ការបម្រើនៅក្នុងសាសនាចក្រ
គ្មានរឿងបែបនោះកើតឡើងឡើយ !
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
គន្លឹះនៃភាពជោគជ័យរបស់យើងនោះគឺត្រូវស្រឡាញ់យុវជនទាំងនោះ ពេលយើងបម្រើពួកគេ ។
ខ្ញុំមានភាពស្និទ្ធិស្នាលជាមួយគ្រួសារមួយ ដែលមានកូនប្រុសម្នាក់នៅក្នុងថ្នាក់យុវជន ។ អំឡុងពេលសកម្មភាពមួយ កាលគាត់នៅជាឌីកុន អ្នកដឹកនាំម្នាក់បានដាក់វិន័យដល់គាត់ ហើយធ្វើឲ្យគាត់អាម៉ាស់នៅមុខក្រុមយុវជនគាត់ ។ ក្រោយៗមក គាត់មានអារម្មណ៍អៀនខ្មាស មិនចូលរួមសកម្មភាពនានា ហើយស្វែងរកមិត្តភក្តិក្រៅពីវួដរបស់ខ្លួន ។
រឿងនោះមានឥទ្ធិពលយ៉ាងធំធេងចំពោះខ្ញុំ ។ ខ្ញុំបានប្តេជ្ញាចិត្តថា នឹងគ្មានរឿងបែបនោះកើតឡើងឡើយ ប្រសិនបើខ្ញុំត្រូវបានហៅឲ្យបម្រើជាមួយក្រុមយុវជន ។ ពីរឆ្នាំក្រោយមក ខ្ញុំត្រូវបានហៅឲ្យបម្រើជាមួយពួកឌីកុន ។
អំឡុងពេលពីរបីខែ ខ្ញុំបានឃើញថា ខ្ញុំកំពុងធ្វើការជាមួយយុវជនម្នាក់ដែលមានអត្តចរិតព្រហើនជាញយៗ ។
ទីបំផុតដោយសារទង្វើរបស់គាត់ ខ្ញុំបាននិយាយថា « នេះគឺជាដែនកំណត់ » ។ ចូរកុំធ្វើល្មើសនឹងច្បាប់កំណត់នេះឡើយ ។
គាត់បានល្មើសលើដែនកំណត់នោះ ហើយយើងបានទាស់សម្តីគ្នា ហើយគាត់ក៏បានដើរចេញទៅ ។
ក្រោយមក ខ្ញុំបានជជែកជាមួយគាត់ដើម្បីដោះស្រាយការខ្វែងគំនិតរបស់យើងទាំងពីរនាក់ ។ ខ្ញុំបាននិយាយថា « ដាវីឌ ខ្ញុំស្រឡាញ់ប្អូន ហើយប្អូនគឺជាយុវជនល្អ ប៉ុន្តែខ្ញុំមិនរីករាយនឹងទង្វើមួយចំនួនរបស់ប្អូនទេ ។ យុវជនផ្សេងទៀតមើលមកប្អូន ថាជាអ្នកដឹកនាំម្នាក់ ហើយប្រសិនបើពួកគេឃើញប្អូនធ្វើអ្វីមួយដែលមិនសមរម្យ នោះពួកគេប្រហែលនឹងសាកល្បងធ្វើវាផងដែរ » ។
យើងបានដោះស្រាយនូវបញ្ហានោះ ហើយគាត់បានទទួលយកវា ហើយយើងជាអ្នកដឹកនាំបានជួយកាត់បន្ថយនូវឧបសគ្គផ្ទាល់ខ្លួនមួយចំនួនរបស់គាត់ ។ ពេលគាត់មានអាយុ ១៤ឆ្នាំ គាត់បានសុំខ្ញុំឲ្យតែងតាំងគាត់ក្នុងតំណែងជាគ្រូ ។ ជាច្រើនឆ្នាំក្រោយមក ដែលជាពេលបច្ចុប្បន្ននេះ គាត់បានឱបខ្ញុំយ៉ាងខ្លាំងរាល់ពេលគាត់ឃើញខ្ញុំ ហើយគាត់និយាយស្តីដោយសរសើរអំពីកាលគាត់នៅក្នុងក្រុមយុវជន ។
នៅពេលយើងស្រឡាញ់ក្រុមយុវជន ហើយនៅជាមួយពួកគេដោយរីករាយ នោះពួកគេដឹងពីក្តីស្រឡាញ់នោះ ។ នោះជាហេតុផលដែលទីប្រឹក្សារបស់ខ្ញុំ និង រូបខ្ញុំបានយកចិត្តទុកដាក់អស់ពីចិត្តលើយុវជនរបស់យើង ។ យើងពុំបានធ្វើសកម្មភាពដោយសារវាមាននៅក្នុងកាលវិភាគនោះទេ យើងធ្វើសកម្មភាពដោយសារយើងបានដឹងថា យុវជននឹងរៀនជំនាញ ហើយរីកចម្រើន ព្រមទាំងរីករាយទៀតផង ។
មានគ្រាមួយនោះ យើងមានយុវជនម្នាក់ដែលឪពុកម្តាយរបស់គាត់ពុំចាប់អារម្មណ៍ពីកម្មវិធីរបស់យើងឡើយ ។
ខ្ញុំបានប្រាប់ពួកគាត់ថា « មិនជាថ្វីទេ ប៉ុន្តែតើអ្នកមីង និង លោកពូមិនប្រកាន់ទេឬ ប្រសិនបើកូនរបស់អ្នកទាំងពីរនៅតែបន្ន្តមកចូលរួម រៀន ហើយនឹងរីករាយនោះ ? »
យើងបានដាក់គាត់ឲ្យចូលរួមក្នុងកម្មវិធីយើង ហើយមិនយូរប៉ុន្មានឪពុកម្តាយរបស់គាត់បានយល់ព្រមឲ្យគាត់ចូលរួមជាមួយយើងយ៉ាងពេញទំហឹង ។ ពួកគាត់បានឃើញថាកូនគាត់បានរៀន ហើយមានភាពសប្បាយរីករាយ ។ ក្រោយមកគាត់បានបម្រើបេសកកម្មពេញម៉ោង ។ ប្អូនប្រុសរបស់គាត់មានចិត្តពុះកញ្ជ្រោលបម្រើបេសកកម្មផងដែរ ។
យើងបានឃើញពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំ ដោយចាប់អារម្មណ៍លើយុវជនម្នាក់ ហើយថាយុវជនបានរៀន រីកចម្រើន ហើយទីបំផុតបម្រើបេសកកម្ម ។ វាជាការគាប់ចិត្តយ៉ាងខ្លាំង ដែលមើលឃើញយុវជនរីកចម្រើន ហើយវាជាក្តីរីករាយណាស់ដើម្បីរៀនជាមួយពួកគេ ។ គន្លឹះនៃភាពជោគជ័យរបស់យើងនោះគឺត្រូវស្រឡាញ់ពួកគេ ពេលយើងបម្រើពួកគេ ។