ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៤ ៖ ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ


« ជំពូក​ទី ៤ ៖ ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៤ ៖ ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ » ប្រកាស​ដំណឹងល្អ​របស់​យើង

លីអាហូណា ដោយ​អាណុល ហ្វ្រីបើក

ជំពូក​ទី ៤

ស្វែងរក និង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់ខ្ញុំ និង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ?

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​តួនាទី​អ្វី​ក្នុងការ​ប្រែចិត្ត​ជឿ ?

  • តើ​ខ្ញុំ​អាច​ជួយ​មនុស្ស​ដែល​យើង​បង្រៀន​ឲ្យ​មាន​អារម្មណ៍​ពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ខ្ញុំ​កាន់តែ​មាន​ន័យ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ស្គាល់​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត​មួយ ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ អំណោយទាន​នេះ​សំខាន់​ណាស់​ក្នុង​ការងារ​របស់​អ្នក​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ អ្នក​ត្រូវការ​ការដឹកនាំ និង​អានុភាព​នៃ​វិវរណៈ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​ជួយ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ទទួល​ពិធីបញ្ជាក់ និង​ប្រែចិត្ត​ជឿ ។

ការមាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​អ្នក​ទាមទារ​ការងារ​ខាង​វិញ្ញាណ ។ ការងារ​នេះ​រួម​បញ្ចូល​ទាំង​ការអធិស្ឋាន​ដ៏​ក្លៀវក្លា និង​ការសិក្សា​ព្រះគម្ពីរ​ជាប់លាប់ ។ វា​រួម​ទាំង​ការរក្សា​សេចក្ដីសញ្ញា​របស់​អ្នក និង​បទបញ្ញត្តិ​របស់​ព្រះ ( សូមមើល ម៉ូសាយ ១៨:៨–១០, ១៣ ) ។ វា​រួម​បញ្ចូល​ទាំង​ការ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្តិសម​ជា​រៀងរាល់​សប្តាហ៍ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៧, ៧៩ ) ។

អ្នក​ប្រឈមមុខ​នឹង​តម្រូវការ និង​កាលៈទេសៈ​ផ្សេងៗ​ជា​រៀង​រាល់ថ្ងៃ ។ ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​នឹង​ជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​និយាយ ។ នៅពេល​អ្នក​ស្វែងរក និង​ធ្វើ​តាម​ការបំផុសគំនិត​ទាំងនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ពង្រីក​សមត្ថភាព និង​ការបម្រើ​របស់​អ្នក​ឲ្យ​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន ។ ទ្រង់​នឹង​ជួយ​អ្នក​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ( សូមមើល នីហ្វៃទី២ ៣២:២–៥; អាលម៉ា ១៧:៣; ហេលេមិន ៥:១៧–១៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៣:១៥–១៦; ៨៤:៨៥ ) ។

ប្រធាន រ័សុល អិម ណិលសុន

« នៅ​ពេល​ខាង​មុខ យើងនឹង​មិន​អាច​រស់​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ ​លួងលោម​ចិត្ត និង​មានឥទ្ធិពល​ដ៏ខ្ជាប់ខ្ជួន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ) ។

ពន្លឺ និង​សេចក្ដីពិត ដោយ ស៊ីម៉ូន ឌូវី

ពន្លឺ​នៃ​ព្រះគ្រីស្ទ

ពន្លឺ​នៃ​ព្រះគ្រីស្ទ « ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ » ( មរ៉ូណៃ ៧:១៦; សូមមើល ខទី ១៤–១៩; សូមមើល​ផងដែរ យ៉ូហាន ១:៩ ) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​គឺ​ជា​ការបំភ្លឺ ចំណេះដឹង និង​ឥទ្ធិពល​ដែល​បាន​ប្រទាន​មក​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ ឥទ្ធិពល​នេះ​គឺ​មាន​ពីមុន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​នឹង​ដឹកនាំ​អ្នក​ដែល​ទទួល​បាន​ការរៀនសូត្រ ហើយ​រស់នៅតាម​ដំណឹងល្អ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះវិញ្ញាណ​បរិសុទ្ធ

តួអង្គ​ព្រះវិញ្ញាណបរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់​ជា​តួ​អង្គ​វិញ្ញាណ​ដែល​គ្មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ទេ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣០:២២ ) ។ ទ្រង់​គឺជា​អង្គលួងលោម ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​បង្រៀន​អ្នក​ដើរ​តាម​ទ្រង់​នូវ​គ្រប់ការ​ទាំងអស់ ហើយ​នាំ​ឲ្យ​ពួកគេ​នឹក​ឃើញ​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ( សូមមើល យ៉ូហាន ១៤:២៦ ) ។

ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះចេស្ដា​ក្នុងការ​ប្រទាន​សាក្សី​ដល់​អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​ដោយ​ស្មោះ មុន​ពេល​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ មនុស្ស​ទាំងអស់​អាច​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ « ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ [ យើង ] អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ ) ។

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​សិទ្ធិ​ក្នុងការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​គូកន​ជាប់​ជានិច្ច នៅពេល​ដែល​យើង​មាន​ភាពស័ក្ដិសម ។ យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពី​យើង​បាន​ទទួល​បុណ្យជ្រមុជ​ដោយ​ទឹក ។ វា​ផ្ដល់​ឲ្យ​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​ពិធី​បញ្ជាក់ ។

ព្យាការី យ៉ូសែប ស្ម៊ីធ មាន​ប្រសាសន៍​ថា ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ខុសគ្នា ។ កូនេលាស​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ មុនពេល​គាត់​ទទួល​បុណ្យជ្រមុជទឹក ដែលជា​អំណាច​បញ្ចុះបញ្ចូល​នៃ​ព្រះ​ដល់​គាត់​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ប៉ុន្តែ​គាត់​មិន​អាច​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ទេ លុះត្រា​តែ​គាត់​បានទទួល​បុណ្យជ្រមុជទឹក​សិន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៧ ) ។

វា​គឺ​ដោយ​អំណោយទាន និង​ជា​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​ត្រូវ​បានញែក​ជា​បរិសុទ្ធ—ធ្វើ​ឲ្យ​កាន់តែ​បរិសុទ្ធ កាន់តែ​ពេញលេញ កាន់តែ​បរិបូរណ៍ និង​កាន់តែ​ដូចជា​ព្រះ ។ វា​គឺ​តាមរយៈ​ការប្រោសលោះ​នៃ​ព្រះគ្រីស្ទ និង​អំណាច​ដ៏​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​យើង​អាច​កើត​ជាថ្មី​ខាង​វិញ្ញាណ នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​ដែល​យើង​ចុះ​ជាមួយ​ព្រះ ( សូមមើល ម៉ូសាយ ២៧:២៥–២៦ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា

ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សន្យា​ផងដែរ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៣ ) ។ នៅក្នុង​សមត្ថភាព​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ថា​ពិធីបរិសុទ្ធ​បព្វជិតភាព​ដែល​យើង​ទទួល និង​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​គឺ​អាច​ទទួលយក​បាន​ចំពោះ​ព្រះ ។ អស់អ្នក​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា នឹង​ទទួល​បាន​អ្វី​ទាំងអស់​ដែល​ព្រះវរបិតា​មាន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៥១–៦០; អេភេសូរ ១:១៣–១៤; សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ) ។

ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងអស់​ត្រូវ​បានផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តីសន្យា ដើម្បី​មាន​សុពលភាព​បន្ទាប់​ពី​ជីវិត​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣២:៧, ១៨–១៩, ២៦ ) ។ ការផ្សារភ្ជាប់​នោះ​អាស្រ័យ​លើ​ការបន្ត​ភាពស្មោះត្រង់​របស់​យើង ។

