ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ១០ ៖ បង្រៀន​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ


« ជំពូក​ទី ១០ ៖ បង្រៀន​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ១០ » ប្រកាស​ដំណឹងល្អ​របស់​យើង

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ហារី អាន់ឌើរសិន

ជំពូកទី ១០

បង្រៀន​ដើម្បី​ស្ថាបនា​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សូម​ពិចារណា​ការណ៍​នេះ

  • តើ​ខ្ញុំ​អាច​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ដោយ​របៀបណា ?

  • តើ​ខ្ញុំ​អាច​បង្រៀន​ចេញពី​ព្រះគម្ពីរ​ដោយ​របៀបណា ?

  • តើ​ខ្ញុំ​គួរ​ចែកចាយ​ទីបន្ទាល់​របស់ខ្ញុំ​ដោយ​របៀបណា នៅពេល​បង្រៀន ?

  • តើ​ខ្ញុំ​អាច​រៀបចំ​ផែនការ និង​កែសម្រួល​ការបង្រៀន​របស់​ខ្ញុំ​ដោយ​របៀបណា ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នករៀន ?

  • តើ​ខ្ញុំ​អាច​សួរ​សំណួរ និង​ធ្វើ​ជាអ្នក​ស្ដាប់​ដ៏​ប្រសើរ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ជួយ​មនុស្ស​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ និង​ទទួល​ការណែនាំ និង​កម្លាំង​ដោយ​របៀបណា ?

អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​ទៅ​កាន់​មនុស្ស​​ដែល​នឹង​ទទួល​អ្នក ។ ការបង្រៀន​គឺជា​ចំណុច​សំខាន់​នៃ​ការណ៍​គ្រប់យ៉ាង​ដែល​អ្នក​ធ្វើ ។ កាល​អ្នក​ពឹងផ្អែក​លើ​ព្រះអម្ចាស់​សម្រាប់​ជំនួយ ទ្រង់​បាន​សន្យាថា ៖

« ហើយ​អស់​អ្នក​ណា​ដែល​ទទួល​អ្នក នោះ​យើង​ក៏​នឹង​នៅ​ទី​នោះ​ដែរ ដ្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៨ ) ។

សូម​អធិស្ឋាន សិក្សា និង​អនុវត្ត​ដើម្បី​កែលម្អ​សមត្ថភាព​បង្រៀន​របស់​អ្នក ។ សូម​អនុវត្ត​គោលការណ៍​នៅក្នុង​ជំពូក​នេះ និង​នៅក្នុង​ជំពូក​ផ្សេង​ទៀត​នៃ​សៀវភៅ​នេះ ។ ស្វែងរក​អំណោយទាន​នៃ​ការបង្រៀន​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​អ្នក​អាច​ផ្ដល់​ពរ​ដល់​អ្នកដទៃ និង​លើកតម្កើង​ព្រះ ។ ព្រះអម្ចាស់​នឹង​ជួយ​អ្នក​បង្រៀន​ដោយ​អំណាច និង​សិទ្ធិអំណាច នៅពេល​អ្នក​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍ ហើយ​សិក្សាព្រះបន្ទូល​របស់​ទ្រង់ ។

សូម​ព្យាយាម​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន

នៅ​អំឡុង​ការងារបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះ​យេស៊ូវ « យាង​គ្រប់​សព្វ​…​បង្រៀន​…​ប្រកាស​…​និង​ប្រោសជំងឺ » ( ម៉ាថាយ ៤:២៣ ) ។ ទ្រង់​បាន​បង្រៀន​នៅ​កន្លែង​ជា​ច្រើន—ក្នុង​សាលា​ប្រជុំ នៅ​ផ្ទះ និង​នៅ​តាម​ផ្លូវ ។ ទ្រង់​បាន​បង្រៀន​នៅ​ក្នុង​ការជួបជុំ​ធំៗ និង​ក្នុង​ការសន្ទនា​ជា​ឯកជន ។ ការប្រាស្រ័យ​ទាក់ទង​​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ចំនួន​របស់​ទ្រង់​គឺ​ខ្លី​ណាស់ ឬ​នៅក្នុងស្ថានភាព​មិន​ធម្មតា ។ ទ្រង់​បាន​បង្រៀន​តាម​រយៈ​ទង្វើ ក៏​ដូចជា​តាមរយៈ​​ព្រះបន្ទូល​របស់​ទ្រង់​ផងដែរ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​មនុស្ស​ម្នាក់ៗ​តាម​តម្រូវការ​ពិសេស​របស់​គាត់ ឬ​នាង ។ ឧទាហរណ៍ ពេល​បម្រើ​ដល់​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ទ្រង់​បាន​អភ័យទោស​ដល់​អំពើបាប​របស់​គាត់ ហើយ​បាន​ប្រោស​គាត់ ( សូមមើល ម៉ាកុស ២:១–១២ ) ។ ពេល​ធ្វើ​ការងារបម្រើ​ដល់​ស្ត្រី​ដែល​បាន​ប្រព្រឹត្ត​អំពើ​សហាយស្មន់ ទ្រង់​បាន​ការពារ​នាង ហើយ​អញ្ជើញ​នាង​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ទេ ( សូមមើល យ៉ូហាន ៨:២–១១ ) ។ នៅពេល​និយាយ​ជាមួយ​បុរស​ស្តុកស្ដម​ដែល​ចង់​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ទ្រង់ « ស្រឡាញ់​គាត់ » ទោះជា​បុរស​ស្ដុកស្ដម​នោះ បដិសេធ​មិន​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ដើម្បី​ធ្វើតាម​ទ្រង់​ក៏​ដោយ ( ម៉ាកុស ១០:២១; សូមមើល ខទី ១៧–២១ ) ។

អ្នកអាច​កែលម្អ​ការបង្រៀន​របស់​អ្នក​ដោយ​រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ ឧទាហរណ៍ ទ្រង់​ស្រឡាញ់​ព្រះវរបិតា និង​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន ។ ទ្រង់​ពោរពេញ​ដោយ​ការអធិស្ឋាន ។ ទ្រង់​បាន​បង្រៀន​ចេញពី​ព្រះគម្ពីរ ។ ទ្រង់​បានរៀបចំ​ខាង​វិញ្ញាណ  ទ្រង់​បាន​សួរ​សំណួរ​បំផុសគំនិត​ផ្សេងៗ ។ ទ្រង់​បាន​អញ្ជើញ​មនុស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។ ទ្រង់​បាន​ប្រៀបប្រដូច​គោលការណ៍នៃ​ដំណឹងល្អ​មក​ជីវិត​ប្រចាំ​ថ្ងៃ ។

ការព្យាយាម​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គឺជា​ការខិតខំ​ពេញ​មួយ​ជីវិត ។ វា​នឹង​បាន​ដល់​អ្នក​មួយ​បន្ទាត់ម្ដងៗ នៅ​ពេល​អ្នក​ធ្វើ​តាម​ទ្រង់ ( សូមមើល នីហ្វៃទី២ ២៨:៣០; អេធើរ ១២:៤១ ) ។

« ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង »

ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ អ្នក​ត្រូវ​ដឹង​ពី​គោលលទ្ធិ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់វា ។ អ្នក​ក៏​ត្រូវការ​ចំណេះដឹង​ខាង​វិញ្ញាណ និង​ការបញ្ជាក់​នៃ​សេចក្តីពិត​នៃ​ដំណឹងល្អ​ផងដែរ ។ ព្រះ​អម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​កុំ​ខំ​ប្រកាស​ព្រះ​បន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​ព្រះ​បន្ទូល​របស់​យើង​ជា​មុន​សិន » ។

ដើម្បី « ឲ្យ​បាន » ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ មាន​ន័យ​ថា​ត្រូវ​សិក្សា​អំពី​ព្រះបន្ទូល ហើយ​ទុក​ឲ្យ​ព្រះបន្ទូល​ជ្រាបចូល​យ៉ាងជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​អ្នក ។ នៅពេល​អ្នក​ធ្វើ​កិច្ចការ​នេះ ទ្រង់​បានសន្យា​ថា « ខណៈ​នោះ អណ្ដាត​របស់​អ្នក​នឹង​បាន​ធូរ ពេល​នោះ បើ​សិន​ជា​អ្នក​មាន​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ព្រះ​វិញ្ញាណ​របស់​យើង និង​ព្រះ​បន្ទូល​របស់​យើង មែន​ហើយ គឺជា​ព្រះ​ចេស្ដា​នៃ​ព្រះ ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​លោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១:២១ ) ។

មនុស្ស​ម្នាក់​កំពុង​គូសចំណាំ​បទគម្ពីរ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ផងដែរ​ថា​ត្រូវ « រក្សាទុក​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា បន្ត​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​ខាង​ជីវិត » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:៨៥ ) ។ ការរក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​បង្កើន​ចំណេះដឹង​របស់​អ្នក ហើយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក ។ បំណងប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​ក៏​នឹង​កើនឡើង​ផងដែរ ។ ( សូមមើល យ៉ាកុប ៤:៦–៧; អាលម៉ា ៣២:២៧–៤២; ៣៦:២៦; ៣៧:៨–៩ ) ។

សូមទទួល​យក និង​រក្សាទុក​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ការអធិស្ឋាន ដោយ​ការសិក្សា​ព្រះគម្ពីរ ប្រសាសន៍​របស់​ព្យាការី​នៅ​ថ្ងៃ​ចុងក្រោយ និង​មេរៀន​នៅក្នុង ជំពូក​ទី ៣ ។

បង្រៀន​ដោយ​ព្រះវិញ្ញាណ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា « ព្រះ‌ចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » ( រ៉ូម ១:១៦ ) ។ ដោយសារ​ហេតុផល​នោះ សារលិខិត​នៃ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ចាំបាច់​ត្រូវ​បង្រៀន​ដោយ​ព្រះចេស្ដា​ដ៏​ទេវភាព—ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នក​អភិវឌ្ឍ​ជំនាញ​បង្រៀន ។ វា​ក៏​ជា​រឿង​ដ៏​សំខាន់​ដែរ ដែល​អ្នក​រៀន​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​អ្នក​បង្រៀន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​បង្រៀន​សេចក្ដីពិត​ខាងវិញ្ញាណ អ្នក​មិន​ពឹងផ្អែក​ចម្បង​លើ​សមត្ថភាព និង​ចំណេះដឹង​ផ្ទាល់ខ្លួន​របស់អ្នក​នោះ​ទេ ។

សេចក្តីពិត​ខាង​វិញ្ញាណ​គឺ​ត្រូវ​បាន​បង្រៀន​ដោយ​អានុភាព​នៃ​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ហើយ​ព្រះវិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើសិនជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៤; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:១៣–១៤, ១៧–២២ ) ។

អត្ថន័យ​នៃ​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ

នៅពេល​អ្នក​បង្រៀន​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​មាន​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការបង្រៀន​របស់​អ្នក ។ អ្នក​ក៏​អធិស្ឋាន​ដែល​ថា មនុស្ស​នឹង​ទទួល​សេចក្តីពិត​ដោយ​ព្រះវិញ្ញាណ ។ មនុស្ស​អាច​នឹង​ត្រូវ​បាន​បញ្ចុះបញ្ចូល​ពី​សេចក្ដីពិត​ខ្លះ ប៉ុន្តែ​ដើម្បី​ប្រែចិត្ត​ជឿ ពួកគេ​ត្រូវ​មាន​បទពិសោធន៍​ជាមួយ​នឹង​ព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:២–៣ ) ។

ការរៀបចំ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​ឧបករណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គិតថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ដៃគូ​របស់​អ្នក​ក្នុង​ការបង្រៀន ។

សូម​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ។ ទ្រង់​នឹង​ដឹកនាំ​គោលលទ្ធិ​ដែល​អ្នក​បាន​សិក្សា​ចូល​ទៅ​ក្នុង​ការចងចាំ​របស់​អ្នក ។ ទ្រង់​នឹង​ជួយ​អ្នក​រៀបចំ​ផែនការ និង​កែសម្រួល​អ្វី​ដែល​អ្នក​បង្រៀន​តាម​តម្រូវការ​របស់​មនុស្ស​ម្នាក់នោះ ។

នៅពេល​អ្នក​បង្រៀន​ដោយ​ព្រះវិញ្ញាណ ទ្រង់​នឹង​នាំ​សារលិខិត​របស់​អ្នក​ទៅ​កាន់​ដួងចិត្ត​របស់មនុស្ស ។ ទ្រង់​នឹង​បញ្ជាក់​សារលិខិត​របស់អ្នក នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់​របស់​អ្នក ។ អ្នក និង​អស់​អ្នក​ដែលព្រម​ទទួល​យកអ្វី​ដែល​អ្នក​បង្រៀន​ដោយ​ព្រះវិញ្ញាណ​នឹង​ត្រូវ​បាន​ស្អាងឡើង យល់ចិត្ត ហើយ​រីករាយ​ជាមួយ​គ្នា ។ ( សូម​មើល នីហ្វៃទី​២ ៣៣:១; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:១៣–២២ ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះវិញ្ញាណ​គឺជា​ធាតុ​ដ៏​សំខាន់​តែ​មួយ​នៅក្នុង​កិច្ចការ​នេះ ។ ដោយ​មាន​ព្រះវិញ្ញាណ​លើក​ស្ទួយ​ការហៅ​របស់អ្នក នោះ​អ្នក​អាច​បង្កើតអព្ភូតហេតុ​សម្រាប់​ព្រះអម្ចាស់​នៅក្នុង​តំបន់​បេសកកម្ម​បាន ។ បើ​គ្មាន​ព្រះវិញ្ញាណ​ទេ នោះ​អ្នក​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ មិន​ថា ទេពកោសល្យ និង​សមត្ថភាព​របស់​អ្នក​ប៉ុណ្ណា​នោះទេ » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៨៦ ) ។

សេចក្តី​សន្យា​នៃ​ការហៅ​របស់​អ្នក

អ្នក​ត្រូវ​បានហៅ និង​ញែកចេញ « ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់​យើង​ដោយ​សារ​ព្រះវិញ្ញាណ គឺ​ព្រះ​ដ៏​ជា​ជំនួយ​ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដី​ពិត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥០:១៤ ) ។ ពេល​ខ្លះ អ្នក​អាច​មាន​អារម្មណ៍​ថា​ភ័យខ្លាច ឬ​មិនល្អ​គ្រប់គ្រាន់ ។ ប្រហែលជា​អ្នក​បារម្ភ​ថា​អ្នក​មិន​ចេះ​គ្រប់គ្រាន់ ឬ​ថា​អ្នក​មិន​មាន​បទពិសោធន៍​គ្រប់គ្រាន់ ។

ព្រះវរបិតាសួគ៌​របស់​អ្នក​ដែល​ស្គាល់​អ្នក​ដ៏​ឥតខ្ចោះ បាន​ហៅ​អ្នក​ឲ្យ​បង្រៀន ដោយសារ​តែ​អ្វី​ដែល​អ្នក​អាច​ផ្ដល់ឲ្យ​ក្នុងនាមជា​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មានការតាំងចិត្ត ។ ទ្រង់​នឹង​ពុំ​បោះបង់​ចោល​អ្នក​ឡើយ ។ សូម​ទុកចិត្ត​ថា ព្រះវិញ្ញាណ​នឹង​លើក​តម្កើង​សមត្ថភាព​របស់​អ្នក ហើយ​នឹង​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ដែល​ព្រមទទួល ។

អែលឌើរ នែល អិល អាន់ឌើរសិន

អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ថា « នៅពេល​ខ្ញុំ​ជញ្ជឹងគិត​អំពី​ឧបសគ្គ​នៃ​បេសកកម្ម ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​ល្អ​គ្រប់គ្រាន់ និង​ពុំទាន់​បាន​រៀបចំ​ខ្លួន​រួចរាល់​នោះ​ទេ ។ ខ្ញុំ​ចាំ​បាន​ពី​ការអធិស្ឋាន​ថា ‹ ឱ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ទូល​បង្គំ​ដឹង​តិចតួច​ណាស់ តើ​ទូល​បង្គំ​អាច​បម្រើ​បេសកកម្ម​បាន​ដោយ​របៀប​ណា ? › ខ្ញុំ​ជឿ​ទៅ​លើ​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ខ្ញុំ​នៅ​មានកម្រិត ។ នៅពេល​ខ្ញុំអធិស្ឋាន ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា ៖ « កូន​ពុំ​ដឹង​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​កូន​ដឹង​ល្មម​គ្រប់គ្រាន់​ហើយ ! » ការអះអាង​នោះ បាន​ផ្ដល់​នូវ​ភាពក្លាហាន​ដល់ខ្ញុំ ដើម្បី​បោះ​ជំហាន​បន្ទាប់​ចូល​ទៅ​ក្នុង​តំបន់​បេសកកម្ម » ( « You Know Enough » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣ ) ។

សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​នៅពេល​ដែល​អ្នក​ចាប់ផ្ដើម​បង្រៀន

