ចូរមកតាមខ្ញុំ ៖ ការបង្រៀន មូលដ្ឋានគ្រឹះនៅក្នុងគេហដ្ឋាន
ផ្នែកទី ២
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
តាមរយៈគំរូនានានៃសមាជិកទាំងនេះ អ្នកក៏អាចយកគោលការណ៍នានាមកពីកម្មវិធីសិក្សារបស់យុវវ័យទៅក្នុងគេហដ្ឋានរបស់ខ្លួនបាន ។
ដូចដែលសាវកបានបង្រៀនម្តងហើយម្តងទៀតថា « ភាពជោគជ័យរបស់យើងម្នាក់ៗ និង សាសនាចក្រទាំងមូលនឹងត្រូវបានកំណត់យ៉ាងខ្លាំងទៅលើរបៀបដែលយើងផ្តោតចិត្តទុកដាក់យ៉ាងស្មោះត្រង់លើការរស់ នៅតាមដំណឹងល្អនៅគេហដ្ឋាន » ។១
ការរស់នៅតាមដំណឹងល្អគឺជារបៀបដ៏ល្អបំផុតដើម្បីរៀន និង បង្រៀនដំណឹងល្អ ។ នៅពេលយើងរស់នៅតាមគោលការណ៍នៃគោលលទ្ធិទាំងនេះ នោះយើងនឹងនាំគ្រួសារ និង ខ្លួនយើងឲ្យខិតកាន់តែជិតនឹងព្រះវិញ្ញាណ ។ ដោយមានជំនួយពីព្រះវិញ្ញាណ នោះយើងអាចរៀន និង បង្រៀនគោលការណ៍ទាំងនេះបានយ៉ាងល្អបំផុត ។ យើងនឹងត្រូវបានដឹកនាំទៅរកវិធីសាស្ត្ររៀនសូត្រដែលប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់សេចក្តីត្រូវការ និង កាលៈទេសៈរបស់យើង ព្រមទាំងគ្រួសារយើង ឲ្យរីកចម្រើនកាន់តែខិតជិតនឹងព្រះអង្គសង្គ្រោះ ។
កក្កដា ៖ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាពិសិដ្ឋនៃបព្វជិតភាព—ការសន្យានានាដែលយើងបានធ្វើជាមួយព្រះវរបិតាសួគ៌—នាំមកនូវពរជ័យដ៏ខ្លាំងក្លាក្នុងជីវិតរបស់យើង ។ របៀបមួយដើម្បីមើលឃើញពីគោលបំណងនៃពិធីបរិសុទ្ធនោះគឺ ការគិតពីពិធីទាំងនោះថា ជាពិធីសំខាន់នៅលើផ្លូវដែលនាំត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌វិញ—គឺជីវិតដ៏នៅអស់កល្បជានិច្ច ។ យើងបន្តនៅលើផ្លូវនោះតាមរយៈការគោរពសេចក្តីសញ្ញានានា ដែលយើងបានធ្វើ ។
ឧទាហរណ៍ យុវនារីម្នាក់បានពិពណ៌នា ពីរបៀបដែលនាងបានបន្តនៅលើផ្លូវនៃសេចក្តីសញ្ញានេះ ៖ « មានគ្រាមួយនោះមិត្តរួមថ្នាក់របស់ខ្ញុំបានសុំឲ្យខ្ញុំជួយ ។ ខ្ញុំពុំបានគិតច្រើនពីការសុំជំនួយនោះទេ គឺគ្រាន់តែផ្តល់នូវជំនួយដែលនាងត្រូវការប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ព្រះវិញ្ញាណបានរំឭកខ្ញុំថា តាមរយៈការជួយទទួលបន្ទុករបស់នាង នោះខ្ញុំកំពុងរក្សាសេចក្តីសញ្ញាដែលខ្ញុំបានធ្វើ នៅពេលខ្ញុំជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ ខ្ញុំមានអំណរគុណចំពោះឱកាសនានា ដែលព្រះវរបិតាសួគ៌បានប្រទានដល់ខ្ញុំរាល់ថ្ងៃ ឲ្យជ្រើសរើសដើរតាមផ្លូវនៃសេចក្តីសញ្ញា » ។
