អារម្មណ៍សុខសាន្តនៃព្រះវិហារបរិសុទ្ធ
ខាធី រូសើរ រដ្ឋកាលីហ្វូញ៉ា ស.រ.អា.
ខ្ញុំមានឱកាសទៅសួរសុខទុក្ខកូនស្រីខ្ញុំ ខាលី នៅទីក្រុង ឡាស វ៉េហ្គាស រដ្ឋ ណាវ៉ាដា ស.រ.អា. ដែលនាងទើបតែបានប្តូរទៅនៅទីនោះជាមួយស្វាមី និង កូនពីរនាក់របស់នាង ។ វួដរបស់ខាលីជួបប្រជុំនៅពេលថ្ងៃត្រង់ ដូច្នោះនៅពេលព្រឹកយើងមានពេលវេលាដ៏រីករាយដើម្បីរៀបចំខ្លួន ហើយពិភាក្សាពីកិច្ចការនានាបន្ទាប់ពីព្រះវិហារ ។ ដោយសារខាលីគ្មានឱកាសទៅលេងព្រះវិហារបរិសុទ្ធនៅឡើយ នោះយើងបានសម្រេចចិត្តទៅ ហើយថតរូបមួយចំនួនរបស់កូនយើងលេងនៅបរិវេណព្រះវិហារបរិសុទ្ធ ។
នៅពេលយើងទាំងអស់គ្នានៅព្រះវិហារបរិសុទ្ធ បរិវេណព្រះវិហារបរិសុទ្ធ ឡាស វ៉េហ្គាស ណាវ៉ាដាមានភាពស្រស់ស្អាត ហើយមានការររក្សាសណ្តាប់ធ្នាប់ដោយមានប្រភពទឹក និង ផ្កាដ៏ស្រស់ស្អាត ។
បន្ទាប់ពីអានរឿងមួយដែលប្រធាន ថូម៉ាស អេស ម៉នសុនបានប្រាប់ ខាលីមានចិត្តអន្ទះសារចង់យកកូនរបស់នាងទៅព្រះវិហារបរិសុទ្ធ ប្រយោជន៍ឲ្យពួកគេអាចស្ទាបវា ( សូមមើល « Finding Peace » Liahona ខែ មិនា ឆ្នាំ ២០០៤ ទំព័រ ៥–៦ ) ។ ចំណុចដំបូងដែលនាងបានពន្យល់ដល់កូនស្រីរបស់នាង ស្តេឡានោះគឺអំពីភាពពិសិដ្ឋ និង សារៈសំខាន់នៃព្រះវិហារបរិសុទ្ធ ។
ស្តេឡាបានយល់ស្មើនឹងកុមារអាយុបីឆ្នាំអាចយល់អំពីការណ៍នោះ ហើយយើងបានជំរុញចិត្តឲ្យនាងស្ទាបព្រះវិហារបរិសុទ្ធ ។ យើងបានថតរូបជាច្រើនរបស់ស្តេឡា និង ប្អូនប្រុសអាយុបីខែរបស់នាងស្ទាបព្រះវិហារបរិសុទ្ធ ។
ដល់ពេលត្រូវត្រឡប់ទៅវិញ ស្តេឡាមានចិត្តស្ទាក់ស្ទើរមិនចង់ទៅ ។ យើងគិតថា យើងបានយល់ពីមូលហេតុនោះ នាងបានមានពេលដ៏រីករាយនៅក្នុងបរិវេណដ៏ស្រស់ត្រកាលនោះ និង គ្មានអារម្មណ៍សង្ស័យដែលជាអារម្មណ៍ដូចដែលយើងមានដែរ ។
បន្ទាប់ពីយកនាងដាក់ក្នុងឡាន ហើយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពហើយ យើងបានចាប់ផ្តើមចេញដំណើរ ។ ខ្ញុំបានងាកក្រោយ ហើយលើកដៃគ្រវី ហើយនិយាយដាក់ស្តេឡា ថា « ចូរលាព្រះវិហារបរិសុទ្ធ » ទៅកូន ។ នាងបានក្រឡេកមើលព្រះវិហារបរិសុទ្ធ ហើយលើកដៃគ្រវី ហើយនិយាយថា « លាហើយព្រះវិហារបរិសុទ្ធ ។ លាហើយលោកតា » ។ ខ្ញុំពុំបានដឹងច្បាស់ទេ ថាខ្ញុំបានឮត្រឹមត្រូវពីអ្វីដែលនាងនិយាយ ប៉ុន្តែនៅពេលខ្ញុំបានងាកមើលខាលី ហើយបានឃើញនាងយំ ខ្ញុំបានដឹងថាយើងទាំងពីរនាក់បានឮដូចគ្នានូវអ្វីដែលនាងបាននិយាយ ។
ជីតារបស់ស្តេឡា—គឺស្វាមីរបស់ខ្ញុំ ធីម—បានចែកឋានទៅបួនឆ្នាំមុនស្តេឡាកើត ។ នាងបានឃើញរូបថតរបស់គាត់ ហើយបានស្តាប់ឮគ្រួសារយើងនិយាយអំពីគាត់ ប៉ុន្តែយើងពុំបាននិយាយអ្វីពីគាត់នៅថ្ងៃនោះទេ ។
កាលធីមបានចែកឋានទៅ យើងមានតែចៅម្នាក់គត់ ។ ឥឡូវយើងមានចៅ ១២នាក់ ហើយនៅពេលណាខ្ញុំបីចៅតូចដ៏មានតម្លៃទាំងនោះដែលទើបនឹងចាកចេញមកពីវត្តមានរបស់ព្រះវរបិតាសួគ៌របស់យើង នោះខ្ញុំចង់សួរថា « តើចៅៗបានជួបជីតារបស់ចៅទេ ? តើលោកតាបានផ្តល់ដំបូន្មានអ្វីខ្លះមកជាមួយចៅ ? »
ទីបន្ទាល់របស់ខ្ញុំអំពី ភាពពិសិដ្ឋនៃព្រះវិហារបរិសុទ្ធមានភាពរឹងមាំនៅថ្ងៃនោះ ។ យើងពុំអាចនាំកូនតូចរបស់យើងទៅក្នុងព្រះវិហារបរិសុទ្ធជាមួយយើងឡើយ ប៉ុន្តែយើងអាចយកពួកគេទៅកាន់ទ្វារព្រះវិហារ ហើយឲ្យពួកគេដាក់ដៃខ្លួនលើទ្វារនោះ ដែលមានសមាជិកសក្តិសមជាច្រើនរាប់មិនអស់បានធ្លាប់ចូលរួមក្នុងដំណាក់របស់ព្រះអម្ចាស់ ។