ជួបគ្នា​ដំបូង​ពីរបី​នាទី​ជាមួយ​មនុស្ស​មាន​សារៈសំខាន់​ណាស់ ។ ចូរ​ស្មោះត្រង់ និង​គោរព​គ្នា ។ សូម​បង្ហាញ​ចំណាប់​អារម្មណ៍ និង​សេចក្តី​ស្រឡាញ់​ដោយ​ស្មោះសរ ។ សូម​ស្វែងរក​ទំនុកចិត្ត​ពី​ពួកគេ ។ របៀប​មួយ​ដើម្បី​ទទួលបាន​ទំនុកចិត្ត​គឺ​នៅពេល​ដែល​អ្នក​រៀន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ជាមួយ​អ្នក ។

សូម​សួរ​សំណួរ​សាមញ្ញ​មួយចំនួន​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ប្រវត្តិ​របស់​ពួកគេ និង​ការរំពឹងទុក​របស់​ពួកគេ​អំពី​ជំនួប​របស់​អ្នក ។ ស្ដាប់​ដោយ​យកចិត្ត​ទុក​ដាក់ ។

មុនពេល​អ្នក​ចាប់ផ្តើម សូម​អញ្ជើញ​អស់​អ្នក​ដែល​មាន​វត្តមាន​ចូលរួម​នៅក្នុង​មេរៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​យក​អ្វី​ដែល​មាន​ការរំខាន​ចេញ ដើម្បី​អាច​ទទួល​បាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ ។

សូម​ពន្យល់​ថា អ្នក​ចង់​ចាប់ផ្តើម និង​បញ្ចប់​មេរៀន​នីមួយៗ​ដោយ​ការអធិស្ឋាន ។ ស្ម័គ្រចិត្ត​អធិស្ឋាន​បើក ។ សូម​អធិស្ឋាន​ដោយ​សាមញ្ញ និង​ដោយ​ស្មោះសរ​ថា ព្រះ​នឹង​ប្រទានពរ​ដល់​មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន​នៅក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​ពួកគេ ។ សូម​អធិស្ឋាន​ឲ្យ​ពួកគេ​អាច​ទទួល​អារម្មណ៍​ពី​សេចក្តីពិត​នៃ​អ្វី​ដែល​អ្នក​នឹង​បង្រៀន ។ សូម​ចងចាំ​ថា « សេចក្តី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់ [ មនុស្ស ] សុចរិត នោះ​ពូកែ​ណាស់ » ( យ៉ាកុប ៥:១៦ ) ។

សូម​មាន​សេចក្តីជំនឿ​លើ​អំណាច​នៃ​ការប្រែចិត្តជឿ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​មាន​ការដឹកនាំ​ដោយ​ព្រះវិញ្ញាណ អ្នក​អាច​បង្ហាញ​ពី​គំនិត​ដូច​ខាងក្រោម នៅពេល​អ្នក​ចាប់ផ្តើម​បង្រៀន ៖

  • ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង ។ យើង​ទាំងអស់គ្នា​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ។ ទ្រង់ចង់​ឲ្យ​យើង​ដកពិសោធន៍​សេចក្ដីអំណរ ។

  • យើង​ទាំងអស់​គ្នា​មាន​ឧបសគ្គ និង​ការតស៊ូ ។ មិនថា​អ្នកកំពុង​ឆ្លងកាត់​អ្វីក៏ដោយ​ព្រះយេស៊ូវ និង​ការបង្រៀន​របស់​ទ្រង់​អាច​ជួយ​អ្នក​បាន ។ ទ្រង់​អាច​ជួយ​អ្នក​រកឃើញ​សេចក្តីសុខសាន្ត ក្តីសង្ឃឹម ការព្យាបាល និង​សុភមង្គល ។ ព្រះ​យេស៊ូវ​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​សម្រាប់​ឧបសគ្គ​ក្នុង​ជីវិត ។

  • យើង​ទាំងអស់​គ្នា​មាន​កំហុស ដែល​អាច​បង្កើត​អារម្មណ៍​នៃ​កំហុស ភាពអាម៉ាស់ និង​ការសោកស្តាយ ។ អារម្មណ៍​ទាំងនេះ​នឹង​បាត់​ទៅ​វិញ លុះត្រាតែ​យើង​ប្រែចិត្ត ហើយ​ស្វែងរក​ការអភ័យទោស​ពីព្រះ ។ មានតែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ត្រូវបាន​ប្រោស​ឲ្យ​ជា​ទាំងស្រុង​ពី​អំពើបាប​របស់​យើង ។

  • យើង​នឹង​ត្រូវ​បាន​ដឹកនាំ ដើម្បី​ឲ្យ​អ្នក​អាច​រៀន​ពី​សេចក្តីពិត​នៃ​សារលិខិត​របស់​យើង​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ ។ យើង​នឹង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​មួយ​ចំនួន ដូចជា​ការ​អាន ការអធិស្ឋាន និង​ការចូលរួម​ក្នុង​ព្រះវិហារ ។ តួនាទី​របស់យើង​គឺ​ដើម្បី​ជួយ​អ្នក​ធ្វើ​តាម​ការអញ្ជើញ​ទាំងនេះ ហើយ​ពន្យល់​ពី​ពរជ័យ​ដែល​អ្នក​អាច​ទទួល​បាន ។ សូម​សួរ​សំណួរ ។

  • យើង​ត្រូវ​បានហៅ​ដោយ​ព្យាការី​នៃ​ព្រះ​ឲ្យ​ចែកចាយ​អ្វី​ដែល​យើង​ដឹង ។ យើង​ដឹង​ថា​សារលិខិត​របស់​យើង​គឺ​ពិត ។

  • យើង​នឹង​បង្រៀន​អ្នក​ពី​របៀប​ចុះ​សេចក្ដីសញ្ញា ឬ​ការសន្យា​ពិសេស​ជាមួយ​ព្រះ ។ សេចក្តីសញ្ញា​ទាំងនេះ​នឹង​ភ្ជាប់​អ្នក​ទៅកាន់​ព្រះ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​អំណរ កម្លាំង និង​ការសន្យា​ពិសេស​ពី​ទ្រង់ ។

  • អ្នក​នឹង​រៀន​ពី​របៀប​ធ្វើ​ការផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​អ្នក ហើយ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់ទ្រង់ ។ ការបង្រៀន​ដ៏​សំខាន់​មួយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សញ្ញា​ដំបូង​ដែល​យើង​ចុះ​គឺ​ការធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ទទួល​បុណ្យជ្រមុជ​ទឹក​ដោយ​សិទ្ធិ​អំណាច​ត្រឹម​ត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២២ ) ។

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​អធិស្ឋាន

មុន​នឹង​បង្រៀន​មេរៀន​មួយ សូម​បង្ហាញ​ទិដ្ឋភាព​ទូទៅ​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​បង្រៀន ។ សូម​ជួយ​មនុស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​វា​នឹង​មាន​ភាពទាក់ទង​ជាមួយ​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា « យើង​មក​ទីនេះ​ដើម្បី​ចែកចាយ​សារលិខិត​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី​សព្វ​ថ្ងៃ​នេះ ហើយ​បាន​ហៅ​ព្យាការី​ដែល​មាន​ជីវិត​រស់​ដើម្បី​ដឹកនាំ​យើង » ។ ឬ​អ្នក​អាច​និយាយ​ថា « យើង​មក​ទីនេះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះ​ស្រឡាញ់​អ្នក និង​មាន​ផែនការ​មួយ​សម្រាប់​សុភមង្គល​រប​ស់​អ្នក » ។

មនុស្ស​ទាំងអស់​នឹង​ទទួល​អត្ថប្រយោជន៍ នៅពេល​ពួកគេ​ទទួល​យក និង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវរបិតាសួគ៌​ប្រហែល​ជាបាន​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​អ្នក​រកឃើញ​ជាមួយ​ការរៀបចំខ្លួន​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ ( សូមមើល អាលម៉ា ១៦:១៦–១៧ ) ។

ការយាងអញ្ជើញ​ព្រះវិញ្ញាណ និង​ការចែកចាយ​សេចក្ដីពិត​នៅក្នុង​ការប្រជុំ​ដំបូង នឹង​ជួយ​មនុស្ស​ឲ្យ​ទទួល​ស្គាល់ថាអ្នក​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ប្រើ​ការផ្ដល់យោបល់​នៅក្នុង​ផ្នែក​នេះ ដើម្បី​អនុវត្ត​របៀប​ខុសៗគ្នា​ដើម្បី​ចាប់ផ្តើម​មេរៀន ។

សូម​ប្រើ​បទគម្ពីរ

ព្រះគម្ពីរ​បរមាណី​នៃ​សាសនាចក្រ​គឺជា​ប្រភព​មូលដ្ឋាន​របស់អ្នក​សម្រាប់​ការបង្រៀន​ដំណឹងល្អ​ដែល​បានស្ដារ​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មាន​ហេតុផល​ជា​ច្រើន​ដែល​វា​សំខាន់​ក្នុង​ការប្រើ​ព្រះគម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​ការបង្រៀន​របស់​អ្នក ។ ឧទាហរណ៍ ៖

  • ព្រះគម្ពីរ​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់នៅ​ក្នុង​ការបង្រៀន​របស់​អ្នក ( សូមមើល លូកា ២៤:១៣–៣២ ) ។

  • ព្រះគម្ពីរ​មាន​ឥទ្ធិពល​ដ៏​មាន​អានុភាព​ទៅលើ​គំនិត​មនុស្ស​ច្រើន​ជាង​អ្វី​ផ្សេងៗ​ទៀត ( សូមមើល អាលម៉ា ៣១:៥ ) ។

  • ព្រះគម្ពីរ​បាន​ដោះស្រាយ​សំណួរ​ដ៏​ធំៗ​នៃ​ព្រលឹង ( សូមមើល ជំពូកទី ៥; សូមមើល ផងដែរ នីហ្វៃទី២ ៣២:៣; យ៉ាកុប ២:៨ ) ។

  • ព្រះគម្ពីរ​ផ្តល់​សិទ្ធិអំណាច និង​សុពលភាព​ដល់​ការបង្រៀន​របស់អ្នក ។

  • ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់​បាន​មាន​ព្រះបន្ទូល និង​មាន​ប្រសាសន៍​ថា​ដូច្នោះ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១២, ៥៦–៥៨; ៧១:១ ) ។

តាមរយៈ​ការប្រើ​បទគម្ពីរ​នៅក្នុង​ការបង្រៀន​របស់អ្នក អ្នក​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង​បាន ។ នៅពេល​ដែល​សេចក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះគម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ នោះ​ពួកគេ​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​សិក្សា ។ សូម​បង្ហាញ​ពី​របៀប​ដែល​ការសិក្សា​ព្រះគម្ពីរ​នឹង​ជួយ​ពួកគេ​រៀន​ដំណឹងល្អ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ ។ សូម​ផ្តល់​ឧទាហរណ៍​អំពី​របៀប​ដែល​បទគម្ពីរ​អាច​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់ពួកគេ ហើយ​ទទួល​បាន​ការណែនាំ និង​កម្លាំង ។

សូម​យកចិត្ត​ទុកដាក់​ក្នុង​ការសិក្សា​ព្រះគម្ពីរ ដើម្បី​អ្នក​អាច​បង្រៀន​ពី​បទគម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព ( សូមមើល ជំពូកទី ២ ) ។ សមត្ថភាព​របស់​អ្នក​ក្នុង​ការបង្រៀន​ពី​ព្រះគម្ពីរ​នឹង​ប្រសើរ​ឡើង នៅពេល​អ្នក​សិក្សា​វា​រាល់​ថ្ងៃ ទាំង​ផ្ទាល់​ខ្លួន និង​ជាមួយ​ដៃគូ​របស់​អ្នក ។

ជួយ​មនុស្ស​អភិវឌ្ឍ​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ។ ព័ត៌មាន​ខាង​ក្រោម​អាច​ជួយ​បាន ។

ការសិក្សា​ព្រះគម្ពីរ​ជា​ក្រុម

ណែនាំ​ឲ្យ​ស្គាល់​ព្រះគម្ពីរ

សូម​ពិពណ៌នា​ប្រវត្តិ​របស់​សារលិខិត​ដោយ​សង្ខេបៗ ។ ឧទាហរណ៍​ខាងក្រោម​បង្ហាញ​ពី​វិធី​មួយចំនួន​ដើម្បី​ណែនាំ​ពី​បទគម្ពីរ​មួយ ៖

  • « នៅក្នុង​ប្រវត្តិ​របស់​យ៉ូសែប ស្ម៊ីធ យ៉ូសែប​ប្រាប់​យើង​តាម​ប្រសាសន៍​របស់​លោក​ផ្ទាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​លោក​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន ។ លោក​បាន​មាន​ប្រសាសន៍​ថា ‹ ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ … › »

  • « នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ព្យាការី​អាលម៉ា​កំពុង​បង្រៀន​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ​ឲ្យ​អនុវត្ត​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះបន្ទូល​នៃ​ព្រះ ។ លោក​បាន​ប្រៀបធៀប​ព្រះបន្ទូល​ទៅ​នឹង​គ្រាប់ពូជ​មួយ​ដែល​អាច​យក​ទៅ​បណ្ដុះ​នៅ​ក្នុង​ចិត្ត​របស់​យើង ។ តើ​អ្នក​នឹង​ចាប់ផ្តើម​អាន​ខ … ? »

អាន​វគ្គ​បទគម្ពីរ

អាន​ខគម្ពីរ​ឲ្យ​ឮៗ ឬ​សុំ​សិស្ស​ដែល​អ្នក​កំពុង​បង្រៀន​ឲ្យ​អាន​ឲ្យ​ឮៗ ។ សូម​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សិស្ស​ដែល​មាន​ការលំបាក​ក្នុង​ការអាន​ព្រះគម្ពីរ ។ ប្រសិនបើ​វគ្គបទគម្ពីរ​មួយ​ពិបាកយល់ សូម​អាន​ជា​មួយ​ពួកគេ ហើយ​ពន្យល់​តាម​តម្រូវការ ។ សូម​ឲ្យ​និយម​ន័យពាក្យ ឬ ឃ្លា​ពិបាកៗ ។ ឬ​ផ្តល់​ឲ្យ​ពួកគេ​នូវ​អត្ថបទ​ដ៏​សាមញ្ញ​មួយ​ដើម្បី​អាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​ចំណុច​ជាក់លាក់​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។

អនុវត្ត​តាម​បទគម្ពីរ

នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ប្រៀបធៀប​បទព្រះគម្ពីរ​ទាំងអស់​ទៅនឹង​ខ្លួន​យើង ដើម្បី​ទុកជា​ប្រយោជន៍ និង​ការ​ចេះដឹង​ដល់​យើង » ( នីហ្វៃទី១ ១៩:២៣ ) ។ ដើម្បី « ប្រៀបធៀប » មាន​ន័យ​ថា​ការអនុវត្ត​បទគម្ពីរ​ទៅ​នឹង​ជីវិត​របស់​អ្នក ។

ប្រៀបធៀប​បទគម្ពីរ​ទៅ​នឹង​អស់​អ្នក​ដែល​អ្នក​បង្រៀន ដោយ​បង្ហាញ​ពី​របៀប​ដែល​ដំណើររឿង និង​គោលការណ៍នានា​ទាក់ទង​នឹង​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ ៖

  • « ដូច​ជា​អ្នក​ដែរ ប្រជាជន​អាលម៉ា​មាន​បន្ទុក​ដ៏​ធ្ងន់ ស្ទើរតែ​លើស​ពី​ពួកគេ​អាច​ទ្រាំ​បាន ។ ប៉ុន្តែ នៅពេល​ពួកគេ​អនុវត្ត​សេចក្ដីជំនឿ និង​អធិស្ឋាន នោះ​ព្រះ​បាន​ពង្រឹង​ពួកគេ ដើម្បី​ពួកគេ​អាច​ស៊ូទ្រាំ​នឹង​ឧបសគ្គ​នានា ។ បន្ទាប់មក ទ្រង់​បានរំដោះ​ពួកគេ​ចេញពី​ការសាកល្បង​របស់​ពួកគេ ។ គឺ​ដូចជា​ទ្រង់​បាន​ធ្វើ​ជាមួយ​ប្រជាជន​ទាំងនេះ ខ្ញុំ​ដឹង​ថា​ព្រះ​នឹង​ជួយ​អ្នក​ឆ្លងកាត់​ឧបសគ្គ​របស់​អ្នក នៅពេល​អ្នក … » ( សូមមើល ម៉ូសាយ ២៤ ) ។

  • « សេចក្តីណែនាំ​របស់​អាលម៉ា ទៅ​កាន់​ប្រជាជន​នៅ​ឯ​ទឹក​មរមន អនុវត្ត​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ។ ចន តើ​អ្នក​ស្ម័គ្រចិត្ត​ដើម្បី … ? » ( សូមមើល ម៉ូសាយ ១៨ ) ។

សូម​បង្រៀន​មនុស្ស​ពី​របៀប « ប្រៀបធៀប » ព្រះគម្ពីរ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។ ការស្វែងរក​ការអនុវត្ត​ផ្ទាល់ខ្លួន​នឹង​ជួយ​ពួកគេ​អនុវត្ត និង​ដកពិសោធណ៍​នៃ​អំណាច​នៃ​ព្រះបន្ទូល​នៃ​ព្រះ ។