ជាគ្រួសារ អ្នកអាចស្វែងរកពិធីបរិសុទ្ធនានាដែលសមាជិកម្នាក់ៗនៅតែត្រូវការទទួល ហើយក្រោយមកវាយតម្លៃថា តើអ្នកកំពុងរក្សាសេចក្តីសញ្ញាដែលខ្លួនបានធ្វើនោះខ្លាំងប៉ុណ្ណា ។ ឧទាហរណ៍ តើការរៀបចំរបស់អ្នកដើម្បីទទួលពិធីបរិសុទ្ធសាក្រាម៉ង់ប្រចាំសប្តាហ៍ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់អ្នកដូចម្តេចខ្លះចំពោះសេចក្តីសញ្ញានានានោះ ? ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអ្នកពីរបៀបដើម្បីកែលម្អ ។
សីហា ៖ អាពាហ៍ពិពាហ៍ និង គ្រួសារ
អាពាហ៍ពិពាហ៍ និង គ្រួសារគឺជាផ្នែកសំខាន់ចំពោះសុភមង្គលរបស់យើង និង ចំពោះផែនការរបស់ព្រះវរបិតាសួគ៌ សម្រាប់សេចក្តីសង្គ្រោះរបស់យើង ។ គ្រួសារគឺជាអង្គភាពដ៏សំខាន់ក្នុងកាលវេលានេះ និងក្នុងភាពដ៏នៅអស់កល្បជានិច្ច ។
ការបង្រៀនកូនចៅរបស់អ្នកអំពីអាពាហ៍ពិពាហ៍ និង គ្រួសារ អាចមានភាពងាយស្រួល ដូចជាការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។ យុវមជ្ឈិមវ័យម្នាក់បានចែកចាយពីរបៀប ដែលនាងបានកើនអំណរគុណចំពោះការផ្សារភ្ជាប់របស់នាងនៅក្នុងព្រះវិហារបរិសុទ្ធ ៖
« ខ្ញុំបានចាំពីការអង្គុយម្នាក់ឯងនៅក្នុងបន្ទប់សេឡេស្ទាលនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានការភិតភ័យ ដោយពុំដឹងថាតើខ្ញុំនឹងត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នៅថ្ងៃនោះដែរឬទេ ដោយសារតែទំនាក់ទំនងមិនច្បាស់លាស់អំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់គូដណ្តឹងរបស់ខ្ញុំ ។
« ខ្ញុំបានអធិស្ឋានយ៉ាងខ្លាំងថា ព្រះអម្ចាស់នឹងអនុញ្ញាតឲ្យយើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃនោះ ។ នៅពេលខ្ញុំបានអធិស្ឋាន នោះមានគំនិតមួយបានផុសក្នុងដួងចិត្តខ្ញុំ ៖ ទោះបីអ្នកនៅតែឯងនៅក្នុងបន្ទប់សេឡេស្ទាលនេះក្តី នគរសេឡេស្ទាលគឺជាពិភពសេឡេស្ទាលព្រោះថាអ្នកពុំនៅទីនោះតែឯងឡើយ ។ អ្នកនឹងនៅជាមួយគ្រួសារអស់កល្បជានិច្ចរបស់អ្នក និង គ្រួសារសួគ៌ារបស់អ្នក ។ ហើយនោះជាមូលហេតុដែលអ្នកត្រូវបានផ្សារភ្ជាប់ ។
« សែសិបនាទី និង បន្ទាប់ពីបានទូរសព្ទពីរបីដងក្រោយមក ស្វាមីរបស់ខ្ញុំ ហើយនឹងខ្ញុំអាចផ្សារភ្ជាប់បាន ។ ខ្ញុំមានអំណរគុណ និង មានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំងក្រៃលែង ។ ពិធីបរិសុទ្ធនោះបានប្រែកាន់តែមានន័យចំពោះខ្ញុំ ដោយសារយើងអាចបង្កើតជីវិតសេឡេស្ទាលជាមួយព្រះ ជាទីកន្លែងដែលយើងនឹងមិននៅតែម្នាក់ឯងនោះទេ » ។
តើបទពិសោធន៍អ្វីខ្លះ ដែលបានបង្រៀនអ្នកអំពីតួនាទីនៃអាពាហ៍ពិពាហ៍ និង គ្រួសារនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ? ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យចាំ ហើយចែកចាយបទពិសោធន៍សមរម្យ ។ ដោយមិនគិតពីស្ថានភាពគ្រួសាររបស់អ្នក ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអ្នកពីរបៀប ដើម្បីអនុវត្តគោលការណ៍នៃអាពាហ៍ពិពាហ៍ និង គ្រួសារនៅក្នុងជីវិតអ្នក ។
