សំណួរ និង ចម្លើយ
« ឪពុកម្ដាយរបស់ខ្ញុំប្រើពាក្យជេរ ស្ដាប់ចម្រៀងឮខ្លាំងៗ និង មើលកម្មវិធីទូរទស្សន៍ដែលមិនសមរម្យ ។ តើខ្ញុំអាចធ្វើអ្វីដើម្បីមានអារម្មណ៍ពីព្រះវិញ្ញាណនៅផ្ទះ ជាពិសេសនៅថ្ងៃអាទិត្យ ? »
ពេលអ្នកជ្រមុជទឹក អ្នកបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ នេះមានន័យថា មិនថានៅក្នុងកាលៈទេសៈបែបណានោះទេ អ្នកអាចមានភាពជាដៃគូនៃព្រះវិញ្ញាណប្រសិនបើខ្លួនអ្នកផ្ទាល់មានភាពសក្តិសម ហើយធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនល្អត្រឹមត្រូវនោះ ។
នៅពេលអ្នកទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ អ្នកនឹងត្រូវបានរំឭកពីសេចក្តីសញ្ញារបស់អ្នកជាមួយព្រះវរបិតាសួគ៌ថា « លើកដាក់មកលើខ្លួន [ អ្នក ] នូវព្រះនាមនៃព្រះរាជបុត្រារបស់ [ ទ្រង់ ] … ប្រយោជន៍ឲ្យ [ អ្នក ] អាចបានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹង [ អ្នក ] ជាដរាប » ( គ. និង ស. ២០:៧៧ ) ។ តាមរយៈការរក្សាសេចក្តីសញ្ញារបស់អ្នក នោះអ្នកអាចបន្តមានភាពសក្តិសមធ្វើជាដៃគូនៃព្រះវិញ្ញាណ ។
ការចូលរួមការប្រជុំសាក្រាម៉ង់ និង ការប្រជុំផ្សេងៗទៀតនៃព្រះវិហារគឺពុំមែនជារបៀបតែមួយដែលផ្តោតលើការរក្សាសេចក្តីសញ្ញារបស់អ្នកនៅថ្ងៃអាទិត្យឡើយ ។ ដោយពុំគិតពីកាលៈទេសៈក្នុងផ្ទះរបស់អ្នកបែបណាឡើយ អ្នកអាចបង្ហាញព្រះវរបិតាសួគ៌នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសេចក្តីសញ្ញារបស់អ្នក តាមរយៈការធ្វើពង្សប្រវត្តិ ការសិក្សាដំណឹងល្អ ហើយបម្រើអ្នកដទៃ ជាពិសេសអស់អ្នកដែលឯកោ ឬ ឈឺស្កាត់ ។ ដោយការជ្រើសធ្វើកិច្ចការទាំងនេះ ទោះបីជាគ្រួសាររបស់អ្នកពុំធ្វើក៏ដោយ នោះអ្នកនឹងមានអំណរ និង ក្តីរីករាយ ។ ( សូមមើល រ័សុល អិម ណិលសុន « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ) ។
លើករឿងនោះមកនិយាយ
ទោះបីជាឪពុកម្តាយរបស់អ្នកជាសមាជិក ឬ មិនមែនសមាជិកសាសនាចក្រក្តី សូមជជែកវែកញែកជាមួយពួកគេថាតើវាសំខាន់ខ្លាំងប៉ុណ្ណាចំពោះអ្នក ដើម្បីមានព្រះវិញ្ញាណគង់ជាប់ជាដរាបនៅក្នុងផ្ទះរបស់អ្នក ជាពិសេសនៅថ្ងៃអាទិត្យ ។ ចំពោះករណីនេះ អ្នកអាចជ្រើសយកកន្លែងដែលស្ងប់ស្ងាត់បំផុតនៅក្នុងផ្ទះ ហើយអញ្ជើញសមាជិកផ្សេងទៀតនៃសាសនាចក្រឲ្យមកជាមួយអ្នក ហើយពួកគេទាំងអស់គ្នាអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅទីនោះ ។ ខ្ញុំដឹងថា ប្រសិនបើអ្នករក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ នោះព្រះអម្ចាស់នឹងប្រទានពរដល់អ្នកយ៉ាងច្រើនក្រាស់ក្រែល ។
ចូសការែស ស៊ី អាយុ ១៦ ឆ្នាំ ទីក្រុង សាន់ឌីអាហ្គូ ដូមីនហ្កូ សាធារណៈរដ្ឋ ដូមីនីហ្គែន
អធិស្ឋានឲ្យឪពុកម្ដាយអ្នក
អ្នកអាចអធិស្ឋានសម្រាប់ឪពុកម្ដាយអ្នក ។ ដូចមរមនបានសរសេរថា « ព្រះអម្ចាស់នឹងនឹកចាំដល់សេចក្តីអធិស្ឋានទាំងឡាយនៃពួកសុចរិតដែលត្រូវបានថ្វាយដល់ទ្រង់ដើម្បីពួកគេ » ( មរមន ៥:២១ ) ។ ឪពុកម្ដាយរបស់អ្នកប្រហែលជាពុំឈប់ធ្វើបែបនោះភ្លាមទេ ប៉ុន្តែព្រះអម្ចាស់នឹងជួយអ្នក ។
ខូល អិម អាយុ ១៧ ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.
