ការតស៊ូស្វិតស្វាញ និង ភាពជាសិស្ស
ដកស្រង់ចេញពីសុន្ទរកថា « Tenacity » ដែលបានផ្តល់នៅក្នុងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។ ដើម្បីទទួលបានសុន្ទរកថាទាំងស្រុង ជាភាសាអង់គ្លេស សូមចូលទៅ speeches.byu.edu។
ចូរមានសេចក្តីជំនឿលើព្រះ និង ការសន្យារបស់ទ្រង់ ហើយធ្វើអ្វីដែលត្រឹមត្រូវគ្រប់ពេលវេលា ដោយពុំគិតថាមានអ្នកដឹង ឬ មិនដឹងក៏ដោយ ។
រូបភាព © iStock/Thinkstock
វចនានុចក្រមតាមអ៊ិនធើរណែតមួយបានឲ្យនិយមន័យនៃពាក្យ ការតស៊ូស្វិតស្វាញ ថា « ការតស៊ូ ស្មារតីលះបង់ និង ការប្តេជ្ញាចិត្តដ៏ស្វិតស្វាញ » ។ វាក៏បានថ្លែងថា « ការតស៊ូស្វិតស្វាញគឺជាគុណសម្បត្តិដែលបានបង្ហាញឡើងដោយនរណាម្នាក់ដែលពុំព្រមចុះចាញ់—គឺជាអ្នកដែលរក្សាការឧស្សាហ៍ព្យាយាមរហូតដល់ពួកគេបានឈានដល់គោលដៅខ្លួន » ។១
យើងត្រូវមានការតស៊ូស្វិតស្វាញ ដើម្បីក្លាយទៅជាកូនសិស្សពិតរបស់ព្រះអង្គសង្គ្រោះ ហើយសម្រេចបាននូវគោលដៅល្អពិតៗ—ដោយក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យ បញ្ចប់ការអប់រំរបស់យើង ស្វែងរកដៃគូអស់កល្បជានិច្ច ហើយចាប់ផ្តើមគ្រួសារ—ដែលព្រះវរបិតាសួគ៌របស់យើងជ្រាបថា យើងត្រូវការសម្រេចឲ្យបានដើម្បីរៀបចំសម្រាប់ភាពអស់កល្បជានិច្ច ។ សមត្ថភាពរបស់យើងដើម្បីតស៊ូស្វិតស្វាញនៅក្នុងគ្រប់កិច្ចការល្អទាំងអស់ នឹងកំណត់ថាតើយើងប្រែក្លាយជាបុត្រា និង បុត្រីរបស់ព្រះ ដែលទ្រង់ជ្រាបដឹងថាយើងអាច ហើយត្រូវតែប្រែក្លាយខ្លួនទៅជាបុត្រទ្រង់បានដែរឬទេ ។
ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងជំនាន់សព្វថ្ងៃនេះត្រូវបានហៅថាជា « អ្នកផ្សព្វផ្សាយសាសនានៃជំនាន់ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ » ហើយប្រៀបបានទៅនឹងកងទ័ពកំឡោះទាំង ២០០០ នាក់របស់ហេលេមិន ។២ ម្យ៉ាងវិញទៀត ដោយលក្ខណៈ និង សេចក្ដីជំនឿនៃការតស៊ូដ៏ស្វិតស្វាញអស្ចារ្យ និង កិច្ចខិតខំរបស់យុវជនទាំងនេះ នោះហេលេមិនជាអ្នកដឹកនាំពួកគេថ្លែង ៖ « មានចំនួនពីររយនាក់នៅក្នុងចំណោមពីរពាន់ហុកសិបនាក់របស់ខ្ញុំ ដែលត្រូវសន្លប់ដោយសារអស់ឈាម ទោះជាយ៉ាងណាក៏ដោយ គង់តែស្របតាមសេចក្តីល្អសប្បុរសនៃព្រះ និងចំពោះសេចក្តីអស្ចារ្យរបស់យើងជាខ្លាំង និង ចំពោះសេចក្តីអំណររបស់កងទ័ពយើងទាំងមូលផង នោះគ្មានអ្នកណាម្នាក់ នៅក្នុងចំណោមពួកគេត្រូវវិនាសឡើយ » ( អាលម៉ា ៥៧:២៥ ) ។
