណរគុណ​ដល់​យើង ចំពោះ​គំរូ​យើង ហើយ​បាន​ប្រាប់​យើង​ថា វា​ល្អ​វិសេស​ដើម្បី​ឃើញ​មនុស្ស​ដែល​បន្ត​នៅ​កាន់ខ្ជាប់​នូវ​បទដ្ឋាន​របស់​ខ្លួន ។ ពាក្យ​សម្តី​របស់​ពួកគេ​បាន​លើកស្ទួយ​វិញ្ញាណ​របស់​យើង ។ នោះ​គឺ​ជា​ពេល​ដែល​យើង​បាន​ចាប់ផ្តើម​ដឹង​ពី​ឥទ្ធិពល​ដែល​យើង​អាច​មាន​ដោយ​ពុំចាំ​បាច់​ក្លាយ​ជា​ជើង​ឯក​ជម្រើស​ជាតិ​ឡើយ ។

ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​ពួក​យើង ប៉ុន្តែ​ខ្ញុំ​ពុំ​ធ្លាប់​គិត​សោះ​ថា​មាន​នរណា​ទៀត​កំពុង​មើល​ពួក​យើង​ឡើយ ។ ចម្លើយ​ចំពោះ​ការសម្រេចចិត្ត​របស់​យើង​បាន​ផ្តល់​នូវ​គោលបំណង​ថ្មី​សម្រាប់​ការនៅក្នុង​រដ្ឋ ហ្លូរីដា ៖ យើង​ពុំ​បាន​នៅ​ទីនោះ​ដើម្បី​ឈ្នះ​ការប្រកួត​ឡើយ ប៉ុន្តែ​ដើម្បី​យើង​ការពារ​បទដ្ឋាន​របស់​យើង ។

ផ្លូវ​ដ៏​ល្អ​ប្រសើរ

នៅ​ថ្ងៃ​សៅរ៍​បាន​ចូលមក​ដល់ ហើយ​យើង​បាន​ឈ្នះ​ការប្រកួត​របស់​យើង ៤៦ ទល់​នឹង ៧ ។ ក្រោយ​មក យើង​បាន​ដើរ​ទៅ​កាន់​មន្ត្រី​រៀបចំ​ការប្រកួត​នោះ ហើយ​បាន​ប្រាប់​ពួកគេ​ថា យើង​សូម​ចុះចាញ់​ការប្រកួត​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ—ដែល​ជា​ក្រុម​ដែល​បាន​ប្រកួត​ឈ្នះ​យើង​កាល​ពី​ឆ្នាំ​មុន​នោះ ។ ខ្ញុំ​បាន​ខកចិត្ត​ដែល​រដូវកាល​ប្រកួត​របស់​យើង​បាន​បញ្ចប់​ទៅ​បែប​នេះ ។ ខ្ញុំ​ប្រាថ្នា​ថា ពួកយើង​អាច​លេង​ជាមួយ​ក្រុម​នេះ ប៉ុន្តែ​ខ្ញុំ​ពុំ​ប្រាថ្នា​ចង់​លេង​ជាមួយ​ពួកគេ ឬ ក្រុម​ណា​ទៀត​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។

មាន​អត្ថបទ​ជាច្រើន​បាន​សរសេរ​អំពី​ពួកយើង ហើយ​យើង​បាន​បន្ត​ទទួល​បាន​លិខិត និង អ៊ីម៉ែល​គាំទ្រ​ជាច្រើន ។ តាមរយៈ​ការការពារ​នូវ​បទដ្ឋាន​របស់​យើង នោះ​យើង​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​យើង​អាច​ជួប ប្រសិនបើ​យើង​ឈ្នះ​ជា​ជើង​ឯក​នោះ ។

ខ្ញុំ​បាន​រៀន​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ឲ្យ​ដឹកនាំ​ខ្ញុំ​ទៅរក​ផ្លូវ​ដែល​ល្អ​ប្រសើរ​ជាង​ដែល​មាន​ក្នុង​គំនិត​ខ្ញុំ​ផ្ទាល់ ។ ក្រុម​របស់​ខ្ញុំ​ចង់​បង្ហាញ​ខ្លួន​ពួកគេ តាមរយៈ​ការ​ក្លាយ​ជា​ជើង​ឯក ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​យើង​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​នូវ​ទង្វើ​មួយ​ផ្សេង​ពី​នោះ​ទាំងស្រុង ។ ទ្រង់​បាន​ដឹកនាំ​យើង​ទៅ​កាន់​ឱកាស​មួយ​ដើម្បី​ធ្វើ​ជា​គំរូ នៅពេល​យើង​បាន​គិត​ថា​គ្មាន​នរណា​ម្នាក់​កំពុង​មើល​មក​យើង​នោះ ហើយ​ទ្រង់​អាច​ប្រើ​យើង​សម្រាប់​សេចក្តីល្អ ដោយសារ​យើង​បាន​ជ្រើសរើស​ដើម្បី​គោរព​តាម ។