មនុស្សគ្រប់គ្នាអាចរៀនពីព្យាការី
ហែនរី ស៊ីរ៉ន ស៊ីញ័រ រដ្ឋ ហាវ៉ៃ ស.រ.អា.
រូបគំនូរដោយ អេលែន ហ្គានស៍
កាលខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំបានធ្វើការនៅសណ្ឋាគារមួយនៅទីក្រុង កៃលូ កូណា ហាវ៉ៃ ស.រ.អា. ។ ដោយធ្វើជាអ្នកជញ្ជូនឥវ៉ាន់ពីឡាន នោះខ្ញុំបានជួបមនុស្សល្បីៗជាច្រើននាក់ដែលជាភ្ញៀវនៃសណ្ឋាគារ រួមមាន ចន វែនី ដូរូធី ឡាម័រ និង អេសធើរ វិល្លាម ។
នាល្ងាចមួយ បន្ទាប់ពីភ្ញៀវជាច្រើនបានមកដល់ ខ្ញុំបានឆ្លៀតពេលសម្រាកបន្តិចនៅខាងមុខសណ្ឋាគារនោះ នៅពេលឡានពណ៌ខ្មៅដ៏ប្រណិតមួយបានឈប់លើចិញ្ចើមថ្នល់ ហើយមានមនុស្សប្រាំពីរនាក់បានចុះពីឡាន ដោយស្លៀកខោខ្មៅ អាវ-ស និង ក្រវ៉ាត់ក ។ មានបុរសម្នាក់ទៀតពាក់ខោអាវធំពណ៌ខ្មៅបានដើរចេញមកជាមួយពួកគេ ។ បន្ទាប់ពីតៃកុងឡានបានចតឡានរួច ពួកគេទាំងអស់គ្នាបានចូលទៅបន្ទប់អាហារដើម្បីបរិភោគអាហារពេលល្ងាច ។ ខ្ញុំបានគិតថា ពួកគេដូចជាពួក អ្វែហ ប៊ី អាយ នៅពេលខ្ញុំបានត្រឡប់ទៅក្នុងសណ្ឋាគារវិញ ដើម្បីបន្តភារៈកិច្ចខ្ញុំ ដោយបម្រើសេវ៉ាតាមបន្ទប់ ។
មួយម៉ោងក្រោយមក ខ្ញុំបានចេញមកក្រៅសណ្ឋាគារម្តងទៀតជក់បារី ខ្ញុំបានឃើញមនុស្សមួយក្រុមដដែលនោះ ដែលខ្ញុំបានឃើញពីមុនបានត្រឡប់មកឡានរបស់ពួកគេវិញ ហើយរង់ចាំនៅចិញ្ចឹមថ្នល់ ។ ពួកគេបានដើរទៅកាន់ឡានរបស់ខ្លួន ហើយបានបើកទ្វារឡានខាងក្រោយ ឲ្យបុរសពាក់ខោអាវធំខ្មៅនោះចូល ។ ផ្ទុយទៅវិញបុរសពាក់ខោអាវធំខ្មៅនោះពុំចូលឡានទេ លោកបានឈប់ បែរមកក្រោយហើយងាកមើលខ្ញុំ ហើយដើរសំដៅមកខ្ញុំដែលកំពុងផ្អែកខ្នងទៅនឹងជញ្ជាំងអគារ ។
គាត់ខ្ពស់ ហើយស្គម ដោយពាក់វ៉ែនតាតូចស្តើង ព្រមទាំងមានពុកចង្កាស្តើងជុំវិញមាត់ ។ គាត់បានលូកដៃមកចាប់ដៃខ្ញុំ ហើយដាក់ដៃម្ខាងទៀតលើស្មាខ្ញុំ ។ ខ្ញុំមានការភ្ញាក់ផ្អើលថា បុរសដែលមើលទៅមានភាពថ្លៃថ្នូរបានមក ហើយនិយាយជាមួយខ្ញុំ ដែលជាយុវជនម្នាក់ដែលគាត់មិនស្គាល់សោះ ។
ខ្ញុំពុំអាចចាំអស់ពីពាក្យដែលគាត់និយាយមកកាន់ខ្ញុំឡើយ ក្រៅពីពាក្យថា « សារធាតុទាំងនោះមិនល្អសម្រាប់អ្នកឡើយ » គាត់កំពុងតែនិយាយអំពីការជក់បារីរបស់ខ្ញុំ ។ ចិត្តសប្បុរស និង អត្តចរិតរបស់គាត់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ។
មួយឆ្នាំជាងក្រោយមក ខ្ញុំបានរៀនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានជ្រមុជទឹក ។
ខណៈកំពុងមើលរូបភាពរបស់ថ្នាក់ដឹកនាំសាសនាចក្រ នោះខ្ញុំបានកត់សម្គាល់ឃើញរូបភាពមួយរបស់ប្រធាន ចច អ័លប៊ើត ស៊្មីធ ( ឆ្នាំ ១៨៧០–១៩៥១ ) ហើយបានស្គាល់លោកភ្លាមថាជាបុរសម្នាក់ដែលមានចិត្តសប្បុរស និង មានភាពថ្លៃថ្នូរនោះ ដែលខ្ញុំបានជួបនៅមុខសណ្ឋាគារ ។ ខ្ញុំមានអារម្មណ៍កោតសរសើរកាន់តែខ្លាំងថា ប្រធាននៃសាសនាចក្រធ្វើនូវកិច្ចការបែបនោះចំពោះមនុស្សដូចជាខ្ញុំ ដែលជាក្មេងម្នាក់មិនមែនជាសមាជិកសាសនាចក្រ ហើយមិនទាំងសំខាន់ផងនោះ ។
លោកជាបុរសម្នាក់អស្ចារ្យអ្វីម៉្លេះ ដែលបានបង្ហាញសេចក្តីស្រឡាញ់និង កង្វល់បែបនោះចំពោះក្មេងម្នាក់ដែលធ្វើការនៅក្នុងតំណែងមួយដែលមិនសំខាន់ ហើយគ្មានការយល់ដឹងពីដំណឹងល្អ ឬ សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះយើង ។
ហុកសិបប្រាំឆ្នាំក្រោយមក ខ្ញុំមានការយល់ដឹងកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ និង សេចក្តីស្រឡាញ់នោះ ហើយខ្ញុំព្យាយាមមើលមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដូចជាប្រធានស្ម៊ីធបានមើលមកខ្ញុំដែរ ។