ពួកគេត្រូវបានរំដោះឲ្យរួច « ដោយសារតែសេចក្តីជំនឿដ៏លើសលប់របស់គេនៅក្នុងអ្វីៗដែលពួកគេត្រូវបានបង្រៀនឲ្យជឿ—ថាមានព្រះដ៏យុត្តិធម៌មួយអង្គ ហើយអស់អ្នកណាដែលមិនសង្ស័យ អ្នកនោះនឹងត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្តាដ៏អស្ចារ្យរបស់ទ្រង់ » ( អាលម៉ា ៥៧:២៦ ) ។
ហេលេមិននិយាយពីពួកគេ ៖ « ពួកគេនៅក្មេង ហើយគំនិតគេរឹងប៉ឹង ហើយពួកគេដាក់ទីទុកចិត្តរបស់គេទៅលើព្រះរហូត » ( អាលម៉ា ៥៧:២៧ ) ។
ដូច្នេះយើងក៏ដូចគ្នាផងដែរ ។ នៅក្នុងជីវិតនេះ នៅពេលមានភ្លៀងធ្លាក់មក ហើយទឹកជន់ឡើង និង ខ្យល់បក់បោកមកប៉ះយើង និង ផ្ទះរបស់យើង នោះយើងកំណត់ថាតើសេចក្តីជំនឿរបស់យើងរឹងមាំ ហើយថាតើយើងដាក់ទីទុកចិត្តរបស់យើងលើព្រះរហូតឬអត់ទេ ។ ជាទូទៅគ្មានការសាកល្បងឡើយ លុះត្រាតែមានសេចក្តីវេទនា ។
កុំរសាយចិត្តឡើយ
ច្រើនឆ្នាំមកហើយ ភរិយារបស់ខ្ញុំ ម៉ារី និង ខ្ញុំបានធ្វើជាអធិបតីលើបេសកកម្ម ណាហ្គោយ៉ា ប្រទេស ជប៉ុន ។ ពាក្យ អង់អាច, ក្លាហាន, មានកម្លាំង, សកម្ម និង ស្មោះត្រង់ ដែលពិពណ៌នាពីទ័ពកំឡោះ ២០០០នាក់ ( សូមមើល អាលម៉ា ៥៣:២០ ) ក៏បានពិពណ៌នាពីពួកអ្នកផ្សព្វផ្សាយសាសនាដែលយើងបម្រើជាមួយនេះផងដែរ ។ ការពិពណ៌មួយផ្សេងទៀតនៃទ័ពកំឡោះ ២០០០ នាក់នោះ—មានអ្នកខ្លះ បានសន្លប់ ( សូមមើល អាលម៉ា ៥៧:២៥ )—ក៏ពិពណ៌នាពីអ្នកផ្សព្វផ្សាយសាសនាមួយចំនួនរបស់យើងដែរ ។
បេសកកម្មពុំងាយស្រួលឡើយ ។ ជីវិតក៏មិនងាយស្រួលដែរ ។ មនុស្សគ្រប់គ្នានឹងមានគ្រោះថ្នាក់នៅតាមផ្លូវនេះ ។ ការឈឺចាប់មួយចំនួនកើតឡើងពីការពុំដោះស្រាយនូវការរំលងនានា ។ ការឈឺចាប់ផ្សេងទៀតកើតឡើងដោយចៃដន្យ ឬ ជំងឺដង្កាត់ ។ ការឈឺចាប់ខ្លះទៀតកើតឡើង នៅពេលយើងឃើញអស់អ្នកដែលយើងស្រឡាញ់បដិសេធដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ឬ ប្រែជាពុំស្មោះត្រង់ចំពោះអ្វីដែលពួកគេបានដឹងថាជាការពិត ។ ប៉ុន្តែតាមរយៈការណ៍ទាំងនេះ យើងប្រែជាស្គាល់ព្រះ ហើយយើងរីកចម្រើនប្រែក្លាយជាសិស្សរបស់ព្រះអង្គសង្គ្រោះ ។ ដួងចិត្តរបស់យើងផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរនោះក្លាយជាអចិន្ត្រៃយ៍ នៅពេលយើងបន្តជ្រើសរើសសេចក្តីសុចរិតជាជាងអំពើបាប និង ការសង្ស័យ ។
