អព្ភូតហេតុ ទាំងប្រាំពីរនៅក្នុងដំណើរជីវិត
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ណាវ៉ាដា ស.រ.អា. ។
ព្រះអម្ចាស់បានប្រទានពរដល់ជីវិតរបស់ខ្ញុំជាច្រើន ដែលបានជួយខ្ញុំឲ្យដើរតាមផ្លូវដែលទ្រង់មានសម្រាប់ខ្ញុំ ។
រូបគំនូរ ដោយ រ៉ែត ហានសិន
អំឡុងពេលបម្រើ និង បង្រៀនមនុស្សដ៏ល្អជាច្រើនរូបនៅក្នុងបេសកកម្ម រដ្ឋ តិចសាស ហ៊្វដ វើដ ជាញយៗខ្ញុំបានគិតពីពរជ័យនានានៅក្នុងជីវិតខ្ញុំ ។ ខ្ញុំមានការអស្ចារ្យយ៉ាងខ្លាំងចំពោះបទពិសោធន៍ទាំងប្រាំពីរ ដែលខ្ញុំបានចាត់ទុកថាជាអព្ភូតហេតុ ។
ដំបូង ខ្ញុំបានរស់នៅក្នុងជីវិតពីដើមរបស់ខ្ញុំ ដែលបានចាប់ផ្តើមនៅក្នុងកាលៈទេសៈដ៏ក្រីក្របំផុត ។ ខ្ញុំបានកើតមកក្នុងខ្ទមរបស់ម្តាយខ្ញុំនៅក្នុងដេស៊ី ប្រទេស អេត្យូពី ។ ម្តាយរបស់ខ្ញុំគឺជាសាច់ញាតិតែម្នាក់គត់ដែលខ្ញុំស្គាល់ ហើយគាត់បានសង់ខ្ទមមួយរាងពោងដែលមានកំពស់ប្រហែល ២.៤ម៉ែត្រដោយខ្លួនគាត់ផ្ទាល់ ដោយប្រើឈើ និង ភក់ដែលគាត់ប្រកជាដំបូលដោយស្មៅ និង ស្លឹកឈើ ។ សហគមន៍របស់យើងគ្មានទឹកម៉ាស៊ីន និង បន្ទប់ទឹកប្រើឡើយ ។ ជំងឺ និង មរណភាពកើតឡើងរាលដាលនៅក្នុងភូមិ កេបេឡេ ឬ ភូមិរបស់យើង ។ យើងពិបាករកអាហារ និង ទិញអាហារបានណាស់ ។ ម្តាយខ្ញុំ និង ខ្ញុំមានការស្រេកឃ្លានរាល់ថ្ងៃ ។
កាលខ្ញុំអាយុបួនឆ្នាំ ម្តាយរបស់ខ្ញុំបានឈឺយ៉ាងធ្ងន់ធ្ងរ ដោយប្រឹងអស់ពីលទ្ធភាពសេសសល់របស់គាត់ យើងបានធ្វើដំណើរយ៉ាងត្រដាបត្រដួសទៅមន្ទីរពេទ្យ ដែលជាទីកន្លែងដែលម្តាយដ៏ជាទីស្រឡាញ់ និង ហេវហត់របស់ខ្ញុំបានចែកឋានទៅ ។ បុគ្គលិកនៅមន្ទីរពេទ្យនោះបានជួយសង្គ្រោះជីវិតរបស់ខ្ញុំ ពីចិញ្ចើមថ្នល់ និង ពីភាពមរណាដោយគ្រោះទុរភិក្ស ដោយរៀបចំខ្ញុំឲ្យរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រានៅក្នុងទីក្រុង អាឌីស អាបាបា ដែលជារាជធានីនៃប្រទេស អេត្យូពី ។
អព្ភូតហេតុទីពីរបានកើតមាន នៅពេលមានការផ្លាស់ប្តូរមួយយ៉ាងធំនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំបានរស់នៅក្នុងអគារដ៏មានអនាម័យនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ដេកនៅលើគ្រែ ហើយបរិភោគអាហារគ្រប់យ៉ាងដែលខ្ញុំចង់ ។ ក្មេងកំព្រាផ្សេងទៀតក៏មានបទពិសោធន៍បាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនផងដែរ ហើយពួកគេបានបង្រៀនខ្ញុំ ពីរបៀបដើម្បីកាត់ចិត្តពីការបាត់បង់ម្តាយរបស់ខ្ញុំ ។ នៅពេលល្ងាចយើងជួបជុំគ្នាច្រៀងចម្រៀងជាភាសាអង់គ្លេស ហើយអធិស្ឋានជាភាសាអាមហារីដែលជាភាសាកំណើតរបស់យើង ។ យើងបានអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក ហើយទូលសុំដល់ព្រះឲ្យប្រទានពរដល់យើង ដើម្បីត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងផ្ទះដែល « ស្អាត មានចិត្តទូលាយ និង ពេញដោយក្តីស្រឡាញ់ » ។ ទាំងតន្ត្រី និង ការអធិស្ឋានមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំពុំដែលឈប់អធិស្ឋានឡើយ ។