ផ្តោតចិត្តធ្វើកិច្ចការល្អៗ
ថ្ងៃអាទិត្យជាថ្ងៃមួយលំបាកជានិច្ចចំពោះខ្ញុំពេលនៅផ្ទះ ។ ខ្ញុំជាសមាជិកនៃសាសនាចក្រតែម្នាក់ឯងនៅក្នុងគ្រួសាររបស់ខ្ញុំ ហើយឪពុកម្តាយ និង បងប្អូនរបស់ខ្ញុំមើលទូរទស្សន៍ ហើយស្តាប់តន្ត្រីផ្សេងៗនៅថ្ងៃអាទិត្យ ។ ខ្ញុំចង់បង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំ តាមរយៈការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ ខ្ញុំអាចទៅបន្ទប់ដេករបស់ខ្ញុំហើយអានព្រះគម្ពីរ ស្តាប់តន្ត្រីសាសនាចក្រ ព្រមទាំងទៅសួរសុខទុក្ខមិត្តភក្តិរបស់ខ្ញុំ ឬ ទៅជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមានអំណរគុណជាខ្លាំងចំពោះជំនួយរបស់ព្រះអម្ចាស់ ដើម្បីគោរពថ្ងៃឈប់សម្រាកដោយឧស្សាហ៍ព្យាយាម និង កម្លាំងដែលទ្រង់ប្រទានដល់ខ្ញុំជានិច្ច ។
ឡេស ឌឺ ហូសឹ អិម អាយុ ១៩ ឆ្នាំ ទីក្រុង សើហ្គីប ប្រទេស ប្រេស៊ីល
ប្រើធនធាននានារបស់សាសនាចក្រ
ប្រសិនបើអ្នកមានទូរសព្ទដៃស្មាតហ្វូន ឬ tablet នោះអ្នកអាចទាញយកកម្មវិធី Mormon Channel និង LDS Youth ។ កម្មវិធីនេះមានពេញដោយចម្រៀង វីដេអូ និង សុន្ទរកថាដ៏អស្ចារ្យ ដែលយាងព្រះវិញ្ញាណឲ្យមកជានិច្ចនៅពេលយើងស្តាប់វា ! វាជាអ្វីដែលសាមញ្ញ ប៉ុន្តែវាពិតជាជួយខ្ញុំមានព្រះវិញ្ញាណ ទោះបីជាមានសំឡេងអ៊ូអរហ៊ុំព័ទ្ធជុំវិញខ្ញុំក្តី ។ វាមានការផ្លាស់ប្តូរ ហើយនាំក្តីសុខសាន្តចូលមកក្នុងផ្ទះទាំងមូល ។
ហាន់ធើរអ៊ីវ វី អាយុ ១៦ ឆ្នាំ រដ្ឋ តិចសាស ស. រ. អា.
បែរទៅរកព្រះគម្ពីរ
សូមនិយាយជាមួយឪពុកម្តាយរបស់អ្នកអំពីសកម្មភាពដែលពួកគាត់ធ្វើ ប៉ុន្តែប្រសិនបើពួកគាត់ពុំស្តាប់ទេ អ្នកអាចអធិស្ឋានទូលសុំការណែនាំអំពីរបៀបដែលជួយអ្នកឲ្យមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងផ្ទះរបស់អ្នក ។ ដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំអានព្រះគម្ពីរ ហើយការណ៍នេះបានយាងព្រះវិញ្ញាណមកក្នុងបន្ទប់របស់ខ្ញុំជានិច្ច ។
ប្លែក អ៊ី អាយុ ១៤ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.
ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ
វាសំខាន់ថាផ្ទះត្រូវមានព្រះវិញ្ញាណគង់នៅ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថាបុគ្គលម្នាក់នោះត្រូវមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ ។ ព្រះគ្រីស្ទគឺជាគំរូល្អអំពីការមានព្រះវិញ្ញាណគង់នៅជាមួយទ្រង់គ្រប់ពេលវេលាទាំងអស់ ។ ចូរព្យាយាមរស់នៅឲ្យកាន់តែដូចជាព្រះគ្រីស្ទ មានចិត្តសប្បុរសចំពោះមនុស្សដទៃ ហើយមើលពិភពលោកនេះតាមរបៀបដែលទ្រង់ទតមើល នោះប្រហែលជាវិធីមួយល្អបំផុត ដើម្បីរក្សាព្រះវិញ្ញាណឲ្យគង់នៅជាមួយអ្នកមិនថាអ្នកនៅទីណាឡើយ ។
អ៊ីសាប៉ែត ដ័បុលយូ អាយុ ១៦ ឆ្នាំ រដ្ឋ អូរ៉េហ្គិន ស.រ.អា.