អំណោយទាន​ខាង​ព្រះវិញ្ញាណ

ព្រះអម្ចាស់​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដល់​យើង ដើម្បី​ប្រទានពរ​ដល់​យើង និង​ដើម្បី​ប្រើ​ក្នុង​ការផ្ដល់ពរ​ដល់​អ្នក​ដទៃ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨–៩, ២៦ ) ។ ឧទាហរណ៍ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​រៀន​ភាសាថ្មី​អាច​ទទួល​បាន​អំណោយ​ទាន​នៃ​ភាសា​ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនួយ​ដ៏​ទេវភាព​ក្នុង​ការបង្រៀន​អ្នកដទៃ​ជា​ភាសាកំណើត​របស់​ពួកគេ ។

អំណោយទាន​ជាច្រើន​នៃ​ព្រះវិញ្ញាណ​ត្រូវ​បានពិពណ៌នា​នៅក្នុង មរ៉ូណៃ ១០:៨–១៨, គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១១–៣៣ និង កូរិនថូស ទី១ ១២:១–១២ ។ ទាំងនេះ​គ្រាន់តែ​ជា​អំណោយទាន​មួយចំនួន​នៃ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​អាច​នឹង​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង​អំណោយ​ផ្សេង​ទៀត អាស្រ័យ​លើ​ភាពស្មោះត្រង់​របស់​យើង តម្រូវការ​របស់​យើង និង​តម្រូវការ​របស់​អ្នកដទៃ ។

ព្រះអង្គសង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​អំណោយទាន​ខាងវិញ្ញាណ​ដោយ​ស្មោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨; កូរិនថូស ទី១ ១៤:១, ១២ ) ។ អំណោយ​ទាន​ទាំង​នេះ​កើត​ឡើង​តាមរយៈ​ការអធិស្ឋាន សេចក្ដី​ជំនឿ និង​ការខិតខំ—ហើយ​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

នៅក្នុង Bible Dictionary យើង​អាន​ថា « Holy Ghost » « Light of Christ » និង « Spirit, the Holy » ។ សូម​សរសេរការ​ពិពណ៌នា​អំពី​ធម្មជាតិ និង​តួនាទី​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

សូម​អាន កិច្ចការ ៤:១–៣៣ ។

  • តើ​ពេត្រុស និង យ៉ូហាន ស្វែងរក​អំណោយទាន​ខាងវិញ្ញាណដោយ​របៀបណា ?

  • តើ​ព្រះ​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​អ្នក​អាច​រៀន​អ្វីខ្លះមក​ពី​បទពិសោធន៍​នេះ​អំពី​កិច្ចការ​របស់​យើង ?

ការអធិស្ឋាន​ជា​ក្រុម

ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការប្រែចិត្តជឿ

ការប្រែចិត្តជឿ​កើតឡើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តួនាទី​របស់អ្នក​គឺ​ដើម្បី​ជួយ​នាំ​យក​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ចូលទៅ​ក្នុង​ជីវិត​របស់​មនុស្ស ។ របៀប​មួយចំនួន​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​គឺ​ត្រូវបាន​ផ្ដល់​ជាយោបល់​ដូច​ខាងក្រោម ។

  • ស្វែងរក​ដើម្បី​មាន​ព្រះវិញ្ញាណ​គង់នៅ​ជាមួយ​អ្នក​តាមរយៈ​ការអធិស្ឋាន ការស្រាវជ្រាវ​បទគម្ពីរ និង​ការរក្សា​សេចក្តីសញ្ញា​របស់​អ្នក ។

  • បង្រៀន​ដោយ​ព្រះវិញ្ញាណ​អំពី​ព្រះអង្គ​សង្គ្រោះ និង​សារលិខិត​នៃ​ការស្ដារឡើងវិញ ។ ធ្វើ​តាម​ការណែនាំ​ពី​ព្រះវិញ្ញាណ​ក្នុង​ការបត់បែន​សារលិខិត​របស់​អ្នក​ទៅ​នឹង​តម្រូវការ​របស់​មនុស្ស​ម្នាក់ៗ ។

  • ថ្លែង​ទីបន្ទាល់​ថា អ្នក​ដឹង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា អ្វី​ដែល​អ្នក​បង្រៀន​គឺ​ជាការពិត ។ នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ជា​សាក្សី​ទៅកាន់​អ្នកដទៃ ។

  • អញ្ជើញ​មនុស្ស​ឲ្យ​ប្រព្រឹត្តិ និង​គាំទ្រ​ពួកគេ​ក្នុង​ការរក្សា​ការតាំងចិត្ត​របស់​ពួកគេ ។ នៅពេល​មនុស្ស​រក្សា​ការតាំងចិត្ត នោះ​ពួកគេ​នឹង​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង ។ សូម​មើល ជំពូក​ទី ១១ ។

  • តាម​ដាន​ដោយ​សួរ​មនុស្ស​អំពី​បទពិសោធន៍​របស់​ពួកគេ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ ។ សេចក្តីជំនឿ​របស់​ពួកគេ​នឹង​រីកចម្រើន នៅពេល​ពួកគេ​ប្រែចិត្ត គោរពតាម​ព្រះបញ្ញត្តិ និង​រក្សា​ការតាំងចិត្ត​របស់​ពួកគេ ។ ជួយ​ពួកគេ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​ដែល​ធ្វើការ​ជាមួយ​ពួកគេ ។

ប្រធាន អិម រ័សុល បាឡឺដ

ប្រធាន អិម រ័សុល បាឡឺដ⁠ បានបង្រៀន​ថា ៖ « ការប្រែចិត្តជឿ​ពិតប្រាកដ​កើតឡើង​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ ។ នៅពេល​ព្រះវិញ្ញាណ​ប៉ះ​នឹង​ដួងចិត្ត​របស់ពួកគេ នោះដួងចិត្ត​ទាំងឡាយ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។ នៅពេល​បុគ្គល​ម្នាក់ៗ​… ទទួល​អារម្មណ៍​ដឹង​ថា ព្រះវិញ្ញាណ​កំពុង​ធ្វើការ​ជាមួយ​ពួកគេ ឬ​នៅពេល​ពួកគេ​មើលឃើញ​ភស្ដុតាង​នៃ​ក្ដីស្រឡាញ់ និង​ក្ដីមេត្តា​របស់​ព្រះ​អម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​ត្រូវបាន​ស្អាង និង​ពង្រឹង​ខាងវិញ្ញាណ ហើយ​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់នឹង​ចម្រើន​ឡើង ។ បទពិសោធន៍​ជាមួយ​នឹង​ព្រះវិញ្ញាណ​ទាំងនេះ កើត​មាន​ដោយ​ឯកឯង នៅពេល​មនុស្ស​ម្នាក់​ស្ម័គ្រចិត្ត​ដក​ពិសោធន៍​នូវ​ព្រះបន្ទូល [ សូមមើល អាលម៉ា ៣២:២៧ ] ។ ការណ៍​នេះ​គឺជា​របៀប​ដែល​យើង​អាច ទទួលអារម្មណ៍​ដឹងថា​ ដំណឹង​ល្អ​គឺជា​ការពិត » ( Now Is the Time » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧៥ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

  • សូម​ពិចារណា​វគ្គបទគម្ពីរមួយ ឬ​ច្រើន​ខាងក្រោម​នេះ ។ នៅពេល​អ្នក​អាន សូម​ស្វែង​យល់​ពី​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ក្នុង​ដំណើរ​ប្រែចិត្តជឿ ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ពិភាក្សា​អំពី​ការយល់ដឹង​របស់​អ្នក​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដទៃ​ទៀត ។

    នីហ្វៃទី២ ៤:១៦–៣៥; អេណុស ១; ម៉ូសាយ ៤–៥; ១៨:៧–១៤; ២៧–២៨; អាលម៉ា ៥; ១៧–២២; ៣២; ៣៦៣៨

  • សូម​ពិចារណា​វគ្គបទគម្ពីរមួយ ឬ​ច្រើន​ខាងក្រោម​នេះ ។ នៅពេល​អ្នក​អាន សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​បង្រៀន​បាន​កាន់តែ​ល្អ​ដោយមាន​អំណាច​នៃ​ការប្រែចិត្ត​ជឿ​នៃ​ព្រះវិញ្ញាណ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ពិភាក្សា​អំពី​គំនិត​របស់អ្នក​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដទៃ​ទៀត ។

    នីហ្វៃទី១ ៨:១១–១២; ម៉ូសាយ ២៨:១–៤; អាលម៉ា ២៦; ២៩; ៣១:២៦–៣៨; ៣២; មរ៉ូណៃ ៧:៤៣–៤៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤; ១៨:១០–១៦; ៥០:២១–២២ ។

ការសិក្សា​ព្រះគម្ពីរ

តើ​បទគម្ពីរ​ខាងក្រោម​នេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៅក្នុង​កិច្ចការ​របស់​អ្នក ?