កងទ័ពកំឡោះ ២០០០ នាក់នោះបានតស៊ូយ៉ាងស្វិតស្វាញតាមបំណងប្រាថ្នារបស់ខ្លួន ។ ពួកគេពុំបោះបង់ដោយងាយៗឡើយ ទោះជានៅពេលផ្លូវរបស់ពួកគេមានការលំបាកក្តី ។ អាំម៉ូនបានបង្រៀនមនុស្សជំនាន់មុនដែលជាឪពុកម្តាយរបស់ពួកគេ និង បងប្អូនរបស់គេ ។ ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ មានជោគជ័យដ៏មហិមា ប៉ុន្តែពួកគេក៏បានស៊ូទ្រាំ ហើយមិនបោះបង់ឡើយ នៅពេលបេសកកម្មរបស់ពួកគេបានប្រែជាពិបាក ហើយបាក់ទឹកចិត្តនោះ ។
អាំម៉ូនពិពណ៌នាពីគ្រាទាំងនោះ ៖ « ឥឡូវនេះ កាលណាយើងនឿយណាយក្នុងចិត្ត ហើយយើងសឹងតែត្រលប់ទៅវិញ មើលចុះ ព្រះអម្ចាស់ ទ្រង់បានកម្សាន្តចិត្តយើង ហើយមានព្រះបន្ទូលថា ៖ ចូរទៅក្នុងចំណោមបងប្អូនអ្នក គឺពួកសាសន៍លេមិន ហើយចូរទ្រាំដោយសេចក្ដីអត់ធ្មត់នូវការទុក្ខវេទនាទាំងឡាយរបស់អ្នកចុះ ហើយយើងនឹងប្រទានដល់អ្នកនូវជ័យជំនះ » ( អាលម៉ា ២៦:២៧ ) ។
ដោយមានការអត់ធ្មត់ និង ការតស៊ូស្វិតស្វាញ អាំម៉ូន និង ដៃគូរបស់លោកបានធ្វើការប្រឡូកឆ្លងកាត់ទុក្ខលំបាក ហើយនៅទីបំផុតបានសម្រេចនូវជោគជ័យដ៏អស្ចារ្យ ។
ការតស៊ូដ៏ស្វិតស្វាញនៅក្នុងដំណឹងល្អ
នៅក្នុងឆ្នាំ ១៩៩៩ ស៊ិស្ទើរ ម៉ាស៊ី បា មកពីកូឡុំប៊ើស អូហៃអូ ស.រ.អា.បានមកបេសកកម្ម ណាហ្គោយ៉ា ប្រទេស ជប៉ុន ។ នាងមានការលំបាកនិយាយភាសាជប៉ុន ប៉ុន្តែនាងបានតស៊ូយ៉ាងស្វិតស្វាញ ។ នៅពេលនាងបានរៀនចេះនិយាយហើយ នាងពុំអាចឈប់និយាយជាមួយមនុស្សអំពីដំណឹងល្អឡើយ ។
ការសន្យាដ៏អស្ចារ្យបានប្រទានដល់អ្នកផ្សព្វផ្សាយទាំងអស់ណាដែលស្មោះត្រង់ ស៊ូទ្រាំ និង តស៊ូយ៉ាងស្វិតស្វាញ ដែលបើកមាត់របស់ខ្លួនដោយក្លាហាន និង ក្តីស្រឡាញ់ ព្រមទាំងអស់អ្នកដែលធ្វើការដោយអស់ពីចិត្តខ្លួន តាមរបៀបដែលព្រះអម្ចាស់បានរៀបចំ ( សូមមើល គ. និង ស. ៣១:៧ ) ។ ប៉ុន្តែមានពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួនបានប្រែទៅជាញញើតចំពោះការបដិសេធ ហើយធ្វើឲ្យការភ័យខ្លាចរបស់ពួកគេឈ្នះលើសេចក្តីស្រឡាញ់ដ៏អង់អាចរបស់ខ្លួន ។