កញ្ញា ៖ បទបញ្ញត្តិ
បទបញ្ញត្តិទាំងឡាយគឺជាក្រឹត្យវិន័យ និងជាតម្រូវការដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់បានប្រទានឲ្យដើម្បីប្រទានពរដល់ជីវិតរបស់យើង ។
របៀបមួយដ៏មានឥទ្ធិពលដើម្បីសិក្សាពីបទបញ្ញត្តិនោះគឺ ការស្រាវជ្រាវខគម្ពីរដើម្បីរៀនអំពីពរជ័យនានាដែលកើតឡើងមកពីការគោរពប្រតិបត្តិ ដូចដែលយុវមជ្ឈិមវ័យម្នាក់នេះបានធ្វើ ៖
« នៅពេលខ្ញុំសិក្សាអំពីបទបញ្ញត្តិ នោះខ្ញុំចង់អានខគម្ពីរទាំងអស់ដើម្បីខ្ញុំអាចរកវាឃើញ ហើយធ្វើបញ្ជីមួយនៃពរជ័យនានាដែលព្រះវរបិតាសួគ៌សន្យាដោយសារការគោរពប្រតិបត្តិរបស់ខ្ញុំ ។ ការរៀនបន្ថែមទៀតអំពីពរជ័យ ដែលបានសន្យាបានពង្រឹងដល់ទីបន្ទាល់របស់ខ្ញុំថា ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ហើយមានព្រះទ័យចង់ប្រទានពរដល់ខ្ញុំ » ។
ដើម្បីរៀន ឬ បង្រៀនអំពីបទបញ្ញត្តិនានា អ្នកអាចអានមេរៀនទី ៤ ជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ជាមួយកូនៗរបស់អ្នក សិក្សាខគម្ពីរដែលទាក់ទងគ្នាទាំងនោះ ហើយធ្វើបញ្ជីនៃពរជ័យដែលបានសន្យាផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកអាចប្រើវិធីសាស្ត្រនេះដើម្បីរៀនអំពីពរជ័យនានាដែលទាក់ទងជាមួយនឹងគោលការណ៍នានានៃដំណឹងល្អ ។
តុលា ៖ ការប្រែក្លាយឲ្យកាន់តែដូចជាព្រះគ្រីស្ទ
អំឡុងពេលការបម្រើរបស់ព្រះគ្រីស្ទ ទ្រង់បានត្រាស់បង្គាប់យើងថា « ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ដូចព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។ យើងព្យាយាមឈានទៅរកភាពគ្រប់លក្ខណ៍ នៅពេលយើងធ្វើការអភិវឌ្ឍយ៉ាងសាមញ្ញនូវលក្ខណៈមួយរបស់ព្រះគ្រីស្ទ មួយម្តងៗ ហើយព្យាយាមកែលម្អក្នុងបុគ្គលិកលក្ខណៈនោះដោយមានជំនួយពីទ្រង់ ។ យុវជនម្នាក់បានចាប់ផ្តើមដោយធ្វើការកែលម្អលើឧស្សាហ៍ព្យាយាម ។
« ខ្ញុំចង់អភិវឌ្ឍលក្ខណៈឲ្យកាន់តែដូចជាព្រះគ្រីស្ទ ដូច្នោះខ្ញុំបានសិក្សាព្រះគម្ពីររបស់ខ្ញុំ និង ប្រកាសដំណឹងល្អរបស់យើង។ នៅក្នុងជំពូកទី ៦នៃ ប្រកាសដំណឹងល្អរបស់យើង ខ្ញុំបានរកឃើញគំរូមួយដែលបានផ្តល់ជាយោបល់ ដើម្បីអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ ហើយបានសម្រេចចិត្តព្យាយាមធ្វើវាជាមួយនឹងលក្ខណៈមួយនៃភាពឧស្សាហ៍ព្យាយាម ។ ដំបូងខ្ញុំបានសរសេរនិយមន័យនៃឧស្សាហ៍ព្យាយាម និង សំណួរនានាដែលខ្ញុំមានអំពីវា ។ ក្រោយមកខ្ញុំបានអានខគម្ពីរដែលបានផ្តល់ឲ្យនោះ ដែលស្តីអំពីភាពឧស្សាហ៍ព្យាយាម ហើយបានកត់ត្រានូវការបំផុសគំនិត និង ចម្លើយរបស់ខ្ញុំដែលខ្ញុំបានរកឃើញ ពេលខ្ញុំអាន ។ បន្ទាប់មក ខ្ញុំបានដាក់គោលដៅដើម្បីប្រែកាន់តែខំប្រឹងឧស្សាហ៍ព្យាយាមដោយធ្វើកិច្ចការសាលារបស់ខ្ញុំ ហើយនៅពេលអធិស្ឋានរាល់យប់ខ្ញុំបានមានអារម្មណ៍ជំរុញចិត្តកាន់តែខ្លាំង និង ខ្ជាប់ខ្ជួនចំពោះភាពឧស្សាហ៍ព្យាយាម »។
