យោបល់នានាសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ពីរ ។
« អ្វីដែលយើងជឿ » ទំព័រ ៨ ៖ អត្ថបទនេះបង្រៀនថា « នៅពេលយើងគាំទ្រដល់ព្យាការី និង ពួកសាវក នោះយើងទទួលបានទីបន្ទាល់មួយអំពីពួកលោកថាជាអ្នកបម្រើរបស់ព្រះ » ។ អ្នកអាចបង្កើនទីបន្ទាល់របស់អ្នកអំពីព្យាការី ដោយការអាន និង ការស្តាប់សុន្ទរកថាសន្និសីទទូទៅ ។ សូមគិតពីការអានសុន្ទរកថាថ្មីៗនេះរបស់ប្រធានម៉នសុនជាគ្រួសារ ហើយជ្រើសរើសយកការទូន្មានជាក់លាក់មួយរបស់លោកដើម្បីរស់នៅតាមការទូន្មាននោះ ។ នៅពេលអ្នករស់នៅតាមអ្វីដែលព្យាការីបានស្នើសុំ សូមព្យាយាមសម្គាល់មើលថាតើអ្នកទទួលពរជ័យតាមរបៀបណា ។
«ចូរមកតាមខ្ញុំ ៖ ការបង្រៀនពីមូលដ្ឋានគ្រឹះនៅគេហដ្ឋាន » ទំព័រ ២៨ ៖ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀនថា « ភាពជោគជ័យរបស់យើងម្នាក់ៗ និង សាសនាចក្រទាំងមូលនឹងត្រូវបានកំណត់យ៉ាងខ្លាំងទៅលើរបៀបដែលយើងផ្តោតចិត្តទុកដាក់យ៉ាងស្មោះត្រង់លើការរស់ នៅតាមដំណឹងល្អនៅគេហដ្ឋាន » ។ សូមគិតពីការសិក្សាប្រធានបទមួយនៃ ចូរមកតាមខ្ញុំ ជាមួយគ្រួសាររយៈពេលមួយខែ ។ អ្នកអាចសិក្សាពីកត្តាចាំបាច់នានានៃប្រធានបទដែលអ្នកបានជ្រើសរើសរៀងរាល់សប្តាហ៍ ដោយប្រើព្រះគម្ពីរ ឬ ជំនួយសិក្សាផ្សេងទៀតដូចជា ប្រកាសដំណឹងល្អរបស់យើង គេហទំព័រ LDS.org សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង The Life of Christ Bible Videos ( វីដេអូព្រះគម្ពីរប៊ីបអំពីជីវប្រវត្តិរបស់ព្រះគ្រីស្ទ )។ នៅក្នុងរាត្រីជួបជុំក្រុមគ្រួសាររៀងរាល់សប្តាហ៍ អ្នកអាចចែកចាយពីអ្វីដែលអ្នកបានរៀន និង បានទទួលអារម្មណ៍ ។ សូមគិតពីការកត់ត្រាទុកនូវគំនិត និង ការបំផុសនានានៅក្នុងសៀវភៅកំណត់ហេតុសិក្សាមួយ ហើយចែកចាយអ្វីដែលអ្នកបានរៀនជាមួយមិត្តភក្តិរបស់អ្នកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។