សូម​អញ្ជើញ និង​ជួយ​មនុស្ស​ឲ្យ​អាន​ដោយ​ខ្លួន​ពួកគេ ។

មនុស្ស​ដែល​អ្នក​បង្រៀន​ត្រូវ​អាន​ព្រះគម្ពីរ ជា​ពិសេស​ព្រះគម្ពីរ​មរមន ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ តាមរយៈ​ការប្រើប្រាស់​បទគម្ពីរ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងការ​បង្រៀន​របស់អ្នក អ្នក​អាច​ជួយ​មនុស្ស​ឲ្យ​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

បន្ទាប់ពីការ​ទៅ​ជួប​នីមួយៗ សូម​ស្នើ​ឲ្យ​ពួកគេ​អានជំពូក ឬ​ខគម្ពីរ​ជាក់លាក់​ ។ សូម​ផ្ដល់យោបល់​សំណួរ​នានា​សម្រាប់​ពួកគេ​ដើម្បី​ពិចារណា​នៅពេល​ពួកគេ​អាន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​ជា​រៀងរាល់ថ្ងៃ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ អ្នក​ក៏​អាច​រៀបចំ​ឲ្យ​សមាជិក​អាន​ជាមួយ​ពួកគេ​ផងដែរ ។

មុនពេល​ចាប់ផ្តើម​មេរៀន​បន្ទាប់ សូម​តាម​ដាន​ដោយ​ពិភាក្សា​អំពី​អ្វី​ដែល​អ្នក​បាន​អញ្ជើញ​មនុស្ស​ឲ្យ​អាន ។ តាម​តម្រូវការ សូម​ជួយ​ពួកគេ​ឲ្យ​យល់ ហើយ « ប្រៀបធៀប » បទគម្ពីរ​ទាំងនេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេឲ្យកត់ត្រាគំនិត និងសំណួរ​ទាំងឡាយ ។

ពេល​អ្នក​ជួយ​សិស្សអាន ស្វែងយល់ និង​អនុវត្ត​ព្រះគម្ពីរ—ជាពិសេស​ព្រះគម្ពីរ​មរមន—នោះពួកគេ​នឹង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ជាមួយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ ។ ពួកគេ​នឹង​ទំនង​ជា​អាន​ដោយ​ខ្លួន​ឯង ហើយ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ពួកគេ ។

អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

សូម​ជួយ​មនុស្ស​ឲ្យ​ចូល​ប្រើ​បទគម្ពីរ

ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ អាច​រកបាន​តាម​មធ្យោ​បាយ​ជាច្រើន​ទៀត និងមាន​ជា​ភាសា​ច្រើន​ជាង​ពេល​មុនៗ ។ សូម​ស្វែង​យល់​ថា​តើ​ជម្រើស​បោះពុម្ព និង​ឌីជីថល​អ្វីខ្លះ ដែល​មាន​សម្រាប់​មនុស្ស​ដែល​អ្នក​បង្រៀន ។ សូម​ជួយ​មនុស្ស​ឲ្យ​ចូល​មើល​បទគម្ពីរ​តាម​របៀប​ដែល​ត្រូវ​នឹង​តម្រូវការ និង​ចំណូលចិត្ត​របស់​ពួកគេ ។ សូម​ពិចារណា​ដូច​ខាង​ក្រោម ៖

  • សួរ​សិស្សថា​តើ​ភាសា​មួយណា​ដែល​ពួកគេ​ចង់​អាន ឬ​ស្តាប់​បទគម្ពីរ ។

  • អស់អ្នក​ដែល​មាន​ការពិបាក​ក្នុង​ការអាន ឬ​ពិបាក​យល់​អំពី​អ្វី​ដែល​គេ​អាន អាច​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​អាន​ឮៗ​ជាមួយ​គ្នា ឬ​ស្តាប់​ជា​សំឡេង ។ អ្វីៗ​ទាំងនេះ​អាច​រក​បាន​តាមរយៈ​កម្មវិធី និង​គេហទំព័រ​សាសនាចក្រ​ដោយ​ឥតគិត​ថ្លៃ ។

  • ប្រសិនបើ​មនុស្ស​ម្នាក់​មាន​ឧបករណ៍​ឌីជីថល សូម​ជួយ​គាត់​ឲ្យ​ចូល​មើល​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ។ កម្មវិធី​ព្រះគម្ពីរ​មរមន និង​បណ្ណាល័យ​ដំណឹងល្អ គឺ​ឥតគិតថ្លៃ និង​ងាយ​ស្រួល​ធ្វើ​ការចែកចាយ ។

  • ប្រសិនបើ​ប្រើ​អត្ថបទ​ឈែត ឬ​អ៊ីមែល សូម​ផ្ញើ​តំណ ឬ​រូបភាព​ព្រះគម្ពីរ ។ នៅពេល​បង្រៀន​នៅក្នុង​ឈែត​ជា​វីដេអូ សូម​ពិចារណា​ចែកចាយ​អេក្រង់​របស់អ្នក ដើម្បី​អ្នក​អាច​អាន​បទគម្ពីរ​ជាមួយ​គ្នា​បាន ។

  • សូម​ជួយ​មនុស្ស​ឲ្យ​ទទួល​បាន​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ប្រាកដ​ថា អ្នក និង​ដៃគូ​របស់អ្នក​មាន​ធនធាន​ព្រះគម្ពីរ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅលើ​ទូរសព្ទ​របស់​អ្នក រួមទាំង​កម្មវិធី​ព្រះគម្ពីរ​មរមន និង​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​ដូច​តទៅ ៖ ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន; នីហ្វៃទី៣ ១១; មរមន ១០:៣–៨; យ៉ូហាន ១៧:៣; រ៉ូម ៨:១៦–១៧; កូរិនថូស ទី១ ១៥:២៩; យ៉ាកុប ១:៥; ពេត្រុស ទី១ ៣:១៩–២០; អេម៉ូស ៣:៧ ។

កំណត់​ពី​របៀប​ដែល​អ្នក​ចង់ ៖

  • ណែនាំ​ឲ្យ​ស្គាល់​វគ្គបទគម្ពីរ ។

  • ផ្តល់​សាវតារ និង​បរិបទ ។

  • អាន​វគ្គបទគម្ពីរ​នេះ ហើយ​ពន្យល់​អត្ថន័យ​របស់វា ។

  • ពន្យល់​ពាក្យ​ពិបាកៗ ។

  • ជួយ​ដល់​អ្នក​ដែល​អ្នក​បង្រៀន​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ការសិក្សា​ព្រះគម្ពីរ

ហេតុអ្វី​វា​សំខាន់​ដើម្បី​បង្រៀន​ព្រះគម្ពីរ ?

ចែកចាយ​ទីបន្ទាល់​របស់​អ្នក

ទីបន្ទាល់​គឺ​ជា​សាក្សី​ខាង​វិញ្ញាណ ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​គឺ​ផ្តល់​ការ​ប្រកាស​ដ៏សាមញ្ញ​មួយ​ដោយ​ផ្ទាល់​អំពី​ចំណេះដឹង ឬ​ជំនឿ​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ការចែកចាយ​ទីបន្ទាល់​របស់អ្នក បន្ថែម​សាក្សី​ផ្ទាល់ខ្លួន​របស់អ្នក​ចំពោះ​សេចក្តីពិត​ដែល​អ្នក​បានបង្រៀន​ពី​ព្រះគម្ពីរ ។

ការចែកចាយ​ទីបន្ទាល់​របស់អ្នក គឺជា​របៀប​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​យាងអញ្ជើញ​ព្រះវិញ្ញាណ ហើយ​ជួយ​អ្នកដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ឥទ្ធិពល​របស់​ទ្រង់ ។ បេសកកម្ម​មួយ​នៃ​បេសកកម្ម​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជារឿយៗ​ទ្រង់​បំពេញ​កិច្ចការ​នេះ​ក្នុង​ភាពជា​គូកន​ជាមួយ​អ្នក នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់ ។

ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​មិន​អាស្រ័យ​លើ​វោហារ ឬ​កម្រិត​សំឡេង​របស់​អ្នក​នោះ​ទេ—ប៉ុន្តែ​អាស្រ័យ​លើ​ការជឿជាក់ និង​ភាពស្មោះត្រង់​នៃ​ដួងចិត្ត​របស់​អ្នក​វិញ​ទេ ។ សូម​ប្រយ័ត្ន​កុំ​ប្រញាប់ប្រញាល់ ឬ​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​ដូច​ជាការសម្តែង ។ សូម​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​សាក្សី​ដល់​ពួកគេ​ថា អ្វី​ដែល​អ្នក​បានបង្រៀន​គឺជា​ការពិត ។

ទីបន្ទាល់​របស់​អ្នក​អាច​សាមញ្ញ​ដូចជា « ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង » ឬ « ខ្ញុំ​បាន​ដឹង​សម្រាប់​ខ្លួន​ខ្ញុំ​ថា ព្រះគម្ពីរ​មរមន​ពិត » ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ខ្លីៗ​អំពី​របៀប​ដែល​អ្នក​ទទួលបាន​ទីបន្ទាល់​នេះ​ផងដែរ ។

នៅពេល​អ្នក​បង្រៀន សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក នៅពេល​អ្នក​ទទួល​បាន​ការបំផុសគំនិត មិនមែន​គ្រាន់តែ​នៅពេល​ចុងបញ្ចប់​នោះ​ទេ ។ នៅពេល​ដៃគូ​របស់អ្នក​កំពុង​បង្រៀន សូម​ចែកចាយ​ទីបន្ទាល់​របស់អ្នក ដើម្បី​ផ្តល់​សាក្សី​ទី​ពីរ​អំពី​អ្វី​ដែល​គាត់ ឬ​នាង​បានបង្រៀន ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា គោលការណ៍​ដែល​អ្នក​កំពុង​បង្រៀន​នឹង​ផ្ដល់ពរ​ដល់​ជីវិត​របស់​មនុស្ស​នោះ ប្រសិនបើ​គាត់ ឬ​នាង​នឹង​ធ្វើតាម​វា ។ សូម​ប្រាប់​អំពី​របៀប​ដែល​ការរស់នៅ​តាម​គោលការណ៍​នេះ​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក ។ ទីបន្ទាល់​ដ៏​ស្មោះ​របស់​អ្នក​នឹង​ជួយ​បង្កើត​បរិយាកាស​មួយ​សម្រាប់​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ពី​សេចក្ដីពិត ។

ការសិក្សា​ផ្ទាល់​ខ្លួន

វគ្គបទគម្ពីរ​ខាងក្រោម​គឺជា​ឧទាហរណ៍​នៃ​ការថ្លែង​ទីបន្ទាល់ ។ សូម​ពិចារណា​ពី​សំណួរ​ទាំងឡាយ​នៅពេល​អ្នក​អាន​បទគម្ពីរ​នីមួយៗ ។ សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ការសិក្សា​ព្រះគម្ពីរ

តើ​បទគម្ពីរ​ខាងក្រោម​នេះ​បង្រៀន​អ្វីខ្លះ​អំពី​គោលការណ៍ និង​សេចក្តីសន្យា​នៃ​ការថ្លែង​ទីបន្ទាល់ ?

សូម​ដាក់​ផែនការ និង​កែសម្រួល​ការបង្រៀន​របស់​អ្នក ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងឡាយ

មនុស្ស​ម្នាក់ៗ​ដែល​អ្នក​បង្រៀន​គឺ​ពិសេស ។ សូម​ស្វែងរក​ការយល់ដឹង​អំពី​ចំណាប់​អារម្មណ៍ តម្រូវការ និង​កង្វល់​ខាងវិញ្ញាណ​របស់គាត់ ឬ​នាង ។ សូម​សួរ​សំណួរ ហើយ​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ។ ទោះបីជា​អ្នក​ប្រហែលជា​មិន​យល់​ច្បាស់​ពី​តម្រូវការ​របស់​បុគ្គល​នោះ​ក៏​ដោយ សូម​ចាំ​ថា ព្រះវរបិតាសួគ៌​ជ្រាប​ដឹង ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គូស្វាមី​ភរិយា

សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​លំដាប់នៃ​មេរៀន

សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​តាម​លំដាប់​ដែល​អ្នក​បង្រៀន​មេរៀន ។ អ្នក​មាន​ភាពបត់បែន​ក្នុងការ​បង្រៀន​មេរៀន​តាម​លំដាប់​លំដោយ ដែល​ល្អ​បំផុត​សម្រាប់​តម្រូវការ សំណួរ និង​កាលៈទេសៈ​របស់អ្នក​ដែល​អ្នក​បង្រៀន ។

ម្តងម្កាល អ្នក​អាច​បញ្ចូល​គោលការណ៍​ពី​មេរៀន​ផ្សេងៗ​គ្នា​ដើម្បី​ដោះស្រាយ​តម្រូវការ និង​ចំណាប់អារម្មណ៍​របស់​មនុស្ស​ម្នាក់ ។ សូម​មើល​ឧទាហរណ៍​បី​ខាង​ក្រោម​នេះ ។

យូគី បាន​រកឃើញ​អ្នកនៅ​លើ​អនឡាញ ហើយ​កំពុង​សួរ​ថា​ហេតុអ្វី​បាន​ជា​មិត្តភក្តិ​របស់នាង​នៅក្នុង​សាសនាចក្រ​មិន​ជក់​បារី ឬ​ផឹកស្រា ។ អ្នក​អាច​នឹង​បង្រៀន​នាង​អំពី​ពរជ័យ​នៃ​បទបញ្ញត្តិ​ទាំងឡាយ​ដោយ​ប្រើ​ផ្នែក​ខាងក្រោម​ពី​ជំពូក​ទី ៣ ៖

សាំយូអែល​មាន​អារម្មណ៍​ថា​គាត់​មិន​ចុះចំណោម​គេ​សោះ ។ អ្នក​អាច​នឹង​បង្រៀន​គាត់​អំពី​អត្តសញ្ញាណ​របស់គាត់ និង​ទីកន្លែង​របស់គាត់​នៅក្នុង​គ្រួសារ​របស់​ព្រះ​ដោយ​ប្រើ​ផ្នែក​ខាងក្រោម​ពី​ជំពូក​ទី ៣ ៖

តាថាណា បានសិក្សា​ពី​សាសនា​ជាច្រើន ហើយ​ចង់​ដឹង​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​សាសនាចក្រ​ខុស​គ្នា ។ អ្នក​អាច​នឹង​បង្រៀន​នាង​អំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ប្រើ​ផ្នែក​ខាងក្រោម​ពី​ជំពូក​ទី ៣ ៖

ព្រះវរបិតាសួគ៌​ស្គាល់​បុត្រាបុត្រី​របស់ទ្រង់ ដូច្នេះ​សូម​ស្វែងរក​ការបំផុស​គំនិត​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ នៅពេល​អ្នក​រៀបចំ​បង្រៀន ។ សូម​អធិស្ឋាន​សម្រាប់​អំណោយទាន​នៃ​ការយល់ដឹង ពេល​អ្នក​សម្រេចចិត្ត​ថា​ត្រូវ​បង្រៀន​អ្វី ។ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

សូម​ទុក​ពេល​ឲ្យ​អ្នករៀន​​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន

នៅពេល​អ្នក​បង្រៀន សូម​ទុក​ពេល​ឲ្យ​អ្នក​រៀន​អនុវត្ត​អ្វី​ដែល​ពួកគេ​កំពុង​រៀន ( សូមមើល នីហ្វៃទី៣ ១៧:២–៣ ) ។ សូម​រកមើល​វិធី​សមស្រប​ដើម្បី​គាំទ្រ​ពួកគេ​ក្នុងការ​រក្សា​ការតាំងចិត្ត​របស់​ពួកគេ ។ សូម​ផ្ដោត​លើ​ការជួយ​ពួកគេ​ដោយ​ទង្វើ​ដែល​នឹង​ស្ថាបនា​គ្រឹះ​នៃ​សេចក្តីជំនឿ ដូចជា​ការអធិស្ឋាន ការអាន និង​ការចូលរួម​ក្នុង​ព្រះវិហារ ។ ការណ៍​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ពួកគេ​រក្សា​ការតាំងចិត្ត​បន្ថែម ។

នៅពេល​អ្នក​រៀបចំ​ផែនការ និង​បង្រៀន សូម​យកចិត្ត​ទុកដាក់​នឹង​ព័ត៌មាន​ថ្មីៗ​ដែល​អ្នក​ចែកចាយ ។ គោលបំណង​ចម្បង​នៃ​ការបង្រៀន​របស់​អ្នក​គឺ​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដែល​ដឹកនាំ​ទៅ​រក​ការប្រែចិត្ត ។ គោលបំណង​របស់អ្នក​គឺ​មិន​មែន​ដើម្បី​មើល​ថា​តើ​ព័ត៌មាន​ប៉ុន្មាន​ដែល​អ្នក​អាច​ចែកចាយ​បាន​នោះទេ ។

