រឿងចេញពីព្រះគម្ពីរមរមន អាលម៉ាបង្រៀនរបៀបអធិស្ឋាន អាលម៉ាជាកូនបានទៅជាមួយអ្នកឯទៀត ដើម្បីបង្រៀនសាសន៍សូរាំ ។ សាសន៍សូរាំធ្លាប់ជឿលើព្រះវរបិតាសួគ៌ ប៉ុន្តែពុំបានរក្សាបទបញ្ញត្តិរបស់ទ្រង់ទៀតឡើយ ។ ពួកគេពុំបានជឿលើព្រះយេស៊ូវទេ ។ ហើយពួកគេពុំបានចាំពីរបៀបត្រឹមត្រូវដើម្បីអធិស្ឋានឡើយ ។ ក្នុងមួយសប្តាហ៍ម្តង សាសន៍សូរាំបានប្តូរវេនគ្នាអធិស្ឋាន ។ ពួកគេបានឡើងទៅលើទីខ្ពស់មួយ ។ ពួកគេលើកដៃរបស់ខ្លួនឡើងលើ ។ បន្ទាប់មកពួកគេថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ថាពួកគេប្រសើរជាងមនុស្សដទៃផ្សេងទៀត ។ មនុស្សគ្រប់គ្នាបានអធិស្ឋានដូចគ្នាបេះបិត ។ សាសន៍សូរាំបានអធិស្ឋានតែក្នុងពេលដែលពួកគេឡើងទៅទីខ្ពស់នោះប៉ុណ្ណោះ ។ ពួកគេពុំគិតអំពីព្រះវរបិតាសួគ៌ ឬ អធិស្ឋានទៅកាន់ទ្រង់នៅផ្ទះ ឬ កន្លែងផ្សេងទៀតឡើយ ។ អាលម៉ាបានបង្រៀនប្រជាជននេះថាពួកគេអាចអធិស្ឋានគ្រប់ពេល ។ ពួកគេអាចអធិស្ឋាននៅផ្ទះ នៅទីវាល ឬ នៅក្នុងទីរហោស្ថាន ។ លោកបានបង្រៀនថា ពួកគេអាចអធិស្ឋានអំពីអ្វីគ្រប់យ៉ាង ហើយព្រះវរបិតាសួគ៌នឹងជួយពួកគេ ។ យើងអាចអធិស្ឋានតាមរបៀបអាលម៉ាបានបង្រៀន ។ យើងអាចអធិស្ឋានគ្រប់ពេល និង គ្រប់ទីកន្លែង ។ យើងអាចអធិស្ឋានស្ងាត់ៗក្នុងចិត្តរបស់យើង ។ ព្រះវរបិតាសួគ៌នឹងឮយើងជានិច្ច !