តើ​អ្នក​ធ្វើ​អ្វី​ដើម្បី​មាន​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការងារ​របស់​អ្នក ?

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​អធិស្ឋាន

សូម​អធិស្ឋាន​ដោយ​មាន​សេចក្តីជំនឿ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ

ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ប្រែចិត្ត អ្នក​ត្រូវ​បង្រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៣–១៤, ១៧–២២ ) ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៤ ) ។

នៅពេល​អ្នក​អធិស្ឋាន​ទូលសុំ​ជំនួយ​ក្នុង​ការបង្រៀន​របស់អ្នក នោះ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​ការបង្រៀន​របស់អ្នក « ចូល​ទៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស » ( នីហ្វៃទី២ ៣៣:១ ) ។ នៅពេល​អ្នក​បង្រៀន​ដោយ​ព្រះវិញ្ញាណ និង​អ្នក​ដទៃ​ទទួល​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង « យល់​គ្នា​ទៅ​វិញ​ទៅ​មក » និង « បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២២ ) ។

របៀប​ដើម្បី​អធិស្ឋាន

ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ពី​របៀប​អធិស្ឋាន ( សូមមើល ម៉ាថាយ ៦:៩–១៣; នីហ្វៃទី៣ ១៨:១៩ ) ។ អធិស្ឋាន​ដោយ​ស្មោះសរ និង​ដោយ​ស្មោះ​អស់ពី​ចិត្ត ដើម្បី​ធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​ទទួល​បាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការអធិស្ឋាន​ដែល​មាន​ប្រសិទ្ធភាព​តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ដោយ​ចិត្ត​រាបទាប និង​ការខិតខំ​ប្រកប​ដោយ​និរន្តរភាព ( សូមមើល មរ៉ូណៃ ១០:៣–៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:១០ ) ។

ប្រើ​ភាសា​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការថ្វាយបង្គំ​ព្រះ ។ នៅក្នុង​ភាសា​អង់គ្លេស​សូម​ប្រើ​ភាសា​បទគម្ពីរ​ដូចជា Thee, Thou, Thy និង Thine ជាជាង​សព្វនាម​ទូទៅ​ដូចជាyou, your និង yours ។

បង្ហាញ​ការដឹងគុណ​ជានិច្ច ។ ការខិតខំ​ដោយ​សម្បជញ្ញៈ​ក្នុងការ​មាន​អំណរគុណ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ថា​តើ​ព្រះ​មាន​សេចក្តី​មេត្តាករុណា​យ៉ាង​ណា​នៅក្នុង​ជីវិត​របស់អ្នក ។ វា​នឹង​បើក​បេះដូង និង​គំនិត​របស់​អ្នក​ចំពោះ​ការបំផុស​គំនិត ។

អធិស្ឋាន « ដោយ​អស់​ពី​កម្លាំង​ចិត្ត » សម្រាប់​ឲ្យ​អ្នក​បាន​ចិត្ត​សប្បុរស ( មរ៉ូណៃ ៧:៤៨ ) ។ អធិស្ឋាន​ឲ្យ​អ្នក​ដទៃ​ចំៗ​ឈ្មោះ ។ សូម​អធិស្ឋាន​ឲ្យ​អ្នក​ដែល​អ្នក​កំពុងបង្រៀន ។ ស្វែងរក​ការបំផុសគំនិត​សម្រាប់​របៀប​ដែល​អ្នក​នឹង​អញ្ជើញ ហើយ​ជួយ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

ការសិក្សា​ផ្ទាល់​ខ្លួន

សិក្សា​ការអធិស្ឋាន​របស់​ព្រះអម្ចាស់​នៅក្នុង ម៉ាថាយ ៦:៩–១៣ ។ សួរ​ខ្លួន​អ្នក​នូវ​សំណួរ​ខាងក្រោម ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​ទំនួល​ខុសត្រូវ​បច្ចុប្បន្ន​របស់អ្នក​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​មាន​ឥទ្ធិពល​លើ​ការអធិស្ឋាន​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​ការអធិស្ឋាន​របស់​អ្នក​ស្វែងរក​ពរជ័យ​ឲ្យ​ជីវិត​អ្នក​ដទៃ​តាម​វិធី​ណាខ្លះ ?

  • តើ​អ្នក​អធិស្ឋាន​ដើម្បី​អាច​យក​ឈ្នះ​ការល្បួង​ដោយ​របៀប​ណា ?

  • តើ​អ្នក​អធិស្ឋាន​ទូល​សុំ​ជំនួយ​ក្នុងការ​បំពេញ​តម្រូវការ​ខាងវិញ្ញាណ និង​ខាងសាច់​ឈាម​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​អ្នក​នឹង​ថ្វាយ​សិរីរុងរឿង​ចំពោះ​ព្រះ នៅពេល​អ្នក​អធិស្ឋាន​ដោយ​របៀប​ណា ?

ពេល​ណា​ដែល​ត្រូវ​អធិស្ឋាន

តើ​ខ្ញុំ​គួរតែ​អធិស្ឋាន​នៅពេលណា ? ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ព្យាយាម​ស្វែងរក សូមអធិស្ឋាន​ជានិច្ច ហើយសូម​មានជំនឿ ហើយគ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្ដីល្អ​ដល់​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩០:២៤ ) ។

អាលម៉ា បាន​និយាយ​ថា « ចូរ​ប្រឹក្សា​ជាមួយនឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការល្អ មែនហើយ កាល​ណា​កូន​ដេក​ចុះ​នៅ​ពេល​យប់ ចូរ​ដេក​នៅ​ក្នុង​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ទ្រង់​មើល​ថែទាំ​កូន​ពេល​កូន​ដេក ហើយ​ពេល​កូន​ក្រោក​ឡើង​នៅ​ពេល​ព្រឹក ចូរ​ចិត្ត​កូន​ពោរពេញ​ទៅ​ដោយ​អំណរគុណ​ដល់​ព្រះ ហើយ​បើសិនជា​កូន​ធ្វើ​ការ​ទាំងនេះ នោះ​កូន​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា ៣៧:៣៧; សូមមើល​ផងដែរ ៣៤:១៧–២៧ ) ។

ព្រះអម្ចាស់​អញ្ជើញ​អ្នក​ឲ្យ​ទុក​ពេល​ស្ងប់ស្ងាត់ និង​ឯកជន​ដើម្បី​អធិស្ឋាន ៖ « ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​…​អធិស្ឋាន​ដល់​ព្រះ​វរបិតា » ( នីហ្វៃទី៣ ១៣:៦; សូមមើល​ផងដែរ ខទី ៧–១៣ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « ជា​រៀងរាល់​ព្រឹក … ពួក​អ្នកផ្សព្វផ្សាយ​សាសនា​គួរតែ​លុតជង្គង់ ហើយ​ទូល​អង្វរ​ព្រះអម្ចាស់​ឲ្យ​បន្ធូរ​អណ្តាត​របស់​ពួកគេ ហើយ​មាន​ព្រះបន្ទូល​តាមរយៈ​ពួកគេ​ទៅកាន់​ពរជ័យ​នៃ​អ្នក​ដែល​ពួកគេ​នឹង​ត្រូវ​បង្រៀន ។ ប្រសិនបើ​ពួកគេ​នឹង​ធ្វើ​បែប​នេះ នោះ​ពន្លឺ​ថ្មី​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ ។ វា​នឹង​មាន​ភាពរីករាយ​ខ្លាំង​ជាង​មុន​ដើម្បី​ធ្វើ​ការងារ​នេះ ។ ពួកគេ​នឹង​ដឹង​ថា​តាម​ន័យ​ពិត ពួកគេ​គឺជា​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដែល​និយាយ​ក្នុង​នាម​ទ្រង់ » ( « Missionary Service » First Worldwide Leadership Training Meeting ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០០៣ ទំព័រ ២០ ) ។

