តើអ្វីដែលសំខាន់បំផុតចំពោះខ្ញុំ ?
អ៊ីឡេអូណូរ៉ា សុនណេលីនី ទីក្រុង ទ្រីស ប្រទេស អ៊ីតាលី
រូបគំនូរដោយ ស្ទេន ហ្វែឡូ
ប្រហែលជាពាក់កណ្តាលឆ្នាំទីបីនៃមហាវិទ្យាល័យរបស់ខ្ញុំ នោះខ្ញុំបានដឹងថាប្រាក់ដែលខ្ញុំបានសន្សំសម្រាប់បង់ថ្លៃជួលផ្ទះ និង ថ្លៃ ទឹកភ្លើងនឹងមិនគ្រប់គ្រាន់រហូតដល់រដូវក្តៅនេះឡើយ ។ នៅគ្រានោះ ជាពេលដែលខ្ញុំអាចធ្វើការ ដើម្បីបង់ថ្ងៃសិក្សាសម្រាប់ឆមាសបន្ទាប់ ។ ខ្ញុំបានធ្វើការក្រៅម៉ោងជាជំនួយការហាងលក់ទំនិញ ។
កិច្ចការនោះបានដំណើរការបានយ៉ាងល្អ រហូតដល់កាលវិភាគធ្វើការរបស់ខ្ញុំបានផ្លាស់ប្តូរទៅធ្វើនៅថ្ងៃអាទិត្យវិញ ។ អំឡុងពេលសម្ភាសការងារនោះ ខ្ញុំពុំបាននិយាយអ្វីអំពីការពុំធ្វើការនៅថ្ងៃអាទិត្យឡើយ ដោយសារពេលនោះហាងបិទនៅថ្ងៃអាទិត្យ ។ ទោះបីជាយ៉ាងណាក៏ដោយ ការងារនោះសំខាន់ចំពោះខ្ញុំណាស់ ហើយខ្ញុំចូលចិត្តអ្វីដែលខ្ញុំកំពុងធ្វើ ។ ខ្ញុំបានធ្វើការជាមួយមិត្តម្នាក់ ហើយយើងទាំងពីរនាក់សម្រាកថ្ងៃអាទិត្យពីរដង និង ធ្វើការថ្ងៃអាទិត្យពីរដងក្នុងមួយខែ ។ ការណ៍នេះអាចឲ្យខ្ញុំចូលរួមការប្រជុំនៅព្រះវិហារ និង ចូលរួមការហៅបម្រើរបស់ខ្ញុំបានមួយចំនួន ។
ប៉ុន្តែ មិនយូរក្រោយមក ខ្ញុំបានឃើញថា ខ្ញុំពុំអាចធ្វើតាមកាលវិភាគនេះទៀតឡើយ ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំពុំអាចបំពេញការទទួលខុសត្រូវរបស់ខ្ញុំនៅថ្ងៃអាទិត្យ ទោះបីជាខ្ញុំពុំធ្វើការរាល់ថ្ងៃអាទិត្យក្តី ។ ខ្ញុំបានចាប់ផ្តើមសួរខ្លួនឯងថា តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីផ្លាស់ប្តូរស្ថានភាពនេះ ។ បន្ទាប់ពីខ្ញុំបានអធិស្ឋានទូលសួរសុំនូវផ្លូវមួយ ដើម្បីបន្ទន់ចិត្តរបស់អ្នកគ្រប់គ្រងខ្ញុំ នោះខ្ញុំបានអាន នីហ្វៃទី ១ ៧។ ខ្ញុំបានចាំថាអានខទី ១៩ កន្លែងដែលនីហ្វៃបានអធិស្ឋាន ហើយចិត្តរបស់បងប្អូនលោកត្រូវបានបន្ទន់ ។ ទីបំផុតខ្ញុំអាចនិយាយជាមួយនិយោជករបស់ខ្ញុំអំពីការមិនធ្វើការនៅថ្ងៃអាទិត្យ ។
ខ្ញុំបានប្រាប់អ្នកគ្រប់គ្រងខ្ញុំថា ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយពួកគាត់បានសួរខ្ញុំអំពីសេចក្តីជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅពេលខ្ញុំបានសុំពួកគេដើម្បីឈប់សម្រាកនៅថ្ងៃអាទិត្យ ចម្លើយពួកគេគឺពុំអាចឈប់បានឡើយ ។ ពួកគេបានលើកបង្ហាញថា អំឡុងពេលសម្ភាសលើកដំបូងរបស់ខ្ញុំ ខ្ញុំបាននិយាយថាខ្ញុំអាចធ្វើការថ្ងៃណាក៏បាននៅក្នុងមួយសប្តាហ៍ ហើយពុំធ្លាប់បាននិយាយអ្វីពីតម្រូវការនៃសាសនាឡើយ ។
អស់ពេលជាច្រើនខែបានកន្លងផុតទៅដោយគ្មានការផ្លាស់ប្តូរអ្វីឡើយ រហូតដល់ថ្ងៃអាទិត្យមួយ ខ្ញុំបានប្រញាប់ប្រញាល់ចេញពីការប្រជុំនៅព្រះវិហារដើម្បីទៅធ្វើការ ។ ខ្ញុំបានសួរខ្លួនឯងថា « តើអ្វីដែលសំខាន់បំផុតចំពោះអ្នក ? » ចម្លើយបានមកភ្លាមៗ ហើយពុំអាចប្រកែកបាន ៖ គឺព្រះវិហារ ដំណឹងល្អ ការបម្រើក្នុងការហៅរបស់ខ្ញុំ ការចូលរួមការប្រជុំនៅថ្ងៃអាទិត្យដោយអស់ពីដួងចិត្តខ្ញុំ និង ភាពជាសិស្សទាំងពាក្យសម្តី និង ទង្វើ ។
ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងសុំមិនធ្វើការនៅថ្ងៃអាទិត្យសារជាថ្មីម្តងទៀត ប៉ុន្តែលើកនេះ ខ្ញុំនឹងសុំដោយមានសរសេរលិខិតលាឈប់ពីការងារផងដែរ ក្នុងករណីដែលពួកគាត់ប្រាប់ខ្ញុំថាពុំអាចឈប់បាននោះជាលើកទីពីរ ។
ខ្ញុំបានអធិស្ឋាន តមអាហារ ហើយបានទទួលសារគាំទ្រពីមិត្តភក្តិ ។
ដល់ពេលសម្ភាសនោះ ទោះបីជាចិត្តខ្ញុំភ័យញាប់ញ័រក្តី ក៏ខ្ញុំមានភាពសុខសាន្ត ដោយសារខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វីដែលត្រឹមត្រូវ ។ ម្តងនេះ អ្នកគ្រប់គ្រងរបស់ខ្ញុំបានឆ្លើយថា ខ្ញុំអាចឈប់បាន ។ ខ្ញុំបានទទួលចម្លើយចំពោះការអធិស្ឋានខ្ញុំ ។ ខ្ញុំបានហែកលិខិតលាឈប់ពីការងារខ្ញុំចោលភ្លាមពេលខ្ញុំទៅដល់ផ្ទះ ។
ខ្ញុំបានទទួលពរជ័យជាច្រើនមកពីបទពិសោធន៍នេះ ប៉ុន្តែពរជ័យភ្លាមៗ និង ជាក់ស្តែងបំផុតនោះ គឺថាខ្ញុំអាចរក្សាការងារខ្លួន ហើយនៅតែអាចរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ ចំពោះការណ៍នេះខ្ញុំពិតជាមានអំណរគុណចំពោះព្រះអម្ចាស់ណាស់ ។