ចូរបង្រៀន​ក្នុង​ល្បឿន​មួយ​ដែល​សមរម្យ​សម្រាប់​បុគ្គលនោះ ។ សូម​សួរ​សំណួរ និង​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ឲ្យ​អ្នក​យល់ ថា​តើ​គាត់ ឬ​នាង​កំពុងរៀន និង​អនុវត្ត​អ្វី​ដែល​អ្នក​កំពុង​បង្រៀន​បាន​ល្អ​ប៉ុនណា ។

សេចក្តីពិត​ដែល​អ្នក​បង្រៀន រួម​ជាមួយ​នឹង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​មាន​ឥទ្ធិពល​លើ​អ្នករៀន​ឲ្យ​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​ពួកគេ​តាម​របៀប​ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ ។ នៅពេល​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ដោយ​អនុវត្ត​តាមអ្វី​ដែល​ពួកគេ​រៀន នោះ​ពួកគេ​នឹង​បានដឹង​ដោយ​ព្រះវិញ្ញាណ​ថា​ដំណឹងល្អ​គឺជា​ការពិត ។

សូម​ប្រើ​ឱកាស​បង្រៀន​ផ្សេងៗ​គ្នា

ឱកាស​បង្រៀន​មាន​ទម្រង់​ជាច្រើន ដូចជា​ការទៅ​ជួប​ផ្ទាល់ ការឈែត​ជា​វីដេអូ ការហៅ​ទូរសព្ទ សារ​ជា​អក្សរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

សូម​គោរពពេលវេលា​របស់​អ្នករៀន

សូម​បង្រៀន​ដោយ​សាមញ្ញ និង​សង្ខេបៗ ។ អ្នករៀនទំនង​ជាចង់​ជួប​ជាមួយ​អ្នក​នៅពេល​អ្នក​គោរព​ពេលវេលា និង​សំណើ​របស់​ពួកគេ ។ សូម​សួរ​ថា​តើ​ពួកគេ​មាន​ពេល​ទំនេរ​ប៉ុន្មាន​សម្រាប់​ជំនួប​នេះ ។ សូម​ចាប់ផ្តើម និង​បញ្ចប់​ការសន្ទនា​តាម​ពេលវេលា​ដែល​បាន​ព្រមព្រៀង ទោះ​ជា​ការបង្រៀន​ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ​ក៏ដោយ ។ ត្រូវ​ដឹង​ថា​នៅ​កន្លែង​ខ្លះ ការហៅ​ទូរសព្ទ ឬ​ការ​ឈែត​ជា​វីដេអូ​អាច​មាន​តម្លៃ​ថ្លៃ ។

អ្នក​នឹង​ត្រូវការ​ជួប​ជាច្រើន​ដង​ដើម្បី​បង្រៀន​គោលការណ៍​ក្នុង​មេរៀន​មួយ ។ ជា​ធម្មតា​ការទៅ​បង្រៀន​មិន​គួរ​លើស​ពី ៣០ នាទី​ទេ ហើយ​អ្នក​អាច​បង្រៀន​មនុស្ស​ម្នាក់​ក្នុង​រយៈពេល​តិច​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ ។ សូម​កែសម្រួល​ការបង្រៀន​របស់អ្នក​ទៅតាម​ពេលវេលា​របស់​អ្នករៀន ។

សូម​ប្រើ​បច្ចេកវិទ្យា​ដោយ​ឈ្លាសវៃ

អ្នក​មាន​ឱកាស​ជាច្រើន​ក្នុងការ​បង្រៀន​អ្នករៀន​ដោយ​ប្រើ​បច្ចេកវិទ្យា ។ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ភាពងាយស្រួល ឬ​ភាពឯកជន​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​តាមរយៈ​មធ្យោបាយ​អេឡិចត្រូនិច ។ សូម្បីតែ​មនុស្ស​ដែល​អ្នក​ទៅ​ជួប​ដោយ​ផ្ទាល់​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​បន្ថែម​តាមរយៈ​បច្ចេកវិទ្យា​ដែរ ។ សូម​ពិភាក្សា​អំពី​ធនធាន​ដែល​មាន​សម្រាប់​ទំនាក់ទំនង ។ បន្ទាប់មក​តាមដាន និង​បន្ត​ទំនាក់ទំនង ។ សូម​ទុក​ឲ្យ​​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​ ដឹកនាំ​ការប្រាស្រ័យ​ទាក់ទង​​របស់​អ្នក ។

បច្ចេកវិទ្យា​ដូចជា​ការហៅ​ជា​វីដេអូ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​ការបង្រៀន​ដល់​មនុស្ស​ដែល​មាន​កាលវិភាគ​មមាញឹក ឬ​រស់នៅ​ឆ្ងាយ ។ នៅពេល​ខ្លះ​វា​កាន់តែ​ងាយស្រួល​សម្រាប់​សមាជិក​ក្នុង​ការ​ចូលរួម​ក្នុង​មេរៀន​តាមរយៈ​បច្ចេកវិទ្យា ។

ជួយ​អ្នក​សិក្សា​វ័យ​ក្មេង

នៅអំឡុង​ការងារមប្រើ​របស់​ព្រះអង្គសង្រ្គោះ ទ្រង់​បាន​ប្រាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ » ( ម៉ាកុស ១០:១៤ ) ។ នៅពេល​អ្នក​បង្រៀន​ក្មេងៗ សូម​កែតម្រូវ​វិធីសាស្រ្ត និង​សារលិខិត​របស់អ្នក ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ពួកគេ ។ សូម​ជួយ​ពួកគេ​រៀន​ដំណឹងល្អ​ដោយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​ស្គាល់ ។ សូម​ប្រាកដ​ថា​ពួកគេ​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​បង្រៀន ។

ការសិក្សា​ព្រះគម្ពីរ

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៨៥ ។ តើ​ការ​ផ្តល់​« នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់​រូប » មាន​ន័យ​យ៉ាង​ណា ? តើ​អ្នក​អាច​អនុវត្ត​ការណ៍​នេះ​នៅក្នុង​ការបង្រៀន​របស់​អ្នក​ដោយ​របៀប​ណា ?

តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ស្មោះត្រង់​អំពី​ការដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ?

បង្រៀន​ជាមួយ​ដៃគូ​របស់​អ្នក​ដោយ​សាមគ្គីភាព

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​ដោយ​នូវ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ដោយ​ផ្សាយដំណឹង​ល្អ​របស់​យើង​ពីរ​នាក់ៗ » ( គោលលទ្ធិ និងសេចក្តី​សញ្ញា ៤២:៦ ) ។ ទ្រង់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ដល់​អ្នក និង​ដៃគូ​របស់​អ្នក​ផងដែរ​ដើម្បី « រួម​គ្នា​តែ​មួយ » ( គោលលទ្ធិ និងសេចក្តី​សញ្ញា ៣៨:២៧ ) ។ ការបង្រៀន​របស់អ្នក​នឹង​កាន់តែ​មាន​ឥទ្ធិពល និង​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រសិនបើ​អ្នក និង​ដៃគូ​របស់អ្នក​ធ្វើកិច្ចការ​ដោយ​សាមគ្គីភាព ។ ជំនួស​ដោយ​ផ្តល់​ការ​សង្ខេប​ផ្នែក​ខ្លះ​នៃ​មេរៀន ។

ក្នុង​អំឡុងពេល​សិក្សា​ជាមួយ​ដៃគូ សូម​ពិភាក្សា និង​អនុវត្ត​ពី​របៀប​ដែល​អ្នក​នឹង​បង្រៀន ដើម្បី​អ្នក​អាចមាន​សាមគ្គី​ភាព ។ សូម​រៀបចំ​របៀប​ដែល​អ្នក​នឹង​ធ្វើការ​ជាមួយគ្នា​នៅពេល​បង្រៀន​សិស្ស​តាម​អនឡាញ ។ សូម​ធ្វើ​តាម វិធី​បង្ការ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ដែល​បានគ្រោង​នៅក្នុង​ជំពូក​ទី ២ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​បុរស​ម្នាក់

នៅពេល​ដៃគូ​របស់អ្នក​កំពុង​បង្រៀន សូម​អធិស្ឋាន ស្តាប់ ហើយ​មើល​គាត់ ឬ​នាង ។ សូម​គាំទ្រ​ដៃគូ​របស់អ្នក​ដោយ​ផ្តល់​សាក្សី​ទី​ពីរ​ដល់​សេចក្តីពិត​ដែល​គាត់ ឬ​នាង​បានបង្រៀន ( សូមមើល អាលម៉ា ១២:១ ) ។ សូម​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់​អ្នក នៅពេល​ព្រះវិញ្ញាណ​ដាស់តឿន​អ្នក​ឲ្យ​និយាយ​អ្វី​មួយ ។

សូម​ចាប់​អារម្មណ៍​ដោយ​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​អ្នក​បង្រៀន ។ សូម​ស្តាប់​ពួកគេ ។ រក្សា​ការ​មើលចំ​កែវភ្នែក​នៅពេល​ពួកគេ ឬ​អ្នក​កំពុង​និយាយ ។ សូម​សង្កេត​មើល​ការឆ្លើយតប​របស់​ពួកគេ​ដោយ​ប្រុងប្រយ័ត្ន ហើយ​ស្តាប់​តាម​ការបំផុស​គំនិត​ខាងវិញ្ញាណ ។

សូម​អញ្ជើញ​ឲ្យ​សមាជិក​ចូលរួម

សូម​អញ្ជើញ​សមាជិក​ឲ្យ​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន និង​គាំទ្រ​មនុស្ស​ដែល​អ្នក​កំពុង​ធ្វើការ​ជាមួយ ។ ការណ៍​នេះ​អាច​កើតឡើង​ដោយ​ផ្ទាល់ ឬ​ពី​ចម្លាយ ។ ក្នុង​អំឡុងពេល​នៃ​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ សូម​ប្រឹក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​វួដ​អំពី​អ្នក​ដែល​អាច​ជួយ​បាន ។

នៅពេល​សមាជិក​ចូលរួម​ក្នុង​ការបង្រៀន និង​ការរាប់អាន នោះ​ពួកគេ​អាច​បន្ថែម​ការយល់ដឹង និង​បង្កើត​ទំនាក់ទំនង​ជា​មិត្តភក្តិ​បាន ។ ពួកគេ​នឹង​មាន​អារម្មណ៍​រីករាយ​អំពីកិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

សូម​អញ្ជើញ​សមាជិក​ឲ្យ​ជួយ​បង្រៀន

មុន​ពេល​មេរៀន សូម​រៀបចំ​ផែនការ​ជាមួយ​សមាជិក​អំពី​របៀប​ធ្វើការ​ជាមួយ​គ្នា ។ អ្នក​អាច​ប្រើ​សារ​ជា​អក្សរ ឬ​ការហៅ​ទូរសព្ទ​ខ្លីៗ ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​អ្នក​នឹង​បង្រៀន អ្នក​ណា​នឹង​អធិស្ឋាន អ្នក​ណា​នឹង​ដឹកនាំ​ការសន្ទនា និង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត ។

តួនាទី​ចម្បង​របស់​សមាជិក​នៅក្នុង​មេរៀន​គឺ​ផ្តល់​ទីបន្ទាល់​ដោយ​ស្មោះសរ ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្លីៗ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​រៀន ។ អ្នក​អាច​សុំ​សមាជិក​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​រៀន ទទួល​យក និង​រស់នៅ​តាម​គោលការណ៍​ជាក់លាក់​មួយ​នៅក្នុង​មេរៀន ។ ប្រសិនបើ​ពួកគេ​ជា​អ្នក​ប្រែចិត្ត​ជឿ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​សម្រេចចិត្ត​ចូលរួម​ក្នុង​សាសនាចក្រ ។

នៅពេល​សមាជិក​ណែនាំ​នរណា​ម្នាក់ សុំ​ឲ្យ​ពួកគេ​ចូលរួម​ក្នុងការ​បង្រៀន ។ សមាជិក​អាច​ចូលរួម​កាន់តែ​ច្រើន​នៅក្នុង​ស្ថានភាព​ទាំងនេះ ។ សូម​ប្រឹក្សា​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​ចង់​ចូលរួម ។

សូម​ពិចារណា​ពី​របៀប​ដែល​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្រៀន​ជាមួយ​សមាជិក​ប្រហែល​ជា​សមរម្យ ។ បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​សមាជិក​ចូលរួម​ជាមួយ​អ្នក​ដោយ​មិន​មាន​ការចំណាយ​ពេល ដែល​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជួប​ដោយ​ផ្ទាល់​ឡើយ ។

នៅក្នុង​ការប្រជុំ​សម្របសម្រួល​ប្រចាំ​សប្តាហ៍ សូម​រៀបចំ​ផែនការ​ជាមួយ​ថ្នាក់​ដឹកនាំ​វួដ ដើម្បី​ឲ្យ​សមាជិក​ចូលរួម​ក្នុង​មេរៀន​ឲ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ( សូមមើល ជំពូកទី ១៣ ) ។ សូម​ពិចារណា​សុំ​សមាជិក​ថ្មី​ឲ្យ​ជួយ​បង្រៀន ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ស្រមៃ​ថា​អ្នក​មាន​ការណាត់​ជួប​ដើម្បី​បង្រៀន​មេរៀន​ដល់​គ្រួសារ​មួយ​នៅ​ផ្ទះ​របស់​សមាជិក​ម្នាក់ ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​ឲ្យ​សមាជិក​ម្នាក់ៗ ដូច​ខាងក្រោម​ចូលរួម​ជួយ​អ្នក​បង្រៀន ៖

  • អ្នក​ផ្សព្វផ្សាយ​សាសនា​វួដ​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​ពេញ​ម៉ោង

  • ជា​សង្ឃ

  • សមាជិក​ថ្មី

  • ពួកអែលឌើរ​កូរ៉ុម ឬ​ប្រធាន​សមាគម​សង្រ្គោះ

សូម​អញ្ជើញ​សមាជិក​ឲ្យ​ផ្ដល់​ការគាំទ្រ

សមាជិក​ក៏​អាច​ផ្តល់​ការគាំទ្រ​ដ៏​មាន​តម្លៃ​ដល់​មនុស្ស​នៅ​ចន្លោះ​ការបង្រៀន​សួរ​សុខទុក្ខ​ផងដែរ ។ ពួកគេ​អាច​ផ្ញើសារ អាន​ព្រះគម្ពីរ​ជាមួយ​គ្នា អញ្ជើញ​បុគ្គលនោះ​មក​លេង​ផ្ទះ​របស់​ពួកគេ ឬ​ចូលរួម​សកម្មភាព ឬ​អញ្ជើញ​ពួកគេ​ឲ្យ​អង្គុយ​ជាមួយ​គ្នា​នៅ​ព្រះវិហារ ។ ពួកគេ​អាច​ឆ្លើយ​សំណួរ ហើយ​បង្ហាញ​ថា​ជីវិត​របស់​ពួកគេ​មាន​លក្ខណៈ​បែបណា​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ។ បទពិសោធន៍​ជីវិត និង​ទស្សនៈ​របស់​ពួកគេ​អាច​ជួយ​ពួកគេ​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​តាម​របៀប​ដែល​ជួនកាល​វាខុស​គ្នា​យ៉ាងខ្លាំង​ពីទំនាក់ទំនង​របស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។

សូម​ប្រឹក្សា​ជាមួយ​សមាជិក​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​ការរួមគ្នា ដើម្បី​ជួយ​អ្នក​រៀន​ក្រៅ​ពី​ពេល​បង្រៀន ។

បង្រៀន​ដើម្បី​ឲ្យ​មាន​ការយល់ដឹង

សូម​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​អ្នករៀន​នឹង​យល់​អំពី​ដំណឹងល្អ​នេះ ។ សូម​សិក្សា​បទគម្ពីរ និង​មេរៀន ដើម្បី​អ្នក​អាច​បង្រៀន​យ៉ាង​ច្បាស់​ពី​បទគម្ពីរ​ទាំងនោះ ។ កាលណា​អ្នក​បង្រៀន​កាន់តែ​ច្បាស់ នោះឱកាស​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ទីបន្ទាល់​អំពី​សេចក្ដីពិត​ក៏​កាន់តែ​ប្រសើរ​ដែរ ។

សូម​សួរ​សំណួរ​ដើម្បី​ជួយ​អ្នករៀន​​គិត​អំពី​អ្វី​ដែល​អ្នក​បានបង្រៀន ។ បន្ទាប់មក សូម​ស្តាប់​ថា​តើ​ពួកគេ​យល់ និង​ទទួល​យក​ដំណឹងល្អ​ដែរ​ឬ​ទេ ។

ផ្នែក​នៃ​ការបង្រៀន​ដើម្បី​ឲ្យ​មាន​ការយល់ដឹង​គឺ​ការពន្យល់​ពាក្យ ឃ្លា និង​គំនិត​ទាំងឡាយ ។ អ្នក​អាច​កែលម្អ​សមត្ថភាព​របស់​អ្នក​ដើម្បី​បង្រៀន​ដំណឹងល្អ​ដោយ ៖

  • ការយល់​ពី​ពាក្យ​ដែល​អ្នក​ប្រើ ។

  • ឲ្យ​និយមន័យ​ពាក្យ​ដែល​អ្នក​ដទៃ​ប្រហែលជា​មិន​យល់ ។

  • សួរ​សំណួរ​ដូចជា « តើ​អ្នក​នឹង​ចែកចាយ​ជាមួយ​យើង​នូវ​ការយល់ដឹង​របស់អ្នក​អំពី​អ្វី​ដែល​យើង​ទើបតែ​បាន​ពន្យល់​ដែរ​ឬ​ទេ ? » ឬ « តើ​អ្នក​ព្រម​សង្ខេប​អំពី​អ្វី​ដែល​យើង​បាន​និយាយ​ដែរ​ឬ​ទេ ? »

នៅពេល​អ្នក​បង្រៀន​គោលលទ្ធិ​នៅក្នុង ជំពូកទី ៣ ប្រើ​ពាក្យ ឃ្លា និង​គំនិត​ទាំងឡាយ​ណា​ដែល​មនុស្ស​ប្រហែល​ជា​មិន​យល់ ។ សូម​ស្វែងយល់​អត្ថន័យ​ទាំងនេះ​ដោយ​ការប្រើ​ធនធាន​ដែល​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ Bible Dictionary និង Gospel Topics ។

សូម​បង្រៀន​ដោយ​សាមញ្ញ និង​សង្ខេបៗ ។ សូម​រក្សា​វា​ឲ្យ​ផ្ដោត​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ស្ថាបនា​ការយល់ដឹង​អំពី​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ ។ ជួយ​អ្នករៀនស្វែងរក​ការយល់ដឹង​ដែលបាន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​ពួកគេ​ទទួល​បាន​ការយល់ដឹង​នេះ ពួកគេ​នឹង​ចាប់ផ្ដើម​ជឿ​សារលិខិត​នៃ​ដំណឹងល្អ​ហើយ ។

ការសិក្សា​ព្រះគម្ពីរ

ហេតុអ្វី​បាន​ជា​យើង​គួរតែ​ពន្យល់​ពី​គោលលទ្ធិ​ដោយ​យកចិត្ត​ទុកដាក់ ?