ទុកចិត្ត​លើ​ព្រះ​ពេល​យើង​អធិស្ឋាន

ការមាន​សេចក្តី​ជំនឿ​លើ​ព្រះ​មាន​ន័យ​ថា​ការទុកចិត្ត​លើ​ទ្រង់ ។ ការណ៍នេះ​រួម​បញ្ចូល​ទាំង​ការទុកចិត្ត​លើ​ព្រះ​ឆន្ទៈ​របស់​ទ្រង់ និង​ពេលវេលា​របស់​ទ្រង់​ក្នុង​ការឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អ្នក ( សូមមើល អេសាយ ៥៥:៨–៩ ) ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖

« ជា​លទ្ធផល មិន​ថា​ជំនឿ​របស់​យើង​ខ្លាំង​ប៉ុន​ណា​នោះ​ទេ វា​មិន​អាច​បង្កើត​លទ្ធផល​ដែល​ផ្ទុយ​នឹង​ព្រះហឫទ័យ​របស់​ទ្រង់​ជា​អង្គ​ដែល​យើង​ជឿ​នោះ​ទេ ។ សូម​ចាំ​រឿង​នេះ នៅពេល​ដែល​ការអធិស្ឋាន​របស់​អ្នក​ហាក់​ដូចជា​មិន​ត្រូវបាន​ឆ្លើយ​តប​តាម​របៀប ឬ​នៅពេល​ដែល​អ្នក​ចង់​បាន ។ ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺ​តែងតែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​របៀប​រៀប​រយ​របស់​ស្ថានសួគ៌ នៅក្រោម​សេចក្ដីល្អ និង​ព្រះ​បំណង និង​ព្រះ​ប្រាជ្ញា ព្រមទាំង​ពេលវេលា​របស់​ព្រះអម្ចាស់ ។ នៅពេល​យើង​មាន​សេចក្តីជំនឿ និង​ការទុក​ចិត្ត​បែប​នោះ​ទៅ​លើ​ព្រះអម្ចាស់ នោះ​យើង​មាន​សុវត្ថិភាព និង​ភាពស្ងប់ស្ងាត់​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​យើង » ( « The Atonement and Faith » Ensign ខែ មេសា ឆ្នាំ ២០១០ ទំព័រ ៣០) ។

ទាក់ទង​នឹង​ការអធិស្ឋាន​ដែល​ហាក់​ដូចជា​គ្មាន​ទទួល​បាន​ចម្លើយ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖

« ខ្ញុំ​យល់​ពី​អារម្មណ៍​នោះ ! ខ្ញុំ​យល់​ពី​ការភ័យខ្លាច និង​ទឹកភ្នែក​នៃ​គ្រា​បែប​នេះ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ការ​អធិស្ឋាន​របស់​យើង​នឹង​មិន​ដែល​ព្រងើយ​កន្តើយ​ឡើយ ។ សេចក្ដី​ជំនឿ​របស់​យើង​​មិន​ដែលមិន​មាន​តម្លៃ​នោះ​ទេ ។ ខ្ញុំ​ដឹង​ថា​ទស្សនៈ​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​ប្រាជ្ញា​គ្រប់​ទាំង​អស់​គឺ​ទូលំទូលាយ​ជាង​ទស្សនៈ​របស់​យើង​ឆ្ងាយ​ណាស់ ។ ខណៈ​ពេល​ដែល​យើង​ដឹង​អំពី​បញ្ហា និង​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ទ្រង់​ជ្រាប​ពី​វឌ្ឍនភាព និង​សក្ដានុពល​អមតៈ​របស់​យើង ។ ប្រសិន​បើ​យើង​អធិស្ឋាន​ដើម្បី​ដឹងពី​ព្រះហឫទ័យ​របស់​ទ្រង់​ហើយ​ចុះចូល​នឹងព្រះហឫទ័យ​របស់​ទ្រង់​ដោយ​ភាព​អត់ធ្មត់ និង​ភាព​ក្លាហាន​នោះ​ការ​ព្យាបាល​នៅ​ស្ថានសួគ៌​អាច​ប្រព្រឹត្ត​ទៅ​តាមវិធី និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ » ( « Jesus Christ—the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ ) ។

នៅតាម​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស ដោយ ហ្គ្រេក អូលសិន

រៀន​ស្គាល់​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ

វា​មាន​សារៈសំខាន់​សម្រាប់​អ្នក និង​មនុស្ស​ដែល​អ្នក​បង្រៀន ដើម្បី​រៀន​ស្គាល់​ទំនាក់ទំនង​មកពី​ព្រះវិញ្ញាណ ។ ជា​ធម្មតា ព្រះវិញ្ញាណ​ប្រាស្រ័យ​ទាក់ទង​ដោយ​ស្ងាត់ស្ងៀម តាមរយៈ​អារម្មណ៍ និង​គំនិត​របស់​អ្នក ។ ព្យាការី​អេលីយ៉ា​បាន​រកឃើញ​ថា ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មិន​មែន​នៅក្នុង​ខ្យល់ រញ្ជួយដី ឬ​ភ្លើង​នោះ​ទេ—ប៉ុន្តែ​គឺ « សំឡេង​តូច​រហៀងៗ » ( ពង្សាវតាក្សត្រ ទី១ ១៩:១២ ) ។ វា « ពុំ​មែន​ជា​សូរ​ផ្គរលាន់​ទេ » ប៉ុន្តែ​ផ្ទុយទៅវិញ « ជា​សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ ហាក់​បី​ដូច​ជា​ពាក្យ​ខ្សឹប » ប៉ុន្តែ​វា​អាច « ចាក់​ទំ​លុះ​ទៅ​ដល់​ទាំង​ព្រលឹង » ( ហេលេមិន ៥:៣០ ) ។

ការប្រាស្រ័យ​ទាក់ទង​ពី​ព្រះវិញ្ញាណ​អាច​មាន​អារម្មណ៍​ខុសគ្នា​ចំពោះ​មនុស្ស​ផ្សេង​គ្នា ។ ទោះបី​ជា​ការប្រាស្រ័យ​ទាក់ទង​ទាំងនេះ​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ ព្រះគម្ពីរ​បង្រៀន​ពី​របៀប​ស្គាល់​ពួក​គេ​ដែរ ។ ឧទាហរណ៍ ព្រះវិញ្ញាណ​នឹង​ពង្រឹង​អ្នក ហើយ​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​ល្អ ។ ទ្រង់​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​ឲ្យ​ដើរ​ដោយ​បន្ទាបខ្លួន ហើយ​វិនិច្ឆ័យ​ដោយ​សុចរិត ។ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:១២–១៤ និង​ប្រអប់ « ការសិក្សា​ផ្ទាល់ខ្លួន » ដែល​មាន​នៅក្នុង​ផ្នែក​នេះ​នៅ​ពេល​ក្រោយ ) ។

ដើម្បី​ឆ្លើយ​សំណួរ​នេះ « តើ​អ្នក​ស្គាល់​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? » ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អាន មរ៉ូណៃ ៧:១៣, ១៦–១៧ ។ ពេល​នោះ​លោក​បាន​មាន​ប្រសាសន៍ ៖

