ដៃគូសិក្សារបស់យ័រដាន់
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ វីជីញ៉ា ស.រ.អា. ។
យ័រដាន់នឹកពីគ្រាដែលនៅជាមួយមិត្តភក្តិសិក្សារបស់ខ្លួនគឺ ឃើស៊ី ។ ប៉ុន្តែក្រោយមក គាត់មានគំនិតអស្ចារ្យមួយ !
« ព្រះវិញ្ញាណនឹងដឹកនាំ ដាក់ក្នុងចិត្តខ្ញុំ ដឹងថាព្រះគម្ពីរពិត » ( ចម្រៀងកុមារ ទំព័រ ៦៦ ) ។
យ័រដាន់ពុំបានឃើញបងស្រីរបស់ខ្លួន ឃើស៊ី ជាងមួយឆ្នាំហើយ—វាមានអារម្មណ៍ថាដូចជាយូរណាស់ ! មិនយូរប៉ុន្មាន គាត់នឹងត្រឡប់មកពីបេសកកម្មវិញដើម្បីទទួលការវះកាត់ ។ យ័រដាន់សោកស្តាយដែលគាត់ឈឺ ប៉ុន្តែវារីករាយដែលពួកគេនឹងអាចនៅជាមួយគ្នាក្នុងពេលឆាប់ៗនេះ ។
នៅថ្ងៃបន្ទាប់ ក្រោយពីវាត្រឡប់មកពីសាលារៀនវិញ ឃើស៊ីកំពុងអង្គុយនៅលើសាឡុង ។ យ័រដាន់បានរត់ទៅរកគាត់ ហើយឱបគាត់ ។
« សួស្តី យ័រដាន់ ! បងនឹងប្អូនណាស់ ! » ឃើស៊ីនិយាយ ។
យ័រដាន់ញញឹម ។ « ប្អូនក៏នឹងបងដែរ ! ប្អូនស្តាយណាស់ដែលបងឈឺ » ។
ឃើស៊ី និយាយថា « អរគុណ ប្អូនសម្លាញ់ » ។ គាត់កំពុងដាក់ព្រះគម្ពីរមរមននៅលើភ្លៅរបស់ខ្លួន ។
វាបានសួរថា « តើខ្ញុំអាចអានជាមួយបងផងបានទេ ?
សូមប្អូនទៅយកគម្ពីរមរមនរបស់ប្អូនមក ហើយយើងអាចចាប់ផ្តើមអានពីដំបូងមកជាមួយគ្នា » ។
យ័រដាន់ បានរត់ទៅបន្ទប់ខ្លួន ហើយចាប់យកគម្ពីរមក ។ វាបានស្រែកពេលវារត់ត្រឡប់មកវិញថា « នេះគម្ពីរខ្ញុំ ! » ។ វាបានប្រញាប់ទៅអង្គុយក្បែរឃើស៊ី ។
ពួកគេបានបើកទៅទំព័រចំណងជើង ។ យ័រដាន់ អានថា « ព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ។ ពួកគេបានឆ្លាស់វេនគ្នាអាន ។
ឃើស៊ីបាននិយាយថា « នៅក្នុងបេសកកម្មរបស់បង បងបានសិក្សាព្រះគម្ពីរជាមួយដៃគូរាល់ថ្ងៃ » ។ តើប្អូននឹងធ្វើជាដៃគូសិស្សរបស់បង រហូតដល់ពេលបងត្រូវត្រឡប់ទៅបេសកកម្មរបស់បងវិញបានទេ ? » ឃើស៊ីសួរ ។
វានិយាយថា « បាទ បាន ! » ។
ពីរបីថ្ងៃក្រោយឃើស៊ីបានទទួលការវះកាត់ ។ នាងបានត្រឡប់មកពីមន្ទីរពេទ្យវិញ សម្រាកនៅផ្ទះ ហើយបានជាសះស្បើយរយៈពេលពីរបីសប្តាហ៍ ។ នាង និង យ័រដាន់បានសិក្សាព្រះគម្ពីរមរមនជាមួយគ្នារៀងរាល់ថ្ងៃ ។