នៅពេលអ្នកព្យាយាមអភិវឌ្ឍ ហើយបង្រៀនកូនៗរបស់អ្នកពីរបៀបអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ នោះធនធាននានារបស់សាសនាចក្រអាចជួយអ្នកឲ្យដឹងពីកន្លែងដែលអ្នកចាប់ផ្តើម ។ ព្រះគម្ពីរផ្តល់នូវគំរូរបស់ព្រះគ្រីស្ទជានិច្ច ហើយធនធាននានាដូចជា ប្រកាសដំណឹងល្អរបស់យើង ផ្តល់នូវគំរូដែលជួយយើងឲ្យបង្កើតនូវទម្លាប់នៃការសិក្សា និង ការដាក់គោលដៅ ។ នៅពេលយើងប្រើព្រះគម្ពីរ និង ធនធានដទៃទៀតជាមួយគ្នា នោះវាជួយយើងឲ្យអនុវត្តអ្វីដែលយើងរៀន ប្រយោជន៍ឲ្យយើងអាចប្រែកាន់តែដូចជាព្រះគ្រីស្ទ ។
វិច្ឆិកា ៖ ភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និង ខាងសាច់ឈាម
ការអភិវឌ្ឍន៍ភាពខ្លួនទីពឹងខ្លួន មានន័យថា ការអនុវត្តនូវសិទ្ធិជ្រើសរើសរបស់យើងដើម្បីខ្វល់ខ្វាយសម្រាប់ខ្លួនយើង និង គ្រួសារយើង ព្រមទាំងការធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្ទាល់ខ្លួនរបស់យើង ។ ការប្រែកាន់តែមានភាពខ្លួនទីពឹងខ្លួន ផ្តល់ការបង្កើននូវសមត្ថភាពរបស់យើង ដើម្បីបម្រើនៅក្នុងផ្ទះ សាសនាចក្រ និង សហគមន៍របស់យើង ។ វិធីមួយដ៏ល្អបំផុតដើម្បីបង្រៀនមនោគតិទាំងនេះគឺតាមរយៈគំរូ ដូចដែលសមាជិករូបនេះបានពិពណ៌នា ៖
« តាមខ្ញុំនៅចាំបាន ម្តាយរបស់ខ្ញុំបានក្រោកពីព្រលឹមរាល់ថ្ងៃដើម្បីសិក្សាព្រះគម្ពីរ ។ ខ្ញុំបានឃើញរបៀបដែលគាត់បានអភិវឌ្ឍកម្លាំងខាងវិញ្ញាណដែលនាំគាត់ឲ្យឆ្លងកាត់គ្រាលំបាកនានា ។ គាត់បានពឹងផ្អែកលើទំនាក់ទំនងផ្ទាល់របស់គាត់ជាមួយព្រះវរបិតាសួគ៌ ដើម្បីធ្វើជាអ្នកគាំទ្រដល់គាត់ ។ ជាមួយនឹងកម្លាំងខាងវិញ្ញាណរបស់គាត់ នោះខ្ញុំមានចិត្តអស្ចារ្យយ៉ាងខ្លាំងចំពោះលទ្ធភាពរបស់គាត់ ដើម្បីមើលថែទាំដល់គ្រួសាររបស់យើង ។ ខ្ញុំបានឃើញពីថវិការបស់គាត់ ការលះបង់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គាត់ ព្យាយាមសិក្សាអប់រំ ហើយបង្ហាញពីការបន្ទាបខ្លួនជាច្រើនក្នុងរបៀបមួយដែលធ្វើឲ្យគាត់បំពេញនូវសេចក្តីត្រូវការខាងហិរញ្ញវត្ថុគ្រួសាររបស់យើង ហើយនៅតែនៅផ្ទះជាមួយកូនៗរបស់គាត់បន្ទាប់មកពីសាលារៀន ។ ខ្ញុំចង់បាននូវកម្លាំងដែលគាត់មាន ហើយខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះគំរូរបស់គាត់ដែលបង្រៀនខ្ញុំពីរបៀបដើម្បីទទួលបានគំរូនោះ » ។