តើ​យើង​រៀន​ដោយ​របៀប​ណា ? ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​បង្រៀន​ព័ត៌មាន​បន្តិចម្តងៗ ?

ហេតុអ្វី​បាន​ជា​ភាព​ច្បាស់​មាន​សារៈសំខាន់ ?

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ខាងក្រោម​អំពី​របៀប​ដែល​ព្រះ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុត្រាបុត្រី​របស់​ទ្រង់ ?

សួរ​សំណួរ

ព្រះអង្គ​សង្គ្រោះ​បាន​សួរ​សំណួរ​ទាំងឡាយ​ដែល​អញ្ជើញ​ដល់​មនុស្ស​ឲ្យ​គិត ហើយ​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​អំពី​សេចក្ដីពិត​ដែល​ទ្រង់​បាន​បង្រៀន ។ សំណួរ​របស់​ទ្រង់​បាន​បំផុស​គំនិត​ដល់ ការស្វែងរក​ព្រលឹង និង​ការតាំងចិត្ត ។

សំណួរ​ល្អៗ​ទាំងនេះ​ក៏​មាន​សារៈសំខាន់​នៅក្នុង​ការបង្រៀន​របស់អ្នក​ដែរ ។ វា​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​ចំណាប់​អារម្មណ៍ កង្វល់ និង​សំណួរ​របស់​អ្នករៀន ។ សំណួរ​ល្អៗ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​ជួយ​មនុស្ស​ឲ្យ​រៀន ។

សួរ​សំណួរ​ទំាងឡាយ​ដែល​បំផុស​គំនិត

សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ក្នុង​ការសួរ​សំណួរ​ល្អៗ ។ សំណួរ​ត្រឹមត្រូវ​នៅ​ពេល​ត្រឹមត្រូវ អាច​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ដំណឹង​ល្អ ហើយ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

សំណួរ​ដែល​បំផុសគំនិត និង​ការស្តាប់​ដោយ​ស្មោះសរ​នឹង​ជួយ​អ្នករៀន​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត​ក្នុងការ​និយាយ​ដោយ​បើក​ចំហ និង​មាន​ទំនុកចិត្ត​ក្នុងការ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​រកឃើញ​ទីបន្ទាល់​ដែល​កំពុង​រីកចម្រើន ។ ពួកគេ​ក៏​នឹង​កាន់តែ​មាន​ទំនុកចិត្ត​ក្នុងការ​សួរ​សំណួរ​ដល់​អ្នក​នៅពេល​ដែល​ពួកគេ​មិន​យល់​អ្វី​មួយ ឬ​មាន​កង្វល់​ផងដែរ ។

តារាង​ខាងក្រោម​បង្ហាញ​ពី​គោលការណ៍​មួយចំនួន​នៃ​ការសួរ​សំណួរ​ដែល​បំផុសគំនិត រួម​ជាមួយ​នឹង​ឧទាហរណ៍​មួយ​ចំនួន ។

គោលការណ៍ និង​ឧទាហរណ៍​នៃ​សំណួរ​ដែល​បំផុសគំនិត

គោលការណ៍​ទាំងឡាយ

ឧទាហរណ៍

សូម​សួរ​សំណួរ​ដែល​ជួយ​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ព្រះវិញ្ញាណ ។

  • តើ​អ្នក​អាច​ចែកចាយ​បទពិសោធន៍​មួយ ពេល​អ្នក​មាន​អារម្មណ៍​ថា​មាន​ឥទ្ធិពល​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ?

  • តើ​អ្នក​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​អ្នក​ដោយ​របៀប​ណា ?

សូម​សួរ​សំណួរ​ដែល​សាមញ្ញ និង​ងាយ​យល់ ។

  • តើ​អ្នកបាន​រៀន​អ្វី​ខ្លះអំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញ​ពី​បទគម្ពីរ​នេះ ?

សូម​សួរ​សំណួរ​ដែល​ជួយ​អ្នករៀន​​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​បង្រៀន ។

  • តើ​ការណ៍​នេះ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ជឿ​រួច​ទៅ​ហើយ​ដោយ​របៀប​ណា ? តើ​វា​ខុសគ្នា​ដោយ​របៀប​ណា ?

សូម​សួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ថា​មនុស្ស​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​កំពុង​បង្រៀន ។

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​អ្វី​ដែល​យើង​បាន​បង្រៀន​នៅ​ថ្ងៃ​នេះ ?

  • តើ​អ្នក​នឹង​សង្ខេប​ការសន្ទនា​របស់​យើង​នៅថ្ងៃ​នេះ​ដោយ​របៀបណា ?

សូម​សួរ​សំណួរ​ដែល​ជួយ​អ្នករៀន​​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ទទួល​អារម្មណ៍ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​អ្នក​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ្នក ចេញពី​អ្វី​ដែល​យើង​បាន​និយាយ​នៅ​ថ្ងៃនេះ ?

សូម​សួរ​សំណួរ​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ការបារម្ភ ។

  • តើ​យើង​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ?

សូម​សួរ​សំណួរ​ដែល​ជួយ​អ្នករៀន​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញពី​បទគម្ពីរ​នេះ ?

  • តើ​បទគម្ពីរ​នេះ​ជួយ​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

  • ដូច​ដែល​យើង​បាន​និយាយ តើ​អ្នក​ចាប់​អារម្មណ៍​នឹង​ធ្វើ​អ្វី​ខ្លះ​ពី​អ្វី​ដែល​អ្នក​បាន​រៀន ?

ការសិក្សា​ជាមួយ​ដៃគូ

សូម​ពិនិត្យមើល​ផែនការ​មេរៀន​របស់​អ្នក​មកពី​មេរៀន​ថ្មីៗ​ដែល​អ្នក​បាន​បង្រៀន ។ សូម​សរសេរ​សំណួរ​មួយ​សម្រាប់​គោលការណ៍​សំខាន់ៗ​នីមួយៗ​ដែល​មាន​រៀបរាប់​នៅក្នុង​ផែនការ​របស់អ្នក ។

សូម​ពិនិត្យមើល​សំណួរ​របស់អ្នក ដើម្បី​មើល​ថា​តើ​វា​សមស្រប​នឹង​គោលការណ៍​នៅក្នុង​ផ្នែក​នេះ​ដែរ​ឬ​ទេ ។

បន្ទាប់មក សូម​ឆ្លើយ​សំណួរ​នីមួយៗ ហាក់​ដូចជា​អ្នក​កំពុង​ទទួល​ការបង្រៀន ។

សូម​ចែកចាយ​សំណួរ​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក ។ សូម​វាយ​តម្លៃ និង​កែលម្អ​សំណួរ​របស់អ្នក​ជាមួយ​គ្នា ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

មនុស្ស​ដែល​អ្នក​កំពុង​បង្រៀន​អាច​ជួប​នឹង​បទពិសោធន៍​ដូច​ខាង​ក្រោម ៖

  • ពួកគេ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ពេល​កំពុង​អាន​ព្រះគម្ពីរ​មរមន ។

  • មិត្ត​រួម​ការងារ​តែងតែ​លេងសើច​នឹង​រឿង​ខាងវិញ្ញាណ ។

  • សមាជិក​គ្រួសារ​គឺជា​សមាជិក​ដ៏​រឹងមាំ​នៃ​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។

  • មិត្តភក្តិ​ជាច្រើន​ជឿថា « ពួក​មរមន » មិនមែន​ជា​ពួក​គ្រីស្ទាន​ទេ ។

សូម​គិត​ពី​សំណួរ​ដែល​អ្នក​នឹង​សួរ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ស្ថានភាព​នីមួយៗ​ទាំងនេះ ។ សូម​សរសេរ​សំណួរ​ទាំងនេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ពិភាក្សា​ជា​មួយ​ដៃគូ​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​កែលម្អ​សំណួរ​ដែល​អ្នក​បាន​សរសេរ ។

សូម​ចៀសវាង​សំណួរ​ដែល​មិន​មាន​ប្រសិទ្ធភាព ឬ​ហួសហេតុ

ព្យាយាម​កុំ​សួរ​សំណួរ​ដែល ៖

  • មាន​ចម្លើយ​មិន​ច្បាស់លាស់ ។

  • អាច​នឹង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ខ្មាសអៀន ប្រសិន​បើ​គាត់ ឬ​នាង​មិន​ដឹង​ចម្លើយ ។

  • បញ្ចូល​គំនិត​ច្រើន​ជាង​មួយ ។

  • ទាក់ទង​នឹង​គោលលទ្ធិ​ដែល​អ្នក​មិន​ទាន់​បាន​បង្រៀន ។

  • មិន​មាន​គោលបំណង​ច្បាស់លាស់ ។

  • ដែល​លើស ។

  • មាន​ការគាស់​កកាយ ឬ​អាច​ធ្វើ​ឲ្យ​អ្នករៀន​ខឹង និង​អាក់អន់​ចិត្ត ។

ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​នៃ​សំណួរ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព ៖

  • តើ​នរណា​ជា​ព្យាការី​ដំបូង ? ( បុគ្គល​នោះ​ប្រហែលជា​មិន​ដឹង​ពី​ចម្លើយ​ទេ ) ។

  • តើ​ការរក្សា​រូបកាយ​យើង​ឲ្យ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​មាន​ព្រះវិញ្ញាណ ហើយ​បង្ហាញ​ថា​យើង​មាន​ឆន្ទៈ​ធ្វើ​តាម​ព្យាការី​របស់​ព្រះ​ដោយ​របៀប​ណា ? ( មាន​គំនិត​ច្រើន​ជាង​មួយ ) ។

  • តើ​វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​អំពី​បទបញ្ញត្តិ​របស់​ព្រះ​ដែរ​ឬ​ទេ ? ( នេះ​គឺជា​សំណួរ​បាទ-ទេ ហើយ​ចម្លើយ​ច្បាស់ណាស់ ) ។

  • តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះ ? ( នេះ​ជា​សំណួរ​មិន​ច្បាស់លាស់​ដែល​កំពុង​ស្វែងរក​ចម្លើយ​ជាក់លាក់ ៖ អធិស្ឋាន ) ។

  • តើ​នរណា​ជា​ព្យាការី បន្ទាប់​ពី​ណូអេ ? ( បុគ្គល​នោះ​ប្រហែល​ជា​មិន​ដឹង​ពី​ចម្លើយ​ឡើយ ហើយ​សំណួរ​មិន​សំខាន់​សម្រាប់​សារលិខិត​របស់​អ្នក​ទេ ) ។

  • តើ​អ្នក​យល់​ពីអ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ដែរ​ឬ​ទេ ? ( បុគ្គល​នោះ​អាច​នឹង​មាន​អារម្មណ៍​ថា​អ្នក​កំពុង​មើលងាយ​គាត់ ឬ​នាង ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ពិចារណា​អំពី​តម្រូវការ​របស់​នរណា​ម្នាក់​ដែល​អ្នក​កំពុង​បង្រៀន ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​គាត់ ឬ​នាង​អាច​ឆ្លើយ​សំណួរ​របស់​អ្នក ។ សូម​រៀបចំ​សំណួរ​មួយចំនួន​ដើម្បី​សួរ​ដែល​ធ្វើ​តាម​គោលការណ៍ណែនាំ​នៅក្នុង​ផ្នែក​នេះ ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​សំណួរ​ទាំងនេះ​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​រៀន​ដំណឹងល្អ ។

ស្ដាប់

នៅពេល​អ្នក​ស្តាប់​អ្នក​ដទៃ​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​អ្នក​នឹង​យល់​ពី​ពួកគេ​កាន់តែ​ច្បាស់ ។ នៅពេល​ពួកគេ​ដឹងថា គំនិត និង​អារម្មណ៍​របស់​ពួកគេ​សំខាន់​ចំពោះ​អ្នក ពួកគេ​នឹង​កាន់តែ​ស្តាប់​ការបង្រៀន​របស់​អ្នក សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន និង​ធ្វើ​ការតាំងចិត្ត​ផ្សេងៗ ។

នៅពេល​ដែល​អ្នក​ស្ដាប់ អ្នក​នឹង​ទទួល​បាន​ការយល់ដឹង​ដើម្បី​ដឹង​ពី​របៀប​បត់បែន​ការបង្រៀន​របស់​អ្នក​ទៅ​តាម​តម្រូវការ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ អ្នក​នឹង​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​ពួកគេ ។

ជាពិសេស​សូម​ស្តាប់​តាម​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ ។ នៅពេល​អ្នកដទៃ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​បំផុសគំនិត​អ្នក​ឲ្យ​មាន​ការពិចារណា ឬ​គំនិត ។ ព្រះវិញ្ញាណ​ក៏​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ព្យាយាម​បង្ហាញ​ផងដែរ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​និយាយ​ជាមួយ​គ្រួសារ

ស្តាប់​ដោយ​ការយកចិត្ត​ទុកដាក់​ពិតប្រាកដ

ការស្តាប់​ត្រូវការ​ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្ត​ទុកដាក់​ពិតប្រាកដ ។ ខណៈពេល​ដែល​អ្នក​ផ្សេង​ទៀត​និយាយ ត្រូវ​ប្រាកដ​ថា​អ្នក​ផ្តោតលើ​អ្វី​ដែល​ពួកគេ​កំពុងនិយាយ ។ សូម​ចៀស​វាង​ពី​ទំនោរ​ក្នុងការ​ដាក់​ផែនការ​ពី​អ្វី​ដែល​អ្នក​នឹង​និយាយ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា ៖ « ការស្តាប់​គឺ​សំខាន់​ជាង​ការនិយាយ​ទៅទៀត ។ មនុស្ស​ទាំងនេះ​មិនមែន​ជា​វត្ថុ​ដែល​គ្មាន​ជីវិត​ដែល​គ្រាន់តែ​ចែកចាយ​ដំណឹងល្អ​ឲ្យ​តែ​បាន​ទទួល​ប៉ុណ្យជ្រមុជទឹក​ប៉ុណ្ណោះ​ទេ ។ … សូម​សួរ​មិត្តភក្តិ​ទាំងនេះ​អំពី​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ ពួកគេ ។ តើ​អ្វី​ដែល ពួកគេ ស្រឡាញ់​ចូលចិត្ត និង​អ្វីខ្លះ​ដែល ពួកគេ ឲ្យតម្លៃ ? បន្ទាប់​មក ចូរ​ស្ដាប់ ។ ប្រសិនបើ​បរិយាកាស​នេះ​ត្រឹមត្រូវ អ្នក​អាច​សួរ​ថាតើ​ពួកគេ​ភ័យខ្លាច​អ្វី អ្វី​ដែល​ពួកគេ​ចង់​បាន ឬ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​បាត់បង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា អ្វី ដែល​ពួកគេ​និយាយ ពួកគេ​នឹង តែងតែ បញ្ជាក់​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​អ្នក​អាច​ថ្លែង​ទីបន្ទាល់ និង​អំពី​អ្វី​ដែល​អ្នក​អាច​ផ្តល់​ជូន​បន្ថែម​ទៀត ។ … ប្រសិន​បើ​យើង​ស្តាប់​ដោយ​សេចក្តីស្រឡាញ់ នោះ​យើង​ពុំ​ត្រូវការ​គិត​អំពី​អ្វី​ដែល​ត្រូវ​និយាយ​ឡើយ ។ អ្វី​ដែល​ត្រូវ​និយាយ​នឹង​ប្រទាន​ដល់​យើង—ដោយ​ព្រះវិញ្ញាណ និង​ដោយ​មិត្តភក្តិ​របស់​យើង » ( « Witnesses unto Me » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១៥ ) ។