ប៉ុន្តែ ស៊ិស្ទើរ បា ពុំធ្វើបែបនេះឡើយ ! គាត់បានស្វែងរក ហើយបង្រៀន ហើយគាត់បានបង្រៀន ហើយស្វែងរកមនុស្សទាំងអស់នៅក្នុងបេសកកម្មរបស់ខ្លួន ។
នៅថ្ងៃបញ្ចប់បេសកកម្មរបស់គាត់ ស៊ិស្ទើរ បា បានធ្វើដំណើរទៅផ្ទះបេសកកម្មនៅទីក្រុង ណាហ្គោយ៉ា ។ នៅយប់នោះខ្ញុំបានសម្ភាសគាត់ ហើយប្រាប់គាត់ថា គាត់បានធ្វើកិច្ចការយ៉ាងល្អអស្ចារ្យ ។ ថ្ងៃស្អែកគាត់នឹងទៅផ្ទះហើយ ។
អំឡុងពេលធ្វើដំណើរ គាត់បានឃើញសិស្សវិទ្យាល័យមួយក្រុម–ជាសិស្សស្រីកំពុងជជែកគ្នានៅតាមផ្លូវ ។ គាត់បានទៅជួបពួកគេ ហើយសុំទៅសួរសុខទុក្ខពួកគេនៅពេលក្រោយ ។ គាត់បាននិយាយពីដំណឹងល្អ និង ការស្ដារឡើងវិញនៃដំណឹងល្អ ។ ក្រោយមកគាត់បានឲ្យកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនាដល់សិស្សម្នាក់ដែលហាក់បីដូចជាចាប់អារម្មណ៍ ហើយបានប្រាប់នាងពីអ្នកផ្សព្វផ្សាយសាសនាស៊ិស្ទើរដែលអាចបង្រៀនដំណឹងល្អដល់នាង ។
ក្រោយមក ស៊ិស្ទើរ បាបានមកផ្ទះបេសកកម្ម ហើយបានសម្ភាស ដោយពុំបានប្រាប់ខ្ញុំពីរឿងដែលគាត់បានមាននៅតាមផ្លូវនោះឲ្យខ្ញុំដឹងឡើយ ។ ចំពោះគាត់នេះគឺជារឿងសាមញ្ញ ។ គាត់បានធ្វើអ្វីដែលគាត់បានដឹងថាត្រឹមត្រូវ តាំងពីដើមរហូតដល់ចប់ ។ ប្រហែលនោះជានិយមន័យដ៏ល្អបំផុតនៃ ការតស៊ូស្វិតស្វាញ នៅក្នុងដំណឹងល្អ ខ្ញុំដឹង ៖ មិនថាមានអ្វីកើតឡើងឡើយ ចូរបន្តសេចក្តីជំនឿលើព្រះ និង ការសន្យារបស់ទ្រង់ ហើយធ្វើអ្វី ដែលត្រឹមត្រូវគ្រប់ពេលវេលា ដោយពុំគិតថាមានអ្នកដឹង ឬ មិនដឹងនោះទេ ។
ស៊ិស្ទើរ បាបានត្រឡប់ទៅផ្ទះនៅ កូឡុំប៊ីវិញ ។ នៅក្នុងវួដនិស្សិតនោះនាងបានជួបនឹងអនាគតស្វាមីរបស់ខ្លួន ហើយពួកគេកំពុងចិញ្ចឹមគ្រួសារខ្លួននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សិស្សស្រីនៅតាមផ្លូវនោះ—ហ៊ីតូមី គីតាយ៉ាម៉ា—បានរៀនជាមួយស៊ីស្ទើរអ្នកផ្សព្វផ្សាយសាសនា ។ ហ៊ីតូមីបានរក្សា និង បង្ហាញនូវការតស៊ូស្វិតស្វាញរបស់ខ្លួននាងផ្ទាល់ នៅពេលនាងបានចាប់យកសេចក្តីពិតនៃដំណឹងល្អ យកឈ្នះលើការប្រឆាំងរបស់សមាជិក និង ចម្ងល់ផ្ទាល់ខ្លួនរបស់នាង ។