ទីបី ខ្ញុំត្រូវបានណែនាំឲ្យជួបអ្នកផ្សព្វផ្សាយសាសនា និង សាសនាចក្រកាលខ្ញុំអាយុ ៨ ឆ្នាំ ។ ខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួមពិធីឧទ្ធិសឆ្លងអគារសាសនាចក្រ អិល. ឌី. អេស. ដំបូងគេនៅក្នុងប្រទេសអេត្យូពីនៅថ្ងៃអាទិត្យ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ នៅក្នុងពិធីឧទ្ទិសឆ្លងនោះ ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងពីព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ហើយអ្នកផ្សព្វផ្សាយសាសនាដែលបានចូលរួមនោះបានចែកចាយនូវក្តីអំណរ សុភមង្គល និង អំណាចនៃព្រះវិញ្ញាណដូចគ្នានឹងខ្ញុំដែរ ។ ខ្ញុំបានចាំថា ខ្ញុំចង់ធ្វើដូចពួកគេ ។ ប៉ុន្តែខ្ញុំពុំដឹងសោះឡើយថា តើខ្ញុំអាចសម្រេចបានគោលដៅនេះដោយរបៀបណា ។
មិនយូរប៉ុន្មានអព្ភូតហេតុទីបួនបានកើតឡើង ។ មានគ្រួសារមួយនៅសហរដ្ឋបានសុំខ្ញុំយកទៅចិញ្ចឹម ។ ឪពុកថ្មីរបស់ខ្ញុំបានមកទទួលខ្ញុំពីមជ្ឈមណ្ឌលកុមារកំព្រា ហើយបានយកខ្ញុំទៅផ្ទះ ។ យើងបានចាប់ផ្តើមស្គាល់គ្នា ហើយខ្ញុំបានចាប់ផ្តើមសាំនឹងបរិយាកាសថ្មីរបស់ខ្ញុំ ។
មានឧបសគ្គរាប់មិនអស់បានកើតឡើងភ្លាមពេលខ្ញុំទៅដល់ទីនោះ ។ មនុស្សជាច្រើនបានសើចចំអកចំពោះភាសាអង់គ្លេសរបស់ខ្ញុំគ្រប់កន្លែងដែលខ្ញុំទៅ ។ ការអប់រំតិចតួចរបស់ខ្ញុំធ្វើឲ្យមានបញ្ហានានានៅសាលារៀន ។ ខ្ញុំបានអធិស្ឋានសុំជំនួយ ហើយក្រោយមកខ្ញុំបានខិតខំកាន់តែខ្លាំងឡើង និង កាន់តែឈ្លាសវៃដើម្បីបង្កើនចំណេះដឹងរបស់ខ្ញុំ ជាពិសេសភាសាអង់គ្លេស ។ ជាថ្មីម្តងទៀតព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។ ពីរឆ្នាំក្រោយមក ខ្ញុំបានផ្លោះថ្នាក់ដោយមានមោទភាព ។
ក្រោយមកជីវិតខ្ញុំនៅផ្ទះនោះមានការប្រេះឆា ។ ការអធិស្ឋានដល់ព្រះអម្ចាស់ ដាក់គោលដៅផ្ទាល់ខ្លួនយ៉ាងខ្ពស់ និង មានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីមានជោគជ័យបានជួយខ្ញុំឲ្យហែលឆ្លងកាត់គ្រាដ៏លំបាកនោះ ។ ទីបំផុត ដោយមានជំនួយពីអ្នកធ្វើការខាងសង្គម ឪពុករបស់ខ្ញុំ និង ខ្ញុំបានយល់ព្រមបញ្ចប់ការសុំមកចិញ្ចឹម ។ នេះគឺជាគ្រាមួយនៃការអធិស្ឋាន ការអត់ធ្មត់ សេចក្តីជំនឿ និង ជំនួយមកពីព្រះវរបិតាសួគ៌ ។
