អ្វីដែលយើងជឿ
យើងជឿលើការធ្វើតាមព្យាការី
ដូចជាសាសនាចក្រកាលពីជំនាន់ដើមដែល ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាឡើងអំឡុងពេលបម្រើនៃជីវិតរមែងស្លាប់របស់ទ្រង់ នោះសាសនាចក្រសព្វថ្ងៃនេះ « ត្រូវបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:២០ ) ។ យើងមានពួកសាវកដប់ពីរនាក់ ព្រមទាំងប្រធានសាសនាចក្រ និង ទីប្រឹក្សារបស់លោក ដែលជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ពួកលោកត្រូវបានហៅដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និង បង្រៀនដំណឹងល្អរបស់ទ្រង់នៅទូទាំងពិភពលោក ។
ព្រះអង្គសង្គ្រោះជ្រើសរើសពួកព្យាការីរបស់ទ្រង់ ហើយរៀបចំពួកលោកឲ្យមានបទពិសោធន៍ជាច្រើនដើម្បីដឹកនាំសាសនាចក្រនេះ ។ នៅពេលសមាជិកសាសនាចក្រនិយាយពាក្យថាព្យាការី គឺពួកគេកំពុងនិយាយសំដៅដល់ប្រធានសាសនាចក្រ ដែលជាបុគ្គលតែម្នាក់គត់នៅលើផែនដីនេះ ដែលអាចទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។
ដោយសារតែប្រធានសាសនាចក្រនិយាយជំនួសព្រះអម្ចាស់ ( សូមមើល គ. និង ស. ១:៣៨ ) វាពុំមែនជារឿងឆ្លៀសវៃដើម្បីគ្រាន់តែរើសយកផ្នែកនានាដែលយើងចង់ធ្វើតាមពីការទូន្មានរបស់លោកឡើយ ។ ផ្ទុយទៅវិញ យើងត្រូវធ្វើតាមការទូន្មាន និង ការអញ្ជើញដូចដែលយើងបានទទួលឱវាទទាំងនោះផ្ទាល់ពីព្រះយេស៊ូវគ្រីស្ទ « ដោយសេចក្តីអត់ធន់ និង សេចក្តីជំនឿគ្រប់យ៉ាង » ( គ. និង ស. ២១:៥ ) ។
នៅពេលយើងជ្រើសរើសស្តាប់ និង ធ្វើតាមព្យាការី និង សាវកដទៃផ្សេងទៀត នោះយើងនឹងទទួលពរនៅក្នុងការខិតខំរបស់យើងដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយយើងត្រូវបានការពារពីអសន្តិសុខ ព្រមទាំងសេចក្តីឆបោករបស់ផងមនុស្ស ( សូមមើល អេភេសូ ៤:១១–១៤ ) ។
ឧទាហរណ៍ យើងរកឃើញសុវត្ថិភាពខាងវិញ្ញាណ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរសីលធម៌ និង គុណតម្លៃ តាមរយៈការរស់នៅតាមបែបផែនជីវិតដែលពុំអាចផ្លាស់ប្តូរបាន ដែលព្យាការីនិង ពួកសាវកបង្រៀន ។ យើងក៏រកឃើញសុវត្ថិភាពខាងសាច់ឈាមនៅក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការី ឲ្យចៀសវាងពីបំណុល ចេះសន្សំប្រាក់ និង ស្តុកអាហារទុក ។
ដោយសារប្រធានសាសនាចក្រ និង ពួកសាវកបានថ្វាយពេលវេលានៃជីវិតរបស់ពួកលោកចំពោះកិច្ចការរបស់ព្រះអម្ចាស់—ដោយធ្វើដំណើរជុំវិញពិភពលោកដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ បង្រៀនពួកបរិសុទ្ធ ហើយគ្រប់គ្រងលើកិច្ចការរដ្ឋបាលនៃសាសនាចក្រទូទាំងពិភពលោក—នោះទ្រង់គាំទ្រ និង ប្រទានពរដល់ពួកលោក និង ក្រុមគ្រួសាររបស់ខ្លួន ។ យើងក៏គាំទ្រដល់ពួកលោក នៅពេលយើងអធិស្ឋានសម្រាប់ពួកលោក ធ្វើតាមដំបូន្មានរបស់ពួកលោក ហើយព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ដល់ពួកយើងអំពីសេចក្តីពិតដែលពួកលោកបង្រៀន ។
នៅពេលយើងគាំទ្រដល់ព្យាការី និង ពួកសាវក នោះយើងទទួលបានទីបន្ទាល់មួយអំពីពួកលោកថាជាអ្នកបម្រើរបស់ព្រះ ។ ទោះបីជាពួកលោកមិនល្អឥតខ្ចោះក្តី ព្រះវរបិតាសួគ៌នឹងមិនអនុញ្ញាតឲ្យពួក លោកដឹកនាំយើងឲ្យវង្វេងឡើយ ( សូមមើល ចោទិយកថា ១៨:១៨–២០ ) ។
រូបគំនូរដោយ ជេ ប៊េត ចិបសុន