ជិតប្រាំមួយឆ្នាំក្រោយមកយើងបានជួប ហ៊ីតូមីនៅសន្និសីទបេសកកម្មទីក្រុង តូក្យូ ដែលនាងកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ នាងបានប្រាប់យើងអំពីការជួបជាមួយ ស៊ិស្ទើរ បា នៅតាមផ្លូវនោះ និង ពីការប្រែចិត្តជឿរបស់នាងលើដំណឹងល្អនាពេលក្រោយមក ។
បន្ទាប់ពីបេសកកម្ម នាងបានជួប និង រៀបការជាមួយអ្នកត្រឡប់ពីបេសកកម្មម្នាក់ឈ្មោះ ស្ស៊ីប៉ី យ៉ាម៉ាស្ស៊ីតា ។ គួរឲ្យចាប់អារម្មណ៍ណាស់ ស្ស៊ីប៉ី គឺជាកូនប្រុសរបស់បុរសម្នាក់ដែលអែលឌើរ រ៉ាឌី ឆែកឃិត និង ខ្ញុំបានបង្រៀនគាត់កាលពីរដូវក្តៅឆ្នាំ ១៩៧១ ខណៈខ្ញុំបម្រើបេសកកម្មដំបូងរបស់ខ្ញុំនៅប្រទេសជប៉ុន ។
វាមិនគ្រាន់តែជាការផ្សាយដំណឹងល្អប៉ុណ្ណោះទេ ដែលយើងត្រូវតែមានការតស៊ូវស្វិតស្វាញដើម្បីធ្វើអ្វីដែលត្រឹមត្រូវនោះ ។ យើងត្រូវការការតស៊ូស្វិតស្វាញដ៏សុចរិតដូចគ្នានេះ នៅពេលយើងព្យាយាមយកឈ្នះលើអំពើបាប និង ការល្បួងផ្ទាល់ខ្លួន ចូរបញ្ចប់ការអប់រំរបស់យើង ហើយស្វែងរកការរៀបអាពាហ៍ពិពាហ៍ នៅក្នុងព្រះវិហារបរិសុទ្ធ ព្រមទាំងមានគ្រួសារអស់កល្បមួយ ។ យើងនឹងត្រូវការការតស៊ូស្វិតស្វាញ សេចក្តីស្រឡាញ់ និង ភាពរឹងមាំ នៅពេលយើងស៊ូទ្រាំចំពោះស្វាមី ឬ ភរិយា និង កូនៗ ព្រមទាំងការងាររបស់យើង ឆ្លងកាត់ឧបសគ្គនានា ដែលកើតមានឡើងនៅក្នុងគ្រប់អាពាហ៍ពិពាហ៍ និង គ្រួសារ ។ ហើយយើងនឹងត្រូវការការតស៊ូស្វិតស្វាញ ការប្តេជ្ញាចិត្ត និង ការអត់ធ្មត់ នៅពេលពរជ័យដែលយើងចង់បាន ពុំទាន់បានកើតឡើងនៅក្នុងកាលកំណត់ដែលយើងរំពឹងទុកជាមុន ។
គ្រប់កិច្ចការទាំងនេះ និង គ្រប់កិច្ចការសុចរិតផ្សេងទៀត នោះការប្តេជ្ញាចិត្តរបស់យើង ដើម្បីធ្វើកិច្ចការត្រឹមត្រូវ និង ធ្វើខ្លួនឲ្យបានត្រឹមត្រូវនឹងជួបនូវឧបសគ្គដោយសារតែលោកិយ ។ ប៉ុន្តែយើងមិនត្រូវឈប់ឡើយ ។ យើងចាំបាច់ត្រូវបន្ដព្យាយាមរហូតដល់យើងសម្រេចបាននូវគោលដៅរបស់យើង ។ គោលដៅធំបំផុតរបស់យើង គឺជីវិតដ៏នៅអស់កល្បជានិច្ចជាមួយស្វាមី ឬ ភរិយា ជាមួយកូនៗរបស់យើង ព្រមទាំងជាមួយកូនៗរបស់ពួកគេជាច្រើនជំនាន់ក្រោយៗទៀត ។
ដាក់គោលដៅឲ្យមានភាពសក្តិសម
តើយើងអាចបង្កើនការប្តេជ្ញាចិត្តរបស់យើងធ្វើអ្វីដែលត្រឹមត្រូវយ៉ាងដូចម្តេច ហើយតើយើងទទួលបានកម្លាំងដើម្បីបន្តរក្សាវាយ៉ាងដូចម្តេច ?