សូម​សង្កេត​មើល​សារ​ដែល​មិន​បាន​បញ្ចេញ​ជា​ពាក្យសម្តី

មនុស្ស​ក៏​ប្រាស្រ័យ​ទាក់ទង​តាមរយៈ​ភាសា​កាយវិការ​របស់​ពួកគេ​ផងដែរ ។ សូម​កត់សម្គាល់​ពី​របៀប​ដែល​ពួកគេ​អង្គុយ ទឹកមុខ​របស់​ពួកគេ អ្វី​ដែល​ពួកគេ​ធ្វើ​ជាមួយ​ដៃ​របស់​ពួកគេ សំឡេង​របស់​ពួកគេ និង​កន្លែង​ដែល​ពួកគេ​កំពុង​សម្លឹង​មើល ។ ការសង្កេតមើល​សារលិខិត​ដែល​មិន​បាន​បញ្ចេញ​ជា​ពាក្យសម្តី​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​អារម្មណ៍​របស់​អ្នក​ទាំងឡាយ​ដែល​អ្នក​បង្រៀន ។

ក៏​ត្រូវ​ដឹង​ពី​ភាសាកាយ​វិការ​របស់​អ្នក​ផងដែរ ។ ផ្ញើសារ​នៃ​ចំណាប់​អារម្មណ៍ និង​ភាពរីករាយ​ដោយ​ការស្តាប់​ដោយ​ស្មោះ ។

សូម​ទុក​ពេល​ឲ្យ​មនុស្ស​គិត និង​ឆ្លើយតប

ព្រះអង្គ​សង្គ្រោះ​តែងតែ​សួរ​សំណួរ​ដែល​ទាមទារ​ពេលវេលា​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ឆ្លើយតប ។ នៅពេល​អ្នក​សួរ​សំណួរ សូម​ផ្អាក​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​គិត និង​ឆ្លើយតប ។ សូម​កុំ​ខ្លាច​ចំពោះ​ការស្ងៀមស្ងាត់ ។ ជា​ញឹកញាប់ មនុស្ស​ជាច្រើន​ត្រូវការ​ពេលវេលា​ដើម្បី​គិត​អំពី​របៀប​ឆ្លើយ​សំណួរ ឬ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ដែល​ពួកគេ​មាន ។

អ្នក​អាច​ផ្អាក​បន្ទាប់​ពី​សួរ​សំណួរ បន្ទាប់ពី​ការចែកចាយ​បទពិសោធន៍​ខាងវិញ្ញាណ ឬ​នៅពេល​ដែល​អ្នករៀន​ពិបាក​បញ្ចេញមតិ​របស់​ពួកគេ ។ សូម​ប្រាកដ​ថា អ្នក​ផ្តល់​ពេលវេលា​ដល់​ពួកគេ ដើម្បីគិត​ឲ្យបាន​សព្វគ្រប់ មុនពេល​អ្នក​ឆ្លើយតប ។ សូម​កុំ​រំខាន​ខណៈពេល​ពួកគេ​កំពុង​និយាយ ។

ឆ្លើយតប​ដោយ​ការយល់​ចិត្ត

នៅពេល​មនុស្ស​ម្នាក់​ឆ្លើយ​សំណួរ សូម​ចាប់ផ្តើម​ការឆ្លើយតប​របស់អ្នក​ដោយ​បង្ហាញ​ការយល់​ចិត្ត​ប្រសិនបើ​សមរម្យ ។ ការយល់​ចិត្ត​បង្ហាញ​ថា​អ្នក​ព្រួយបារម្ភ​ពិតប្រាកដ ។ សូម​ចៀសវាង​ពី​ការលោត​ទៅរក​ការសន្និដ្ឋាន ផ្តល់​ដំណោះ​ស្រាយ​ភ្លាមៗ ឬ​ហាក់​ដូចជា​មាន​ចម្លើយ​ទាំងអស់ ។

សូម​បញ្ជាក់​ថា​អ្នក​យល់​ពី​អ្វី​ដែល​មនុស្ស​និយាយ

នៅពេល​ស្វែងយល់​ពី​អ្វី​ដែល​មនុស្ស​កំពុង​និយាយ សូម​សួរ​តបវិញ​ដើម្បី​បញ្ជាក់​ថា​អ្នក​យល់ ។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា « អ៊ីចឹង អ្វី​ដែល​អ្នក​កំពុង​និយាយ​គឺ  ។ តើ​វា​ត្រឹមត្រូវ​ទេ ? » ឬ « បើ​ខ្ញុំ​យល់​មិន​ខុស​នោះ​គឺ​អ្នក​មាន​អារម្មណ៍​ថា  » ។ នៅពេល​ដែល​អ្នក​មិន​ប្រាកដ​ថា​អ្នក​យល់​ទេ សូម​សួរ​បុគ្គល​នោះ​បញ្ជាក់ ។

ស្វែងយល់​ពីបញ្ហា​ប្រឈម​ក្នុងការ​ប្រាស្រ័យ​ទាក់ទងគ្នា

អ្នក​នឹង​ជួយ​មនុស្ស​បាន​ច្រើន​បំផុត​តាមរយៈ​ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួកគេ ។ មនុស្ស​ខ្លះ​ប្រហែលជា​ចង់​និយាយ​ច្រើន​ជាង​គេ ។ ពេលខ្លះ​មនុស្ស​គ្រាន់តែ​ត្រូវការ​នរណា​ម្នាក់​ដើម្បី​ស្តាប់​ដោយ​ចិត្ត​អាណិតអាសូរ​ចំពោះ​បញ្ហា និង​អារម្មណ៍​របស់​ពួកគេ​ប៉ុណ្ណោះ ។ មនុស្ស​ផ្សេង​ទៀត​អាច​ព្យាយាម​គ្រប់គ្រង​គេ ឬ​ជជែក​តវ៉ា ។

សូម​រៀន​គ្រប់គ្រង​ស្ថាន​ការណ៍​បែប​នេះ​ដោយ​ការប៉ិនប្រសព្វ និង​ដោយ​ក្តីស្រឡាញ់ ។ អ្នក​ប្រហែលជា​អាច​សម្រប​ការបង្រៀន​របស់អ្នក ភ្ជាប់​ទៅនឹង​ពាក្យ​សម្តី​ដែល​មនុស្ស​ម្នាក់​បាន​ចែកចាយ ។ ឬ​អ្នក​ប្រហែលជា​ត្រូវ​និយាយ​ដោយ​គួរសម​ថា អ្នក​ចង់​ពិភាក្សា​អំពី​កង្វល់​របស់​ពួកគេ​នៅពេល​ផ្សេង​ទៀត ។ ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ឆ្លើយតប​ក្នុង​ស្ថានភាព​លំបាក​នានា ។

ជួយ​អ្នករៀន​ឲ្យ​មាន​អារម្មណ៍ស្រណុកចិត្ត ​ក្នុង​ការចែកចាយ​អារម្មណ៍​ពិត

ដើម្បី​ចៀសវាង​ការខ្មាសអៀន មនុស្ស​មួយចំនួន​នឹង​ឆ្លើយ​សំណួរ​តាម​របៀប​ដែល​ពួកគេ​គិត​ថា អ្នក​ចង់​ឲ្យ​ពួកគេ​ឆ្លើយ ជា​ជាង​ចែកចាយ​អារម្មណ៍​ពិត​របស់​ពួកគេ ។ សូម​ស្វែងរក​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ស្រណុកចិត្ត ​ក្នុង​ការចែកចាយ​ពី​អារម្មណ៍​ពិត​របស់​ពួកគេ​ជាមួយ​អ្នក ។

ការយល់ និង​ការភ្ជាប់​ជាមួយ​អ្នករៀន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជួយ​ពួកគេ បំពេញតាមចំណាប់អារម្មណ៍ និង​តម្រូវការ​របស់​ពួកគេ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ។ បង្កើត​ទំនាក់ទំនង​នៃ​ការទុកចិត្ត​ដោយ​មាន​ភាពស្មោះត្រង់​ជាមួយ​ពួកគេ រក្សា​ទំនាក់ទំនង​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​សមរម្យ និង​បង្ហាញ​ការគោរព ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ពិចារណា​ថាតើ​អ្នក​កំពុង​ស្តាប់​អ្នក​ដទៃ​បាន​ល្អ​ប៉ុណ្ណា ។ សូម​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ចំពោះ​សំណួរ​ខាងក្រោម ។ ឬ​ពិភាក្សាអំពី​ពួកគេ​ជាមួយ​ដៃគូ​របស់​អ្នក ។

ក = មិន​ពិត​ចំពោះ​ខ្ញុំ ខ = ពេលខ្លះ​ពិត​ចំពោះ​ខ្ញុំ គ = ជា​ធម្មតា​ពិត​ចំពោះ​ខ្ញុំ ឃ = ពិត​ជានិច្ច​ចំពោះ​ខ្ញុំ

  • នៅពេល​អ្នក​ដទៃ​និយាយ​ជា​មួយខ្ញុំ ខ្ញុំ​បាន​គិត​ពី​បទពិសោធន៍​ស្រដៀង​គ្នា​ដែល​ខ្ញុំ​អាច​ចែកចាយ ជំនួស​ឲ្យ​ការស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ ។

  • នៅពេល​អ្នក​ដទៃ​ប្រាប់​ខ្ញុំ​អំពី​អារម្មណ៍​របស់​ពួកគេ ខ្ញុំ​ព្យាយាម​ដាក់​ខ្លួន​ខ្ញុំ​នៅ​កន្លែង​របស់​ពួកគេ ដើម្បី​យល់​ថា​តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាងណា ។

  • ពេល​ខ្ញុំ​បង្រៀន​មនុស្ស ខ្ញុំ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ ឬ​បង្រៀន​បន្ទាប់ ។

  • ខ្ញុំ​ស្មុគស្មាញ នៅពេល​អ្នករៀននិយាយ​ច្រើន​ពេក ។

  • ខ្ញុំ​ស្មុគស្មាញ​ដើម្បី​ធ្វើតាម ឬ​យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ព្យាយាម​ប្រាប់​ខ្ញុំ ។

  • ជាញឹកញាប់​ខ្ញុំ​បាត់បង់​ការផ្ដោត​អារម្មណ៍ នៅពេល​ដែល​ដៃគូ​ខ្ញុំ​កំពុង​បង្រៀន ។

  • ខ្ញុំ​ខឹង​ប្រសិនបើ​នរណា​ម្នាក់​និយាយ​ជាមួយ​ខ្ញុំ ហើយ​អ្នក​ផ្សេង​ទៀត​កាត់ ឬ​រំខាន​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ ។

  • ខ្ញុំ​ទទួល​បាន​ការបំផុសគំនិត​ខាងវិញ្ញាណ​ឲ្យ​និយាយ ឬ​ធ្វើ​អ្វីមួយ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់ខ្វាយ​នឹង​ការបំផុសគំនិត​នោះ​ទេ ។

ជួយ​មនុស្ស​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ និង​កង្វល់​របស់​ពួកគេ

សូម​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​​សំណួរ​របស់​អ្នករៀន និង​ជួយ​​ដោះស្រាយ​កង្វល់​របស់​ពួកគេ ។ ទោះជាយ៉ាង​ណា​ក៏ដោយ វា​មិនមែន​ជា​ការទទួល​ខុសត្រូវ​របស់អ្នក​ក្នុងការឆ្លើយ​គ្រប់​សំណួរ​នោះទេ ។ នៅទីបំផុត មនុស្ស​ត្រូវតែ​ដោះស្រាយ​សំណួរ និង​កង្វល់​របស់​ពួកគេ​សម្រាប់​ខ្លួន​ពួកគេ ។

ត្រូវ​ដឹង​ថា​មិនមែន​គ្រប់​សំណួរ និង​កង្វល់​ទាំងអស់​អាច​ឆ្លើយ​បាន​ទាំងស្រុង​នោះទេ ។ ចម្លើយ​ខ្លះ​កាន់តែច្បាស់​តាម​ពេលវេលា ។ សំណួរ​ផ្សេង​ទៀត​មិន​ទាន់​បាន​បើកបង្ហាញ​នៅ​ឡើយ​ទេ ។ សូម​ផ្ដោតលើ​ការស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សេចក្ដីពិត​ជា​មូលដ្ឋាន និង​ចាំបាច់​នៃ​ដំណឹងល្អ ។ គ្រឹះ​នេះ​នឹង​ជួយ​អ្នក និង​អស់​អ្នក​ដែល​អ្នក​បង្រៀន​ឲ្យ​ឆ្ពោះ​ទៅមុខ​ដោយ​ភាពអត់ធ្មត់ និងជំនឿ នៅពេល​ដែល​មាន​សំណួរ​ដែល​មិន​មាន​ចម្លើយ ឬ​ពិបាក ។

គោលការណ៍​មួយចំនួន​សម្រាប់​ការឆ្លើយ​សំណួរ​គឺបាន​ព្រៀង​នៅក្នុង​ផ្នែក​នេះ ។

ព្រះគ្រីស្ទ និង​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​អណ្ដូង​ទឹក

យល់ពី​កង្វល់

អ្វី​មួយ​ចំនួន​ដែល​អ្នក​បង្រៀន​ដល់​អ្នករៀន​អាច​ហាក់​ដូចជា​ពិបាក ឬ​ពួកគេ​មិន​សូវ​ដឹង ។ ប្រសិនបើ​អ្នករៀនមាន​ចម្ងល់​ឬ​កង្វល់ សូម​ស្វែង​យល់​ពី​ចម្ងល់ និង​កង្វល់​ទាំងនោះ​ឲ្យ​ច្បាស់លាស់​សិន ។ ពេល​ខ្លះ កង្វល់​របស់​មនុស្ស​មួយ​ចំនួន ដូច​ជា​ផ្ទាំង​ទឹកកក ។ មាន​តែ​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ ដែល​ស្ដែង​ឲ្យ​ឃើញ​នៅ​ផ្ទៃ​ខាងលើ ។ កង្វល់​ទាំងនេះ​អាច​ស្មុគស្មាញ ។ សូម​អធិស្ឋាន​ទូល​សូម​អំណោយទាន​នៃ​ការយល់ដឹង ហើយ​ធ្វើតាម​ព្រះវិញ្ញាណ​អំពីអ្វី​​ដែល​អ្នក​ឆ្លើយតប ។ ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​ដួងចិត្ត និង​បទពិសោធន៍​ទំាងឡាយ​របស់​មនុស្ស​ទំាងអស់ ( ផ្ទាំងទឹកកក​ទាំងមូល ) ។ ទ្រង់​នឹង​ជួយ​អ្នក​ដឹង​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ ។

ជាញឹកញយ កង្វល់​ទាក់ទង​នឹង​រឿង​សង្គម​ច្រើនជាង​ទាក់ទង​នឹង​គោលលទ្ធិ ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​អាច​ខ្លាច​ការប្រឆាំង​ពី​សមាជិក​គ្រួសារ ប្រសិនបើ​ពួកគេ​ចូលរួម​សាសនាចក្រ ។ ឬ​ពួកគេ​អាច​ខ្លាច​មិត្តភក្តិ​នៅ​កន្លែង​ធ្វើការ​មិន​រាប់រក​ពួកគេ ។

សូម​ស្វែង​យល់​ពី​ប្រភព​នៃ​កង្វល់​នេះ ដោយ​ការសួរ​សំណួរ និង​ស្តាប់ ។ តើ​កង្វល់ដែល​កើត​ឡើងគឺ​ដោយសារ​បុគ្គល​នោះ​មិន​មាន​ការ​បញ្ជាក់​ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត​នៃ​ការស្ដារ​ឡើងវិញ​ឬ ? តើ​វា​កើត​ឡើង​ដោយសារ​បុគ្គល​នោះ​មិន​ចង់តាំងចិត្ត​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​ឬ ? ការដឹង​ពី​ឫសគល់​នៃ​កង្វល់​របស់​ពួកគេ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​តើ​ត្រូវ​ផ្តោតលើ​ទីបន្ទាល់ ឬក៏​ការតាំងចិត្ត ។

សូម​ប្រើ​បទគម្ពីរ ជា​ពិសេស​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​ឆ្លើយ​សំណួរ