តើអ្នកអាចកាន់តែក្លាយជាគំរូនៃការរស់នៅដោយមានការបម្រុងទុកឲ្យកាន់តែប្រសើរឡើង ចំពោះកូនៗរបស់អ្នកបានយ៉ាងដូចម្ដេច ? ប្រសិនបើអ្នកពុំចេះច្រើនពីកត្តាជាក់លាក់នានានៃភាពខ្លួនទីពឹងខ្លួននោះនៅឡើយ នោះអ្នកអាចអញ្ជើញកូនៗរបស់អ្នកឲ្យរៀនជាមួយអ្នក ហើយថាវានឹងក្លាយជាគំរូមួយដ៏អស្ចារ្យនៅក្នុងរឿងនោះ ។
ធ្នូ ៖ ស្ថាបនានគរព្រះនៅថ្ងៃចុងក្រោយនេះ
« ប្រហែលជាព្រះនាងបានតាំងឡើងក្នុងរាជ្យសម្រាប់ពេលនេះឯងទេដឹង ? » ( នាងអេសធើរ ៤:១៤ ) ។ នេះគឺជាសំណួរមួយ ដែលអ្នកអាចសួរខ្លួនអ្នក ឬ កូនៗរបស់អ្នកនៅពេលអ្នករកឃើញតួនាទីរបស់អ្នកនៅក្នុងការស្ថាបនានគរព្រះ ។
សមាជិករូបនេះបានរៀនទុកចិត្តលើព្រះអម្ចាស់ ដើម្បីជួយគាត់ស្ថាបនានគរព្រះ ៖ « ខ្ញុំចាំពីការបង្រៀនរបស់ឪពុកម្តាយរបស់ខ្ញុំ តាំងពីខ្ញុំនៅក្មេង ថាយើងតែងតែទទួលការហៅបម្រើរបស់យើងជានិច្ច ដោយសារការហៅបម្រើនោះគឺត្រូវបានប្រទានមកពីព្រះ ។ អំឡុងពេលរៀននៅមហាវិទ្យាល័យ ខ្ញុំត្រូវបានហៅឲ្យបម្រើជាប្រធានសមាគមសង្គ្រោះ ។ ខ្ញុំមានអារម្មណ៍ភិតភ័យ ប៉ុន្តែការណ៍នេះពុំធ្វើឲ្យខ្ញុំនិយាយបដិសេធពុំទទួលវាឡើយ ។ ដូច្នេះខ្ញុំបានចាប់ផ្តើមក្នុងឆ្នាំនោះជាមួយនឹងការមើលថែទាំដល់ស្ត្រីជាង ១០០ នាក់ ដោយខ្ញុំមានបទពិសោធន៍យ៉ាងតិចតួច ហើយមានជំនឿថាព្រះអម្ចាស់នឹងប៉ះប៉ូវនូវការផ្លាស់ប្តូរ ។ មួយឆ្នាំក្រោយមក ខ្ញុំត្រូវបានដោះលែង ។ នៅពេលខ្ញុំបានគិតត្រឡប់ទៅមើលពីគ្រានានានៃវិវរណៈ នៅពេលខ្ញុំដឹងយ៉ាងច្បាស់ពីមេរៀនដែលខ្ញុំត្រូវបង្រៀន ឬ យោបល់ដើម្បីចែកចាយ ឬ មានគ្រាជាច្រើននៅពេលដែលមាននរណាម្នាក់បានចំអិនអាហារឲ្យខ្ញុំ ដោយសារខ្ញុំរវល់ពេកពុំបានចំអិនអាហារ ឬ ពេលមានលិខិតលើកទឹកចិត្តខ្លីជាច្រើនដែលខ្ញុំបានទទួល នោះខ្ញុំបានដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់បានតម្កើងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងការស្ថាបនានគរនេះ » ។
នៅពេលអ្នក និង កូនៗរបស់អ្នកគិតពីរបៀបនានា ដើម្បីស្ថាបនានគរព្រះ នោះចូរចងចាំថា សុំលើកទឹកចិត្តពួកគ និង ផ្តល់ឱកាសនានាដល់ពួកគេឲ្យបម្រើ ។ អ្នកអាចគិតពីការពិភាក្សាពីរបៀបនានា ដើម្បីបម្រើដល់មនុស្សដទៃនៅក្នុងការហៅបម្រើដែលអ្នកមាន ។ តើមានវិធីណាខ្លះទៀត ដែលអ្នកអាចជួយឲ្យកិច្ចការនេះបន្តឆ្ពោះទៅមុខ ? មិនថាអ្នកបម្រើនៅទីណាទេ កិច្ចខិតខំប្រឹងប្រែងរបស់អ្នកគឺមានតម្លៃណាស់ ។ ដូចប្រធាន ឌីថើរ អេហ្វ អុជដុហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ចូរឈរនៅក្បែរគ្នា ហើយលើកនៅកន្លែងដែល [ អ្នក ] ឈរ » ។២