ទីមួយ យើងដាក់គោលដៅឲ្យមានភាពសក្តិសម ដើម្បីសម្រេចឲ្យបាន និង ស្របគ្នាទៅនឹងគោលដៅចុងបង្អស់របស់យើងគឺជីវិតដ៏នៅអស់កល្បជានិច្ច ។ គោលដៅនោះរួមមាន ការអប់រំ និង ការងារ ដែលវានឹងដឹកនាំ ព្រមទាំងស្របគ្នាជាមួយនឹងគ្រួសារ ការរីកចម្រើនផ្ទាល់ខ្លួន ការបម្រើ សកម្មភាពនៅក្នុងសាសនាចក្រ និង សុភមង្គលផ្ទាល់ខ្លួន ។ ជម្រើសផ្ទាល់ខ្លួនរបស់យើងនឹងក្លាយជាផ្នែកមួយនៃការដាក់គោលដៅទាំងនេះ ប៉ុន្តែផ្នែកមួយទៀតត្រូវរួមបញ្ចូលនូវ ការអធិស្ឋាន និង វិវរណៈផ្ទាល់ខ្លួន ។ ប្រសិនបើយើងយកចិត្តទុកគ្រប់គ្រាន់ដើម្បីស្វែងរកព្រះឆន្ទៈរបស់ព្រះ នោះទ្រង់នឹងឆ្លើយតប ។
ក្នុងចំណោមអ្វីៗជាច្រើន ដែលអ្នកគប្បីអធិស្ឋានទូលសុំនោះគឺ ការស្វែងរកដៃគូដ៏សក្តិសម ដែលជាបុគ្គលម្នាក់ដែលអ្នកអាចទៅព្រះវិហារបរិសុទ្ធ ហើយចុះសេចក្តីសញ្ញាពិសិដ្ឋជាមួយគ្នា ។ ប្រសិនបើអ្នកចង់ចុះ និង រក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយមានកម្លាំងចិត្តដើម្បីសម្រេចឲ្យបាននូវគោលដៅដ៏សុចរិតបំផុតរបស់អ្នក នោះសូមស្វែងរកពរជ័យ និង ការទទួលខុសត្រូវនៃអាពាហ៍ពិពាហ៍ដោយការគិតគូរបំផុត ។
ចំពោះរឿងនេះ និង កិច្ចការផ្សេងទៀតនៅក្នុងជីវិតអ្នក សូមស្វែងយល់ពីអ្វីដែលព្រះមានព្រះទ័យចង់ឲ្យអ្នកធ្វើ ។ ចូរសិក្សាវាចុះ ។ ធ្វើការសម្រេចចិត្ត ចូរថ្វាយការសម្រេចចិត្តនោះទៅព្រះអម្ចាស់ ហើយស្វែងយល់ពីវា ។ បន្ទាប់មកបន្តឆ្ពោះទៅមុខដោយសម្រេចបាននូវគោលដៅរបស់អ្នក ។
ចំពោះកិច្ចការទាំងនេះ ប្រសិនបើយើងមានការតស៊ូស្វិតស្វាញនៅក្នុងកិច្ចការសុចរិត នោះយើងត្រូវបន្តនៅក្បែរព្រះអម្ចាស់ តាមរយៈការរស់នៅដោយសុចរិត ។ មានកិច្ចការមួយចំនួនដែលនឹងបង្វែរយើងចេញឆ្ងាយពីការសម្រេចនូវគោលដៅសុចរិតរបស់យើង ដែលធ្វើឲ្យយើងគ្មានភាពសក្តិសមចំពោះពរជ័យនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង ។
ចូរដាក់គោលដៅធ្វើកិច្ចការសុចរិត ។ ចូរអធិស្ឋាន និង ស្វែងរកការដឹកនាំពីព្រះអម្ចាស់ជានិច្ច ។ ចូរមានភាពសក្តិសម ហើយចៀសវាងពីកិច្ចការណាដែលនឹងបង្វែរអ្នក ឬ បង្អាក់អ្នកពីភាពរីកចម្រើន ។ ចូរមានបណ្ណ័ចូលព្រះវិហារបរិសុទ្ធ ហើយប្រើប្រាស់វា ។ ចូររក្សាសេចក្តីសញ្ញារបស់អ្នក ជាពិសេសនៅពេលជីវិតជួបនូវការលំបាក ។ ចូរស្វែងរកពរជ័យនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច ។ បន្ទាប់មកប្រកាន់វាឲ្យខ្ជាប់ខ្ជួន ។ ចូរកុំចុះចាញ់ឡើយ ។ ចូរកុំឈប់ឡើយ ។
ចូរមានការតស៊ូស្វិតស្វាញ នៅក្នុងគ្រប់កិច្ចការសុចរិតទាំងអស់ ។ អ្នកនឹងឃើញថាសេចក្តីជំនឿរបស់អ្នកនឹងរឹងមាំ ហើយអ្នកនឹងឃើញថាកម្លាំង និង ទេពកោសល្យរបស់អ្នកកាន់តែមានច្រើន ហើយកើនឡើន នៅពេលសេចក្តីជំនឿរបស់អ្នករីកចម្រើន ។ ហើយចូរចាំនូវអ្វីដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសន្យា ៖ « ពរជ័យខ្លះកើតឡើងភ្លាមៗ ខ្លះទៀតកើតឡើងពេលក្រោយ ហើយខ្លះទៀតមិនកើតឡើងឡើយ លុះត្រានៅស្ថានសួគ៌ទើបវាកើតឡើង ប៉ុន្ដែអស់អ្នកដែលឱបក្រសោបដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនោះ ពរជ័យទាំងនោះនឹងកើតមានឡើង » ។៣