សូម​បង្ហាញ​អ្នករៀន​អំពី​របៀប​ដែល​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​អាច​ជួយ​ឆ្លើយ​សំណួរ​របស់​ពួកគេ និង​ដោះស្រាយ​កង្វល់​របស់​ពួកគេ ។ ( សូមមើល « ព្រះគម្ពីរ​មរមន​ថ្លែង​ពី​សំណួរ​ខាងព្រលឹង » នៅក្នុង​ជំពូក​ទី ៥ ) ។ នៅពេល​មនុស្ស​ស្វែងរក​ការបំផុសគំនិត​ដោយ​ការសិក្សា និង​ការអនុវត្ត​តាម​ព្រះគម្ពីរ នោះ​ពួកគេ​នឹង​បង្កើន​សមត្ថភាព​របស់ពួកគេ​ដើម្បី​ស្តាប់ និង​ធ្វើតាម​ព្រះអម្ចាស់ ។ សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់​នឹង​កើនឡើង ។ នៅពេល​សេចក្តីជំនឿ​កាន់តែ​កើនឡើង​នោះ​ទីបន្ទាល់ ការប្រែចិត្ត និង​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ក៏​មក​ដល់​ដែរ ។

ប្រធាន ហិនរី ប៊ី អាវរិង

« ពេល​ខ្លះ ខ្ញុំ​បើក​ទៅ​ព្រះគម្ពីរ​ដើម្បី​រៀន​ពី​គោលលទ្ធិ ។ ពេល​ខ្លះ​ខ្ញុំ​បើក​ទៅ​ព្រះ​គម្ពីរ​ដើម្បី​ទទួល​បាន​ការណែនាំ ។ ខ្ញុំ​ទៅរក​ព្រះ​គម្ពីរ​ដោយ​មាន​សំណួរ ហើយ​ជា​ធម្មតា​សំណួរ​នោះ​គឺ ‹ តើ​ព្រះ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ? › ឬ ‹ តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា ? › ខ្ញុំ​រកឃើញ​គំនិត​ថ្មីៗ គំនិត​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ពីមុន​មក ហើយ​ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត និង​ការណែនាំ និង​ចម្លើយ​ចំពោះ​សំណួរ​របស់ខ្ញុំ » ( ហិនរី ប៊ី អាវរិង នៅក្នុង « A Discussion on Scripture Study » Ensign ខែ កក្កដា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា ការយល់​ដឹង​ជាច្រើន​របស់​យើង​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ កើត​ចេញពី​អ្វីដែល​ត្រូវបាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ដែល​បាន​ស្នង​តំណែង​ពី​លោក ។ សំណួរ​អំពី​ភាពពិត​នៃ​ដំណឹងល្អ​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ទទួល​បាន​ទីបន្ទាល់​ថា យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​របស់​ព្រះ ។ ការអាន និង​ការអធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន គឺជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ទទួលបាន​ទីបន្ទាល់​នេះ ។

សូម​ជួយ​មនុស្ស​ឲ្យ​ផ្ដោតលើ​ការពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការអាន និង​ការអធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន គឺជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ ។

អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

នៅពេល​មនុស្ស​អភិវឌ្ឍ និង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នោះ​ពួកគេ​នឹង​អាច​ដោះស្រាយ​សំណួរ និង​កង្វល់​របស់ពួកគេ​ពី​គ្រឹះ​នៃ​សេចក្ដី​ជំនឿ ។ នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​លើ​សេចក្ដីពិត​ដែល​ពួកគេ​ជឿ នោះ​ពួកគេ​នឹង​អាច​ទទួលបាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ផ្សេងទៀត ។

របៀប​មួយ​ចំនួន​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​រួម​មាន ៖

  • ការអធិស្ឋាន​ជា​ញឹកញាប់ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ទទួល​ការបំផុសគំនិត និង​ការណែនាំ ។

  • ការសិក្សា​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរ​មរមន ។

  • ការចូលរួម​ក្នុង​ព្រះវិហារ ។

ការសិក្សា​ជាមួយ​ដៃគូ

សូម​ជ្រើសរើស​ការអញ្ជើញ​មួយ​ដើម្បី​ផ្ដល់​ឲ្យ នៅពេល​អ្នក​បង្រៀន​មេរៀន​មួយ ។ បន្ទាប់មក​ស្វែងយល់​ពី​កង្វល់​ផ្សេងៗ​ដែល​អាច​បង្អាក់​នរណា​ម្នាក់​ពី​ការទទួល​យក ឬ​រក្សា​ការតាំងចិត្ត​នោះ ។ សូម​ពិភាក្សា និង​អនុវត្ត​ពី​របៀប​ដែល​អ្នក​អាច​ជួយអ្នករៀន​បាន​ប្រសើរបំផុត នៅពេល​ពួកគេ​ធ្វើការ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​ពួកគេ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​ចង់​សំដៅ​ទៅ​លើ យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វល់​ខាងក្រោម ៖

  • « ខ្ញុំ​មិន​ជឿ​ថា ព្រះ​មាន​បន្ទូល​ទៅកាន់​មនុស្ស​ទៀត​ទេ » ។

  • « ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​ថ្វាយបង្គំ​ព្រះ​តាម​របៀប​របស់​ខ្ញុំ ជាជាង​តាមរយៈ​សាសនា​ដែល​បាន​រៀបចំ​ឡើង » ។

  • « ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​បោះបង់​ការផឹកស្រា​ជាមួយ​នឹង​អាហារ​របស់​ខ្ញុំ ប្រសិន​បើ​ខ្ញុំ​ចូល​រួម​នៅ​ព្រះវិហារ​របស់​អ្នក ?

  • « ហេតុអ្វី​ខ្ញុំ​ត្រូវការ​សាសនា ? »

សូម​ទុក​អ្វី​ដែល​ត្រូវ​សិក្សា​មួយ​អន្លើ ហើយ​​អធិស្ឋាន​អំពី​រឿងនោះ

នៅ​ចុង​បញ្ចប់​នៃ​ការចុះ​បង្រៀន​សួរសុខទុក្ខ​នីមួយៗ សូម​ផ្តល់​អ្វីមួយ​ដល់​មនុស្ស​ដើម្បី​សិក្សា សញ្ជឹងគិត និង​អធិស្ឋាន​អំពី​ការរៀបចំ​សម្រាប់​ការ​ជួប​បន្ទាប់ ។ ការអាន ការអធិស្ឋាន និង​ការជញ្ជឹងគិត​រវាង​ការបង្រៀន​សួរ​សុខទុក្ខ​យាងអញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​ពួកគេ ។

អ្នក​អាច​អញ្ជើញ​អ្នករៀន​ឲ្យ​អាន​ជំពូក​ជាក់លាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ឬ​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ​ធនធាន​របស់​សាសនាចក្រ ដូចជា បណ្ណាល័យ​ដំណឹង​ល្អ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ សិក្សា​អំពី​ប្រធានបទ ឬ​មើល​វីដេអូ ។ ការណ៍នេះ​អាច​ក្លាយ​ជា​ប្រធាន​បទ​បើក​នៃ​ការពិភាក្សា​នៅ​ពេល​អ្នក​ជួប​លើក​ក្រោយ ។

បុគ្គល​ម្នាក់​កំពុងសិក្សា​ព្រះគម្ពីរ

សូម​ចៀសវាង​ការ​សូម​ឲ្យ​មនុស្ស​ធ្វើ​ច្រើន​ពេក ជា​ពិសេស ប្រសិនបើ​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយពួក​គេខ្លីៗ​ញឹកញាប់ ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​ពិចារណា​លើ​មនុស្ស​ម្នាក់ៗ​ដែល​អ្នក​បាន​ដាក់​កាលវិភាគ​បង្រៀន​នៅ​សប្តាហ៍​នេះ ។ តើ​ជំពូក​អ្វីខ្លះ​នៅក្នុង​ព្រះគម្ពីរ​មរមន​នឹង​មាន​ប្រយោជន៍​បំផុត​សម្រាប់​ពួកគេ ? តើ​ធនធាន​អ្វី​ផ្សេង​ទៀត​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ ? សូម​កត់ត្រា​អ្វី​ដែល​អ្នក​មាន​បំណង​ផ្តល់​ឲ្យ​សម្រាប់​មនុស្ស​ម្នាក់ៗ ។ សូម​កត់ត្រា​ផងដែរ​នូវ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​តាមដាន​ក្នុង​អំឡុងពេល​អ្នក​ជួប​លើក​ក្រោយ ។

ការជួយ​មនុស្ស​ដែល​ញៀន

អ្នក​អាច​ជួយ​មនុស្ស​ដែល​កំពុង​ពុះពារ​ដើម្បី​យក​ឈ្នះ​លើ​ការញៀន​ដោយ​ការពិភាក្សា​ពេញ​ដោយ​ក្ដីស្រឡាញ់​អំពី​ការពុះពារ​របស់​ពួកគេ គាំទ្រ​ពួកគេ និង​ភ្ជាប់​ពួកគេ​ជាមួយនឹង​ធនធាន​ទាំងឡាយ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ក្រុម​ជំនួយ​ដែលគាំទ្រ​ដល់​ការព្យាបាល​ឲ្យ​ជា​សះស្បើយ​ពី​ការញៀន​មួយ​របស់​សាសនាចក្រ ។ ក្រុម​ទាំងនេះ​អាច​ជួប​ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ ។ ( សូមមើល AddictionRecovery.ChurchofJesusChrist.org ) ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ដើម្បី​ប្រើប្រាស់​ធនធាន​នៅក្នុង​ផ្នែក « Addiction » នៃ​ជំនួយជីវិត​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ថ្នាក់​ដឹកនាំ និង​សមាជិក​សាសនាចក្រ​ប្រចាំ​តំបន់ ក៏​អាច​ផ្ដល់​ជំនួយគាំទ្រ​ផងដែរ ។ មនុស្ស​មួយ​ចំនួន​ដែល​មាន​ការញៀន​អាច​ត្រូវការ​ការព្យាបាល​វេជ្ជសាស្រ្ត និង​ការព្យាបាល​សុខភាព​ផ្លូវចិត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ។

នេះ​គឺជា​ការផ្ដល់​យោបល់​មួយ​ចំនួន​សម្រាប់​របៀប​ដែល​អ្នក​អាច​ជួយគាំទ្រ​មនុស្ស​ដែល​មាន​ការពុះពារ​ដើម្បី​ជម្នះ​លើ​ការញៀន ៖

  • ពង្រឹង​ការខិតខំ​របស់​ពួកគេ​ដើម្បី​មក​រក​ព្រះគ្រីស្ទ ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ការខិតខំ​របស់​ពួកគេ​ដើម្បី​សង្គ្រោះ និង​ព្យាបាល​ត្រូវបាន​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​ដោយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បង្រៀន​ពួកគេ​ថា ពួកគេ​អាច​ត្រូវបាន​ពង្រឹង​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។ ទ្រង់​ទទួល​ស្គាល់​យ៉ាង​ពេញ​ទំហឹង​នូវ​ចេតនា​នៃ​ដួងចិត្ត​របស់​ពួកគេ​ក្នុងការ​ធ្វើ​អំពើ​ល្អ ។

  • សូម​អធិស្ឋាន​សម្រាប់​ពួកគេ​នៅក្នុង​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក ហើយ​អធិស្ឋាន​ជាមួយ​ពួកគេ ។ តាម​ដែល​សមរម្យ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ការប្រសិទ្ធពរ​បព្វជិតភាព​ពី​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ក្នុងតំបន់ ។

  • សូម​បន្ត​បង្រៀន​ពួកគេ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បង្រៀន​ពួកគេ​ថា ព្រះ​វរបិតា​សួគ៌ ព្រះ​អង្គសង្រ្គោះ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ស្រឡាញ់​ពួកគេ ហើយ​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ ។

  • សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ព្រះវិហារ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​សមាជិក​ជា​ប្រចាំ ។

  • ត្រូវ​មាន​ភាពវិជ្ជមាន និង​ផ្ដល់​ការគាំទ្រ ជា​ពិសេស​ប្រសិនបើ​ពួកគេ​ត្រឡប់​ទៅ​ប្រព្រឹត្ត​ម្តងទៀត ។

ព្រះ​យេស៊ូវ​គ្រីស្ទ​ឈោង​ព្រះហស្ដ​ទៅ​កាន់​ស្រ្តី​ម្នាក់

ការញៀន​គឺ​ពិបាក​យកឈ្នះ ហើយ​ការត្រឡប់​ទៅ​ប្រព្រឹត្ត​ម្តងទៀត​អាច​កើតឡើង​បាន ។ ថ្នាក់ដឹកនាំ និង​សមាជិក​សាសនាចក្រ​មិន​គួរ​ភ្ញាក់ផ្អើល​ពី ការណ៍​នេះ​ទេ ។ ពួកគេ​គួរតែ​បង្ហាញ​សេចក្ដី​ស្រឡាញ់ មិនមែន​ការវិនិច្ឆ័យ​នោះ​ទេ ។

សមាជិក​ថ្មី​ដែល​ឈប់​ទៅ​ព្រះវិហារ​ប្រហែលជា​អាច​ត្រឡប់​ទៅរក​ការញៀន​ដូចពីមុន ហើយ​ប្រហែលជា​មាន​អារម្មណ៍​មិន​មាន​ភាពស័ក្តិសម និង​បាក់ទឹកចិត្ត ។ ការ​ទៅ​សួរសុខទុក្ខ​ភ្លាមៗ ផ្តល់​ការលើក​ទឹកចិត្ត និង​ការគាំទ្រ​អាច​ជួយ​បាន ។ សមាជិក​គួរ​បង្ហាញ​ទាំង​ពាក្យសម្ដី និង​ទង្វើ​ថា សាសនាចក្រ​ជា​កន្លែង​ដែល​អាច​រកឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី៣ ១៨:៣២ ) ។

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អ្នក​កំពុង​បង្រៀន ឬ​សមាជិកថ្មី ឬ​សមាជិក​ដែល​ត្រឡប់​មក​វិញ ដែល​កំពុង​ព្យាយាម​យក​ឈ្នះ​ការញៀន ។ សូម​ពិនិត្យមើល « សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ » និង « ការប្រែចិត្ត » មកពី​មេរៀន « ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង​ជំពូក​ទី ៣ ។

  • តើ​អ្នក​អាច​បង្រៀន​បុគ្គល​រូប​នេះ​អ្វីខ្លះ​ពី​មេរៀន​នោះ និង​ពី​ជំពូក​នេះ ដែល​អាច​ជួយ​គាត់ ឬ​នាង​បាន ?

  • សូម​បង្កើត​ផែនការ​មេរៀន​មួយ​ដើម្បី​ជួយ​បុគ្គល​នេះ ។

ការបង្រៀន​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ជា​ពួក​គ្រីស្ទាន

មនុស្ស​មួយ​ចំនួន​ដែល​អ្នក​បង្រៀន ប្រហែលជា​មិនមាន​ប្រវត្តិជា​គ្រីស្ទាន ឬ​ប្រហែលជា​មិន​ជឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ទាំងនេះ​ជាច្រើន​មាន​ជំនឿ ការអនុវត្ត និង​ទីកន្លែង​ដែល​ពួកគេ​គោរពបូជា ។ វា​ជា​ការចាំបាច់​ដែល​អ្នក​បង្ហាញ​ការគោរព​ចំពោះ​ជំនឿ​សាសនា និង​ប្រពៃណី​របស់​ពួកគេ ។

ជួយ​ពួកគេ​ឲ្យ​យល់​ថា​ព្រះ​ជា​នរណា

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​អ្នក​គួរ​កែ​សម្រួល​ការ​បង្រៀន​របស់​អ្នក​ដោយ​របៀប​ណា​សម្រាប់​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ជា​គ្រីស្ទាន ។ គោលការណ៍​ដែល​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​គឺ​ដូចគ្នា​នៅ​គ្រប់​វប្បធម៌​ទាំងអស់ ។ សូម​ជួយ​មនុស្ស​ឲ្យ​ទទួល​បាន​ការយល់ដឹង​ត្រឹមត្រូវ​អំពី​ព្រះ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ​ដើម្បី​រៀន​ពី​សេចក្ដីពិត​ទាំងនេះ​គឺ​តាមរយៈ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន ។ របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ទាំងនេះ​គឺ​ត្រូវ​បាន​រៀបរាប់​ដូច​ខាងក្រោម ៖

  • សូម​បង្រៀន​ថា ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ទ្រង់​ស្រឡាញ់​យើង ។ យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​សាក្សី​នោះ​សម្រាប់​ខ្លួន​ពួកគេ ។

  • សូម​បង្រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ ។

  • សូម​បង្រៀន​ថា ព្រះ​ជា​ព្រះវរបិតា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​បានយាង​មក​ជួប​​យ៉ូសែប ស្ម៊ីធ ។

  • សូម​ថ្លែង​ទីបន្ទាល់​ដោយ​ស្មោះសរ​អំពី​ដំណឹងល្អ រួមទាំង​របៀប​ដែល​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​ផ្ដល់​ការអធិស្ឋាន​ដោយ​សាមញ្ញ ចេញពី​ចិត្ត—ជាមួយ​អ្នក និង​ដោយ​ខ្លួន​របស់​ពួកគេ​ផ្ទាល់ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ប្រចាំថ្ងៃ—ជាមួយ​អ្នក និង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​ព្រះវិហារ ។

  • សូម​ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​សមាជិក​សាសនាចក្រ ដែល​អាច​ពន្យល់​ពី​របៀប​ដែល​ពួកគេ​បាន​មក​ជឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។