ពីមុននាងត្រឡប់ទៅបេសកកម្មរបស់ខ្លួនវិញ ឃើស៊ីបាននិយាយថា « យ័រដាន់ បងចង់សូមឲ្យប្អូនអានព្រះគម្ពីរមរមនឲ្យចប់ពីមុនប្អូនជ្រមុជទឹក ! »
យ័រដាន់បានគិតអំពីរឿងនោះ ។ វានឹងឈានដល់អាយុប្រាំបីឆ្នាំក្នុងរយៈពេលតែពីរបីខែទៀតប៉ុណ្ណោះ ។ វានឹងមានគម្ពីរជាច្រើនដែលត្រូវអាន ។ ប៉ុន្តែវាចង់អានគម្ពីរនោះ ។ យ័រដាន់និយាយថា « បាទ » ។
« ពេលប្អូនអាន តើប្អូននឹងអធិស្ឋាន ហើយសួរថាគម្ពីរនេះពិតដែរឬទេ ? » ឃើស៊ីសួរ ។ « មរ៉ូណៃបានសន្យាថា ប្រសិនបើយើងធ្វើបែបនោះ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រាប់យើងថាគម្ពីរនេះពិត ឬ អត់ » ។
យ័រដាន់និយាយថា « បាទយល់ព្រម » ។
ត្រឹមពេលដែលឃើស៊ីត្រឡប់ទៅបេសកកម្មរបស់នាងវិញ ពួកគេបានអានដល់នីហ្វៃទី ២ ជាមួយគ្នា ។
យ័រដាន់ពិតជានឹកឃើស៊ីណាស់ ។ ជាពិសេសវានឹកពីគ្រានៅជាមួយដៃគូសិក្សារបស់ខ្លួន ។ ប៉ុន្តែក្រោយមក គាត់មានគំនិតអស្ចារ្យមួយ !
លុះស្អែកឡើងនៅសាលារៀន វាបានដើរទៅកាន់តុមិត្តភក្តិស្និទ្ធស្នាលរបស់វាគឺជេក ។
យ័រដាន់បាននិយាយថា « ខ្ញុំនឹងអានព្រះគម្ពីរមរមនឲ្យចប់ពីមុនខ្ញុំជ្រមុជទឹក ។ ដោយសារយើងទាំងពីរនាក់ជ្រមុជទឹកនៅថ្ងៃជាមួយគ្នា តើឯងចង់អានវាឲ្យចប់ដែរឬទេ ? »
ជេកបានពោលថា « បាន យល់ព្រម ។ ខ្ញុំមិនធ្លាប់អានព្រះគម្ពីរមរមនទាំងអស់ពីមុនឡើយ » ។
រាល់ថ្ងៃនៅសាលារៀន ពួកគេបានសួរគ្នាទៅវិញទៅមកនូវសំណួរដូចគ្នា ។
« តើឯងអានដល់ណាហើយ ?
ចប់គម្ពីរយ៉ាកុបហើយ ។ តើឯងអានដល់ណាហើយ ? »
មិនយូរប៉ុន្មាន ពួកគេពុំបានសួរសំណួរនោះទៀតឡើយ ។ ពួកគេមើលគ្នាទៅវិញទៅមក ហើយពួកគេបានដឹងពីសំណួរទៅហើយ ។
យ័រដាន់និយាយថា « ខ្ញុំគិតថា យើងនឹងអានវាចប់ល្មមពេលយើងជ្រមុជទឹក » ។
នៅទីបំផុត ថ្ងៃជ្រមុជទឹកបានមកដល់ ។
យ័រដាន់ បាបខ្សឹបថា « ខ្ញុំបានអានចប់យប់មិញនេះ » ។
ខ្ញុំក៏ដូចគ្នាដែរ ! ជេកបាននិយាយ ។ « ហើយខ្ញុំបានអធិស្ឋានដើម្បីដឹងថាតើគម្ពីរមរមនពិតដែរឬទេ ហើយខ្ញុំទទួលអារម្មណ៍ថាកក់ក្តៅ និង រីករាយក្នុងចិត្ត » ។
យ័រដាន់ញញឹម ។ « ខ្ញុំក៏ដូចឯងដែរ ។ ខ្ញុំបានទទួលអារម្មណ៍រីករាយណាស់ នៅពេលខ្ញុំអធិស្ឋាន » ។ វាមានអំណរគុណយ៉ាងខ្លាំងចំពោះការអញ្ជើញរបស់ឃើស៊ី ។ ឥឡូវនេះវាបានស្ថាបនាទីបន្ទាល់ផ្ទាល់ខ្លួនហើយ ។