របៀបដើម្បីធ្វើជា មិត្តភក្តិល្អ
អ្នកនិពន្ធរស់នៅទីក្រុង សាន់តា គ្រូស ប្រទេស បូលីវី ។
យើងទាំងអស់គ្នាចង់មានអារម្មណ៍ថាត្រូវគេរាប់អានខ្លួន ។ នេះគឺជាអ្វីដែលអ្នកអាចធ្វើ ប្រសិនបើអ្នក ឬ នរណាម្នាក់ផ្សេងទៀតមានអារម្មណ៍ថាគេមិនរាប់រក ។
រូបគំនូរដោយ ប៉ាប្លូ លឺបឺត
ខ្ញុំបានចាប់ផ្តើមស្វែងយល់ពីសាសនាចក្រកាលខ្ញុំនៅវ័យជំទង់ ប៉ុន្តែខ្ញុំឈប់ចូលរួមការប្រជុំនៅថ្ងៃអាទិត្យ ដោយសារខ្ញុំមានអារម្មណ៍ថាយុវវ័យជាច្រើនពួកគេមិនរាប់រកខ្ញុំទេ ។ មានពេលក្រោយមក យុវជនម្នាក់បានបបួលខ្ញុំទៅសកម្មភាពសាសនាចក្រ ។ ខ្ញុំបានទទួលការអញ្ជើញនោះ ហើយចូលចិត្តសកម្មភាពទាំងនោះណាស់ ដោយសារមានសកម្មភាពជាច្រើនដែលខ្ញុំរីករាយនឹងធ្វើគឺ ៖ សម្តែង លេងបាល់បោះ និង ការរត់ ។
នៅពេលខ្ញុំបន្តចូលរួមសកម្មភាព ខ្ញុំបានស្គាល់យុវជនទាំងនោះបានដឹងថា មានពួកគេជាច្រើននាក់រៀនសាលាជាមួយខ្ញុំ ។ យូរៗទៅ ខ្ញុំបានបង្កើនមិត្តភាពជាមួយយុវជន និង យុវនារីដែលមានបទដ្ឋានដូចដែលខ្ញុំរស់នៅតាម ។ ខ្ញុំមានអំណរគុណ ដែលមានម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមសកម្មភាពព្រះវិហារ ហើយខ្ញុំមានអំណរគុណដោយព្រោះខ្ញុំបានទទួលយកការអញ្ជើញនោះ ។
តើអ្នកធ្លាប់មានអារម្មណ៍ដូចខ្ញុំដែរឬទេ ៖ គឺអារម្មណ៍ថាគេមិនរាប់រក ឬ ជាមនុស្សដែលចូលមិនចុះក្នុងចំណោមគេ ? ឬ តើអ្នកធ្លាប់ស្គាល់នរណាម្នាក់ដែលមានអារម្មណ៍ថាគេមិនទទួលស្គាល់ខ្លួន ឬ គ្មានមិត្តភក្តិច្រើនដែរឬទេ ? ទោះបីនៅសាលារៀន ព្រះវិហារ ឬ កន្លែងដទៃទៀតក្តី មានមនុស្សជាច្រើនមានអារម្មណ៍បែបនោះ នៅក្នុងជីវិតរបស់ពួកគេ ។
របៀបធ្វើជាមិត្តភក្តិល្អ
វាឈឺចាប់ណាស់ដែលគេមិនរាប់រកយើង ប៉ុន្តែការអាក់អន់ចិត្ត ឬ ការចងគំនុំនោះពុំជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងឡើយ ។ ផ្ទុយទៅវិញ សូមព្យាយាមធ្វើកិច្ចការទាំងនេះ ៖
-
ចូលរួមនៅក្នុងសកម្មភាពនានាសាសនាចក្រ ។ សកម្មភាពទាំងនេះជាឱកាសល្អ ដើម្បីឲ្យអ្នកនៅជាមួយមនុស្សដែលគោរពដល់បទដ្ឋានរបស់អ្នក ។
-
រៀន និង អភិវឌ្ឍជំនាញ ។ ចូលរួមសមាគមនិស្សិត ក្រុមកីឡា ឬ ក្លឹបគឺជារបៀបល្អមួយដើម្បីរាប់អានដល់មនុស្ស ដែលមានចំណាប់អារម្មណ៍ស្រដៀងនឹងអ្នក ។
-
សូមកុំរង់ចាំឲ្យមនុស្សដទៃមកសុំអ្នកធ្វើជាមិត្តភក្តិឡើយ ។ សូមណែនាំខ្លួនអ្នកដល់មនុស្សដទៃ ។
-
សូមធ្វើជាបុគ្គលដ៏ល្អបំផុត ដែលអ្នកអាចធ្វើបាន ហើយរក្សាបទដ្ឋានរបស់អ្នក ។ អ្នកនឹងរកឃើញមិត្តភក្តិដែលរីករាយចំពោះអ្នក សម្រាប់អត្តចរិករបស់អ្នក និង ពន្លឺដែលអ្នកមាន ។
-
សូមចំណាយពេលនៅជាមួយគ្រួសាររបស់អ្នក ។ អ្នកអាចដឹងថា មិត្តភក្ដិស្និទ្ធស្នាលមួយចំនួនរបស់អ្នកគឺរកបាននៅក្នុងផ្ទះផ្ទាល់ខ្លួនអ្នក ។
របៀបដាក់បញ្ចូលមនុស្សដទៃឲ្យចូលរួម
ពេលខ្លះ វាហាក់បីដូចជាមានការលំបាក ដើម្បីធ្វើអ្វីដែលយើងពិបាកធ្វើ ហើយមានចិត្តរួសរាយដល់មនុស្សដទៃ ប៉ុន្តែនៅពេលយើងចាំថា យើងទាំងអស់គ្នាគឺជាកូនចៅរបស់ព្រះ នោះយើងនឹងមើលឃើញនូវសារៈសំខាន់នៃការជួយមនុស្សដទៃ ។ ទាំងនេះគឺជាយោបល់ ៖
-
និយាយជាមួយមនុស្សថ្មីៗនៅសាលារៀន និង ព្រះវិហារ ។ ណែនាំពួកគេឲ្យស្គាល់មិត្តភក្តិរបស់អ្នក ។
-
អញ្ជើញនរណាម្នាក់ដែលត្រូវការមិត្តភក្តិទៅសកម្មភាពសាលារៀន ឬ សាសនាចក្រ ។
-
ប្រឈមមុខ—ដោយចិត្តសប្បុរស និង អំណត់—ជាមួយមនុស្សដែលមានចេតនាធ្វើឲ្យមនុស្សដទៃមានអារម្មណ៍ថាពុំស្វាគមន៍គេ ។
-
អង្គុយជាប់មនុស្សដែលឯកោ ឬ អញ្ជើញពួកគេឲ្យអង្គុយជាមួយអ្នក និង មិត្តភក្ដិរបស់អ្នក ។
-
សូមអធិស្ឋានទៅព្រះវរបិតាសួគ៌នៅពេលអ្នកមិនដឹងពីរបៀប ដើម្បីជួយនរណាម្នាក់ ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់ពីអ្វីដែលបុគ្គលម្នាក់នោះត្រូវការ ដើម្បីមានចិត្តរីករាយ ហើយអាចជួយអ្នកផ្តល់នូវជំនួយនោះ ។