បុព្វកថា
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ៖
ព្រះអម្ចាស់បានសន្យាថា « ហើយនេះជាគោលបំណងរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង »(គ. និង ស. ១០៤:១៥ )។ វិវរណៈនេះគឺជាសេចក្តីសន្យាមកពីព្រះអម្ចាស់ថា ទ្រង់នឹងប្រទានពរជ័យខាងសាច់ឈាម ហើយបើកទ្វារឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ដែលជាសមត្ថភាពសម្រាប់យើងក្នុងការផ្គត់ផ្គង់នូវតម្រូវការចាំបាច់នៃជីវិតសម្រាប់ខ្លួនយើង និងសមាជិកគ្រួសារយើង ។
កូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ បានត្រូវរៀបចំឡើងដើម្បីជួយដល់សមាជិកនៃសាសនាចក្រឲ្យរៀន ហើយអនុវត្តតាមគោលការណ៍នៃសេចក្តីជំនឿ ការអប់រំ ការប្រឹងប្រែងធ្វើការ និងទុកចិត្តលើព្រះអម្ចាស់ ។ ការទទួល ហើយរស់នៅតាមគោលកាណ៍ទាំងនេះ នឹងធ្វើឲ្យអ្នកអាចទទួលពរជ័យខាងសាច់ឈាមដែលបានសន្យាដោយព្រះអម្ចាស់ ។
យើងសូមអញ្ជើញអ្នកឲ្យសិក្សាដោយឧស្សាហ៍ព្យាយាម ហើយអនុវត្តគោលការណ៍ទាំងនេះ និងបង្រៀនវាទៅកាន់សមាជិកគ្រួសារអ្នក ។ បើអ្នកធ្វើដូច្នោះ នោះជីវិតរបស់អ្នកនឹងទទួលបានពរជ័យ ។ អ្នកនឹងរៀនអំពីរបៀបអនុវត្តនៅលើមាគ៌ារបស់អ្នកឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនកាន់តែប្រសើរឡើង ។ អ្នកនឹងត្រូវបានប្រទានពរជ័យ ដោយនូវសេចក្តីសង្ឃឹម សេចក្តីសុខសាន្ត និងការរីកចម្រើនកាន់តែប្រសើរឡើង ។
សូមទុកចិត្តថាអ្នកគឺជាបុត្ររបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង ។ ទ្រង់ស្រឡាញ់អ្នកហើយទ្រង់នឹងមិនបោះបង់អ្នកចោលឡើយ ។ ទ្រង់ស្គាល់អ្នក ហើយត្រៀមអង្គទ្រង់ជាស្រេចដើម្បីជួយដល់ខាងវិញ្ញាណរបស់អ្នក និងពរជ័យខាងសាច់ឈាមនៃភាពខ្លួនទីពឹងខ្លួន ។
ដោយសេចក្តីស្មោះស្ម័គ្រ
គណៈប្រធានទីមួយ