មនុស្ស​ភាគច្រើន​ចង់​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ជាមួយ​ព្រះ ហើយ​ស្វែងរក​គោលបំណង និង​អត្ថន័យ​ក្នុង​ជីវិត ។ សូម​ជួយ​ពួកគេ​មើល​ឃើញពី​របៀប​ដែល​ពួកគេ​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​របៀប​ដែល​ទ្រង់​មាន​ផែនការ​សម្រាប់​ពួកគេ ។ ឧទាហរណ៍ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការនិយាយ​អ្វី​មួយ​ដូច​តទៅ​នេះ ៖

ព្រះ​ជា​ព្រះវរបិតា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ។ យើង​គឺជា​បុត្រាបុត្រី​របស់​ទ្រង់ ។ យើង​បាន​រស់នៅ​ជាមួយ​ព្រះ មុនពេល​យើង​កើត​មក ។ ដោយសារ​យើង​ទាំងអស់​គ្នា​ជា​បុត្រាបុត្រី​របស់​ទ្រង់ យើង​ទាំង​អស់​គ្នា​គឺ​ជា​បងប្អូននឹង​គ្នា ។ ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់ទៅ​កាន់​ទ្រង់​វិញ ។ ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ទ្រង់​បានប្រទាន​ផ្លូវ​សម្រាប់​យើង​ដើម្បី​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​តាមរយៈ​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បត់បែន​ការបង្រៀន​របស់​អ្នក​តាម​តម្រូវការ

ពួក​អ្នក​ប្រែចិត្ត​ជឿ​ជា​ច្រើន​នាក់​មាន​ប្រវត្តិ​ចេញពី​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទាន​និយាយ​ថា ពួកគេ​មិន​បាន​យល់​ច្រើន​អំពី​អ្វី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ទេ ។ ទោះ​ជា​យ៉ាង​ណា ពួកគេ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ចង់​ធ្វើ​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ស្នើសុំ ។ សូម​ធ្វើ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នៃ​ដំណឹងល្អ ។ សូម​អត់ធ្មត់ និង​ផ្ដល់​ការគាំទ្រ ។ វា​អាច​ត្រូវការ​ពេលវេលា​សម្រាប់​មនុស្ស​ដើម្បី​រៀន​ស្វែងយល់ និង​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ។ អ្នក​ប្រហែលជា​ត្រូវកែ​តម្រូវ​ល្បឿន និង​ជម្រៅ​នៃ​ការបង្រៀន​របស់អ្នក ដើម្បី​ជួយ​ពួកគេ ។

ការណែនាំ​ខាងក្រោម​អាច​ជួយ​នៅពេល​អ្នក​រៀបចំ​បង្រៀន​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ជា​គ្រីស្ទាន ៖

  • ស្វែងយល់​ពី​តម្រូវការ ឬ​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​ដែលជំរុញ​ឲ្យ​ពួកគេ​ជួប​ជាមួយ​អ្នក ។

  • ផ្តល់​នូវ​ទិដ្ឋភាពទូទៅ និង​ការពិនិត្យ​ឡើងវិញ​ដ៏​សាមញ្ញ​សម្រាប់​មេរៀន​នីមួយៗ ។

  • សូម​ឲ្យ​ពួកគេ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ពួកគេ​យល់ និង​អ្វី​ដែល​ពួកគេ​បាន​ដកពិសោធន៍ ។

  • ឲ្យ​និយមន័យ​ពាក្យ និង​គោលការណ៍​សំខាន់ៗ ។ មនុស្ស​ប្រហែល​ជា​មិន​ស្គាល់​ពាក្យ​ជាច្រើន​ដែល​អ្នក​ប្រើ​នៅពេល​អ្នក​បង្រៀន​ទេ ។

  • សូម​ត្រឡប់​ទៅ​មេរៀន​ដែល​បាន​បង្រៀន​ពី​មុន​វិញ ដើម្បី​បង្រៀន​គោលលទ្ធិ​កាន់តែ​ច្បាស់ ។ ការណ៍​នេះ​អាច​ចាំបាច់​នៅ​ពេល​ណាមួយ​នៅ​អំឡុងពេល​ដំណើរការ​បង្រៀន ។

  • កំណត់​ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដំណឹងល្អ ។

បញ្ជីរាយនាម​ខាងក្រោម​គឺជា​ធនធាន​មួយចំនួន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​អ្នក​ដែល​មិនមាន​ប្រវត្តិ​ជា​គ្រីស្ទាន ៖

  • « តើ​ព្រះ​ជា​នរណា ? »

  • « តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​នរណា ? »

  • « ព្រះ​យេស៊ូវគ្រីស្ទ​ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ »

  • « អ្វី​ដែល​ត្រូវ​រំពឹង​ចង់បាន​នៅ​ពេល​ទៅ​ជួប​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ »

  • « ពួក​អ៊ីស្លាម និង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៖ ជំនឿ គុណតម្លៃ និង​របៀប​រស់នៅ »

ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ដៃគូ

បើអាច​ធ្វើ​ទៅ​បាន សូម​ស្វែងរក​អ្នកប្រែចិត្តជឿ ដែល​មិន​មាន​ប្រវត្តិ​ជា​គ្រីស្ទាន មុន​នឹង​ជួប​ជាមួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា ។ រៀបចំ​ជួប និង​សួរ​អំពី​បទពិសោធន៍​នៃ​ការប្រែចិត្តជឿ​របស់គាត់ ឬ​នាង ។ ឧទាហរណ៍ អ្នក​អាច​សួរ​បុគ្គល​នោះ​អំពី ៖

  • អ្វី​ដែល​បាន​ដឹកនាំ​គាត់ ឬ​នាង​ឲ្យ​ជឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​បទពិសោធន៍​នៃ​ការអធិស្ឋាន​ជា​លើក​ដំបូង​មាន​លក្ខណៈ​បែប​ណា ។

  • តើ​វា​មាន​លក្ខណៈ​យ៉ាង​ណា​ជា​លើក​ដំបូង​សម្រាប់​គាត់ ឬ​នាង​ពេល​មាន​អារម្មណ៍​ថា​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន ។

  • តួនាទី​នៃ​ព្រះគម្ពីរ​ក្នុង​ការ​ប្រែចិត្ត​ជឿ​របស់​គាត់ ឬ​នាង ។

  • តើ​ការចូល​ព្រះវិហារ​មាន​លក្ខណៈ​បែប​ណា ។

សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ពិចារណា​អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ជួយ​អ្នក​បង្រៀន​នរណា​ម្នាក់​ដែល​មិនមាន​ប្រវត្តិ​ជា​គ្រីស្ទាន ។


គំនិត​សម្រាប់​ការសិក្សា និង​ការអនុវត្ត

ការសិក្សា​ផ្ទាល់​ខ្លួន

  • សូម​សន្មត​ថា​អ្នក​ត្រូវ​បាន​ដាក់​នៅក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ។ តើ​អ្នក​អាច​ប្រើ​គោលការណ៍ និង​ជំនាញ​ក្នុង​ជំពូក​នេះ​ដោយ​របៀបណា​ដើម្បី​ជួយ​មនុស្ស​ទាំងនេះ​ឲ្យ​រីកចម្រើន ? សូម​ដាក់​ផែនការ​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​វា​នៅក្នុង​ស្ថានភាព​នីមួយៗ ។

    • នរណា​ម្នាក់​ដែល​បានរៀបចំ​ខ្លួន​សម្រាប់​ពិធីបុណ្យជ្រមុជ​ទឹក​ប្រាប់​អ្នក​ថា គាត់ ឬ​នាង​លែង​ចង់​ជួប​ជាមួយ​អ្នក​ទៀត​ហើយ ។

    • អ្នក​កំពុង​ជួប​ជា​លើក​ទី​ប្រាំពីរ​ជាមួយ​នឹង​បុគ្គល​ម្នាក់​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន​នាក់​បាន​បង្រៀន​ជា​ច្រើន​ដង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ។ សញ្ញា​នៃ​ការរីកចម្រើន​គឺ​មាន​តិចតួច​ណាស់ ។

  • សូម​ជ្រើសរើស​មេរៀន​មួយ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ កំណត់​យក​វគ្គ​បទគម្ពីរ​មួយ ឬ​ពីរ​ពី​គោលការណ៍​សំខាន់​នីមួយៗ ។ អនុវត្ត​ការបង្រៀន​ពី​វគ្គ​បទគម្ពីរ​ទាំងនោះ ដូច​បាន​រៀប​រាប់​នៅ​ក្នុង​ព្រះ​គម្ពីរ​ផ្នែក « សូម​ប្រើ​បទគម្ពីរ » នៃ​ជំពូក​នេះ ។

ការសិក្សា​ជាមួយ​ដៃគូ និង​ការផ្លាស់ប្តូរ​ដៃគូ

  • សូម​អាន​ដំណើររឿង​របស់​អាំម៉ូន និង​ស្ដេច​ឡាម៉ូណៃ​នៅក្នុង អាលម៉ា ១៨–១៩ និង​ដំណើររឿង​របស់​អើរ៉ុន​នៅក្នុង អាលម៉ា ២២:៤–១៨ ។ នៅពេល​អ្នក​អាន សូម​ស្វែងយល់ និង​ពិពណ៌នា​អំពី​របៀប​ដែល អាំម៉ូន និង​អើរ៉ុន ៖

    • ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់ ។

    • ចាប់ផ្ដើម​បង្រៀន ។

    • បត់បែន​ការបង្រៀន​របស់​ពួកគេ​ស្របតាម​តម្រូវការ ។

    • ថ្លែង​ទីបន្ទាល់ ។

    • ប្រើ​គម្ពីរ ។

    • សួរ​សំណួរ ស្តាប់ និង​ជួយ​អ្នក​ដែល​ពួកគាត់​បានបង្រៀន​ឲ្យ​ដោះស្រាយ​កង្វល់​របស់​ពួកគេ ។

    • លើក​ទឹក​ចិត្ត​អ្នក​ដែល​ពួកគាត់​បាន​បង្រៀន​ឲ្យ​ធ្វើ​ការ​ប្តេជ្ញាចិត្ត ។

    ពិភាក្សា​អំពី​របៀប​ដែល​ការបម្រើ និង​ការបង្រៀន​របស់​ពួកគេ​ជះឥទ្ធិពល​ដល់​ស្តេច​ឡាម៉ូណៃ បិតា​របស់​ទ្រង់ និង​អ័ប៊ីស ។

ក្រុមប្រឹក្សា​មណ្ឌល សន្និសីទ​ហ្សូន និង​ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម

  • សូម​អញ្ជើញ​សមាជិក ឬ​អ្នក​ដែល​កំពុង​រៀន​បច្ចុប្បន្ន​ឲ្យ​ចូលរួម​ការប្រជុំ​របស់​អ្នក ។ សូម​ពន្យល់​ដល់​ក្រុម​ថា​អ្នក​ចង់​ឲ្យ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កែលម្អ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការចែកចាយ​សារលិខិត​សំខាន់​របស់​ពួកគេ ។ សូម​ជ្រើសរើស​មេរៀន និង​ជំនាញ ។ សូម​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​អំពី​មេរៀន​ដែល​អ្នក​បាន​ជ្រើសរើស​រយៈពេល ២០ នាទី ដោយ​ផ្តោតលើ​ជំនាញ​ដែល​អ្នក​បាន​កំណត់ ។ សូម​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​មនុស្ស​ដែល​ពួកគេ​បង្រៀន​បន្ទាប់ពី ២០ នាទី ។ បន្ទាប់ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ហើយ សូម​នាំ​ក្រុម​មក​ជួប​គ្នា ។ សូម​ឲ្យ​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ប្រាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អំពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព​បំផុត និង​របៀប​មួយ​ដែល​ពួកគេ​អាច​កែលម្អ ។

  • សូម​បង្ហាញ​វីដេអូ​ឧទាហរណ៍​អំពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន ឬ​កំពុង​ទំនាក់ទំនង​មនុស្ស ។ សូម​ជ្រើសរើស​ជំនាញ​មួយ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​អនុវត្ត​គោលការណ៍​ទាំងឡាយ​សម្រាប់​ជំនាញ​នោះ ។

  • សូម​ជ្រើសរើស​ជំនាញ​មួយ ហើយ​ស្វែងយល់​គោលលទ្ធិ ឬ​វគ្គ​បទគម្ពីរ​ដែល​គាំទ្រ​ដល់​ជំនាញ​នោះ ។ បង្រៀន​មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​នេះ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ទីប្រឹក្សា​បេសកកម្ម

  • ម្តងម្កាល សូម​ទៅ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ពេល​ពួកគេ​បង្រៀន ។ សូម​ដាក់​ផែនការ​អំពី​របៀប​ដែល​អ្នក​អាច​ចូលរួម​នៅក្នុង​ការបង្រៀន ។

  • សូម​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹក​នាំ​ក្នុង​តំបន់​ឲ្យ​ចូលរួម​ជា​មួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ក្នុង​ការបង្រៀន​ការសួរ​សុខទុក្ខ ។

  • សូម​បង្ហាញ និង​ជួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អនុវត្ត​ជំនាញ​បង្រៀន​មួយ​ដែល​បានពិពណ៌នា​នៅក្នុង​ជំពូក​នេះ ដូចជា​ការសួរ​សំណួរ​ល្អៗ និង​ការស្តាប់​ជាដើម ។

  • បង្ហាញពី​ការប្រើប្រាស់​បទគម្ពីរ​ប្រកប​ដោយ​ប្រសិទ្ធភាព នៅពេល​បង្រៀន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​សន្និសីទ​ហ្សូន ក្រុមប្រឹក្សា​ថ្នាក់​ដឹកនាំ​បេសកកម្ម និង​ការសម្ភាសន៍ ។ សូម​ធ្វើ​ដូចគ្នា​នៅពេល​អ្នក​បង្រៀន​ជាមួយ​ពួកគេ ។

  • សូម​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​យល់​ពី​បទគម្ពីរ ហើយ​បង្កើត​សេចក្តីស្រឡាញ់​ចំពោះ​ពួកគេ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ប្រឹក្សា​ថ្នាក់ដឹកនាំ​បេសកកម្ម​ថា ៖

    « ចូរ​ស្រឡាញ់​ព្រះបន្ទូល​នៃព្រះ​ដែលពិត​ជា​សំខាន់ណាស់​ចំពោះ​វប្បធម៌​នៃ​បេសកកម្ម​របស់​អ្នក ។​… ចូរ​ធ្វើ​ខ្លួន​ឲ្យ​ងាយ​សម្គាល់​ពី​វិវរណៈ និង​ការប្រើប្រាស់​ព្រះគម្ពីរ​បរមាណី​ជាប្រចាំ ដែល​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់អ្នក​អស់​មួយ​ជីវិត​របស់​ពួកគេ ។

    « នៅពេល​អ្នក​បង្រៀន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​អ្នក—ហើយ​គ្រប់​ពេល​ទាំងអស់—សូម​បង្រៀន​ពួកគេ​ចេញពី​ព្រះគម្ពីរ ។ សូម​ឲ្យ​ពួកគេ​ដឹង​ពី​របៀប​ដែល​អ្នក​ទទួល​បាន​កម្លាំង និង​ការបំផុសគំនិត ។ សូម​បង្រៀន​ពួកគេ​ឲ្យ​ស្រឡាញ់ និង​ពឹងផ្អែក​លើ​វិវរណៈ​ដែល​បានទទួល​កាន់តែច្រើន​ទាំងនោះ ។

    « ប្រធាន​បេសកកម្ម [ របស់​ខ្ញុំ ] បាន​បង្រៀន​ចេញពី​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ [ ផ្សេងទៀត ] ជា​រៀងរាល់ ពេល​យើង​នៅ​ជាមួយ​គាត់ ឬ​បង្រៀនអ្វី​ផ្សេង​ទៀត​ដែល​ស្រដៀង​នោះ ។ ការសម្ភាសន៍​ផ្ទាល់ខ្លួន​ត្រូវ​បាន​បង្កប់​ដោយ​បទគម្ពីរ ។ គម្រោង​សម្រាប់​…​ការប្រជុំ​ត្រូវ​បាន​ធ្វើ​តាម​ព្រះគម្ពីរ​បរមាណី ។…

    « យើង​មិន​បាន​ដឹង​ទេ​នៅពេល​នោះ ប៉ុន្តែ​ប្រធាន​របស់​យើង​កំពុង​លើកដៃ​យើង​នៅ​ខាងស្តាំ និង​ខាងឆ្វេង ដោយ​ដាស់តឿន​យើង​អស់​ពី​ថាមពល​នៃ​ព្រលឹង​របស់​គាត់ និង​អស់​ពី​កម្រិត​នៃ​ចំណេះ​ដឹង​​ទាំងអស់​ដែល​គាត់​មាន​ដើម្បី​កាន់​ដំបងដែក​ដើម្បី​ឲ្យ​យើង​នឹង​មិន​វិនាស​ឡើយ [ សូមមើល នីហ្វៃទី១ ១៥:២៣–២៥ ] » ( « The Power of the Scriptures » សិក្ខាសាលា​សម្រាប់​ថ្នាក់​ដឹកនាំ​បេសកកម្មនា​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ ) ។