សារលិខិតបង្រៀនសួរសុខទុក្ខ
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមស្វែងរកអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងពី« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្កើនសេចក្តីជំនឿរបស់អ្នកទៅលើព្រះ ហើយប្រទានពរដល់អ្នកទាំងឡាយដែលអ្នកមើលថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេច ? ចំពោះព័ត៌មានបន្ថែម សូមទស្សនាគេហទំព័រ reliefsociety.lds.org ។
សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ
គ្រប់ពិធីបរិសុទ្ធទាំងអស់ដែលមានភាពចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និង ភាពតម្កើងឡើង គឺត្រូវបានផ្សារភ្ជាប់មកជាមួយនូវសេចក្តីសញ្ញាជាមួយព្រះ ។ ស៊ិស្ទើរ លីនដា ខេ ប៊ើតុន ប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍ថា « ការធ្វើ និងការរក្សាសេចក្ដីសញ្ញាមានន័យថា ជាការជ្រើសរើសដើម្បីចងភ្ជាប់ខ្លួនយើងទៅនឹងព្រះបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទ ។១
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ « ព្រះអម្ចាស់មានព្រះបន្ទូលថា ‹ នៅក្នុងពិធីបរិសុទ្ធ… អំណាចនៃភាពជាព្រះគឺត្រូវបានបង្ហាញចេញមក › ។
« មានពរជ័យពិសេសៗពីព្រះសម្រាប់មនុស្សគ្រប់រូប ដែលធ្វើបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ និងទទួលទានសាក្រាម៉ង់យ៉ាងទៀងទាត់ » ។២
អែលឌើរ អិម រ័សុល បាឡឺដក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានប្រសាសន៍ថា « ពេលបុរស និង ស្ត្រីទៅព្រះវិហារបរិសុទ្ធ ពួកគេទាំងពីរនាក់ បានទទួលអំណាចដូចគ្នាដែលជាអំណាចបព្វជិតភាព…
…បុរស និង ស្ត្រីគ្រប់រូប មានសិទ្ធប្រើប្រាស់អំណាចនេះ សម្រាប់ជាជំនួយក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ អស់អ្នកទាំងឡាយណាដែលធ្វើសេចក្តីសញ្ញាពិសិដ្ឋជាមួយព្រះអម្ចាស់ និង អស់អ្នកទាំងឡាយណាដែលគោរពតាមសេចក្តីសញ្ញាទាំងនោះ មានសិទ្ធិទទួលបាននូវវិវរណៈផ្ទាល់ខ្លួន ត្រូវបានប្រទានពរដោយការបម្រើរបស់ពួកទេវតា ទាក់ទងជាមួយព្រះ ទទួលបាននូវភាពពោរពេញនៃដំណឹងល្អ ហើយទីបំផុតក្លាយជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទនូវអ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ។៣
បទគម្ពីរបន្ថែម
នីហ្វៃទី ១ ១៤:១៤; គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣; ៩៧:៨; ១០៩:២២
រឿងពិតដែលបានកើតឡើង
នៅក្នុងឆ្នាំ ២០០៧ បួនថ្ងៃបន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងនៅក្នុងប្រទេសប៉េរូ អែលឌើរ ម៉ាកឹស ប៊ី ណាស្ស នៃពួកចិតសិបនាក់បានជួបប្រធានបេសកកម្ម វីនសេសឡោ ខុនដេ និង ភរិយារបស់លោក ផាមេឡា ។ « អែលឌើរ ណាស្ស បានសួរបងស្រី ខុនដេ ថា តើកូនតូចៗរបស់នាងយ៉ាងម៉េចដែរ ។ នាងបានតបទាំងញញឹមថា តាមរយៈព្រះគុណនៃព្រះពួកគេទាំងអស់មានសុខសុវត្ថិភាពល្អ ។ លោកបានសួរពីផ្ទះរបស់គ្រួសារខុនដេ ។
នាងបានតបដោយសាមញ្ញថា « ‹ វាខ្ទេចខ្ទីអស់ហើយ › ។
…អែលឌើរ ណាស្សបានពោលថា « ប៉ុណ្ណឹងហើយ បងស្រីនៅនិយាយទាំងញញឹមទៀត › ។
នាងបានតបថា « មែនហើយ ខ្ញុំបានអធិស្ឋាន ហើយខ្ញុំមានភាពសុខសាន្តក្នុងចិត្ត ។ យើងមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ ។ យើងមានគ្នីគ្នា យើងមានកូនចៅយើង យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ យើងមានសាសនាចក្រដ៏អស្ចារ្យ ហើយយើងមានព្រះអម្ចាស់ ។ យើងអាចសង់ផ្ទះរបស់យើងម្ដងទៀតបានដោយមានជំនួយពីព្រះអម្ចាស់ › ។ …
« តើអ្វីទៅជាការធ្វើ និង ការរក្សាសេចក្ដីសញ្ញាជាមួយនឹងព្រះ ដែលប្រទានអំណាចឲ្យយើងញញឹមនៅក្នុងគ្រាដ៏លំបាក ដើម្បីកែប្រែទុក្ខព្រួយឲ្យទៅជាជ័យជំនះ… ? »
« ប្រភពនោះគឺជាព្រះ ។ សិទ្ធិរបស់យើងដើម្បីប្រើប្រាស់អំណាចនោះគឺតាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ » ។៤