« នោះ​ជា​ការ​សាក​ល្បង​នៅពេល​អ្វីៗ​ទាំងអស់​បាន​និយាយ​និង​ធ្វើ​រួច ។ តើ​វា​បាន​បញ្ចុះបញ្ចូល​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​ល្អ ឲ្យ​ក្រោក​ឡើង ឈរ​ឲ្យ​ខ្ពស់ ធ្វើ​រឿង​ត្រឹមត្រូវ មាន​ចិត្ត​ល្អ មាន​សេចក្ដី​សប្បុរស​ដែរទេ ? នោះ​ហើយ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ ។…

« …​អញ្ជើញ​នាំឲ្យ​ធ្វើ​ល្អ​គឺ​បាន​ចាត់​មកពី​ព្រះ ។ ប្រសិនបើ​វា​នាំ​ឲ្យ​ធ្វើ​អាក្រក់ ហើយ​វា​មក​ពី​អារក្ស ។… ហើយ​ប្រសិន​បើ​អ្នក​ធ្វើការ​ត្រឹមត្រូវ ហើយ​ប្រសិនបើ​អ្នក​រស់នៅ​តាម​ផ្លូវ​ត្រូវ នោះ​អ្នក​នឹង​ដឹង​នៅក្នុង​ចិត្ត​របស់​អ្នក​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​មាន​បន្ទូល​មក​កាន់​អ្នក ។

« បងប្អូន​ស្គាល់​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​តាមរយៈ​ផលផ្លែ​នៃ​ព្រះវិញ្ញាណ—ដែល​បំភ្លឺ ដែល​លើកស្ទួយ ដែល​មាន​ភាពវិជ្ជមាន និង​សុទិដ្ឋិនិយម ព្រមទាំង​លើកស្ទួយ ហើយ​ដឹកនាំ​យើង​ឲ្យ​មាន​គំនិត​ល្អ និង​ពាក្យសម្ដី​ល្អ ទង្វើ​ល្អ​មកពី​ព្រះវិញ្ញាណ​នៃ​ព្រះ » ( Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៦០–២៦១ ) ។

នៅពេល​អ្នក​ស្វែងរក និង​ធ្វើ​តាម​ការណែនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​សមត្ថភាព​របស់​អ្នក​ក្នុង​ការញែកដឹង និង​យល់​ពី​ការបំផុសគំនិត​របស់​ទ្រង់​នឹង​រីកចម្រើន​បន្តិច​ម្តងៗ ( សូមមើល នីហ្វៃទី២ ២៨:៣០ ) ។ តាម​វិធី​ខ្លះ ការកាន់​តែ​យល់​ពី​ភាសា​នៃ​ព្រះវិញ្ញាណ គឺ​ដូច​ជា​ការរៀន​ភាសា​ផ្សេង​ទៀត​ដែរ ។ ការប្រែចិត្តជឿ​គឺជា​ដំណើរការ​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ខិតខំ​យ៉ាង​ឧស្សាហ៍ ។

ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​មាន​គោលបំណង​ពេញ​បេះដូង ។ ប្រសិនបើ​អ្នក​ជាប់​រវល់​នឹង​រឿង​ផ្សេង នោះ​អ្នក​ប្រហែល​ជា​មិន​យល់​ពី​ការខ្សឹបប្រាប់​ពី​ព្រះវិញ្ញាណ​នោះ​ទេ ។ ឬ​ទ្រង់​ប្រហែល​ជា​រង់ចាំ​ប្រាស្រ័យ​ទាក់ទង រហូតដល់​អ្នក​ស្វែងរក​ឥទ្ធិពល​របស់​ទ្រង់​ដោយ​ឆន្ទៈ​ដ៏​រាបទាប​ដើម្បី​ធ្វើតាម​ការបំផុសគំនិត​របស់ទ្រង់ ។

សំឡេង​នៅក្នុង​ពិភពលោក​ប្រកួតប្រជែង​ការយកចិត្ត​ទុកដាក់​របស់​អ្នក ។ វា​អាច​រុញ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ចេញ​យ៉ាង​ងាយ​ស្រួល លុះត្រាតែ​អ្នក​ផ្តល់​កន្លែង​សម្រាប់​ព្រះវិញ្ញាណ​នៅក្នុង​ដួងចិត្ត​របស់អ្នក ។ សូម​ចងចាំ​ដំបូន្មាន​នេះ​មកពី​ព្រះអម្ចាស់ ៖ « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » ( ទំនុក​ដំកើង ៤៦:១០; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១:១៦ ) ។

អែលឌើរ ដេវីឌ អេ បែដណា

« ព្រះ​ប្រើ​គំរូ​ផ្សេងៗ​គ្នា​ដើម្បី​បង្ហាញ​វិវរណៈ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ដូចជា​ការគិត​ដល់​គំនិត និង​អារម្មណ៍​ដល់​ដួងចិត្ត សុបិន​… និង​ការបំផុស​គំនិត ។ វិវរណៈ​មួយចំនួន​ទទួល​ភ្លាមៗ និង ខ្លាំងក្លា ខ្លះទៀត​ទទួល​បាន​ដឹង​បន្តិច​ម្ដងៗ និង ល្អិតល្អន់ ។ ការទទួល​បាន ការស្គាល់ និង​ការឆ្លើយតប​ចំពោះ​វិវរណៈ​មកពី​ព្រះ គឺជា​អំណោយទាន​ខាងវិញ្ញាណ ដែល​យើង​ទាំងអស់​គ្នា​គួរ​ប្រាថ្នា​ចង់បាន និង​ស្វែងរក​ដោយ​សមរម្យ » ( David A. Bednar « The Spirit of Revelation in the Work » សិក្ខាសាលា​ថ្នាក់​អ្នកដឹកនាំ​បេសកកម្ម ឆ្នាំ ២០១៨ ) ។

ការសិក្សា​ផ្ទាល់​ខ្លួន

សូម​សិក្សា​ព្រះគម្ពីរ​ក្នុង​តារាង​ខាងក្រោម ។ សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ឆ្លងកាត់​អារម្មណ៍ គំនិត ឬ​ចំណាប់អារម្មណ៍​ណា​មួយ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ នៅពេល​អ្នក​សិក្សា និង​ទទួល​បាន​បទពិសោធន៍ សូម​បន្ថែម​បទគម្ពីរ​ផ្សេងទៀត​ទៅក្នុង​បញ្ជីនេះ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើ​គោលការណ៍​ទាំងនេះ​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍ និង​ស្គាល់​ព្រះវិញ្ញាណ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:២៣; ១១:១២–១៤; ៨៨:៣; យ៉ូហាន ១៤:២៦–២៧; រ៉ូម ១៥:១៣; កាឡាទី ៥:២២–២៣

ផ្តល់​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត ការលួងលោម សេចក្តី​អំណត់ សុភាពរាបសារ សេចក្តីជំនឿ និង​ក្តីសង្ឃឹម ។

អាលម៉ា ៣២:២៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:១៤–១៥; ៨:២–៣; កូរិនថូស ទី១ ២:៩–១១

បំភ្លឺ និង​ផ្តល់​គំនិត​នៅក្នុង​ការគិត និង​អារម្មណ៍​នៅក្នុង​ដួងចិត្ត ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១២

ជំនួយ​ពី​បទគម្ពីរ​មាន​ឥទ្ធិពល​ខ្លាំង ។

អាលម៉ា ១៩:៦

ជំនួស​ភាពងងឹត​ដោយ​ពន្លឺ ។

ម៉ូសាយ ៥:២–៥

ពង្រឹង​បំណង​ប្រាថ្នា​ដើម្បី​ចៀសវាង​ពី​អំពើ​អាក្រក់ និង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។

មរ៉ូណៃ ១០:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១:៩; ១០០:៨; យ៉ូហាន ១៤:២៦; ១៥:២៦; ១៦:១៣

បង្រៀន​សេចក្តីពិត ហើយ​ឲ្យ​សេចក្តីពិត​នោះ​ស្ថិត​ក្នុង​ការចងចាំ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៥៧