ផ្តល់យោបល់សម្រាប់សកម្មភាពគ្រួសារ
នៅថ្ងៃអាទិត្យ អាចមានសកម្មភាពនានាដែលអ្នកអាចធ្វើជាមួយគ្រួសារបាន ។ សូមផ្តល់យោបល់មួយចំនួនដែលគ្រួសារអាចធ្វើកិច្ចការជាមួយគ្នា ដោយកុំឲ្យអ្វីៗដែលមិនសមរម្យនោះកើតឡើងឡើយ ។ ប្រសិនបើអ្នកកំពុងធ្វើកិច្ចការអ្វីមួយជាគ្រួសារ នោះវានឹងនាំឲ្យអ្នកមានភាពស្និទ្ធស្នាលនឹងគ្នា ។ ហើយយោបល់នោះផ្តល់គំនិតផ្សេងៗដល់សមាជិកគ្រួសារអំពីអ្វីដែលអ្នកអាចធ្វើនៅថ្ងៃអាទិត្យ ។ ប្រហែលជាសប្តាហ៍ក្រោយពួកគេនិយាយថា « ហេ៎ អ្វីដែលយើងបានធ្វើកាលពីសប្តាហ៍មុននោះសប្បាយណាស់—តោះយើងធ្វើវាម្តងទៀត » ។
រាយអែន ប៊ី អាយុ ១៩ ឆ្នាំ រដ្ឋ អៃដាហូ ស.រ.អា.
ចូរធ្វើតាមការបំផុសគំនិត
« ខ្ញុំសូមផ្តល់ការលើកទឹកចិត្តនេះ ។ អ្នកធ្លាប់មានគ្រាដែលអ្នកទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ …
« អ្នកអាចចាត់ទុកគ្រានៃ ការបំផុសគំនិតនេះប្រៀបដូចជាគ្រាប់ពូជនៃសេចក្ដីជំនឿដែលអាលម៉ាបានរៀបរាប់ ( សូមមើល អាលម៉ា ៣២:២៨ ) ។ ចូរដាំវាម្តងមួយៗ ។ អ្នកអាចធ្វើដូច្នេះបានដោយធ្វើតាមការបំផុសដែលអ្នកមាន ។ ការបំផុសគំនិតដ៏មានតម្លៃបំផុតនឹងជាអ្វីដែលអ្នកត្រូវដឹងថាព្រះនឹងឲ្យអ្នកធ្វើ ។ …
« នៅពេលអ្នកធ្វើតាម ការបំផុសគំនិតមកពីព្រះវិញ្ញាណនោះ ព្រះវិញ្ញាណនឹងកើតមានកាន់តែញឹកញាប់ ហើយកាន់តែខិតជិតនឹងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ។ អំណាចក្នុងការរើសផ្លូវត្រូវរបស់អ្នកនឹងកើនឡើង » ។
ប្រធាន ហិនរី ប៊ី. អាវរិង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ « The Holy Ghost as Your Companion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៥ ។
សំណួរបន្ទាប់
« មិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំនិយាយថា នាងពុំជឿលើព្រះឡើយ ។ តើខ្ញុំអាចចែកចាយដំណឹងល្អជាមួយនាងយ៉ាងដូចម្តេច ? »
ប្រសិនបើអ្នកមានបំណងចង់ឆ្លើយ សូមផ្ញើចម្លើយរបស់អ្នក និង រូបថតច្បាស់មួយសន្លឹក ត្រឹម ថ្ងៃទី ១ខែ កក្កដា ឆ្នាំ ២០១៦ នៅគេហទំព័រ liahona.lds.orgតាមអ៊ីមែលទៅអាសយដ្ឋាន liahona@ldschurch.orgឬតាមសំបុត្រ ( សូមមើលអាសយដ្ឋាននៅទំព័រទី ៣ ) ។
ព័ត៌មាន និង ការអនុញ្ញាតខាងក្រោម ត្រូវតែបញ្ចូលនៅក្នុងអ៊ីម៉ែល ឬ សំបុត្ររបស់អ្នក ៖ (១) នាមត្រកូលទាំងមូល (២) ថ្ងៃខែឆ្នាំកំណើត (៣) វួដ ឬ សាខា (៤) ស្តេក ឬ មណ្ឌល (៥) សំបុត្រអនុញ្ញាតដែលមានជាលាយលក្ខណ៍អក្សររបស់អ្នក ហើយបើសិនអ្នកមានអាយុក្រោម ១៨ ឆ្នាំ នោះត្រូវមានសំបុត្រអនុញ្ញាតពីឪពុកម្ដាយរបស់អ្នកជាលាយលក្ខណ៍អក្សរ ( អ៊ីម៉ែលអាចទទួលយកបាន ) ដើម្បីធ្វើការបោះពុម្ពចម្លើយ និង រូបថតរបស់អ្នក ។
ចម្លើយអាចនឹងត្រូវបានកែសម្រួលឡើងវិញ ប្រសិនបើវាវែងពេក ឬ មិនសូវច្បាស់លាស់ ។