ឥឡូវអាយុ ១៥ ឆ្នាំខ្ញុំបានទៅរស់នៅជាមួយគ្រួសារចិញ្ចឹមមួយប្រមាណជាមួយឆ្នាំ ។ នោះគឺជាគ្រាដែលអព្ភូតហេតុទីប្រាំបានកើតឡើង ។ ខណៈកំពុងជិះគាវទឹកកកជាមួយមិត្តភក្តិពីរនាក់ នោះខ្ញុំបានជួបគ្រួសារអិល. ឌី. អេស. មួយ ដែលមានកូនស្រីរួសរាយពីរនាក់ ។ អំឡុងពេលធ្វើដំណើរមកផ្ទះវិញ មានកូនស្រីម្នាក់បាននិយាយថា « ខ្ញុំគិតថា ព្រះអម្ចាស់មានព្រះទ័យឲ្យយើងយកអេហ្វ្រេម ស្ម៊ីធ ទៅចិញ្ចឹម » ។ វាអស្ចារ្យណាស់ សមាជិកបីនាក់ទៀតក្នុងគ្រួសារនោះក៏បានទទួលអារម្មណ៍នៃការបំផុសគំនិតនោះដូចគ្នាផងដែរ ។ ឪពុកនៃគ្រួសារនោះបានធ្វើការជាមួយនាយកដ្ឋានសេវកម្មសង្គម ហើយមិនយូរប៉ុន្មានខ្ញុំបានប្តូរទៅរស់នៅផ្ទះថ្មីរបស់ខ្ញុំ ។ ចាប់តាំងពីពេលដំបូងមកឪពុកថ្មីដ៏អស្ចារ្យរបស់ខ្ញុំបានផ្តល់សិទ្ធិជ្រើសរើសដល់ខ្ញុំ ។ ឧទាហរណ៍ គាត់បានពន្យល់ថាគ្រួសាររបស់គាត់ទៅព្រះវិហារនៅរៀងរាល់ថ្ងៃអាទិត្យ ។ គាត់បានទុកសិទ្ធិឲ្យខ្ញុំជ្រើសរើសចូលរួមជាមួយពួកគេ ឬ នៅផ្ទះ គាត់បាននិយាយថា ពួកគេនៅតែស្រឡាញ់ខ្ញុំ បើទោះបីជាខ្ញុំជ្រើសរើសពុំចូលរួមព្រះវិហារក្តី ។ ខ្ញុំបានជ្រើសរើសចូលរួមព្រះវិហារ ហើយចាប់ពីពេលនោះមក ខ្ញុំបានធ្វើការសម្រេចចិត្តនានាដោយសុចរិត ។
អព្ភូតហេតុទីប្រាំមួយបានកើតឡើង នៅពេលខ្ញុំបានទទួលទីបន្ទាល់មួយអំពីដំណឹងល្អ ។ នាថ្ងៃអាទិត្យមួយខ្ញុំបានអង្គុយនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ដោយច្រៀងបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » (ទំនុកតម្កើង លេខ ១១៥ ) ។ ខ្ញុំបានចាប់ផ្តើមយំយ៉ាងខ្លាំង នៅពេលខ្ញុំបានទទួលទីបន្ទាល់ផ្ទាល់ខ្លួនថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថាសាសនាចក្រនេះគឺជាសាសនាចក្រទ្រង់ ។
ទីបំផុត ប្រាំបួនឆ្នាំក្រោយមក ខ្ញុំបានដឹងពីរបៀបដែលខ្ញុំចង់ក្លាយដូចជាអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ! ឥឡូវនេះអាយុអ្នកផ្សព្វផ្សាយសាសនាគឺ ១៨ ឆ្នាំ ប៉ុន្តែការសុំខ្ញុំមកចិញ្ចឹមពុំទាន់បំពេញសព្វគ្រប់នៅឡើយទេ ។ ខ្ញុំបានរង់ចាំរយៈពេលប្រាំពីរខែទៀតរហូតដល់ការសុំខ្ញុំមកចិញ្ចឹមបានបំពេញសព្វគ្រប់ ។ ទីបំផុត ទម្រង់បែបបទជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំអាចដាក់ស្នើសុំបានហើយ ។ បួនថ្ងៃក្រោយមកខ្ញុំបានទទួលការហៅបម្រើបេសកកម្មរបស់ខ្លួន ។ គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះ ព្រះអម្ចាស់បានប្រទានពរដល់ខ្ញុំនូវឯកសារសម្រេចសុំខ្ញុំមកចិញ្ចឹម និង ការហៅបម្រើបេសកកម្មរបស់ខ្ញុំ ។ ខ្ញុំបានឲ្យតម្លៃយ៉ាងខ្ពស់ដល់ឯកសារទាំងពីរនេះយ៉ាងខ្លាំង ! ឯកសារនេះគឺជាអព្ភូតហេតុទីប្រាំពីររបស់ខ្ញុំ ។ មែនហើយ តាមពិតទៅ មានអព្ភូតហេតុច្រើនបានកើតឡើងក្នុងដំណើរជីវិតនេះចាប់តាំងពីខ្ទមធ្វើពីភក់នៅក្នុងប្រទេសអេត្យូពីរហូតមកដល់បេសកកម្មដ៏មានតម្លៃរបស់ខ្ញុំ ។