ណែនាំ និង​ការពារ​ពី​ការបោកប្រាស់ ។

នីហ្វៃទី២ ៣១:១៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:២៧; យ៉ូហាន ១៦:១៣–១៤

លើកតម្កើង និង​ធ្វើ​សាក្សី​ពី​ព្រះ​ជា​ព្រះវរបិតា និងព្រះរាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៦; ៨៤:៨៥; ១០០:៥–៨; លូកា ១២:១១–១២

ដឹកនាំ​ពាក្យសម្តី​របស់​គ្រូបង្រៀន​ដែល​បន្ទាប​ខ្លួន ។

មរ៉ូណៃ ១០:៨–១៧; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨–២៦; កូរិនថូស ទី១ ១២

អំណោយទាន​នៃ​ព្រះវិញ្ញាណ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៣០; ៥០:២៩–៣០

ប្រាប់ពី​អ្វី​ដែល​ត្រូវ​អធិស្ឋាន ។

នីហ្វៃទី២ ៣២:១–៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៨:១៥

ប្រាប់ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

នីហ្វៃទី១ ១០:២២; អាលម៉ា ១៨:៣៥

ជួយ​ជន​សុចរិត​និយាយ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច ។

នីហ្វៃទី២ ៣១:១៧; អាលម៉ា ១៣:១២; នីហ្វៃទី៣ ២៧:២០

ញែក​ជា​បរិសុទ្ធ និង​នាំ​មក​នូវ​ការផ្ដាច់​បាប ។

នីហ្វៃទី១ ២:១៦–១៧; នីហ្វៃទី២ ៣៣:១; អាលម៉ា ២៤:៨

ដាក់​សេចក្តីពិត​ទៅក្នុង​ដួងចិត្ត​របស់​អ្នកស្តាប់ ។

នីហ្វៃទី១ ១៨:១–៣; និក្ខមនំ ៣១:៣–៥

ពង្រឹង​ជំនាញ និង​សមត្ថភាព ។

នីហ្វៃទី១ ៧:១៥; នីហ្វៃទី២ ២៨:១; ៣២:៧; អាលម៉ា ១៤:១១; មរមន ៣:១៦; អេធើរ ១២:២

ជំរុញ​ទៅមុខ ឬ​ជំរុញ​ទៅ​ក្រោយ ។

គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:១៣-២២

ពង្រឹង​ទាំង​គ្រូបង្រៀន និង​សិស្ស ។

ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ ។

ក្នុងនាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ អ្នក​ត្រូវ​ធ្វើ​កិច្ចការ​របស់ទ្រង់​តាម​របៀប​របស់​ទ្រង់ និង​ដោយ​ព្រះចេស្តា​របស់​ទ្រង់ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « គ្មាន​មនុស្ស​ណា​អាច​បង្រៀន​ដំណឹងល្អ​ដោយ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ » ( Teachings: Joseph Smith ទំព័រ ៣៣២ ) ។

សូម​ទុកចិត្ត​លើ​ព្រះវិញ្ញាណ​ឲ្យ​ដឹកនាំ​អ្នក​ក្នុង​គ្រប់​ផ្នែក​នៃ​ការងារ​របស់​អ្នក ។ ទ្រង់​នឹង​បំភ្លឺ ហើយ​បំផុស​គំនិត​ដល់​អ្នក ។ ទ្រង់​នឹង​ជួយ​អ្នក​ស្វែងរក​មនុស្ស​ដើម្បី​បង្រៀន ហើយ​នឹង​នាំ​អំណាច​ដល់​ការបង្រៀន​របស់​អ្នក ។ ទ្រង់​នឹង​ជួយ នៅពេល​អ្នក​ជួយ​សមាជិក សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើងវិញ និង​អ្នក​ប្រែចិត្ត​ជឿ​ថ្មី​ពង្រឹង​ជំនឿ​របស់​ពួកគេ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ខ្លះ​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនពួកគេ ។ អ្នក​ខ្លះ​ទៀត​ខ្វះ​ទំនុកចិត្ត​បែបនេះ ។ ចូរ​បន្ទាបខ្លួន​ទុក​ទីទុកចិត្ត និង​សេចក្តីជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ មិនមែន​នៅលើ​ខ្លួន​អ្នក​ឡើយ ។ ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ ជាជាង​ទេពកោសល្យ និង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់អ្នក ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​លើក​តម្កើង​ការខិតខំ​របស់អ្នក​លើស​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង ។

ការសិក្សា​ព្រះគម្ពីរ

សូម​សិក្សា​បទគម្ពីរ​ខាងក្រោម ហើយ​ពិចារណា​ពី​របៀប​ដែល​វា​ឆ្លើយ​សំណួរ​សំខាន់ៗ​ទាំងនេះ ដែល​អ្នក​គួរតែ​សួរ​ជា​រៀង​រាល់ថ្ងៃ ។ តើ​អ្នក​អាច​អនុវត្ត​ការបង្រៀន​នេះ​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ​ទៅនឹង​ការខិតខំ​ស្វែងរក​របស់អ្នក ផ្នែក​ដាក់​ផែនការ និង​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ដៃគូ​ដោយ​របៀបណា ? តើ​អ្នក​អាច​អនុវត្ត​វគ្គ​បទគម្ពីរ​ទាំងនេះ​ទៅ​នឹង​ការខិតខំ​របស់​អ្នក​ដើម្បី​បង្រៀន អញ្ជើញ​មនុស្ស​ឲ្យ​ធ្វើ​ការតាំងចិត្ត និង​តាមដាន​ការតាំងចិត្ត​ដោយ​របៀបណា?

តើ​ខ្ញុំ​គួរ​តែ​ទៅ​ទីណា ?

តើ​ខ្ញុំ​គួរតែ​ធ្វើ​ដូចម្តេច ?

តើ​ខ្ញុំ​គួរតែ​និយាយ​អ្វី ?

តើ​ខ្ញុំ​ប្រើ​បទគម្ពីរ​នៅក្នុង​ការបង្រៀន​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ពាក្យ​ដាស់​តឿន​មួយចំនួន

បញ្ជាក់​ចំណាប់​អារម្មណ៍​របស់​អ្នក​ជាមួយនឹង​ប្រភព​ដែល​អាច​ទុកចិត្តបាន ។

នៅពេល​អ្នក​អធិស្ឋាន​ទូលសុំ​ការបំផុសគំនិត សូម​ប្រៀបធៀប​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​របស់អ្នក​ជាមួយ​នឹង​បទគម្ពីរ និង​ការបង្រៀន​របស់​ព្យាការី​ដែល​នៅរស់ ។ ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​នឹង​ស្រប​តាម​ប្រភព​ទាំង​នេះ ។

ស្វែងរក​វិវរណៈ​នៅក្នុង​កិច្ចការ​របស់អ្នក ។

ត្រូវ​ប្រាកដ​ថា​អារម្មណ៍​ដែល​អ្នក​ទទួល​គឺ​ស្រប​ទៅនឹង​កិច្ចការ​របស់​អ្នក ។ ចំណាប់​អារម្មណ៍​ពី​ព្រះវិញ្ញាណ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ដើម្បី​ប្រឹក្សា ឬ​កែ​តម្រង់​អ្នក​ដទៃ​ឡើយ លើកលែង​តែ​អ្នក​ត្រូវ​បាន​ហៅ​ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ ឧទាហរណ៍ អ្នក​នឹង​មិន​ទទួល​បានវិវរណៈ​ដើម្បី​ប្រាប់​ប៊ីស្សព​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ​នៅក្នុង​ការហៅ​របស់គាត់​នោះ​ទេ ។

អំណោយ​នៃ​ពន្លឺ

ស្វែងយល់​ពី​ឥទ្ធិពល​ពិត​នៃ​ព្រះវិញ្ញាណ

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ទូន្មាន​ថា ៖ « ខ្ញុំ​សូម​ផ្តល់​នូវ​ពាក្យ​ដាស់តឿន​មួយ ។ … ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ទេ​… យើង​អាច​នឹង​ចាប់ផ្តើម​ព្យាយាម​ក្លែងបន្លំ​ឥទ្ធិពល​ពិត​នៃ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដោយ​មធ្យោបាយ​មិន​ស័ក្តិសម និង​ឧបាយកល​ផ្សេងៗ ។ ខ្ញុំ​បាន​បារម្ភ​នៅពេល​អារម្មណ៍​ជ្រោតជ្រាប ឬ​ទឹកភ្នែក​ដែល​ស្រក់​ដោយ​ឯកឯង​ត្រូវ​បាន​ចាត់ទុក​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​វត្តមាន ។ ពិតបា្រកដ​ណាស់ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​នាំ​មក​នូវ​អារម្មណ៍​ដ៏​ជ្រោតជ្រាប​ថែម​ទាំង​ទឹកភ្នែក​ផងដែរ ប៉ុន្តែ​ការបង្ហាញ​សំបកក្រៅ​មិន​គួរ​យល់ច្រឡំ​ជាមួយ​នឹង​វត្តមាន​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ » ( The Teachings of Howard W. Hunter [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៨៤ ) ។

សូម​កុំ​ព្យាយាម​បង្ខំ​ការណ៍​ខាង​វិញ្ញាណ​ឡើយ ។

បញ្ហា​ខាងវិញ្ញាណ​មិន​អាច​បង្ខំ​បានទេ ។ អ្នក​អាច​បណ្ដុះ​អាកប្បកិរិយា និង​បរិយាកាស​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ ហើយ​អ្នក​អាច​រៀបចំ​ខ្លួន​អ្នក ប៉ុន្តែ​អ្នក​មិន​អាច​កំណត់​ពី​របៀប ឬ​ពេលណា​ដែល​ការបំផុសគំនិត​មក​ដល់​ឡើយ ។ សូម​អត់ធ្មត់ និង​ទុកចិត្ត​ថា អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​ត្រូវការ នៅពេល​ដែល​ពេលវេលា​ត្រឹមត្រូវ ។

សូម​រក្សា​បទពិសោធន៍​ខាងវិញ្ញាណ​ឲ្យ​ពិសិដ្ឋ

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ប្រហែល​ជា​យល់​ដឹង​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ច្រើន​ជាង​អ្នក​ធ្លាប់​មាន​នៅក្នុង​ជីវិត​កាល​ពី​ដើម​ទៅ​ទៀត ។ បទពិសោធន៍​ទាំងនេះ​គឺ​ពិសិដ្ឋ ហើយ​ជា​ទូទៅ​គឺ​សម្រាប់​ការពង្រឹង ការណែនាំ ឬ​ការកែ​តម្រូវ​ផ្ទាល់ខ្លួន​របស់អ្នក ។

បទពិសោធន៍​ជាច្រើន​ទាំងនេះ​ត្រូវ​បាន​រក្សាទុក​ជា​ឯកជន​ល្អ​បំផុត ។ សូម​ចែកចាយ​តែ​ពេល​ដែល​ព្រះវិញ្ញាណ​បង្ហាញ​ថា​អ្នក​អាច​ផ្ដល់ពរ​ដល់​មនុស្ស​ដទៃ​ដោយ​ការ​ធ្វើ​ដូច្នេះ ( សូមមើល អាលម៉ា ១២:៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៣:៦៤; ៨៤:៧៣ ) ។

សូម​ប្រើ​ការវិនិច្ឆ័យ​ដ៏​ល្អ​បំផុត​ផ្ទាល់ខ្លួន​របស់​អ្នក​ក្នុង​ករណី​ខ្លះ

ពេលខ្លះ យើង​ចង់​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​នៅ​គ្រប់​កិច្ចការ​ទាំងអស់ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ជា​ញឹកញាប់​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​ដោយ​ប្រើ​ការវិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦០:៥; ៦១:២២; ៦២:៥ ) ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖

« បំណង​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​គឺ​ជា​កម្លាំង​មួយ ប៉ុន្តែ​វា​ចាំ​បាច់​ត្រូវ​អម​ដោយ​ការ​យល់​ដឹង​មួយ​ថា ព្រះ​វរបិតា​សួគ៌​របស់​យើង​បាន​ទុក​ឲ្យ​យើង​ជ្រើស​រើស​ផ្ទាល់​ខ្លួន ចំពោះ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ។ ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​គឺជា​ប្រភព​មួយ​នៃ​ការ​លូត​លាស់​ដែល​យើង​ចង់​ដក​ពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ មនុស្ស​ដែល​ព្យាយាម​ដើម្បី​ប្តូរ​ការ​សម្រេច​ចិត្ត​ទាំង​អស់​ទៅ​ព្រះអម្ចាស់ ហើយ​អង្វរ​សូម​វិវរណៈ​នៅ​គ្រប់​ការ​ជ្រើស​រើស​មិន​យូរ​មិន​ឆាប់​នឹង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​ពួកគេ​អធិស្ឋាន​សូម​ការ​ណែនាំ ហើយ​មិន​បាន​ទទួល​ឡើយ ។ ឧទាហរណ៍ ការណ៍​នេះ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ជា​ច្រើន​ទាំងនេះ ដែល​ការ​សម្រេច​ចិត្ត​នានា​មិនសូវ​សំខាន់ ឬ​ការ​សម្រេច​ណា​ក៏​អាច​ទទួល​យក​បាន ។

« យើង​គួរ​តែ​សិក្សា​រឿង​ទាំង​ឡាយ​ក្នុង​គំនិត​យើង ដោយ ប្រើ​អំណាច​នៃ​ការ​រក​ហេតុ​ផល​ដែល​ព្រះអង្គ​បង្ក​បង្កើត​របស់​យើង​បាន​ដាក់​នៅ​ក្នុង​យើង ។ បន្ទាប់មក យើង​គួរ​តែ​អធិស្ឋាន​សម្រាប់​ការ​ណែនាំ ហើយ​ធ្វើ​តាម បើ​យើង​ទទួល​បាន​វា ។ បើ​យើង​ពុំ​ទទួល​បាន​ការណែនាំ​ទេ យើង​គួរតែ​ធ្វើ​តាម​ការវិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង ។ បុគ្គល​ដែល​នៅតែ​ព្យាយាម​រក​ការណែនាំ​ពី​វិវរណៈ នៅលើ​ប្រធានបទ​ដែល​ព្រះអម្ចាស់​ពុំ​ជ្រើសរើស​ដឹកនាំ​យើង អាច នឹង​បង្កើត​ចម្លើយ​មួយ​ចេញមក​ពី​គំនិត ឬ​មធ្យោបាយ​ខ្លួនឯង ឬ​ពួកគេ​អាច​ទទួល​បាន​ចម្លើយ​មួយ​តាមរយៈ​វិវរណៈ​ក្លែងក្លាយ​ក្នុង​កម្រិត​មធ្យម » ( « Our Strengths Can Become Our Downfall » Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ១៣–១៤ ) ។

ការសិក្សា​ព្រះគម្ពីរ

ការពឹងផ្អែក​លើ​ព្រះវិញ្ញាណ​គឺ​សំខាន់​ណាស់​ដែល​ព្រះអម្ចាស់​ព្រមាន​យើង​កុំ​ឲ្យ​បដិសេធ ឬ​ពន្លត់​ព្រះវិញ្ញាណ ។ តើ​អ្នក​បាន​រៀន​អ្វី​មកពី​វគ្គបទគម្ពីរ​ខាងក្រោម ?


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​បែងចែក​ទំព័រ​ជា​ពីរ​ជួរឈរ ។ ដាក់​ចំណងជើង​ជួរឈរ​មួយ​ថា « អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ » និង​ជួរឈរ​មួយ​ទៀត « អ្វី​ដែល​លីហៃ ឬ​នីហ្វៃ​បាន​ធ្វើ » ។ សូម​អាន​ដំណើររឿង​របស់​លីអាហូណា និង​ធ្នូរ​ដែល​បាន​បាក់ ( នីហ្វៃទី១ ១៦:៩–៣១ ) ឬ​ដំណើររឿង​របស់​នីហ្វៃ​សង់សំពៅ ( នីហ្វៃទី១ ១៧:៧–១៦; ១៨:១–៦ ) ។ សូម​រាយបញ្ជី​ព្រឹត្តិការណ៍​នានា​ពី​ដំណើររឿង​នេះ​ក្នុង​ជួរ​ឈរ​ដែល​ត្រឹមត្រូវ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​រឿង​អាច​បង្រៀន​អ្នក​អំពី​លក្ខណៈ​នៃ​ការបំផុសគំនិត ។

  • សូម​រកមើល​តាមរយៈ​សៀវភៅ​កំណត់ហេតុ​របស់អ្នក ហើយ​ស្វែងរក​ឱកាស​នៅពេល​ដែល​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ឬ​បាន​ដកពិសោធន៍​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ សូម​គិត​អំពី​ពេលណា ទីកន្លែង និង​មូលហេតុ​ដែល​បទពិសោធន៍​ទាំងនេះ​កើតឡើង ។ តើ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​បាន​សម្ដែងឡើង​ដោយ​របៀប​ណា ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ? ការចងចាំ​នូវ​បទពិសោធន៍​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បាន ។

  • សូម​សិក្សា អាលម៉ា ៣៣:១–១២ និង អាលម៉ា ៣៤:១៧–៣១ ។ តើ​សំណួរ​អ្វី​ខ្លះ​ដែល​អាលម៉ា និង អាមូលេក​បាន​ឆ្លើយ ? ( សូម​រំឭក​ឡើង​វិញ អាលម៉ា ៥០:១–៦ ) ។ តើ​ពួកគាត់​ឆ្លើយ​នឹង​សំណួរ​ទាំងនេះ​ដោយ​របៀប​ណា ? តើ​ការធានា​អ្វីខ្លះ​ដែល​ពួកគាត់​ផ្ដល់​ឲ្យ​អ្នក ?

  • ព្រះអម្ចាស់​បាន​សន្យា​ថា ព្រះវិញ្ញាណ​នឹង​ដឹកនាំ​យើង​តាម​របៀប​សំខាន់ៗ​ជា​ច្រើន ។ នៅពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ សូម​រកមើល​ទិដ្ឋភាព​នៃ​ការងារ​របស់​អ្នក ដែល​ត្រូវការ​ការណែនាំ​ពី​ព្រះវិញ្ញាណ ។ តើ​គោលការណ៍​នៅក្នុង​បទគម្ពីរ​ខាងក្រោម​មានន័យ​ដូចម្តេច​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ដៃគូ​របស់​អ្នក ? សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន កម្មវិធី​ទទួល​បុណ្យជ្រមុជ​ទឹក និង​ការប្រជុំ​ផ្សេងៗទៀត ?

    ការអធិស្ឋាន

    ការដឹកនាំ​ការប្រជុំ

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • សូម​និយាយ​អំពី​ការអធិស្ឋាន​ដែល​អ្នក​ធ្វើ​ជាមួយ​ដៃគូ ។ តើ​ការអធិស្ឋាន​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ​ឬ​ទេ ? តើ​អ្នក​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់អ្នក​ដោយ​របៀបណា ? នៅពេល​អ្នក​អធិស្ឋាន​ជា​ដៃគូ តើ​អ្នក ៖

    • ជឿ​ថា​ព្រះ​នឹង​ប្រទាន​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ទូលសុំ​ដោយ​សុចរិត និង​តាម​ព្រះហឫទ័យ​ទ្រង់​ដែរ​ឬ​ទេ ?

    • ទទួល​ស្គាល់ និង​អរគុណ​សម្រាប់​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក ?

    • អធិស្ឋាន​ឲ្យ​មនុស្ស​ចំៗ​ឈ្មោះ ហើយ​ពិចារណា​អំពី​តម្រូវការ​របស់​ពួកគេ ?

    • អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ទូលសុំ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក ?

    • ទទួល​ស្គាល់​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់អ្នក ?

    • អធិស្ឋាន​ដោយ​ការប្ដេជ្ញាចិត្ត​ដើម្បី​ធ្វើ​តាម​ការបំផុសគំនិត​ដែល​អ្នក​បាន​ទទួល ?

  • សូម​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ស្វែងរក​ព្រះវិញ្ញាណ​កាន់តែ​ខ្លាំង​ឡើង ។

  • សូម​ពិភាក្សា​ពី​របៀប​ផ្សេងៗ​ដែល​មនុស្ស​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។​ សូម​រក្សា​កំណត់ត្រា​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​មតិយោបល់​ទាំងឡាយ​ដែល​អស់​អ្នក ដែល​អ្នក​បង្រៀន​បាន​ធ្វើ​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​ព្រះវិញ្ញាណ ។ តើ​អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ឥទ្ធិពល​ដ៏​ពិសិដ្ឋ​នេះ​ដោយ​របៀបណា ?

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • តាម​ដែល​សមរម្យ សូម​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចែកចាយ​ដំណើររឿង ឬ​បទពិសោធន៍​ដែល​ពួកគេ​បាន​ស្តាប់​នៅក្នុង​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ថ្មីៗ​នេះ បទពិសោធន៍​បង្រៀន ឬ​កន្លែង​ផ្សេង​ទៀត ។ ដំណើររឿង​និង​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​មនុស្ស​ផ្សេង​ទៀត​ប្រាប់​អាច​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សេចក្តី​ជំនឿ ហើយ​ដឹង​ថា​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ត្រូវបាន​បង្ហាញ​យ៉ាង​ទូលំទូលាយ និង​ញឹកញាប់ ។

  • សូម​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្លែង​សុន្ទរកថា​អំពី​បេសកកម្ម និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

  • ពិភាក្សា​អំពី​របៀប​ដែល​ការបង្ហាញ​ការដឹងគុណ​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​កិច្ចការ​តូចតាច ប៉ុន្តែ​មាន​សារៈសំខាន់​ខ្លាំង​ដែល​ព្រះអម្ចាស់​ប្រទាន​ពរ​អ្នក ( សូមមើល អេធើរ ៣:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:២១ ) ។ ពិភាក្សា​អំពី​របៀប​បង្ហាញ​ការដឹងគុណ ។

  • សូម​ពិចារណា​សុំ​សមាជិក​ថ្មី​ម្នាក់​ឲ្យ​និយាយ​អំពី​របៀប​ដែល​គាត់ ឬ​នាង​បាន​ទទួល​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ នៅពេល​រៀន​អំពី​សាសនាចក្រ ។ សូម​សុំ​ឲ្យ​បុគ្គល​នោះ​ចែកចាយ​តែ​បទពិសោធន៍​ដែល​គាត់ ឬ​នាង​យល់​ថា​សមរម្យ ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • អ្នក​អាច​នឹង​សុំ​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បញ្ចូល​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​សមរម្យ​នៅក្នុង​សំបុត្រ​ប្រចាំ​សប្តាហ៍​របស់​ពួកគេ​ទៅកាន់​អ្នក ។

  • នៅក្នុង​ការសម្ភាសន៍ ឬ​ក្នុង​ការសន្ទនា​ម្តងម្កាល សូម​សួរ​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​ការ​អធិស្ឋាន​ពេល​ព្រឹក និង​ពេល​ល្ងាច​របស់​ពួកគេ ។ បើ​ចាំបាច់ សូម​ប្រឹក្សា​ជាមួយ​ពួកគេ​អំពី​របៀប​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​កាន់តែ​មាន​ន័យ ។

  • សូម​សួរ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​របៀប​ដែល​ពួកគេ​ជួយ​អ្នក​ដែល​ពួកគេ​បង្រៀន​ឲ្យ​មាន​អារម្មណ៍ និង​ស្គាល់​ព្រះវិញ្ញាណ ។